សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយប្រធានចលនាយុវជនអ៊ិស្លាមម៉ាឡេស៊ី ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរ

2024/08/12 07:37:51 pm        88
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា(CMYA) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាងារការជាមួយ លោក Ahmad Fahmi Mohd Samsudin ប្រធានចលនាយុវជនអ៊ិស្លាមម៉ាឡេស៊ី(ABIM) នៅវិមានសន្តិភាព នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នេះ។ជំនួបនេះ មានគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការការងារនាពេលខាងមុខរវាង CMYA និង ABIM លើកិច្ចការមនុស្សធម៌ អប់រំ យុវជន និងផ្សេងៗ។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនពីវឌ្ឍនភាព នៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចធិបតីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លើសពីនេះទៅទៀត សហគមន៍ឥស្លាមកម្ពុជា ត្រូវបានអនុញ្ញាតឲ្យមានតំណាងសហគមន៍ខ្មែរឥស្លាម បានក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន នីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិ ដើម្បីជួយសម្របសម្រួល និងដោះស្រាយរាល់បញ្ហាជូនសហគមន៍ឥស្លាមឲ្យបានទាន់ពេលវេលា។ឯកឧត្តមបណ្ឌិតបន្តថា កន្លងមកសាកលវិទ្យាល័យមួយចំនួននៅម៉ាឡេស៊ី បានផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សាលើមុខជំនាញផ្សេងៗ ទាំងផ្នែកសាសនា និងវិទ្យាសាស្ត្រ។ ឯកឧត្តមបន្ថែមថា ការងារអភិវឌ្ឍន៍សមត្ថភាពយុវជន កម្ពុជាបាននឹងកំពុងរៀនបទពិសោធន៍ពី ចលនាយុវជនម៉ាឡេស៊ី ខណៈចលនាយុវជនម៉ាឡេស៊ីនេះ ជាអង្គការដែលមានវ័យចំណាស់ និងមានថ្នាក់ដឹកនាំ សុទ្ធសឹងតែជាអ្នកមានតួនាទីខ្ពស់ៗ ក្នុងជួររាជរដ្ឋាភិបាលម៉ាឡេស៊ី។លោក Ahmad Fahmi Mohd Samsudin បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងការអភិវឌ្ឍន៍យ៉ាងឆាប់ រហ័សរបស់ប្រទេសកម្ពុជា និងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់សិទ្ធសេរីភាពដល់សាសនិកឥស្លាមកម្ពុជា និងបានផ្តល់គោលនយោបាយ លើកកម្ពស់សហគមន៍ឥស្លាមកម្ពុជា។ជាមួយគ្នាដែរ លោកបានរំលេចពីសកម្មភាពរបស់ ABIM ដែលភាគច្រើនផ្តោតលើការងារអភិវឌ្ឍយុវជន និងការងារមនុស្សធម៌ ជាក់ស្តែងកន្លងមកABIM បានផ្តល់ជំនួយដល់ជនរងគ្រោះនៅតំបន់ហ្គាហ្សា និងមានសកម្មភាពជាច្រើនទៀត។ ដោយឡែកនៅកម្ពុជា ABIM បានចុះអនុស្សានយោបយល់គ្នា (MoU) ជាមួយអង្គការសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការ លើការងារអភិវឌ្ឍយុវជន អប់រំ និងផ្សេងៗទៀត។សូមជម្រាបជូនថា ABIM ជាអង្គការផ្តោតលើការងារយុវជន វិស័យអប់រំ និងផ្សេងៗទៀត ដ៏លេចធ្លោមួយនៅប្រទេសម៉ាឡេស៊ី ដែលកន្លងមកសុទ្ធសឹងតែមានថ្នាក់ដឹកជាមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាលម៉ាឡេស៊ី ជាស្ថាបនិកក្នុងនោះក៏មាននាយករដ្ឋមន្ត្រីម៉ាឡេស៊ីបច្ចប្បន្ន ឯកឧត្តម Anwar Ibrahim ធ្លាប់ជាប្រធានចលនាយុវជនម៉ាឡេស៊ីនេះផងដែរ ខណៈអង្គការនេះបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧១៕ អត្ថបទ ៖ ភារម្យ

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាតិសាសន៍ខ្លួនឯង

2024/08/12 07:34:44 pm        159
ភ្នំពេញ ៖តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ ក៏បានចាត់ទុកអ្នកចោទប្រកាន់មកលើគម្រោងអភិវឌ្ឍ CLV ជាការប្រមាថគ្រួសារ និងជាសតិសាសន៍ខ្លួនឯង។ ​សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង ក្រុមធ្វើបាតុកម្មនៅក្រៅប្រទេស ដែលប្រឆាំងនឹងគម្រោង CLVថា កម្ពុជាគឺជាប្រទេសកម្ពុជាឯករាជ្យមួយ ប៉ុន្ដែបើបងប្អូនបែរជាគិតថាកម្ពុជាបានកំពុងត្រួតដោយវៀតណាមនោះ គឺជាការមើលស្រាល មិនមែនតែចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារ និងជាតិសាសន៍របស់ខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាថែមទៀតផង។ សម្ដេចតេជោបន្តថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់ ចំពោះការចោទប្រកាន់មកលើកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។សូមបញ្ជាក់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម CLV-DTA គឺផ្តោតសំខាន់តែលើ ការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធ និងថាមពល ព្រមទាំងរួមបញ្ចូលទាំងការងារកិច្ចសហប្រតិបត្តិការផ្នែកសង្គមកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ការពារ និងអភិវឌ្ឍ បរិស្ថាន និងវប្បធម៌ សុខាភិបាល ការធានាសុវត្ថិភាព សន្តិសុខ និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការរក្សាតុល្យភាពរវាងការអភិវឌ្ឍ និងអភិរក្សបរិស្ថានផងដែរ មិនមែនជាការកាត់ដីទៅឱ្យប្រទេសផ្សេងដោយការមួលបង្កាត់ចោទប្រកាន់របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនោះឡើយ៕

សម្ដេចតេជោ អំពាវនាវដល់បងប្អូននៅក្នុង«ក្រុមរួបរួមដើម្បីជាតិ»ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល

2024/08/12 07:30:10 pm        123
ភ្នំពេញ ៖ តាមរយៈសារសំឡេងពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនក្រុមបង្កើតចលនាប្រឆាំង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ សម្ដេចតេជោ បានអំពាវនាវដល់ អំពាវនាវដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឈប់ចាញ់កលការញុះញង់ចង់ផ្ដួលរំលំរដ្ឋាភិបាល ពីព្រោះអាចនឹងប្រឈមមុខចំពោះច្បាប់ជាធរមាន។ ​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ថា ពាក្យដែលថាផ្ដួលរំលំក្រៅប្រព័ន្ធដំណើរការប្រជាធិបតេយ្យ គឺស្នើនឹងការធ្វើរដ្ឋប្រហារមួយ ដូច្នេះរាជរដ្ឋាភិបាលមិនអាចយោគយល់លើទង្វើខុសច្បាប់នេះបានជាដាច់ខាត។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា ផែនការធ្វើបាតុកម្មរបស់ពួកក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនោះ ដែលប្រុងនឹងផ្ដួលរំលំរាជរដ្ឋាភិបាល និងអំពាវនាវឱ្យកម្លាំងប្រដាប់អាវុធបែកាណុង ដើម្បីផ្ដួលរាជរដ្ឋាភិបាល សូមបញ្ឈប់ទៅ ហើយគ្រោងការទាំងឡាយដែលក្រុមធ្វើបាតុកម្ម និងផ្ដួលរំលំរាជរដ្ឋាភិបាលនេះ គឺរាជរដ្ឋាភិបាលបានកំណត់មុខសញ្ញាអស់ហើយ បើសិនជានៅតែបន្តធ្វើនោះនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមានជាមិនខាន។ តាមរយៈសារដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ដល់បងប្អូននៅក្នុង «ក្រុមរួបរួមដើម្បីជាតិ» ឱ្យចង់ចាំថា ពួកអ្នកចង់ផ្ដួលរំលំរាជរដ្ឋាភិបាល ក៏ប៉ុន្ដែរាជរដ្ឋាភិបាលក៏មានកាតព្វកិច្ច ដើម្បីការពារនូវរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីរាជរដ្ឋាភិបាលនោះការពារប្រជាជនជាបន្តទៀត៕

IPA និងអង្គការ សមាគម ចំនួន ២០ ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)

2024/08/12 05:28:03 pm        65
ភ្នំពេញៈ សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ហៅកាត់ថា IPA និងអង្គការ សមាគម ចំនួន ២០ បានចេញសេចក្តីថ្លែងការណ៍ប្រកាសគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមគ្នារបស់សម្ព័ន្ធអង្គការ សមាគមទាំង២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ក្នុងសេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃសម្ព័ន្ធអង្គការ សមាគម ចំនួន ២០ស្ថាប័ន បានតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បច្ចប្បន្នជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ យើងខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរ និងស្ញប់ស្ញែងជាទីបំផុតចំពោះគំនិតប្រកបដោយឧត្តមគតិស្នេហាជាតិខ្ពស់ និងប្រកបដោយការគិតគូរយ៉ាងល្អិតល្អន់ សម្រាប់ផលប្រយោជន៍សង្គមជាតិ ពិសេសខេត្តជាប់ព្រំដែនឡាវ និងវៀតណាម ក្នុងគោលដៅសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ទេសចរណ៍ និងវិស័យ ដែលមានសក្តានុពលជាច្រើនផ្សេងទៀត ដូចជា៖ ការសម្របសម្រួលសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការធ្វើអាជីវកម្មលើសក្តានុពលកសិកម្ម ព្រៃឈើ និងទេសចរណ៍ ការកសាងធនធានមនុស្សសម្រាប់កសិកម្ម ទេសចរណ៍ ឧស្សាហកម្មពាក់ព័ន្ធ និងសិប្បកម្ម និងការសម្រួលដល់លំហូរទំនិញឆ្លងកាត់ព្រំដែន ប្រជាជន និងការវិនិយោគ រវាងប្រទេសទាំងបី “កម្ពុជា-ឡាវ-វៀតណាម” ក្នុងគោលដៅ នៃការបង្កើតនូវព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។សេចក្តីថ្លែងការណ៍ដដែល បានបន្តថា យើងខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម(CLV-DTA) ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ជាងនេះទៅទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជិតខាង និងក្នុងតំបន់ ទាំងក្នុងបរិបទទ្វេភាគីនិងពហុភាគី ដោយមានការជឿជាក់ និងផ្តល់ទំនុកចិត្តបំផុតចំពោះរាជរដ្ឋាភិ- បាលបច្ចុប្បន្នដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងបរិបទនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២០ បានបន្តទៀតថា ជាមួយគ្នានេះយើងខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស មេត្តាចៀសវាងនូវព័ត៌មានមិនពិត មានលក្ខណៈមូលបង្កាច់ ញុះញង់ បំពុលសង្គម ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ប្រើដើម្បីកេងចំណេញផ្នែកនយោបាយ ដែលជាផ្នែកមួយនៃផែនការដ៏ខ្មៅងងឹតរបស់ពួកគេ។ ជាមួយគ្នានេះដែរ យើងខ្ញុំក៏សូមស្នើដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមជ្រុលនិយមទាំងនោះ ឱ្យបានម៉ឺងម៉ាត់បំផុត។សូមបញ្ជាក់ថា សម្ព័ន្ធអង្គការ សមាគមទាំង២០ រួមមាន ៖ (១). សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ, (២). អង្គការលើកកំពស់ជីវភាពកសិករ, (៣). អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជា, (៤). សមាគមពិធីករ ពិធីការិនីកម្ពុជា, (៥). សមាគមនិស្សិត សិស្សខេត្តព្រៃវែង, (៦). អង្គការវិទ្យាស្ថានសបីអភិវឌ្ឍន៍យុវជន, (៧). អង្គការសង្គ្រោះបម្រើក្តីសង្ឃឹមពិភពលោក, (៨). សមាគមទ្រទ្រង់កសិកម្មធម្មជាតិកម្ពុជា, (៩). អង្គការត្បូងទទឹមកម្ពុជា, (១០). អង្គការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជា, (១១). អង្គការសហព័ន្ធអង្គការស្ត្រីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍, (១២). អង្គការពន្លឺអភិវឌ្ឍន៍ជនក្រីក្រ, (១៣). សមាគមស្ត្រីសម្រាប់សំរាប់អភិវឌ្ឍន៍សិទ្ធិមនុស្ស ឧស្សាហកម្ម កសិកម្ម, (១៤). សមាគមអរុណរះ, (១៥). សមាគមសម្ព័ន្ធស្ត្រីខ្មែរការពារសិទ្ធិមនុស្ស ដើម្បីអភិវឌ្ឍន៍, (១៦). អង្គការសហគមន៍គ្រួសារអភិវឌ្ឍកសិកម្ម, (១៧). អង្គការខេមរា, (១៨). អង្គការអភិវឌ្ឍសេដ្ឋកិច្ច អតីតយុទ្ធជនកម្ពុជា, (១៩). អង្គការកម្មវិធីជួយកុមារអនាថានិងអភិវឌ្ឍន៍ និង(២០). សមាគមសង្គ្រោះជនរងគ្រោះដោយគ្រឿងញៀនកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន៖ខឿនការពារជាតិរបស់ប្រជាជនគឺមានកម្លាំងខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀត

2024/08/12 05:16:33 pm        115
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធកម្ពុជាបានថ្លែងថា ខឿនការពារជាតិដែល កើតចេញពីប្រជាពលរដ្ឋគឺវាខ្លាំងជាងរបងបេតុងច្រើនជាន់ទៅទៀតខណៈការលើកឡើងរបស់សម្តេចបែបនេះគឺឆ្លើយតបនឹងបុគ្គលមួយចំនួន ដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិហើយស្នើរឲ្យរាជរដ្ឋាភិបាលធ្វើ របងការពារព្រំដែនរវាងកម្ពុជា និងវៀតណាមនោះ។ តាមរយៈសារពិសេសមួយនារសៀលថ្ងៃនេះ ដើម្បីបញ្ជាក់បន្ថែមអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រី កោណរវាងកម្ពុជា ឡាវ និងវៀតណាម ប្រាប់ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មានបងប្អូនប្រជាពលរដ្ឋខ្លះជាពិសេសគឺក្រុមដែលតាំងខ្លួន ឯងជាអ្នកស្នេហាជាតិនោះបាននិយាយហាក់បីដូចជាងាយស្រួលណាស់ ដែលស្នើរឲ្យមានការធ្វើរបងរវាង កម្ពុជា និងវៀតណាម ខណៈត្រង់ចំណុចនេះសម្តេចបានចោទសួរទៅក្រុមទាំងនោះថា តើការធ្វើរបងពិត ជាខ្លាំងឬជាប់ជាងកម្លាំងរបស់ប្រជាជនដែរឬទេ?។ សម្តេចបានបន្ថែមទៀតថា ការធ្វើរបងដើម្បីតែបិទឬ ឃាំងរវាងព្រំដែនរវាងកម្ពុជា និងវៀតណាម ឬប្រទេសជិតខាងកម្ពុជានេះគេអាចលូតផ្លោះបាន ឬបាញ់ផ្តួលរំលំបាន ខណៈដែលកម្ពុជាយើងត្រូវធ្វើរាប់រយរាប់ពាន់គីឡូនោះ ហើយការធ្វើរបងបែបនេះគឺទុកឲ្យ កម្ពុជានៅតែឯងឬយ៉ាងម៉េច?​ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបទៅកាន់ក្រុមប្រឆាំង និងក្រុមធ្វើបាតុកម្មនៅក្រៅប្រទេសដែលប្រឆាំងនឹងគម្រោងCLVផងដែរថា កម្ពុជាមិនមែនជាប្រទេសសាមញ្ញដូចការគិតរបស់បងប្អូននោះទេ ប្រទេសកម្ពុជាគឺជាប្រទេសឯករាជ្យមួយ ហើយបងប្អូនបែជាគិតថាកម្ពុជា បានកំពុងត្រួតដោយវៀតណាម ខណៈការចោទរបស់បងប្អូនបែបនេះគឺបានកំពុងតែមើលស្រាល មិនមែនតែមើលស្រាលចំពោះសម្តេច ឬរាជរដ្ឋាភិបាលប៉ុណ្ណោះទេ តែបងប្អូនបានមើលស្រាលទាំងក្រុមគ្រូសារខ្លួនឯងដែលកំពុងរស់នៅក្នុងប្រទេសថែមទៀតផង។ ដូច្នេះហើយបងប្អូនខ្លះអាចឈានដល់ការប្រមាថជាតិសាសន៍ខ្លួនឯងថាយកប្តី ឬប្រពន្ធវៀតណាម។ ត្រង់ន័យនេះ សម្តេចបានបន្ថែមថា សម្តេចមិនទប់ស្កាត់ការបញ្ចេញមតិរបស់បងប្អូនតែ ប៉ុន្តែគប្បីត្រូវនិយាយការពិត វាប្រសើរជាងនិយាយមូលបង្កាច់។ តាមរយៈសារសំឡេងពិសេសនេះដែរ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ក៏បាន បានចោទសួរទៅកាន់ក្រុមប្រឆាំងនឹងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម ថាបើប្រសិនបើមិនឲ្យរាជរដ្ឋា ភិបាលធ្វើការអភិវឌ្ឍតំបន់នោះទេ តើត្រូវឲ្យរាជរដ្ឋាភិបាលទុកតំបន់បួនខេត្តនោះចោល ឬយកខេត្តទាំងបួននោះយកទៅដាក់លើមេឃ?៕អត្ថបទ ៖ បាន ចក់

ភាពក្លាហាន និងចេះសម្របខ្លួនក្នុងមជ្ឈដ្ឋានជុំវិញនឹងជំរុញឱ្យយុវជនកាន់តែមានសក្កានុពល

2024/08/12 04:53:15 pm        832
ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនគឺជាកម្លាំងស្នូលដ៏សំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ ជាតិ យុវជនត្រូវខិតខំពង្រឹងសមត្ថភាពចំណេះដឹងជាពិសេសត្រូវមានភាពក្លាហាន និងត្រូ​វ​ចេះបត់​បែន​ខ្លួន​ក្នុង​មជ្ឈដ្ឋាន​ជុំវិញ​ដើម្បីឲ្យក្លាយជាយុវជនកាន់តែមានសក្តានុពលដើម្បី​អាច​ចាប់​យក​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យការងារនាពេលអនាគត ។នេះជាការលើកឡើងរបស់យុវតី ឡេង ម៉ូលីណា ជាជំនួយការកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា ដែល​ធ្វើ​ការ​ឡើង​ជិតស្នឹតជាមួយយុវជននិងស្រ្តីនៅតាមបណ្តាខេត្តនានាទៅលើការលើកកម្ពស់សិទ្ធអំណាចស្រ្តី យុវជន និងពលរដ្ឋ។ យុវតី ឡេងម៉ូលីណា បានបញ្ជាក់ថា : ត្បិតថា​ខ្លួន​ទើប​បញ្ចប់​ការ​សិក្សា​បរិញ្ញាប័ត្រ​ជំនាញ​ទំនាក់ទំនងអន្តរជាតិជិត១ខែកន្លងមកនេះក៏ដោយ , តែដោយសារតែកន្លងមកយុវតីរូបនេះ បាន​ចូលរួមធ្វើការសង្គម និងបានចូលរួមក្នុងវេទិកាជាច្រើនទាំងក្នុងប្រទេស និងនៅ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ទើបធ្វើឲ្យយុវតីរូបនេះ ទួលបានបទពិសោធន៍ច្រើននិងមានឱកាសការងារខ្ពស់។ យុវតី​ឡេង​ ម៉ូលីណា បានបញ្ជាក់ទៀតថា : ក្រៅពីការខឹតខំសិក្សា ពង្រឹងសមត្ថភាពខ្លួនឯងហើយ យុវជន​ត្រូវចេះ​ចូលរួមធ្វើការងារសង្គម ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ក្នុងការពង្រឹងភាពក្លាហាន រួមទាំង​អាច​ចេះ​សម្រប​ខ្លួនក្នុងមជ្ឈដ្ឋានជំវិញខ្លួនធ្វើឲ្យខ្លួនឯងកាន់តែមានសក្តានុពលបន្ថែមទៀត ។ យុវតី ឡេងម៉ូលីណា បានចែករំលែកនូវគន្លឹះសំខាន់ៗទៅកាន់យុវជនខ្មែរ បន្ថែមទៀតថា យុវជន​ក៏​មាន​តួនាទី​សំខាន់​ចូល​រួមក្នុងកិច្ចអភិវឌ្ឍន៍ជាតិតាមរយៈ ការតាមដាន​នូវ​ការ​អភិវឌ្ឍន៍​របស់​ជាតិ និង​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​បញ្ហា​របស់​សង្គម ដើម្បីឈានដល់ការចូលរួមដោះស្រាយរួមគ្នាជាមួយ​យុវជន​ដ៏ទៃទៀត​ដែលធ្វើឲ្យ​សង្គមជាតិល្អប្រសើរកាន់តែខ្លាំងបន្ថែមទៀត។ ជាការកត់សម្គាល់បច្ចុប្បន្នយុវជនកម្ពុជាកាន់តែច្រើន បាននឹងកំពុងតែប្រឹងប្រែងសិក្សារៀនសូត្រ ពង្រឹង​សមត្ថភាព​របស់​ខ្លួនឯង, ជាពិសេសបានចូលរួម​លើ​កិច្ចការ​សង្គម​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ពួក​គេ​កាន់​តែ​ទទួល​បាន​បទ​ពិសោធន៍ និងឱកាសកាន់តែច្រើនក្នុងវិស័យការងារ ស្របពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​យក​ចិត្ត​ទុកដាក់ខ្លាំងកិច្ចអភិវឌ្ឍន៍​មូលធន​មនុស្ស​ឈាន​ទៅ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​នា​ពេល​អនាគត៕ អត្ថបទ៖ សុធារី

ខណ្ឌរដ្ឋបាលជលផលក្រចេះ ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ

2024/08/12 04:29:07 pm        881
ក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងកម្លាំងចម្រុះ បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គក្រ ចូលក្នុងបឹងធម្មជាតិ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។ការចាក់លែងកូនត្រីចម្រុះខាងលើ ធ្វើឡើងបន្ទាប់ពី មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយ​ខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយ ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ ។ជាលទ្ធផល ​ធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសខុសច្បាប់ រួមមាន៖ របាំងស្បៃមុងចំនួន៣៨ខ្សែ ប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុងចំនួន ៤១មាត់លូ ,បង្គោលចម្រឹងប្ញស្សីចំនួន៥២០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៣០គក្រ ចូលក្នុងបឹងធម្មជាតិ។

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ជាលើកទី១នៅសៀមរាប

2024/08/12 04:01:08 pm        859
កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក ចាប់តាំងពីក្លាយជាសមាជិកនៃសហភាពនេះ នៅឆ្នាំ១៩៩៧ មក។កិច្ចប្រជុំនេះធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ក្រោមអធីបតីភាពឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងមានការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាងក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប ។នៅក្នុងពិធីបើកកិច្ចប្រជុំនោះឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានលើកឡើងអំពីសារៈសំខាន់របស់ប្រទេសជាសមាជិក ក្នុងការពង្រឹងការតភ្ជាប់បណ្តាញប្រៃសណីយ៍ ការធ្វើឌីជីថលនីយកម្មសេវាប្រៃសណីយ៍និងការពង្រឹងថ្នាលឌីជីថល សម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចូលរួមគិតគូរដល់បរិស្ថានក្នុងប្រតិបត្តិការសេវាប្រៃសណីយ៍ ការកសាងសមត្ថភាពដល់បុគ្គលិកវិស័យប្រៃសណីយ៍ដើម្បីសម្របខ្លួនតាមការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការអ្នកប្រើប្រាស់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញនវានុវត្តន៍និងធ្វើឱ្យប្រសើរឡើងនៃសេវាប្រៃសណីយ៍។កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) ក្នុងគោលបំណង ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍ នៃប្រទេសសមាជិក ពិនិត្យនិងអនុម័តផែនការថវិកាប្រចាំឆ្នាំ- ធ្វើទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធវិស័យប្រៃសណីយ៍ក្នុងតំបន់និងសកល- រៀបចំប្រជុំដើម្បីសម្របសម្រួលផ្លាស់ប្តូរទស្សនៈគ្នា ក្នុងចំណោមប្រទេសសមាជិកក្នុងតំបន់ មុននឹងមហាសន្និបាតរបស់សហភាពប្រៃសណីយ៍សកល។សូមបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាសមាជិកសហភាពប្រៃសណីយ៍សកលនៅឆ្នាំ១៩៥១ និងសហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ១៩៩៧។ គិតមកដល់ពេលបច្ចុប្បន្ន សហភាពប្រៃសណីយ៍សកល មានប្រទេសជាសមាជិកសរុបចំនួន ១៩២ និង សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក មានប្រទេសជាសមាជិកសរុបចំនួន ៣២ប្រទេស៕

ពលរដ្ឋយល់កាន់តែច្បាស់ពីសារៈសំខាន់នៃតំបន់អភិវឌ្ឍន៍ CLV បន្ទាប់ពីមានការពន្យល់ល្អិនល្អន់

2024/08/12 03:38:46 pm        1050
ពលរដ្ឋយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលពន្យល់យ៉ាងល្អិនល្អន់ និង បង្ហាញ​ពី​សមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១២ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់​ពី​បាន​ស្តាប់​ការ​ពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួ​ង​ពាណិជ្ជកម្ម​ពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹង​កាន់​តែ​ច្បាស់​ពី​សារៈ​សំខាន់​នៃ​ការ​អភិវឌ្ឍន៍ CLV និងជឿជាក់​លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេសកម្ពុជា​បាត់​បង់​ទឹក​ដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។ លើសពីនេះ ពលរដ្ឋ បាន​គាំទ្រ​ឱ្យ​មានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ផងដែរ។តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា សមិទ្ធផលរយៈពេល២៥ឆ្នាំ ដែលកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​បី ធ្វើឱ្យមានកំណើនពា ណិជ្ជកម្ម និងកសិពាណិជ្ជកម្ម ។ ម្យ៉ាងវិញទៀត កិច្ចសហ​ប្រតិបត្តិការ​តំ​បន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយ​ការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញ​ចូល​ដោយ​សេរី​ឡើយ​។កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជា​គំនិត​ផ្តួច​ផ្តើម​ដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្ត​ជាប់​ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាង​ណា​ប្រែក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មាន​គោលការណ៍​គ្រឹះ​សំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បី​ផលប្រយោជន៍រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈ​ទំនាក់​ទំនង​ការ​ទូត និងច្បាប់អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរដល់ក្រុមកីឡាករកម្ពុជា ដែលបានចូលរួមការប្រកួតកីឡាអូឡាពិក រដូវក្តៅនៅប្រទេសបារាំងឆ្នាំ២០២៤

2024/08/12 03:31:59 pm        866
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៤នេះ បានថ្លែងអបអរសាទរ និងថ្លែងអំណរគុណដល់កីឡាករ កីឡាការីនី និងប្រតិភូកីឡាកម្ពុជា ដែលបានទៅចូលរួមការប្រកួតកីឡាអូឡាពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤។ សម្ដេចធិបតី បញ្ជាក់ថា បើទោះបីជាលទ្ធផលមិនគាប់ប្រសើរយ៉ាងណាក៏ដោយ ក៏ក្រុមកីឡាករ និងប្រតិភូកីឡាយើង បានបំពេញតួនាទី និងភារកិច្ចក្នុងការនាំយកទង់ជាតិកម្ពុជា ទៅកាន់ការប្រកួតដ៏អស្ចារ្យលើឆាកអន្តរជាតិ ផ្តល់ជូននូវមោទនភាពជាតិខ្មែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM