សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

មួយឆ្នាំក្នុងអាណត្តិទី៧ អាជ្ញាធរបង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈធ្វើឱ្យពលរដ្ឋពេញចិត្ត

2024/08/12 03:19:16 pm        919
រយៈពេលពេញមួយឆ្នាំ ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ អាជ្ញាធរនៅតាមមូលដ្ឋាន បាន​បន្ត​បង្កើន​ប្រសិទ្ធភាពខ្ពស់ លើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ តាមរយៈ​យន្តការច្រកចេញចូលតែមួយ នៅតាមបណ្តារដ្ឋបាលសង្កាត់ និងខណ្ឌ​ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញ បានកំពុងដើរតួនាទីយ៉ាងសម្ខាន់ សម្រាប់បម្រើលើការផ្តល់សេវាឱ្យបានលឿនរហ័ស និង​ប្រកបដោយទំនុកចិត្តជូនប្រជាពលរដ្ឋ ដើម្បីទទួលបានតម្រូវការឯកសារយកទៅប្រើប្រាស់ ។ លោកយី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ ទទួលបន្ទុកការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ បានប្រាប់ឱ្យដឹងថា ពេញមួយឆ្នាំ ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៧នេះ រដ្ឋបាលខណ្ឌបាន​ផ្តល់​សេវា​សាធារណៈ ជាង៥ម៉ឺនសេវា ជូនប្រជាពលរដ្ឋ ដែលភាគច្រើន ជាសេវានីត្យានុកូលកម្ម និង​អត្រានុកូលដ្ឋាន ដែលមានចំនួនពលរដ្ឋច្រើនបានមកទទួល ។ ពលរដ្ឋបានមកទទួលសេវា បានមើលឃើញថា ៖ ក្នុងអាណត្តិទី៧ ដែលដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ពិតជាបានយកចិត្តទុកដាក់ខ្ពស់​ចំពោះ​ការ​បម្រើ​សេវាសាធារណៈ​ជូន​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាននីមួយៗ ។ ពលរដ្ឋបន្តថា ការបម្រើសេវា ពិតជាលឿនរហ័ស មានតម្លាភាព និង​មិន​មាន​ការបង់ប្រាក់កាសនោះឡើយ ដែលនេះ គឺជាការសម្រួលភាពងាយស្រួលសម្រាប់ពួកគាត់ អាច​ឆាប់ទទួលបានឯកសារយកទៅប្រើប្រាស់តាមតម្រូវការរៀងៗខ្លួន ។ សូមបញ្ជាក់ថា ការផ្តល់សេវាសាធារណះនេះ ក៏ជាការងារអាទិភាពចម្បងដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧​ បានគិតគូរ និងតែងតែបានបន្ត​ជំរុញ​ជា​បន្ត​បន្ទាប់​ទៅ​មន្ត្រី​អនុវត្ត​នៅ​តាម​មូល​ដ្ឋាន​ឱ្យ​បង្កើន​នូវ​ការយកចិត្តទុកដាក់ខ្ពស់បំផុត ធ្វើយ៉ាងណាធានាសំដៅប្រសិទ្ធិភាព ជៀសវៀង​ការ​យឺត​យ៉ាវ បង្កជាក្តីថ្នាំងថ្នាក់ណាមួយប៉ះពាល់ប្រជាពលរដ្ឋ ៕ អត្ថបទ ៖ លីហេង

ការប្រឡងគ្រូបឋមសិក្សា ឈានដល់ការប្រឡងចុងក្រោយជ្រើសរើសយកអ្នកជាប់ ១ ៣៤៧នាក់

2024/08/12 03:10:41 pm        970
ការប្រឡងជ្រើសរើសគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់​ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ។ ការប្រឡងនេះ ជាការប្រឡងលើកចុងក្រោយ ដោយនឹង​ជ្រើស​រើស​អ្នកជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ។ ការប្រឡងគ្រូបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី ២ បានចាប់ផ្ដើមដំណើរការ នៅម៉ោង ១២. ០០ថ្ងៃត្រង់ ដោយមានបេក្ខជនសរុបចំនួន ៤ ៣២១នាក់។ ការប្រឡងនេះ ជា​ការ​ប្រឡង​លើ​ក​ចុង​ក្រោយ ធ្វើឡើងក្រោមការត្រួតពិនិត្យ និងកាត់វិញ្ញាសាដោយផ្ទាល់ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រួមទាំងវត្តមាន មន្ត្រីអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និងអ្នកសង្កេតការណ៍ជាច្រើនរូប។ការប្រឡងលើកចុងក្រោយនេះ ប្រព្រឹត្តិទៅនៅ ទីតាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច និងនៅសាលាភូមិន្ទរដ្ឋបាល។ ចំពោះវិញ្ញាសា ប្រឡង គឺបេក្ខជន​ត្រូវ​ប្រឡង​លើ​មុខ​វិជ្ជាឯកទេស គឺមុខវិជ្ជាភាសាខ្មែរ និងមុខវិទ្យាគណិតវិទ្យា។ ការប្រឡងមានរយៈពេល ២ម៉ោង សម្រាប់ ១មុខវិជ្ជា។ក្នុងឱកាសចូលកាត់វិញ្ញាសា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្ដាំផ្ញើការសួរសុខទុក្ខ ពី​សម្ដេចធីបតីនាយករដ្ឋមន្ត្រី ទៅកាន់បេក្ខជនទាំងអស់។ ឯកឧត្តម លើក​ទឹក​ចិត្តឱ្យបេក្ខជន​ប្រឹង​ប្រែង​​ឱ្យ​អស់ពីសមត្ថភាព ដើម្បីអាចជាប់ក្នុងការប្រឡងនេះ។ក្រោយ​ប្រកាសលទ្ធផល បេក្ខជន ដែលប្រឡងជាប់ ត្រូវមានកាតព្វកិច្ច ជាច្រើនបន្ថែមទៀត ពុំ​ទាន់​ចេញបង្រៀននៅតាមសាលាគោលដៅភ្លាមៗនោះទេ។ កាតព្វកិច្ចដំបូងគេ គឺបេក្ខជនត្រូវ ប្រគល់​ជូន ឯកសារផ្លូវការ បញ្ជាក់ពីសុខភាព សញ្ញាបត្រ ដើម្បីមន្ត្រីក្រសួងអប់រំ ធ្វើការពិនិត្យ ការពារ​ការក្លែងឯកសារ ឬមានការពាក់ព័ន្ធសារធាតុញៀន។ កិច្ចការសំខាន់ទី ២ គឺត្រូវឆ្លង​កាត់​ការ​បណ្ដុះ ២ឆ្នាំ ឬរយៈពេល ៤ឆ្នាំ ទៅតាមការជ្រើសរើស​ក្នុង​ការ​ដាក់​ពាក្យរបស់​បេក្ខជន​នីមួយៗ​។ នេះជាការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ការប្រឡងជ្រើសរើសគ្រូបឋមសិក្សានេះ គឺកំណត់យកតាមប្រព័ន្ធបណ្ដុះបណ្ដាល ១២+៤ ចំនួន ៣០០​នាក់ និងប្រព័ន្ធបណ្ដុះបណ្ដាល ១២+ ២ចំនួន ១ ០៤៧នាក់។ ការប្រឡង​លើក​ចុង​ក្រោយ​នេះ នឹងកំណត់យកបេក្ខជនជាប់ត្រឹមតែ ១ ៣៤៧នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ គឹម ហុក

តំណាងរដ្ឋមន្រី្តវប្បធម៌៖ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា

2024/08/12 03:08:12 pm        66
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើបង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី “ ខ្ញុំ អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង ” នៅអាគារថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមផ្តល់កិតិ្តយស និងជាវាគ្មិនពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងលោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះក្រសួង បានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមកក្រសួង តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាព ផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី សកម្មភាព និងហានិភ័យកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស។ សម្រាប់សិក្ខាសាលានាថ្ងៃនេះ ក្រុមការងារបានសម្រេចជ្រើសរើសយកប្រធាន “ខ្ញុំ​ អ្នក យើង ទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់ វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង” ដោយមានការគាំទ្រពីក្រសួង មហាផ្ទៃ។ ប្រធានបទនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសយើងទាំងអស់គ្នា ដែលនៅក្រោមឱវាទក្រសួងវប្បធម៌ ដែលមាននឹងកំពុងរៀនសូត្រចំណេះចំនាញផ្នែកវប្បធម៌ ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាមើល តើយើងត្រូវធ្វើយ៉ាងណា ដើម្បីបញ្ជ្រាបយ៉ាងណា លើគ្រប់ទម្រង់ទាំងអស់ ទៅអ្នកដែលនៅជិតយើង គ្រួសារយើង មិត្តរួមការងារយើង និងសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាពជួញដូរមនុស្ស ក្នុងបរិការណ៍ បច្ចុប្បន្ននេះឱ្យបានទូលំទូលាយ តាមរយៈការនិយាយ ការសម្ដែង ការសរសេរ ការតែងនិពន្ធ។ចំណែកលោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណជូនលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់ផ្នែក គ្រប់វិស័យ ដែលបានបង្ករលក្ខណៈឲ្យក្មួយៗនិសិ្សតបានជួបជុំគ្នា ហើយនិយាយគ្នាអំពីអ្វីទៅអំពើជួញដូរមនុស្ស ផលប៉ះពាល់វាយ៉ាងម៉េច? ហើយប៉ះពាល់ទៅលើអ្វីខ្លះ? ទីបំផុតមិនត្រឹមតែខ្លួនឯង វាធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិទៀតផង។​ជាចុងក្រោយលោកជំទាវ ឡងឌី សាន់ណារ៉ា សូមបញ្ជាក់ជាថ្មីថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន។ អំពើជួញដូរមនុស្សត្រូវ បានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរឹកស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។ កន្លងមកព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនក៏បាននឹងកំពុងតែ ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស៕ អត្ថបទ រដ្ឋា

អ្នកតាមដានភូមិសាស្ត្រនយោបាយ៖ កិច្ចសហប្រតិបត្តិការCLV​កាន់តែធ្វើឱ្យព្រំដែនកម្ពុជា​មានភាពរឹងមាំ

2024/08/12 02:52:07 pm        757
លោក សួន សេរីរដ្ឋា ប្រធានវេទិកាសន្តិភាពកម្ពុជា បានអះអាងថា កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA) ដែលផ្ដួចផ្ដើម​ឡើង​ដោយ​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺកាន់តែធ្វើឲ្យព្រំដែន នៃប្រទេសកម្ពុជា មានភាព​រឹងមាំ និងទប់ស្កាត់រំហូរអន្តរប្រវេសន៍ខុសច្បាប់ ។ក្នុងកិច្ចសម្ភាសន៍ជាមួយ BTV លោក សួន សេរីរដ្ឋា បានលើកឡើងថា ការបង្កើតតំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ គឺសម្ដេចតេជោ មានគំនិតអភិវឌ្ឍន៍ ដើម្បីការពារព្រំដែន បើកកិច្ចសហប្រតិបត្តិការ​ល្អ ​រវាងកម្ពុជា-ឡាវ-វៀតណាម ដែលជាការអភិវឌ្ឍថ្នាក់អនុតំបន់មួយ ដោយ​ផ្អែកតាម​ក្រប​ខណ្ឌ​អាស៊ាន ​អត់មានផលប៉ះពាល់អ្វីទាំងអស់ គឺបានយកច្បាប់អន្តោប្រវេសន៍ជាតិ និងអន្តរជាតិម​ក​អនុវត្តន៍ ដើម្បីធានាឲ្យមានសន្តិភាព និងមានការអភិវឌ្ឍ ។លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ គ្មានការដាក់ខេត្តទាំង៤របស់កម្ពុជា ស្ថិត​ក្រោម​ការគ្រប់គ្រងនៃប្រទេសទាំង៣រួមគ្នាទេ ព្រោះខេត្តទាំង៤ មានខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដូចនេះកម្ពុជា មានសិទ្ធិគ្រប់គ្រង ខណៈ​ខេត្ត​ទាំង​ប៉ុន្មាន ដែលប្រទេសឡាវ និងប្រទេសវៀតណាម ដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការនេះ គឺ​គេ​គ្រប់គ្រងដោយខ្លួនគេ ហើយការលើកឡើងពីក្រុមជ្រុលនិយម ពីក្រុមប្រឆាំងនោះ ថាមាន​ការ​ដាក់​ខេត្ត​គ្រប់គ្រងរួមគ្នា គឺជារបៀប វារៈនៃការចោទប្រកាន់ទៅលើរាជរដ្ឋាភិបាល និងជាការយល់​ខុស​ទាំង​ស្រុង។គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ជាគំនិតផ្តួចផ្តើមដំបូងរបស់ កម្ពុជាក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងគោល​បំណង​ជំរុញសមាហរណកម្មខេត្តជាប់ព្រំដែន កម្ពុជា ឡាវ វៀតណាម ដោយធ្វើយ៉ាងណា​ប្រែ​ក្លាយ​ព្រំដែន​នេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ។ CLV ជាត្រីវិស័យ​នៃ​ការ​នាំ​ផ្លូវ​មួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់​ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និង​វិបុល​ភាពរួមគ្នា៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម អូស្មាន ហាស្សាន់ ជំរុញឲ្យយុវជន និងបញ្ញវន្តខ្មែរ​អ៊ិស្លាម​អភិវឌ្ឍន៍​សមត្ថភាព​បច្ចេកវិទ្យាឌីជីថល និងបំណិនសតវត្សរ៍ទី២១

2024/08/12 02:42:22 pm        425
ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានសមាគម​សហភាព​បញ្ញវន្តមុស្លីមកម្ពុជា បានជំរុញឲ្យ​យុវជន និងបញ្ញវន្តខ្មែរអ៊ិស្លាម​ទាំងអស់​ត្រូវ​អភិវឌ្ឍន៍​សមត្ថភាព ភាពជាអ្នកដឹកនាំ សិក្សារៀនសូត្របន្ថែម ចេះប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង​បំណិនសតវត្សរ៍ទី២១ ដើម្បីរួមចំណែកជាមួយក្រសួង ស្ថាប័នសាមី លើការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិទៅតាមជំនាញ និងវិស័យ។ រីឯ​សិស្សនិស្សិត​ក៏ត្រូវ​តម្រង់​ទិស​នៃ​ការ​សិក្សា​ឱ្យចំ​ទិសដៅ​ស្រប​តាមតម្រូវការទីផ្សារការងារ និងសង្គមជាតិ ក្នុងបរិប​ទ​ឌីជីថល​ ដើម្បី​ចូលរួម​កសាង​ប្រទេស​ជាតិ និងសហគមន៍ឱ្យកាន់តែរីក ចម្រើនថែមទៀត។ការជំរុញ​ដូចនេះខណៈឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ)នារសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មការ​រៀបចំវេទិកា និងក្រុមការងារពាក់ព័ន្ធ ដែលបានបំពេញ​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​ស្មារតី​ទទួល​ខុសត្រូវខ្ពស់ ធ្វើឱ្យវេទិកានេះលេចជារូបរាងឡើង និងប្រព្រឹត្ត ទៅដោយរលូន ព្រម​ទាំង​ទទួល​បានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ ឯកឧត្តមបន្តថា នេះមិនមែន​ជា​លើកទី១​ទេ​ដែល​សមាគម​សហភាពបញ្ញវន្តមុស្លីមកម្ពុជា បានរៀបចំជំនួបរបស់បញ្ញវន្ត និស្សិត​មុស្លិម​កម្ពុជា​ដែល​មាន​ចំនួនរាប់រយនាក់បានចូលរួម និងបានបង្កើនមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ល្អ និង​បង្ខិត​គ្នា​ឱ្យ​កាន់តែជិត រវាងនិស្សិត បញ្ញវន្តទាំងអស់ជាពិសេសជាមួយថ្នាក់ដឹកនាំអ៊ិស្លាម​នៅ​គ្រប់​ក្រសួង​ស្ថាប័ន។ឯកឧត្តមបន្ថែមថា ទាំងអស់នេះកើតឡើងទៅបានដោយសារតែ​ប្រទេស​យើង​មាន​សុខ​សន្តិភាព​ពេញ​លេញ មានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់​សម្តេច​តេតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា​នាពេលបច្ចុប្បន្ន និង​បាន​បន្ត​មក​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ជាពិសេសស​ហគមន៍​ខ្មែរ​អ៊ិស្លាមមានការីកចម្រើនគួរជាទីមោទនៈ និងមានភាពខុសឆ្ងាយ បើប្រៀបធៀ​ប​ទៅ​នឹងសម័យ​កាល​មុន​ៗនៅកម្ពុជា។តាមរបាយការណ៍បូកសរុបដោយ ឯកឧត្តម រ៉ូហ្វី អូស្មាន អនុ ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន​មុស្លិម​កម្ពុជា​ និងជាគណៈកម្មការរៀបចំកម្មវិធី បានឱ្យដឹងថា បន្ទាប់ពីវេទិកា​នេះ​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ អង្គវេទិកាបានប្រមូលធាតុចូលសំខាន់ៗ មួយចំនួន មានដូចជា ការងារអប់រំ​អ៊ិស្លាម​នៅ​កម្ពុជា​ មានការរីកចម្រើនគួរជាទីមោទនៈ បន្ទាប់ពីមាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំខ្មែរអ៊ិស្លាមនៅគ្រប់កម្រិត។ យុវជនខ្មែរអ៊ិស្លាមជាច្រើនមាន​ចំណេះ និង​ជំនាញ​ច្បាស់​លាស់ ដែលអាចទទួលបានការងារធ្វើល្អៗ។ យុវជនខ្មែរឥស្លាម​ជា​ច្រើន​បាន​ចូលរួម​ការងារ​សង្គម ដូចជាការងារនៅតាមសមាគម អង្គការ សាលារៀន មន្ទីរពេទ្យ ក្នុងគោល បំណង​ចូលរួម​អភិវឌ្ឍសហគមន៍ខ្មែរអ៊ិស្លាម។គួរឱ្យដឹងថា «វេទិកាយុវជន-បញ្ញវន្តមុស្លិម២១ ឆ្នាំ២០២៤»នេះ ត្រូវបានរៀបចំឡើង ស្របនឹង​ពេល​វេលា​ដែលប្រទេសកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា​បាន​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ សម្រាប់យុវជន ១២ សីហា ខួបលើកទី២៥ ក្រោមមូលបទ«​នវានុវត្តន៍​ឌីជីថល​របស់​យុវជន​ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»៕ អត្ថបទ៖ភារម្យ

ឱកាសការងារជាង ៥ពាន់កន្លែង ត្រៀមតាំងបង្ហាញក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នៅផ្សារអ៊ីអន សែនសុខ

2024/08/12 02:33:49 pm        428
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនឹងរៀបចំពិព័រណ៍ការងារ និង​មគ្គទេសក៍​អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត ចាប់ថ្ងៃទី១៦ ដល់ទី១៨ ខែសីហា ឆ្នាំ​២០២៤​ខាងមុខនេះ នៅផ្សារទំនើប អ៊ីអន សែនសុខ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង។យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែសីហានេះ បានឲ្យដឹងថា ក្នុង​ឱកាសអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និង​មជ្ឈ​មណ្ឌល​ការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគម​សហព័ន្ធ​សិស្សនិស្សិត​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈ គាំទ្រដោយក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូអិលធីឌី នឹងរៀបចំ​ពិព័រណ៍​ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) ជា​មួយ​ឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់​ពាក្យ​ស្វែង​រក​ការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗ។ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន២០ ដែលនឹងផ្តល់​ឱកាស​ការងារ​ជា​ច្រើន​វិស័យ​ មានដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង វិស័យអចលនវត្ថុ វិស័យ​សណ្ឋាគារ និងបដិសណ្ឋារកិច្ច វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យ​លក់ដុំ និង​លក់រាយ វិស័យសេវាកម្មផ្សេងៗ និងវិស័យឧស្សាហកម្ម។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់បន្ថែមថា នៅក្នុងពិព័រណ៍ការងារ និង​មគ្គទេសក៍​អាជីពនាពេលខាងមុខនេះ យុវជន និងសាធារណជន ក៏អាចទទួល​បាន​ការ​ផ្តល់​សេវា​កាហ្វេ Robot Coffee ដ៏ភ្ញាក់ផ្អើល ដែលបង្កើតដោយស្នាដៃកូនខ្មែរ ព្រមទាំងអាច​ចុះ​ឈ្មោះ​ចូល​រៀន​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសណាមួយ ដែលជាកម្មវិធីអាទិភាពមួយរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លើសពីនេះ យុវជន និងសាធារណជនទូទៅ ដែលមាន​គ្រប់​លក្ខ​ខណ្ឌអាចមកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស. នៅសាខា ប.ស.ស. នៅជាន់ទី២ និងអាច​ដាក់​ឯកសារទូទាត់សំណងអត្ថប្រយោជន៍របបសន្តិសុខសង្គមបាន នៅសាខា ប.ស.ស. ព្រម​ទាំង​អាច​ចូលរួមកំសាន្តជាមួយក្រុមតន្ត្រីនាពេលល្ងាច ជាមួយឱកាស​ទទួល​បាន​រង្វាន់​ជា​ច្រើន​ពី​ការ​ឆ្លើយ​សំណួរ​ងាយៗ ក្នុងព្រឹត្តិការណ៍នេះផងដែរ៕ 

កម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី១ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសហភាពប្រៃសណីយ៍​អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting)

2024/08/12 01:50:32 pm        375
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​​បើក​កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក (APPU Executive Council Meeting – EC Meeting) នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ដោយ​មាន​ការចូលរួមពីឯកឧត្តម METOKI Masahiko អគ្គនាយកសហភាពប្រៃសណីយ៍សកល ឯកឧត្តម Vinaya Prakash Singh អគ្គលេខាធិការសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក តំណាង​ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សរុបប្រមាណ ២៨០រូប។ កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្ត​សៀមរាប ដោយមានអ្នកចូលរួមពីប្រទេសចំនួន ២៤ ក្នុងចំណោមប្រទេសជាសមាជិកសរុបចំនួន ៣២, សហភាពប្រៃសណីយ៍សកល សហគមន៍ប្រៃសណីយ៍តាមតំបន់, សហករប្រៃសណីយ៍ និងអ្នកសង្កេតការណ៍ពីបណ្តាប្រទេសមួយចំនួន ក្នុងគោលបំណង ដូចខាងក្រោម៖- ពិនិត្យតាមដានការអនុវត្តការងារផ្សេងៗ ដែលកំណត់ដោយសេចក្តីសម្រេចនៃមហាសន្និបាត- ដាក់ចេញវិធានសម្រាប់ប្រតិបត្តិការសេវាប្រៃសណីយ៍អន្តរជាតិរវាងប្រទេសជាសមាជិក- រក្សាទំនាក់ទំនងជាមួយរដ្ឋបាលប្រៃសណីយ៍នៃប្រទេសសមាជិក- ពិនិត្យ និងអនុម័តផែនការថវិកាប្រចាំឆ្នាំ- ធ្វើទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធវិស័យប្រៃសណីយ៍ក្នុងតំបន់និងសកល- រៀបចំប្រជុំ ដើម្បីសម្របសម្រួលផ្លាស់ប្តូរទស្សនៈគ្នា ក្នុងចំណោមប្រទេសសមាជិកក្នុងតំបន់ មុននឹងមហាសន្និបាតរបស់សហភាពប្រៃសណីយ៍សកល។ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីសារៈសំខាន់របស់ប្រទេសជាសមាជិកក្នុង​ការពង្រឹង​ការ​តភ្ជាប់​បណ្តាញ​ប្រៃសណីយ៍ ការធ្វើឌីជីថលនីយកម្មសេវាប្រៃសណីយ៍និងការពង្រឹងថ្នាលឌីជីថល សម្រាប់​ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការចូលរួម​គិតគូរ​ដល់​បរិស្ថាន​ក្នុង​ប្រតិបត្តិការ​សេវា​ប្រៃសណីយ៍ ការកសាងសមត្ថភាពដល់បុគ្គលិកវិស័យប្រៃសណីយ៍​ដើម្បី​សម្រប​ខ្លួន​តាម​ការ​វិវត្ត​នៃ​បច្ចេក​វិទ្យា និង​តម្រូវការអ្នកប្រើប្រាស់ និងការពង្រឹងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធ​ដើម្បី​ជំរុញ​នវានុវត្តន៍ និង​ធ្វើឱ្យប្រសើរឡើងនៃសេវាប្រៃសណីយ៍។ សូមបញ្ជាក់ផងដែរថា កម្ពុជាបានក្លាយជាសមាជិកសហភាពប្រៃសណីយ៍សកល នៅឆ្នាំ១៩៥១ និង​សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំ១៩៩៧។ គិតមកដល់ពេលបច្ចុប្បន្ន សហភាព​ប្រៃសណីយ៍សកល មានប្រទេសជាសមាជិកសរុបចំនួន ១៩២ និង សហភាពប្រៃសណីយ៍អាស៊ី-ប៉ាស៊ីហ្វិក មានប្រទេសជាសមាជិកសរុបចំនួន ៣២៕

អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP និងRAM នៅកម្ពុជា

2024/08/12 01:44:57 pm        436
ភ្នំពេញ៖ Stellantis នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ បានបញ្ជាក់ថា Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យ​នៅ​ក្នុង​អំឡុងពេលជាង ៨០ឆ្នាំ ដែលបង្ហាញថា រថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែល​មាន​សមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើ​ដំណើរ​ដែល​ល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជារថយន្ត Pick Up ប្រភេទធំ ជារថយន្ត​ដែល​ធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅសហរដ្ឋអាមេរិក ដោយអាច​ប្រើប្រាស់​បាន​លើស​ពី​ដែន​កំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ក្រុម​ហ៊ុន​ពិត​ជា​មាន​សេចក្តី​សោមនស្សរីករាយជាខ្លាំង សម្រាប់ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និង​ជួសជុលរថយន្តម៉ាក Jeep និង RAM ដល់អតិថិជននៅកម្ពុជា។ លោកបានអះអាងថា ក្រុម​ការងារ​ផ្នែក​នេះ សុទ្ធសឹងមានជំនាញច្បាស់លាស់ ដោយសារមានការបង្ហាត់បង្រៀន និងទទួល​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជន​ស្របតាម​ស្តង់ដា​ត្រឹម​ត្រូវ​របស់​ម៉ាក​ទាំង​ពីរ​នេះ។ជាមួយគ្នានេះ លោក Daniel Gonzalez, COO, ASEAN, Stellantis បានបញ្ជាក់ថា ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការ​ការងារ​ភាព​ជាដៃ​គូ​ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងពង្រឹងបទពិសោធន៍​សេវាកម្ម​ក្រោយ​ការ​លក់​ចំពោះ​ការ​ថែទាំ និងជួសជុលរថយន្ត Jeep និង RAM ជូនដល់អតិថិជនក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ហើយក្រុមការងារជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជន​នូវជំ​នួយ​ផ្នែក​សេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថារថយន្តម៉ាក Jeep និង RAM នៅតែបន្តផ្តល់​នូវ​ដំណើរ​ការ​ដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះ ដូច​ដែល​គេ​បានស្គាល់កន្លងមក។គិតមកដល់ពេលនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បង្ហាញវត្តមាននៅប្រទេសកម្ពុជា រយៈ​ពេល​ ៣២ឆ្នាំមកហើយ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិត​ផល​ល្បីៗ​លើ​ពិភព​លោក​មក​កាន់​ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត៕

អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

2024/08/12 01:17:31 pm        385
កំពង់ឆ្នាំង៖ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំវេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលនៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងអង្គការសង្គមស៊ីវិលនៅក្នុងខេត្ត រួមទាំងសមាជិកដៃគូសហការរបស់ វ.ស.ស.។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ បានគូសបញ្ជាក់ថា ៖ ជានិច្ចជាកាល រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពក្លៀវក្លានិងវាងវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តយកចិត្តទុកដាក់និងផ្តល់សារសំខាន់ដល់តួនាទីរបស់អង្គការសង្គមស៊ីវិលដែលជាដៃគូដ៏សំខាន់ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់អង្គការសង្គមស៊ីវិលជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជរដ្ឋាភិបាលតែងតែបង្កឱ្យមានលំហបរិយាកាសសេរី និងបើកចំហរដល់អង្គការសង្គមស៊ីវិលអាចធ្វើសកម្មភាពទៅតាមតួនាទីនិងភារកិច្ចរៀងៗខ្លួន។ អង្គវេទិកាទាំងមូលបានបើកឱ្យមានការពិភាក្សាយ៉ាងផុសផុល និងមានការចូលរួមយ៉ាងសកម្មពីសំណាក់អង្គការសង្គមស៊ីវិលដែលចូលរួម ដោយពួកគាត់បង្ហាញពីការពេញចិត្តចំពោះការរៀបចំវេទិកានេះដែលផ្តល់ឱកាសឱ្យពួកគាត់ទទួលបាននូវពុទ្ធិថ្មីៗ អាចចែករំលែកបទពិសោធន៍ជាមួយគ្នាទៅវិញទៅមក និងផ្លាស់ប្តូរមតិយោបល់ដោយត្រង់ទៅត្រង់មកអំពីបញ្ហា ប្រឈមនិងសំណូមពរនានា ស្ថិតក្នុងបរិយាកាសស្និទ្ធស្នាលក្នុងនាមជាគ្រួសារសង្គមស៊ីវិលក្នុងខេត្ត។ ពួកគាត់មានក្តីរីករាយជាមួយនឹងបរិយាកាសប្រកបដោយភាពសុខដុមរមនាក្នុងទំនាក់ទំនងរវាង អង្គការសង្គមស៊ីវិលជាមួយអាជ្ញាធរមូលដ្ឋាន ដែលអនុញ្ញាតឱ្យពួកគាត់ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិដោយគ្មានការរារាំង ព្រមទាំងពេញចិត្តយ៉ាងខ្លាំងជាមួយនឹងអត្ថប្រយោជន៍ដែលអាចទទួលបានពី ប.ស.ស. ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទូទៅនិយាយរួម និងជាពិសេសរបស់អង្គការសង្គមស៊ីវិល និយាយដោយឡែក៕ កាំង ហុងវាស្នា

អបអរសាទរ! ទារិកាភ្លោះ៣នាក់ មានម្ដាយជាកម្មការិនីរោងចក្រទទួលបានអំណោយពី​សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត

2024/08/12 01:11:59 pm        361
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២៤ នេះ បានផ្ដល់អំណោយដល់គ្រួសារទារិកាភ្លោះ ៣ នាក់ ដែលមានឪពុកម្ដាយជាកម្មករ កម្មការិនីរោងចក្រ ដែលបានប្រសូត្រកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យ​ព្រះអង្គឌួង​។អំណោយដ៏ថ្លៃថ្លារបស់សម្ដេចទាំងទ្វេរត្រូវបាននាំយកមកផ្ដល់ជូន តាមរយៈ លោក សេង ទៀង យក ទៅប្រគល់ជូនដល់ដៃគ្រួសារទារិកាភ្លោះ៣ ដែលកំពុងបន្តសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។អំណោយដែលសម្តេចទាំងទ្វារបានឧបត្ថម្ភរួមមាន៖ ថវិកា៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះគោ២កេសធំ ស្កសរ៥គីឡូក្រាម សារុង២ និងក្រម៉ា២។ ទារិកាភ្លោះទាំងបី ដែលទទួលអំណោបត្ថម្ភរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាកូនលើកទី២ ក្នុងគ្រួសារមានឪពុកឈ្មោះ សា វ៉ាន់ អាយុ៣៦ឆ្នាំ ម្តាយឈ្មោះ ស៊ាន ចំណាន អាយុ២៣ឆ្នាំ។ អ្នកទាំងពីរមានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM