សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រះវិហារ

2024/08/13 03:23:00 pm        662
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាលខេត្ត ជាន់ទី៣ មានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធ មនុស្ស ទទួលពាក្យបណ្ដឹង និងអង្គេត និងអធិការកិច្ច នៃរដ្ឋសភា ឯកឧត្តម គីម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួន មេបញ្ជាការកងកម្លាំងទាំង៣ និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូប។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិ មនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដែលបានដឹកនាំ គណៈប្រតិភូ មកបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីស្វែងយល់ វឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាសដីធ្លីរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ នាឱកាសនេះ។ ឯកឧត្តម បានបន្តថា ដំណើរបំពេញបេសកកម្មរបស់ឯកឧត្តមប្រធាន និងគណៈ ប្រតិភូនាឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តព្រះវិហារ ជាពិសេសគឺការដោះស្រាយបញ្ហា ទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។បន្ទាប់ពីបានឧទ្ទេសនាម នូវសមាសភាពគណៈប្រតិភូខេត្តព្រះវិហារ និងសមាសភាព គណៈ កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា រួចមក ឯកឧត្តម គីម រិទ្ធី ក៏បានគោរព អនុញ្ញាតរាយការណ៍ ដោយសង្ខេបជូនឯកឧត្តម និងគណៈប្រតិភូ អំពីស្ថានភាពទូទៅ របស់រដ្ឋបាលខេត្តនិងវឌ្ឍនភាពនៃការអនុវត្តការងារវិស័យដីធ្លីនិងវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តព្រះវិហារ។ ចំពោះការដោះស្រាយសំណើរសំណូមពរ ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅ ក្នុងខេត្តព្រះវិហារ ឯកឧត្តម បានអោយដឹងថា ក្នុងឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤នេះ សរុប១១៦ករណី ក្នុងនោះ រដ្ឋបាលខេត្តបានទទួលពីក្រសួងមហាផ្ទៃ ចំនួន ១៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន២៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន០១ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់ និងបានទទួលក្នុងមូលដ្ឋាន ចំនួន៦៧ករណី កំពុងដោះស្រាយដោយរដ្ឋបាលខេត្ត ២៤ករណី បញ្ជូនទៅរដ្ឋបាលក្រុង/ស្រុក និងអង្គភាពពាក់ព័ន្ធ ១០ករណី, បានដោះស្រាយបញ្ចប់ ចំនួន១៨ករណី ច្រានចោលសំណុំរឿង ចំនួន១៥ករណី ដោយពាក្យបណ្តឹង បានដោះស្រាយបញ្ចប់រួចរាល់ ប៉ុន្តែមានការប្តឹងសារជាថ្មីឡើងវិញ។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានជម្រាបជូន រដ្ឋបាលខេត្ត អំពីភារកិច្ចសំខាន់ៗ របស់រដ្ឋសភា ដែលមានដូចជាការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាង របស់ពលរដ្ឋព្រមទាំងបានជម្រាបជូនពីគោលបំណង នៃបេសកកម្មរបស់គណៈកម្មការមកកាន់ ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយ រាល់ការលំបាកជូន ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់៕ 

សិស្សឆ្នើមសាលារៀនសុវណ្ណភូមិ ដណ្តើមបានជ័យលាភីក្នុងការប្រកួត TeenEagle នៅOxfordចក្រភពអង់គ្លេស

2024/08/13 03:08:00 pm        118
ភ្នំពេញ ៖ អបអរសាទរ និងកោតសរសើរដល់សិស្សឆ្នើម ផូរ បញ្ញាឫទ្ធិ សិក្សាកម្មវិធីអន្តរភាសា ខ្មែរ-អង់គ្លេស (IEP) នៃសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តបន្ទាយមានជ័យ ដែលមានសមត្ថភាព ខិតខំប្រឹងប្រែង និងឆន្ទៈខ្ពស់ រហូតទទួលបានជ័យលាភីមេដាយប្រាក់ចំនួន ០២ ក្នុងការប្រកួតសមត្ថភាពភាសាអង់គ្លេស ក្នុងកម្មវិធី TeenEagle នៅ Oxford ចក្រភពអង់គ្លេស, ចាប់ពីថ្ងៃទី០៤ ដល់ទី១១ ខែសីហា ឆ្នាំ ២០២៤។​គណៈគ្រប់គ្រងនៃសាលារៀនសុវណ្ណភូមិ បានឱ្យដឹងថា យុវសិស្ស ផូរ បញ្ញាឬទ្ធិ ជាសិស្សពូកែ និងមានភាពសកម្មក្នុងការចូលរួមកម្មវិធីនានាក្នុងក្របខណ្ឌសាលារៀន ការប្រកួតថ្នាក់ជាតិ ក៏ដូចជាអន្តរជាតិ។ កាលពីពេលថ្មីៗនេះយុវសិស្ស បញ្ញាឬទ្ធិ ក៏បានតំណាងឲ្យប្រទេសកម្ពុជា ដើម្បីទៅចូលរួមកម្មវិធីប្រកួតប្រជែងនៅឯប្រទេសអូស្ត្រាលី ដែលក្នុងនោះ ផូរ បញ្ញាឬទ្ធិ អាចដណ្តើមបានមេដាយសំរឹទ្ធចំនួនមួយទៀត លើមុខវិជ្ជាគណិតវិទ្យា IMEC នៅទីក្រុង Sydneyផងដែរ។សូមបញ្ជាក់ផងដែរថា កម្មវិធី TeenEagle Global Finals គឺជាវេទិកាសម្រាប់អ្នកភាសាវិទូវ័យក្មេង ប្រកួតលើកម្រិតភាសាអង់គ្លេសលើវិញ្ញាសារផ្សេងៗគ្នាចំនួន៤។ កម្មវិធីនេះប្រមូលផ្តុំនូវសិស្សានុសិស្សដែលពោរពេញដោយទេពកោសល្យមកពីជុំវិញពិភពលោក ដើម្បីប្រកួតប្រជែងដណ្តើមយកមេដាយ និងការទទួលស្គាល់កម្រិតអន្តរជាតិ។ កម្មវិធីទាំងពីរ គឺជាកម្មវិធីប្រកួតប្រជែងអន្តរជាតិដែលមានសិស្សពូកែចូលរួមជាច្រើន សរុបប្រមាណ2000នាក់ មកពី៦៦ប្រទេសទូទាំងពិភពលោក៕អត្ថបទ រដ្ឋា

កាកបាទក្រហម ផ្តល់អំណោយ និងអាហារដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

2024/08/13 03:03:18 pm        192
ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានចុះសួរសុខទុក្ខ ផ្តល់អាហារ និងអំណោយមនុស្សធម៌លើកទី៥ ជូនដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលមានកុមារកំព្រា ១២០នាក់ និងបុគ្គលិក ១៦នាក់ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិត ស្រឡាញ់ចំពោះកុមារទាំងអស់ និងថ្លែងនូវការកោតសរសើរ ចំពោះសមាគមដែលប្រឹងប្រែងអភិវឌ្ឍខ្លួនឱ្យរីកចម្រើនជាលំដាប់ ជាពិសេសប្រធានសមាគមទាំងពីរនាក់ (ប្តី-ប្រពន្ធ) ដែលមានប្រវត្តិជាក្មេងកំព្រាដែរ បានលះបង់កម្លាំងកាយចិត្ត ប្រកបដោយក្តីស្រឡាញ់ចំពោះកុមារទាំងអស់ ផ្តល់ការថែទាំ ផ្តល់អាហារ ការស្នាក់នៅ និងបញ្ជូនកុមារទៅសាលារៀនយ៉ាងទៀងទាត់ បង្ហាត់បង្រៀនកុមារឱ្យមានវិន័យ មានទម្លាប់រស់នៅល្អ និងមានសុជីវធម៌ ព្រមទាំងស្វះស្វែងចូលរួមក្នុងកិច្ចការសង្គមផ្សេងៗ។ ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការរងទី១ ក៏បានពាំនាំនូវការផ្តាំផ្ញើពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្មួយៗចៅៗកុមារទាំងអស់ ត្រូវចេះថែទាំសុខភាពឱ្យបានល្អ ទម្លាប់ហូបស្អាត និងផឹកទឹកដាំឆ្អិន ហើយត្រូវចេះស្រឡាញ់ សាមគ្គីគ្នា ជួយគ្នាទៅវិញ-ទៅមក គោរពវិន័យ ចេះស្តាប់បង្គាប់ កសាងខ្លួនប្រកបដោយគុណធម៌ និងសីលធម៌ និងត្រូវជៀសឱ្យឆ្ងាយពីការសេពគប់មិត្តមិនល្អ ឬការប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រឱ្យពូកែ ដើម្បីអនាគតរុងរឿង ហើយក្លាយជាពលរដ្ឋល្អ និងជាធនធានមនុស្សរបស់សង្គមជាតិ។ កុមារនិងបុគ្គលិកទាំងអស់ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងផ្តល់ក្តីអាណិតស្រឡាញ់យ៉ាងកក់ក្តៅ លើកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់កុមារកំព្រាជាបន្តបន្ទាប់។ កុមារទាំងអស់បានថ្លែងព្រមៗគ្នាដោយក្តីរំភើបថា «ខ្ញុំស្រឡាញ់លោកយាយ ប៊ុន រ៉ានី ហ៊ុនសែន, ខ្ញុំស្រឡាញ់សន្តិភាព, ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា»។ សូមបញ្ជាក់ថាអំណោយដែលបានផ្តល់ជូនសមាគមនាពេលនេះរួមមាន ៖ អង្ករ១៥០០គីឡូក្រាម, អង្ករសុខភាព១០កេស, មី៣០កេស, ត្រីខ៤០០កំប៉ុង, ទឹកត្រី៥យួរ, ទឹកស៊ីអ៊ីវ៥យួរ, ទឹកក្រូច១០កេស, ទឹកសុទ្ធ១០កេស, ឃីត (សារុង ក្រមាមុង ភួយ) ៤០កញ្ចប់ និងថវិកា១០លានរៀល រួមជាមួយអាហារថ្ងៃត្រង់ ១៨តុ រួមមាន៖ សម្លនំបញ្ចុកខ្មែរ ការីនំប៉័ង និងបង្អែម។ ការចុះសួរសុខទុក្ខ និងចែកអំណោយនៅក្នុងសមាគមនេះគឺ ជាជាលើកទី៥ហើយ សម្រាប់ទីស្នាក់ការកណ្តាលដោយគិតចាប់តាំងពីឆ្នាំ២០១៧មក។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល បានចុះសួរសុខទុក្ខ និងចែកអំណោយដល់សមាគមនេះ សរុបចំនួន ១១លើក ផងដែរ ចាប់តាំងពីឆ្នាំ២០១៩រៀងមក៕ អត្ថបទៈ សំ ងីម

​​សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤

2024/08/13 02:53:40 pm        68
កំពង់ឆ្នាំង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ក្រុមប្រឹក្សា គណៈអភិបាលខេត្ត តុលាការ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបានថ្លែងថា៖ ការប្រារព្ធអបអរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម នាពេលនេះ ក្នុងគោលបំណងយល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងបង្ហាញជូនពីលទ្ធផលការងារមនុស្សធម៌ ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអនុវត្តក្នុងរយៈពេលមួយឆ្នាំកន្លងមក ក្នុងនោះបានរៃអង្គាសថវិកាពីសប្បុរសធម៌ ពីមន្ត្រី សប្បុរសជន អាជីវករ មហាជន បានចំនួន ១៣៨ ៣៣៤ ដុល្លា ដើម្បីបន្តបេសកកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយឧបទ្ទវហេតុផ្សេងៗ ពិសេសគ្រោះមហន្តរាយដែលបង្កឡើងដោយធម្មជាតិ។ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍បន្តថា៖ ការបង្កើតកាកបាទក្រហមកម្ពុជានេះឡើងចង់បង្ហាញពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនសាធារណៈជនជាតិ និងអន្តរជាតិ តាមរយៈប្តេជ្ញាចិត្តខ្ពស់របស់សមាគមជាតិ រួមជាមួយរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកកំពស់វិស័យសុខភាពសាធារណៈ និងការពង្រឹងភាពធន់ របស់សហគមន៍ទៅនិងការប្រែប្រួសអាកាសធាតុ ។ កាកបាទក្រហមកម្ពុជាត្រូវការចាំបាច់ នូវការជួយឧប្ថម្ភគាំទ្រពីសប្បុរសជន គ្រប់មជ្ឍដ្ឋាន ដើម្បីធានាបន្តនិរន្តភាពការងាររបស់ខ្លួន។ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា គឺដើម្បីសម្រាលការលំបាក និងជួយអ្នកងាយរងគ្រោះគ្រប់ប្រភេទ និងគ្រប់ទីកន្លែងជួយកាត់បន្ថយភាពក្រីក្រ និងជួយការពារសេក្តីថ្លៃថ្នូរបស់ជនងាយរងគ្រោះ និងលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ តាមរយៈវិស័យស្នូលការងារធំៗ ៕ កាំង ហុងវាស្នា

និស្សិតសកលវិទ្យាល័យការពារជាតិប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមញុះញង់ចេតនាបំផ្លាញ សុខសន្តិភាពកម្ពុជា

2024/08/13 02:19:13 pm        409
បណ្តានិស្សិត និងសិក្ខាកាមយោធា នៃសកលវិទ្យាល័យការពារជាតិ បានប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​ក្រុម​ញុះញង់​ដល់​សុខសន្តិភាពកម្ពុជា និងត្រៀមខ្លួនរួចរាល់ បំពេញតួនាទី ភារកិច្ចខ្លួន​ថែ​រក្សា​ការពារសន្តិសុខសន្តិភាព សណ្តាប់ធា្នប់សង្គម ការពារបូរណៈភាពទឹកដី ចំពោះចលនា​ក្រុម​ប្រឆាំង​ជ្រុលនិយម​មួយក្តាប់តូចនៅក្រៅប្រទេស បំផុសការញុះញង់​បំភ្លៃការ​ពិត​ពី​សហ​ប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ CLV DTA ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញ​ប្រទេស​កម្ពុជា​។បណ្តានិស្សិត និងសិក្ខាកាមយោធាមកពីខេត្តរតនៈគិរីជាដើម បានថ្លែងប្រាប់BTV នៅថ្ងៃទី១៣ ខែ​សីហានេះថា ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានពន្យល់បង្ហាញ​អ​ស់​ហើយ អំពីក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV DTA ហើយ​មហាជនទូទាំងគឺបានច្បាស់ទាំងអស់ហើយ។ ដូច្នេះកង​កម្លាំង​ទាំង​អស់​គ្នា​ជា​និស្សិត​កំពុង​សិក្សា​ ប្រកាសប្រឆាំងដាច់ខាត និងសូមថ្កោលទោស ចំពោះជន​ណា​នៅ​តែ​បន្ត​ប្រឌិត​បំភ្លៃ​ការ​ពិត​ការងារ​ CLV-DTA ក្នុងគោលបំណងបំផុសញុះញង់ឱ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត ក្នុងចេតនាបំបែកបំបាក់ និង​បំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញ និងការអភិវឌ្ឍ។សូម​ជម្រាបថា ក្រសួងការពារជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ ប្រកាសជាឱឡារិក ប្តេជ្ញា​រក្សា​ការពារ​ឱ្យ​ខាង​តែបាននូវសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សាធារណៈ​ទោះស្ថិត​ក្នុង​ត​ម្លៃ​ណា​ក៏​ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយ​មធ្យោបា​យ​ហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។ ក្រសួងការពារជាតិ ប្រកាស​ចាត់​វិធាន​ការ​បង្ក្រាប និងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនាបំផ្លាញជាតិ បំផ្លាញសន្តិភាព បង្ក​វិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះក្នុងរូបភាពណាក្ដី៕ អត្ថបទ ស៊ុម សុខជា 

មន្ត្រីជំនាញ៖ រាល់សន្លឹកកិច្ចការបេក្ខជនប្រឡងគ្រូបឋមត្រូវធ្វើការកែចំនួន ២លើក

2024/08/13 02:06:19 pm        140
ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកចុងក្រោយ បានបិទបញ្ចប់។ ការ​ធ្វើ​កំណែ​បាន​ចាប់​ផ្ដើម​ភ្លាមៗក្រោយការប្រឡងនៅថ្ងៃទី១៣ ខែសីហានេះ ខណៈដែលការ​ធ្វើ​កំណែ​នេះ​អនុវត្ត​ទៅ​តាម​នីតិវិធីច្បាស់លាស់ ទាំងការកែទាំងការបូកស្រង់ពិន្ទុ ជាក់ស្ដែងរាល់សន្លឹកិច្ចការ ត្រូវកែ​ចំនួន ២លើក និងមានការត្រួតពិនិត្យបន្ថែមទៀតពីអ្នកពាក់ព័ន្ធផងដែរ។ នេះបើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ។ឯឧត្តម ខៀវ ច័ន្ទប៊ុនធឿន ប្រធានអនុគណៈកម្មការ ត្រួតពិនិត្យនិងវាយតម្លៃ លើកឡើងឱ្យដឹងថា ការ​ធ្វើ​កំណែគឺមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ ការកែនេះ គឺយោងតាម​អាត្រា​កំណែ​ដែល​ទទួល​បាន​ពីអ្នកតាក់តែងវិញ្ញាសា រីឯអ្នកកែ ជាបុគ្គលដទៃ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ឯកឧត្តមលើកឡើងថា អ្នកទទួលខុសត្រូវលើការកែសន្លឹកកិច្ចការមានចំនួន ៦០រូប។ អ្នកកែ ភាសា​ខ្មែរ​ចំនួន ៣០នាក់ អ្នកកែគណិតវិទ្យាមានចំនួន ៣០នាក់។ តាមការគ្រោង ក្រុមការងារ​ជំនាញ​ចង់​បញ្ចប់ឱ្យរួចរាល់នៅត្រឹមសប្ដាហ៍នេះ។ឯកឧត្តមធានា​ជូន​បេក្ខជនគ្រប់រូបដែរថា ការកែ ការបូកស្រង់ពិន្ទុ គឺធានាបានភាពត្រឹមត្រូវ ភាពសុក្រឹត្យ ជាទីបំផុត។ រាល់សន្លឹកកិច្ចនីមួយៗ ត្រូវកែចំនួនពីរលើក បូករួមទាំងការពិនិត្យ​បន្ថែម​។ រីឯការបូកស្រង់ពិន្ទុ ក៏មានការត្រួតពិនិត្យយ៉ាងច្បាស់លាស់ ក្រោមការ​ត្រួត​ពិនិត្យ​ពី​អ្នក​សង្កេត​ការណ៍ និងមន្ត្រីប្រឆាំងអំពើពុករលួយជាច្រើនរូប។សូមជម្រាបថា ការប្រឡងគ្រូបឋមសិក្សា គឺកំណត់យកអ្នកជាប់ចំនួនត្រឹមតែ ១ ៣៤៧​នាក់​ប៉ុណ្ណោះ។​ បេក្ខជនដែលប្រឡងជាប់ ត្រូវឆ្លងកាត់ការបណ្ដុះបណ្ដាលបន្ថែម រយៈពេល ២ឆ្នាំ និង ៤ឆ្នាំ ទៅតាមការដាក់ពាក្យរបស់ខ្លួន។ ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់​យក​តាម​ប្រព័ន្ធ​បណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់៕ អត្ថបទ៖គឹមហុក  

ក្រសួងការងារគ្រោងដាក់ឲ្យដំណើរការមជ្ឈមណ្ឌលការងារថ្មីក្នុងផ្សារអ៊ីអន២នៅថ្ងៃសុក្រនេះ

2024/08/13 01:52:49 pm        177
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែសីហាខាងមុខនេះ នឹង​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​ជាផ្លូវការមជ្ឈមណ្ឌលការងារថ្មីរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអន ម៉ល សែន​សុខ (អ៊ីអន២) ដើម្បីផ្តល់ភាពកាន់តែងាយស្រួល ក្នុងផ្តល់សេវាការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ​ដល់ប្រជាពលរដ្ឋ។មានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅថ្ងៃទី១៣ សីហា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋ​លេខា​ធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឲ្យដឹងថា មជ្ឈ​មណ្ឌលការងារថ្មីមួយនេះ មានផ្តល់សេវាដូចជា៖ ចុះឈ្មោះស្វែងរកការងារ , ជ្រើស​រើស​បុគ្គលិក និង​ផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក , ប្រឹក្សាយោបល់អំពីការងារនិងអាជីព ក៏​ដូច​ជា​ផ្តល់​ព័ត៌​មានទីផ្សារការងារ។ ឯកឧត្តម បានបន្តថា ការបើកដំណើរការនៅផ្សារទំនើបនេះដែរ ​គឺ​ជា​ការ​សម្រួលដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សិស្ស ដែលមានបំណងស្វែងរកការងារ ហើយ​ធ្វើ​ដំណើរ​ទៅ​ទីនោះដែលជាទីប្រជុំជន មានភាពងាយស្រួលក្នុង​ការ​ទំនាក់​ទំនង​ជា​មន្រ្តី​ទីភ្នាក់​ងារ​ជាតិ​មុខរបរ និងការងារ (NEA) ដើម្បីផ្គូរផ្គងស្វែងរកការងារជូនប្រជាពលរដ្ឋ។ពាក់ព័ន្ធមជ្ឈមណ្ឌលការងារថ្មីរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ យុវជន សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណជនទូទៅ គឺអាចមកទទួលសេវាការងារ និង​ព័ត៌មាន​ទីផ្សារ​ការងារ ដែលមានមន្ត្រី NEA នៅរង់ចាំទទួលស្វាគមន៍ ចាប់ពីម៉ោង៩ និង៣០នាទីព្រឹក ដល់​ម៉ោង ៩យប់។សូមជម្រាបជូនទៀតថា នៅថ្ងៃដាក់ឲ្យដំណើរការមជ្ឈមណ្ឌលខាងលើនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជ​ធានី​ភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រ​ដោយ​ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និង​មគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់​ឲ្យ​យុវជ​ន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និង​ធ្វើ​ការ​សម្ភាស​ភ្លាមៗ​៕ អត្ថបទ ឈិត បូរ៉ាវី

កងទ័ពប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងចំពោះក្រុមប៉ុនប៉ងផ្តួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/13 01:47:15 pm        150
នាយទាហាន និងពលទាហាននៃកងពលតូចលេខ៧០ បានប្តេជ្ញាការពារផលប្រយោជន៍ជាតិ និងប្រឆាំងដាច់ខាតចំពោះក្រុមប៉ុនប៉ងបះបោរផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ ស្របពេលប៉ុន្មានថ្ងៃនេះ មានក្រសួង-ស្ថាប័ន និងបណ្តាអង្គភាពកងទ័ព​នានា​បាន​ចេញ​ញត្តិ​ថ្កោល​ទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំ​ដោយ​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កើតចេញពី​ការ​បោះឆ្នោត​ដែល​ប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។ ក្នុងនោះមាននាយទាហាន និងពលទាហាន​នៃ​កង​ពលតូចលេខ៧០ បានបង្ហាញការប្តេជ្ញា​ចិត្ត​ខ្ពស់​ដើម្បី​ប្រឆាំង​ចំពោះ​អំពើ​ខុស​ច្បាប់​របស់​ក្រុម​ប្រឆាំង សំដៅការពារសុខសន្តិភាព និងស្ថិរភាពជាតិ​ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់​ដែល​កើតចេញពីការបោះឆ្នោតដើម្បីសុវត្ថិភាព និងជីវភាពជូនប្រជាជន។ សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើ​ឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បាន​អំពាវ​នាវ និងបំផុសចលនាញុះញង់ឲ្យប្រជាពលរដ្ឋ និងកងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែល​កំពុង​មាន​សន្តិភាព​ពេញលេញនិងការអភិវឌ្ឍ៕ អត្ថបទ សេក ឧត្តម ថត 

មេដឹកនាំយុវជនសង្គមស៊ីវិលបើកវាំងនននយោបាយខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក

2024/08/13 01:27:58 pm        174
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិលនៃសមាគមយុវជនខ្មែរមហានគរ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ បានធ្វើការផ្សាយផ្ទាល់ជាសាធារណៈ បើកវាំងនន​នយោបាយ​ខ្មៅកខ្វក់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយមនៅក្រៅស្រុក ដែលបន្ត​បំផុស​ចលនា​ក្បត់​ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។តាមរយៈវីដេអូផ្សាយផ្ទាល់ ក្រោមប្រធានបទ «យុវជន សង្គម និងនយោបាយ» លោក ហេង សំណាង បានបើកវាំងនន នយោបាយ​ខ្មៅក​ខ្វក់​របស់​ជនក្បត់​ជាតិ​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក​ដែល​បន្ត​បំផុស​ចលនាក្បត់ជាតិដដែលៗ ក្នុងគោលដៅបំផ្លាញសន្ដិភាព និងការអភិវឌ្ឍរបស់កម្ពុជា។លោក ហេង សំណាង បានចាត់ទុកចលនារបស់ក្រុមប្រឆាំង ដែលជំទាស់ និងបន្តបំផុស​ព័ត៌មា​ន​ក្លែងក្លាយ​អំពីគម្រោងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងញុះញង់ពលរដ្ឋឱ្យធ្វើបាតុកម្ម គឺជាចរន្តនយោបាយជ្រុលនិយមទុច្ចរិត ញុះ​ញង់​ដើម្បី​ផ្ដួល​រំលំរាជរដ្ឋាភិបាលស្របច្បាប់។តាមរយៈវីដេអូផ្សាយផ្ទាល់ លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល នៃ​សមាគម​យុវជន​ខ្មែរ​មហានគរ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនរួមគ្នា​កម្ចាត់​ចោល​នូវ​មនោគម​វិជ្ជា​ខ្មៅ​កខ្វក់​របស់ក្រុមប្រឆាំងជ្រុលនិយម ដែលតែងតែមានបំណងបំផ្លាញសន្ដិភាព និងបង្ក​ភាព​វឹក​វរដល់​ប្រទេសកម្ពុជា៕ អត្ថបទ៖ វ៉ន ដារ៉ា

គណៈកម្មការសិទ្ធិមនុស្ស នៃរដ្ឋសភាចុះសិក្សាស្វែងយល់អំពីវឌ្ឍនភាពការងារ និងដោះស្រាយ​ទំនាស់ដីធ្លី នៅខេត្តកំពង់ធំ

2024/08/13 12:49:54 pm        171
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដឹកនាំ​ដោយឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការនាថ្ងៃទី១២ ខែសីហានេះ បានចុះ​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ជាមួយ រដ្ឋបាលខេត្តកំពង់ធំដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លីរបស់អាជ្ញាធរខេត្ត។ ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តម សរ ចំរុង បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្ត ដែល​ជា​និច្ច​កាល​បាន​យកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយ​រាល់​ការ​លំបាក​ជូន​ប្រជា​ពលរដ្ឋ​ ដោយឈរលើគោលការណ៍ច្បាប់ និងភាពសុខដុមរមនាជាដើម។ បើតាម​ការឲ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានឲ្យដឹងថា ការ​អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលនៅក្នុងឆមាសទី១ ឆ្នាំ​២០២៤​នៅ​ក្នុង​ខេត្តកំពង់ធំ ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានលក្ខណៈល្អប្រសើរ បទ​ល្មើស​ព្រហ្មទណ្ឌ នៅទូទាំងខេត្តមានការថយចុះជាងឆ្នាំទៅ ហើយការអនុវត្ត​គោល​នយោបាយ​ភូមិ-​ឃុំ មានសុវត្តិភាពត្រូវបានយកចិត្តទុកដាក់ និងជំរុញអនុវត្តជាប្រចាំ ពិសេសការទប់ស្កាត់ និង​ការបង្ក្រាបក្មេងទំនើង និងល្បែងស៊ីសងគ្រប់ប្រភេទ។ នាពេលថ្មីៗនេះផងដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់បានធ្វើការចុះបង្ក្រាប និង​បិទទីតាំងល្បែងផ្សងសំណាងខុសច្បាប់នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រ ខេត្ត​កំពង់ធំ​បាន​ទាំង​ស្រុង​។ ជាមួយគ្នានេះផងដែរ ប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ទទួលបាន​លទ្ធផល​ល្អ​ប្រសើរ​ធ្វើ​ឱ្យមុខសញ្ញាចាស់ថយចុះជាបណ្តើរៗ រីឯមុខសញ្ញាថ្មី សមត្ថកិច្ចអាច​កំណត់​មុខ​សញ្ញា​បាន និងធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត ក៏បានជម្រាប​ជូន​ពី​យន្តការ​ដោះ​ស្រាយ​វិវាទដីធ្លីក្នុងឆ្នាំ២០២៤ ដោយរដ្ឋបាលខេត្តបានទទួលបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៣៥ករណី រួមទាំងមានវិធានការដោះស្រាយទំនាស់ដីធ្លី ក្រៅប្រព័ន្ធ​តុលាការ​ក្នុង​ថ្នាក់​ខេត្ត​ផង​ដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM