សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

កងពលតូចដឹកជញ្ជូនលេខ៩៩ប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/13 06:26:57 pm        298
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងនាយទាហាន នាយទាហានរង ពលទាហានទាំងអស់ បានប្រកាសប្រឆាំងដាច់ខាតចំពោះក្រុមជ្រុល និយមមួយក្តាប់តូចដែលមានចេតនាចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្រប់ច្បាប់ដែលកើតចេញពីការបោះឆ្នោតតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្ស ហើយសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាំពន្យល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម(ម CLV- DTA )។ តាមរយៈរញត្តិគាំទ្ររបស់កងពលតូចដឹកជញ្ជូលលេខ៩៩ បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រទាំងស្រុងចំពោះការបញ្ជាក់អំពីវិធានការម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជនទាំងឡាយណា ដែលចង់បង្កអសន្ដិសុខ បំផ្លាញសន្ដិភាព តាមរយៈការធ្វើកុបកម្មដោយខុសច្បាប់ ដើម្បីរក្សាឲ្យបាននូវសុខ សន្ដិភាព អាយុជីវិតរបស់ប្រជាជន»។ តាមរយៈញត្តិខាងលើនេះដែរកងពលតូចដឹកជញ្ជូនបានលើកឡើងផងដែរថាសកម្មភាព និងល្បិច កលដ៏ខ្មៅងងឹត ព្រៃផ្សៃរបស់ក្រុមអគតិអស់ទាំងនោះជាការវាយប្រហារដោយផ្ទាល់លើរដ្ឋធម្មនុញ្ញ និងការ ប៉ុនប៉ងបំផ្លិតបំផ្លាញសាមគ្គីភាព ឯកភាពជាតិ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាដើម។ ជាមួយគ្នានោះដែរ កងពលតូចដឹកជញ្ជូនលេខ៩៩ ក៏បានប្រកាសគាំទ្រនូវគ្រប់វិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងកិច្ចការ ពារសន្តិភាព និងស្ថិរភាព ដែលជាលក្ខខណ្ឌមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យរីកចម្រើន និង ការ ការពារអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យជាតិផងដែរ៕អត្ថបទ ៖ បាន ចក់​

អគ្គស្នងការនគរបាលជាតិទទួចឲ្យបញ្ឈប់ជាបន្ទាន់នូវចលនាណាខុសច្បាប់ ដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

2024/08/13 06:01:16 pm        131
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអំពាវនាវយ៉ាងទទួចឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរបញ្ឈប់ជាបន្ទាន់រាល់ការចូលរួមចលនាណាមួយ ដែលជាសកម្មភាពខុសច្បាប់ តាមរយ:ការញុះញង់របស់ក្រុមក្បត់ជាតិបីជំនាន់ និងបក្សពួកដែលកំពុងរត់ចោលស្រុក ហើយបើមិនដូច្នេះទេ កងកម្លាំងនគរបាលជាតិ នឹងចាត់វិធានការតាមច្បាប់ជាធរមានដោយគ្មានការលើកលែងនោះឡើយ។ ក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បាន បញ្ជាក់ថា នាពេលបច្ចុប្បន្ននេះកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នបានធ្វើឲ្យប្រទេសមាន សុខសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ ហើយកុំយកឡេសរឿងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម CLV- DTA នាំគ្នាបង្កើតចលនាណាមួយដោយខុសច្បាប់ដើម្បីចង់ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នោះគឺមិនអាចទៅរួចនោះទេ កម្លាំងនគរបាលនឹងចាត់វិធានការភ្លាមៗ ខណៈចលនានេះត្រូវបាននគរបាលបានដឹងអស់ហើយថែមទាំងរឹបអូសបាននូវវត្ថុតាងមួយចំនួនដែលពួក ក្រុមទាំងនោះបានត្រៀមទុកផងដែរ។​នៅក្នុងសន្និសីទសារព័ត៌មាននោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាឲ្យ កងកម្លាំងនគរបាលជាតិទាំងអស់មិនត្រូវអព្យាក្រឹត្យជាមួយចលនាខុសច្បាប់នោះឡើយ ហើយត្រូវតែគាំទ្រ និងការពារឲ្យបាន ជាដាចខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋ និងតាមគន្លងប្រជាធិបតេយ្យ សេរីពហុបក្សនោះ។  នាយឧត្តមសេនីយ៍ ស ថេត ក៏បានបញ្ជាក់ផងដែរថា ការប្រកាសចាត់វិធានការតាមច្បាប់ទៅលើ ចលនាណាមួយដែលមានបំណងចង់បះបោរ ប្រឆាំងរាជរដ្ឋាភិបាលតាមការញុះញង់របស់ក្រុមប្រឆាំងនៅក្រៅប្រទេសមួយក្ដាប់តូចនោះ មិនមែនជាការគំរាមកំហែង ឬគាប់សង្កត់សិទ្ធិសេរីភាពឡើយ ផ្ទុយទៅវិញ ជាការអនុវត្តតាមច្បាប់កំណត់ប៉ុណ្ណោះ ដើម្បីសន្តិសុខជាតិ និងប្រជាជនកម្ពុជាទាំងមូល។ យ៉ាងណាក៏ដោយតាមរយៈសន្និសីទសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្តាំទៅឱពុកម្តាយ អណាព្យាបាលទាំងអស់ គប្បីត្រូវណែនាំ និងប្រាប់កូនចៅរបស់ខ្លួនកុំឲ្យចូលរួម និងត្រូវដកខ្លួនចេញជាបន្ទាន់ពីក្រុមចលនាប្រឆាំងខុសច្បាប់ទាំងនោះ ហើយត្រូវធ្វើការពិចារណាឲ្យបានឌិតដល់មុននឹងសម្រេចធ្វើតាមការញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះ៕អត្ថបទ ៖ បាន ចក់

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសមាគម អៃរាវត្តា ពិនិត្យលទ្ធភាពបង្កកំណើត និងបង្កាត់ពូជសត្វដំរី ដើម្បីបង្កើនបរិមាណ

2024/08/13 04:19:25 pm        722
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី១២ សីហា ឆ្នាំ២០២៤ បានទទួលជួបសម្តែងការគួរសម ជាមួយសមាគមមូលនិធិអភិរក្សដំរីខ្មែរ អៃរាវត្តា (Airavata Elephant Foundation) ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធសត្វដំរី។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបនេះ បានសសេរឲ្យដឹងក្នុង​បណ្តាញ​សង្គមថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងកោតសរសើរចំពោះ​សមាគម​ក្នុងការពិនិត្យលទ្ធភាពសហការធ្វើការជាមួយគ្នាទាំងលក្ខណៈច្បាប់ និងលក្ខណៈ​បច្ចេកទេស ដើម្បីឱ្យមានភាពប្រសើរឡើងក្នុងការអភិរក្សដំរីស្រុកនៅកម្ពុជា។នៅក្នុងការងារនេះ ​ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់សមាគមឱ្យគិតគូរផ្តោតសំខាន់​លើ​សុខុមាលភាព​ដំរីឱ្យបានល្អ ត្រូវមានផែនការច្បាស់លាស់ ​ដើម្បីធានានូវប្រសិទ្ធភាព និង​គិតគូរអំពីលទ្ធភាពបង្កកំណើត និងបង្កាត់ពូជ ដើម្បីបង្កើនបរិមាណនៃសត្វដំរីនេះ នៅក្នុងធម្មជាតិ។ ចំពោះការស្វែងរកការសហការផ្សេងៗ ​ឯកឧត្តមរដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ក្រសួងនឹងជួយ​សមាគមលើផ្នែកបច្ចេកទេស និងអ្នកជំនាញក្នុងការថែទាំ បង្កាត់ពូជ ព្រមទាំងជំរុញការផ្សព្វផ្សាយ និងលើកទឹកចិត្តគាំទ្រក្នុងការទាក់ទាញប្រជាជនអ្នកស្រឡាញ់ចូលចិត្តសត្វដំរី ឱ្យក្លាយ​ជាសមាជិកកត្តិយសនៃសមាគមខ្មែរ អៃរាវត្តា៕

លោកឧកញ៉ា ជា ធីឡាយ ប្រគល់វិញ្ញាបនបត្របញ្ចប់ឆ្នាំសិក្សា២០២៣-២០២៤ របស់កម្មវិធីអន្តរភាសា(IEP) នៃសាលារៀនសុវណ្ណភូមិ

2024/08/13 04:17:38 pm        99
ភ្នំពេញ ៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយក ស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងលោកជំទាវ យូ ឃីម ធីឡាយ បានអញ្ជើញចែកវិញ្ញាបនបត្របញ្ចប់ការសិក្សានៃកម្មវិធីអន្តរភាសាខ្មែរ-អង់គ្លេស ប្រចាំឆ្នាំសិក្សា ២០២៣-២០២៤ នៃសាលារៀនសុវណ្ណភូមិ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាតិចណូ។​កញ្ញា ឡុង កែនណារ៉ូ អ្នកគ្រប់គ្រងកម្មវិធីអន្តរភាសាខ្មែរ-អង់គ្លេស(IEP) បានឲ្យដឹងថា គោលបំណងនៃពិធីប្រគល់វិញ្ញាបនបត្រថ្ងៃនេះ គឺដើម្បីអបអរសាទរដល់ការរីកចំរើននៃការសិក្សា និងស្នាដៃរបស់សិស្សានុសិស្សក្នុងឆ្នាំសិក្សាទាំងមូល។ កម្មវិធី IEP នៅសាលារៀនសុវណ្ណភូមិ ជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍន៍ ដែលគោលដៅរបស់យើងគឺដើម្បីបណ្តុះបណ្តាលសិស្សរបស់យើង ឲ្យមានចំណេះដឹង ចរិតលក្ខណៈ ជំនាញជីវិត និងឌីជីថល។ កម្មវិធី IEP គឺជាកម្មវិធីសិក្សាពេញមួយថ្ងៃ ដែលផ្តល់ថ្នាក់ពេញមួយថ្ងៃសម្រាប់សិស្សានុសិស្សជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ចាប់ពីថ្នាក់មត្តេយ្យដល់បឋមសិក្សា និងអនុវិទ្យាល័យនៅសាលារៀនសុវណ្ណភូមិ។ គិតមកដល់ពេលនេះ មានសិស្សប្រហែល1500នាក់ ដែលបានបញ្ចប់ថ្នាក់រៀននៅឆ្នាំនេះ ក្នុងចំណោម 60ថ្នាក់ នៃទីតាំងចំនួន15សាខារបស់សាលារៀនសុវណ្ណភូមិ។ នាឱកាសនោះលោកឧកញ៉ា ជា ធីឡាយ អគ្គនាយក ស្ថាបនិកនៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានថ្លែងថា ប្អូនៗសិស្សានុសិស្ស ដែលមានវត្តមាននៅទីនេះ គឺជាសិស្សដែលមកពីទីតាំងក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ដែលមានចំនួនប្រមាណ ៨០០នាក់ និងពិតជាសប្បាយចិត្តណាស់ ដែលកុមារតូចៗរបស់សាលារៀនសុវណ្ណភូមិមានការរីកចម្រើននៅក្នុងការសិក្សា និងអាចសម្រេចគោលដៅរបស់ពួកគេបានយ៉ាងជោគជ័យសម្រាប់ឆ្នាំសិក្សានេះ។លោកឧកញ៉ា ជា ធីឡាយ បានបញ្ជាក់ថា ចំពោះកម្មវិធីអន្តរភាសា (IEP) របស់សាលារៀនសុវណ្ណភូមិ យើងបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍចំណេះដឹងរបស់សិស្សានុសិស្សទាំងអស់ ដោយជម្រុញបន្ថែមទៅលើការរៀន និងបង្រៀន និងលើកកម្ពស់ការសហការរវាងគ្រូបង្រៀន អាណាព្យាបាលសិស្ស និងសាលារៀនដើម្បីធានាបានគុណភាពនៃការសិក្សារបស់ប្អូនៗសិស្សានុសិស្សទាំងអស់។ ជាក់ស្តែងនៅក្នុងឆ្នាំសិក្សា ២០២៣-២០២៤ សិស្សានុសិស្សនៅក្នុងកម្មវិធីអន្តរភាសា (IEP) បានសម្រេចនូវសមិទ្ធផលជាច្រើននៅក្នុងការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនោះប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រលាញ់! ប្អូនៗត្រូវចងចាំថា៖ត្រូវធ្វើជាអ្នកដឹកនាំចំពោះជីវិតរបស់ខ្លួនឯងដើម្បីអាចសម្រេចគោលដៅដែលប្អូនចង់បាន ត្រូវមានភាពប្រកួតប្រជែងដើម្បីការរីកចម្រើន និងស្វែងរកចំណេះដឹងថ្មីៗដើម្បីអភិវឌ្ឍសមត្ថភាព។ ជាចុងក្រោយ កុំបោះបង់ការសិក្សានិងក្តីស្រមៃរបស់ខ្លួនឯង។ បន្តការសិក្សារៀនសូត្រ ព្រោះចំណេះវិជ្ជា និងនាំអោយមានការផ្លាស់ប្តូរវិជ្ជមានសម្រាប់ជីវិត និងសហគមន៍។ មិនថាប្អូនជួបឧបសគ្គអ្វី ទេ លោកឧកញ៉ា ជឿជាក់លើសមត្ថភាពរបស់ប្អូនក្នុងការជំនះការលំបាកទាំងនោះ៕អត្ថបទ រដ្ឋា

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តចុះសួរសុខទុក្ខកម្មកររោងចក្រនៅមូលដ្ឋាន

2024/08/13 04:02:24 pm        753
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល ខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយ​ជាមួយ​កម្មករ​រោង​ចក្រប្រមាណជាង ២,៤០០នាក់ នៅរោងចក្រ អ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន នៅស្រុក​កំព​ង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយចប់កម្មវិធី កាលពីថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា ក្នុងអំឡុងចុះសួរសុខទុក្ខនោះ កម្មករនិយោជិតសប្បាយចិត្ត និងរីករាយ​ចំពោះ​វត្ត​មានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំ​ខេ​ត្ត​ដែល​បាន​ចុះ​មក​ដល់​ទីតាំង​រោង​ចក្រ​ផ្ទាល់​ ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំង ដែល​ជា​ការ​បង្ហាញ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ចំពោះកម្មករ។ ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិន​មែន​ជា​លើក​ទី១នោះទេ ដែលឯកឧត្តម ហេង សួរ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និង​វឌ្ឍន​ភាព​ក្នុង​វិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និង​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេស​លើ​អនុសាសន៍​ដែល​ថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសាកសួរ​ផ្ទាល់​អំពី​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូនកម្មករនិយោជិត ដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និង​អត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនទៀតផងដែរ។ ការចុះ​ពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់កម្មករនិយោជិត គឺជាការតាមដាន​លើការ​អនុវត្ត​នូវអនុសាសន៍ទាំង ១០ចំណុច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពី​ដើម​អាណត្តិ​កន្លង​ទៅដែលបានដាក់ចេញដូចជាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្ត​ផ្តល់​ប្រាក់​ពិនិត្យ​សុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិក ប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗជាដើម ដែល​សុទ្ធ​សឹង​​តែ​ជាគោល​នយោបាយ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​លើ​ការ​បន្ត​ផ្តល់​ប្រយោជន៍​បន្ថែម​ជូន​ដល់​កម្មករនិយោជិត។សូមបញ្ជាក់ថា ក្រៅពីទទួលបានប្រាក់ឈ្នួលអប្បបរមា កម្មករនៅកម្ពុជានៅទទួលបាន ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ និងប្រាក់រង្វាន់អតីតភាពការងារ រួមទាំងអត្ថ​ប្រយោជន៍​ផ្សេង​ៗ​ទៀត​ផងដែរ៕ អត្ថបទ ឈិត បូរ៉ាវី

ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ៖ អង្គការសង្គមស៊ីវិល ជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល រួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

2024/08/13 03:53:56 pm        697
ពោធិ៍សាត់៖ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស) បាន​រៀប​ចំ​វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិល ដែលកំពុងមានប្រតិបត្តិការ ក្នុងខេត្តពោធិ៍សាត់ ក្រោម​អធិបតី​ភាព ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល វ.ស.ស ដោយមានការចូលរួមពីឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិក​ដៃគូ​សហការ​របស់​ វ.ស.ស.។ នេះគឺជាវេទិកាសន្ទនាដែល វ.ស.ស. រៀបចំធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ ដើម្បី​ស្វែង​យល់ពីសុខទុក្ខរបស់អង្គការសង្គមស៊ីវិលនៅថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងពង្រីក​ភាពជាដៃគូ​សហការ​ជាមួយ​អង្គការស៊ីវិល។ បន្ថែមពីលើនេះ ឆ្នាំនេះ វ.ស.ស. បានជ្រើសរើសប្រធានបទស្តីពី «ការឈ្វេងយល់ពីតួនាទីអង្គការសង្គមស៊ីវិលក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១» និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ជាច្រើនដែលអង្គការសង្គមស៊ីវិលទទួលបានពីកម្មវិធីបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) ដោយមានការចូលរួមធ្វើបទបង្ហាញពីតំណាង ប.ស.ស. ប្រចាំ​ខេត្ត​ពោធិ៍សាត់។នៅក្នុងឱកាសនោះ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ជានិច្ចជាកាល រាជ​រដ្ឋាភិបាល​ក្រោម​កា​រដឹកនាំប្រកបដោយភាពក្លៀវក្លា និងវាងវៃរបស់ សម្តេចមហាបវរតិបតី ហ៊ុន ម៉ាណែត នៅ​តែបន្តយកចិត្តទុកដាក់ និងផ្តល់​សារៈ​សំខាន់ដល់តួនាទីរបស់អង្គការសង្គម​ស៊ីវិល​ដែល​ជាដៃ​គូ​ដ៏​សំខាន់ និងវាយតម្លៃខ្ពស់​ចំពោះ​ការ​ចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយ​រាជ​រដ្ឋាភិបាល​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាពនិងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក។ ថ្លែងក្នុងកិច្ចពិភាក្សានោះ ឯកឧត្តមប្រធានបានផ្តាំផ្ញើអង្គការសង្គមស៊ីវិលបន្តធ្វើសកម្មភាពរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់ ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន និងអាជ្ញាធរថ្នាក់ក្រោមជាតិក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដោយគោរពតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងលក្ខន្តិកៈរបស់ខ្លួន។ ឯកឧត្តមបានក្រើនរំលឹកដល់អង្គការសង្គមស៊ីវិលទាំងអស់ឱ្យបានយល់ជ្រួតជ្រាប អំពីការខិតខំប្រឹងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមជាតិ ជាពិសេសគឺការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ សំដៅនាំកម្ពុជាសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ និង២០៥០។ មុននឹងបញ្ចប់ ឯកឧត្តមប្រធានក៏បានក្រើនរំលឹកកុំឱ្យមានការភាន់ច្រឡំជឿតាមការញុះញង់ពីសំណាក់មជ្ឈដ្ឋានអគតិពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលនេះជាក្របខ័ណ្ឌសហប្រតិបត្តិការរវាងប្រទេសទាំងបី ក្នុងគោលបំណងសំខាន់តែមួយគត់គឺ ដើម្បីជំរុញការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជាប់ព្រំដែនរបស់ប្រទេសទាំង៣ដូចប្រសាសន៍ដ៏ក្បោះក្បាយនិងមានអត្ថន័យថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងសេចក្តីថ្លែងការណ៍ពិសេសផ្ញើជូនជនរួមជាតិកាលពី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តមបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលជួយពន្យល់ណែនាំដល់ប្រជាជន ជាពិសេសយុវជននៅក្នុងដែនប្រតិបត្តិការងាររបស់គាត់ឱ្យបានយល់ជ្រួតជ្រាបផងដែរ ជៀសវាងការយល់ភាន់ច្រឡំជឿតាមការឃោសនាអកុសលរបស់ជនអគតិ។ ជាងនេះទៀត ឯកឧត្តមប្រធានបានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមយ៉ាងផុសផុលពីសំណាក់អង្គការសង្គមស៊ីវិលទាំងអស់ ជាមួយអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ក្នុងការអបអរសាទរយ៉ាងក្លៀវក្លាដល់ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ដែលជាគម្រោងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលនឹងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា ៕

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េបេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត

2024/08/13 03:47:06 pm        738
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤​នេះ​បានអនុញ្ញាតឱ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គ​រដ្ឋទូត​សាធារណ​រដ្ឋ​កូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់​សម្ដេច​ធិបតី​នៅ​សាធារណ​រដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​បាន​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែងជំរុញទំនាក់ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាម​រយៈកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បី​អនុវ​ត្ត​ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបាន​សម្រេច​ក្នុង​ដំណើរ​ទស្សនកិច្ចផ្លូវការខាងលើ។ សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ការ​ពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេច​ធិបតី​បាន​សម្តែង​ក្តី​រីក​រាយ​ចំពោះ​ភាព​រីក​ចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវ​បាន​តម្លើង​កម្រិត​ដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បាន​អរគុណ​រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បាន​ពិភាក្សា​គ្នាអំពី​កិច្ច​សហ​ប្រតិបត្តិការ​សំខាន់​ៗ​មួយ​ចំនួន រួមមាន៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យ​ទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចធិបតី ក្នុង​ការ​ធ្វើ​ឱ្យ​កាន់តែប្រសើរឡើងនូវបរិយាកាសអំណោយផលដល់ការវិនិយោគនៅកម្ពុជា តាមរយៈ​ការ​ដាក់​ចេញ​នូវគោលនយោបាយលើកទឹកចិត្ត និងយន្តការសម្របសម្រួលជាច្រើន សំដៅបង្កើន​ទំនុក​ចិត្ត​ និងជោគជ័យរបស់វិនិយោគិនកូរ៉េដែលបណ្តាក់ទុននៅប្រទេសកម្ពុជា។ ឯកឧត្តម​ឯក​អគ្គ​រដ្ឋទូត​ក៏បានគូសបញ្ជាក់ថា វិនិយោគិនកូរ៉េមានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី, សិក្ខាសាលា និងវេទិកាធុរកិច្ចជាបន្តបន្ទាប់៕

ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា

2024/08/13 03:41:23 pm        627
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២៤នេះបានអនុញ្ញាតឱ្យ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូក្រុមហ៊ុនចំនួន០៩ មកពីទីក្រុងសានថូវ ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ក្រុមហ៊ុនទាំង ៩ នេះ រួមមាន៖ ១-ក្រុមហ៊ុន Honji Underwear Co., Ltd. ២-ក្រុមហ៊ុន Chaoyang Yiweitai Industrial Co., Ltd. ៣-ក្រុមហ៊ុន Guandong Wanfengrun Culture Co., Ltd. ៤-ក្រុមហ៊ុន Intop Intelligent Technology Co., Ltd. ៥-ក្រុមហ៊ុន Taienkang Pharmaceutical Co., Ltd.៦-ក្រុមហ៊ុន Tianyi cold chain Logistics Group Co., Ltd. ៧-ក្រុមហ៊ុន Let's goose Co., Ltd. ៨-ក្រុមហ៊ុន Chengxin Agricultural Ecological Technology Co., Ltd. ៩-ក្រុមហ៊ុន Pengsheng Flavoring & Food Co., Ltd.។ ក្នុងឱកាសនៃជំនួប លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។ គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបានសម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។ សម្ដេចធិបតីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សនកិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់វិនិយោគិនមកពីទីក្រុងសានថូវ បន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៅកម្ពុជា ដើម្បីស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យសក្កានុពលជាច្រើនទៀត ជាពិសេសវិស័យកសិកម្ម និងឧស្សាហកម្ម៕ 

ធុរកិច្ចថ្មីជាសហគ្រិនឆ្នើម បង្កើតប្រព័ន្ធគ្រប់គ្រងទំនើប ចូលរួមដោះស្រាយបញ្ហា SME ក្នុងស្រុក

2024/08/13 03:40:48 pm        912
ភ្នំពេញ ៖ ធុរកិច្ចបណ្តុះថ្មី ដែលក្លាយជាសហគ្រិនឆ្នើម បានបង្កើតប្រព័ន្ធគ្រប់គ្រងទំនើបមួយ ដើម្បីជួយលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យម ជំរុញដល់ប្រតិបត្តិការក្នុងអាជីវកម្មកាន់តែប្រសើរ ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។​កញ្ញា ផាន់ ឡៃហេង សហស្ថាបនិកក្រុមហ៊ុន KrubKrong-គ្រប់គ្រង លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពី ការបង្កើតប្រព័ន្ធគ្រប់គ្រងជួយដល់សហគ្រាសក្នុងស្រុក នេះថា ទាក់ទងនិងបច្ចេកវិទ្យាឌីជីថល នៅក្នុងបដិវត្តកម្មបច្ចុប្បន្នកំពុងមាន សម្ទុះរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះការចាប់យកបច្ចេកវិទ្យាសម្រាប់ការងារ និងអាជីវកម្ម គឺជារឿងមួយចាំបាច់បំផុត ដើម្បីជួយដល់កិច្ច ដំណើរការសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ដែលជាមធ្យោបាយសម្រាប់ការពង្រីង និងពង្រឹកអាជីវកម្មរបស់ខ្លួន ឈាន ទៅប្រកួតប្រជែងផលិតផលលើទីផ្សារក្នុងស្រុក តំបន់ និងសកលលោក។ដោយឃើញរបត់នៃការរីកចម្រើននេះ កញ្ញា ផាន់ ឡៃហេង រួមជាមួយសហស្ថាបនិកដ៏ទៃទៀត បានបង្កើតប្រព័ន្ធ KrubKrong-គ្រប់គ្រង ដើម្បីជួយលើកកម្ពស់ និងដោះស្រាយដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការលក់នៅតាមហាង ឬផ្នែកលក់សម្រាប់ អាជីវកម្មផ្សេងៗក្តី ក្នុងគោលដៅជួយគាំទ្រដល់ការរីកចម្រើនសហគ្រាសក្នុងស្រុក ខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកវិស័យនេះ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច, ជាក់ស្តែងមកដល់ពេលនេះក្រុមហ៊ុន KrubKrong-គ្រប់គ្រង ទទួលបានអតិថិជនប្រមាណជាង ៥០ សហគ្រាស ហើយ ដែលកំពុងប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងនេះ ក្នុងនោះប្រសិនអតិថិជនចាប់អារម្ភណ៍នៃប្រព័ន្ធ KrubKrong នេះ គឺអាច ធ្វើការសាកល្បងរយៈពេល ១៤ ថ្ងៃ ដោយមិនគិតកម្រៃសេវាអ្វីនោះឡើយ ដើម្បីបង្ហាញដល់អាជីកម្មទាំងអស់បានឃើញផល ប្រយោជន៍ នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ។កញ្ញា ផាន់ ឡៃហេង បញ្ជាក់ថា KrubKrong មានទំនុកចិត្តក្នុងការដោះស្រាយជូនម្ចាស់អាជីវកម្ម ទាំងផ្នែកប្រតិបត្តិការក្នុងហាង និងផ្នែកលក់ ហើយប្រភេទអាជីវកម្មដែលត្រូវនឹងប្រពន្ធ័ KrubKrong មានដូចជា៖ អ្នកលក់ដុំ និងរាយ លក់អនឡាញ ហាងលក់គ្រឿង អលង្ការ ហាងកាហ្វេ សំលៀកបំពាក់ សៀវភៅ កសិកម្មជាដើម។ បញ្ហានេះប្រសិនម្ចាស់អាជីកម្ម យកប្រពន្ធ័ KrubKrong ជាដំណោះ ស្រាយ ម្ចាស់អាជីវកម្មនិងចំណាយលុយតិច ជាមួយអ្នកការជួយ Support ពីក្រុមការងាររបស់ KrubKrong ផ្ទាល់ ការទទួលបាន ការ update ថ្មីពីប្រពន្ធ័ជាបន្តបន្ទាប់ ហើយនៅពេលអនាគតក្រុមហ៊ុននឹងពង្រីកសេវាកម្ម ដើម្បីឱ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទអាចប្រើ ប្រាស់ឧបករណ៍នេះ ដើម្បីពង្រីក និងពង្រីកអាជីវកម្មរបស់ពួកគេ។ នេះគឺជាគម្រោងមួយដែលមានគោលដៅធំ ដើម្បីជួយម្ចាស់ អាជីវកម្មក្នុងស្រុកតូចៗ ឱ្យមានភាពរីកចម្រើនក្នុងយុគសម័យឌីជីថល ក្រោមប្រព័ន្ធ KrubKrong ដែលបង្កើតដោយធុរកិច្ចបណ្តុះថ្មី នៃយុវជនកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា និងទីក្រុងសានថូវ បង្កើតកិច្ចសហប្រតិបត្តិការទ្វេរភាគីផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា

2024/08/13 03:29:36 pm        639
ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងគណៈប្រតិភូមកពីរដ្ឋបាលទីក្រុងសានថូវ ប្រទេស​ចិន បានសហការគ្នារៀបចំសន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌ ក្នុង​គោលបំណងដើម្បីរួមចំណែក ក្នុងការស្វែងរកកាលានុវត្តភាពថ្មី សម្រាប់​ពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការផ្នែកធុរកិច្ច និងវិនិយោគនៅកម្ពុជា ពិសេសផ្តោតសំខាន់លើវិស័យទេសចរណ៏ អចលទ្រព្យ ហេដ្ឋារចនា សម្ព័ន្ធរូបវន្ត សេវាកម្ម វាយនភណ្ឌ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​មួយ​ចំនួន​ទៀត​។សន្និសីទនេះ បានប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅអគារ City Hall កោះពេជ្រ ក្រោមវត្តមានរបស់ ឯកឧត្តម សេង វណ្ណៈ អភិបាលរង នៃគណៈ​អភិបាល​រាជ​ធានី​ភ្នំពេញ , ឯកឧត្តម ជិន ឆុង អគ្គទីប្រឹក្សានៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការ​ចូលរួម​ពី​ភ្ញៀវ​កិត្តិយ​ស​ជាតិ និងអន្តរជាតិជាច្រើនរូប។ក្នុងឱកាសនោះ លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា បាន​ជំរាប​ជូន​អង្គប្រជុំឲ្យបានជ្រាបថា កម្ពុជា ជាប្រទេសសមាជិកអាស៊ាន ដែលមាន​គោល​នយោបាយ​សេដ្ឋកិច្ច​បើក​ចំហរកម្រិតខ្ពស់មួយនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានគុណសម្បត្តិចម្បងៗដូចជា មាន​ទីតាំងភូមិសាស្រ្តដ៏ល្អប្រសើរ គ្មានខ្យល់ព្យុះ មិនមានគ្រោះរញ្ជួយដី ឬគ្រោះ​មហន្ត​រាយ​ធ្ងន់​ធ្ងរ​ផ្សេង​ៗ​នោះ​ទេ ហើយស្ថានការណ៍នយោបាយគឺមានស្ថិរភាព គ្មានការគ្រប់គ្រង​លើ​ការ​ប្តូរ​រូបិយប័ណ្ណ និងទទួលបានការអនុគ្រោះពន្ធអាករជាច្រើន ហើយក៏ជាប្រទេសដ៏មានសារសំខាន់មួយក្នុងការជំរុញការកសាងនៃគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” ផងដែរ។លោកអ្នកឧកញ៉ា បានគូសបញ្ជាក់ទៀតថា សន្និសីទជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងផ្លាស់ប្តូរវប្បធម៌នាពេលនេះ មិនត្រឹមតែបានចងសម្ព័ន្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងគណៈប្រតិភូសហគ្រាសសានថូវ និងសហគ្រាសក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានសម្រេចនូវការចុះហត្ថលេខាលើលិខិតបញ្ជាក់សុច្ឆន្ទៈ ស្តីពីការជមរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តការ រដ្ឋបាលរាជធានីភ្នំពេញ និងទីក្រុងសានថូវ ក្នុងការជំរុញនូវការបំពេញបន្ថែមលើវិស័យនានានៃទីក្រុងទាំងពីរ ដើម្បីនាំផលប្រយោជន៍ដល់ភាគីទាំងសងខាង។លោក វិន ចានពីង (WEN ZHAN BIN) លេខាគណៈកម្មាធិការបក្សទីក្រុងសានថូវ បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា កិច្ចប្រជុំផ្លាស់ប្តូរនេះ មានគោលបំណងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអភិវឌ្ឍន៍កន្លែងទាំងពីរ និងសម្រេចបាននូវវិបុលភាពរួម។ លោកបានឲ្យដឹងថា ទីក្រុងសានថូវ និងទីក្រុងភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងផ្លាស់ប្តូរមិត្តភាព ដើម្បីបង្កើនគុណភាព និងកម្រិតនៃកិច្ចសហប្រតិបត្តិការ សានថូវ-កម្ពុជា និងពង្រឹងចំណងមិត្តភាពកម្ពុជា-ចិន។ លោកបានណែនាំក្រុមហ៊ុនជាង១២០ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ ព្រមទាំងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសហគ្រិនក្នុងប្រទេសកម្ពុជា មកទស្សនាទីក្រុងសានថូវ រីករាយនឹងទេសភាពដ៏ស្រស់ស្អាត និងភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់។ លោកបានបន្ថែមថា លើសពីនេះ សន្និសីទធុរកិច្ច Chaozhou ពិភពលោកលើកទី១០ នឹងប្រារព្ធឡើងនៅទីក្រុងសានថូវ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសន្និសីទប្រចាំឆ្នាំរបស់សហព័ន្ធ Chaozhou អន្តរជាតិលើកទី២២ នឹងប្រព្រឹត្តទៅក្នុងពេលជាមួយគ្នាដោយស្មោះស្ម័គ្រនឹងអញ្ជើញបងប្អូនអ្នកភូមិ និងមិត្តភក្តិដែលចូលរួមក្នុងសន្និសីទនេះ។   ឯកឧត្ដម សេង វណ្ណៈ ក្នុងឱកាសនោះក៏បានលើកទឹកចិត្តដល់វិនិយោគិន ពាណិជ្ជករ និងធុរជន ដែលមានវត្តមានក្នុងអង្គសន្និសីទនេះ ពិសេសគណៈប្រតិភូទីក្រុង សានថូវនៃសាធារណរដ្ឋប្រជាមានិតចិន គួរធ្វើការសិក្សា ពិនិត្យលទ្ធភាព និងចាប់យក កាលានុវត្តភាពវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានឆាប់រហ័ស ក្នុងបរិការណ៍សេដ្ឋកិច្ចប្រកបដោយភាព អនុគ្រោះខ្ពស់ និងបរិយាកាសវិនិយោគដ៏គាប់ប្រសើរនេះ ពិសេសចំពោះមុខ រាជធានីភ្នំពេញ មានតម្រូវការវិនិយោគលើ វិស័យធំៗដូចជា ទេសចរណ៍ កសិឧស្សាហកម្ម សុខាភិបាល អចលនទ្រព្យដែលមានគុណភាព និងវិស័យហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសម្រាប់តភ្ជាប់ប៉ូលសេដ្ឋកិច្ចរវាងទីក្រុងភ្នំពេញ និងខេត្តជនបទ និងរវាងទីក្រុងភ្នំពេញ ជាមួយនិងទីក្រុង នៃប្រទេស ក្បែរខាង តាមអ័ក្សសេដ្ឋកិច្ច ភ្នំពេញ-បាងកក ភ្នំពេញ-ហូជីមិញ ភ្នំពេញ-វៀងចន្ទន៍ ភ្នំពេញ-គុណមិញ ជាដើម។សូមបញ្ជាក់ថា ក្នុងសន្និសីទនេះដែរ ក៏មានរៀបចំពិធីចុះអនុស្សរណៈនៃការយោគយល់ស្តីពី សេចក្តីព្រាងការជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការ រាជធានីភ្នំពេញ និងទីក្រុងសានថូវ ផងដែរ រួមមានដូចជា៖១.ភាគីទាំងពីរបានឯកភាពគ្នាបង្កើតទំនាក់ទំនងផ្លាស់ប្តូរទីក្រុងជាមិត្ត ដើម្បីពង្រឹងការយោគយល់ និងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងទីក្រុង និងប្រជាជននៃទីក្រុងទាំងពីរ ព្រមទាំងធ្វើការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម កសិកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ វប្បធម៌ និងទេសចរណ៍។ល។២. ភាគីទាំងពីរ នឹងធ្វើការផ្លាស់ប្តូរទស្សនកិច្ច និងសកម្មភាពនានាទៅវិញទៅមកយ៉ាងសកម្ម រក្សាការប្រាស្រ័យ ទាក់ទងគ្នា លើការផ្លាស់ប្តូរសកម្មភាពជាមិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ប្រយោជន៍ទៅវិញទៅមក កិច្ចការដែល យកចិត្តទុកដាក់រួមគ្នា ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។៣. ក្រោយពេលអនុស្សរណៈនេះចូលជាធរមាន ទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលរាជធានីភ្នំពេញ និងការិយាល័យកិច្ចការបរទេស នៃទីក្រុងសានថូវ ខេត្តក្វាងតុង ត្រូវដើរតួជាយន្តការ សម្របសម្រួលពិគ្រោះយោបល់ការអនុវត្តខ្លឹមសារនៃអនុស្សរណៈនេះ។៤. អនុស្សរណៈនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា និងមានសុពលភាពរយៈពេល ៥ ឆ្នាំ។ អំឡុងពេល ៦ខែមុនផុតកំណត់សុពលភាព ប្រសិនបើមិនមានភាគីមួយណាស្នើឱ្យបញ្ចប់ អនុស្សរណៈនេះនឹងបន្តមានសុពលភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM