សម្តេចតេជោ ហ៊ុន សែន៖ «គ្មានការយោគយល់ណាមួយ ចំពោះទីកន្លែងណាក៏ដោយ ដែល​បើក​ឱកាស​ឲ្យ​ពួក​ឆបោក​តាម​ប្រព័ន្ធអនឡាញ ធ្វើសកម្មភាព»
មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសណែនាំឱ្យគ្រប់ជំនាញទាំងអស់បង្កើនការយកចិត្តទុកដាក់បង្ក្រាប Online Scams និងបទល្មើសផ្សេងៗ
ស្ថានទូតខ្មែប្រចាំនៅសាធារណរដ្ឋកូរ៉េ ចុះ MOU ជាមួយមន្ទីរពេទ្យដៃគូ ដើម្បីផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋខ្មែរនៅកូរ៉េ
ក្រុមការងារអភិវឌ្ឍវិស័យឯកជនប្រមូលធាតុចូល និងលក្ខខណ្ឌនានា គាំទ្រការផលិតស៊ីម៉ងត៍ក្នុងស្រុក

ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្ម ជំរុញឲ្យស្ថាប័នពាក់ព័ន្ធបង្កើនកិច្ចសហការជាមួយវិស័យឯកជន ដើម្បីធានាដល់សន្តិសុខស្បៀង

2024/09/08 01:41:56 pm        729
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ​ផ្នែក​កសិកម្ម កសិ-ឧស្សាហកម្មផ្នែកឯកជន បានបើកកិច្ចប្រជុំរួមគ្នាមួយ ដោយផ្តោត​លើ​របៀប​វារៈ​សំខាន់ៗចំនួន ៣ គឺការគ្រប់គ្រងផលវារីវប្បកម្មក្នុងស្រុកនិងនាំចូល ការបង្កើត​គណៈ​កម្មាធិការ​ទ្រទ្រង់​វិស័យវារីវប្បកម្ម និងការស្នើសុំទិន្នន័យផ្នែកចិញ្ចឹមក្នុងវិស័យកសិកម្ម។ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៨ កញ្ញា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ក្នុងកិច្ច​ពិភាក្សា​នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការងារអន្តរស្ថាប័នទាំងរដ្ឋ និងវិស័យឯកជន ទាមទារ​ឲ្យ​មានការសហការគ្នាល្អ កសាងទំនុកចិត្តជាមួយគ្នា ព្រមទាំងរួមគ្នា​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា វិភាគវាយតម្លៃឱ្យបានច្បាស់លាស់ និងមានផលប្រយោជន៍រួមជាលក្ខណៈសេដ្ឋកិច្ច និងធានានូវសន្តិសុខស្បៀង។ក្នុងអង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព​ក្នុង​ការ​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច ដោយកំណត់ទិសដៅ ជាផែនការយុទ្ធសាស្រ្តវាយតម្លៃប្រភេទត្រី ពូជត្រី តម្រូវការ​ក្នុង​ស្រុក និង​ការ​នាំចូល ការលើកកម្ពស់វារីវប្បកម្ម ស្ថេរភាពនៃការផ្គត់ផ្គង់ និងសិក្សាពី​ឧត្តម​ភាព​សេដ្ឋកិច្ច​ពូជត្រី ដែលមានភាពចំនេញក្នុងទីផ្សារ។ លើសពីនេះ ឯកឧត្តម បានគូសបញ្ជាក់ថា ក្រុមការងារ​ខាង​លើ​នេះ ត្រូវមានការចូលរួមពីអន្តរក្រសួងពាក់ព័ន្ធ វិស័យឯកជន​ដែល​មាន​ជា​តំណាង​វារី​វប្បករ សហគមន៍នេសាទ អ្នកនាំចូលផលិតផលជលផល ដោយកំណត់​តួអង្គ​ឲ្យ​បាន​ច្បាស់​លាស់​។បើតាម ឯកឧត្តមរដ្ឋមន្ត្រី ការកសាងទំនុកចិត្ត គឺជាកត្តាសំខាន់ដែលត្រូវមានភាពជាដៃគូទាំងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការជាមួយគម្រោងនានា ដោយត្រូវមានផែនការច្បាស់លាស់ ហើយក្រសួងនឹងជួយគាំទ្របន្ថែមផ្នែកបច្ចេកទេស ការស្រាវជ្រាវពូជត្រី ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំ​បាច់ក្នុងទីផ្សារ ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច និងមានភាពចំនេញដល់អ្នកចិញ្ចឹម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកនាំពាក្យ៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានអនុវត្តតាមផែនការ​បាន​គ្រោងទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព និងអនុលោមភាពស្តង់ដារបច្ចេកទេស​នៃការសាងសង់

2024/09/08 01:27:06 pm        825
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ផន រឹម បានឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះថា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនសម្រាប់​បម្រើឱ្យ​ដំណើរ​ការ​គម្រោង​សាង​សង់​ស្ពាន​ដីឥដ្ឋ-ថ្មគរ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានរៀបចំរួចរាល់ ក្រោយ​ពេល​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីសម្ពោធបើកការដ្ឋានជាឱឡារិក កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ឯកឧត្ដម​បន្តថា មកទល់ពេលនេះ គម្រោងបានដំណើរលើនីតីវិធី និងអនុវត្តតាម​ផែន​ការ​ដែល​បាន​គ្រោង​ទុក ដើម្បីធានាប្រសិទ្ធភាព គុណភាព ជាពិសេសធានា​បាន​ការ​អនុ​លោម​ភាព​ស្តង់​ដារ​បច្ចេក​ទេស​នៃការសាងសង់ផ្លូវ ស្ពាន រឹងមាំ ជាប់ធន់ យូរអង្វែង។ឯកឧត្ដម​បានបញ្ជាក់ថា ជាសក្ខីភាពនៃវឌ្ឍនភាពគម្រោង ក្រោមការចង្អុលបង្ហាញ និងការ​យក​ចិត្ត​ទុក​ដាក់ខ្ពស់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​ចាត់ឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រងគម្រោង ,គណៈប្រតិភូអមដំណើរ, អាជ្ញាធរខេត្តកណ្តាល ព្រៃវែង ស្វាយរៀង និង​ក្រុម​ហ៊ុន​សាជីវកម្មស្ពានថ្នល់ចិន-CRBC ចុះពិនិត្យតម្រាយផ្លូវ, ទីតាំង​ការដ្ឋាន, កន្លែង​ស្នាក់​នៅ​, ការិយាល័យ​បំពេញការងារប្រចាំថ្ងៃ ,កន្លែងផលិតគ្រឿងសំណង់ និងគ្រឿងបង្គុំ, បន្ទប់​ពិសោធន៍​សំណង់ ជាពិសេសចុះពិនិត្យទីចុងបញ្ចប់ នៃខ្សែផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ត្រង់​ចំណុច​បង្គោល​ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។គួរបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០​គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ជាប្រភេទស្ពានបេតុង ដោយ​តួស្ពាន និងផ្លូវតភ្ជាប់ក្បាលស្ពានមានប្រវែងសរុប ៣ ៧០០ម៉ែត្រ តួស្ពានមានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ៕

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ «កិច្ចការវិនិយោគ និងពាណិជ្ជកម្ម​ជាក្បាលម៉ាស៊ីន​ជំរុញឱ្យ​មានការ​បង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច»

2024/09/08 01:11:43 pm        340
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធិបើក “ពិព័រណ៍​អន្តរជាតិ​ចិន​ លើកទី២៤ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម” (The 24th China International Fair for Investment and Trade) ឬ (CIFIT លើកទី២៤) ដែលរៀប​ចំ​ឡើង​នៅ​ទីក្រុង​សៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋប្រជាមានិតចិន។ពិធីបើកពិព័រណ៍នាឱកាសនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម He Lifeng ឧបនាយក​រដ្ឋមន្ត្រី និងជាសមាជិកការិយាល័យនយោបាយ នៃគណៈ​កម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយ​នីស្តចិន ព្រមទាំងមានការចូលរួមយ៉ាងកុះករពីថ្នាក់ដឹកនាំធំៗរបស់សាធារណរដ្ឋប្រជាមានិតចិន ឥស្សរជនជាន់ខ្ពស់នៃអេមីរ៉ាតអារ៉ាប់រួម ទីភ្នាក់ងារជំរុញការវិនិយោគបរទេស អង្គការអន្តរជាតិ សហ​គ្រាស និងតំណាងធុរកិច្ច មកពីប្រមាណ ៣០ប្រទស ជុំវិញពិភពលោក។ព្រឹត្តិការណ៍​ព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មនេះ មិនត្រឹមតែបង្ហាញ​អំពី​សារៈ​សំខាន់​នៃកម្លាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក តាមរយៈការ​លើក​កម្ពស់​ឱកាស​វិនិយោគ និងពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​គូសប​ញ្ជាក់​អំពីតួនាទីយ៉ាង​សំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិក្នុងការជំរុញកំណើនប្រកបដោយចីរភាព។កិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនដែលជំរុញឱ្យមានការបង្កើតបច្ចេកវិទ្យា ការងារ និងសសរស្តម្ភនៃស្ថិរភាពសេដ្ឋកិច្ច។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីជឿជាក់ថា តាម​រយៈការវិនិយោគ កម្ពុជាអាចកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេស ទ្រទ្រង់​លើ​ភាព​រីកចម្រើននៃធុរកិច្ចឧស្សាហកម្មដើម្បីកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាការ​នាំ​មក​នូវ​បច្ចេក​វិទ្យា​ថ្មី​ៗដែលនឹងជួយសម្រួលដល់ការរស់នៅផងដែរ។ជាងនេះ​ទៅទៀត តាមរយៈពាណិជ្ជកម្ម កម្ពុជាអាចចូលរួមផ្លាស់ប្ដូរកម្លាំងពលកម្ម ដែលអាច​បង្កើត​ការងារ ការផ្លាស់ប្តូរជំនាញ ព្រមទាំងបង្កើនចំណងនៃការជឿទុកចិត្ត និងការគោរ​ព​គ្នា​ទៅ​វិញ​ទៅ​មករវាងប្រជាជាតិនានានៅលើសកលលោក។ ជាថ្មីម្ដងទៀតតាមរយៈពិព័រណ៍អន្តរជាតិ CIFIT នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញគោលបំណងរបស់កម្ពុជា ដែលកំពុង​ស្វែង​រក​មធ្យោបាយ​ថ្មីនៃកិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដូចជា បច្ចេកវិទ្យា ថាមពល​​កកើត​​ឡើងវិញ និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ទំនប់អាងទឹកអូរតេ ផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំ

2024/09/08 01:03:02 pm        354
ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់​ផ្គង់​ទឹក​ស្អាត​បាន​ចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែល​បង្ក​ឡើង​ដោយ​ជំនន់​គ្រប់​ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និង​ការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ​ ក៏បាន​ជួយ​សម្រួល​ដល់​ការ​ប្រើ​ប្រាស់​ទឹក​ជា​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។

រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញគ្រូជួយអប់រំចំណេះដឹង បំណិនជីវិត ចំនួន៤យ៉ាងក្នុងសាលា

2024/09/08 12:33:48 pm        216
ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានជំរុញលោកគ្រូ អ្នកគ្រូតាមសលារៀននានា ជួយអប់រំ ផ្សព្វផ្សាយ សិស្សានុសិស្សយល់ដឹងបន្ថែមអំពីចំណេះដឹងបំណិនជីវិតបួនយ៉ាង រួមមាន បញ្ហាសុខភាពអនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ រួមចំណែកធ្វើឲ្យភូមិឃុំមានសុវត្ថិភាព។នៅក្នុងវេទិកាផ្សព្វផ្សាយ មិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលរៀបចំដោយក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសកលវិទ្យាល័យជាតិគ្រប់គ្រង នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ថ្ងៃទី៧ ខែកញ្ញានេះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា នៅក្នុងដំណើរការអនុវត្តយុទ្ធនាការសាលារៀនគំរូ ឯកឧត្តម បានណែនាំឲ្យក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន សូមបញ្ចូលកម្មវិធីទាំងបួន រួមមាន កម្មវិធី សុខភាពអនាម័យ វិធីសន្សំប្រាក់ បញ្ហាគ្រឿងញៀន និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ អនុវត្តក្នុងសាលា ហើយលោកគ្រូអ្នកគ្រូក៏ត្រូវសូមជួយផ្សព្វផ្សាយបន្តផងដែរ ។ក្នុងវេទិកានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន ក៏បានស្នើសុំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមគ្នាអនុវត្ត គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព គ្មានការប្រើប្រាស់គ្រឿងញៀន ហើយក្នុងករណីឃើញមាននរណាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ឯកឧត្តម ក៏បានស្នើពលរដ្ឋដែលបានឃើញនោះ សូមរាយការណ៍បន្ទាន់ចូលក្នុងប្រព័ន្ធអេប (APP) ក្នុងទូរសព្ទដៃ ដែលមានឈ្មោះថា No Drug ដើម្បីឲ្យអាជ្ញាធរចុះទៅដោះស្រាយ និងការធ្វើឲ្យភូមិឃុំយើងមានសុវត្ថិភាពទាំងអស់គ្នា។ឯកឧត្តមសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការនៃសកលវិទ្យាល័យជាតិគ្រប់គ្រង ថ្លែងថា នៅក្នុងវេទិការមិត្តអប់រំមិត្ត មិត្តជួយមិត្ត ដែលធ្វើក្នុងចំណោមសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានចូលរួមជាង៩០០នាក់នាពេលនេះ គឺក្រុមយុវជន បានលើកបង្ហាញប្រធានបទចំនួន៤ រួមមាន៖បញ្ហាសុខភាព អនាម័យ គ្រឿងញៀន វិធីសន្សំប្រាក់ និងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ បំណងជំរុញលើកកម្ពស់ស្មារតីកូនល្អ មិត្តល្អ ពលរដ្ឋល្អ នៅក្នុងគ្រួសារ សាលារៀន និងសង្គមជាតិ៕ អត្ថបទ ស៊ុម សុខជា

ឯកឧត្តម ប៉ែន បូណា៖ ដំណើរកម្សាន្តទៅទិសឦសានបាន​បន្សល់​ទុក​អនុស្សាវរីយ៍រយលានអត្ថន័យ

2024/09/08 12:02:27 pm        331
តាមរយៈបណ្ដាញសង្គមនាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ដំណើរ​កម្សាន្ត​ទៅទិសឦសានជើងទី១ តាមផ្លូវក្រវ៉ាត់ព្រំដែនក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កាលពី​ថ្ងៃ​សៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៤ បានបិទ​បញ្ចប់​​ដោយ​ជោគ​ជ័យ និង​បាន​បន្សល់​ទុក​អនុស្សាវរីយ​រយ​លាន​​អត្ថន័យ​សម្រាប់​អ្នក​ចូល​រួម​ក្នុង​ដំណើរ​កម្សាន្ត​ដ៏​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​នេះ​ដែល​ពុំធ្លាប់​មានពីមុន។ ឯកឧត្ដមបន្តថា ទោះបីជាត្រូវធ្វើដំណើររយៈពេលយូរបន្តិចមែន ក៏ប៉ុន្តែ អ្នកចូលរួមទាំងអស់​បាន​សម្តែង​ក្តី​សប្បាយរីករាយដោយបង្ហាញនូវស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ទឹកដីកាន់តែខ្លាំង ជា​ពិសេស​គឺ​ជំនឿជាក់លើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ ពួក​គេបានឃើញផ្ទាល់ភ្នែកនូវសមិទ្ធផលដ៏ធំធេងដែលកើតចេញពីការលះបង់ និងកិច្ច​ខិត​ខំ​ប្រឹង​ប្រែង ពុះពា​រគ្រ​ប់ឧបសគ្គ​ប្រកប​ដោយ​ទស្សន​វិស័យ​វែង​ឆ្ងាយ​របស់​ថ្នាក់ដឹកនាំក្នុ​ង​បុព្វ​ហេតុ​ជាតិ​មាតុភូមិ។ ឯកឧត្ដមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសរំលេចដែរថា មនុស្សក្មេង ចាស់ ប្រុស ស្រី ទាំងព្រះសង្ឃនិងគ្រហស្ថ សរុបប្រមាណជាង ២០០ អង្គ/នាក់​ដែល​បានចូលរួមក្នុង​ដំណើរ​កម្សាន្ត​​ដើម្បីឈ្វេងយល់ការពិតអំពីបញ្ហាព្រំដែនជាលើកដំបូងនេះ សុទ្ធតែ​ផ្តិតយក​នូវកម្រង​រូប​ថត​អនុស្សាវរីយ​ជា​ច្រើន​ជាពិសេស​ជាមួយ​ទង់​ជាតិ និង​បង្គោល​ព្រំដែន​ដែល​ជា​សញ្ញា​ថា ខ្មែរពិត​ជា​មាន​មោទនភាពជាតិ និងមានសាមគ្គីភាព​រឹងមាំដើម្បី​ការពារ​អធិបតេយ្យ​ភាពជាតិ និងបូរណភាព​ទឹកដី​ជាមួយរាជរដ្ឋាភិបាល។ អ្នកដំណើរទាំងអស់ក៏ទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនឹងកិច្ចការព្រំដែនដែលពួកគេមិនធ្លាប់មានពីមុន។ ចំណេះដឹងនេះមានសារសំខាន់​ណាស់ដែលប្រជាពលរដ្ឋខ្មែរ និង​យុវជន​គួរ​ទទួល​​បាន​តាមរយៈការចូលរួមដំណើរកម្សាន្តនេះ។ ឯកឧត្ដម ប៉ែន បូណា បានថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា​ដែល​បាន​ផ្តួច​ផ្តើម​ឱ្យ​មាន​ដំណើរ​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃប្រ​កប​ដោយ​អត្ថ​ន័យ​ដ៏​ជ្រាលជ្រៅនេះឡើង។ ជាមួយគ្នានេះ​ឯកឧត្ដមក៏បានថ្លែងអំណរគុណចំពោះ​សម្តេច​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឥស្សរជនរៀមច្បងទាំងអស់​ដែល​បាន​លះបង់​គ្រប់​យ៉ាង​ដើម្បី​ការពារជីវិតខ្មែរ ការពារសន្តិភាព ការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ជាពិសេសការពារអត្តសញ្ញាណខ្មែរនិងព្រះរាជាណាចក្រកម្ពុជាដែលយើងទាំងអស់គ្នាបានរស់នៅរហូតសព្វថ្ងៃ៕

កម្មករនិយោជិតនៅខេត្តតាកែវ បន្តចូលរួមមូលនិធិជាមួយរាជរដ្ឋាភិបាល​យ៉ាងគគ្រឹកគគ្រេង ដើម្បីអភិវឌ្ឍព្រំដែន

2024/09/08 11:48:53 am        166
កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាន​នៅ​ក្នុង​ខេត្តតាកែវ​នៅ​ថ្ងៃ​ទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ រីករាយបរិច្ចាគថវិកាជូន «មូលនិធិ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន»យ៉ាងគគ្រឹកគគ្រេងបន្ថែមទៀត ព្រោះទឹកចិត្តស្រលាញ់ជាតិមាតុភូមិ និងចង់​ជួយ​រួម​ចំណែក​អភិវឌ្ឍតំបន់ព្រំដែន។ កម្មករនិយោជិតដែលកំពុងបម្រើការងារនៅរោងចក្រ សហគ្រាស គ្រឹះស្ថាននៅក្នុង​ខេត្តតាកែវ​សរុប​ចំនួន ២៩៤ មានកម្មករនិយោជិតសរុបចំនួន ៨៥,៣៧០នាក់ (ស្រី ៦០,៨៣៩នាក់) បានលើកឡើងថា ការបរិច្ចាគ​ថវិកា​ចូល​មូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ដើម្បី​ចូល​រួម​ចំណែក​ជា​មួយរាជរដ្ឋាភិបាល។សកម្មភាពនេះ គឺជាការចូលរួមក្នុងការអភិវឌ្ឍតំបន់ព្រំដែនឱ្យបានកាន់តែរីកចម្រើនថែមទៀត ព្រោះ​មានតែការអភិវឌ្ឍតំបន់ព្រំដែនឱ្យទៅជាទីកន្លែងអ៊ូអរជាទីប្រជុំជនមានមនុស្សច្រើនប៉ុណ្ណោះ ទើប​ធ្វើឱ្យព្រំដែនប្រទេសជាតិរឹងមាំគង់វង្សជារៀងរហូតទៅ។អ្នកស្រី ស្រុង ស្រីឡាត់ កម្មការិនីរោងចក្រជីងម៉ៅហ្គូជី (ខេមបូឌា)ហ្គាម៉ិននៅខេត្តតាកែវ​បាន​និយាយ​ថា ក្នុងនាមជាពលរដ្ឋខ្មែរ អ្នកស្រីបានគាំទ្រ និងស្ម័គ្រចិត្តចូលរួម​ថវិកា​ផ្ទាល់​ខ្លួន​រួម​គ្នា​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធតាមព្រំដែន។អ្នកស្រីបន្ថែមថា៖«ខ្ញុំសូមគាំទ្រចំពោះគម្រោងអភិវឌ្ឍតាមតំបន់ព្រំដែន ហើយខ្ញុំបានចូល​រួម​បរិច្ចាគ​ថវិកាខ្លះ ដើម្បីជាចំណែកតូចមួយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលរបស់យើង។ បើ​ទោះ​បី​ជាថវិកាតិចតួច ប៉ុន្ដែវាជាទឹកចិត្តដោយក្ដីគោរព ស្រលាញ់រាជរដ្ឋាភិបាល និងប្រទេស​ជាតិ​របស់​យើង»។អ្នកស្រី សុទ្ធ សោភ័ណ្ឌ កម្មការិនីរោងចក្រ មេកូហ្វើនីឈ័រ ឯ.ក ខេត្តតាកែវ​បាន​និយាយ​ថា​៖​«ខ្ញុំចង់ចូលរួមមូលនិធិហ្នឹង គឺខ្ញុំចង់ឱ្យមានការអភិវឌ្ឍព្រំដែន ហើយនិ​ង​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅព្រំដែនហ្នឹងឱ្យបានច្រើន មានការវិនិយោគដែលធ្វើឱ្យប្រជាជនមានការងារធ្វើ មាន​តែ​ការ​អភិវឌ្ឍព្រំដែនទេ ដែលធ្វើឱ្យព្រំដែនយើងរឹងមាំ»។គួររំឭកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​សម្រេច​បង្កើត​«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្នុង​គោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយ​ផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ជាមួយគ្នានោះ សម្តេចធិបតីក៏បានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិង​ក្រៅ​ប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង​អភិវឌ្ឍន៍​ជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និង​បូរណ​ភាព​ទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកប​ដោយ​ចីរភាព​៕

ធនាគារជាតិរៀបចំផែនការជួយដល់សិស្សានុសិស្សស្វែងយល់នូវមូលដ្ឋានគ្រឹះ និងតម្រូវការទីផ្សារការងារ

2024/09/08 11:07:55 am        145
ធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមការងារយុវជន និងស្ថាប័ន​ជំនាញ​បើក​សិក្ខា​សាលា​ស្តីពី​កា​ររៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ធ្វើការ​ស្វែង​យល់​នូវមូលដ្ឋានគ្រឹះមួយចំនួន ទៅនឹងតម្រូវការទីផ្សារការងារនា ពេលបច្ចុប្បន្ន និង​អនាគត។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនកម្ពុជា ថ្លែងលើកឡើង​ក្នុង​ពិធី​បើក​សិក្ខា​សាលា ស្តីពីការរៀបចំ ផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាសម្រាប់សិស្សថ្នាក់ទី ១២ ឆ្នាំសិក្សា២០២៣-២០២៤ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា សិក្ខាសាលាថ្ងៃនេះ ត្រូវបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា និងមានកិច្ចសហការរវាង ក្រុមការងារយុវជនធនាគារជាតិនៃកម្ពុជា និងទីភ្នាក់ងារជាតិមុខរបរនិងការងារ ដែលមានគោលបំណងឱ្យសិស្សានុសិស្ស ស្វែងយល់ អំពីចំណុចគន្លឹះចំនួនរួមមាន៖ ស្វែងយល់ពីខ្លួនឯងឱ្យបានច្បាស់លាស់តាមរយៈការពិនិត្យលើចំណូលចិត្ត ជំនាញ គុណតម្លៃ និង បុគ្គលិកលក្ខណៈរបស់ខ្លួនឯង, ស្វែងយល់ពីអាជីព និងមុខរបរដែលសមស្របតាមជំនាញឯកទេស, ស្វែងយល់ពីតម្រូវការកម្លាំង ពលកម្មតាមជំនាញឯកទេស និងទិន្នន័យនៃប្រាក់បៀរវត្ស សម្រាប់ពេលបច្ចុប្បន្ននិងអនាគត ទាំងកម្រិតក្នុងប្រទេស និងកម្រិតតំបន់, ស្វែងយល់ពីលទ្ធភាព កត្តាជំរុញ និងកត្តារារាំង ចំពោះការសម្រេចគោលដៅរបស់ខ្លួន, និងរៀបចំផែនការអាជីព និងការសិក្សាឱ្យបាន សមស្រប និងកែសម្រួលទៅតាមរយៈកាលខ្លី ឬវែង។ លោកជំទាវបណ្ឌិត បន្តថា តាមរយៈការសិក្សានេះ ធនាគារជាតិនៃកម្ពុជា បានបន្តលើកកម្ពស់ការអប់រំដល់សិស្សនុសិស្ស តាមរយៈការឧបត្ថម្ភវគ្គបំប៉នបន្ថែមជារៀងរាល់ឆ្នាំ សម្រាប់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ការបញ្ជ្រាបចំណេះដឹងផ្នែក ហិរញ្ញវត្ថុដល់សិស្សានុសិស្ស ក្នុងកម្មវិធីសិក្សាចំណេះដឹងទូទៅ ពីថ្នាក់ទី១ ដល់ទី១២ និងយុទ្ធនាការអប់រំខ្លីៗដូចជា ការបោះពុម្ពសៀវ ភៅ“តោះ! និយាយពីលុយ” ដែលលើកកម្ពស់ការយល់ដឹងលើការគ្រប់គ្រងប្រាក់កាស ប្រកបដោយភាពវៃឆ្លាត។ ទន្ទឹមនេះ ធនាគារ ជាតិនៃកម្ពុជា ក៏បានឧបត្ថម្ភនិងបំពាក់កុំព្យូទ័រជាច្រើនគ្រឿង នៅក្នុងបន្ទប់សិក្សាកុំព្យូទ័រ ព្រមទាំងផ្តល់ជូននូវការបង្រៀនកុំព្យូទ័រដល់ សិស្ស ក្នុងនោះគ្រូបង្រៀនសុទ្ធសឹងជាមន្ត្រីផ្នែកព័ត៌មានវិទ្យា ដែលមានបទពិសោធន៍បម្រើការងារយូរឆ្នាំផងដែរ។ លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏កំពុងសស្រាក់សស្រាំ ជ្រើសរើសគ្រូបង្រៀនភាសាអង់គ្លេស ដែលជាមន្ត្រីរបស់ធនាគារជាតិនៃកម្ពុជាផងដែរ ដែលសុទ្ធសឹងមានសញ្ញាបត្របរិញ្ញាបត្រផ្នែកបង្រៀនភាសាអង់គ្លេស ដើម្បីផ្ដល់នូវការបំពាក់បំប៉នភាសាអង់គ្លេសបន្ថែមដល់សិស្ស សម្រាប់ជាទុនត្រៀមចូលមហាវិទ្យាល័យ ឬបន្តសិក្សាជំនាញបច្ចេកទេសផ្សេងៗ។ ជាក់ស្តែងមណ្ឌលសិក្សាបច្ចេកទេសធនាគារ (CBS) របស់ធនាគារជាតិនៃកម្ពុជា នឹងផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A ខេត្តកំពង់ធំ, បច្ចុប្បន្នមានសិស្សនិទ្ទេសចំនួន ៩នាក់ បានកំពុងសិក្សា, ក្នុងនោះធនាគារជាតិនៃកម្ពុជាបានកំពុងរៀបចំដល់ថ្នាក់ បរិញ្ញាបត្រជំនាញធនាគារ និងហិរញ្ញវត្ថុផងដែរ។ តាមរយៈសិក្ខាសាលានេះដែរ លោកជំទាវបណ្ឌិត ទេសាភិបាលបានបង្ហាញនូវក្តី សង្ឃឹម ជឿជាក់យ៉ាងមុតមាំថា សិស្សានុសិស្សទាំងអស់ នឹងជ្រើសរើសជំនាញសិក្សាឱ្យបានត្រឹមត្រូវ ហើយខិតខំប្រឹងប្រែងរៀនសូត្រ បន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងថ្នាក់ក្រោយៗទៀត ដើម្បីអភិវឌ្ឍចំណេះដឹងរបស់ខ្លួន និងចូលរួមចំណែកអភិវឌ្ឍប្រទេសយើង ឆ្ពោះទៅសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេស ដែលមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចុះពិនិត្យព្យាបាលជំងឺ ជូនពលរដ្ឋនៅឃុំកោះសូទិន​ដោយឥតគិតថ្លៃ

2024/09/08 10:35:32 am        357
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះទៅពិនិត្យ និងព្យាបាលជំងឺ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅឃុំកោះសូទិន​ ដោយឥតគិតថ្លៃ។ដើម្បីជួយលើកម្ពស់ជីវភាព​ និងចូលរួមថែរទាំរបស់ពលរដ្ឋ​នៅមូលដ្ឋាន​ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះមូ​លដ្ឋានខេត្តកំពង់ចាម​ បានចាត់តាំង​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម និង ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន បើក​កម្មពិធីពិនិត្យ និងព្យាបាលជំងឺទូទៅជូនពលរដ្ឋ​ ដោយមិនគិតថ្លៃ​ នៅក្នុង​បរិវេណ​វិទ្យាល័យ​កោះសូទិន។​ ឆ្លៀតឱកាសនោះដែរ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ការ​ចុះពិនិត្យ និងព្យាបាលជំងឺ នាពេលនេះ គឺ ដើម្បីលើកម្ពស់កម្រិតសុខភាព ជូនបងប្អូន​ប្រពលរដ្ឋ ដែលជាផ្នែកមួយបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ពីព្រោះថា បើយើង​មាន​ជំងឺ​ឈឺ​ស្កាត់ យើងត្រូវទៅកាន់ពេទ្យឯកជន និងត្រូវការចំណាយបង់ប្រាក់ផ្ទាល់ខ្លួន ប៉ុន្តែ​កម្ម​វិធី​នា​ថ្ងៃ​នេះ គឺពុំមានការបង់ថ្លៃសេវាព្យាបាលឡើយ។​ទន្ទឹមនឹងនេះដែរ​ បងប្អូនប្រជាពលរដ្ឋ​ដែលបានមកទទួលសេវាពិនិត្យព្យាបាលជម្ងឺ​នៅពេលនេះ​ បាន​សម្តែងការគាំទ្រ​ និងសប្បាយរីករាយ​ជាខ្លាំងពេលមានក្រុមការងារ​និងពិសេស​នោះ​មាន​ក្រុម​គ្រូពេទ្យ​មក​ពិនិត្យព្យាបាលជម្ងឺហើយចែកថ្នាំសង្កូវដោយឥតថ្លៃទៀត​ ពួកគេចង់ឲ្យ​មាន​សកម្មភាព​បែប​នេះ​ជាបន្តបន្ទាប់ទៀត។ឯកឧត្តម ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំកោះសូទិន​ ក៏បាន​បញ្ជាក់​ដែរ​ថា​ ក្រុមការងាររាជរដ្ឋាភិបាលបានបង្កើតកម្មវិធីពិនិត្យ និងព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​ឱ្យ​បានយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។យោងតាមរបាយការណ៍របស់ ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានបញ្ជាក់ថា សេវាពិនិត្យជំងឺដែលផ្តល់ជូនរួមមានជំងឺទូទៅ ជំងឺកុមារ ជំងឺមនុស្សចាស់ ជំងឺសសៃរឈាម និងបេះដូង ជំងឺសន្លាក់ និងវះកាត់តូច ជំងឺភ្នែក ជំងឺច្រមុះ ត្រចៀក បំពង់ក ជំងឺមាត់ធ្មេញ ជំងឺសើរស្បែក និងកាមរោគ ជំងឺផ្លូវចិត្ត ជំងឺតម្រងនោម រោគស្រ្តី និងពិនិត្យផ្ទៃពោះ អេកូសាស្រ្ត មន្ទីរពិសោធន៍ចល័ត និងអប់រំសុខភាពសាធារណ:ដល់បងប្អូនប្រជាពលរដ្ឋផងដែរ៕

ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា​ទៅចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក លើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

2024/09/08 09:51:06 am        295
តបតាមការអញ្ជើញរបស់ស្ថាបនិក នៃវេទិកាចំណេះដឹងពិភពលោក សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងដឹកនាំគណៈប្រតិភូជាន់​ខ្ពស់​អញ្ជើញ​ចូលរួ​ម​វេទិកា​ចំណេះ​ដឹង​ពិភពលោកលើកទី២៥ ក្រោមមូលបទ "មាគ៌ាឆ្ពោះទៅរកសហត្ថិភាព (Journey Towards Coexistence)" ព្រមទាំងអញ្ជើញចូលរួម កម្មវិធីផ្លូវការ​សំខាន់ៗ​ផ្សេង​ទៀត​នៅ​សាធារណ​រដ្ឋ​កូរ៉េ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។អញ្ជើញអមដំណើរ សម្តេចតេជោ ប្រធានព្រឹទ្ធសភា រួមមាន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រឹទ្ធសភា រដ្ឋសភា និង​រាជ​រដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មកម្ពុជាផងដែរ។ក្នុងឱកាសចូលរួមវេទិកាចំណេះដឹងពិភពលោកលើកទី២៥នេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញថ្លែងសុន្ទរកថាពិសេស ក្រោមប្រធានបទ "មាគ៌ាឆ្ពោះទៅកាន់សហត្ថិភាព និង​វិបុល​ភាព​ក្នុង​អាស៊ាន“។ វេទិកានេះនឹងមានអ្នកចូលរួមពីមជ្ឈដ្ឋានរដ្ឋាភិបាល អ្នកនយោបាយ អ្នក​សិក្សា​អប់រំ សាជីវកម្ម និងវិស័យផ្សេងៗ ជុំវិញ ពិភពលោក ក្នុងគោលបំណង​ចែក​រំលែក​ចំណេះ​ដឹង ដើម្បីរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងវិបុលភាពសកល ប្រកបដោយតុល្យភាព។ក្នុងអំឡុងពេលស្នាក់នៅទីក្រុងម៉ឺនឆន់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹង​មាន​ជំនួប​ការងារ​ជាមួយ ថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េ រួមមាន ប្រធានាធិបតី និងប្រធានសភា និងទទួល​ជួប​តំណាង​ក្រុម​ហ៊ុនធំៗរបស់ សាធារណរដ្ឋកូរ៉េ។ ជាកិច្ចបន្ទាប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹ​ង​បន្តដំណើរទស្សនកិច្ចទៅកាន់ខេត្ត យ៉ាំងសាងបុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាព​ជា​អ្នកដឹកនាំ និងការកសាងសន្តិភាព" ដែល រៀបចំដោយសាកលវិទ្យាល័យដុងហ្គុកវាយស៍ និង​ផ្ដល់កិត្តិយសធ្វើបាឋកថាស្តីពី “បទពិសោធន៍របស់ប្រទេសកម្ពុជា ក្នុងការរំដោះជាតិ ការក​សាង​សន្តិភាព ការផ្សះផ្សា និងការកសាងជាតិឡើងវិញ” ពីប្រទេសដែលហែកហួរដោយ សង្គ្រាម និង​វាលពិឃាត មកជាប្រទេសជាតិដែលពោរពេញដោយសន្តិភាព ការរួមរស់ជាមួយគា្ន (សហត្ថិភាព) និងការអត់ឱន។ ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញទស្សនាតំបន់ ទេសចរណ៍ "បូមុន” និងមជ្ឈ​មណ្ឌល​ពិព័រណ៍​វប្បធម៌​ពិភព​លោក​ស្យុង​យូ នៅក្នុងខេត្តត្បូងសាងបុកដូ។ គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដែលដឹកនាំដោយ សម្តេចគេជោ ប្រធានព្រឹទ្ធសភា នឹងធ្វើមាតុភូមិនិវត្តន៍ នៅវេលាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងរតនាគារអាមេរិកចេញទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ ដោយ​ផ្តោតលើការដោះដូរ​រូបិយប័ណ្ណគ្រីបតូ
06/03/2026 03:06 PM
អាមេរិកសម្លឺង​ដល់​ការ​បើក​ច្រកសមុទ្រ Hormuz ដោយ​ទម្រង់ស្ងាត់ៗ ​​សម្រាប់​គម្រោង Project Freedom
06/03/2026 03:06 PM
ក្រុមប្រដាប់អាវុធអ៊ីរ៉ាក់ចំនួន ២ ប្រកាសពីការកំណត់អាវុធឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋ
06/03/2026 03:06 PM
ឥណ្ឌាដករូបសំណាក Messi ចេញនៅទីក្រុង Kolkata ដោយសារបារម្ភពីបញ្ហាសុវត្ថិភាព
06/03/2026 03:06 PM
បើក Soccer League នឹងរំលេចទស្សនីយភាពជាច្រើន ពិសេសការច្រៀងចម្រៀងជាតិ ដើម្បីលើកទឹកចិត្តវីរកងទ័ព និងជនភៀសសឹក
06/03/2026 02:06 PM
សមាជិកសភា៖ អ៊ីរ៉ង់ចង់ធ្វើជាតូបនីយកម្មច្រកសមុទ្រហ័រមូស
06/03/2026 02:06 PM
មេដឹកនាំសហគមន៍លីបង់នឹងដាក់ពាក្យប្តឹងប្រឆាំងការគាំទ្ររបស់អាមេរិកចំពោះសង្គ្រាមរបស់អ៊ីស្រាអែលនៅលីបង់
06/03/2026 02:06 PM
អ្នកជំនាញ៖ អ៊ីរ៉ង់មានតួនាទីសំខាន់នៅក្នុងដំណើរការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/03/2026 02:06 PM
FIFA បើកដំណើរការមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិសម្រាប់ World Cup នៅក្រុង Dallas
06/03/2026 02:06 PM
ក្រុមហ៊ុនអឺរ៉ុបជាច្រើនទទួលស្គាល់ថា មានការលំបាកក្នុងការផលិតអាវុធល្បឿនលឿនជាងសំឡេង
06/03/2026 02:06 PM