សម្តេចធិបតីនាយករដ្ឋមន្ត្រី ផ្តល់ស្ពានបេតុងចំនួន១ កន្លែង ប្រវែង ៩០ ម៉ែត្រ ជូនដល់ប្រជាពលរដ្ឋនៅស្រុកជីក្រែង ខេត្តសៀមរាប
កម្ពុជាតែងឈរលើគោលគំនិតសន្ដិភាពនិយម ព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមជាង៣ទសវត្សរ៍ហើយ
ក្រសួងការងារ បន្តនាំយកឱកាសការងារជាង ១ម៉ឺនកន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ព្រមទាំងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់ពលរដ្ឋខេត្តពោធិ៍សាត់
ប្រមុខការពារជាតិរំឭកខ្មែរគ្រប់រូបរួបរួមគ្នាជាធ្លុងមួយក្រោកឡើងលើកតម្កើងកិត្យានុភាពជាតិ និងរួមគ្នាការពារជាតិទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​បាត់ដំបង​ណែនាំឱ្យ​រុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ប្រភេទ

2024/07/23 11:57:09 am        66
រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី២២​ ខែកក្កដា ឆ្នាំ២០២៤ ​បានណែនាំដល់អភិបាលក្រុង-ស្រុក​ទាំង​១៤​ឱ្យបន្តការផ្សព្វផ្សាយ ការអប់រំ និងរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹ​ង​គ្រប់ប្រភេ​ទ​តាំង​បង្ហាញ​ជា​សាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត។ តាមរយៈលិខិតរបស់រដ្ឋបាលខេត្តបាត់ដំបង​ បានឱ្យដឹងថាក្នុង​កិច្ច​ប្រជុំ​គណៈបញ្ញាការ​ឯកភាព​រដ្ឋបាល​ខេត្តបាត់ដំបង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក​ទាំង១៤ ធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំ និងរុះ​រើ​ស្លាក​ផ្សព្វ​ផ្សាយ​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​តាំងប​ង្ហាញ​ជាសាធារណៈ ដែលគ្មានច្បាប់អនុញ្ញាត តាមបណ្តា ក្រុង ស្រុក ក្នុងភូមិសាស្ត្រ​ខេត្ត​បាត់ដំបង ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណភាព របៀបរៀបរយ និងសណ្តាប់ធ្នាប់ នៅ​តាម​ទី​សាធារណៈ និងតាមដងផ្លូវនានា។ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា​ កន្លងមកមានក្រុង ស្រុកមួយចំនួនបាននិងកំពុងអនុវត្តតាមការណែនាំ របស់​រដ្ឋបាលខេត្ត តែមានស្រុកមួយចំនួនទៀត មិនទាន់បានអនុវត្តនៅឡើយទេ។ ទន្ទឹមនេះ រដ្ឋបាល​ខេត្តសូមរំលឹកដល់ លោកលោកស្រី អភិបាលនៃ គណៈអភិបាលក្រុង-ស្រុកទាំង១៤ ឱ្យអនុវត្ត​នូវខ្លឹមសារនៃកិច្ចប្រជុំគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត ឱ្យបានម៉ត់ចត់ និងតឹង​រឹង​បំផុត ហើយសូមសម្រេចកិច្ចការនេះឱ្យបានរួចរាល់យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ​២០២៤ និងរាយការណ៍ជាលាយលក្ខណ៍អក្សរមករដ្ឋបាលខេត្ត។រដ្ឋបាល​​ខេត្ត​សង្កត់ធ្ងន់ថា​ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី អភិបាល​នៃ​គណៈអភិបាលក្រុង-ស្រុកទាំង១៤ ចាត់ចែងអនុវត្តដោយស្មារតីទទួលខុសត្រូវ៕ 

អគ្គលេខាធិការរង UN ធ្វើទស្សនកិច្ចនៅទីតាំងសាលាហ្វឹកហ្វឺនរក្សាសន្តិភាព ក្នុងខេត្តកំពង់ស្ពឺ

2024/07/23 11:51:56 am        66
នៅថ្ងៃទី២៣ ខែកក្កដានេះ ឯកឧត្តម អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការ​សហ​ប្រជាជាតិ UN ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានអញ្ជើញបំពេញ​ទស្សន​កិច្ច​នៅ​ទីតាំងសាលាហ្វឹកហ្វឺនរក្សាសន្តិភាព នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។នាយឧត្តមសេនីយ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពថ្លែងថា សាលា​ហ្វឹកហ្វឺន​រក្សាសន្តិភាព PKO នៅខេត្តកំពង់ស្ពឺ គឺជាទីតាំងហ្វឹកហ្វឺនធំមួយ ដែលជាទូទៅ​គ្រប់​កង​កម្លាំង​រក្សា​សន្តិភាពទាំងអស់ត្រូវធ្វើការហ្វឹកហ្វឺនឲ្យមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មុននឹង​ធ្វើ​ការ​ចុះ​ចាត់​បញ្ជូនចេញបំពេញបេសកកម្មថែរក្សាសន្តិភាព UN នៅបណ្តាប្រទេស​មាន​ជម្លោះ​សង្គ្រាម​តាម​សំណើរ UN។នៅក្នុងដំណើរបំពេញទស្សនៈកិច្ចសាលា PKO នោះ ឯកឧត្តម អាទល់ ខារ៉េ បានទស្សនា គ្រឿង​ចក្រ​ធុនធំត្រៀមបំរុង បញ្ជូនទៅតំបន់បេសកកម្មរបស់ UN ទស្សនាទីលាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ដោះមីន​កម្ទេច​គ្រឿង និងថ្នាក់រៀនរបស់កងកម្លាំងជាដើម។ ឯកឧត្តម អាទល់ ខារ៉េ ថ្លែងថា តាមរយ:ការចុះទស្សនកិច្ចសាលាហ្វឹកហ្វឺន PKO នេះបង្ហាញថា កម្ពុជា មានការត្រៀមបានល្អប្រសើរ គ្រប់កងកម្លាំង​បាន​ធ្វើ​លំហាត់​ហ្វឹកហ្វឺន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់ គោរពវិន័យមានការទទួលខុសត្រូវខ្ពស់ មានភាពអង់អាចក្លាហាន និងមានការតាំងចិត្តខ្ពស់ មុន​នឹងចាត់បញ្ជូនកងកម្លាំងថែរក្សាសន្តិភាពកម្ពុជាចេញបំពេញបេសកកម្មថែរក្សាសន្តិភាព UN ។ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង UN បានថ្លែងកោតសរសើរថា កម្ពុជា មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អប្រសើរ ការធ្វើជាម្ចាស់ផ្ទះរៀបចំវគ្គហ្វឹកហ្វឺនស្តីពី កម្មវិធីភាពជាដៃគូត្រីភាគីកម្ពុជា សាធារណ​រដ្ឋកូរ៉េ និង UN នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមបន្តថា ការរៀបចំវគ្គ​ហ្វឹកហ្វឺន​ត្រី​ភាគី កម្ពុជា ជប៉ុន UN នៅដើមឆ្នាំ២០២៥ ដែលសកម្មភាពនេះ បញ្ជាក់ថា កម្ពុជា​ស្ថិត​នៅ​លើ​គន្លង​ផ្លូវ​ដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពរបស់ UN មក​ជា​ប្រទេស​ផ្តល់​កងកម្លាំងរក្សាសន្តិភាពផង និងផ្តល់ការបណ្តុះបណ្តាល​ចែក​រំលែក​បទ​ពិសោធន៍​ជូន​កង​ទ័ព​រក្សាសន្តិភាពបណ្តាប្រទេសផ្សេងៗ ទាំងផ្នែកយោធាប្រយុទ្ធការពារ ផ្នែកពេទ្យ និង​គិលានុ​បដ្ឋាយិកា និងកងទ័ពបោសសម្អាតមីន ឱ្យកាន់តែមានសមត្ថភាព និងប្រសិទ្ធភាពជាដើម។សូមបញ្ជាក់ថា រយៈពេល១៨ឆ្នាំមកនេះ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព​បំពេញ​បេសកកម្ម​ថែ​រក្សាសន្តិភាព UN សរុប ៩៥៧៩នាក់ ក្នុងនោះ នារី ៨១៨ នាក់ ទៅកាន់​ប្រទេស​ចំនួន១០ ដែលមាន១២បេសកកម្ម។ បច្ចុប្បន្ន កម្ពុជា មានកងកម្លាំងមួកខៀវ ប្រមាណ ៦២៧ នាក់ បាននិងកំពុងបំពេញបេសកកម្មតាមបណ្តាប្រទេសកំពុងមានជម្លោះសង្គ្រាមចំនួន៤ រួមមាន៖ ស៊ូដង់ខាងត្បូង លីបង់ អាហ្វិ្រកកណ្តាល និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕អត្ថបទ ស៊ុម សុខជា 

អបអរសាទរ! កូនប្រុសសម្ដេចធិបតី ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរឹទ្ធមួយ បន្ថែមទៀត

2024/07/23 11:40:59 am        158
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការអបអរសាទរដល់ ចៅប្រុសរបស់សម្ដេច គឺកូនប្រុសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលទើបទទួលបាន មេដាយប្រាក់មួយ និងសំរឹទ្ធមួយ បន្ថែមទៀត ក្នុងការប្រឡងនៅប្រទេសសិង្ហបុរី។សម្ដេចតេជោ បានសរសេរថា៖ «ចៅ រិទ្ធសិទ្ធ ប្រឡងនៅសិង្ហបុរី បានមេដាយប្រាក់មួយ និងសំរិទ្ធមួយ។ ខុសពីនៅឌូបៃដែលចៅសិទ្ធរៀននៅមតេយ្យតែត្រូវប្រឡង ជាមួយសិស្សថ្នាក់ទី១។ លើកនេះ ចៅសិទ្ធត្រូវប្រឡងជាមួយសិស្សដែលមានកម្រិងខ្ពស់ជាង»៕

ពលរដ្ឋរស់នៅអមតាមគម្រោងព្រែកជីកហ្វូណនតេជោបន្តគាំទ្រ ខណៈពិធីបើកការដ្ឋាន​ខិតជិតមកដល់

2024/07/23 11:39:37 am        134
ប្រជាពលរដ្ឋរស់នៅអមនឹងគម្រោងព្រែកជីកហ្វូណនតេជោ បង្ហាញពីការគាំទ្រផុសផុល ខណៈ​ពិធី​បើកការដ្ឋានជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ កាន់តែខិតជិតមកដល់។ស្របពេលពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ នៅសល់​រយៈ​ពេល​តែ​ជាង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ប្រជាពលរដ្ឋរស់នៅឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្បែរនឹងទីតាំង​ត្រៀម​ពិធី​បើការដ្ឋាននោះ បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ថា ក្នុង​នាម​ប្រជាពលរដ្ឋកម្ពុជាពិតជាមានការពេញចិត្តជាខ្លាំងចំពោះសមិទ្ធផលដ៏មានសារៈសំខាន់ និង​ជា​ប្រវត្តិ​សាស្រ្ត​សម្រាប់កម្ពុជាដែលមិនធ្លាប់មានពីមក។ជាមួយនឹងសមិទ្ធ​ផលជាប្រវត្តិសាស្រ្តនេះ ប្រជាពលរដ្ឋ លើកឡើងថា ការគិតគូររបស់​សម្តេច​តេជោ​ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ពិតជាមានអត្ថប្រយោជន៍ដល់ជាតិ ជាពិសេស​ធ្វើ​ឱ្យ​ប្រទេស​ក​ម្ពុជាបង្កើតបានព្រែកជីកមួយដ៏យូរអង្វែង។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បាន​មជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេ​ទៅ​កាន់​សមុទ្រ​កម្ពុជា​ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០ លានដុល្លារ។ផ្លូវ​ទឹក​ថ្មីទៅកាន់សមុទ្រតាមរយះគម្រោងព្រែកជីកហ្វូណនតេជោនេះមានប្រវែង១៨០គីឡូ ម៉ែត្រ ចាប់​ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់​ចូលតាមព្រែកតាហ៊ីងនៃ​ទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រជាជនសរុបប្រមាណ ១,៦ លាននាក់​រស់នៅ​អម​ស​ងខាងផ្លូវទឹកនេះ។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង ១០០ម៉ែត្រ និង​មុខ​កាត់​ផ្នែក​ខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕ អត្ថបទ៖ សេក ឧត្តម 

សិក្ខាកាម នៃសាលាមធ្យមវិចិត្រសិល្បៈ ទទួលការបណ្តុះបណ្តាលគរុកោសល្យវិធីសាស្រ្ត នៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន

2024/07/23 11:19:30 am        267
សិក្ខាកាមជាង១០០នាក់ សាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​បើក​វគ្គ​បណ្តុះបណ្តាលគរុកោសល្យ វិធីសាស្រ្តនៃការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន (ជំហានទី២ ក្រុម​ទី២) នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈបានឲ្យដឹងថា សាលា​មធ្យម​វិចិត្រ​សិល្បៈ បានសហការជាមួយសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានរៀបចំវគ្គ​បណ្តុះ​បណ្តាល​ស្តីពី គរុកោសល្យ និងវិធីសាស្រ្តបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន ដោយគិតមក​ដល់​ពេល​នេះ បានចំនួន០៤លើករួចមកហើយ ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យអប់រំ និង​ការ​ស្វែង​រកវិធីសាស្រ្តថ្មីៗ ក្នុងការបង្រៀន និងការគ្រប់គ្រងថ្នាក់រៀន សម្រាប់​បំពេញ​បន្ថែម​ជូន​លោក​គ្រូ អ្នកគ្រូ ដើម្បីយកមកអនុវត្តនៅក្នុងថ្នាក់រៀនប្រកបដោយគុណភាព ប្រសិទ្ធភាព និង​សេចកី្ត​ថ្លៃថ្នូរ​របស់គ្រូបង្រៀន និងនវានុវត្តន៍ការងារ។លោក ប៊ុនថន សុខាណារិទ្ធ នាយកស្តីទី​សាលា​បណ្តុះ​បណ្តាល​ក្រប​ខ័ណ្ឌ​វប្បធម៌ បានមានប្រសាសន៍ថា សម្រាប់វគ្គនេះ សាលាបានកំណត់ជ្រើសយកលោកគ្រូ-អ្នកគ្រូ និង​បុគ្គលិករដ្ឋបាលសិក្សាដែលធ្លាប់ទទួលការបណ្តុះបណ្តាលនៅជំហាន១ ក្រុម២ ឆ្នាំ២០២៣ សរុប​ចំនួន ១០២រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន ៥០រូប មកពីសាលាមធ្យមវិចិត្រសិល្បៈ ដើម្បី​យក​មក​បណ្តុះបណ្តាលបន្តនូវជំហាន២ ក្រុម២ នា ឆ្នាំ២០២៤នេះ។ ការបើក​វគ្គ​បណ្តុះ​បណ្តាល​នា​ពេល​នេះ ដើម្បីផ្សាភ្ជាប់ទៅនឹងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តស្តីពីការអប់រំ របស់​ក្រសួង​អប់រំ​យុវជន និងកីឡា និងគោលនយោបាយជាតិស្តីពី៖ វប្បធម៌ ដោយផ្តោត​សំខាន់​ទៅ​លើ​៖ ​ធានាឱ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ បរិយាបន្ន និង​លើក​កម្ពស់​ឱកាស​ក្នុង​ការ​សិក្សា​ពេញ​មួយជីវិតសម្រាប់ទាំងអស់គ្នា, ធានាភាពស័ក្តិសិទ្ធ នៃភាពជាអ្នកដឹកនាំ និងគ្រប់​គ្រង​របស់​មន្រ្តី​អប់រំគ្រប់លំដាប់ថ្នាក់ និងធានាគុណភាព​ក្នុង​ការ​សាប​ព្រោះ​ចំណេះ​ដឹង​ដល់​អ្នក​បន្ត​វេន​សិល្បៈ​ឲ្យ​ទទួលបានចំណេះជំនាញច្បាស់លាស់ អាចយកទៅបម្រើដល់កិច្ចការងារសង្គម និង​ជីវភាព​គ្រួសារ និងរួមចំណែកក្នុងការអភិរក្ស ជំនាញមរតកដូនតាខ្មែរ។នាឱកាសនោះឯកឧត្តម ធៀង វណ្ណដារ៉ុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ​បណ្ឌិត​សភា​ចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា សម្រាប់​នីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពការងាររបស់មន្រ្តីរាជការ លោក​គ្រូ អ្នកគ្រូ គ្រប់កម្រិតវិជ្ជាជីវៈ រួមទាំងជំនាញមរតកដូនតា ដើម្បីឱ្យដើរ​ស្រប​តាម​គោល​នយោបាយ និងផែនការអភិវឌ្ឍគ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមាន​កំណត់​នៅ​ក្នុង​បាវចនា​ទាំង៥ របស់យុទ្ធសាស្រ្តបញ្ចកោណគឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព។ នៅក្នុងគោលនយោបាយធនធានមនុស្ស ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គឺ​ដើម្បី​រួម​ចំណែកជួយដល់គ្រឹះស្ថានអប់រំ ក្នុងការពង្រឹងការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ដែលនឹង​ធ្វើ​ឱ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងការផ្តល់សេវាអប់រំប្រកបដោយគុណភាពល្អ អាច​ទុក​ចិត្តបាន និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការទីផ្សារការងារ។ នៅក្នុង​នីតិកាល​ទី៧​នេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយសេចក្តីស្វាហាប់ របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត បានបន្តកំណត់យកគោលនយោបាយអភិវឌ្ឍធនធានមនុស្ស​ជា​អាទិភាព​ក្នុងចំណោមអាទិភាពទាំង៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ វគ្គបណ្ដុះបណ្ដាលរបស់យើងនាថ្ងៃនេះ ក៏ជាការបន្តរួមចំណែក​ធ្វើឱ្យគោលនយោបាយ​អាទិភាព​របស់​រាជ​រដ្ឋាភិបាលទទួល បានជោគជ័យ ជាពិសេសក្នុងក្របខ័ណ្ឌ​នៃ​ការ​បណ្ដុះ​បណ្ដាល​ធន​ធាន​មនុស្ស​លើ​វិស័យវប្បធម៌៕ អត្ថបទ រដ្ឋា 

ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋស្រុកបរិបូណ៌ ត្រៀមរួចរាល់​ដើម្បីអបអរសាទរ​ពិធី​បើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ

2024/07/23 10:53:25 am        138
កំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជាពលរដ្ឋ​ស្រុក​បរិបូណ៌ បានត្រៀមរួចរាល់ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅ​ថ្ងៃទី​៥ ខែសីហា ឆ្នាំ២០២៤ខាងមុខ។ ក្រុមប្រឹក្សាឃុំ កងកម្លាំង ប្រជា​ពលរដ្ឋ​ស្រុកបរិបូណ៌ជូនពរជ័យ​ជូន​ដល់​ថ្នាក់​ដឹកនាំ និងក្រុមការងារសាងសង់ឲ្យរលូន និងទទួលជោគជ័យ ព្រោះពួកគាត់គិតថា ព្រែកជីកនេះ ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេស និងប្រជាជនខ្មែរទាំងមូល។ នៅថ្ងៃទី៥ ខែសីហា វេលាម៉ៅង ៩និង៩នាទីព្រឹក ដោយគ្រប់វត្តអារាម វិហារសាសនាទាំងអស់ ត្រូវ​ចងទង់ជាតិ ទង់ជ្វាលា ទង់សាសនា សម្អាត​បរិស្ថាន​ទីធ្លាតា​ម​គ្រឹះ​ស្ថាន​សាសនា​នីមួយៗ​ឲ្យ​បាន​ស្អាត និងត្រូវវាយរគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដើម្បីបន្លឺសំឡេងឲ្យកង់រំពង។ មកដល់ថ្ងៃនេះ គ្រប់សាលារៀន វត្តអារាម បានត្រៀម​រៀបចំ​រួច​រាល់​ហើយ​សម្រាប់​អបអរសាទរ​ក្នុង​ពិធី​ដ៏​មានសារៈសំខាន់នេះ ។ ប្រជាពលរដ្ឋបានបង្ហាញការជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលចាប់តាំងពីអាណត្តិមុនៗក្រោម​ការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧​នេះ​ក្រោម​ការ​ដឹកនាំ​ដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី និងធ្វើឱ្យគម្រោងព្រែកជីក ហ្វូណន​តេជោ នេះក្លាយជាផលប្រយោជន៍ជាប្រវត្តិសាស្រ្ដសម្រាប់ប្រជាជន និងប្រទេស​កម្ពុជា​បន្ថែម​ទៀត៕ កាំង ហុងវាស្នា

កំណើនវិស័យទេសចរណ៍ និងវិស័យចម្បងៗរបស់កម្ពុជា​កំពុងគាំទ្រ​សេដ្ឋកិច្ចជាតិ​ឱ្យងើប​ឡើងវិញ

2024/07/23 10:33:27 am        186
វិស័យចម្បងៗនៅក្នុងសកម្មភាពសេដ្ឋកិច្ច បានកើនឡើងវិញក្នុងល្បឿនខុសៗគ្នា ដោយ​បាន​ជំរុញ​ឱ្យ​សេដ្ឋកិច្ចរបស់កម្ពុជាបន្តងើបឡើងវិញជាបន្តៗ ក្នុងនោះមានវិស័យ​ទេសចរណ៍កំ​ពុង​បន្ត​ងើប​ឡើង​វិញ ខណៈវិស័យសំណង់ និងអចលនទ្រព្យ នៅមានកំណើនតិចតួចនៅឡើយ។ធនាគារជាតិនៃកម្ពុជា បានបង្ហាញរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ​២០២៤ ក្នុងនោះសម្រាប់ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២៤​នេះ ​ក្នុងនោះវិស័យកម្មន្តសាលត្រូវបានប៉ាន់ស្មានថាមានកំណើន ៧,៣% ដែលគាំទ្រ​ជា​ចម្បង​ដោយ​ផលិត​ផលកម្មន្តសាលសម្រាប់ការនាំចេញ (កើន ៧,៧%) ក្នុងនោះផលិតផល​កាត់​ដេរ​ សម្រាប់នាំចេញ កើន ១៧% ខណៈដែលផលិតផលមិនមែនកាត់ដេរថយ-៨%។ ចំណែក​ឯ​ផលិត​ផល​កម្មន្តសាលសម្រាប់បម្រើទីផ្សារក្នុងស្រុក មានកំណើន ៦,៤%។ ចំណែកវិស័យសេវាកម្មក្នុងរយៈនេះ វិស័យទេសចរណ៍បន្តទទួលបានកំណើនល្អ ដែលឆ្លុះ​បញ្ចាំង​តាម​រយៈ​កំណើនទាំងភ្ញៀវអន្តរជាតិ និងទេសចរក្នុងស្រុក។ ភាពប្រសើរឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់ និងសកល រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអាកាសយានដ្ឋាន អន្តរជាតិ គួប​ផ្សំនឹងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយនឹងប្រទេសនានា បានរួ​ម​ចំណែក​ទាក់​ទាញ​ភ្ញៀវ​អន្តរជាតិ​ឱ្យកើនដល់ប្រមាណ ៣,១ លាននាក់ (កើន ២១,២%) ទាបជាង​កម្រិត​គ្រា​ដូច​គ្នា​មុន​វិបត្តិ​កូវីដ-១៩បន្តិច ដោយក្នុងនោះ ភ្ញៀវថៃបន្តឈរនៅ លំដាប់ទី១ នៃភ្ញៀវ​អន្តរជា​តិ​ដែល​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា (សមាមាត្រ ៣០%), វៀតណាម (២០%) និងចិន (១២%)។យ៉ាង​ណាមិញ ភ្ញៀវអន្តរជាតិដែលចូលមកតាមផ្លូវអាកាស មានប្រមាណ ៣៨% នៃភ្ញៀវ​អន្តរជាតិ​សរុប (៧០% គ្រាដូចគ្នា ឆ្នាំ២០១៩) និង ៦២% តាមផ្លូវគោក និងផ្លូវទឹក (៣០% គ្រាដូច​គ្នា​ឆ្នាំ​២០១៩​)។ ទន្ទឹមនេះ ទេសចរក្នុងស្រុកបន្ដកើនដល់ប្រមាណ ៩,៧ លាននាក់ (កើន ៦,៧%) ក្នុងនោះតំបន់ឆ្នេរបន្តទទួលទេសចរច្រើនជាងគេ មានសមាមាត្រប្រមាណ ៥១% នៃ​ទេសចរ​ក្នុង​ស្រុកសរុប ខណៈរាជធានីភ្នំពេញឈរនៅលំដាប់ទី២ (២២%) ខេត្តសៀមរាប ឈរ​នៅ​លំដាប់ទី៣ (១៥%) និងតំបន់អេកូ ទេសចរឈក្នុងលំដាប់ទី ៤ មាន (៣%)។ ចំណូល​នៃ​វិស័យ​ទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានប្រមាណ ១,៧ ប៊ីលាន​ដុល្លារ​អាមេរិក ដែលបានកើនឡើង ៧% ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន ។ចំពោះ​វិស័យកសិកម្ម៖ វិស័យកសិកម្មបន្តមានវឌ្ឍនភាពល្អ ដែលជាចម្បង​គាំទ្រ​ដោយ​ផល​ស្រូវ​រដូវ​ប្រាំង បានកើនឡើង ២១% ធៀបនឹងគ្រោះដូចគ្នាឆ្នាំមុន ដល់ ៣,៨ លានតោន ដោយ​សារ​ភាព​អំណោយផលនៃទីផ្សារ។ យ៉ាងណាមិញផ្ទៃដីដាំដុះស្រូវរដូវវស្សា បានថមថយបន្តិច -០,៦% មក ១,៧ លានហិកតា ដែលជាចម្បងបណ្ដាល​មក​ពីការ​អូស​បន្លាយ​នៃ​ភ្លៀង​ធ្លាក់​នៅ​ដើម​រដូវ​វស្សា។ផលកៅស៊ូបន្តទទួលបានកំណើនទាបប្រមាណ ១% ដល់ជាង ១៤០ ពាន់តោន ដែលអាច​បណ្តាល​មក​ពីកត្តាអាកាសធាតុ ខណៈតម្លៃ កៅស៊ូក្នុងមួយតោនជាមធ្យម បាន​ងើប​ឡើង​ចាប់​ពី​ដើម​ឆ្នាំ​២០២៤ ដល់ ១ ៥០២ ដុល្លារអាមេរិក ក្នុងមួយតោន ដែលបានកើន ១១,៧% ដោយ​សារ​កំណើន​តម្រូវការខាងក្រៅ។ដោយឡែក វិស័យសំណង់ វិស័យនេះត្រូវបានប៉ាន់ស្មានថា មានកំណើនទាប​ដែលគាំទ្រ​ដោយ​គម្រោងអភិវឌ្ឍន៍សាធារណៈសំខាន់ៗដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារ និង​បរិក្ខារសំណង់បន្តកើនឡើងគួរឱ្យកត់ សម្គាល់ ២២,១% ធៀបនឹង កំណើន ០,៤%​នៅ​គ្រាដូច​គ្នា​ឆ្នាំមុន។ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តបានថយចុះ -២៣%“ ដែល​ក្នុង​នោះ​សំណង់​លំនៅឋាន (សមាមាត្រ ៤៦,៦%) ត្រូវបានប៉ាន់ស្មានថាថយចុះ -១៤,៩% និង​សំណង់ផ្សេងៗ(៤៤,៧%) ថយចុះ -៣២,៩% ខណៈដែលសំណង់សាធារណៈ (៨,៧%) កើន ២,៧%៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងស្ថានទូតបារាំង ចុះអនុស្សរណៈនៃការយោគយល់ ស្តីពីកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង

2024/07/23 09:59:33 am        154
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី​កម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលបារាំង រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា តំណាង​ដោយ ឯកឧត្តម សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និ​ង​ស្ថាន​ទូត​បារាំង តំណាងដោយឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ នៅ​ទីស្តី​ការ​ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណង​ដើម្បី​បន្តកិច្ច​សហប្រតិបត្តិការ​ហិរញ្ញប្ប​ទាន​រួម​គ្នា​ក្នុងការផ្តល់អាហារូបកណ៍ដល់និស្សិតឆ្នើមកម្ពុជា ទៅសិក្សាថ្នាក់បណ្ឌិត​ជំនាញ​បច្ចេក​វិទ្យា​ឌីជីថល​នៅ​សាកលវិទ្យាប្រទេសបារាំង។ កិច្ចសហប្រតិបត្តិការនេះ ជាកិច្ចខិតខំប្រឹងប្រែង​ក្នុង​ការ​បង្កើន​មូល​ធនមនុស្សជំនាញឌីជីថល និងការលើកកម្ពស់សមត្ថភាពស្រាវជ្រាវនិងនវានុវត្តន៍ គាំទ្រ​ដល់ការសម្រេចបាននូវផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥។

ក្រុមហ៊ុនថៃធំៗលំដាប់អន្តរជាតិ កំពុងចូលមកវិនិយោគលើវិស័យជាច្រើននៅកម្ពុជា

2024/07/23 09:30:46 am        304
ក្រុមហ៊ុនខ្នាតអន្តរជាតិប្រចាំប្រទេសថៃ បានកំពុងចាប់អារម្មណ៍ និងបាន​ហូរចូល​កម្ពុជា​ជា​បណ្តើរ​ៗ ដោយបានវិនិយោគលើវិស័យ ធំៗជាច្រើន ខណៈកម្ពុជាបានផ្តល់ទំនុកចិត្តខ្ពស់ លើបរិយាកាស​វិនិយោគ ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើក​ឡើង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីបរិយាកាសវិនិយោគនៅកម្ពុជា នេះថា កម្ពុជា-ថៃ​គឺ​ជា​ប្រទេស​ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ និងរវាងរាជរដ្ឋាភិ បាល និងរាជរដ្ឋាភិបាល ជា​ពិសេស​ការធ្វើទ្វេភាគីពាណិជ្ជកម្ម និងការវិនិយោគជាដើម, ដោយក្នុងនោះកម្ពុជា គឺជា​ប្រទេស​មួយ​ដែល មានការអភិវឌ្ឍន៍រីកចម្រើនស្ទើរគ្រប់វិស័យ និងជាប្រទេសផ្តល់​ភាព​អំណោយ​ផល​គ្រប់​បែប​យ៉ាង​ ដល់បរិយាកាសវិនិយោគ និងការធ្វើ ធុរកិច្ចផ្សេងៗ។លោកស្រី បន្តថា ដោយមើលឃើញពីសក្តានុពលទាំងនោះ វិនិយោគិនថៃបានមកបណ្តាក់ទុន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ ជាក់ ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗ​ចូល​មក​វិនិយោគ​នៅកម្ពុជា​ជាច្រើនដូចជា ការវិនិយោគលើផ្នែកភោជនីយដ្ឋាន, វិស័យដឹកជញ្ជូន, ក្នុងក្រុមហ៊ុន TCC Group ដែលវិនិយោគនៅកម្ពុជាកន្លងមក បច្ចុប្បន្នបានកំពុងជំរុញវិនិយោគបន្ថែម នៃការ​បង្កើត រោងចក្រផលិតស្រាបៀរ និងរោងចក្រផលិតទឹកដោះគោ និងមានក្រុមហ៊ុនថៃផ្សេងៗ កំពុង​ចាប់អារម្មណ៍ និងមានទំនុកចិត្តខ្ពស់ អំពី បរិយាកាសវិនិយោគនៅកម្ពុជាផងដែរ។ជុំវិញការទទួលបានគម្រោងវិនិយោគនេះ បើយោងតាមសេចក្តីប្រកាសព័ត៌មាន រប​ស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី ដែល​អនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានចំនួន ១៩០ គម្រោង មាន ទុនវិនិយោគសរុប ៣,២ ពាន់​លានដុល្លារអាមេរិក ក្នុងនោះការវិនិយោគលើវិស័យឧស្សាហកម្ម មានចំនួនជាង ១ ៨០០ លាន​ដុល្លារ, ទេសចរណ៍ជាង ៥៨៨ លានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្មជាង ៧២ លាន​ដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ជាង ៧៥៣ លានដុល្លារផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្តល់កាណូតចំនួន៤គ្រឿង សម្រាប់ចម្លងសិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅស្រុកសណ្តាន់

2024/07/23 08:41:09 am        190
កំពង់ធំ៖ កាណូតចំនួន៤គ្រឿង ដែលជាអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ត្រូវបាន​ប្រគល់​ជូន​ប្រជាជន​ស្រុក​សណ្ដាន់ ដើម្បីចម្លងសិស្ស និងពលរដ្ឋដោយឥតគិតថ្លៃ។ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេ​បញ្ជាការ​រង​កង​ពលតូចលេខ៧០ បាននាំយកការណូតចំនួន៤គ្រឿង ទៅប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និង​ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ លើក​ឡើង​ថា ការផ្តល់ជូនការណូតចំនួន ៤គ្រឿងនេះ គឺដើម្បីសម្រួលដល់ការដឹកជញ្ជូន លោក​គ្រូ​អ្នក​គ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឆ្លងកាត់ដងស្ទឹងសែនក្នុងរដូវវស្សា នៅក្នុងឃុំដងកាំបិត  និង​ឃុំមានជ័យ ឆ្លងកាត់ទៅកាន់ឃុំខ្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីបម្រើឲ្យនិរន្តរភាពការងារ របស់​លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងសកម្មភាពជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ លោកបន្តថា ក្រោមការចិត្តទុកដាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃ​ក​ង​យោធ​ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររបស់ រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកសណ្ដាន់ បានប្រគល់កាណូតចំនួន៤គ្រឿង ក្នុងនោះ ចំនួន ២ គ្រឿង ប្រគល់ជូនប្រជាជននៅឃុំដងកាំបិត និង ចំនួន ២ គ្រឿងទៀតប្រគល់ជូន​ប្រជាជន​នៅ​ឃុំ​មានជ័យ និងឃុំខ្លែង ព្រមទាំង អាវពោងសុវត្ថិភាពចំនួន៤០ ប្រេងឥន្ធនៈ សម្រាប់ប្រើប្រាស់​ប្រចាំ​ថ្ងៃ បម្រើឲ្យការដឹកជញ្ជូន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋទូទៅ ដោយ​ឥត​គិត​ថ្លៃ និងមិនគិតនិន្នាការ នយោបាយណាឡើយ។ លោកឧត្តមសេនីយ៍ទោ ផ្តាំផ្ញើដល់ ក្រុម​បច្ចេកទេស​បើកបរកាណូតទាំងពីរគោលដៅ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ក្នុង​ការ​បើក​បរ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ឆ្លងកាត់ដងស្ទឹងសែន ឱ្យមានសុវត្ថិភាព និង​ត្រូវគ្រប់គ្រងថែរក្សាលក្ខណៈបច្ចេកទេសម៉ាស៊ីនកាណូត ក្នុងការដឹកជញ្ជូនឲ្យបានល្អ ដើម្បី​បម្រើ​សកម្មភាពក្នុងការដឹកជញ្ជូន បានយូរអង្វែង។ជាមួយគ្នានេះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ គោរពថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ​ជា​ទី​បំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ដែល​បាន​យកចិត្តទុកដាក់ខ្ពស់គិតគូរពីសុខទុក្ខ ជីវភាពរស់នៅ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ ព្រម​ទាំង​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ក្នុងការធ្វើដំណើរឆ្លងកាត់ដងស្ទឹងសែន និង​សូម​គោរព​ជូន​ពរ​សម្ដេច លោកជំទាវ ឯកឧត្តមអស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM