រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ

ព័ត៌មានជាតិ

ការអប់រំតាមបែប STEM នៅកម្ពុជាកាន់តែមានគុណភាព ក្រោមការជួយគាំទ្រពីADB

2026/02/20 04:37:50 pm        133
ភ្នំពេញ ៖ ការអប់រំតាមបែប វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទែម (STEM) កាន់ តែមានគុណភាព ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។​លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានគម្រោង STEPUP នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ បានប្រាប់BTVថា តាមរយៈគម្រោង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គាំទ្រដោយធនាគារ ADB បានចូលរួមចំណែកការអប់រំតាមSTEM នៅកម្ពុជា កាន់តែមានគុណភាព។ ជាក់ស្ដែងដូចជា វិទ្យាល័យនេតយ៉ង់នៅក្រុងបាត់ដំបង ត្រូវបានកែលម្អ ដោយបំ ពាក់បរិក្ខារនៅមន្ទីពិសោធន៍ និងពង្រឹងសមត្ថភាពគ្រូបង្រៀនតាមបែបឌីជីថល ជាដើម។លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន លើកឡើងដែរថា ជាការពិតការអប់រំតាមបែប STEM មានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកអភិ វឌ្ឍប្រទេសជាតិ។ក្នុងនាមដៃគូជាមួយរាជរដ្ឋាភិបាល ធនាគារADB នឹងបន្តសហការជាមួយក្រសួងអប់រំ ក្នុងការកសាងធនធានមនុស្ស។លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង និងសិស្ស បានអរគុណដល់ធនាគារADB ដែល ជួយគាំទ្រសាលារៀនក្នុងការអប់រំតាមបែបSTEM។ ពួកគេនឹងខិតខំជំរុញការរៀនតាមបែបSTEMឲ្យកាន់ តែមានសកម្មថែមទៀត។គួរបញ្ជាក់ដែរ គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទានពីធនាគារADB ចំនួនថវិកាជាង៧៨លានដុល្លារ ដែល ត្រូវអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩។ គម្រោងនេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ STEM ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់លទ្ធផល សិក្សានៅទូទាំងប្រទេស៕អត្ថបទ៖ទូច សោភ័ណ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ពីសារសំខាន់នៃការធ្វើច្បាប់ស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/20 04:24:29 pm        191
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែម ផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ BTV ថា បញ្ហា ONLINE SCAMS គឺរាជរដ្ឋាភិបាល ជាពិសេសប្រមុខរាជរដ្ឋាភិបាលចាត់ទុកជាអាតិភាពខ្ពស់បំផុតនៅក្នុងការបោសសម្អាត ដើម្បីឆ្លើយតបចំពោះភាពចាំបាច់នៅក្នុងដំណាក់កាលនេះទាំងក្រសួងយុត្តិធម៌ សហការជាមួយអង្គភាពជំនាញក្រសួងមហាផ្ទៃ ក៏ដូចជាជំនាញពីអន្តរជាតិនៅក្នុងតំបន់ដើម្បីធ្វើសេចក្តីព្រាងច្បាប់មួយនឹងបានសម្រេចនៅក្នុងពេលឆាប់ៗ ហើយនឹងបានដាក់ជូនទៅរដ្ឋសភាដើម្បីអនុម័ត។ សេចក្តីព្រាងច្បាប់ដាក់ឈ្មោះថា “ច្បាប់ស្តីពីការបង្ក្រាបអំពោះឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងការធ្វើបទបង្ហាញផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា" ជូនដល់តំណាងទូតប្រចាំកម្ពុជានិងតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់រហូតដល់ការអនុម័តជាផ្លូវការ៕ ដោយ ៖ វង្ស សុភាព 

ខេត្តព្រះសីហនុទាក់ទាញគម្រោងវិនិយោគថ្មីចំនួន ៣៥បន្ថែម មានទំហំទុនជាង ១៥៦ លានដុល្លារ

2026/02/20 04:22:09 pm        211
ព្រះសីហនុ៖ វិស័យវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លា ខណៈ​ដែលគម្រោងថ្មីៗចំនួន ៣៥ បន្ថែមទៀត ត្រូវបាន​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ជំរុញ​ការ​អនុវត្ត​ឱ្យ​បានឆាប់រហ័ស ក្នុងគោលដៅប្រែក្លាយខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ និងពិភាក្សាយ៉ាងម៉ត់ចត់លើសំណើគម្រោងទាំង ៣៥ ដែលមាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១៥៦,៤ លានដុល្លារអាមេរិក។ គម្រោងទាំងនេះគ្រប​ដណ្តប់​លើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន ៣ រួមមាន៖១. វិស័យផលិតកម្ម និងឧស្សាហកម្ម វិស័យនេះនៅតែជាឆ្អឹងខ្នងនៃកំណើនការងារ តាមរយៈការបង្កើតរោងចក្រផលិតកម្មចម្រុះរួមមាន រោងចក្រផលិតចំណីសត្វ និងសិប្បកម្មកែច្នៃប្រេងឆា រោងចក្រផលិតគ្រឿងសង្ហារិម កេសកាតុង និងបំពង់ទឹក។២. បរិស្ថាន និងបច្ចេកវិទ្យាបៃតង ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល ខេត្តព្រះសីហនុកំពុងងាកមកចាប់យកការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន រួមមាន រោងចក្រកែច្នៃសំណល់ ដើម្បីគ្រប់គ្រងបរិស្ថានក្រុងឱ្យបានល្អប្រសើរ និងការបង្កើតស្ថានីយសាករថយន្តអគ្គិសនី (EV Charging Stations) ដើម្បីគាំទ្រដល់ការប្រើប្រាស់ថាមពលស្អាត។៣. អចលនទ្រព្យ និងសេវាកម្មទំនើប ពង្រឹងសក្តានុពលផ្នែកពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច តាមរយៈការសាងសង់អគារពហុមុខងារ (Mixed-use Buildings)។គម្រោងសណ្ឋាគារលំដាប់ខ្ពស់ និងផ្សារទំនើបខ្នាតធំ ដើម្បីបម្រើដល់ការរស់នៅ និងទេសចរណ៍។សូមបញ្ជាក់ថា ការហូរចូលនៃទុនវិនិយោគជាង ១៥៦ លានដុល្លារក្នុងពេលតែមួយនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងទាំងនេះ មិនត្រឹមតែជួយបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសង្វាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែសម្បូរបែបផងដែរ៕

ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានស្ថាបនាផ្លូវក្រាលក្រួសក្រហម និងស្ពានបេតុង ជា​អំណោយ​របស់​សម្តេច​ធិបតី​ផ្ដល់​ជូន​ពលរដ្ឋ​នៅ​ស្រុក​ត្រពាំងប្រាសាទ

2026/02/20 04:13:03 pm        293
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាន​បើក​ការ​ដ្ឋាន​ស្ថាបនាផ្លូវ១ខ្សែក្រាលគ្រួសក្រហម ជិត៧ពាន់ម៉ែត្រ និងស្ពានបេតុង នៅស្រុក​ត្រពាំង​ប្រាសាទ​ខេត្តឧត្តរមានជ័យ ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់ពលរដ្ឋនៅមូលដ្ឋាន ខណៈ​ផ្លូវ​នេះ​ជា​អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅចំណុចឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមាន័យ។ ក្នុងនោះដែរឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋ​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បានលើកឡើងថា ការបើកការដ្ឋានការងារ ស្ថាបនាផ្លូវក្រាល​ដី​ល្បាយ​ក្រួស​ចំនួន ១ខ្សែ ប្រវែង ៦ ៦៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៣០ម ទទឹង ៨ម៉ែត្រ សាងសង់លូប្រអប់មុខមួយ ចំនួន ១កន្លែង និង លូមូលមុខមួយ ចំនួន ៧កន្លែង ស្ថិតនៅភូមិពពេល ភូមិថ្កូវ ភូមិអូរជីក និងភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋ​ផ្តល់​ភាព​ងាយ​ស្រួលក្នុ​ង​ការ​ធ្វើ​ដំណើរក៏ដូចជាដឹកកសិផលមកទីរួមស្រុកប្រកបដោយភាពងាយស្រួល។ ឯកឧត្តមឈឹម សៅគី មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍​ជនបទ​បាន​ចាប់​ផ្ដើម​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន នៅតាម​បណ្តា​ខេត្ត​ និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើក​កម្ពស់​កម្រិត​ជីវភាព​របស់​ពលរដ្ឋ​នៅ​មូល​ដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ ឯកឧត្តមបានបន្តថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ​ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍ​ជនបទ ​ឆ្នាំ២០២៥-២០៣៥ ដោយបានកំណត់ចក្ខុវិស័យ “កសាងសង្គម​ជន​បទ​កម្ពុជា​ឱ្យ​មាន​វិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដែល​មាន​គោលដៅចម្បងចំនួន៥គឺ៖ ១. ប្រជាជនមានជីវភាពរស់នៅសមរម្យ, ទី២. ប្រជាជន​មាន​សុខភាព​មាំមួន, ទី៣. ប្រជាជនរស់នៅក្នុងភាពថ្លៃថ្នូរ, ទី៤. គ្រប់ភូមិឋានទាំង​អស់​នៅ​តំបន់​ជន​បទ​មាន​ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រកបដោយភាពធន់ និងទី៥. គ្រប់ភូមិឋានទាំង​អស់​នៅ​ជន​បទ​មាន​អភិបាលកិច្ចល្អ។ ឯកឧត្តមបានបន្ថែម​ថា ក្រៅពីនោះក្រសួងបានកំណត់យុទ្ធសាស្រ្តគន្លឺះចំនួន ៥គឺ យុទ្ធសាស្រ្ត​ទី១.​ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, យុទ្ធ​សាស្ត្រ​ទី២. ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់ប្រជាជននៅតំបន់ជនបទ, យុទ្ធសាស្ត្រទី៣. ការ​អភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, យុទ្ធសាស្ត្រទី៤. ពិពិធកម្ម​សេដ្ឋកិច្ច​ជន​បទ​និង​នវានុវត្តន៍​ការងារ និងយុទ្ធសាស្ត្រទី៥. ការពង្រឹងស្ថាប័ន ។ ឯកឧត្តមរដ្ឋលេខាធិកា បានគូសបញ្ជាក់ថា សម្រាប់ផ្លូវដែលបើកការដ្ឋានស្ថាបនា នាពេលនេះ នឹង​ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការទទួលសេវាសាធារណៈនានា ព្រម​ទាំងបង្កើនការតភ្ជាប់រវាងភូមិ ទៅភូមិ និងឃុំទៅឃុំ និងអាចប្រើប្រាស់បានគ្រប់រដូវកាល ដោយ​ចំណេញបានទាំងពេលវេលា និងថវិកា ជាពិសេស​ដើម្បី​ជួយ​លើក​កម្ពស់​ការ​ផ្ដល់​សេវា​ទេសចរណ៍​ក្នុង​តំបន់ ។ពលរដ្ឋរស់នៅអមសងខាងផ្លូវបាន បានបង្ហាញក្តីរីករាយ ដែលរាជរដ្ឋាភិបាលបាន​គិតគូ​ពី​សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ដែលរស់នៅខេត្តជាប់នឹងព្រំដែនកម្ពុជា-ថៃ ហើយខិតខំអភិវឌ្ឍន៍​កសាង​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធជាបន្តបន្ទាប់ ជាពិសេសផ្លូវមួយខ្សែនេះ គឺពិតជាបានចូលរួម​ក្នុង​ការ​លើក​កម្ពស់​កម្រិត​ជីវភាពរបស់ពួកគាត់។ ជាមួយនោះ ឯកឧត្តម ឈឹម សៅគី បានសំណូមពរ​ដល់​ប្រជា​ពលរដ្ឋ ​និងអាជ្ញាធរមូលដ្ឋាន មេត្តាយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារស្ថាបនាផ្លូវ និង​ស្ពាន ​ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយ ក្នុងអំឡុងពេលសាងសង់នេះ៕ ឃិន សារិទ្ធ

កម្ពុជា រកចំណូលបានជាង ៧២ លានដុល្លារ ពីវិស័យកាស៊ីណូ ក្នុងឆ្នាំ២០២៥

2026/02/20 03:58:29 pm        281
គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានអនុវត្តការប្រមូលចំណូល​កាតព្វកិច្ច​ពីល្បែងសរុបជាង ៧២ លានដុល្លារអាម៉េរិក គិតត្រឹមឆ្នាំ២០២៥ កើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំ២០២៤ ដែលមានចំនួនជាង ៦០ឡានដុល្លារអាម៉េរិក។លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.)បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥នេះ ការអនុវត្ត​ការ​ប្រមូល​ចំណូល​កាតព្វកិច្ចពីល្បែងសរុបបានចំនួន ២៩០,៧៣៦.៤៩ លានរៀល (ស្មើនឹង ៧២,៣១ លានដុល្លារអាម៉េរិក) បើប្រៀបធៀបនឹងចំណូលកាតព្វកិច្ចពីល្បែងក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ឃើញថាកើនឡើងចំនួន ៣៥,៨២៨.៩៩ លានរៀល ស្មើនឹង ១៤%។គ.ល.ក. បញ្ជាក់ទៀតថា ឆ្នាំ២០២៤ កម្ពុជាប្រមូលចំណូលបានពីវិស័យនេះ ប្រមាណជាង ៦០លានដុល្លារអាម៉េរិក កើនឡើង ៨៥% បើធៀបនឹងឆ្នាំ២០២៣។ គិតត្រឹមដំណាច់ឆ្នាំ២០២៥ នៅកម្ពុជា មានកាស៊ីណូស្របច្បាប់សរុប ១៩៥ទីតាំង។ ក្នុងនោះ ១៦០ ទីតាំង កំពុងដំណើរមាន ១៦០កន្លែង ដែលភាគច្រើន នៅក្នុងខេត្តព្រះសីហនុ៕ អត្ថបទ៖ ធូ វិរៈ 

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សម្រេចព្យួរអាជ្ញាប័ណ្ណ និង​លុប​អាជ្ញា​ប័ណ្ណ​កាស៊ីណូ​ចំនួន ៦ ដែលប្រព្រឹត្តល្មើសច្បាប់

2026/02/20 03:46:32 pm        397
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បាន​សម្រេច​ព្យួរ​អាជ្ញា​បណ្ណ​កាស៊ីណូចំនួន ១ និងដកហូតអាជ្ញាបណ្ណចំនួន ៥ ដែលប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត។លោក ឆឹង ចន្ថា ទីប្រឹក្សាបច្ចេកទេសរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា បានប្រាប់ BTV ថា ចំពោះប្រតិបត្តិករ និង/ឬ កម្មសិទ្ធិករកាស៊ីណូដែលប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្ត, គ.ល.ក. នឹងអនុវត្តតាមនីតិវិធី រួមមានការដាក់ទណ្ឌកម្មរដ្ឋបាល រួមមាន៖ ការព្រមាន ការពិន័យអន្តរការណ៍ និងអាចឈានដល់ការព្យួរអាជ្ញាបណ្ណ និងដកហូតអាជ្ញាបណ្ណ ស្របតាមមាត្រា៨៩ និងមាត្រា៩០ នៃច្បាប់ស្ដីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។លោក ឆឹង ចន្ថា បញ្ជាក់ថា៖ «កម្មសិទ្ធិករ និង/ឬប្រតិបត្តិករល្បែងពាណិជ្ជកម្មទាំងអស់ត្រូវដំណើរការអាជីវកម្មរបស់ខ្លួនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងត្រូវចូលរួមអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់រាជរដ្ឋាភិបាល លេខ ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ស្ដីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។សេចក្តីប្រកាសព័ត៌មានរបស់ គ.ល.ក. បានឱ្យដឹងថា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ «កាស៊ីណូ ខ្ញុំ» ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។ដោយឡែក អាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ត្រូវបានដកហូត រួមមាន៖ ទី-១ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៨ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈ សេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។ទី-២ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូន ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៦ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។ទី៣ អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៤ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។ទី-៤ អាជ្ញាបណ្ណកាស៊ីណូលេខ ០៦៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៨ គ.ល.ក.សសរ ចុះ ថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។ទី-៥ អាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦៕ អត្ថបទ៖ ធូ វិរៈ 

ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជា ពិភាក្សាលម្អិតជាមួយតំណាងអង្គការ WHO ដើម្បីសហការ​រៀបចំ​វេទិកា​សភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលនាខែសីហាខាងមុខ

2026/02/20 03:38:11 pm        234
ថ្នាក់ដឹកនាំជាន់ខ្ពស់សភាកម្ពុជាដែលភាគីរដ្ឋសភាដឹកនាំដោយ ឯកឧត្តម សេង ញ៉ក់ សមាជិក​គណៈ​កម្មការ​ទី៨ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ ឡោក ខេងប្រធាន , ឯកឧត្តម ឃឹង នុភាព សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អមដោយមន្ត្រីជាន់ខ្ពស់​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋសភា​មាន ឯកឧត្តម ឡេង ប៉េងឡុងអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា, ឯកឧត្តម​បណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា និង​ភាគី​ព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តមបណ្ឌិត យស ផានីត្តា ប្រធានគណៈកម្មការទី២ នៃ​ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានជួប​ប្រជុំ​ពិភា​ក្សា​ការងារលម្អិតជាមួយតំណាងអង្គការសុខភាពពិភពលោក (WHO) ដឹកនាំដោយ លោក​ស្រី Amy Louise Cawthorne ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា ដើម្បី​សហការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល នៅអំឡុង​ខែ​សីហា​ខាង​មុខ​។ទាំងសភាកម្ពុជា និងតំណាងអង្គការសុខភាពពិភពលោក (WHO) សុទ្ធតែបានចាត់ទុកដូចគ្នាថា វេទិកាសភាសមាជិកអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩ (9th APPF-GH) ដែលសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ គឺជាព្រឹត្តិការណ៍ការទូតសភាដ៏ធំបំផុត និងសំខាន់ក្នុងឆ្នាំ២០២៦ នេះ។ ក្នុងនោះ តាមរយៈលទ្ធផលដែលកើតចេញពីវេទិកាកម្រិតតំបន់នេះ នឹងមានការប្តេជ្ញាចិត្តរួមគ្នាមួយ តាមរយៈ «សេចក្តីថ្លែងការណ៍ភ្នំពេញ» ដែលនឹងក្លាយជាឯកសារប្រវត្តិសាស្ត្រ ជាត្រីវិស័យសម្រាប់សមាជិកសភាក្នុងតំបន់ ក្នុងការរុញច្រានការប្តេជ្ញាចិត្តផ្នែកនីតិប្បញ្ញត្តិ ដើម្បីធានាឱ្យបាននូវការគ្របដណ្តប់សុខភាពជាសកល និងការឆ្លើយតបទៅនឹងវិបត្តិសុខភាពថ្មីៗនាពេលខាងមុខ។តាមកម្មវិធីដែលបានគ្រោងទុក វេទិកា 9th APPF-GH នឹងមានការចូលរួមពីប្រតិភូសភាមកពីប្រមាណ ៣០ប្រទេស ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើបញ្ហាសុខភាពអាទិភាព ដោយផ្តោតសំខាន់លើកិច្ចពិភាក្សាគោលនយោបាយផ្អែកលើភស្តុតាងរយៈពេល ២ថ្ងៃ ខណៈដែលការធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់នៅមូលដ្ឋាន នឹងរៀបចំធ្វើ ១ថ្ងៃដាច់ដោយឡែកផ្សេងទៀត ដើម្បីបង្ហាញពីសមិទ្ធផលសុខាភិបាលរបស់កម្ពុជា និងការលើកកម្ពស់តួនាទីសភាក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកសាងប្រព័ន្ធសុខាភិបាលដែលមានសមធម៌ និងភាពធន់ជាដើម។ឯកឧត្តមបណ្ឌិត យស ផានីតា បានសង្កត់ធ្ងន់ពីភាពចាស់ទុំរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ទទួលបានជោគជ័យត្រចះត្រចង់នាពេលកន្លងមក។ ផ្អែកលើបទពិសោធន៍នេះ សភាកម្ពុជានឹងអាចរៀបចំបានល្អប្រសើរទាំងការងារពិធីការ និងការដឹកជញ្ជូនស្នាក់នៅ ប្រកបដោយភាពរលូន។តែទោះជាយ៉ាងណាក៏ដោយ ដើម្បីធានាបាននូវជោគជ័យដូចការគ្រោងទុក សភាកម្ពុជា និង WHO បានឯកភាពបង្កើត «ក្រុមការងារបច្ចេកទេសរួម» ដើម្បីតាមដាន និងរៀបចំខ្លឹមសារឱ្យមានសង្វាក់ការងារទៀងទាត់។ ចំពោះការងារផ្សព្វផ្សាយ ក៏ត្រូវបានបែងចែកភារកិច្ចច្បាស់លាស់ ដោយ WHO ទទួលបន្ទុកបណ្តាញព័ត៌មានអន្តរជាតិ ខណៈសភាកម្ពុជាពង្រឹងការផ្សព្វផ្សាយក្នុងស្រុកឱ្យបានទូលំទូលាយ។សូមបញ្ជាក់ថា វេទិកា APPF-GH លើកទី៩ គឺជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពដឹកនាំ ពិសេសលើការដោះស្រាយបញ្ហាជំងឺមិនឆ្លង (NCDs) និងសុខភាពផ្លូវចិត្ត។ ក្នុងនោះ ការត្រៀមលក្ខណៈដោយយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយនៅពេលនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សភាកម្ពុជា ក្រោមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងការជំរុញឱ្យ "សភាជាកម្លាំងចលករ" បម្រើសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ និងសកលលោក ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ

2026/02/20 03:25:14 pm        189
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជាជាមួយប្រទេសជាសមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩២៧ លានដុល្លារ កើន​ឡើង ១៩,៣៤% ខណៈកម្ពុជានាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់​លាន​ដុល្លារ​កើន ១៣,៣២%។ប្រទេសវៀតណាម ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាដៃគូ​ពាណិជ្ជកម្ម​ចម្បង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេសម្រាប់ខែមករា ឆ្នាំនេះ។ វៀតណាម បានបញ្ជាទិញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣៣៧ លានដុល្លារអាម៉េរិក ក្នុង​ខែមករា ឆ្នាំ២០២៦ កើនឡើង ២១,១ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន។តាមពីក្រោយ ដោយប្រទេស ជប៉ុន បានទិញទំនិញពីកម្ពុជា មានតម្លៃជាប្រាក់ជាង ១៧៦ លាន​ដុល្លារ​អាម៉េរិក កើន ១៦,៦ ភាគរយ ខណៈប្រទេសចិនទិញទំនិញពីកម្ពុជា មានទឹកប្រាក់ជាង ១៦៤​លាន​ដុល្លារអាម៉េរិក កើន ៥៩,៣ ភាគរយ។កិច្ចព្រមព្រៀងភាព RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែល​មាន​សមាជិក​​ចំនួន ១៥​ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់)។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅឆ្នាំ២០២២ ដោយផ្តោតការអនុគ្រោះពន្ធគយ និងជំរុញការវិនិយោគ។ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ប្រមាណ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀប​នឹង​ឆ្នាំ ​២០២៤ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែក​ឯការ​នាំចូល​ប្រទេស​ជា​សមាជិកមានទឹកប្រាក់ប្រមាណ ៣០,៤៤ ពាន់លានដុល្លារ កើន ១៩,៥៨%៕

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាព្នៅ

2026/02/20 03:11:01 pm        145
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការជួសជុល កែលម្អអគារសិក្សា៣ខ្នង មាន១៣បន្ទប់ នៅ​សាលា​បឋម​សិក្សា​ព្នៅ ​ស្ថិតនៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ រៀនសូត្រ​របស់​សិក្សា​នុសិស្ស​នៅ​តំបន់នោះ។លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារសិក្សា សាលាបឋមសិក្សាព្នៅ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ការសិក្សាអប់រំត្រូវបានចាត់ទុកជាអាទិភាពមួយដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យ នេះរាជរដ្ឋាភិបាលបានស្តារ និង​ពង្រឹង​វិស័​យ​អប់រំ​ជា​បន្ត​បន្ទាប់​ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅ ទូទាំង​ប្រទេស​។ ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និងជាអតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ តែងតែបាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបាន​បន្សល់​ទុក​នៅ​អគារ​សិក្សា​ជា​ច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។លោកជំទាវបណ្ឌិត បន្តថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ដំណាក់កាល ដែលសំដៅដល់ការអប់រំឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញ ពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ ជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជាក់ស្ដែងសាលាបឋមសិក្សាព្នៅ គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ រួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយប្រកបដោយគុណភាព។ លោកជំទាវអគ្គទេសាភិបាល បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាសប្បាយរីករាយ ដែលបានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំកន្លងមក និងការបានរៀបចំការបង្រៀនត្រៀមបំប៉ន សម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ, ការជួយឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ក្នុងស្រុកសន្ទុកជារៀងរាល់ខែ ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ បានឧបត្ថម្ភអាហារូបត្ថម្ភដូចជា ពងមាន់ និងទឹកដោះគោ ដល់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សានៅទូទាំង ស្រុកសន្ទុក ជារៀងរាល់ថ្ងៃ។ ចំណែកនាពេលនេះ ក្រៅពីការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ក្នុងនោះក៏បានជួសជុលអគារសិក្សា ចំនួន៣ខ្នង ស្មើនឹង១៣បន្ទប់ ដែលមានសភាពទ្រុឌទ្រោម និងអាចបង្កហានិភ័យនានាដល់សិស្សានុសិស្សផងដែរ។លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការសាងសង់ និងជួសជុលអគារសិក្សានេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ច សហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សាថ្មីនេះឡើងសម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសសមាសភាព អ.ន.ក.​តាមវិស័យ​ចំនួន ៣២ក្រសួង-ស្ថាប័ន

2026/02/20 02:42:23 pm        179
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាង​ដ៏ខ្ពស់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាព​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន ៣២ ក្រសួង ស្ថាប័ន នៅវិមាន​សន្តិភាព ​នៃទីស្តីការនាយករដ្ឋមន្ត្រី ដែលមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុ​ប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ​អគ្គលេខាធិការរង អ.ន.ក. និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំទាំង ៣២ ក្រសួង ស្ថាប័ន៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសម្រេចលុបបំបាត់កម្រៃស្កែនកុងតឺន័រទាំងស្រុងចាប់ពីខែឧសភាតទៅ ដើម្បីសម្រួល​ពាណិជ្ជ​កម្ម​ក្នុង​ស្រុក
04/28/2026 11:04 AM
កសិករគំរូក្នុងសង្កាត់រុនតាឯកតេជោសែនបង្ហាញបច្ចេកទេសដាំដើមទំពាំងបាយជូរឱ្យទទួលបានទិន្នផលខ្ពស់ តែទាមទារឱ្យមានការអត់ធ្មត់ខ្លាំង
04/28/2026 11:04 AM
កម្ពុជាកំពុងលើកកម្ពស់ការផ្តល់ឥណទានសម្រាប់ការវិនិយោគបៃតង មិនប៉ះពាល់ដល់បរិស្ថាន
04/28/2026 10:04 AM
កោះតៃវ៉ាន់ប្រកាសអាសន្នក្រោយប្រទះឃើញនាវាចម្បាំងចិនពីរគ្រឿងនៅជិតកោះ Penghu របស់ខ្លួន
04/28/2026 10:04 AM
មនុស្សច្រើននាក់បានស្លាប់ និងរងរបួស ក្នុងឧបទ្ទវហេតុរថភ្លើងនៅប្រទេសឥណ្ឌូនេស៊ី ខណៈការជួយសង្គ្រោះនៅបន្ត
04/28/2026 10:04 AM
លោក Putin សន្យាគាំទ្រអ៊ីរ៉ង់ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសលោក Araghchiស្របពេលការចរចាបញ្ចប់សង្គ្រាមជាប់គាំង
04/28/2026 10:04 AM
អ៊ីស្រាអែល៖ ត្រូវការចំណាត់ការ ជុំវិញការបាញ់រ៉ូកែត និងយានដ្រូនរបស់ក្រុមហេសបូឡា
04/28/2026 10:04 AM
អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ
04/28/2026 10:04 AM
AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
04/28/2026 10:04 AM
តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ
04/28/2026 10:04 AM