សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណរដ្ឋាភិបាលនិងប្រជាជនឥណ្ឌា ដែលជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2024/09/04 01:35:34 pm        102
តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បាន​ថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ហើយការរួមចំណែករបស់ប្រទេសឥណ្ឌា ពិតជា​មាន​សារៈ​សំខាន់ និងឆ្លើយ​តប​នឹងតម្រូវការជាក់ស្តែងរបស់សហគមន៍​មូលដ្ឋាន និង​ជន​មាន​ពិការភាព​។ការថ្លែងអំណរគុណនេះក្នុងខណះឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុ ប្រធានទី១ អាជ្ញាធរ​មីន ទទួលជួបសវនាការជាមួយគណៈប្រតិភូនាយទាហានជាន់ខ្ពស់ការពារជាតិ​ នាយ​ទាហាន​ ពលទាហានមកពីប្រទេសឥណ្ឌា​ ម៉ារ៉ុក​ ស្រីលង្កា​ ,បង់ក្លាដេស, អារ៉ាប៊ីសាអ៊ូឌីត​, សំប៊ី​ ,​តង់ហ្សានី​ និង​ប្រេស៊ីល​ រួមជាមួយនិស្សិតជាច្រើនជាតិ សាសន៍​នៃ​មហាវិទ្យាល័យ​ការពារ​ជាតិ​ឥណ្ឌា​នា​រសៀលថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២៤ នៅស្នាក់ការអាជ្ញាធរមីន ។នៅក្នុង​ជំនួបនោះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រួមជាមួយប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ក្នុង​ការដោះស្រាយ​បញ្ហា​មីន និង​សំណល់​ជាតិ​ផ្ទុះពីសង្រ្គាម រយៈ ពេលជាង ៣០ ឆ្នាំ ដោយទទួលបាននូវលទ្ធផលជាផ្លែផ្កា និង​ទទួល​បាន​ការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ប្រទេសឥណ្ឌា គឺជាប្រទេស​មួយ​ដែល​បាន​រួម​ចំណែកដ​ល់​ការងារ​បោស សម្អាតមីនមនុស្សធម៌ និងគាំពារដល់ជនមានពិការ​ភាព​ដោយ​សារ​មីន​តាមរយៈ​ការ​ផ្តល់​នូវ​អវយវៈសិប្បនិមិត្ត ចាប់ តាំងពីឆ្នាំ២០២២ អំឡុងពេលដែល​វិស័យ​សកម្មភាព​បាន​ទទួលកា​រ​គាំទ្រយ៉ាងផុសផុលពីគ្រប់មជ្ឈដ្ឋានក្នុងប្រទេសកម្ពុជា ក្រោមការអំពាវនាវ​របស់​សម្តេច​តេជោ ហ៊ុន សែន អតីនាយករដ្ឋមន្រ្តី ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា ។សូម​ជម្រាបថា ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ក្រោមកិច្ច សហការជាមួយអាជ្ញាធរមីន បាន​ជ្រើសយ​ក​ខេត្ត​កោះកុងក្នុងការប្រើប្រាស់ជំនួយមនុស្សធម៌​របស់​រដ្ឋាភិបាល​ឥណ្ឌា​ សម្រាប់​ការងារ​បោស​សម្អាត​មីន​។ ភូមិចំនួន ៤ ស្ថិតក្នុងស្រុកបុទុមសាគរ បានបោសសម្អាតរួច និងប្រកាសជាភូមិអស់ ក្រោម​ការគាំទ្រពី “គម្រោងផ្តល់ផលរហ័ស” ដំណាក់ កាលទី១ ហើយបច្ចុប្បន្ននេះ ស្ថិត​ក្នុង​ដំណាក់​កាល​ទី២ ឥណ្ឌាបានគាំទ្រដល់ការបោសសម្អាតមីនក្នុងស្រុកចំនួន ៤ បន្ថែមទៀត​ក្នុង​ខេត្ត​កោះកុង រួមមានស្រុកស្រែអំបិល ស្រុកបុទុមសាគរ ស្រុកថ្មបាំង និងស្រុកកោះកុង ដែល​គ្រោង​ប្រកាស​ជាស្រុកអស់មីនក្នុងឆ្នាំ២០២៥ ខាងមុខ៕ អត្ថបទ៖ ភារម្យ 

មន្ទីរពេទ្យរដ្ឋថ្នាក់ជាតិផ្តល់ថ្នាំបង្ការដល់ទារក និងកុមារ ដើម្បីការពារសុខភាព​គ្របដណ្តប់​ឱ្យបាន ១០០%

2024/09/04 12:52:57 pm        313
ក្នុងរយៈពេល០១ឆ្នាំនៃអាណតិ្តរដ្ឋាភិបាលថ្មី ក្រសួងសុខាភិបាល ក៏ដូចជាមនី្ទរពេទ្យកុមារជាតិ បាន​ខិតខំប្រឹងប្រែងធ្វើការកែលម្អ អភិវឌ្ឍន៍ និងការផ្តល់សេ​វា​ប្រក​ប​ដោយ​គុណ​ភាព​ជូន​ដល់​បណ្តា​ប្រជាជន ជាពិសេសកុមារកម្ពុជា ដែលមានជំងឺ​មក​ទទួល​សេវា​នៅ​ក្នុង​មនី្ទរ​ពេទ្យ​កុមារ​ជាតិ​របស់​យើង​នេះ។ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ នៃក្រសួងសុខាភិបាល តាម​រយៈ ​BTV ព័ត៌មាននាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានលើកឡើងថា ដោយ​មាន​ទទួល​បាន​សេចកី្ត​ទុកចិត្តពីមាតា បិតា អាណាព្យាបាលរបស់កុមារ បាននាំកូន​ចៅ​មក​ទទួល​សេវា​ក្នុង​មនី្ទរ​ពេទ្យ​កាន់តែច្រើនឡើង ជាមធ្យមអ្នកជំងឺ​មក​ពិនិត្យ​ជំងឺ​ក្រៅ​ចន្លោះពី​១០០០​នាក់​ទៅ​១២០០​នាក់​ និងអ្នកជំងឺសម្រាកព្យាបាលក្នុងមនី្ទរពេទ្យ មានជុំវិញ៥០០នាក់ ហើយអ្នក​ជំងឺ​ក្រោយ​សម្រាក​ពេទ្យ និងជាសៈស្បើយ ជុំវិញ៨០នាក់ ទៅ៩០នាក់ផងដែរ ក្នុងមួយថ្ងៃ។ ក្រៅពីការ​ព្យាបាល​មនី្ទរ​ពេទ្យកុមារជាតិ តែងតែយកចិត្តទុកដាក់លើការការពារ ដែលជាចំនុចសំខាន់ ដោយ​ក្រុម​ការងារគ្រូពេទ្យ បានផ្តល់ការអប់រំណែនាំដល់មាតា បិតា អាណាព្យាបាល អំពីអនាម័យ ធ្វើ​យ៉ាង​ណា​កុំឲ្យកូនៗ ងាយរងគ្រោះដោយជំងឺផ្សេងៗ និងរបបអាហារ កាលណាកុមារហូបចុក បាន​ត្រឹម​ត្រូវ មានសុខភាពល្អ ក៏អាចការពារជំងឺបានមួយចំនួនធំផងដែរ។សូមរំលឹកផងដែរ កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈ​មណ្ឌល​ជាតិ​គាំ​ពារ​មាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដើម្បី​ពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការ​សម្រេច​ឱ្យ​បាន​អត្រា​គ្រប​ដណ្តប់​នៃ​ការ​ផ្តល់​ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស៕ អត្ថបទ រដ្ឋា 

រាជរដ្ឋាភិបាលសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរីVIP ដែលបានបង់ប្រាក់ផ្ដាច់១០០%

2024/09/04 12:41:23 pm        390
(ព្រះសីហនុ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មក​ទល់​ពេលនេះ ការដោះស្រាយវិវាទរបស់អតិថិជនអតីតបុរី វី អាយ ភី បានដល់ដំណាក់​កាល​ឯកភាព​ជំរុញ​បញ្ចប់ ដោយសម្រេចផ្ដល់ដំណោះស្រាយសមស្រប គឺការប្រគល់ជូន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុជូន អតិថិជនដែលបានបង់ប្រាក់ផ្ដាច់១០០% ។ នេះបើតាម​ការ​បញ្ជាក់​របស់​ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនអតិថិជនអតីតបុរី វី អាយ ភី ខេត្ត​ព្រះសីហនុ កាលពីពេលថ្មីៗនេះ ។ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថា មកទល់ពេលនេះ ការដោះ​ស្រាយ​វិវាទ​ របស់អតិថិជនអតីតបុរី វី អាយ ភី បានធូរស្រាលច្រើន ដោយសារ​តែមា​ន​ការ​ប្រជុំ​ពិភាក្សា​ជួយ​រក​ដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាក្រសួងរៀបចំ​ដែនដី​ជា​ច្រើន​លើក​ច្រើន​សារ និងមានការជួយខ្នះ ខ្នែងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ដើម្បីរក​ដំណោះ​ស្រាយ​រួម​មួយ​បញ្ចប់​វិវាទឱ្យបានឆាប់រហ័ស រហូតមានការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន។ លទ្ធផលសម្រេចបាន នាពេល នេះ គឺដោយសារប្រមុខរាជរដ្ឋាភិបាល បានឯកភាព​ជំរុញ​បញ្ចប់វិវាទដោយសម្រេចផ្ដល់ដំណោះស្រាយ ក្នុងការប្រគល់ជូន​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ជូន​អតិថិជន ដែលបានបង់ប្រាក់ផ្ដាច់១០០% ។ឯកឧត្តម បានស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រ នាពេលខាងមុខ សូមបន្តសហ ការ​ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ខេត្ត​ព្រះសី​ហនុ ក្នុងការរៀបចំលក្ខន្តិកៈនៃការរស់នៅដោយខ្លួនឯង ពីព្រោះប្រជាពលរដ្ឋ នឹង​ត្រូវ​សហការ​​ឯកភាពគ្នាក្នុង ការប្រើប្រាស់សេវាអគ្គិសនី ភ្លើងបំភ្លឺផ្លូវសាធារណៈ សន្តិសុខ​សណ្តាប់​ធ្នាប់ ការថែទាំផ្លូវ ដាំដើមឈើ និង ការប្រមូលសំរាម ជាដើម។ ហើយ ការងារទាំងនេះ ក្រសួង​រៀប​ចំ​ដែនដី នឹងនៅជួយសម្របសម្រួល និង ការងារផ្សេងទៀតដែលអាចកើតមានឡើង ប្រសិន​បើ​មាន​តម្រូវ​ការ ដើម្បីប្រែក្លាយទៅជាភូមិឋានក្សេម ក្សាន្ត ជាទ្រនំសុភមង្គលជូនដល់ប្រជាពលរដ្ឋ ។ឯកឧត្តម បានស្នើដល់អតិថិជនដែលមិនទាន់បានបង់ប្រាក់គ្រប់ សូមបន្តបង់ប្រាក់រំលស់ជាបន្ត បន្ទាប់តាមការកំណត់ ដើម្បីឱ្យការសាងសង់សំណង់បានបញ្ចប់តាមផែនការគ្រោងទុក ដោយ​ក្រសួង​នឹង ផ្ដល់ការជួយសម្របសម្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ ដែលមាន​តម្រូវ​ការ​លើ​សេវា​ធនាគារ ក្នុងការបង់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ​មាន​លទ្ធភាព​បង់​ប្រាក់​រំលស់​រហូត​ទទួល​បាន​លំ​នៅ​ក្នុងក្តីស្រមៃ របស់ខ្លួនពិតប្រាកដ ។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ច កោណ ដំណាក់កាលទី១ ដែលក្នុងនោះរួមបញ្ចូលការធ្វើកំណែទម្រង់ដីធ្លី និងនគរូបនីយកម្ម​ឱ្យ​កាន់​តែស៊ីជម្រៅ ជាមួយនឹងការបង្កើតឱ្យមាននូវគោលនយោបាយដីធ្លី៣ចំណុច រួមមាន ការ​ចុះ​បញ្ជី​ដីធ្លីមាន លក្ខណៈជាប្រព័ន្ធ ការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ និង​ការ​ផ្ដល់​សេវា​រដ្ឋបាល​ដីធ្លី​ជូនប្រជាពល រដ្ឋប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់ សំដៅលើក​កម្ពស់​កម្រិត​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ។ ការងារចុះ​បញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន ដើម្បីជាមូល​ដ្ឋាន​ប្រភព​សេដ្ឋកិច្ច និងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ជាអាទិភាពទី៥ នៃទិសដៅអាទិភាព​គោល​នយោបាយ​១៥​ចំណុច ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញ ផ្អែក​ទៅ​លើអាទិភាពនៃយុទ្ធសាស្រ្ត បញ្ចកោណ ក្នុងបញ្ចកោណទី៤ មុំទី៤ ៕ អត្ថបទ៖ បាន ចក់ 

ពលរដ្ឋបង្ហាញក្ដីសប្បាយរីករាយក្រោយបានចុះឈ្មោះទៅទស្សនកិច្ចតំបន់ព្រំដែនទិសឦសានរួចរាល់

2024/09/04 12:27:15 pm        197
ប្រជាពលរដ្ឋ ពិសេសយុវជនមួយចំនួន បានចុះឈ្មោះរួចរាល់ហើយ សម្រាប់ការទៅទស្សនកិច្ច​នៅ​តំបន់​ព្រំដែន ដែលរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំឡើង។ ក្រោយចុះឈ្មោះរួចរាល់​ពួក​គេ​មាន​ក្ដី​រំភើប​រីករាយ ព្រោះពួកគេនឹងមានឱកាសទៅពិនិត្យ និង​សិក្សា​ពី​ភាព​ជាក់ស្ដែងនៃ​តំបន់​ព្រំដែន​របស់​កម្ពុជា។ត្រឹមរយៈពេលប៉ុន្មានថ្ងៃនៃការបើកចុះឈ្មោះទៅទស្សនកិច្ចនៅតំបន់ព្រំដែនភូមិភាគឦសាន ប្រជា​ពលរដ្ឋកម្ពុជា ជាច្រើនរយនាក់បានចុះឈ្មោះរួចរាល់ និងមាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ទៀត​កំពុង​ផុស​ផុលចុះឈ្មោះជាបន្តបន្ទាប់។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ជា​ក្រសួង​ដឹកនាំ រៀបចំដំណើរទស្សនកិច្ចនេះបានលើកឡើងកាលពីម្សិលម៉ិញថា ចំនួនអ្នក​ចុះ​ឈ្មោះរួ​ច​រាល់មានរហូតដល់ជាង ៧០០នាក់ ហើយការទៅទស្សនកិច្ចជើងដំបូង នឹងប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។សម្រាប់យុវជន ដែលបានចុះឈ្មោះរួចរាល់ បង្ហាញនូវក្ដីរំភើបរីករាយ ព្រោះពួកគេ​មាន​ឱកាស​ទៅ​ទស្សន​កិច្ច​នៅតំបន់ព្រំដែនភូមិភាគឦសាន ទៅមើលពីភាពជាក់ស្ដែងនៅតំបន់នោះ ភាពរីករ​ចម្រើន​ និងស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ រស់នៅជាក់ស្ដែងនៅតំបន់នោះផងដែរ។បើ​តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើ​ឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់​ដំណាច់​ឆ្នាំ​២០២៤​។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹង​មាន​ផ្តល់​ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។សេចក្តី​ជូនដំណឹង ក៏បានបញ្ជាក់ដែរថា សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបាន​រៀបចំ​បែង​ចំនួន​៣ទីតាំង​៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ធ្វើដំណើរតាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​ក្រចេះ និងមណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់។ សម្រាប់ប្រជាពលរដ្ឋ ដែល​មាន​បំណងចង់ទៅទស្សនកិច្ច ត្រូវចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយស្គេនទៅលើ QR CODE ដែល​មាន​ភ្ជាប់ជាមួយសេចក្ដីជូនដំណឹង៕ អត្ថបទ៖ គឹមហុក 

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/09/04 11:46:43 am        107
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារនៅវិមានរដ្ឋសភា។ជាកិច្ចចាប់ចាប់ផ្ដើមសម្ដេចប្រធានរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលបានអញ្ជើញមកចូលជួបសម្ដែងការគួរសមជាមួយសម្ដេចនាព្រឹកនេះ ហើយសម្ដេចក៏អរគុណដល់ឯកឧត្តម ឯកអគ្គរាជទូតថៃ ដែលខិតខំបំពេញកិច្ចការងារដ៏សកម្ម និងបានជំរុញនូវទំនាក់ទំនងកម្ពុជា-ថៃ ឱ្យមានការរីកចម្រើនជាលំដាប់។ សម្ដេចបានបន្តថាទំនាក់ទំនងរវាងកម្ពុជានិងថៃ គឺមានរយៈពេលជាយូរឡុងណាស់មកហើយ។ បើនិយាយទំនាក់ទំនងជាផ្លូវការ គឺបានចាប់ផ្ដើមតាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៥០មកម្លេះ តាំងពីមុនពេល ប្រទេសកម្ពុជាទទួលបានឯករាជ្យម្លេះ ដែលកត្តានេះបានបង្ហាញនូវការប្ដេជ្ញាចិត្តយ៉ាងខ្លាំងរវាងរាជរដ្ឋភិបាលព្រះរាជាណាចក្រទាំងពីរតាំងពីសម័យកាលនោះមក។ សម្ដេចបានបន្តថាប្រទេសទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធតាំងពីកម្រិតស្ថាប័នរាជវង្ស រាជរដ្ឋាភិបាល និងប្រជាជន និងប្រជាជនផងដែរ។ ជាការឆ្លើយតបឯកឧត្តមឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណដល់សម្ដេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានចូលមកសម្ដែងការគួរសម និងជម្រាបលា និងអបអរសាជាថ្មីចំពោះសម្ដេចដែលទទួលបានការតែងតាំងជាប្រធានរដ្ឋសភាជាតិនៃកម្ពុជា ដែលជាតួនាទីដ៏សំខាន់។ ឯកឧត្តមបញ្ជាក់ថា ទោះបីជាពេលវេលាដែលឯកឧត្តមមកបំពេញបេសកកម្មនៅកម្ពុជាមានរយៈពេលខ្លីត្រឹម២ឆ្នាំក្នុងបេសកកម្មការទូត ប៉ុន្ដែឯកឧត្តមធ្លាប់បានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៤ដែលឯកឧត្តម គឺជាសាក្សីរស់បានឃើញព្រឹត្តិការណ៍ដ៏សំខាន់នៅកម្ពុជាឆ្នាំ១៩៩៤ ជាពេលដែលបញ្ចប់ការបោះឆ្នោតជាសកលរហូតមកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសុខសន្ដិភាព និងការអភិវឌ្ឍដែលប្រទេសកម្ពុជាបានវិវត្តន៍យ៉ាងឧត្តុងឧត្តមនាពេលបច្ចុប្បន្ននេះ ហើយកំពុងមានការងារជាច្រើនដែលរាជរដ្ឋាភិបាលថ្មីកំពុងខិតខំប្រឹងប្រែងធ្វើបន្តទៀតស្របតាមចក្ខុវិស័យរបស់ខ្លួន៕

ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ ចុះអនុស្សារណៈលើការប្រមូលកម្រៃទិដ្ឋាការ​ពីអតិថិជន

2024/09/04 10:49:14 am        296
ក្រសួងមហាផ្ទៃ និងធនាគារកាណាឌីយ៉ា ក.អ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការ​ប្រើប្រាស់​សេវាកម្មទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយ​ភ្ជាប់​ជាមួយនិងប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រ កម្ពុជា។ឯកឧត្តមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងឧកញ៉ា ឆារស៍ វ៉ាន់ អភិបាលនៃធនាគារកាណឌីយ៉ា ក.អ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការប្រើប្រាស់សេវាកម្ម​ទូទាត់​តាមប្រព័ន្ធអេឡិចត្រូនិច លើការប្រមូលកម្រៃទិដ្ឋាការពីអតិថិជន ដោយភ្ជាប់ជាមួយ​និង​ប្រព័ន្ធអេឡិចត្រូនិច និងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival)។ក្នុងពិធីចុះអនុស្សារណៈនេះ, ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលនៅក្នុងការអាណត្តិទី៧ បានដាក់ចេញ​នូវ​យុទ្ធសាស្រ្តបញ្ចាកោណដំណាក់កាលទី១ ដែលដឹកនាំបន្តនូវសមិទ្ធផលទាំងឡាយ ពីយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយក្នុងនោះមានកិច្ចការជាច្រើន ដែលរាជរដ្ឋាភិបាលដាក់ចេញឱ្យអនុវត្តន៍ និងមានការងារ បង្កើនគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចសំខាន់មួយនៅក្នុងយុទ្ធសាស្រ្ត បញ្ហាកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្មវិធី Cambodia e-Arrival នេះ គឺជាកិច្ចការមួយនៃការបង្កើនគុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ឯកឧត្តមសន្តិបណ្ឌិត បន្តលើកឡើងថា ជុំវិញបញ្ហានេះ កន្លងមកភ្ញៀវទេសចរដែលចូលមកព្រះរាជាណាចក្រកម្ពុជា គឺត្រូវបំពេញឯកសារដោយសរសេរដៃ ដែលមានឯកសារយ៉ាងតិចចំនួន ៣ ទៅ ៤ ។ ដូច្នេះដើម្បីសម្រួលការផ្តល់សេវាកម្មនេះឱ្យបានស្រួល ក្រសួងមហាផ្ទៃបានរៀបចំកម្មវិធី ឱ្យភ្ញៀវបំពេញតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដែលមានឈ្មោះថា Cambodia e-Arrival តាមរយៈនេះ ការបំពេញម្តង គឺអាចបំពេញជំនួសដល់ទៅ ៤ ដង។ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ បន្តថា បញ្ហានេះ មុនដំបូងគឺយើងមិនទាន់បានគិតគូរពីការសុំទិដ្ឋាការនៅក្នុងនោះទេ ដោយគ្រាន់តែគិតថា ជាការបំពេកញឯកសារចំនួន ៣ ប៉ុណ្ណោះ គឺឯកសារអន្តោប្រវេសន៍ ឯកសារគយ និងឯកសារសុខាភិបាល ប៉ុន្តែក្រោមការឈ្លៀសវៃ និងប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី សម្តេចបានជំរុញបន្ថែមឱ្យប្រើប្រាស់ ទិន្នន័យនេះ ដើម្បីផ្តល់ទិដ្ឋាការជូនភ្ញៀវនៅពេលមកដល់ ឬពីចម្ងាយមកតែម្តង។ ដូច្នេះតាមរយៈការផ្តល់ទិដ្ឋាការតាមប្រព័ន្ធអេឡិច ត្រូចនិចនេះ គឺមានការបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិចផងដែរ ដែលបញ្ហានេះគឺក្រសួងមហាផ្ទៃ ត្រូវការដៃគូពីធនាគារក្នុងការទូទាត់ប្រាក់ ឬប្រមូលប្រាក់កម្រៃដែលជនបរទេសបង់ នេះគឺជាលើកទី២ហើយ ដែលបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយ ធនាគារកាណាឌីយ៉ា ក.អ បន្ទាប់ពីធនាគារអេស៊ីលីដារួចមក៕ អត្ថបទ៖ សុន រ៉ាឌី

គ្រូពេទ្យខេត្តកោះកុង សង្រ្គោះស្រ្តីម្នាក់សម្រាលកូនលើទូកដោយសុវត្ថិភាព

2024/09/04 09:59:23 am        787
កោះកុង៖ ក្រុមគ្រូពេទ្យផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង បាន​ចុះជួយ​សង្គ្រោះ​ស្ត្រីសម្រាលកូននៅលើទូកដោយសុវត្ថិភាព ក្នុងកំឡុងពេលធ្វើដំណើរ​នៅ​លើផ្ទៃ​សមុទ្រ​មក​កាន់​មន្ទីរពេទ្យ។។ស្រ្តីដែល​សម្រាលកូនលើទូក ហើយត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះកាលពីម៉ោង៤ទាបភ្លី ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ មានឈ្មោះ នឿន ស្រីនី អាយុ២៧ឆ្នាំ រស់នៅភូមិកោះស្រឡៅ (នៅលើកោះ) ឃុំកោះកាពិ ស្រុកកោះកុង។លោក​វេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឱ្យដឹងព្រឹកថ្ងៃទី៤ ខែ​កញ្ញានេះថា បន្ទាប់ពីទទួលដំណឹងពីប្រជាពលរដ្ឋថាស្ត្រីខាងលើ បាន​សម្រាល​កូន​នៅ​លើ​ទូក​លើ​ផ្ទៃ​សមុទ្រ លោកបានចាត់ក្រុមគ្រូពេទ្យចុះសង្រ្គោះភ្លាមៗទោះបីមានព្យុះភ្លៀងយ៉ាងណាក៏ដោយ ក្នុង​កំឡុងពេលកំពុងធ្វើដំណើរតាមទូក។បើតាមលោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ស្រ្តីដែលឈឺពោះសម្រាលកូន បានសង្រ្គោះប្រកប​ដោយ​សុវត្ថិភាព​ទាំងម្តាយ និងទារក ដោយទារកនោះជាកូនទី៣ ភេទស្រី ទំងន់៣,២គីឡូក្រាម។ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យបានបញ្ជូនតាមរយៈរថយន្តសង្គ្រោះមកបន្តការថែទាំ ព្យាបាលនៅផ្នែកសម្ភព និង​រោគស្ត្រី នៃមន្ទីពេទ្យបង្អែកខេត្តកោះកុង៕ អត្តបទៈឈឹម មករា

រដ្ឋមន្រ្តីព័ត៌មានកម្ពុជា៖ ការពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់ គួរជាការងារអាទិភាពសម្រាប់តំបន់ទាំងមូលក្នុងបរិបទនៃយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ

2024/09/04 09:41:54 am        110
ថ្លែងនៅក្នុងពិធីបើកសន្និសីទកំពូលសារព័ត៌មានអាស៊ីលើកទី១៩ ដែលរៀបចំឡើងដោយវិទ្យាស្ថានអាស៊ី-ប៉ាស៊ីហ្វិកដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ(AIBD) នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ពីទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្រ្តា ​បានលើកឡើង​ពី​បញ្ហា​ប្រឈម និងផលវិបាកនានាដែលកើតចេញពី​ការផ្សព្វផ្សាយព័ត៌មាន​មិន​ពិត ឬព័ត៌មានក្លែងក្លាយ ​នៅតាមបណ្តាញសង្គម និងបានអំពាវនាវដល់តំណាងបណ្តាប្រទេសសមាជិកដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះចូលរួមសហការគ្នាក្នុងសំឡេងតែមួយ ដើម្បីពង្រឹងសន្តិសុខព័ត៌មានសម្រាប់អ្នកប្រើប្រាស់និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ដែលផ្តួចផ្តើមគំនិតដោយប្រទេសកម្ពុជា និងគ្រោងនឹងចាប់ផ្តើមជាផ្លូវការនៅចុងឆ្នាំ២០២៤នេះ។ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងចំណោមប្រទេសជាសមាជិក AIBD និងបណ្តាប្រទេសនានាដែលបានចូលរួម ក្នុងការពង្រឹងសនិ្តសុខនិងសណ្តាប់ធ្នាប់ព័ត៌មាន ដើម្បីបង្កើនភាពធន់និងការជឿទុកចិត្តរបស់សាធារណជន ដោយគួរចាត់ទុកជាការងារនេះជាការងារអាទិភាព នៅក្នុងបរិបទនៃយុគសម័យឌីជីថលនិងបញ្ញាសិប្បនិម្មិត ជាពិសេសការរីករាលដាលនៃព័ត៌មានក្លែងក្លាយ។ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយទៅដល់តំណាងរដ្ឋាភិបាល អង្គទូត និងអ្នកចូលរួមពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់អឺរ៉ុប ដែលមានវត្តមានក្នុងពិធីបើកនេះ ដោយបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈការបង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងគណៈកម្មការត្រួតពិនិត្យព័ត៌មានក្លែងក្លាយ និងការប្រកាសដាក់ឱ្យអនុវត្តន៍ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ ក្នុងគោលបំណងកំណត់ស្តង់ដារសីលធម៌សម្រាប់អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា ដើម្បីគាំទ្រដល់សេរីភាពសារព័ត៌មាន និងធានានូវគណនេយ្យភាពនិងគុណភាពនៃព័ត៌មានដែលត្រូវបានផ្សព្វផ្សាយ។គួរបញ្ជាក់ថា អំឡុងពេលនៃពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលើកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ" កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលនៅពេលនោះ គំនិតផ្តួចផ្តើមនេះបានទទួលនូវការសាទរ និងមានការបង្ហាញនូវជំហរគាំទ្រជាច្រើនចំពោះកម្ពុជា។

AFC Asian Cup 2027 Saudi Arabia Play off៖ ស្អែកថ្ងៃប្រកួតចូលមកដល់

2024/09/04 09:19:00 am        287
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាស៊ី២០២៧ អារ៉ាប៊ីសាអូឌីត វគ្គជម្រុះ (AFC Asian Cup 2027 Saudi Arabia Play off) ស្អែកថ្ងៃប្រកួតចូលមកដល់ ស្រីលង្កា vs កម្ពុជា ម៉ោង១៥ និង​៤៥នាទី​ម៉ោងនៅស្រីលង្កា (ត្រូវនឹងម៉ោង១៧និង១៥នាទីម៉ោងនៅកម្ពុជា) នៅ​ពហុកីឡដ្ឋាន Racecourse ទីក្រុងកូឡំបូ ប្រទេសស្រីលង្កា។ ប្រវត្តិជួបគ្នា (មិត្តភាពអន្តរជាតិ)-២៨ មីនា ២០០១ ស្រីលង្កា ១-០ កម្ពុជា-៩ តុលា ២០១៦ កម្ពុជា ៤-០ ស្រីលង្កា ប្រាំប្រកួតចុងក្រោយ-ស្រីលង្កា ឈ្នះ១ ស្មើ២ ចាញ់២-កម្ពុជា ឈ្នះ១ ស្មើ០ ចាញ់៤  ចំណាត់ថ្នាក់ពិភលោក (FIFA Ranking )-កម្ពុជា ១៨០-ស្រីលង្កា ២០៥

នាយឧត្តមសេនីយ៍ ដាំ ដារីនី បន្តចុះពិនិត្យវឌ្ឍនភាពការងារសម្ព័ន្ធមេត្រីភាពនៅទីបញ្ជាការដ្ឋានរថក្រោះ រថពាសដែក

2024/09/04 08:23:10 am        181
លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា និងជាប្រធានក្រុមការងារសម្ព័ន្ធមេត្រីភាព នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ភាពដ៍ខ្ពង់ខ្ពស់ ក្នុងពិធីចុះពិនិត្យវឌ្ឍនភាពការងារ សម្ព័ន្ធមេត្រី ភាព រវាងអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិលនៅ ទីបញ្ជាការដ្ឋាន រថក្រោះ រថពាសដែកកងទ័ពជើងគោក។ ថ្លែងនៅក្នុងឱកាសនោះលោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារីនី បានលើកឡើងថា ការងារសម្ព័ន្ធមេត្រីភាពរវាង អង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាព ស៊ីវិល គឺជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី ហើយយន្តការនេះ ត្រូវបានយកចិត្ត ទុកដាក់អនុវត្តបន្ត ដោយរាជរដ្ឋាភិបាល នីតិកាល ទី៧ នៃរដ្ឋសភាដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងគោលដៅរួមចំណែកក្នុងការកសាង និងពង្រឹងខឿនការពារជាតិ និងជីវភាពរបស់កងទ័ព និងក្រុមគ្រូសារកងទ័ពជាដើម។លោកជំទាវបានបន្ត ទៀតថា កិច្ចការសម្ព័ន្ធមេត្រីភាព រវាងអង្គភាពបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោកនៃកងយោធពល ខេមរភូមិន្ទ ជាមួយស្ថាប័ន អង្គភាពស៊ីវិល ក្រោមប្រធានបទ «រួមគ្នា ពង្រឹងខឿនការពារជាតិ» គឺមានគោលបំណង ដើម្បីបន្តការលើកទឹកចិត្ត ដល់ដៃគូសម្ព័ន្ធមេត្រីភាព បន្តជំរុញ ប្រពៃណីសិល្បៈនៃការចែករំលែក ជួយគ្នាទៅវិញទៅមក ការងារសម្ព័ន្ធមេត្រីភាពនេះ បានវិវត្តន៍រីកចម្រើនជាលំដាប់ ហើយមកដល់ពេលនេះ មានស្ថាប័នអង្គភាពរដ្ឋ សហគ្រាស ក្រុមហ៊ុនឯកជនហើយនៅតែបន្តព្រោះវាមានសារៈសំខាន់ឆ្លើយតបទៅនឹងវិធានការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាន ដាក់ចេញក្នុងស្ថានភាពនៃតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ ដោយឈរលើស្មារតីទទួលខុសត្រូវ ចំពោះឧត្តមប្រយោជន៍ និងសាមគ្គីជាតិខ្ពស់ ហើយមួយផ្នែកនៃជំនួយសម្ព័ន្ធមេត្រីភាពបម្រើទស្សនៈ វិស័យយូរអង្វែង ដូចជាការស្ថាបនាសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធនានាជាដើម។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក៏បានរំលឹកដល់កងទ័ពត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងមានប្រសិទ្ធភាពក្នុងការបំពេញតួនាទីភារកិច្ច របស់កងយោធពលខេមរភូមិន្ទ ដោយត្រូវគោរពបទវិន័យ ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះ យោធិន កងយោធពលខេមរភូមិន្ទត្រូវយកចិត្តទុកដាក់គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានថ្លែង សារពិសេសនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ និង អនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីលើកកម្ពស់វិស័យការពារជាតិកាន់តែរឹងមាំ ធានាដល់ការការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ ភាពជាតិ បូរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ទោះនៅ គ្រប់កាលៈ ទេសៈក៏ដោយនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM