ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
មន្រ្ដីជាន់ខ្ពស់រាជរដ្ឋាភិបាល អញ្ជើញចែកអំណោយរបស់អង្គការសម្ព័ន្ធពិភពឥស្លាមជូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខណៈស្ថានីយរ៉ាដានេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការព្យាករធាតុអាកាស និងការប្រែប្រួលអាកាសធាតុ

2026/02/24 09:35:23 am        367
កាលពីរសៀលថ្ងៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការព្យាករស្ថានភាពធាតុអាកាស ក៏ដូចជាការផ្ដល់ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងរបបទឹកភ្លៀងបានសុក្រឹត និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយត្រូវផ្ដោតជាចម្បងលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់៕

វិចារណកថា គ្រោះថ្នាក់បង្កប់ខ្លួននៃការកែច្នៃសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ៖សិប្បកម្មខ្នាតតូចនិងមធ្យម និងផលប៉ះពាល់លើសុខភាព និងបរិស្ថាន

2026/02/24 08:05:53 am        130
ក្នុងបរិបទនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ការកែច្នៃសំណល់អេឡិចត្រូនិក (E-waste) គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រង់យកធនធានកម្រមកប្រើប្រាស់វិញ។ ទោះជាយ៉ាងណា ភាពរីកដុះដាលនៃសិប្បកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការ "ក្រៅប្រព័ន្ធ" ឬ "ខ្វះបច្ចេកទេសការពារ" និងមិនមានការគ្រប់គ្រង ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។១. វដ្តនៃការបំពុលពីខ្សែច្រវាក់ផលិតកម្មខ្វះបច្ចេកទេសឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅតាមតំបន់កែច្នៃក្រៅប្រព័ន្ធ កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ។ វិធីសាស្ត្រទាំងនេះបញ្ចេញឧស្ម័នពុល និងបំពុលដី ខ្យល់ និងប្រភពទឹកជុំវិញ។២. ផលប៉ះពាល់លើសុខភាពផលប៉ះពាល់លើសុខភាពមានភាពធ្ងន់ធ្ងរ។ ការប៉ះពាល់នឹងសំណ និងបារតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បង្កការខូចខាតខួរក្បាល កាត់បន្ថយការអភិវឌ្ឍសមត្ថភាពគិតរបស់កុមារ និងបង្កជំងឺតម្រងនោម និងបេះដូង។ ការដកដង្ហើមផ្សែងពុលពីការដុតប្លាស្ទិកបង្កើនហានិភ័យជំងឺផ្លូវដង្ហើម និងមហារីក។ កុមារ និងស្ត្រីមានផ្ទៃពោះមានភាពងាយរងគ្រោះជាងគេ ព្រោះការប៉ះពាល់អាចបង្កការពន្យាពេលអភិវឌ្ឍន៍ និងបញ្ហាសុខភាពរយៈពេលវែង។២. ផលប៉ះពាល់លើបរិស្ថានផ្នែកបរិស្ថានក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ សំណល់ពុលអាចជ្រាបចូលដី និងទឹកក្រោមដី បំពុលប្រភពទឹកផឹក និងដីកសិកម្ម។ ប្រភពទឹកនៅជិតតំបន់កែច្នៃជាញឹកញាប់មានកម្រិតលោហៈធ្ងន់ខ្ពស់ ប៉ះពាល់ដល់ត្រី និងជីវៈចម្រុះក្នុងទឹក។ ការដុតដោយគ្មានការគ្រប់គ្រងក៏បញ្ចេញសារធាតុពុលដែលអាចរាលដាលឆ្ងាយ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង។២. ផលប៉ះពាល់លើការគ្រប់គ្រងធនធានដោយចីរភាពការកែច្នៃក្រៅប្រព័ន្ធប៉ះពាល់ដល់ការគ្រប់គ្រងធនធានប្រកបដោយចីរភាព។ ទោះបីយកលោហៈមានតម្លៃបានក៏ដោយ សំណល់ដែលនៅសល់ជាច្រើនត្រូវបានបោះចោលមិនត្រឹមត្រូវ បង្កបញ្ហាបរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវការការពង្រឹងច្បាប់បរិស្ថាន ការរៀបចំប្រព័ន្ធកែច្នៃឱ្យមានស្តង់ដារ ការការពារសុវត្ថិភាពកម្មករ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។សេចក្ដីសន្និដ្ឋានការកែច្នៃសំណល់អេឡិចត្រូនិកខ្នាតតូចឬមធ្យម ដែលមិនមានការគ្រប់គ្រង ទោះមានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្លះ ក៏បង្កហានិភ័យធ្ងន់ធ្ងរលើសុខភាពមនុស្ស និងបរិស្ថាន។ ដំណោះស្រាយប្រកបដោយចីរភាពត្រូវតែបង្កើតតុល្យភាពរវាងឱកាសសេដ្ឋកិច្ច និងការការពារសុវត្ថិភាព និងបរិស្ថានយ៉ាងតឹងរ៉ឹង។

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ៩៥គ្រួសារក្នុងគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

2026/02/23 08:20:17 pm        118
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរ នៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៩៥គ្រួសារថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះគឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ថែមថា គម្រោងការចិញ្ចឹមជ្រូកកណ្តុរនេះគឺជាការរៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអ្នកដឹកនាំគម្រោងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុន Little Duckling និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកផ្តល់កម្ចី។ ឯកឧត្តមបន្តថា ចំពោះការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម គម្រោងនឹងផ្តល់ជូនបងប្អូនទាំងអស់ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ពេលទទួលបានជ្រូកទៅចិញ្ចឹមហើយសូមខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។បន្ទាប់ពីជួបសំណេះសំណាល ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជូនដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រតិភូ ចុះពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរនៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងភូមិ និងបានរាយការណ៍ពីវឌ្ឍនភាពនៃការវិវឌ្ឍនៃគម្រោងចិញ្ចឹមជ្រូកនេះជូនប្រតិភូផងដែរ។ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះគម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។ ឯកឧត្តមអ្នកឧកញ៉ា បន្តថាដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និងផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និងមានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ សូមបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ គម្រោងនេះគ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល៕

រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗជំរុញការអនុវត្តយ៉ាងប្រាកដប្រជាបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

2026/02/23 05:17:32 pm        125
ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាស ចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។នៅថ្ងៃទី២៣ ខែកុម្ភៈ លោកMatsuda Junsaku បានចូលរួមដំណើរទស្សនកិច្ចទាក់ទងនឹងស្ថានការណ៍ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយបណ្ដាអង្គទូត និងទីភ្នាក់ងារអន្តរជាតិនានាប្រចាំនៅកម្ពុជាជាច្រើនទៀតន។លោកទីប្រឹក្សាអមស្ថានទូតជប៉ុនបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា រួមមានសហរដ្ឋអាម៉េរិក បណ្តាប្រទេសអាស៊ាន ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»៕

គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប

2026/02/23 05:14:17 pm        306
គំនូរសិល្បៈដើម្បីសន្តិភាព បានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប ដោយផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។តាមការឱ្យដឹងពីក្រុមការងារ ក្រោយបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ គឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនសុីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។ រូប៖AKP

អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥

2026/02/23 04:50:58 pm        150
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) និងជាអនុប្រធានប្តូរវេន VECONAC ២០២៦ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្រុមការងារខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ជាកិច្ចចាប់ផ្តើម ក្រុមការងារខ្លឹមសារ បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្តអនុវត្តទាំងការពិនិត្យឡើងវិញលើខ្លឹមសារមហាសន្និបាតលើកទី២៣ និងលើកទី២៤, ពិនិត្យឡើងវិញលើធម្មនុញ្ញ និងច្បាប់បញ្ញត្តិ VECONAC ព្រមទាំងរបៀបវរៈ និងឯកសារពាក់ព័ន្ធជាដើម។ក្នុងប្រជុំនេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារខ្លឹមសារដែលសកម្មក្នុងការងាររបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យដំណើរការមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តម ឈៀ ស៊ីដារ៉ា ថ្លែងថា ក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ឆ្នាំ២០២៦នេះ ក្រុមការងារខ្លឹមសារនឹងត្រូវរៀបចំឱ្យបានរួចរាល់នូវរបៀបវរៈសំខាន់ៗ ដើម្បីឱ្យក្រុមការងារពាក់ព័ន្ធមានលទ្ធភាពក្នុងការសហការអនុវត្តតួនាទី និងភារកិច្ចទៅតាមជំនាញនីមួយៗរបស់ខ្លួន។ឯកឧត្តម ឈៀ ស៊ីដារ៉ា បញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន VECONAC បានជួបពិភាក្សាជាបន្តបន្ទាប់ ដើម្បីកំណត់ពីភារកិច្ច និងសកម្មភាពដែលត្រូវអនុវត្តពីពេលនេះរហូតដល់ថ្ងៃចាប់ផ្តើមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានណែនាំដល់ក្រុមការងារខ្លឹមសារត្រូវពង្រាងនូវខ្លឹមសារ និងឯកសារសំខាន់ៗទាំងឡាយឱ្យបានមុនកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ VECONAC នាខែមិថុនាខាងមុខ ដើម្បីរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

ប្រមុខការពារជាតិកម្ពុជា ប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុងឱ្យបន្តដោះស្រាយករណីថៃចាប់ប្រជានេសាទខ្មែរបីនាក់នៅដែនទឹកកម្ពុជា

2026/02/23 04:46:31 pm        182
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា បានបន្តប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុង កងទ័ពជើងទឹក និងរដ្ឋបាលស្រុកមណ្ឌលសីមា បន្តធ្វើការរួមគ្នាដោះស្រាយ ដើម្បីឱ្យប្រជានេសាទខ្មែរ៣នាក់ដែលថៃចាប់នៅព្រំដែនទឹកកម្ពុជា។បន្ទាប់ពីទទួលបានព័ត៌មានអំពីកងកម្លាំងជើងទឹកថៃ ចាប់ខ្លួនប្រជានេសាទខែ្មរចំនួន៣នាក់ក្បែរព្រំដែនទឹក នៅកោះយ៉ ស្រុកមណ្ឌលសសីមា ឯកឧត្តម ទៀ សីហា បន្តណែនាំដល់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ត្រូវធ្វើការរួមគ្នាអាជ្ញាធរសមត្ថកិច្ចមន្ទីរពាក់ព័ន្ធសម្របសម្រួលឱ្យមានការដោះលែងអោយវិលត្រឡប់មកលំនៅដ្ឋានវិញ។ឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងគូសបញ្ជាក់ទៀតថា ព្រំដែនទឹកកម្ពុជា និងថៃ ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ និងមានការឯកភាពនោះទេដែលនាំឱ្យលំបាកកំណត់ងាយប្រឈមរងប៉ះពាល់។បន្ថែមលើនេះ ឯកឧត្តម មានតែស្នើដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយអោយបានច្រើនទៅកាន់ប្រជានេសាទ ដោយមិនទៅនេសាទក្បែរព្រំដែនទឹកជាមួយថៃបន្តទៀតឡើយ ទោះបីជាកន្លងទៅបានផ្សព្វផ្សាយពន្យល់ណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក្តី៕

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

2026/02/23 04:34:59 pm        125
កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតី សម្ពោធអាគារសិក្សាថ្មី ចំនួនមួយខ្នង និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៊ឹម សុភក្តិ សាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១,៤៣២អង្គ/នាក់ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ ៣ជំនាន់ មានចំនួន ៣៤៨រូប (ព្រះសង្ឃ ៣១អង្គ, ស្រី ២១៥នាក់) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ជំនាន់ សរុប ៦៥រូប (ព្រះសង្ឃ ៧អង្គ, ស្រី ១៩នាក់)។ព្រះអង្គបានបញ្ជាក់ថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាបត្របរិញ្ញាបត្រចំនួន២លើករួចហើយ ដែលមានចំនួនសរុប ៣០៣៤រូប ក្នុងនោះអ្នកដែលបានចូលបម្រើការងាររដ្ឋ និងឯកជនមានប្រមាណ៩៥%។ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ផ្ដាំផ្ញើដល់សមណៈនិស្សិត និងនិស្សិត ដែលទទួលបានសញ្ញាបត្រ សូមប្រើប្រាស់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងបន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជន បន្តវេនជំនាន់ក្រោយ បន្តគោរពប្រតិបត្តិខ្ជាប់ខ្ជួនធម៌វិន័យ គោលការណ៍ព្រះពុទ្ធសាសនា ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែមទៀត ឱ្យស្របជាមួយគោលការណ៍របស់ក្រសួងអប់រំ គឺរៀនមួយជីវិត។ ជាមួយគ្នានេះសូមឱ្យផ្នែកខាងពុទ្ធិកសាកលវិទ្យាល័យ សូមបន្តបេសកកម្មវិស័យអប់រំ បន្តរួមចំណែកកសាងធនធានមនុស្ស និងសុំស្នើព្រះសង្ឃជួយទេសនាអប់រំ ។ ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា អាគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យនេះ បានកើតឡើងដោយសារ ការរួមគ្នានៃការបរិច្ចាគ កើតចេញពីការទទួលខុសត្រូវ ទើបធ្វើឲ្យមានសំណង់ថ្មីដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដូចថ្ងៃនេះ។ ដូច្នេះសូមឱ្យខាងពុទ្ធិកសាកលវិទ្យាល័យមេត្តាដឹកនាំឲ្យដំណើរការបានល្អបន្តទៀត ។ ទន្ទឹមនឹងនេះ ដូចជាក្នុងពិធីបុណ្យផ្សេងៗ សូមឲ្យព្រះសង្ឃជួយខាងទេសនាអប់រំផ្ដល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេសយុវជន ឱ្យដើរលើផ្លូវល្អ ដើម្បីរួមចំណែកជួយដល់សង្គមជាតិរបស់យើង៕

សុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីលើសុខភាពសាធារណៈនៅកម្ពុជា

2026/02/23 04:22:40 pm        122
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ។ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសកល តាមរយៈការចែករំលែកបទពិសោធន៍ ទាំងបច្ចេកទេស និងឯកសារគោលនយោបាយ ការសិក្សាស្រាវជ្រាវលើជំងឺឆ្លង ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ភាគីប្រេស៊ីល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យលេចចេញជារូបរាង ស្របតាមអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ចំពោះលោកជំទាវអគ្គរដ្ឋទូត និងសហការី ដែលខិតខំស្វែងរកយន្តការ ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះ កិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា។

មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិមានស្រី្តមកពិនិត្យផ្ទៃពោះជាង ១,៤ ម៉ឺននាក់ និងសម្រាលជិត៣ពាន់នាក់

2026/02/23 04:18:32 pm        109
ភ្នំពេញ ៖ នាយកមនី្ទរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ស្រី្តមកពិនិត្យផ្ទៃពោះ មានចំនួន ១៤,៨០១នាក់ ស្រី្តដែលមកសម្រាល សរុបចំនួន២,៨៩២នាក់។​ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស យ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ, នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦នេះ។ លោកនាយកមនី្ទរពេទ្យកុមារជាតិ បន្តថា មន្ទីរពេទ្យកុមារជាតិ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណរដ្ឋបាល មានភារកិច្ច ពិនិត្យ ព្យាបាលថែទាំជំងឺ និងការពារកុមារ ចាប់ពីពេលនៅក្នុងផ្ទៃម្តាយ ពេលកើតរហូត ដល់អាយុ១៨ឆ្នាំ គ្រប់ស្រទាប់ វណ្ណៈ មិនរើសអើងអ្នកមាន ឬ អ្នកក្រ មិនប្រកាន់ពូជសាសន៍ សាសនា មិនប្រកាន់និន្ទាការ នយោបាយ។ ដោយពិនិត្យឃើញថាមានទារកដែលទើបនឹងកើតមកមានបញ្ហាសុខភាព ត្រូវបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ ដើម្បីព្យាបាល ហើយពេលបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវធ្វើឱ្យស្ថានភាពទារកកាន់តែធ្ងន់ធ្ងរ ឬបាត់បង់ជីវិតមុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដូចនេះទើបមន្ទីរពេទ្យកុមារជាតិ បានស្នើសុំក្រសួងសុខាភិបាលក្នុងការរៀបចំផ្នែកសម្ភពនេះឡើង និងបានរៀបចំបើកដំណើការបណ្តោះអាសន្នផ្នែកសម្ភព នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និងបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីជួយពិនិត្យ ព្យាបាលដល់ស្រ្តី និងស្រ្តីមានផ្ទៃពោះ និងជួយថែទាំទារកទើបនឹងកើតមកមានបញ្ហាសុខភាព មានភាពងាយស្រួលក្នុងជួយសង្គ្រោះ និងការចូលរួមការកាត់បន្ថយអត្រាមរណភាពទារកផងដែរ។​លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថាទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូនថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM
លោកស្រី Von der Leyen រិះគន់លោក Merz ដោយបញ្ជាក់ថា ការលុបទណ្ឌកម្មអ៊ីរ៉ង់ គឺឆាប់ពេក
04/27/2026 08:04 PM
សហភាពអឺរ៉ុប ពង្រីករយៈពេលដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ១ឆ្នាំទៀត
04/27/2026 07:04 PM
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព 3rd G-NETS Leaders Summit នៅទីក្រុងតូក្យូ ប្រទេសជប៉ុន​
04/27/2026 07:04 PM
ប្រធានាធិបតីលីបង់ឆ្លើយតបទៅក្រុមហេសបូឡាថា ការនាំប្រទេសចូលទៅក្នុងសង្គ្រាម គឺ «ក្បត់ជាតិ»
04/27/2026 07:04 PM
ប្រមុខការទូតកម្ពុជា ថ្លែងអំណរគុណសាធារណរដ្ឋឆែក បន្តផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ -ODA គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា
04/27/2026 07:04 PM
កម្ពុជា-អាល្លឺម៉ង់ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
04/27/2026 07:04 PM