មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍

ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជាបកអាក្រាតទង្វើឈ្លានពានរំលោភសិទ្ធិពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

2026/02/25 11:43:15 am        254
ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា បានបកអាក្រាតទង្វើឈ្លានពាន មិនគោរបច្បាប់អន្តរជាតិ និង​មិន​គោរព​សិទ្ធិ​មនុស្សរបស់កងទ័ពថៃ ដែលបានឈ្លានពាន បាញ់ប្រហារ រំលោភសិទ្ធិពលរដ្ឋកម្ពុជា ក្នុង​សង្គ្រាមចំនួនពីរលើកកន្លងមក កាលពីពីខែកក្កដា និងនៅខែធ្នូ ឆ្នាំ២០២៥ ចំពោះមុខ សម័យ​ប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) នៅ​ទី​ក្រុង​ហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងប្រាប់ សម័យប្រជុំលើកទី៦១ នៃ​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ថា នៅពេល​ដែល​យើង​កំពុង​ពង្រឹង​វឌ្ឍនភាព​ផ្ទៃក្នុង និងការអភិវឌ្ឍរបស់យើង ប្រតិបត្តិការយោធាថៃ​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៥ ​និងចុងឆ្នាំ២០២៥ បានពង្រីកទៅតំបន់ព្រំដែនជាច្រើន ដែលបណ្តាល​ឱ្យ​មាន​ផល​វិបាក​យ៉ាង​ធ្ងន់​ធ្ងរសម្រាប់ប្រជាជនស៊ីវិលរបស់យើង ផលវិបាកដែលធ្លាក់​ចូល​ទៅ​ក្នុង​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្សនេះ។ ឯកឧត្តមប្រមុខការទូតកម្ពុជា បានថ្លែងថាបទឈប់បាញ់​លើកទីពីរ​ដែល​សម្រេច​បាន​កាល​ពី​ចុង​ឆ្នាំ​២០២៥​ នៅតែមាន ប៉ុន្តែនៅមានភាពផុយស្រួយ។ ចាប់តាំងពីពេលនោះមក ទីតាំងយោធា​ត្រូវ​បាន​បង្កើត​ឡើងលើសពីទីតាំងដែលថៃធ្លាប់អះអាង ហើយចូលមកក្នុងទឹកដីកម្ពុជា។ឯកឧត្តមបានបន្តថា នៅក្នុងភូមិមួយចំនួនតាមព្រំដែនដែលថៃកាន់កាប់ មានជន​ស៊ីវិល​ត្រូវ​បាន​បណ្តេញ​ចេញ​ពីផ្ទះដោយបង្ខំ ផ្ទះសម្បែងត្រូវបានបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធ​យោធាថៃ​ត្រូវ​បាន​សាង​សង់​ហើយផ្លូវចូលត្រូវបានបិទដោយលួសបន្លា និងទូកុងតឺន័រ រារាំងការវិលត្រឡប់​ប្រកប​ដោយ​សុវត្ថិភាព និងសេចក្តីថ្លៃថ្នូររបស់ជនស៊ីវិលកម្ពុជា ដែលបំពាន​លើ​កិច្ច​ព្រម​ព្រៀង​រវាង​ប្រទេស​ទាំងពីរ។ ឯកឧត្តមប្រមុខការទូតកម្ពុជាបានបញ្ជាក់បន្ថែមថា កម្រិតអរិភាពខ្ពស់នៅពេលនោះ ដោយ​មាន​ជន​ភៀស​សឹកជិត ៦៥ ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ។ នាពេលបច្ចុប្បន្ននេះ ជនភៀសសឹក​ប្រមាណ ​៨ម៉ឺននាក់នៅតែមិនអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា ក្នុងអំឡុងពេលនេះ កម្ពុជាបាន​បង្ហាញ​ពី​ការអត់ធ្មត់ជាទីបំផុត និងស្មារតីទទួលខុសត្រូវខ្ពស់តាមរយៈការផ្តល់ជំនួយមនុស្សធម៌ ការធា​នាបន្តនូវសេវាសំខាន់ៗសម្រាប់ជនភៀសសឹករបស់ខ្លួន និងបន្ត​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​បទ​ឈប់​បាញ់ និងការសន្ទនាដោយសន្តិវិធី ដើម្បីវិលទៅរកភាពប្រក្រតីវិញ។ ការការពារ​សិទ្ធិ​មនុស្ស​ គឺមិនអាចបំបែកចេញពីសន្តិភាពបានទេ។ក្នុងឱកាស​នោះ ប្រមុខការទូតកម្ពុជា បន្តអំពាវនាវទៅភាគីថៃ ត្រូវគោរពឱ្យបានពេញលេញ និង​អនុវត្ត​ដោយស្មោះត្រង់លើកិច្ចព្រមព្រៀងដែលមានស្រាប់ ដោយការដក​កង​កម្លាំងខ្លួន​ចេញ​ពី​ទឹក​ដី​កម្ពុជា​ ដែលវត្តមានរបស់កងកម្លាំងថៃនេះ គឺជាឧបសគ្គ​ចម្បង​ចំពោះ​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល​ទៅ​កាន់លំនៅឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងអំពាវនាវ​ឱ្យដោះស្រាយ​ជម្លោះ​ដោយស​ន្តិវិធី ស្របតាមគោលការណ៍មិនប្រើប្រាស់កម្លាំង និងត្រូវប្រើប្រាស់ច្បាប់អន្តរជាតិ និង​ច្បាប់មនុស្សធម៌អន្តរជាតិ។ឯកឧត្តមបានថ្លែងបញ្ជាក់ថា មានតែតាមរយៈ​ការ​ប្រកា​ន់​ខ្ជាប់​បែប​នេះ​ទេ​ទើប​ប្រជាជន​ប្រទេស​ទាំង​ពីរ​រស់នៅជាមួយគ្នាដោយសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក៕

ប្រមុខការទូតកម្ពុជា ជម្រាបជូនស្លូវ៉ាគីអំពីវឌ្ឍនភាពថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ

2026/02/25 11:35:44 am        168
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Juraj Blanár រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋស្លូវ៉ាគី អំឡុងពេលនៃសម័យប្រជុំ លើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ភាគីទាំងពីរបានជួបពិភាក្សាគ្នាអំពីមធ្យោបាយនានា ដើម្បីអបអរសាទរខួប លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតប្រកបដោយអត្ថន័យ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសេដ្ឋកិច្ច ប្រពៃណី វប្បធម៌ និងទេសចរណ៍។នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានជម្រាបជូនភាគីស្លូវ៉ាគីអំពីវឌ្ឍនភាពថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។សូមរម្លឹកថា កងកម្លាំងឈ្លានពានថៃ បាននិងកំពុងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ក្នុងដែនអធិបតេយ្យកម្ពុជា ដែលថៃបានកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។រាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពទាំងនេះ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕

ក្រសួងឧស្សាហកម្មកំពុងរៀបចំបច្ចេកវិទ្យាសម្លាប់មេរោគ ដើម្បីសុវត្ថិភាពចំណីអាហារ និង​ការ​នាំ​ចេញ

2026/02/25 11:24:15 am        122
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​និង​កំពុង​រៀប​ចំ​ប្រព័ន្ធ​បច្ចេក​វិទ្យា​សម្លាប់​មេរោគ E-beam និង Nuclear ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និងការ​នាំ​ចេញ​ផលិត​ផលរបស់កម្ពុជា ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​សន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅ​ថ្ងៃ​ទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ជុំវិញបញ្ហាសុវត្ថិភាព ម្ហូបអាហារនេះ គឺ​ជា​ការ​បារម្ភ​មួយ​យ៉ាង​ធំ ​ទាក់ទងបញ្ហាសុខភាពសាធារណៈ និងការពង្រឹងខ្លួន​នៃ​ការ​នាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ផង​ដែរ ដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ និងបង្កើតនូវដំណោះស្រាយ​ដោយ​និរន្តរភាព​ដូច​ជា ការគ្រប់គ្រងសំណល់ និងការកែច្នៃ រូបធាតុ ដែលឆ្លើយតប​ទៅ​នឹង​បញ្ហា​បរិស្ថាន​។ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ដើម្បីលើកកម្ពស់សុវត្ថិភាពចំណីអាហារ និង​ការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ​នាំ​ចេញផលិតផលរបស់ កម្ពុជា ក្រសួងបាននិងកំពុងរៀបចំប្រព័ន្ធសម្លាប់មេរោគ E-beam និងNuclear ក្នុងគោលដៅជំរុញការប្រើ ប្រាស់បច្ចេកវិទ្យានេះ ឱ្យមានតម្លាភាព ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​សន្តិសុខចំណីអាហារ និងវិស័យផ្សេងៗទៀតឱ្យរីកចម្រើនបានឆាប់រហ័ស ជួយដល់​ការ​ពង្រីក​​ខ្លួនក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ក្រៅពីនេះប្រព័ន្ធសម្លាប់មេរោគ ក៏ត្រូវប្រើ​ប្រាស់​លើ​ឧបករណ៍​វេជ្ជសាស្ត្រ, វិស័យឧស្សាហកម្ម, ការបង្កើនសុវត្ថិភាពចំណីអាហារ, ឬជំរុញការ​កែច្នៃ​រូប​ធាតុ​នោះ​ទេ ដោយបច្ចេកវិទ្យាទាំងនេះមានសក្ដានុពលធំធេង និងអាចជំរុញវិស័យ ពាក់ព័ន្ធ​ផ្សេង​ៗ​ឱ្យ​រីកចម្រើនបានឆាប់រហ័ស។ សូមបញ្ជាក់ថា វិទ្យាស្ថានជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមណ្ឌលនវានុវត្តន៍ មាន​មុខ​ងារ​ផ្តល់ដំណោះស្រាយបច្ចេកទេស និងជួយដល់វិស័យឧស្សាហកម្ម សហគ្រាសធុនមីក្រូ តូច និង​មធ្យម ឱ្យមានសមត្ថភាព ប្រកួតប្រជែងទីផ្សារក្នុងតំបន់ និងអន្តរជាតិ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី១ បច្ចុប្បន្នវិទ្យាស្ថានមួយនេះ មានកិច្ច​សហប្រតិបត្តិការ​អនុវត្ត​គម្រោង​មួយ​ចំនួនលើ​ការគ្រប់គ្រងគុណភាព និងស្តង់ដាសុវត្ថិភាពអាហារ សម្រាប់​សហគ្រាស​ធុន​តូច ​និងមធ្យម និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិក្នុងប្រទេសកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌីរូបតំណាង

ដំណាំជីនាងវង មានតម្លៃល្អ កសិករនៅភូមិត្រពាំងក្រពើ ខេត្តកំពង់ឆ្នាំងងាកមកដាំដុះច្រើន

2026/02/25 11:01:49 am        217
លោកស្រី រិទ្ធ ចាន់ថា ប្រធានសហគមន៍ទឹកហូតមានជ័យក្តីសង្ឃឹម ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ត្រពាំង​ក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បាន​បញ្ជាក់​ឱ្យដឹងថា តម្លៃជីនាងវង​ឆ្នាំ​នេះល្អ​ជាង​ឆ្នាំ​កន្លង​ទៅ​ហើយ​ប្រជាកសិករ​ភូមិ​ត្រពាំង​ក្រពើ​បាន​ងាក​មក​ដាំដំណាំនេះ ដើម្បីជួយសំរាលតម្លៃខ្ទឹមស្លឹកដែលតម្លៃកំពុងធ្លាក់ចុះ។លោកស្រី រឹទ្ធ ចាន់ថា បានឱ្យដឹងថា សព្វថ្ងៃ អ្នកភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ប្រមាណ​៩០% បាន និងកំពុងប្រែក្លាយពីការដាំដំណាំស្រូវ មកដាំខ្ទឹមស្លឹកវិញ តែខ្ទឹម​ស្លឹក​ក្នុង​រយៈ​ពេល​១​ឆ្នាំកន្លងមកនេះ មានតម្លៃមិនសូវល្អ នាំអោយប្រជាកសិករ​បែរ​មកដាំជី​នាង​វង​ស្ទើគ្រ​ប់​គ្នា ​ព្រោះវាមានតម្លៃថ្លៃ មានទីផ្សារល្អ ឈ្មួញមកទិញដល់ទីតាំងដាំ និងដើម្បីជួយ​សម្រាល​ដល់​ដំណាំ​ខ្ទឹម​ស្លឹក។ ប្រជាកសិករជិតមួយភូមិត្រពាំងក្រពើ បានមានជីវភាពធូរធារច្រើន តាមផ្ទះ​មាន​ឡាន ​ម៉ូតូស្អាតៗ និងមួយផ្នែក​ទៀត​គាត់​បាន​សន្សំ​លុយ​កាក់​សង់​ផ្ទះថ្មី​ជា​បន្ត​បន្ទាប់​ស្ទើ​គ្រប់​គ្រួសារ​។សូមជម្រាបថា ក្នុងពេលថ្មីៗនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានជំរុញ​អោយ​មន្ទីរកសិកម្ម ត្រូវពិនិត្យតាមដាន និងជួយផ្នែកបច្ចេក​ទេស​បន្ថែម​ទៀត​ដល់​ប្រជា​កសិករ​ក្នុង​ខេត្ត​ ក្នុងការជួយដល់ការដាំដុះរបស់ពួកគាត់អោយបានល្អប្រសើរ និងបានលក់ដូរនៅទីផ្សារ។ ជា​ពិសេស​ត្រូវ​ពិនិត្យមើលការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ថ្នាំជួយសុខភាពដើមស្លឹក អោយត្រូវ​តាម​បច្ចេក​ទេស និងជំរុញដាំបន្លែសុវត្ថិភាពអោយបានកាន់តែច្រើន ដើម្បីជួយដ​ល់​សុខុមាល​ភាព​ប្រជា​ពលរដ្ឋ ក៏ដូចជាជួយដល់សង្គមជាតិទាំងមូល៕ អត្ថបទ៖ កាំង ហុងវាស្នា 

មន្ត្រីអង្គភាពសុខាភិបាលមូលដ្ឋានប្រមាណ៩៨% និងមន្ត្រីគ្រឹះស្ថានសិក្សាសាធារណៈប្រមាណ ៩៩% ដែលកំពុងបម្រើការងារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានមកធ្វើជំរឿន

2026/02/25 10:55:54 am        135
ភ្នំពេញ៖ ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ និងអង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ នៅរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ៩៨០០នាក់ ស្មើនឹង ៩៩%នៃមន្ត្រីទាំងអស់ ដោយឡែកសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ១០០០នាក់ ស្មើនឹង ៩៨%នៃមន្ត្រីសរុប។មន្ត្រីអវត្តមាន នៅក្នុងដំណើរនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលកន្លងមកនេះ ដោយមានលិខិតបញ្ជាក់អំពីមូលហេតុច្បាស់លាស់ រួមមាន៖ សុំច្បាប់ព្យាបាលជម្ងឺ, ទំនេរគ្មានបៀវត្ស, សិក្សានៅក្រៅប្រទេស, បេសកកម្មក្រៅប្រទេស, មរណភាព, ចូលនិវត្តន៍ជាដើម។ លើសពីនេះ ក៏មានមន្ត្រីមួយចំនួនតូច អវត្តមាន ដោយគ្មានមូលហេតុ និងគ្មានលិខិតបញ្ជាក់ច្បាស់លាស់។ជាការកត់សម្គាល់ គ្រប់អង្គភាពគោលដៅទាំងអស់ មន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗ ដែលចូលរួមក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែង បានសហការដោយគោរពតាមបែបបទ នីតិវិធី និងការណែនាំរបស់គណៈកម្មការជំរឿន៕

សហភាពអឺរ៉ុប ប្តេជ្ញាចិត្តយ៉ាងមុតមាំគាំទ្រដល់ប្រជាជនកម្ពុជា និងជំរុញការបន្ធូរបន្ថយភាពតានតឹង អនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ

2026/02/25 10:47:12 am        184
ភ្នំពេញ៖ សហភាពអឺរ៉ុប បានបញ្ជាក់ថា នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន និងជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។ ការប្ដេជ្ញាចិត្តបែបនេះ របស់សហភាពអឺរ៉ុប ធ្វើឡើងជាថ្មីបន្ទាប់ពីដំណើរចុះពិនិត្យដោយផ្ទាល់របស់លោក Andreas Berg ភារធារីនៃសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា ជាមួយអង្គទូតនានា ក្នុងដំណើរទស្សនកិច្ចនៅតំបន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ។«សហភាពអឺរ៉ុប នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារជម្លោះនៅតាមតំបន់ព្រំដែន។ ក្រៅពីកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹង និងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ សហភាពអឺរ៉ុបនៅតែបន្តបេសកកម្ម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់សហគមន៍ដែលរងផលប៉ះពាល់»។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។សហភាពអឺរ៉ុប បានបញ្ជាក់ថា គោលដៅចម្បងរបស់យើង គឺការធានាថា ទោះបីស្ថិតក្នុងកាលៈទេសៈដ៏លំបាកយ៉ាងណាក៏ដោយ ក៏ក្រុមជនងាយរងគ្រោះបំផុត ជាពិសេសកុមារ នៅតែទទួលបានសិទ្ធិក្នុងការអប់រំប្រកបដោយគុណភាព និងរស់នៅក្នុងបរិស្ថានដែលមានសុវត្ថិភាព៕

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បណ្ដុះបណ្ដាលជំនាញដល់អ្នកប្រកបអាជីវកម្មម្ហូបអាហារ ដើម្បីពង្រឹងគុណភាពសេវា ទាក់ទាញភ្ញៀវទេសចរ

2026/02/25 10:38:38 am        179
មន្ទីរទេសចរណ៍ខេត្តបាត់ដំបងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាណន់បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈជូនដល់ប្រតិបត្តិករដែលប្រកបរបរពាក់ព័ន្ធភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារនៅក្នុងស្រុកបាណន់ ដើម្បីពង្រឹងគុណភាពនៃការផ្ដល់សេវាកម្មសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកាន់ខេត្តបាត់ដំបងកាន់តែច្រើនឡើង។លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ដោយមានការចូលរួមពីសិក្ខាកាមដែលជាម្ចាស់អាជីវកម្ម បុគ្គលិក និងយុវជនផងដែរ។លោក ហម អរុណ គូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងបន្ថែមជំនាញបែបស្ដង់ដារដល់អ្នកប្រកបអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងតូបអាហារដើម្បីធ្វើឱ្យភ្ញៀវដែលមកទទួលសេវាកម្មមានភាពកក់ក្ដៅ។លោក ហម អរុណ រំលេចឱ្យដឹងបន្ថែមថា ដោយទទួលបានការគាំទ្រពីអង្គការស្វីសខន់ថាក់ក្រោមគម្រោងអភិវឌ្ឍន៍ជំនាញ(ហូកា)របស់ក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបើកវគ្គបណ្ដុះបណ្ដាលជាច្រើនដល់ប្រតិបត្តិករទេសចរណ៍រួមមានដូចជា៖វគ្គសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ,គេហកិច្ច, ការិយាល័យជួរមុខ, ចុងភៅ,ឆុងកាហ្វេ ព្រមទាំងវគ្គមគ្គុទ្ទេសក៏សហគមន៍ជាដើម។តាមរយៈវគ្គបណ្ដុះបណ្ដាលទាំងអស់នេះបានធ្វើឱ្យការផ្ដល់សេវាកម្មមានភាពប្រសើរឡើងជាងមុន។សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (ហូកា) គឺ ជាគំរូបណ្តុះបណ្តាលដ៏ល្អប្រសើរដែលឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មដោយផ្តល់នូវការបណ្តុះបណ្តាល បដិសណ្ឋារកិច្ចប្រកបដោយគុណភាពដល់បុគ្គលិក ប្រធានក្រុម អ្នកគ្រប់គ្រង និងម្ចាស់អាជីវកម្មក្នុងវិស័យ បដិសណ្ឋារកិច្ច៕

សិស្សានុសិស្សមកពីគ្រួសារវីរកងទ័ព និងកុមារកំព្រា ៣២០នាក់ទទួល​អំណោយ​សប្បុរសធម៌​របស់ឯកឧត្តម ហេង សួរ ដើម្បីលើកទឹកចិត្តដល់ការសិក្សា

2026/02/25 10:28:57 am        142
​ភ្នំពេញ៖​ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីចែកសម្ភារៈសិក្សា និងកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា ជូនដល់សិស្សានុសិស្សមកពីគ្រួសារក្រីក្រ និងគ្រួសារវីរកងទ័ពចំនួន ៣២០នាក់។ពិធីនេះត្រូវបានរៀបចំឡើងនៅក្នុងបរិវេណសាលាបឋមសិក្សាជម្ពូវ័ន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។ក្នុងឱកាសសំណេះសំណាលនោះ ឯកឧត្តម សោម ចំណាន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ឱ្យខិតខំក្រេបជញ្ជក់ចំណេះវិជ្ជា ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ចូលរួមអភិវឌ្ឍសង្គមជាតិនាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ថា ការចែកអំណោយនាពេលនេះ គឺជាស្មារតីនៃការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសម្រាលបន្ទុកជីវភាពដល់គ្រួសារសិស្សានុសិស្សដែលកំពុងជួបការលំបាក ក៏ដូចជាកូនចៅវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅសមរភូមិមុខ។ជាមួយគ្នានោះដែរ ឯកឧត្តម ប៉ែន វិបុល ក៏បានបញ្ជ្រាបនូវសារអប់រំផ្លូវចិត្តតាមបែបសាសនា ក្នុងគោលបំណងបណ្តុះស្មារតីឱ្យសិស្សានុសិស្សប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការគោរពដឹងគុណ ដើម្បីក្លាយជាកូនល្អ សិស្សល្អ និងជាប្រជាពលរដ្ឋគំរូក្នុងសង្គម។តាមរបាយការណ៍របស់លោកនាយកសាលាបឋមសិក្សាជម្ពូវ័ន បានឱ្យដឹងថា សិស្សានុសិស្សដែលទទួលបានការឧបត្ថម្ភទាំង ៣២០នាក់នោះ រួមមាន កូនវីរកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ចំនួន ៦៦នាក់, សិស្សភៀសសឹក ២២នាក់, កូនកំព្រាទាំងឪពុកម្តាយ ១៨នាក់, កូនកំព្រាឪពុក ៤៨នាក់, កូនកំព្រាម្តាយ ៣០នាក់ និងសិស្សដែលមានជីវភាពខ្វះខាតចំនួន ១៣៦នាក់ផ្សេងទៀត៕

អង្គការ UNESCO ប្រចាំប្រទេសកម្ពុជា​បញ្ជាក់​ជំហរ​សហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​ទេសចរណ៍​ដើម្បីអភិវឌ្ឍទេសចរណ៍វប្បធម៌-បេតិកភណ្ឌ និងចាត់ទុកទេសចរណ៍​ជាមូលបទ​សំខាន់​មួយ​សម្រា​ប់ព្រឹត្តិការណ៍​អបអរសាទរខួបទី៧៥ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា

2026/02/25 10:16:39 am        155
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Flavio Bonetti តំណាងអង្គការ UNESCO ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោក Flavio Bonetti បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការអភិរក្ស និងលើកកម្ពស់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដែលជាសក្តានុពលដ៏សម្បូរបែប និងជាគោលដៅទេសចរណ៍ដ៏ខ្លាំងក្លាដែលកម្ពុជាមាន។ កិច្ចពិភាក្សា ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេសដល់ក្រសួងទេសចរណ៍លើការចុះបញ្ជីបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ដោយបានលើកឡើងពីភាពជោគជ័យរបស់ទីក្រុងបាត់ដំបងដែលជាប់ជាទីក្រុងច្នៃប្រឌិតផ្នែកម្ហូបអាហារ ព្រមទាំងពិចារណាលើការគាំទ្រខេត្តផ្សេងៗ នាពេលអនាគត ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រង និងអភិវឌ្ឍតំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទសំបូរព្រៃគុក និងប្រាសាទព្រះវិហារ ដោយផ្តោតលើការអភិរក្សតម្លៃសកលដ៏អស្ចារ្យឱ្យបានគង់វង្ស និងឋិតឋេរ សម្រាប់ជាគោលដៅទេសចរណ៍បេតិកភណ្ឌ។ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោក Flavio Bonetti និងសហការីរបស់អង្គការសហប្រជាជាតិ UNESCO ប្រចាំកម្ពុជា ចំពោះការគាំទ្រ និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍រហូតមកក្នុងការលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ប្រកបដោយចីរភាព ស្របតាមស្តង់ដាអន្តរជាតិ និងបរិបទជាក់លាក់របស់កម្ពុជា ព្រមទាំងគំនិតផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការដែលកំពុងអនុវត្ត និងគ្រោងអនុវត្តនានា ដែលជាចំណែកសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំការគាំទ្របន្ថែមពី UNESCO ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាលើឆាកអន្តរជាតិ ការផ្តល់ជំនួយបច្ចេកទេសសម្រាប់ការអភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌជាពិសេស និងបន្ទាន់គឺប្រាសាទព្រះវិហារ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានស្នើជំនួយបច្ចេកទេសដល់ក្រសួងទេសចរណ៍ ក្នុងការចុះបញ្ជីទីក្រុងកំពត ទីរួមខេត្តក្រចេះ និងខេត្តរតនគិរីក្នុងបណ្តាញទីក្រុងបណ្តាញទីក្រុងច្នៃប្រឌិតរបស់ UNESCO ព្រមទាំងការបញ្ចូលវិស័យទេសចរណ៍ជាមូលបទសំខាន់មួយក្នុងអបអរសាទរខួបលើកទី៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា នាឆ្នាំ២០២៦។គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជាបានចូលជាសមាជិកអង្គការ UNESCO តាំងពីឆ្នាំ១៩៥១ ដែលគិតមកដល់ឆ្នាំ២០២៦ នេះ មានរយៈពេល ៧៥ឆ្នាំ ហើយក៏ជាខួបលើកទី៣៥ នៃការបើកការិយាល័យ UNESCO ប្រចាំកម្ពុជាឡើងវិញនាឆ្នាំ១៩៩១៕

៣សប្តាហ៍មកនេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង៣០០នាក់បញ្ជូនទៅតុលាការ និងពន្ធនាគារ

2026/02/25 10:16:10 am        144
គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចនគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន៨២ករណី និងឃាត់ខ្លួនជនបង្ក៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ សមត្ថកិច្ចនគរបាល ក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។ ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។ បើតាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ។ គួរកត់សម្គាល់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំនាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបញ្ជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ចុះប្រតិបត្តិការឱ្យបានលឿន និងត្រូវស្រាវជ្រាវចាប់ខ្លួនឱ្យបាន មិនលើសពី៤៨ម៉ោង រាល់ក្រុមក្មេងទំនើង ដែលបង្កហេតុ ឬរត់គេចខ្លួន។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ក្នុងន័យប្រដូចថា សូម្បីក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែសមត្ថកិច្ចយើងអាចបោសសម្អាតបានជាបន្តបន្ទាប់ ដូច្នេះ ត្រឹមក្មេងទំនើង ឱ្យតែយើងមានឆន្ទៈមុតមាំ រឿងអ្វីយើងមិនអាចក្របួចចាប់ពួកគេយកទៅផ្ដន្ទាទោសបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះមហាក្សត្រ Charles និងម្ចាស់ក្សត្រីរបស់ចក្រភពអង់គ្លេស យាងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកតាមការគ្រោងទុក បើទោះបីជាមានបញ្ហាសន្តិសុខនៅអាមេរិកកាលពីសប្តាហ៍មុន
04/27/2026 05:04 PM
អ្នកឃ្លំាមើលនុយក្លេអ៊ែរ៖ គ្រោះមហន្តរាយ Chornobyl មិនមែនជាប្រវត្តិសាស្រ្តនោះទេ តែជាទំនួលខុសត្រូវចំពោះអាយុជីវិតមនុស្ស
04/27/2026 05:04 PM
អាជ្ញាធរសន្តិសុខដែនសមុទ្រអង់គ្លេស៖ នាវាដឹកទំនិញមួយគ្រឿង ត្រូវបានប្លន់នៅឆ្នេរសមុទ្រសូម៉ាលី
04/27/2026 05:04 PM
នាយករដ្ឋមន្ត្រីជប៉ុន សម្រេចមិនអនុវត្តវិធានការកញ្ចប់ថវិកាបន្ថែម សម្រាប់ពេលនេះ
04/27/2026 05:04 PM
ទីក្រុងមូស្គូរបស់រុស្ស៊ី រងការវាយប្រហារពីព្យុះព្រិលកម្រដ៏ខ្លាំងក្លាក្នុងខែមេសា
04/27/2026 05:04 PM
លោក Trump៖ ការជជែកជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន គឺល្អ ខណៈសង្ឃឹមដោះស្រាយសង្គ្រាម
04/27/2026 04:04 PM
ចិនប្ដេជ្ញាថា នឹងចាត់វិធានការតបតវិញ ប្រសិនបើ EU អនុវត្តផែនការ «ផលិតនៅអឺរ៉ុប»
04/27/2026 04:04 PM
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
04/27/2026 04:04 PM
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
04/27/2026 04:04 PM
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ធ្វើដំណើរទៅដល់រុស្ស៊ីសម្រាប់កិច្ចប្រជុំជាមួយលោក Putin
04/27/2026 04:04 PM