មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
ធុរកិច្ចជប៉ុនមានសុទិដ្ឋិនិយមខ្ពស់លើរាជរដ្ឋាភិបាល និងបរិយាកាសវិនិយោគនៅកម្ពុជា
ក្រសួងការងារ ចុះដោះស្រាយភ្លាមៗនូវការទាមទាររបស់បងប្អូនកម្មករ រោងចក្រ អឹមអិល ដោយគិតគូរពីអត្ថប្រយោជន៍របស់បងប្អូនកម្មករជាអាទិភាព
កម្ពុជាបិទបញ្ចប់ព្រឹត្តិការណ៍ ICIA ឆ្នាំ២០២៦ ជាស្ថាពរ៖ ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធរួមគ្នាជំរុញយុវជនសកលឆ្ពោះទៅរកការអភិវឌ្ឍដោយចីរភាព និងនវានុវត្តន៍

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការ​រួមគ្នា​លើ​ការងារ​ពាក់​ព័ន្ធ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម

2026/02/25 09:50:17 am        180
ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បាន​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បី​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាម​បរិបទ​នៃ​កិច្ច​សហ​ប្រតិបត្តិការសភា និងការត្រៀមខ្លួន​ធ្វើ​ជាម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិធំ​ៗ​នា​ពេល​ខាង​មុខនេះ​។ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គ​លេខាធិការ​រង​នៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការ​និង​លេច​ចេញ​ជា​រូប​រាង​ផ្លែ​ផ្កា​នៅ​​ពេ​លនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពាន​តភ្ជាប់​ជា​អ្នក​សម្រប​សម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេច​មហា​រដ្ឋសភាធិកាធិបតី ឃួន សុដារី ក្នុងស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាធំ រដ្ឋសភាបានបង្ហាញពីឆន្ទៈក្នុងការគាំទ្ររាល់ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយទាំងឡាយណាដែលបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ភាគីបារាំងតាមរយៈ ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំ CDC បានបង្ហាញសញ្ញាវិជ្ជមាន និងអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាតំណាងស្ថាប័ននីតិប្បញ្ញត្តិបារាំង ឯកឧត្តមបានប្តេជ្ញាចិត្ត បន្តទាក់ទាញធុរកិច្ចបារាំងលើវិស័យកសិឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះភាគីបារាំងក៏បាន សន្យាជំរុញឱ្យក្រុមហ៊ុនបារាំងចូលរួមយ៉ាងសកម្មក្នុង "វេទិកាវិនិយោគ និងធុរកិច្ច" ដែលនឹងត្រូវរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយសម្រាប់វិនិយោគ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចនូវចំណុចខ្លាំងផ្នែកបច្ចេកទេស និងការលើកទឹកចិត្តរបស់កម្ពុជាចំពោះវិនិយោគិនបរទេសទាំងអស់ ដោយ កម្ពុជាបានដាក់ចេញនូវយន្តការវិនិយោគដែលមានការបត់បែន និងឆ្លាតវៃ ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែង , ចំពោះយន្តការសន្ទនា EU-Cambodia, CDC បានរំលឹកពីប្រសិទ្ធភាពនៃយន្តការសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ដើម្បីធានាថារាល់កង្វល់របស់វិនិយោគិនបារាំងត្រូវបានដោះស្រាយ ជាមួយគ្នានេះ CDC ក៏បានស្នើឱ្យក្រុមមិត្តភាពសភាទាំងពីរជួយជំរុញទំនាក់ទំនងរវាង "ធុរជន និងធុរជន" (B2B) ឱ្យកាន់តែស្អិតល្មួត។សូមរំលឹកឡើងវិញថា ជំនួបរវាងក្រុមមិត្តភាពសភាបារាំងកម្ពុជានិងថ្នាក់ដឹកនាំ cdc ដែលមានការសម្របសម្រួលពីរដ្ឋសភាកម្ពុជា នៅពេលនេះ បានសបញ្ជាក់ឱ្យឃើញពីសង្គតិភាពរវាង ស្ថាប័ននីតិប្បញ្ញត្តិ (សភាទាំងពីរ) ដែលជាអ្នកសាងសង់ស្ពានមិត្តភាព និង ស្ថាប័ននីតិប្រតិបត្តិ (CDC) ដែលជាអ្នករៀបចំគ្រឹះបច្ចេកទេស។ កិច្ចសហការត្រីភាគីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-បារាំង ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម

2026/02/25 09:40:15 am        210
នាព្រឹកថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យឯកឧត្តម Thomas LAM ប្រធាន​ក្រុម​មិត្ត​ភាព​រដ្ឋសភា​បារាំង​-កម្ពុជា​ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព។

ក្រសួងធនធានទឹក៖ សម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិនខាងត្បូង កម្ពុជានឹង​រង​ស្ថានភាព​ភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦

2026/02/25 09:03:14 am        279
បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខណៈនេះសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជាកម្ពុជានឹងរងស្ថានភាពភ្លៀងកក់ខែ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦។ក្រសួងធនធានទឹកបានឱ្យដឹងថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦៖១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ធំ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងរាជធានីភ្នំពេញ អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៣០%។២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដី ៤០%។៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងកក់ខែធ្លាក់ លាយឡំជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្រមានកម្ពស់មធ្យម អប្បបរមា ០,២៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ។យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអាជ្ញាធរដែនដី មេត្តាយកចិត្តទុក ដាក់ប្រុងប្រយ័ត្នខ្ពស់ អំពីស្ថានភាពធាតុអាកាសភ្លៀងកក់ខែនេះ ដែលអាចធ្វើឱ្យមានការប៉ះពាល់ដល់ផលដំណាំ និងជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាននិងវិភាគអំពីស្ថានភាពធាតុអាកាស ដើម្បីជម្រាប ជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕

រដ្ឋសភាកម្ពុជា សម្របសម្រួលគណៈប្រតិភូសភាបារាំង ចុះពិនិត្យការងារអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រឹងទំនាក់ទំនង «ប្រជាជន និងប្រជាជន»

2026/02/25 08:52:51 am        149
ក្នុងក្របខណ្ឌនៃការពង្រឹងទំនាក់ទំនងការទូតសភាឱ្យកាន់តែស៊ីជម្រៅ រដ្ឋសភា​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានសម្របសម្រួល ជូនគណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ចុះ​ស្វែង​​យល់​ផ្ទាល់​ពី​សកម្មភាពមនុស្សធម៌ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជា​ស្ពាន​ចម្លង​ដ៏សំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។ តាមរយៈការសម្របសម្រួលយ៉ាងជិតស្និទ្ធពីរដ្ឋសភាកម្ពុជា គណៈប្រតិភូដែលដឹកនាំដោយ ឯកឧត្តម Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បាន​អញ្ជើញ​ទៅ​កាន់​អង្គការ​សង្គម​ស៊ីវិ​លបារាំងលេចធ្លោចំនួនពីរ គឺ អង្គការកុមារតំបន់មេគង្គ (Enfants du Mékong) និង អង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ ដំណើរ​ទស្សនកិច្ច​នេះ​មិនត្រឹម​តែ​ជា​ការ​ពិនិត្យ​ការងារ​បច្ចេក​ទេស​ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជា ក្នុងការបើកផ្លូវ និង​គាំទ្រ​ដល់​ដៃ​គូអន្តរជាតិ ដើម្បីចូលរួមចំណែកក្នុងរបៀបវារៈជាតិស្តីពីការកាត់បន្ថយភាពក្រីក្រ និង​ការ​លើក​កម្ពស់​វិស័យអប់រំ។ តាមរយៈទស្សនកិច្ចនេះគណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជាបានផ្តោតការយកចិត្តទុកដាក់លើចំណុចយុទ្ធសាស្ត្រចំនួន ៣ រួមមាន៖ទី១.ការបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ចុះពិនិត្យមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្តែងនៅកម្ពុជា។ទី២.សមធម៌នៃការអប់រំ៖ សិក្សាពីប្រព័ន្ធគ្រប់គ្រងការសិក្សា និងការផ្តល់អាហារូបករណ៍ដល់កុមារងាយរងគ្រោះ និងសិស្ស-និស្សិតដែលមកពីតំបន់ដាច់ស្រយាល។ទី៣. សុខុមាលភាព និងសន្តិសុខ៖ ពិនិត្យមើលការរៀបចំកន្លែងស្នាក់នៅប្រកបដោយសុវត្ថិភាព និងបរិយាកាសសិក្សាដែលផ្តល់ក្តីសង្ឃឹមដល់យុវជន។ ឯកឧត្តម Thomas LAM បានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការពីសំណាក់រដ្ឋសភាកម្ពុជា និងបានបញ្ជាក់ជាថ្មីថា រដ្ឋសភាបារាំងនឹងបន្តជំរុញរាល់សកម្មភាពដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍយុវជនគឺជា "គ្រឹះដ៏រឹងមាំបំផុត" នៃមិត្តភាពកម្ពុជា-បារាំង សម្រាប់ពេលអនាគត។ ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់គណៈប្រតិភូ ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំងពីលទ្ធផលជាក់ស្តែងនៃ "ការទូតសភា"។ វាគឺជាការផ្សារភ្ជាប់ទំនាក់ទំនងមិនត្រឹមតែក្នុងកម្រិតស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែបានជ្រាបចូលទៅដល់កម្រិតប្រជាជន និងប្រជាជន ដែលជាបេះដូងនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ៕

ក្រុមការងារអន្តរក្រសួង បន្តចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ នៅខេត្តពោធិ៍សាត់ និងបាត់ដំបង

2026/02/25 08:33:28 am        183
នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសហប្រធានទាំង៣រូប រួមមាន ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្ត្រៃយ៍ ព្រមទាំងសមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន និងសមាជិកសហគមន៍កសិកម្មទំនើបចំនួន ២ ដែលត្រូវបានជ្រើសរើសសម្រាប់អនុវត្ត និងបន្តអន្តរាគមន៍ដោយក្រុមការងារត្រី-វិស័យ ក្នុងឆ្នាំ២០២៦។ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មទំនើប ដំណាក់ទ្រយឹង ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ក្នុងជំនួបនេះ បានពិភាក្សាអំពីវឌ្ឍនភាពទាំងកម្រិតសហគមន៍ និងកម្រិតក្រុមកសិករ ជាពិសេសការសាងសង់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ បច្ចុប្បន្ន ការសាងសង់ដោយក្រុមហ៊ុន Peng Sour Construction Co., Ltd សម្រេចបានប្រមាណ ៨០% ហើយបានតភ្ជាប់នាឡិកាទឹកជូនប្រជាពលរដ្ឋចំនួន ៩៥ គ្រួសារ។ បន្ថែមពីនេះ កិច្ចពិភាក្សាក៏បានពិនិត្យលើបញ្ហាប្រឈមនានា និងដំណោះស្រាយជាក់ស្តែង ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងក្នុងកិច្ចប្រជុំ និងក្នុងការចុះពិនិត្យជាក់ស្តែងតាមកសិដ្ឋាន។បន្ទាប់មក ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានបន្តចុះពិនិត្យសក្ដានុពលសហគមន៍កសិកម្មតាសីសាមគ្គីស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបានជួបពិភាក្សា និងស្វែងយល់អំពីភាពខ្លាំងរបស់សហគមន៍លើផលិតកម្មបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ និងផលិតកម្មកសិកម្មចម្រុះ។ក្រុមការងារអន្តរក្រសួងទាំងបីបន្តសម្របសម្រួលអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ ដោយការចុះពិនិត្យសហគមន៍ និងទីតាំងនីមួយៗ ត្រូវអនុវត្តដោយយកចិត្តទុកដាក់ និងមានភាពប្រាកដប្រជា ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ក្រោមការគាំទ្រពេញលេញពីក្រុមការងារត្រី-វិស័យ។សូមបញ្ជាក់ជូនថា ក្រុមការងារក្រសួងទាំងបី បន្ដចុះពិនិត្យវឌ្ឍនភាពសហគមន៍កសិកម្មទំនើប ២ទៀត រួមមាន សហគមន៍កសិកម្មទំនើប ដំណាំស្រូវនាងអំ ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប និងសហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕

ការរៀបចំសណ្ដាប់ធ្នាប់ និងការកែលម្អ ហេដ្ឋារចនាសម្ពន្ធ តំបន់ជុំវិញផ្សារដើមគរ សម្រេចបាន ៩០ភាគរយហើយ

2026/02/24 07:29:11 pm        115
ការរៀបចំសណ្ដាប់ធ្នាប់ និងកែ លម្អ ហេដ្ឋារចនាសម្ពន្ធ តាមបណ្ដោយផ្លូវជាច្រើនខ្សែ នៅតំបន់ជុំវិញផ្សារដើមគរ សម្រេចបានប្រមាណ ៩០ភាគរយហើយ។ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត មហាវិថីម៉ៅសេទុង និងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរប្រមាណ៩០%ហើយ ក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចាត់វិធានការមិនឱ្យអាជីវករលក់ដូរលើចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ ក្នុងរយៈពេលជាង១ខែកន្លងមកនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ថ្លែងក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែលលក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគរ ដែលធ្វើឡើងនារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរ និងកងកម្លាំង ហើយអ្វីដែលពិសេសថែមទៀតនោះ គឺការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែការអនុវត្តការងារប្រកបដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។ ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅ គឺធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងកិច្ចប្រជុំនោះដែេ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ និងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតិឱ្យមានការលក់ដូរបំពានលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវឡើយ។ ចំពោះការងារដោះស្រាយការកកស្ទះចរាចរណ៍តាមដងផ្លូវវិញក៏ត្រូវរួមគ្នាធ្វើឡើងជាប្រចាំផងដែរ ដោយនៅពេលនេះនៅរាជធានីភ្នំពេញ មានយានជំនិះច្រើនជាងចំនួនមនុស្សទៅហើយ។ឯកឧត្ដអភិបាលរាជធានីភ្នំពេញក៏បានប្រកាសបើកឱ្យធ្វើចរាចរណ៍ឡើងវិញទាំងអស់គ្រប់ផ្លូវនៅជុំវិញផ្សារដើមគរចាស់ចាប់ពីថ្ងៃស្អែក ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះតទៅ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

តុលាការក្រុងភ្នំពេញឃុំខ្លួនជនជាតិចិន៤នាក់ពីបទឆបោកមានស្ថានទម្ងន់ទោសពាក់ព័ន្ធករណី online scam

2026/02/24 07:25:59 pm        191
ភ្នំពេញ៖ លោក អាំង ចិន្តាចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញដីកាចំនួន៤ផ្សេងគ្នាបង្គាប់ឱ្យឃុំខ្លួនបុរស និងស្រ្តីជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ។ជនបរទេសដែលតុលាការាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនមាន ទី១-ឈ្មោះ LIN DONGPING ភេទប្រុស ទី២-ឈ្មោះ LIN WUTONG ភេទប្រុស ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកទី៣-ឈ្មោះ SUN JIAXIU ភេទស្រី និងទី៤-ឈ្មោះ LAI ZUOXIANG ភេទស្រី ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដោយអនុវត្តតាមច្បាប់។ ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីអំឡុងឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ ។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។ដោយឡែក នៅ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យ ដែលជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ រួមទាំងវត្ថុតាង រួមមានៈ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់ ។ សមត្ថកិច្ចបានសន្និដ្ឋានថា ជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក្រុមការងារចម្រុះបានសម្រេចប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញអភិវឌ្ឍន៍ផ្លូវជនបទបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការរស់នៅរបស់ប្រជាជន

2026/02/24 07:21:18 pm        50
ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការស្ថាបនាផ្លូវ ស្តារ ថែទំា និងការកែលម្អហេដ្ឋរចនាសម្ព័ន្ធផ្សេងៗតាមជនបទ ជារឿងចាំបាច់បំផុត សម្រាប់ជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អសម្រាប់ធ្វើ ដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំខួបផ្លូវចំនួន២ខ្សែ ក្រាលដីល្បាយក្រួស ប្រវែងសរុបជាង ៤ ពាន់ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្ត កោះកុង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការងារសាងសង់ ការស្ដារឡើងផ្លូវវិញ ការកែលម្អ ពង្រីក ថែទាំ ការជួសជុល និងផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដើម្បី ជំរុញការអភិវឌ្ឍផ្លូវនៅតាមជនបទឱ្យមានភាពប្រទាក់ក្រឡា ព្រោះផ្លូវជាសរសៃរឈាមនៃសេដ្ឋកិច្ច សម្រាប់បម្រើដល់ការដឹកជញ្ជូន ការធ្វើ អាជីវកម្ម និងពាណិជ្ជកម្មជាដើម។ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងថែទាំខួបផ្លូវ របស់នាយកដ្ឋានផ្លូវលំ ជនបទ បានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត ដើម្បីលើក កម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅជនបទ។ ជុំវិញបញ្ហានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ ដើម្បីរួមចំណែកជំរុញដំណើរអន្តរកម្មផ្នែក សេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ។ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចនូវគុណបំណាច់របស់រាជរដ្ឋាភិបាល ជាពិសេសនៅក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិ បាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាននិង កំពុងបន្តការគាំទ្រការអភិវឌ្ឍ តាមរយៈការជួសជុល ថែទាំផ្លូវ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូនជនបទ និងការលើក កម្ពស់កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូឬបេតុង ដើម្បីឆ្លើយតបនិងការរស់នៅរបស់ប្រជាពលរដ្ឋ មានផ្លូវល្អ សម្រាប់ធ្វើដំណើរប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសាធារណជនដែលធ្វើដំណើរឆ្លងកាត់ជាដើម៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋបាលខេត្តកោះកុងបើកវគ្គបំប៉នមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង

2026/02/24 05:12:57 pm        127
រដ្ឋបាលខេត្តកោះកុង បានធ្វើឡើងសិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ កោះកុង ដើម្បីបម្រើកិច្ចការងារក្នុងពេលដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។លោក អន សុធារិទ្ធ អភិបាលស្តីទីខេត្តកោះកុង បានឱ្យដឹងថា សិក្ខាសាលាវគ្គបំប៉នមគ្គុទេសក៍ ប្រព្រឹត្តទៅរយៈ ពេល៣ ចាប់ពីថ្ងៃទី២៤-២៦ ខែកុម្ភៈ ដែលថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងចំណោមព្រឹត្តិការណ៍ជាច្រើនទៀត ក្នុងដំណើរឆ្ពោះទៅការដាក់សម្ពោធឱ្យប្រើប្រាស់ស្តូបឈ្នះ ឈ្នះ កោះកុង នាពេលខាងមុខ។ លោករំលឹកដល់ក្រុមសិក្ខាកាមគ្រប់គ្នាថា ក្នុងនាមជាអ្នកបន្តវេនជំនាន់ ក្រោយត្រូវមានស្មារតីរំឭកដល់ទុក្ខវេទ នារបស់ខ្មែរ បណ្តាលមកពីភ្លើងសង្គ្រាមនិងការបែកបាក់ជាតិពីអតីតកាល។ ជាពិសេសបំផុសស្មារតីខ្មែរជំនាន់ក្រោយ បានជ្រួតជ្រាបពីគុណតម្លៃនៃសុខសន្តិភាព ហើយត្រូវរួមគ្នា ថែរក្សាឱ្យបាននូវសុខសន្តិភាពអោយបានមុតមាំ។គួរជម្រាបថា ខ្លឹមសារនយោបាយឈ្នះ ឈ្នះ ការផ្សព្វផ្សាយ គឺជាយុទ្ធសាស្រ្តគន្លឹះមួយ ក្នុងការចលនាថ្នាក់ដឹកនាំ និងនាយទាហានគ្រប់រូប ដូចជា មន្ត្រីរាជការស៊ីវិល និងសាធារណជនទូទៅ ឱ្យបានយល់ដឹងអំពីសារសំខាន់ គុណតម្លៃ និងភាពចាំបាច់នៃការប្រើប្រាស់ភាសារតែមួយនៃអត្ថន័យ និងខ្លឹមសារនយោយបាយលើកកម្ពស់ការចូលរួមថែរក្សា និងធានាសុខដុម ក្នុងដំណើរការជាតិមាតុភូមិ ពីបណ្តាតួអង្គ ពាក់ព័ន្ធទាំងអស់។លោកឧត្តមសេនីយ៍ទោ សាយ សក្កិសុវុទ្ធី តំណាងគ្រូបង្គោលមគ្គទេសក៍នៅស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្លែងថា ការផ្សព្វផ្សាយខ្លឹមសារ និងរូបភាពតឹងតាងជូនដល់នាយទាហានក្នុងមជ្ឈដ្ឋានកងទ័ព និងមន្រ្តីរាជការពាក់ព័ន្ធ ដែលជាតួអង្គអនុវត្តផ្ទាល់ ក្នុងការអនុវត្តនយោបាយឈ្នះ ឈ្នះ ដោយទាមទារការយកចិត្ត ទុកដាក់បន្ថែមទៀតបញ្ចៀសព័ត៌មានក្នុងស្រទាប់យុវជន យុវនារីកម្ពុជា។ តួនាទីមគ្គុទ្ទេសក៍នៅបេពេលគឺមានភាពចាំបាច់ ក្នុងការពាំនាំនូវរឿងរ៉ាវពីសង្គ្រាមមកកាន់សន្តិភាពទៅដល់អ្នកចូលទស្សនាពីគ្រប់មជ្ឈដ្ឋាន បានយល់ច្បាស់នូវប្រវត្តិសាស្ត្រកម្ពុជា៕អត្តបទ Chhim Makara

ក្រសួងទេសចរណ៍ផ្តល់អនុសាសន៍៩ចំណុច ដើម្បីជំរុញការអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកោះកុង

2026/02/24 05:09:26 pm        105
កោះកុង ៖ មន្រ្តីជំនាញនៃក្រសួងទេសចរណ៍ បានផ្តល់អនុសាសន៍៩ចំណុចអាទិភាពអនុវត្តលើផែនការអភិវឌ្ឍន៍វិស័យទេស ចរណ៍ដល់រដ្ឋបាលខេត្តកោះកុង ដើម្បីបន្តនូវយន្តការនៃការរៀបចំផែនការអភិឌ្ឍន៍ទេសចរណ៍រយៈពេល៥ឆ្នាំទៅមុខ។​ក្រសួងទេសចរណ៍ មានអនុសាសន៍៩ចំណុចសំខាន់ៗតបនឹងច្បាប់ទេសចរណ៍ និងគោលនយោបាយរបស់រាជ រដ្ឋភិបាល អាណត្តិទី៧ ជាពិសេសអនុវត្តតាមយន្តការងសៀវភៅគោលការណ៍ណែនាំពីការរៀបចំផែនការអភិឌ្ឍន៍ទេស ចរណ៍រាជធានី» ខេត្ត និងការវាយតម្លៃសមិទ្ធកម្ម ២០២៦-២០៣០។ក្នុងកិច្ចប្រជុំពិភាក្សារវាងក្រុមការងារបច្ចេកទេស ដើម្បីតាមដានត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធកម្មនៃការអនុ វត្តផែនការអភិវឌ្ឍន៍ទេសចរណ៍ លោក ម៉ន ភារម្យ ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ២៤ ខែកុម្ភៈ នេះថា ដើម្បីទទួលបាននូវជោគជ័យទៅលើការរៀបចំផែនការបន្ត ចាំបាច់ណាស់ត្រូវផ្ដោតលើយុទ្ធសាស្ត្រ អាទិភាព៩ចំណុច ទី១-គឺការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ច្នៃប្រឌិត និងពង្រឹងគុណភាពសេវា កម្មទេសចរណ៍ ទី(២) ការសិក្សាទីផ្សារ និងស្និទ្ធផ្សាយទេសចរណ៍ ទី(៣) សន្តិសុខសុវត្ថិភាព និងភាពគ្រប់គ្រងផលប៉ះ ពាល់អវិជ្ជមាន ទី៤(៤) ការកសាង ដ្ឋារចនាសម្ព័ន្ធគាំទ្រ ការតភ្ជាប់ និងការសម្រួលការធ្លីដំណើរទេសចរណ៍ ទី(៥) ការ ពង្រឹងមូលធនមនុស្សក្នុងវិស័យទេសចរណ៍ ទី(៦) ប្រព័ន្ធច្បាប់ និងការគ្រប់គ្រង ទី(៧) ការវិនិយោគក្នុងឧស្សាហកម្ម ទេសចរណ៍ ទី(៨) ការលើកកម្ពស់និរន្តភាពស្ថាន និងធនធានធម្មជាតិឆ្លើយតបរឿងម្រែបម្រួលអាកាសធាតុ និងទី(៩) ការលើកកម្ពស់សេដ្ឋកិច្ចទេសចរណ៍ក្រៅប្រព័ន្ធ។លោក អន សុធារិទ្ឋ អភិបាលស្តីទីខេត្តកោះកុង បានរំលេចថា ខេត្តមានសក្តានុពលទេសចរណ៍ធម្មជាតិសម្បូរ បែបជាច្រើន ដូច្នេះរដ្ឋបាល និងមន្ទីរជំនាញ ចាំបាច់ត្រូវបានសិក្សាពង្រឹង និងពង្រីកអភិវឌ្ឍន៍លើកកម្ពស់សោភ័ណភាព គុណភាពផលិតផល សេវាកកម្ម សុខសុវត្តិភាព ប្រកបដោយទំនុកចិត្តពីភ្ញៀវទេសចរគ្រប់ទិសទី។លោកអភិបាលស្តីទីខេត្ត បន្ថែមទៀតថា អ្វីៗយើងមានអស់ហើយ ប៉ុន្តែប្រសិនបើខ្វះការបដិសណ្ឋារកិច្ចទទួល ស្វាគមន៍គ្រប់ជាតិសាសន៍មកលេងកម្សាន្តល្អនោះ ច្បាស់ជារងប៉ះពាល់ខូចបង់សេដ្ឋកិច្ចចំណូលពីការវិនិយោគ។លោក ផន សុភក្រ្ត តំណាងក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ បង្ហាញការវាតម្លៃបញ្ចប់អាណត្តិអនុវត្ត ផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្មថា ក្នុងរយៈពេល៥ឆ្នាំ «២០២១-២០២៥” សរុបមានចំនួន ១៥៨គម្រោង ក្នុង៨សូចនាករ ក្នុងនោះខេត្តកោះកុង បានអនុវត្ត ១៣៦ គម្រោង ស្មើនឹង ៨៦.០៨ភាគរយ។ មន្រ្តីបច្ចេកទេសដដែល អះអាងថា ខេត្តកោះកុង បានអនុវត្តចំនួន ១០០% មាន៨៨ គម្រោង ស្មើនឹង ៥៥.៧០ភាគរយ, ទទួលបាន៩០%-៥០% មាន៣៩គម្រោង ស្មើនឹង ២៤.៦៨ភាគរយ, ទទួលបាន ៤៩%- ២០% អនុវត្តបាន៩គម្រោង ស្មើនឹង ៥.៧០ភាគរយ, និងមិនទាន់អនុវត្ត ២២គម្រោង ស្មើនឹង ១៣.៩២ភាគរយ៕អត្ថបទ ៖ Chhim Makara

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប៉ាគីស្ថាននៅតែប្រឹងប្រែងបិទគម្លាត រវាងអាមេរិក និងអ៊ីរ៉ង់ ទោះគ្មានការចរចាទល់មុខក៏ដោយ
04/27/2026 06:04 PM
អាហ្វ្រិកខាងលិច អំពាវនាវឲ្យមានការឆ្លើយតបរួមគ្នាចំពោះការវាយប្រហារសម្លាប់រដ្ឋមន្រ្តីការពារជាតិម៉ាលី
04/27/2026 06:04 PM
អាជ្ញាធរយេម៉ែនចាប់ខ្លួនជនសង្ស័យជាច្រើននាក់ជុំវិញការរៀបចំផែនការធ្វើឃាត នៅទីក្រុង ADEN
04/27/2026 06:04 PM
មេដឹកនាំហេសបូឡាបដិសេធការចរចា រវាងលីបង់ និងអ៊ីស្រាអែល ហើយប្ដជ្ញាប្រឈមជាមួយអ៊ីស្រាអែល
04/27/2026 06:04 PM
លោក TRUMP និយាយថា សហរដ្ឋអាមេរិកបន្តធ្វើការលើការដោះស្រាយជម្លោះនៅអ៊ុយក្រែន
04/27/2026 06:04 PM
ក្រុមអ្នកគោរពបូជាជួបជុំគ្នារៀបចំពិធីបុណ្យដំរី នៅតំបន់ភាគខាងត្បូងប្រទេសឥណ្ឌា
04/27/2026 06:04 PM
រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយសដល់ទាហានកូរ៉េខាងជើងដែលជួយច្បាំងនៅតំបន់ Kursk
04/27/2026 06:04 PM
អ្នកកាន់ទុក្ខបញ្ចុះសពយុទ្ធជនហេសបូឡា និងជនស៊ីវិលដែលគាស់ពីផ្នូរបណ្តោះអាសន្ន
04/27/2026 06:04 PM
មនុស្សសត្វនៅប្រទេសឥណ្ឌា ពិបាកទ្រាំក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដោយសាររលកកម្តៅដ៏អាក្រក់
04/27/2026 06:04 PM
ការជំនុំជម្រះជាសាធារណៈលើកដំបូងរបស់មន្រ្តីក្នុងរជ្ជកាលលោក Assad ចាប់ផ្តើមនៅទីក្រុងដាម៉ាស
04/27/2026 06:04 PM