សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ផ្ដល់អំណោយជូនជនភៀសសឹកចំនួន ១៥០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ
ប្រមុខការទូតកម្ពុជាធ្វើបទបង្ហាញជូនអង្គទូត ស្តីពីការសម្រេចចិត្តរបស់កម្ពុជា ពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយ ប្រទេសថៃ
កម្ពុជា-ឥណ្ឌាដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមឃ្យូអរកូត ដើម្បីសម្រួលដល់ប្រជាជនឥណ្ឌាមកកម្ពុជា

ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី នឹងរៀបចំពិធីមហោស្រពស្ថាបត្យកម្មកម្ពុជា ដើម្បីបើកទំព័រនៃសហសម័យ នៅខែ១១

2024/09/04 06:31:18 pm        114
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងរៀបចំមហោស្រពស្ថាបត្យកម្មកម្ពុជា នៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ដើម្បីបើកទំព័រនៃសហសម័យកម្ពុជា និងមានស្នាដៃនៃស្ថាបត្យកម្មជាច្រើន នឹងមានដាក់តាំង សម្រាប់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវអន្តរជាតិទស្សនា និងស្វែងយល់បន្ថែមពីរចនាបទរបស់កម្ពុជា ។ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន ដែលមានបំណងជួយឧបត្ថម្ភការរៀបចំពិធីមហោ ស្រពស្ថាបត្យកម្មកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា យើងទាំងអស់គ្នា បាននិងកំពុងតាក់តែងជីវិតក្នុងពេលប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពនយោបាយល្អប្រសើរ ជាពេលវេលាដ៏សមស្រប ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររយៈពេល ៥០០ឆ្នាំមកនេះ ។ ឯកឧត្តម បានបន្តថា រាល់ស្ថាបត្យកម្មអគារនីមួយៗ ត្រូវផ្សារភ្ជាប់ទៅនឹងភាពរស់រវើក ភាពស៊ីវីល័យ និងប្រពៃណីទំនៀមទំលាប់បូកបញ្ចូលគ្នា ដើម្បីឱ្យសមស្របទៅនឹងការវិវត្តន៍ នៃសហសម័យកម្ពុជា ខណៈការចូលរួមរៀបចំពីវិស័យឯកជន នៃពិធីមហោស្រពស្ថាបត្យកម្មកម្ពុជានេះ គឺបានចូលរួមដ៏មានសារៈសំខាន់ ដែលមិនគ្រាន់តែជាការឧបត្ថម្ភពិធីមហោស្រព ឱ្យដំណើរការដោយរលូនប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមដើម្បីឱ្យវិស័យស្ថាបត្យកម្មឆ្ពោះទៅមុខ ក៏ដូចជាជួយជំរុញឱ្យដំណើររបស់កម្ពុជាទទួលបានជោគជ័យ ។ជាមួយ ឯកឧត្តម សាយ សំអាល់ មានបំណងចង់ឃើញថា នាពេលខាងមុខ កម្ពុជាមានអគារដ៏ស្រស់ស្អាតប្រណីតៗ និងជីវិតរស់នៅក្នុងអគារទាំងនោះ ពោរពេញដោយភាពស៊ីវិល័យ និងចង់ឱ្យជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា មានពន្លឺសុភមង្គល មានជីវភាពល្អប្រសើរ រស់នៅដោយភាពសុខក្សេមក្សាន្ត ដូច្នេះការងារនេះ តម្រូវឱ្យយើងទាំងអស់គ្នា ត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ថា តើយើងត្រូវបោះជំហានទៅមុខ ដោយរបៀបណាក្នុងការកសាងសង្គមជាតិឲ្យកាន់តែល្អប្រសើរ ៕ អត្ថបទ បាន សុខរិទ្ធិ

សិក្ខាកាម ៨៤នាក់បានបញ្ចប់វគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន

2024/09/04 05:42:53 pm        84
ភ្នំពេញ ៖ ថ្នាក់ដឹកនាំប្រឆាំងបទល្មើសគ្រឿងញៀន ណែនាំសិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព។នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបំប៉នជំនាញស៊ើបអង្កេតបទល្មើសគ្រឿងញៀន នីតិវិធី និងច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំដល់សិក្ខាកាម ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គបំប៉នជំនាញទៅបម្រើសង្គមជាតិ បម្រើអង្គភាព និងអនុវត្តឱ្យមានប្រសិទ្ធិភាព ជាពិសេសគឺត្រូវស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា មុខវិជ្ជាដែលសិក្ខាកាមបានសិក្សាមកនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងនាមជានគរបាលប្រយុទ្ធប្រឆាំងគ្រឿងញៀន និងនីតិវិធីផ្សេងៗ ដែលមានចែងក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ដែលនគរបាលត្រូវតែគោរព និងអនុវត្តតាមជាដាច់ខាត ។ ឧត្តមសេនីយ៍ឯក បន្ថែមថា មេរៀនដែលបានសិក្សារួចមកហើយនេះ គឺជាប្រភេទមេរៀន ដែលត្រូវចំណាយពេលជាច្រើនថ្ងៃ ដើម្បីធ្វើការលម្អិតឱ្យបានច្បាស់លាស់ ប៉ុន្តែដោយសារសិក្ខាកាមទាំងអស់ សុទ្ធតែជាមន្ត្រីអនុវត្តច្បាប់ ទើបបង្រួមវគ្គបណ្ដុះបណ្ដាលនេះ មកត្រឹម រយៈពេល ០៥ថ្ងៃ ដើម្បីទុកពេលឱ្យសិក្ខាកាមដកស្រង់បទពិសោធន៍ពីការងារប្រចាំថ្ងៃរបស់ខ្លួនបន្ថែមទៀត។ ដូច្នេះសិក្ខាកាម ត្រូវធ្វើការស្វ័យសិក្សា និងដកស្រង់បទពិសោធន៍ពីករណីជាក់ស្តែង ដែលខ្លួនបានជួប ឬដកស្រង់បទពិសោធន៍បន្ថែម ជាមួយថ្នាក់ដឹកនាំ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានជ្រួតជ្រាបយល់កាន់តែស៊ីជម្រៅបន្ថែមទៀត។ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ ក៏បានថ្លែងអំណរគុណដល់គ្រូបង្គោល ក៏ដូចជាក្រុមការងាររៀបចំវគ្គបណ្ដុះបណ្ដាល និងធ្វើការសម្របសម្រួលរហូតដល់វគ្គបណ្ដុះបណ្ដាលនេះបញ្ចប់ទៅដោយរលូន និងជោគជ័យ។សូមជម្រាបថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមមកពីចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសរុបចំនួន ៨៤នាក់ និងបានធ្វើឡើងកាលពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤៕  ដោយ ៖ តារាវុទ្ធី

CSX សហការជាមួយក្រុមហ៊ុនក្នុងស្រុកដើម្បីលើកកម្ពស់ការយល់ដឹងវិស័យផ្សារហ៊ុន

2024/09/04 04:30:37 pm        965
ផ្សារមូលបត្រកម្ពុជា (CSX) និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការរៀបចំកម្មវិធី "វេទិកា​ក្រុមហ៊ុនចុះបញ្ជី" ដើម្បីផ្សព្វផ្សាយអំពីសក្តានុពលវិស័យផ្សារហ៊ុននៅកម្ពុជា ក៏ដូចជា បង្ហាញ​នូវវឌ្ឍនភាពរបស់ធនាគារ អេស៊ីលីដា ដើម្បីឱ្យវិនិយោគិន បានស្វែងយល់​ពី​កាលា​នុវត្តភាព​របស់​ធនាគារនាពេលបច្ចុប្បន្ន និងអនាគត។ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា នៅ​ក្នុង​ពិធី​បើកវេទិកា នាព្រឹកថ្ងៃទី៤ កញ្ញា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍ថា វេទិកា​ក្រុមហ៊ុន​ចុះ​បញ្ជី ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពង្រឹង និងពង្រីក​ទំនុក​ចិត្ត និង​សមត្ថភាព​វិភាគ​ទៅ​កាន់​វិនិយោគិន និងវិនិយោគសក្តានុពលវិស័យផ្សារហ៊ុន មុននឹងសម្រេច​ចិត្ត​វិនិយោគ​ប្រកប​ដោយ​ទំនុកចិត្ត។ ឯកឧត្តម បានបន្តថា ការរៀបចំកម្មវិធីបែបនេះ នឹងធ្វើឲ្យ​វិនិយោគិន​អាច​សម្រេច​ចិត្ត​បានកាន់តែល្អប្រសើរក្នុងការវិនិយោគ ពិសេសពាក់ព័ន្ធនឹងវិនិយោគរយៈពេលវែង។ឯកឧត្តមប្រតិភូ បានគូសបញ្ជាក់ថា ទីផ្សារមូលបត្រមួយអាចដំណើរការទៅបានល្អ តម្រូវ​ឲ្យ​មាន​ទាំង​ក្រុម​ហ៊ុនចុះបញ្ជីល្អៗ និងវិនិយោគប្រកបដោយចំណេះដឹង និងព័ត៌មាន។ ជាក់ស្តែង ដូច​ក្នុង​ពេល​នេះ ផ្សារមូលបត្រកម្ពុជាកំពុងតែបន្ថែមចំណេះដឹង និងព័ត៌មានល្អៗ​ជូន​វិនិយោគិន​ដើម្បី​ឲ្យ​វិនិយោគិន​កាន់​តែមានទំនុកចិត្ត និងអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង។លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា គិត​មក​ដល់​ពេលនេះ អេស៊ីលីដា បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងចុះបញ្ជី​ភាគ​ហ៊ុន​នៅ​ផ្សារ​មូល​បត្រ​កម្ពុជា មានរយៈពេល ៤ឆ្នាំហើយ ដែលមានការចូលរួមពីវិនិយោគិនសរុបចំនួនជាង ២,០០០នាក់ ដោយកាន់កាប់ភាគហ៊ុនចំនួនជាង ៤,៣លានភាគហ៊ុន នៃភាគ​ហ៊ុន​សរុប​របស់​ធនាគារ អេស៊ីលីដា។ លោកបន្ថែមថា ក្នុងនាមជាក្រុមហ៊ុនបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ធនាគារ អេស៊ីលីដា នៅតែប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុត ក្នុងការប្រតិបត្តិអភិបាលកិច្ចសាជីវកម្ម និង​ការ​រក្សាតម្លាភាព ដើម្បីធានាថាភាគីពាក់ព័ន្ធទាំងអស់នឹងទទួលបានព័ត៌មានធនាគារ និង​អត្ថ​ប្រយោជន៍​ផ្សេង​ៗ ដូចៗគ្នាប្រកបដោយប្រសិទ្ធភាព ដូចជា ការជូនដំណឹងអំពី ផែនការ​យុទ្ធសាស្ត្រ របាយការណ៍ហិរញ្ញវត្ថុ ភាគលាភ និងគំនិតផ្តួចផ្តើមសំខាន់ៗ របស់ធនាគារ។គិត​ត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ វិនិយោគិន របស់ធនាគារ អេស៊ីលីដា កើនឡើងចំនួនជាង ១ម៉ឺន ៨ពាន់នាក់ ស្មើនឹង ជាង៣៥% នៃចំនួនវិនិយោគិនសរុបនៅផ្សារមូលបត្រកម្ពុជា ខណៈ​ភាគ​ហ៊ុន​ដែលកំពុងជួញដូរនៅលើទីផ្សារមូលបត្រកម្ពុជា មានចំនួន ៧៦លានភាគហ៊ុន នៃភាគ​ហ៊ុន​សរុប​របស់ធនាគារ អេស៊ីលីដា ចំនួន ៤០០លានភាគហ៊ុន។ ដោយឡែក គិតត្រឹមត្រី​មាស​ទី​២ ឆ្នាំ២០២៤ ទំហំមូលធនូបនីយកម្មទីផ្សារសរុបមានតម្លៃប្រហែល ១១,២២ ប៊ីលានរៀល ស្មើ​នឹង​ប្រមាណ ២.៧៣ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ៨,៧៥% ធៀបនឹងផលិត​ផល​ក្នុង​ស្រុក​សរុ​ប​៕ អត្ថបទ ឈិត បូរ៉ាវី

អ្នកជំនាញអាជ្ញាធរជាតិអប្សរាកំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

2024/09/04 04:16:07 pm        694
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន ដែលកំពុងរងការខូចខាតរចនាសម្ពន្ធមួយចំនួនឱ្យបានរឹងមាំឡើងវិញ។ប្រាសាទអូរផ្អុងនេះ បានកសាងឡើងពីឥដ្ឋ បច្ចុប្បន្ន មានស្នាមប្រេះហែកកាន់តែធំធ្វើឱ្យដុំឥដ្ឋជាច្រើនប្រឈមនឹងការជ្រុះធ្លាក់ ហើយជញ្ជាំងឥដ្ឋផ្នែកខ្លះក៏កំពុងជ្រុះធ្លាក់ដែលឈានទៅរកបាត់ទម្រង់ដើមនៃប្រាសាទ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ ឱ្យដឹងថា ក្រុមការងារកំពុងរៀបចំជួសជុលប្រាសាទអូរផ្អុងនេះ ជាច្រើនផ្នែក ដូចជា ពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងឥដ្ឋលើស៊ុមទ្វារ ជើងជញ្ជាំងដែលពុកផុយទាំងបួនជ្រុង ដំបូលរបស់រួតទី៣ ជួសជុលស្នាមប្រេះ លុបថ្នក់ទឹក ព្រមទាំងទល់ទ្រប្រាង្គ និងសម្អាតដោយដកកូនរុក្ខជាតិដែលដុះលើជញ្ជាំងប្រាសាទផង។លោក ពុទ្ធ សុទ្ធ បន្តទៀតថា ប្រាសាទនេះ រងការខូចខាតខ្លាំងដោយកត្តាទឹកភ្លៀង និងរុក្ខជាតិ ដែលដុះចាក់ឬសធ្វើឱ្យគ្រឹះស្រុត បណ្តាលឱ្យមានស្នាមប្រេះតូចធំជាច្រើនកន្លែង។បញ្ហាសំណើមក៏ធ្វើឱ្យខឿនរបស់ប្រាសាទពុកផុយ។ កាលពីឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរា ធ្លាប់បានធ្វើការជួសជុលប្រាសាទអូរផ្អុងម្ដងមកហើយ ដោយការជួសជុលកាលណោះ គឺពង្រឹងផ្នែកខាងក្រៅនៃជញ្ជាំងទាំង៤ជ្រុង និងជួសជុលរួតទី១និងទី២។ប្រាសាទអូរផ្អុង គឺជាក្រុមប្រាសាទមួយ ក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជា ប្រាសាទដំរីក្រាប ប្រាសាទរោងចិនអ្នកតា និងប្រាសាទខ្ទីងស្លាប់។ល។ ប្រាសាទនេះ បានកសាងឡើងនៅលើទីខ្ពស់ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ អំឡុងសតវត្សរ៍ទី៨នៃគ្រីស្ដសករាជ៕

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពីសណ្តាប់ធ្នាប់​ពិភពលោក និងតួនាទីមហាអំណាច ដើម្បីសន្តិភាពសកល

2024/09/04 04:12:28 pm        806
វេទិកានេះ ធ្វើឡើងដើម្បីពិនិត្យសណ្តាប់ធ្នាប់ពិភពលោកក្នុងបរិបទនៃការប្រកួតប្រជែង រវាង ប្រទេស​មហាអំណាច ភាពតានតឹងនៅអឺរ៉ុប មជ្ឈិមបូព៌ា និងកន្លែងផ្សេងទៀត។ លើសពីនេះ ដើម្បី​​លើក​កម្ពស់ការយល់ដឹងជាសាធារណៈអំពីតួនាទីរបស់មហាអំណាច និងការ​អនុវត្ត​រប​ស់​ពួក​គេ​សម្រាប់​សន្តិភាព និងសន្តិសុខពិភពលោក និងលើកកម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ស្តីពី​សារសំខាន់​នៃ​សន្តិភាពផងដែរ ពិសេស យល់ដឹងពីសារសំខាន់​នៃ​ការបត់បែន​របស់​ប្រទេស​នីមួយៗ​ជាដើម។ វេទិកានេះ ត្រូវបានរៀបចំឡើងដោយមាន ៣វគ្គធំៗ៖ ទី១ និយាយពីសណ្តាប់ធ្នាប់ពិភពលោកថ្មី ការ​ប្រកួតប្រជែងរវាងមហាអំណាច។ ទី២ និយាយពីភាពតានតឹងនៅអឺរ៉ុប និងមជ្ឈិមបូព៌ា និង​វគ្គទី៣ តួនាទីរបស់មហាអំណាចក្នុងការលើកកម្ពស់សុខដុមភាពពិភពលោក។ ក្នុង​​វេទិកានេះ មានការចូលរួមពីវាគ្មិនជំនាញៗជជែកពីបញ្ហានានាតាមវគ្គនីមួយៗផងដែរ៕

វត្តមានសត្វត្មាតបានបំបែកកំណត់ត្រាថ្មីនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង

2024/09/04 03:13:43 pm        999
USAID បានជូនដំណឹងដ៏រំភើបរីករាយមួយ អំពីការកត់ត្រាឃើញចំនួនសត្វត្មាតដល់ទៅ១២៧ ក្បាល​នៅ «ភោជនីយដ្ឋានត្មាត» ក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង ជាចំនួន​ច្រើន​បំផុត​ដែល​ត្រូវ​បាន​កត់ត្រាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ។ ចំនួនដែល​បា​ន​កត់​ត្រា​ឃើញ​នៅ​សៀមប៉ាង​នេះ គឺស្ទើរតែស្មើគ្នា នឹងចំនួនសត្វត្មាតសរុបនៅទូទាំងប្រទេសកម្ពុជា ដែល​ក្រុម​ការងារ​សត្វ​ត្មាត​កម្ពុជា​បាន​បូកសរុបឃើញ មានចំនួនត្រឹមតែប្រហែល១៣០ក្បាលប៉ុណ្ណោះ កាលពីខែមិថុនា ឆ្នាំ​២០២៣ នៅទូទាំងប្រទេស ។ប្រទេសកម្ពុជា ជាជម្រករបស់សត្វត្មាតបីប្រភេទ គឺ៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដែលសត្វ ត្មាត​ទាំងនេះ ត្រូវបានចុះ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​បំផុត​នៅ​ក្នុង​បញ្ជី​ក្រហម​អង្គការ​សហភាព​អន្ត​រ​ជាតិ​ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ។ សត្វត្មាត គឺជាសត្វដែលស៊ីសាកសពសត្វដទៃជាចំណី ហើយ​វាដើរតួ នាទីជាអ្នកសម្អាតភាពកខ្វក់ទាំងនោះចេញពីធម្មជាតិ ដោយការ​ស៊ី​សាច់​សត្វ​ដែល​ងាប់​ និងជួយរក្សាតុល្យ ភាពនៅក្នុងបរិស្ថាន ។ទោះ​ជាយ៉ាងណាក៏ដោយ ចំនួនរបស់ពួកវា បានធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្នុងរយៈ ពេល​ប៉ុន្មានទសវត្សចុងក្រោយនេះ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយសារ​មូល​ហេតុ​ចម្បង​ពីរ គឺ កង្វះអាហារ និងការងាប់​បណ្តាល​មក​ពីការ​ស៊ីសាក​សព​សត្វ​ពុល​ដែល​បង្ក​ដោយ​មនុស្ស។ បច្ចុប្បន្ននេះ សត្វត្មាតនៅកម្ពុជា កំពុង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ផុតពូជ​ពី​ក្នុង​ព្រៃ។ដើម្បី​​ជួយទប់ស្កាត់ការផុតពូជរបស់សត្វត្មាតគម្រោង USAID មរតកបៃតង សហការជាមួយដៃគូ នានា បានបង្កើតគម្រោង «ភោជនីយដ្ឋានត្មាត» ដើម្បីផ្តល់​អាហារ​ដែល​មាន​សុវត្ថិភាព​ជា​រៀង​រាល់​សប្តាហ៍ ដល់សត្វត្មាត ដើម្បីរក្សាសត្វត្មាតឱ្យនៅក្នុងតំបន់ការពារ និងជៀសវាង​ការ​ស្វែង​រក​អាហារ​ដែល​មិនមាន សុវត្ថិភាពនៅក្រៅតំបន់ ។USAID បាន​បញ្ជាក់ថា ឧបករណ៍តាមដាន (GPS-GSM tagging) ត្រូវបានបំពាក់ទៅលើសត្វ ត្មាត ដើម្បីតាមដានការផ្លាស់ទីរបស់ពួកវា និងយល់កាន់​តែ​ច្បាស់​អំពី​ឥរិយាបថ​នៃ​សត្វស្លាប​ជិត​ផុត​ពូជទាំងនេះ រួមទាំងធ្វើការស្វែងរក និងតាមដានសម្បុកសត្វត្មាត ដើម្បីធានា​សុវត្ថិភាព​នៃ​ការ​បន្ត​ពូជ​របស់ពួក វាផងដែរ ។ រួមគ្នាការពារ ប្រភេទសត្វកម្រដែលជិតផុតពូជទាំងនេះ សម្រាប់​អនាគត​ប្រកប​ដោយនិរន្តរភាពរបស់កម្ពុជា៕

សាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យការពារជាតិចុះMOU លើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក

2024/09/04 02:21:41 pm        291
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាកលវិទ្យាល័យការពារជាតិ នៃក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញានេះ បានចុះហត្ថលេខាលើ​អនុស្សរណៈនៃ​ការយោគយល់គ្នា ដែលមានការអញ្ជើញជាគណៈអធិបតីពីឯកឧត្តម នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ពិធីចុះអនុស្សារណៈនេះ រៀបចំឡើងនៅសាលាភូមិន្ទរដ្ឋបាល ស្ថិតនៅរាជធានីភ្នំពេញ។ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានាថ្ងៃនេះ​ បានឆ្លុះបញ្ចាំងឱ្យឃើញថា សាកលវិទ្យាល័យ​ការពារជាតិ នឹងក្លាយជាដៃគូរយុទ្ធសាស្ត្រដ៏សំខាន់មួយទៀត​របស់សាលាភូមិន្ទរដ្ឋបាល ក្នុងការ​ចូលរួម​រៀបចំឥរិយាបថ ​របស់ពលទាហ៊ាន​ ឱ្យបានសមជាមន្ត្រីដែលបម្រើជាតិ និងប្រជាជន ដែល​អាច​ឆ្លើយតបទាន់ពេលវេលា ​និងតម្រូវការពិតប្រាកដរបស់ក្រសួង និងស្របតាមគោលនយោបាយ និងកម្មវិធី​កែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាល​ ស្របតាមការតម្រង់ទិស នៃផែនការយុទ្ធសាស្ត្រ​បញ្ចាកោណ ដំណាក់ការទី១ ដែលដាក់ចេញដោយសម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយឯក បណ្ឌិត ដោក សុផា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ មាន​ប្រសាសន៍ដែរថា ពិធីចុះអនុស្សារណៈនាពេលនេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ គឺ​ការផ្តោត​លើការបង្កើតកិច្ចសហប្រតិបត្តិការ ​និងការលើកកម្ពស់ការគាំទ្រគ្នាទៅវិញទៅមក ដែល​ពាក់ព័ន្ធ​នឹងការអភិវឌ្ឍ​សមត្ថភាពយោធិននៃកងយោធពលខេមរភូមិន្ទលើកការអប់រំ​បណ្តុះបណ្តាល ការស្រាវជ្រាវ និងគម្រោងកម្មវិធីផ្សេងៗ ដោយផ្តោតលើគោលការណ៍ពិគ្រោះយោបល់ ឯកភាព សមភាព យុត្តិធម៌ និងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក។បន្ទាប់ពីចុះអនុស្សារណៈយោគយល់គ្នារវាងសាលាភូមិន្ទរដ្ឋបាល ​និងសាកលវិទ្យាល័យការពារជាតិ នាយ​ទាហានជានិស្សិត និងសិក្ខាមមកពីសាលកវិទ្យាល័យការពារជាតិចំនួន៩០រូប នឹងចូលសិក្សា​វគ្គរដ្ឋបាលទូទៅរយៈពេល៤សប្តាហ៍ដែលចាប់ផ្តើមបើកពីថ្ងៃនេះតទៅ៕ អត្ថបទ៖ទូច សោភ័ណ 

ឯកឧត្តម ឌិត ទីណា៖ កម្ពុជាស្វាគមន៍វិស័យឯកជនដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ

2024/09/04 02:12:16 pm        230
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជា​ស្វាគមន៍​វិស័យឯកជន ដែលមានបំណងវិនិយោគលើវិស័យស្រូវអង្ករ ហើយកម្ពុជា​មានកសិផល​ដែលមានគុណភាពល្អប្រណិត ​សម្រាប់ផ្គត់ផ្គង់ដល់ការនាំចេញផងដែរ។ក្នុងជំនួបសម្តែងការគួរសមជាមួយ ​លោកកជំទាវ Flerida Ann P.Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅកម្ពុជា ​កាលពីរសៀលថ្ងៃទី៣ កញ្ញា ឆ្នាំ២០២៤ ​ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការសាទរ និងស្វាគមន៍ឯកអគ្គរដ្ឋទូតថ្មីក្នុង​ការ​មកបន្ត​ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ​និងជំរុញការវិនិយោគលើវិស័យស្រូវអង្ករ និងម្រេចទៅប្រទេសហ្វីលីពីន។ ឯកឧត្តម បានណែនាំឱ្យភាគីហ្វីលីពីន សហការធ្វើការជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមាន​បទពិសោធក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវអង្ករទៅក្រៅប្រទេស ព្រមទាំង​សិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំង​ពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ។ទន្ទឹមនឹងនេះ ភាគីហ្វីលីពីន ក៏បានលើកឡើងពីសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) រវាងប្រទេសទាំងពីរ ហ្វីលីពីន និងកម្ពុជា ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិវិនិយោគលើវិស័យ​កសិកម្ម ​និងកសិពាណិជ្ជកម្មនៅកម្ពុជាផងដែរ។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ចំពោះសំណើបន្តពង្រឹងអនុស្សារណៈយោគយល់ (MoU) ដោយត្រូវផ្តោតលើអ្វីដែលប្រទេសទាំងពីរអាចធ្វើបានជាមួយគ្នា ជាពិសេសជំរុញការធ្វើកសិពាណិជ្ជកម្មឱ្យចេញជារូបរាងពិតប្រាកដ ដែលមានភាពបុរេសកម្ម និងមានប្រសិទ្ធភាព៕អត្ថបទ ឈិត បូរ៉ាវី 

ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញ និងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ

2024/09/04 02:05:14 pm        188
រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូ​អម​នាយករដ្ឋ​មន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវា​គ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់​យុវជន​ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុ​វិស័យ​កម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវ     បណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។សូមបញ្ជាក់ថា បាឋកថានេះក៏មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ និងដោយមាន ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ ជាគណៈអធិបតី ព្រមទាំងមានការនិមន្ត និងអញ្ជើញចូលរួមពី សាស្ត្រាចារ្យ សមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ប្រមាណ ២៥០អង្គ/នាក់៕ 

បញ្ញវន្តអំពាវនាវដល់ពលរដ្ឋកុំជឿជនអគិតបំភ្លៃការពិតពាក់ព័ន្ធផែនទីព្រំដែនលើ Google Maps

2024/09/04 01:57:53 pm        235
បន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុងបំភ្លៃខុសការពិត ដោយយក Google Maps ធ្វើ​ជាផែនទីព្រំដែននៃប្រទេសកម្ពុជានោះ បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា បានអំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំជឿ​តាមការបំផុសបំផុលរបស់ក្រុមជ្រុលនិយមទាំងអស់នេះ។មានប្រសាសន៍​ប្រាប់BTV នៅថ្ងៃទី០៤ ខែកញ្ញានេះ បញ្ញវន្តរស់នៅក្នុងរាជធានីភ្នំពេញ បាន​យល់​ឃើញ​ថា ការយក Google Maps របស់ក្រុមជ្រុលនិយមមួយក្តាប់តូចរស់នៅបរទេស មក​វាស់​វែង​ធ្វើ​ជា​ព្រំដែននៃប្រទេសកម្ពុជានោះ គឺមិនសមទំនងទាល់តែសោះ ទាំងបច្ចេកទេស និងផ្លូវច្បាប់ ព្រោះ​ថាប្រទេសកម្ពុជាមានលេខាធិការដ្ឋានកិច្ចការព្រំដែនមួយ ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​បាន និងម្យ៉ាងវិញទៀត​ប្រទេសកម្ពុជា​បាន​កំណត់​យក​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​សម្រា​ប់ប្រើប្រាស់ផែនទីកំណត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាង។ បន្ថែម​លើនេះ បញ្ញវន្តក៏​បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ជឿតាម​ការ​បំផុស​បំផុល​របស់​ក្រុម​ជ្រុល​និយម​ទាំង​អស់​នេះ ដែលនាំឱ្យពលរដ្ឋខ្មែរបែកបាក់សាមគ្គីភាព ។តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា នាពេលថ្មីៗនេះ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានប្រសាសន៍ថា ប្រទេកម្ពុជា មិន​ឱ្យ​មាន​ការ​បាត់​បង់​ទឹ​កដីសូម្បី១មីលីម៉ែត្រឡើយ ហើយក៏មិនចង់បានដីនរណាសូម្បី១មីលីម៉ែត្រដូចគ្នា។ ការ​បញ្ជាក់​យ៉ាង​ដូច្នេះ ធ្វើឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយក្តាប់តូច បាននិងកំពុង​បំភ្លៃ​ខុស​ពី​ការ​ពិត ដោយយក Google Maps ធ្វើជាផែនទីព្រំដែននៃប្រទេសកម្ពុជា។នៅ​ក្នុង​កិច្ចសម្ភាស ឯកឧត្តមបានបញ្ជាក់ថា នរណាក៏មានគំនិតស្នេហាជាតិ ស្រលាញ់​ទឹកដី​ដូច​គ្នា តែកុំជឿបុគ្គលដូច សម រង្ស៉ី ដែលមានគំនិតទុច្ចរិត តែងតែបង្កចលាចល ឱ្យមាន​ភាព​វឹក​វររហូត​មក​។សម្រាប់កិច្ច​ការងារបោះបង្គោលព្រំដែន បានចំណាយពេលរាប់ឆ្នាំ នៅក្នុងការចរចា កំណត់​និយាម​ការ ជជែកគ្នា ទាំងនៅលើផែនទី និងនៅលើដីជាក់ស្តែង ហើយមានចំណុចនិយាមការ ជាង ៣០០០ រវាងកម្ពុជា និងវៀតណាម នៅលើខ្សែព្រំដែន ប្រមាណ ១២៧០គីឡូម៉ែត្រនេះ។ ក្នុងចំណោមប្រវែងនេះ ភាគីទាំងពីរបោះបង្គោលសម្រេចបាន ៨៤ភាគរយ ទាំង​ខ្សែ​ឯកភាព​គ្នា​នៅ​លើ​ព្រំដែន និងទាំងការបោះបង្គោល ហើយបានបោះបង្គោលចំនួន ២០៤៧បង្គោល ចែក​ចេញ​ជា​៣​ប្រភេទសំខាន់ គឺបង្គោលមេ, បង្គោលបំពេញបំពេញបន្ថែម និង​បង្គោល​តម្រុ​យ​ព្រំដែន​។គួរបញ្ជាក់ដែរថា ការងារបោះបង្គោលព្រំដែន គឺផ្អែកលើគោលការណ៍ធំចំនួន៣ ដែលក្នុង​នោះ​រួមមាន​៖ទី១.ផ្អែកទៅលើផែនទីដែលបន្សល់ទុកពីអាណានិគមនិយមបារាំង ដែលជា​ផែន​ទី​គោល​យក​ជាមូលដ្ឋាន គឺជាផែនទីដែលត្រូវកំណត់ថា មរតកខ្សែព្រំដែនមិនកែប្រែ ទី២៖ផ្អែក​ទៅ​លើ​គោលការណ៍​ច្បាប់អនុ្តរជាតិនិងឧត្តមមានុវត្តន៍អន្តរជាតិ និងទី៣.ផ្អែកទៅលើ​ការ​កាន់​កាប់រស់​នៅ​ជា​ច្រើន​ជំនាន់​របស់ប្រជាពលរដ្ឋ៕ អត្ថបទ៖ សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM