កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
ប្រមុខការទូតកម្ពុជានិងថៃពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន ទាំងវិធានការកសាងទំនុកចិត្តនានា
សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ

2026/02/20 05:16:01 pm        120
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។តាមរយៈជំនួននេះ ភាគីទាំងពីរបានជួបពិភាក្សា លើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន នៃប្រទេសទាំងពីរឆ្ពោះទៅអនាគត។ បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ទំនាក់ទំនងក្នុងក្របខណ្ឌយុវជនរវាងប្រទេសកម្ពុជា និងគុយបា បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងដំណាក់កាលមួយដែលមានស្ថានភាពមិនដូចគ្នាទាំងស្រុងទៅនឹងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា ទោះបីជាបរិបទតំបន់ និងសកលមានការប្រែប្រួលយ៉ាងណាក្តី ប្រទេសយើងទាំងពីរនៅតែបន្តថែរក្សា និងពូនជ្រុំចំណងមិត្តភាពនេះ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់៕

រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

2026/02/20 05:13:09 pm        190
ភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូ មានរយៈពេល៨នាទី និង៤៤វិនាទី មានចំណងជើងថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។តាមរយៈការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយសាងសង់ សំណង់ថ្មីនៅលើដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពាន និងប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ ដោយសារសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងប្រដាប់អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។ សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃគឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។ ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។ ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣ កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។ កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា MOU ឆ្នាំ 2000 ដែលជាគោលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។ សូមប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយបន្តគាំទ្ររាជរដ្ឋាភិបាល និងវីរ:កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះគ្មានកម្លាំងណាខ្លាំងជាងកម្លាំងមហាសាមគ្គីជាតិខ្មែរ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ៕

ក្រសួងសុខាភិបាល ធ្វើពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦

2026/02/20 05:00:33 pm        110
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦។​នាឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដ៏មានសារសំខាន់នោះ លោកជំទាវ ពុំ ចន្ទីនី បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងអំណរគុណជាអនេក គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដ៏មានអត្ថន័យ និងផ្តល់អនុសាសន៍សំខាន់ៗ ជូនចំពោះបងប្អូន ជនរួមជាតិទាំងអស់ និងបានផ្តល់កិត្តិយសចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងអង្គពិធី។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា យើងទាំងអស់គ្នាមានក្តីប្រាថ្នាដូចគ្នា គឺ ស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរក្សាបាននូវស្ថិរភាព ភាពត្រឹមត្រូវ ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់មាតា ទារក កុមារ និងយុវវ័យកម្ពុជា។ តាមវេជ្ជសាស្រ្ត ទារកនឹងមានក្តីប្រាថ្នាកើតមកតាមបែបធម្មជាតិ ដែលនឹងទទួលបានការថែទាំសុខភាពពេញលេញ ក្នុងពេលសម្រាលមួយដ៏លំបាក ហើយទារកទទួលក៏បានសំណាង ដោយនៅពេលកើតមក បានកើយលើទ្រូងម្តាយ និងទទួលទឹកដោះដំបូង ដែលនេះជាការរស់រានដ៏ល្អប្រពៃមួយសម្រាប់អនាគតគាត់ ក៏ដូចជាអនាគតគ្រួសារ និងសង្គមជាតិទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដូចខាងក្រោម៖ ១) ត្រូវធ្វើការពិនិត្យ ពិភាក្សា ធ្វើបច្ចុប្បន្នភាពលើពិធីសារជាតិសម្រាប់ការពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ដោយបញ្ជាក់អំពីសកម្មភាពដែលត្រូវធ្វើ និងចំនួនដងនៃការពិនិត្យ ផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការ WHO ។២) ត្រូវជួយគាំទ្រការពិនិត្យ ថែទាំ ព្យាបាលស្ត្រីមានផ្ទៃពោះ ជាអន្តរាគមន៍ចាំបាច់ អនុវត្តបន្តជាប់មិនដាច់ ចាប់ពីពេលមានផ្ទៃពោះ ដល់ពេលសម្រាល និងបន្តរហូតដល់ពេលក្រោយសម្រាល ដើម្បីសុខភាពមាតា និងទារក។៣) បន្តធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកសុខាភិបាល ដែលជាអ្នកផ្តល់សេវាអំពីការពិនិត្យថែទាំផ្ទៃពោះ មុនសម្រាលដែលមានគុណភាព ប្រសិទ្ធភាព ពិសេសការបង្វឹកអំពីការអប់រំ ពន្យល់ ពិគ្រោះយោបល់ជាមួយស្ត្រីមានផ្ទៃពោះ និងគ្រួសារឱ្យយល់ពីសារៈសំខាន់នៃការពិនិត្យផ្ទៃពោះ ភាពចាំបាច់នៃការមកពិនិត្យឱ្យត្រូវតាមពេលកំណត់ និងការត្រៀមជាមុន បង្ការហានិភ័យ។៤) អង្គភាពពាក់ព័ន្ធ បង្កើតសារអប់រំអំពីភាពចាំបាច់ នៃការពិនិត្យថែទាំផ្ទៃពោះត្រូវតាមពេលវេលាកំណត់ ហើយដែលមានខ្លឹមសារងាយយល់ ងាយចាំ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។៥) ពង្រឹងកិច្ចសហការយ៉ាងរឹងមាំគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួលឱ្យគ្រប់ស្ត្រីទាំងអស់បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមូលដ្ឋានសុខាភិបាល។៦) នៅមន្ទីរពេទ្យឯកជន ត្រូវមានផ្នែកសង្រ្គោះបន្ទាន់ និងមានសមត្ថភាព ក្នុងការជួយសង្រ្គោះទារក ទើបនឹងកើត ដែលមិនប្រក្រតី៕អត្ថបទ រដ្ឋា

កម្ពុជា-អាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយគ្នា និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ

2026/02/20 04:57:23 pm        162
ភ្នំពេញ៖កម្ពុជា និងអាមេរិក បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ កំពុងរីកចម្រើនជាលំដាប់ជាមួយគ្នា និងបានប្ដេជ្ញា ជំរុញកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ ការប្រកាសជំហរបែបនេះធ្វើឡើងក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្ដែអការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសសម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា តាមរយៈជំនួបនេះ ភាគីទាំងពីរ បានកោតសរសើរភាពជាដៃគូទ្វេភាគីអាមេរិក-កម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់ និងបានពិភាក្សាអំពីប្រធានបទជាច្រើន ក្នុងនោះរួមមានទាំងបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ការប្រយុទ្ធប្រឆាំងប្រតិបត្តិការឆបោកអនឡាញ ដែលផ្តោតលើពលរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ។ក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកអនុរដ្ឋមន្ត្រី Landau បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ក្នុងនាមជាសមាជិកស្ថាបនិក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យសន្តិភាពទាំងនៅតំបន់ហ្កាហ្សា និងកន្លែងផ្សេងទៀតមានភាពល្អប្រសើរឡើង៕

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយទៀតទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណ និងបរិស្ថានក្រោយបញ្ចេញសំណល់រាវបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

2026/02/20 04:50:00 pm        113
ការដាក់ចេញវិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltdនេះ គឺដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈនិងបរិស្ថាន ដោយបណ្តុះនូវផ្នត់គំនិតស្អាតពីក្នុងចំណោមម្ចាស់អាជីវកម្ម ដើម្បីការវិនិយោគស្អាតប្រកបដោយចីរភាពនៅទូទាំងប្រទេស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ វិធានការច្បាប់ និងជំហានជាបន្តបន្ទាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd បានបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា២៣នៃអនុក្រឹតស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា១២ថ្មី មាត្រា១៧ថ្មីនៃអនុក្រឹតស្តីពីការកែសម្រួលស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៥នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្កានុពល។ ជាមួយគ្នានោះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការសម្របសម្រួលក្នុងជំហានបឋម មុនឈានដល់ការចាត់វិធានការច្បាប់ ក្រសួងបានអនុវត្តការផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងបានអញ្ជើញក្រុមហ៊ុនមកណែនាំ អប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមានចំពោះបរិស្ថាន សុខភាពសាធារណៈ។ សូមជម្រាបជូនថា នីតិវីធីនៃការអនុវត្តវិធានការច្បាប់ជាបន្ទាន់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅតាមទីតាំង ដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន រួមនឹងអាជ្ញាធរមូលដ្ឋាន និងបានទុកឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវទៅតាមបច្ចេកទេសនិងនីតិវិធីច្បាប់ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕

ក្រសួងមហាផ្ទៃដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលបណ្តឹងតាមអនឡាញដើម្បីពន្លឿននីតិវិធីជូនពលរដ្ឋ

2026/02/20 04:44:39 pm        109
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ ដើម្បីបង្កលក្ខណៈងាយស្រួលជួយពន្លឿននីតិវិធីជូនពលរដ្ឋ ។ ​កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងលើការដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅកាត់ថា Complain Submission System (CSS) ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធីដោះស្រាយ និងឆ្លើយតបជូនប្រជាពល រដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធ សមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរក យុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ ។  ឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖ ស្របពេលដែលកម្ពុជា កំពុងឆ្ពោះជំហានទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្នុងយុគ្គសម័យឌីជីថលនេះ ការធ្វើទំនើបបកម្មលើការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងគិតគូរដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយអន្តរាគមន៍ជូនពួកគាត់ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធិភាព ។ ប្រជាពលរដ្ឋ សម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍អំពីបញ្ហាដែលកើតមាន បានទៅដល់មន្ត្រីថ្នាក់ជាតិ ។ ពួលរដ្ឋ បន្ថែមថា ៖ ការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ ។ ក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ៖ សាធារណជន អាចដាក់ពាក្យបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារសម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្ដឹងរបស់ខ្លួន ៕ អត្ថបទ ៖ លីហេង

ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%

2026/02/20 04:38:18 pm        239
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ​បច្ចេកទេស​ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះ​ពិនិត្យ​វឌ្ឍន​ភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិត​ក្នុង​ឃុំ​ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សូមជម្រាបជូនថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមដំណើរការអនុវត្តការងារតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយផ្ដោតលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ សាងសង់ទំនប់អាងទឹកដែលមានកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យសរុបចំនួន ០២កន្លែង (ក្នុងនោះមានសំណង់លូចំនួន ០១កន្លែង និងសំណង់បង្ហៀរចំនួន ០១កន្លែង)។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសរុបនៃគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ អាងទឹកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានទឹក ដោយមានសមត្ថភាពស្ទាក់ទឹក និងរក្សាទុកទឹកហូរធ្លាក់ពីជួរភ្នំ និងផ្ទៃរងទឹកភ្លៀងបានរហូតដល់ ៦៥ម៉ឺនម៉ែត្រត្រីគុណ។ ប្រភពទឹកដ៏មានសក្តានុពលនេះ នឹងធានាការស្រោចស្រពលើផ្ទៃដីដាំដុះចំនួន ១៥០ហិកតា និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់បងប្អូនប្រជាកសិករចំនួន ១១៦គ្រួសារ ឱ្យមានលទ្ធភាពបង្កបង្កើនផលបានគ្រប់រដូវកាល សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាបាននូវសន្តិសុខទឹកក្នុងមូលដ្ឋានប្រកបដោយចីរភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅបម្រើដល់ការប្រើប្រាស់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ការអប់រំតាមបែប STEM នៅកម្ពុជាកាន់តែមានគុណភាព ក្រោមការជួយគាំទ្រពីADB

2026/02/20 04:37:50 pm        133
ភ្នំពេញ ៖ ការអប់រំតាមបែប វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហៅកាត់ថា ស្ទែម (STEM) កាន់ តែមានគុណភាព ក្រោមការជួយគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ។​លោក ឌី ខាំបូលី អគ្គនាយករងគោលនយោបាយ និងផែនការ នៃក្រសួងអប់រំយុវជន និងកីឡា និងជាអនុប្រធានគម្រោង STEPUP នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ នេះ បានប្រាប់BTVថា តាមរយៈគម្រោង វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គាំទ្រដោយធនាគារ ADB បានចូលរួមចំណែកការអប់រំតាមSTEM នៅកម្ពុជា កាន់តែមានគុណភាព។ ជាក់ស្ដែងដូចជា វិទ្យាល័យនេតយ៉ង់នៅក្រុងបាត់ដំបង ត្រូវបានកែលម្អ ដោយបំ ពាក់បរិក្ខារនៅមន្ទីពិសោធន៍ និងពង្រឹងសមត្ថភាពគ្រូបង្រៀនតាមបែបឌីជីថល ជាដើម។លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បាន លើកឡើងដែរថា ជាការពិតការអប់រំតាមបែប STEM មានសារសំខាន់ណាស់ ក្នុងការចូលរួមចំណែកអភិ វឌ្ឍប្រទេសជាតិ។ក្នុងនាមដៃគូជាមួយរាជរដ្ឋាភិបាល ធនាគារADB នឹងបន្តសហការជាមួយក្រសួងអប់រំ ក្នុងការកសាងធនធានមនុស្ស។លោក អឿម ឃឿម នាយកវិទ្យាល័យនេតយ៉ង និងសិស្ស បានអរគុណដល់ធនាគារADB ដែល ជួយគាំទ្រសាលារៀនក្នុងការអប់រំតាមបែបSTEM។ ពួកគេនឹងខិតខំជំរុញការរៀនតាមបែបSTEMឲ្យកាន់ តែមានសកម្មថែមទៀត។គួរបញ្ជាក់ដែរ គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេសកម្ពុជា ទទួលបានហិរញ្ញប្បទានពីធនាគារADB ចំនួនថវិកាជាង៧៨លានដុល្លារ ដែល ត្រូវអនុវត្តក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩។ គម្រោងនេះ មានគោលបំណងធ្វើឱ្យ ប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ STEM ដែលមានគុណភាពខ្ពស់ និងលើកកម្ពស់លទ្ធផល សិក្សានៅទូទាំងប្រទេស៕អត្ថបទ៖ទូច សោភ័ណ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបញ្ជាក់ពីសារសំខាន់នៃការធ្វើច្បាប់ស្តីពីការបង្ក្រាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

2026/02/20 04:24:29 pm        191
ភ្នំពេញ ៖ បន្ទាប់ពីទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បានរៀបចំនូវសេចក្តីព្រាងច្បាប់ស្តីពី “ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេក វិទ្យា” និងបានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រមូលធាតុចូលបន្ថែម ផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងច្បាប់នេះ និងធានាប្រសិទ្ធភាពក្នុងការប្រយុទ្ធ ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានប្រាប់ BTV ថា បញ្ហា ONLINE SCAMS គឺរាជរដ្ឋាភិបាល ជាពិសេសប្រមុខរាជរដ្ឋាភិបាលចាត់ទុកជាអាតិភាពខ្ពស់បំផុតនៅក្នុងការបោសសម្អាត ដើម្បីឆ្លើយតបចំពោះភាពចាំបាច់នៅក្នុងដំណាក់កាលនេះទាំងក្រសួងយុត្តិធម៌ សហការជាមួយអង្គភាពជំនាញក្រសួងមហាផ្ទៃ ក៏ដូចជាជំនាញពីអន្តរជាតិនៅក្នុងតំបន់ដើម្បីធ្វើសេចក្តីព្រាងច្បាប់មួយនឹងបានសម្រេចនៅក្នុងពេលឆាប់ៗ ហើយនឹងបានដាក់ជូនទៅរដ្ឋសភាដើម្បីអនុម័ត។ សេចក្តីព្រាងច្បាប់ដាក់ឈ្មោះថា “ច្បាប់ស្តីពីការបង្ក្រាបអំពោះឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”។ឯកឧត្តម ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងការធ្វើបទបង្ហាញផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា" ជូនដល់តំណាងទូតប្រចាំកម្ពុជានិងតំណាងសហភាពអឺរ៉ុប កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់រហូតដល់ការអនុម័តជាផ្លូវការ៕ ដោយ ៖ វង្ស សុភាព 

ខេត្តព្រះសីហនុទាក់ទាញគម្រោងវិនិយោគថ្មីចំនួន ៣៥បន្ថែម មានទំហំទុនជាង ១៥៦ លានដុល្លារ

2026/02/20 04:22:09 pm        211
ព្រះសីហនុ៖ វិស័យវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លា ខណៈ​ដែលគម្រោងថ្មីៗចំនួន ៣៥ បន្ថែមទៀត ត្រូវបាន​ដាក់​ឆ្លង​កិច្ច​ប្រជុំ​ពិភាក្សា​ដើម្បី​ជំរុញ​ការ​អនុវត្ត​ឱ្យ​បានឆាប់រហ័ស ក្នុងគោលដៅប្រែក្លាយខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុបំណង។កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិនិត្យ និងពិភាក្សាយ៉ាងម៉ត់ចត់លើសំណើគម្រោងទាំង ៣៥ ដែលមាន​ទុន​វិនិយោគ​សរុប​ប្រមាណ ១៥៦,៤ លានដុល្លារអាមេរិក។ គម្រោងទាំងនេះគ្រប​ដណ្តប់​លើ​វិស័យ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន ៣ រួមមាន៖១. វិស័យផលិតកម្ម និងឧស្សាហកម្ម វិស័យនេះនៅតែជាឆ្អឹងខ្នងនៃកំណើនការងារ តាមរយៈការបង្កើតរោងចក្រផលិតកម្មចម្រុះរួមមាន រោងចក្រផលិតចំណីសត្វ និងសិប្បកម្មកែច្នៃប្រេងឆា រោងចក្រផលិតគ្រឿងសង្ហារិម កេសកាតុង និងបំពង់ទឹក។២. បរិស្ថាន និងបច្ចេកវិទ្យាបៃតង ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល ខេត្តព្រះសីហនុកំពុងងាកមកចាប់យកការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន រួមមាន រោងចក្រកែច្នៃសំណល់ ដើម្បីគ្រប់គ្រងបរិស្ថានក្រុងឱ្យបានល្អប្រសើរ និងការបង្កើតស្ថានីយសាករថយន្តអគ្គិសនី (EV Charging Stations) ដើម្បីគាំទ្រដល់ការប្រើប្រាស់ថាមពលស្អាត។៣. អចលនទ្រព្យ និងសេវាកម្មទំនើប ពង្រឹងសក្តានុពលផ្នែកពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច តាមរយៈការសាងសង់អគារពហុមុខងារ (Mixed-use Buildings)។គម្រោងសណ្ឋាគារលំដាប់ខ្ពស់ និងផ្សារទំនើបខ្នាតធំ ដើម្បីបម្រើដល់ការរស់នៅ និងទេសចរណ៍។សូមបញ្ជាក់ថា ការហូរចូលនៃទុនវិនិយោគជាង ១៥៦ លានដុល្លារក្នុងពេលតែមួយនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងទាំងនេះ មិនត្រឹមតែជួយបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសង្វាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែសម្បូរបែបផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិក និងអ៊ីរ៉ង់ ប៉ះសម្តីគ្នានៅUN បន្ទាប់ពីទីក្រុងតេអេរ៉ង់ទទួលបានតួនាទី មិនរីកសាយនុយក្លេអ៊ែរ
04/28/2026 10:04 AM
AFC ជូនដំណឹងកម្ពុជា មាន ២ក្លិបប៉ុណ្ណោះ ត្រូវលេងពានលំដាប់ទី២ ទ្វីបអាស៊ី ឆ្នាំ២០២៦/២៧
04/28/2026 10:04 AM
តម្លៃប្រេងកើនឡើង ខណៈការប្រឈមដាក់គ្នាក្នុងសង្គ្រាមអ៊ីរ៉ង់-អាមេរិក ហាក់ពុំមានពន្លឺនៃការបញ្ចប់នៅឡើយ
04/28/2026 10:04 AM
កម្ពុជារៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោក ឆ្នាំ២០២៦ នៅព្រឹកនេះ
04/28/2026 10:04 AM
ប្រមុខការទូតកម្ពុជានិងថៃពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន ទាំងវិធានការកសាងទំនុកចិត្តនានា
04/28/2026 09:04 AM
អ៊ីរ៉ង់ថ្លឹងថ្លែងការចរចាជាមួយអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោន ពិនិត្យឡើងវិញលើសំណើថ្មីរបស់ទីក្រុងតេអេរ៉ង់
04/28/2026 09:04 AM
សម្ដេចធិបតី៖ ត្រឹមឆ្នាំ២០២៥ កម្ពុជាទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកចំនួន ១៥ ៦៨៣ ខណៈ​ការ​ចុះ​ប​​ញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនឹងជំរុញឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និង​អន្តរជាតិ
04/28/2026 09:04 AM
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សុពលភាព និងការប៉ាន់ប្រមាណតម្លៃ នៃផែនការយុទ្ធសាស្រ្ត សម្រាប់កម្មវិធីបង្ការ ថែទាំ និងព្យាបាលជំងឺអេដស៍ និងកាមរោគ ២០២៦-២០៣០»
04/28/2026 09:04 AM
ឧត្តមមន្រ្តីអាស៊ានកម្ពុជា ចូលរួមកិច្ចប្រជុំឧត្តមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប ត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប
04/28/2026 09:04 AM
ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា អញ្ជើញ​ធ្វើទស្សនកិច្ច​ទៅ​កាន់​ខេត្ត​មួយ​ចំនួន​ក្នុង​តំបន់​ព្រំដែន​កម្ពុជា-ថៃ ក្នុងអំឡុងពេលអនុវត្តបទឈប់បាញ់
04/28/2026 09:04 AM