ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

រដ្ឋសភាកម្ពុជា-បារាំង បន្តពង្រឹងចំណងមិត្តភាពឆ្ពោះទៅរក «ភាពជាដៃគូយុទ្ធសាស្ត្រ» ក្នុង​ឆ្នាំ​២០២៦

2026/02/24 04:27:00 pm        220
វិមានរដ្ឋសភា៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុ​ប្រធាន​ទី១ រដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-បារាំង បានទទួល​ជួប​ពិភាក្សា​ការងារ​ជា​មួយ​គណៈប្រតិភូរដ្ឋសភាបារាំង ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធាន​ក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​សភា​ឱ្យ​កាន់​តែជិតស្និទ្ធ និងស៊ីជម្រៅ។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី ជាពិសេស​លទ្ធផល​នៃ​ជំនួប​វាង​គណៈ​ប្រតិភូជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា។ ជំនួ​ប​នេះ​ឆ្លុះបញ្ចាំងពីឆន្ទៈមោះមុតក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការ​ជឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​។ឆ្នាំ២០២៦ ត្រូវបានចាត់ទុកជាឆ្នាំដ៏វិសេសវិសាលសម្រាប់ទំនាក់ទំនងកម្ពុជា-បារាំង ខណៈ​កម្ពុជា​ត្រៀម​លក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង និងការទទួលធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជ​ធានី​ភ្នំពេញ​។ ព្រឹត្តិការណ៍ទាំងនេះនឹងក្លាយជាកាតាលីកររុញច្រានទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិត “ភាព​ជា​ដៃគូយុទ្ធសាស្ត្រ”។ឯកឧត្តម​កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ពីគោលនយោបាយ “រក្សាមិត្តចាស់ ពង្រីកមិត្តថ្មី” ដោយ​មិន​យក​ប្រទេសណាជាសត្រូវ និងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ។ ក្រុមមិត្តភា​ព​សភា​នឹង​ដើរ​តួជា ​“ស្ពាន” តភ្ជាប់កិច្ចសហប្រតិបត្តិការដោយយកប្រជាពលរដ្ឋជាស្នូល។ដោយសា​រ​ប្រទេសកម្ពុជា ធ្លាប់ឆ្លងកាត់សង្គ្រាមស៊ីវិលដ៏ជូរចត់នាពេលកន្លងមក ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងពីគុណតម្លៃនៃសន្តិភាព និងជំហរ​ដោះ​ស្រាយ​ជម្លោះតាមរយៈផ្លូវច្បាប់អន្តរជាតិ ពិសេសជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយ​កម្ពុជា​ស្នើ​សុំការគាំទ្រផ្នែកបច្ចេកទេសពីប្រទេសបារាំង។ កម្ពុជាយល់ច្បាស់ពីតម្លៃសន្តិភាព “ថ្នាក់ដឹកនាំកម្ពុជាគ្រប់ជាន់ថ្នាក់ និងប្រជាជនកម្ពុជាទាំងមូល មិនចង់ឃើញពលរដ្ឋខ្លួន ឬជាតិសាសន៍ដទៃជួបទុក្ខលំបាកដោយសារសង្គ្រាមទៀតនោះឡើយ។”ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះតួនាទីបារាំងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN ដែលតែងតែគាំទ្រពហុភាគីនិយម និងច្បាប់អន្តរជាតិ។ កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបារាំងដែលយល់ព្រមផ្តល់ឯកសារ និងបច្ចេកទេសពាក់ព័ន្ធព្រំដែនអន្តរជាតិ (សន្ធិសញ្ញាឆ្នាំ ១៩០៤-១៩០៧) ដើម្បីជួយកម្ពុជាដោះស្រាយជម្លោះដោយសន្តិវិធី។រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ពង្រឹងកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ច និងទេសចរណ៍ ជាមួយនឹងក្តីរំពឹងខ្ពស់ចំពោះការបង្កើត “ជើងហោះហើរត្រង់កម្ពុជា-បារាំង” ក្នុងពេលឆាប់ៗ ដើម្បីជំរុញទេសចរណ៍ និងវិនិយោគ។ក្នុងវិស័យការទូតសភា រដ្ឋសភាកម្ពុជាបានស្នើដល់ភាគីបារាំង ជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ចាប់ពីប្រធានសភា គណៈកម្មការជំនាញ រហូតដល់មន្ត្រីលេខាធិការដ្ឋាន ដើម្បីដោះដូរបទពិសោធន៍។ ជាមួយគ្នានេះក៏ស្នើសុំឱ្យបារាំងបន្តបង្កើនអាហារូបករណ៍ដល់និស្សិតកម្ពុជា និងវគ្គបណ្តុះបណ្តាលភាសាបារាំងរយៈពេលខ្លីដល់មន្ត្រីរដ្ឋសភាផងដែរ។ឯកឧត្តម តូម៉ាស ឡាំ (Thomas LAM) ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណសភាកម្ពុជាចំពោះការស្វាគមន៍ដ៏កក់ក្ដៅ និងថា ចំណងទាក់ទងរវាងប្រទេសទាំងពីរបារាំងកម្ពុជាមានតាំងពីយូរណាស់មកហើយ ពិសេសលើផ្នែកវប្បធម៌។ ឯកឧត្តម បានបន្តថា បារាំង ត្រៀមខ្លួនជួយកម្ពុជាលើវិស័យផ្សេងៗទៀត ក្នុងនោះមានដូចជា វិស័យអប់រំ ដោយបារាំងត្រៀមជួយក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកភាសាបារាំង ដល់កម្ពុជា។ ចំណែកកិច្ចសហការវិស័យសេដ្ឋកិច្ច គឺបារាំងអាចរួមចំណែកជួយផ្ដល់ការចែករំលែកបទពិសោធន៍ និងភស្តុភារកម្ម ជាមួយនឹងក្ដីសង្ឃឹមថា បារាំងនឹងអាចពង្រីកធុរកិច្ចរបស់ខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក តាមរយៈប្រទេសកម្ពុជា។បារាំងបានចាត់ទុកឆ្នាំ២០២៦ ជាចំណុចរបត់ប្រវត្តិសាស្ត្រនៃទំនាក់ទំនងទ្វេភាគី បារាំង កម្ពុជា គឺកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ។ បារាំងនឹងផ្តល់ជំនួយបច្ចេកទេសពេញទំហឹងដល់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នេះ។ ជាមួយគ្នានេះ ប្រធានាធិបតិបារាំង គឺឯកឧត្តម អេម៉ានុអ៊ែល ម៉ាក្រុង ក៏នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណចក្រកម្ពុជាផងដែរនាអំឡុងពេលនោះ ដែលនឹងធ្វើឱ្យចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលជាការឆ្លើយតបទៅនឹងក្តីកង្វល់របស់កម្ពុជា ឯកឧត្តម តូម៉ាស ឡាំ បានសង្កត់ធ្ងន់ថា បារាំងផ្តល់តម្លៃខ្ពស់លើដំណោះស្រាយតាមផ្លូវការទូត និងសន្តិវិធី។ បារាំងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ ឯកសារផែនទី និងជំនួយបច្ចេកទេស ចាំបាច់នានា ដើម្បីជួយកម្ពុជាដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង។ភាគីបារាំងក៏បានបង្ហាញឆន្ទៈក្នុងការចែករំលែកចំណេះដឹងផ្នែកបច្ចេកវិទ្យាទៅកាន់សភាកម្ពុជា តាមរយៈការគាំទ្រ ក្នុងការជួយជ្រោមជ្រែងរដ្ឋសភាកម្ពុជាឱ្យក្លាយជា “សភាឌីជីថល” ដោយអគ្គលេខាធិការដ្ឋានសភាបារាំងនឹងផ្តល់ជំនួយបច្ចេកទេស និងបទពិសោធន៍ដែលខ្លួនមានលើវិស័យនេះ៕

មួយឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម ជំរុញការងារចុះបញ្ជី SMEs សម្រេចបានជិត ១.២៦២ មូលដ្ឋាន

2026/02/24 04:17:42 pm        202
ក្រសួងឧស្សាហកម្ម នៅឆ្នាំ២០២៥, ជំរុញការងារចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម ​មានចំនួនសរុប ១.២៦២ មូលដ្ឋាន បច្ចុប្បន្នបាន​កំពុងបន្ត​លើកក​ម្ពស់​ម្ចាស់​សហគ្រាស​កែច្នៃ​ផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើម ក្នុងស្រុក ដើម្បីជំរុញឱ្យ វិស័យនេះ​មាន​ភាព​ប្រកួត​ប្រជែង​កាន់តែខ្លាំង។តាមរបាយការណ៍លទ្ធផលឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងឧស្សាហកម្ម វិទ្យា​សាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា ជុំវិញកា​រ​អភិវឌ្ឍ​វិស័យ​សហ​គ្រាស​ធុន​តូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ក្រសួង អនុវត្តលើការងារចុះបញ្ជី​សហ​គ្រាស​ធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបបានចំនួន ១.២៦២ មូលដ្ឋាន ចេញ​វិញ្ញាបន បត្រដំណើរការ បានចំនួន ១.១៤៨ មូលដ្ឋាន និងវិញ្ញាបនបត្របន្តចំនួន ១.៣៦៧ មូលដ្ឋាន បង្កើតបានការងារថ្មីចំនួន ២៣ ពាន់នាក់ ក្នុងនោះសហគ្រាសធុនតូច និងមធ្យម និង​សិប្បកម្ម​ដែលបិទ មានចំនួន ៤៣៧ មូលដ្ឋាន ថមថយកំលាំងពលកម្មជាង ៧ ពាន់នាក់។ជុំវិញការចុះបញ្ជីនេះដែរ បើគិតត្រឹមបំណាច់ឆ្នាំ២០២៥ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទទួលបាន ការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុបជាង ៤៤ ម៉ឺនមូលដ្ឋាន ក្នុងនោះមានសហគ្រិនជាស្ត្រី ៨ ពាន់ មូលដ្ឋាន និងមានពលកម្មចំនួនជាង ៤៩ ម៉ឺននាក់ (ស្ត្រីជាង ១៥ ពាន់នាក់) បច្ចុប្បន្នជុំវិញវិស័យនេះ ក្រសួង បាននិងកំពុងបន្តលើក កម្ពស់ដល់ម្ចាស់សហគ្រាសកែច្នៃផលិតផល និងសិប្បកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក ដើម្បីជំរុញឱ្យវិស័យនេះមានភាពប្រកួតប្រជែង កាន់តែខ្លាំង។ជុំវិញសហគ្រាសដែលចុះបញ្ជីតាមវិស័យ នៅក្នុងឆ្នាំ២០២៥ រួមមាន៖ អាហារ ភេសជ្ជៈ និងបារី មានចំនួន ៥៥៥ មូលដ្ឋាន, ឧស្សាហ កម្មតម្បាញ កាត់ដេរ ចាក់កាបូប និងស្បែកជើង ១៦៩ មូលដ្ឋាន, ឧស្សាហកម្មឈើ និងផលិតផលពីឈើ (មិនមែនគ្រឿងសង្ហារឹម) ១៤ មូលដ្ឋាន, ផលិតផលក្រដាស ១៩ មូលដ្ឋាន, ផ្នែកឧស្សាហកម្មគីមី កៅស៊ូ និងផ្លាស្ទិក ៣០៩ មូលដ្ឋាន, ផលិតផលពីរ៉ែ មិនមែនលោហៈ ៤៤ មូលដ្ឋាន, ឧស្សាហកម្មកែច្នៃលោហៈ ៩៩ មូលដ្ឋាន, សង្ហារឹម ២១ មូលដ្ឋាន និងផ្នែកឧស្សាហកម្មផ្សេងៗ មានចំនួន ៣២ មូលដ្ឋាន៕ អត្ថបទ៖ សុម រ៉ាឌី

សម្តេចប្រធានរដ្ឋសភា ណែនាំដល់ឯកអគ្គរាជទូត ត្រូវធ្វើការទន់ភ្លន់ ម៉ឺងម៉ាត់តម្កល់​ផល​ប្រយោជន៍​​ពលរដ្ឋ និងប្រទេសជាតិជាធំ

2026/02/24 04:05:37 pm        223
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍ថា ឯកអគ្គរាជទូត មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែ​ជា​តំណាង​ឱ្យ​ប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសក​កម្ម​ការទូតជាការងារដ៏ឧត្តុង្គឧត្តម ត្រូវការពារ​ឱ្យ​បាន​នូវ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ និង​ការ​លើក​កម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។ ឯក​អគ្គរាជ​ទូត​ត្រូវ​ធ្វើ​ការ​ដោយ​ភាព​ទន់​ភ្លន់ ម៉ឺងម៉ាត់ និងត្រូវ​តម្កល់​ផល​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេសជាតិជាធំ។សម្តេច​ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃ២៤ ខែកុម្ភៈឆ្នាំ២០២៦ ក្នុង​ឱកាសអនុញ្ញាតជូន ឯក​អគ្គរាជ​ទូត​ចំនួន​បួន​រូប​ដែល​ទើបទទួលបានការតែងតាំងក្នុងការ​បំពេញ​បេស​កកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលា​និង​ទទួល​អនុសាសន៍ នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។ ឯកឧត្តមអគ្គរាជទូតដែលទើបតែងតំាងនិងបានចូលជម្រាបលា និងទទួលអនុសាសន៍ពីសម្តេចប្រធានរដ្ឋសភានាឱកាសនេះមាន ឯកឧត្តម ណុំ ពិសិដ្ឋ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ លោកជំទាវ ទូច សុផារត្ន ឯកអគ្គរាជទូត ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឆាយ មករា ឯកអគ្គរាជទូត ប្រចាំរដ្ឋកូវ៉ែត ឯកឧត្តម ផូ សំអាង ឯកអគ្គរាជទូតជាប្រចាំសាធារណរដ្ឋគុយបា។សម្តេចប្រធានរដ្ឋសភា មានក្តីសោមនស្សរីករាយនិងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ លោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូតទើបតែងតាំងថ្មីទាំងបួនរូប ក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមសម្តែងនូវក្តីរីករាយ និងអបអរសាទរយ៉ាងខ្លាំងចំពោះលោកជំទាវ ឯកឧត្តម ឯកអគ្គរាជទូត ដែលត្រូវបានរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានផ្តល់សេចក្តីទុកចិត្តតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំបណ្តាប្រទេសនានា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាមន្រ្តីការទូត ជាប្រភពព័ត៌សំខាន់មួយ សម្រាប់ថ្នាក់ដឹកនាំផងដែរ។ បេសកកម្មការទូតពិតជាសំខាន់ខ្លាំង បំពេញបន្ថែមទៅលើកិច្ចខិតខំប្រឹងប្រែងរបស់អ្នកខាងក្នុងប្រទេស ដោយរួមចំណែកការពារ និងលើកកម្ពស់អត្តសញ្ញាណជាតិ កំណើនសេដ្ឋកិច្ច និងស្ថិរភាពជាតិ។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ក្នុងនាមជាមន្រ្តីការទូត ចំាបាច់ត្រូវមានសមត្ថភាព ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ រវាងការទូតរបស់រដ្ឋ ការទូតសភា និងការទូតផ្សេងៗ ដូចជាការទូតសេដ្ឋកិច្ច ការទូតប្រជាជន។ ក្រៅពីការបំពេញបេសកកម្មការទូត ឯកអគ្គរាជទូតក៏ជាអាណាព្យាបាលលើពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅ សិក្សា ឬរកទទួលទាននៅតាមបណ្តាប្រទេសដែលខ្លួនបំពេញបេសកកម្មការទូតផងដែរ។ អ្នកការទូតត្រូវផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋ ត្រូវរក្សាអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ជាតិដល់អន្តរជាតិបានដឹង។ ឯកឧត្តម ណុំ ពិសិដ្ឋ តំណាងឯកអគ្គរាជទូតទំាងបួនរូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានផ្តល់ឱកាសជូន ឯកឧត្តម និងលោកជំទាវ ទំាងអស់ បានចូលជួប សម្តែងការគួរសម ជម្រាបលា ពិសេសទទួលបានអនុសាសន៍ល្អៗនៅក្នុងឱកាសនេះ។ ឯកឧត្តមបានបង្ហាញពីការតំាងចិត្តខ្ពស់ នៅក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យទទួលបានជោគជ័យ ឆ្លើយតបចំពោះការជឿទុកចិត្តដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ស្របតាមគោលនយោបាយការទូតរបស់កម្ពុជា ឱ្យមានប្រសិទ្ធិភាពខ្ពស់៕ 

ឯកអគ្គរដ្ឋទូតរងអូស្រ្តាលីប្រចាំកម្ពុជា៖ «អស់រយៈពេលជាច្រើនទស្សវត្សមកនេះ កម្ពុជា​បាន​រស់​នៅ​ជាមួយ​គ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ»

2026/02/24 03:53:31 pm        234
ទិវាជាតិយល់ដឹងអំពីមីន ការរក្សាសុវត្ថិភាពសហគមន៍! អស់រយៈពេល​ជា​ច្រើន​ទស្សវត្ស​មក​នេះ​កម្ពុជា​បាន​រស់នៅជាមួយគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​។ គ្រោះថ្នាក់ទាំងនេះគំរាមកំហែងដល់អាយុជីវិតបណ្តាលឲ្យរាំងស្ទះដល់ការអភិវឌ្ឍ និង​ប៉ះ​ពាល់​ដល់ផ្នែកជាច្រើននៃជីវិតប្រចាំថ្ងៃ។ លោកស្រី Bridget Collier ឯកអគ្គរដ្ឋទូតរង នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា ថ្លែងបែបនេះ ក្នុង​ឱកាស​ចូល​រួម ទិវាជាតិយល់ដឹងអំពីមីនលើកទី២៧ (២៤ កុម្ភៈ ២០២៦) ក្រោមប្រធានបទ «ចូល​រួមទាំងអស់គ្នា ដើម្បីជនភៀសសឹក និងសហគមន៍មានសុវត្ថិភាព»។លោកស្រី ឯកអគ្គរដ្ឋទូតរង អូស្រ្តាលីប្រចាំកម្ពុជាបានថ្លែងថា ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០​មក អូស្ត្រាលី គឺជាដៃគូសកម្មភាពមីនដ៏រឹងមាំ និងអាចទុកចិត្តបាន ដែលគម្រោង​បោស​សម្អាត​មីន​ដើម្បីលទ្ធផល បានក្លាយគ្រឹះសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់យើងនាពេលថ្មីៗនេះ។លោកស្រីបន្តថា ថ្ងៃនេះលោកស្រីបានអញ្ជើញចូលរួមជាមួយអាជ្ញាធរមីន និង​ដៃគូ​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ពោធិ៍សាត់ ដើម្បីប្រារព្ធទិវាជាតិយល់ដឹងអំពីមីនលើកទី២៧។ ប្រធានបទឆ្នាំនេះ «ចូល​រួមទាំង​អស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព» បង្ហាញពីផល​ប៉ះពាល់​មនុស្ស​ធម៌​យ៉ាង​ធ្ងន់ធ្ងរដែលបណ្តាលមកពីគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ៕ 

អគ្គនាយក CMAC ជួបពិភាក្សាជាមួយក្រុម​បច្ចេកទេស​កងទ័ព​អាមេរិក​លើ​គម្រោង​កិច្ច​សហប្រតិបត្តិ​ការ​បោសសម្អាតសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា និងអន្តរជាតិ

2026/02/24 03:41:53 pm        283
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីបញ្ជាការCMAC ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC)​ រួមជាមួយតំណាងកងយោធពលខេមរភូមិន្ទ (កងទ័ពជើងគោក និងអង្គភាព NPMEC) ​បានជួបពិភាក្សាការងារហ្វឹកហ្វឺនជាមួយក្រុមបច្ចេកទេសកងទ័ពសហរដ្ឋអាមេរិក ដឹកនាំ​ដោយលោកវរសេនីយ៍ឯក Jace Thayer ប្រធានអង្គភាព​ឯកទេស​នៃ​ស្ថានទូត​សហរដ្ឋ​អាម៉េរិក ​ទទួលបន្ទុកការគ្រប់គ្រងជំនួយសន្តិសុខ កិច្ចសហប្រតិបត្តិការការពារជាតិ និងកម្មវិធី​បណ្តុះ​បណ្តាល​ជាមួយប្រទេសជាដៃគូ។ ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា ជំនួបនេះជាការពិភាក្សា​លើ​គម្រោង​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ការ​ពង្រឹង​សមត្ថភាពនិងភាពម្ចាស់ការលើជំនាញបច្ចេកទេស​បោស​សម្អាត​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​នៅ​កម្ពុជា និងអន្តរជាតិ៕ 

ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បង្ហាញការអាណិតអាសូរ ចំពោះ​ប្រជាជន​សាមញ្ញ​កម្ពុជា​ដែល​រង​ផលប៉ះពាល់ដោយសារថៃឈ្លានពានទឹកដី

2026/02/24 03:27:56 pm        307
ភ្នំពេញ៖ លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បាន​បង្ហាញ​នូវ​ការ​អាណិត​អាសូរ ចំពោះប្រជាជនសាមញ្ញ​កម្ពុជា​រាប់​ពាន់​គ្រួសារ​នៅ​ក្នុង​ភូមិ​សាស្រ្ដ​ខេត្ត​បន្ទាយ​មាន​ជ័យ ​ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបាន ដោយសារ​រង​ផល​ប៉ះ​ពាល់​ដោយ​ថៃ​ឈ្លាន​ពាន​ទឹកដី ហើយកំពុងបន្តស្នាក់នៅជំរំភៀសសឹកនៅឡើយ។ នៅនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ៖លោក Dominic Williams ឯកអគ្គ​រាជ​ទូត​អង់​គ្លេស​ប្រចាំកម្ពុជា ​បានចូលរួមដំណើរទស្សនកិច្ចផ្ទាល់ពិនិត្យមើលស្ថានការណ៍ព្រំដែន និងសួរ​សុខ​ទុក​ពលរដ្ឋ​ភៀស​សឹកនៅក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ។ក្នុងឱកាសដំណើរទស្សនកិច្ចនោះ លោកឯកអគ្គរាជទូតអង់គ្លេសបានថ្លែងថា លោកបាន​មក​ដល់​ខេត្ត​បន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះ​ជា​ដំណើរ​ទស្សនកិច្ចលើកទីពីររបស់លោកទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ។ លោក​ឯកអគ្គរាជទូតអង់គ្លេសបាន​បន្ត​ថា៖​«យើង​បាន​ទៅ​ទស្សនា​មជ្ឈ​មណ្ឌល​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន និងយើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំ​មានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញដែលរងផលប៉ះពាល់»។ លោក​ទូតបាន​ថ្លែង​បញ្ជាក់​ថា​៖«ចក្រ​ភព​អង់គ្លេស​នឹង​បន្ត​អំពាវនាវ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​នៅ​តាមព្រំដែន។ នេះ​គឺ​ជាម​ធ្យោបាយ​ប្រកប​ដោយ​និរន្តរភាពតែមួយ​គត់​សម្រាប់​សហគមន៍​នៅ​ក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់​ពួក​គាត់​ឡើង​វិញ​»៕ 

រដ្ឋមន្រ្ដីក្រសួងធនធានទឹក ដឹកនាំគណៈប្រតិភូអន្តរ​ក្រសួងចុះពិនិត្យ​វឌ្ឍនភាព​ការងារ​គម្រោង​អភិវឌ្ឍន៍​ធនធានទឹកស្ទឹងឃ្លៀច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

2026/02/24 02:24:39 pm        219
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និង​ឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួង​និ​​ង​មន្ទីរ​ធន​ធាន​ទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្តកំពង់ស្ពឺ ក្រុមហ៊ុនទីប្រឹក្សា និងក្រុម​ហ៊ុន​ម៉ៅ​ការ​សាង​សង់ ជាច្រើនរូប ដើម្បីចុះពិនិត្យជា​ក់​ស្តែង​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍន៍​ធន​ធាន​ទឹក​ស្ទឹង​ឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ។សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងរួមមាន៖ តួទំនប់មេ ១កន្លែង ទំនប់បង្ហៀរ ១កន្លែង ទ្វារទឹក ១កន្លែង អគារគ្រប់គ្រងទំនប់ ១កន្លែង ផ្លូវចូលទីតាំងគម្រោង ១ខ្សែ ប្រវែង ១៣គីឡូម៉ែត្រ និងសំណង់លូដោះទឹកមួយចំនួននៅតាមបណ្តោយផ្លូវ។ ការងារសាងសង់មានរយៈពេល ៣៦ខែ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២៥ រហូតដល់ខែធ្នូ ឆ្នាំ២០២៨។ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦ នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ១៥%។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច មានសារៈសំខាន់ណាស់នៅក្នុងការផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ៣៥០០០ហិកតា និងផ្ទៃដីស្រូវប្រាំងចំនួន ៥០០០ហិកតា ព្រមទាំងផ្តល់ទឹកប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ និងការប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម គ្របដណ្តប់ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តតាកែវ និងរាជធានីភ្នំពេញ។ គម្រោងនេះក៏មានសក្តានុពលផងដែរ ដោយបង្កើតបាននូវតំបន់ទេសចរណ៍ធម្មជាតិ កែលម្អប្រព័ន្ធជីវចម្រុះ ជាប្រភពទឹកសម្រាប់សត្វព្រៃ និងបង្កើនផលត្រីនៅក្នុងតំបន់៕ 

ឈរលើមាគ៌ាសន្តិភាព រដ្ឋសភាកម្ពុជា និងបារំាង ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​កាន់​ស៊ី​ជម្រៅ​សកម្ម​បន្ថែម​ទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនជូនប្រជាពលរដ្ឋ

2026/02/24 02:17:12 pm        184
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្ដម​ ថូម៉ាស់ ឡាំ (Thomas Lam) សមាជិករដ្ឋសភា និងជាប្រធាន​ក្រុម​មិត្ត​ភាព​រដ្ឋសភា​បារាំង-កម្ពុជា បានឯកភាពនៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភា​ប្រទេស​ទំាង​ពីរ​ឱ្យ​កាន់តែសកម្ម ស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីនាំមកនូវ​ផល​ប្រយោជន៍​កាន់​តែ​ច្រើនជូនពលរដ្ឋ។ ជាមួយគ្នានេះ ភាគីទំាងពីរ បានវាយមត្លៃខ្ពស់ចំពោះតម្លៃសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីឈាន​ទៅ​សម្រេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព ​(SDGs)។ តមតាមការអញ្ជើញរបស់ សម្តេចប្រធានរដ្ឋសភា ឯកឧត្ដម ថូម៉ាស់ ឡាំ បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រដ្ឋ​ស​ភាបារំាង មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៦ និង​បានចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយសម្តេចប្រធានរដ្ឋសភា នៅថ្ងៃទី២៤ ខែកុម្ភៈ២០២៦ នេះ នៅវិមានរដ្ឋសភា។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយ ឯកឧត្តម តូម៉ាស ឡាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជានាឱកាសនេះ។ ដំណើរទស្សនកិច្ចនេះ ជាទំព័រប្រវត្តិសាស្រ្តថ្មីមួយ នៅក្នុងការរឹតចំណងមិត្តភាពជាប្រវត្តិសាស្រ្តរវាងកម្ពុជា-បារំាង ដែលមានតំាងពីយូរមកឱ្យកាន់រឹងមាំថែមទៀត។ សម្តេចបានគូសបញ្ជាក់ថាបារំាងជាមិត្តចាស់ មិត្តដែលទុកចិត្ត ជឿជាក់ និងបានផ្តល់ផលប្រយោជន៏ទៅវិញទៅមក។ទំនាក់ទំនងកម្ពុជា-បារំាង ពូនជ្រំដោយថ្នាក់ដឹកនាំប្រទេសទំាងពីរនៅគ្រប់ជំនាន់។ តាមរយៈព្រះរាជដំណើរទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលសម្តេចនៅជានាយករដ្ឋមន្រ្តី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីឆ្នាំកន្លងទៅ នៅសាធារណរដ្ឋបារំាង និងដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាផ្ទាល់កាលពីចុងឆ្នាំ២០២៥នេះ ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនិតិប្រតិបត្តិ។ឯកឧត្តម ថូម៉ាស់ ឡាំ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារំាងនាឱកាសនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ នឹងជាផ្នែកសំខាន់នៅក្នុងជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ ជាមួយគ្នានេះដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ដូចជាដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានាធិបតីបារំាង អេម៉ានុយអែល ម៉ាក្រុង (President Emmanuel Macron)នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ឱ្យទទួលបានលទ្ធផលជាទីគាប់ចិត្ត។សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព និងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមិនត្រឹមជាវេទិកាសម្រាប់ភាសាបារំាងប៉ុណ្ណោះទេ តែជាកិច្ចសន្ទនា ប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ។ វេទិកាសំខាន់នេះជាផ្នែកសំខាន់នៅក្នុងការពង្រឹងសុខសន្តិភាព គោលការណ៍ពហុនិយម របស់សកលលោកដែលកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់សាធារណរដ្ឋបារំាង ដែលបានចូលរួមចំណែក ស្វែងរកសន្តិភាពនៅកម្ពុជានិងបានចូលរួមចំណែកយ៉ាងសកម្ម នៅក្នុងការដំណើរកសាងនិងអភិវឌ្ឍន៍នៅកម្ពុជារហូតមក។ សម្តេចក៏បានអរគុណសមាជិករដ្ឋសភាបារំាង និងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធិភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនោះ បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថាភាគីណាជាជនរងគ្រោះនិងភាគីណាជាអ្នកឈ្លានពាន។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាកម្ពុជាជាប្រទេសតូចនិងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការនិងជាប្រវត្តិសាស្រ្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។ឯកឧត្តមប្រធានគណៈប្រតិភូបានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យ ហើយភាគីបារំាងបានត្រៀមជាស្រេចនៅក្នុងការគំាទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាងត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា។ ឯកឧត្តម ថូម៉ាស់ ឡាំ បានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារំាងមកកម្ពុជា ស្របពេលនិងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យប្រទេសទំាងពីររកឃើញនូវលទ្ធភាពជាច្រើនទៀត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការនាំមកនូវផលប្រយោជន៍រួម។ សម្តេចប្រធានរដ្ឋសភាអរគុណរដ្ឋសភាបារំាងដែលបានគំាទ្រដល់រដ្ឋសភាកម្ពុជានៅក្នុងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល់ និងស្នើរដ្ឋសភាបារំាងបន្តផ្តល់ការបណ្តុះបណ្តាលវគ្គខ្លីៗដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀត។ សម្តេចបានស្នើសុំភាគីបារំាង ជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញ ផងដែរ៕ 

ក្រសួងឧស្សាហកម្មបិទសន្និបាត និងដាក់ទិសដៅពង្រឹងស្ថាប័ន និងសមត្ថភាពផលិត​ក្នុងស្រុក​ដើម្បី​គាំទ្រ​ភាពធន់នៃសេដ្ឋកិច្ច

2026/02/24 01:55:31 pm        159
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ បានបិទសន្និបាតប្រចាំឆ្នាំ ដោយផ្តោតអាទិភាពលើការពង្រឹងស្ថាប័នជាតិ ពង្រឹង​សមត្ថភាព​ផលិតក្នុងស្រុក និងពន្លឿនកំណែទម្រង់ ដើម្បីគាំទ្រភាពធន់ និងសមត្ថភាព​ប្រកួត​ប្រជែង​រយៈពេលវែងរបស់កម្ពុជា។ថ្លែងក្នុងពិធីបិទសន្និបាត ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងសម្រេចបានសមិទ្ធផល និងវឌ្ឍន​ភាព​ជាច្រើន។ មូលដ្ឋានឧស្សាហកម្មកម្ពុជាបន្តរីកចម្រើន ដោយមានរោងចក្រធុនធំចំនួន ៣.០៨៣ ​កំពុងប្រតិបត្តិការនៅទូទាំងប្រទេស ផ្តល់ការងារជាង ១,២៦ លានកន្លែង ក្នុងនោះ​ស្ត្រី​ជាង ៧១ ភាគរយ។ ការផ្គត់ផ្គង់ទឹកស្អាតសម្រេចបានកំណើនដល់ ១.៥៧១.៩៧៦ តំណ (កើនជាង ១៣១.០០០ តំណ ធៀបនឹងឆ្នាំ២០២៤) ជាមួយបណ្តាញចែកចាយសរុប ៤០.៥៦៥ គីឡូម៉ែត្រ និងបរិមាណផលិតនិងចែកចាយទឹកស្អាតសរុប ៥៥៦ លានម៉ែត្រគូប។ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានវឌ្ឍនភាពជាបន្តបន្ទាប់។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២៧ម៉ឺន នាក់ បានចុះឈ្មោះលើថ្នាលឌីជីថលរបស់រាជរដ្ឋាភិបាល ហើយអត្ថប្រយោជន៍ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដើម្បីកសាងសេដ្ឋកិច្ចមួយដោយមិនទុកនរណាម្នាក់ចោល។ឯកឧត្តម ហែម វណ្ណឌី ក៏បានរំលេចអំពីវឌ្ឍនភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ដោយ ក្នុងឆ្នាំ២០២៥ កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិនៃអង្គការ ISO បន្ទាប់ពីរយៈពេល ៣៥ឆ្នាំ, ក្លាយជាសមាជិកសហការ (Associate Member) នៃគណៈកម្មការអេឡិចត្រូតិចនិកអន្តរជាតិ (IEC), និងជាស្ថាប័នបង្គោលរបស់កម្ពុជាសម្រាប់អង្គការស្តង់ដារអាហារ (Codex Alimentarius)។ ក្នុងឆ្នាំ២០២៥ កម្ពុជាក៏បានអនុម័តស្តង់ដាសុខុដុមនីយកម្មអាស៊ានចំនួន ១២៩ និងស្តង់ដាកម្ពុជាចំនួន ៨១ ដើម្បីលើកកម្ពស់ការត្រៀមលក្ខណៈសម្រាប់នាំចេញ និងអនុលោមតាមលក្ខខណ្ឌតម្រូវអន្តរជាតិ។ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ ដោយលើកឡើងថា៖ «ប្រទេសដែលមិនផលិត មិនអាចការពារភាពធន់របស់ខ្លួនបានទាំងស្រុងទេ។ ចលនាជាតិគាំទ្រផលិតផលខ្មែរជាកាលានុវត្តភាពយុទ្ធសាស្ត្រ សម្រាប់ពន្លឿនសមត្ថភាពផលិតក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ និងធានាឱ្យបានថាម្ចាស់អាជីវកម្មកម្ពុជា អាចឈរជើងប្រកួតប្រជែងបាន និងមានលទ្ធភាពពង្រីកខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស»។សម្រាប់ឆ្នាំ២០២៦ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ទិសដៅអាទិភាពលើការត្រៀមខ្លួនសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ដែលប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មនឹងថមថយ អនុលោមភាពនឹងកាន់តែតឹងរឹង លក្ខខណ្ឌតម្រូវឱ្យប្រើវត្ថុធាតុដើមក្នុងស្រុកសម្រាប់ការផលិតនឹងកាន់តែខ្ពស់ ហើយការអនុវត្តគោលការណ៍បរិស្ថាន-សង្គម-អភិបាលកិច្ច (ESG) នឹងក្លាយជាការរំពឹងទុករបស់ទីផ្សារ។អាទិភាពរបស់ក្រសួងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ ពន្លឿនការចាប់យកឌីជីថលសម្រាប់សហគ្រាសធុនតូចនិងមធ្យម ពង្រីកការផ្គត់ផ្គង់ទឹកស្អាត ពង្រឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទំនើបកម្មប្រព័ន្ធផ្តល់សេវាសាធារណៈ និងលើកកម្ពស់ប្រសិទ្ធភាពស្ថាប័ន។ឯកឧត្តមបានបន្ថែមថា៖ “ពិភពលោកកាន់តែពោរពេញដោយភាពមិនប្រាកដប្រជា។ យើងត្រូវប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព និងបន្តកសាងស្ថាប័នរឹងមាំដែលអាចផ្តល់លទ្ធផលជាក់ស្តែងជូនជាតិ និងប្រជាជន។”អង្គសន្និបាតត្រូវបានបិទបញ្ចប់ ជាមួយនឹងការប្តេជ្ញាចិត្តមុតមាំ ក្នុងការបន្តកំណែទម្រង់ ពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងស្ថាប័នជាតិ ដើម្បីការពារភាពធន់សេដ្ឋកិច្ច និងគាំទ្រកំណើនរយៈពេលវែងរបស់កម្ពុជា ក្នុងបរិបទសកលដែលកាន់តែពិបាកប៉ាន់ស្មាន៕ 

ប្រធានរដ្ឋសភាកម្ពុជា និងសមាជិករដ្ឋសភាបារាំង ជួបគ្នាពិភាក្សាការងារ ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

2026/02/24 01:46:45 pm        197
នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្ដម Thomas LAM ប្រធានក្រុមមិត្តភាព រដ្ឋសភាបារាំង-កម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។សូមជម្រាបជូនថា គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ដឹកនាំដោយឯកឧត្ដម Thomas LAM អញ្ជើញធ្វើដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ ត្រូវបានមើលឃើញថា គឺជាការបើកទំព័រថ្មី នៃទំនាក់ទំនងសភា ដែលមិនត្រឹមតែផ្ដោតលើ ពិធីការការទូតប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង ជាឱកាសល្អដែលកម្ពុជា បានបង្ហាញពីតថភាពពិត នៃសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជាទៅកាន់សហគមន៍អន្ដរជាតិផងដែរ។តាមការគ្រោងទុក គណៈប្រតិភូសភាបារាំង មានជំនួបសម្ដែងការគួរសម និងពិភាក្សាដាច់ដោយឡែកជាមួយថ្នាក់ដឹកនាំកំពូល នៃស្ថាប័ន នីតិប្បញ្ញត្តិ រួមាន ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងជំនួបជាមួយថ្នាក់ដឹកនាំរដ្ឋសភា និងព្រឹទ្ធសភាកម្ពុជា ជាច្រើនរូបទៀត។ នៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃនេះ គណៈប្រតិភូតំណាងរាស្រ្ដ ជាសមាជិក នៃក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជា ក៏នឹងចុះស្វែងយល់ពីយន្ដការការងារ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីសិក្សាស្វែងរកការលានុវត្តភាព នៃការវិនិយោគ និងពិនិត្យលទ្ធផលរូបវន្ដ ដែលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង ដែលរួមមាន រោងចក្រផលិតទឹកស្អាតបាក់ខែង និងការងារមនុស្សធម៌របស់អង្គការកុមារ នៃតំបន់មេគង្គជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូសភាបារាំង ក៏នឹងបន្តធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីពិនិត្យមើលគម្រោងអភិវឌ្ឍន៍សំខាន់ៗ និងការស្វែងយល់ពីប្រវត្តិសាស្រ្ដរបស់ប្រទេសកម្ពុជាផងដែរ។ នៅក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់នេះ គណៈប្រតិភូសភាបារាំង ក៏គ្រោងទៅកាន់តំបន់ភៀសសឹកថ្មី ក្នុងស្រុកពួក និងទីតាំងដែលធ្លាប់រងគ្រោះព្រោះការរំលោភបំពាន ដែនអធិបតេយ្យភាព ពីសំណាក់ភាគីថៃ នាពេលកន្លងមកផងដែរ ដើម្បីឲ្យតំណាងរាស្រ្ដបារាំង បានយល់ដឹងកាន់តែច្បាស់ ពីការរងគ្រោះ ការលះបង់របស់កម្ពុជា ក្នុងកិច្ចការពារបូរណភាពទឹកដី និងការកសាងសន្ដិភាពតាមបណ្ដោយព្រំដែន។ បន្ថែមពីនេះ គណៈប្រតិភូសភាបារាំង ក៏នឹងអញ្ជើញទស្សនាប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ដើម្បីស្វែងយល់ពីអរិយធម៌ដ៏ឧត្ដុងឧត្ដម និងកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិរក្សបេតិកភណ្ឌពិភពលោក ក្រោមក្រមខណ្ឌអន្ដរជាតិ ដែលមានបារាំងជាដៃសកម្មផងដែរ៕ អត្ថបទ ៖ លៀ ស៊ីណា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM