កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ជួបពិភាក្សាគ្នានៅក្នុងប្រទេសជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុង
សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា

ព័ត៌មានជាតិ

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ៣៧២នាក់ទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់

2026/02/21 10:37:58 am        118
នៅថ្ងៃទី ១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៣៧២នាក់ (ស្រី ៥៤នាក់) មាន ១៨សញ្ជាតិ រួមមាន ចិន ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា បង់ក្លាដេស ប៉ាគីស្ថាន ឥណ្ឌូនេស៊ី កេនយ៉ា នីហ្សេរីយ៉ា អេហ្ស៊ីប អេតូ្យពី ហ្គាណា យ៉ូហ្គង់ដា ហ្វីលីពីន ប្រេស៊ីល ន័រវែស អាហ្វ្រិកខាងត្បួង និងចិនតៃវ៉ាន់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ជនបរទេសទាំងអស់នេះពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើ​ការងារ​ខុស​ច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក៖ អាម៉េរិកកំពុងស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត ដើម្បីបន្តពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា

2026/02/20 09:39:14 pm        221
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រីស្តូហ្វឺ ឡានដាវ (Christopher Landau) អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។  ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេស បានថ្លែងអំណរគុណកម្ពុជាចំពោះការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និង បានវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់សម្ដេចធិបតី នៅក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចធិបតី ថា ឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ (Donald J. Trump) មានមោទនភាពចំពោះការរួមចំណែកក្នុងការបញ្ឈប់ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ។ ឯកឧត្តមអនុរដ្ឋមន្ត្រី បានបន្តថា សហរដ្ឋអាម៉េរិកយល់ច្បាស់អំពីតម្លៃនៃសន្តិភាពសម្រាប់ប្រទេសកម្ពុជា ហើយសហរដ្ឋអាម៉េរិកនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។ ក្នុងក្របខណ្ឌនៃទំនាក់ទំនងទ្វេភាគី, ឯកឧត្តមអនុរដ្ឋមន្ត្រី បានសម្ដែងនូវការពេញចិត្តចំពោះការវិវត្តវិជ្ជមានជាបន្តបន្ទាប់ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាម៉េរិក-កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីកាលានុវត្តភាពថ្មីៗបន្ថែមទៀត សំដៅធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនេះ កាន់តែរឹងមាំ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់ភាគីកម្ពុជា ដែលតាមរយៈក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia) បានបញ្ជាទិញយន្តហោះប្រភេទ Boeing 737 MAX ពីសហរដ្ឋអាម៉េរិក នាពេលថ្មីៗនេះ។ ដោយកត់សម្គាល់ពីការរីកចម្រើនដ៏ឆាប់រហ័សផ្នែកសង្គម-សេដ្ឋកិច្ចកម្ពុជា, សហរដ្ឋអាម៉េរិកកំពុងបន្ត ស្វែងរកកាលានុវត្តភាពផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បន្ថែមទៀត សំដៅពង្រឹង និងពង្រីកភាពជាដៃគូសេដ្ឋកិច្ចជាមួយកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតី បានថ្លែងអំណរគុណដល់សហរដ្ឋអាម៉េរិក ចំពោះជំនួយ និងការគាំទ្រនានាដល់ប្រទេសកម្ពុជា នាពេលកន្លងមក ដែលបានរួមចំណែកពន្លឿនការអភិវឌ្ឍ និងការកសាងប្រទេសឡើងវិញ ក្រោយការបិទបញ្ចប់ជាស្ថាពរនូវសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ។ សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម, ការពារជាតិ និងសន្តិសុខ។ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការជំរុញដំណើរការសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានេះ, សម្ដេចធិបតី បានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តគាំទ្រដល់ដំណើរការសន្តិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ សម្ដេចធិបតី ក៏បានជម្រាបឯកឧត្តមអនុរដ្ឋមន្ត្រី អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍ជាក់ស្ដែងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់សាជាថ្មីអំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង កិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក បានបន្តពិភាក្សាអំពីវិធានការបន្ត សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត នៅក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច, សន្តិសុខ និងការពារជាតិ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ៕

វិចិត្រករខ្មែរនិងបរទេសគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្មដោយសារសង្គ្រាមព្រំដែនកម្ពុជា-ថៃ

2026/02/20 08:05:06 pm        184
ភ្នំពេញ ៖  ក្រុមវិចិត្រករខ្មែរជាច្រើនរូប និងមានការចូលរួមពីវិចិត្រករបរទេសដែលរស់នៅកម្ពុជា បានមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីគូរផ្ទាំងគំនូរបង្ហាញពីសោកនាដកម្ម ដែលបន្សល់ទុកដោយសង្គ្រាមព្រំដែនកម្ពុជា-ថៃកន្លងទៅ។ ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។​ក្រុមវិចិត្រករដែលមានទាំងខ្មែរ និងបរទេសរស់នៅកម្ពុជានឹងប្រើប្រាស់ជក់របស់ខ្លួនជាថ្មី ដើម្បីប្រាប់ទៅពិភពលោកពីសោកនាដកម្មដែលបន្សល់ទុកដោយសារសង្គ្រាមព្រំដែនជាមួយប្រទេស ថៃ។ ជាសង្គ្រាមដែលកម្ពុជា មិនមែនជាអ្នកបង្កហេតុ ហើយមិនមែនជាអ្វីដែលកម្ពុជា ជ្រើសរើសនោះទេ។ កម្ពុជាជ្រើសសន្តិភាព កម្ពុជាជ្រើសរើសការដោះស្រាយតាមផ្លូវច្បាប់ មិនដោយអាវុធនោះទេ។ការគូរផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព ដែលបង្ហាញពីស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅនិងភាពឈឺចាប់នេះ គឺជាការផ្ដួចផ្ដើមដោយលោក តាន់ គីមសួរ ដោយមានកិច្ចសហការដោយសហភាពសហព័ន្ធយុវជនកម្ពុជា។ ផ្ទាំងគំនូរនេះ គូរលើផ្ទាំងទំហំទទឹង ៥ម៉ែត្រ បណ្ដោយ៣៥ម៉ែត្រ ដើម្បីបង្ហាញជូនសាធារណៈជន ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកពីអ្វីដែលបានកើតឡើងចំពោះកម្ពុជា បង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសុខសន្តិភាព។លោក តាន់ គីមសួរ លើកឡើងថា ផ្ទាំងគំនូរនៅរាជធានីភ្នំពេញនេះ មានភាពលម្អិតជាងផ្ទាំងគំនូរនៅខេត្តសៀមរាប។ លោកថា ផ្ទាំងគំនូរនឹងចូលរួមប្រាប់ទៅកាន់ពិភពលោកបន្ថែមទៀត ពីអ្វីដែលកម្ពុជាបានរងគ្រោះ ក៏ដូចជាបង្ហាញពីអ្វីដែលកម្ពុជាចង់បានគឺសន្តិភាព។លោក គង់ សុរិយា តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា លើកឡើងដែរថា ការចូលរួមរបស់ ស.ស.យ.ក គឺដើម្បីលើកកម្ពស់ដល់ការរួបរួមជាតិ ការចូលរួមរបស់យុវជន និងការកសាងសង្គមដែលមានសន្តិភាព និងអភិវឌ្ឍន៍ដោយចីរភាព។ លោកលើកទឹកចិត្ត ឱ្យមានការចូលរួមផ្សព្វផ្សាយតាមបណ្ដាញសង្គមឱ្យបានផុសផុលដើម្បីប្រាប់ទៅកាន់ពិភពលោក។ផ្ទាំងគំនូរនេះស្ថិតលើទីតាំងសួនមុខវត្តបុទុមវតី រាជធានីភ្នំពេញ។ ដំណើរការចាប់ផ្ដើមពីថ្ងៃទី ២០ ខែកុម្ភៈ និងគ្រោងបញ្ចប់នៅថ្ងៃទី ៣ ខែមីនា ខាងមុខ។ សាធារណៈជនអាចចូលរួមទស្សនាការគូររបស់វិចិត្រករ និងចូលរួមចែករំលែកផ្សព្វផ្សាយដែលកម្ពុជាបានរងគ្រោះ និងផ្សព្វផ្សាយពីសន្តិភាពដែលកម្ពុជាចង់បាន។ ការដោះស្រាយដោយប្រើប្រាស់ច្បាប់ ពុំមែនជាការដោះស្រាយដោយប្រើអាវុធនោះទេ៕អត្ថបទ៖ គឹមហុក

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជាលើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជននៃប្រទេសទាំងពីរ

2026/02/20 05:16:01 pm        120
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។តាមរយៈជំនួននេះ ភាគីទាំងពីរបានជួបពិភាក្សា លើកិច្ចសហប្រតិបត្តិការរវាងយុវជន និងយុវជន នៃប្រទេសទាំងពីរឆ្ពោះទៅអនាគត។ បើតាមឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានឱ្យដឹងថា ទំនាក់ទំនងក្នុងក្របខណ្ឌយុវជនរវាងប្រទេសកម្ពុជា និងគុយបា បានចាប់ផ្តើមតាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ក្នុងដំណាក់កាលមួយដែលមានស្ថានភាពមិនដូចគ្នាទាំងស្រុងទៅនឹងពេលបច្ចុប្បន្ន។ ឯកឧត្តមបន្តថា ទោះបីជាបរិបទតំបន់ និងសកលមានការប្រែប្រួលយ៉ាងណាក្តី ប្រទេសយើងទាំងពីរនៅតែបន្តថែរក្សា និងពូនជ្រុំចំណងមិត្តភាពនេះ ដោយផ្អែកលើមូលដ្ឋាននៃទំនាក់ទំនងដែលមានស្រាប់៕

រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ

2026/02/20 05:13:09 pm        190
ភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ បានបញ្ចេញវីដេអូ មានរយៈពេល៨នាទី និង៤៤វិនាទី មានចំណងជើងថា៖ រាជរដ្ឋាភិបាលកម្ពុជាមិនយល់ព្រមជាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។តាមរយៈការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រដើម្បីបិទផ្លូវប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនវិញបាន ជាពិសេសសកម្មភាពឈូសឆាយ វាយកម្ទេច ហើយសាងសង់ សំណង់ថ្មីនៅលើដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គេអាចមើលឃើញយ៉ាងច្បាស់ពីអំពើឈ្លានពាន និងប៉ុនប៉ងកាន់កាប់ទឹកដីកម្ពុជាពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ។ ដោយសារសកម្មភាពខុសច្បាប់អន្តរជាតិរបស់កងកម្លាំងប្រដាប់អាវុធថៃ មានពលរដ្ឋភៀសសឹកកម្ពុជាជាង ៧ម៉ឺននាក់ ទៀត ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយ។ សូមបញ្ជាក់ជូនថា ព្រំដែនកម្ពុជា-ថៃគឺជាព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម និងដែលកំណត់ដោយអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដោយមានផែនទី ឧបសម្ព័ន្ធភ្ជាប់ជាមួយច្បាស់លាស់ និងមានកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះ បង្គោលព្រំដែនឥណ្ឌូចិន-សៀម ដែលជាឯកសារផ្លូវច្បាប់ដ៏រឹងមាំ។ ទន្ទឹមនឹងនេះ គោលការណ៍ខ្សែព្រំដែន មិនកែប្រែគឺជាគោលការណ៍ដែលទទួលស្គាល់ជាអន្តរជាតិក្រោយពីរបបអាណានិគមន៍។ ដូច្នេះ នៅលើមូលដ្ឋានច្បាប់អន្តរជាតិ ខ្សែព្រំដែនកម្ពុជា-ថៃ មានភាពច្បាស់លាស់ និងគ្មានអ្វីគួរឱ្យមន្ទិលសោះ នោះឡើយ។ ក្នុងក្របខ័ណ្ឌនៃការដោះស្រាយបញ្ហាព្រំដែនដោយទ្វេភាគី កម្ពុជានិងថៃមានយន្តការដល់ទៅ ៣ កម្រិតដែលអាចជជែក និងពិភាក្សាគ្នាដើម្បីដោះស្រាយរាល់បញ្ហានៅគ្រប់កម្រិត នោះគឺ គណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែន (JBC) គណៈកម្មាធិការព្រំដែនទូទៅ (GBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ យោធភូមិភាគ (RBC)។ កម្ពុជានិងថៃក៏មានកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នា MOU ឆ្នាំ 2000 ដែលជាគោលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី។ សូមប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីគ្នាជាធ្លុងមួយបន្តគាំទ្ររាជរដ្ឋាភិបាល និងវីរ:កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ពីព្រោះគ្មានកម្លាំងណាខ្លាំងជាងកម្លាំងមហាសាមគ្គីជាតិខ្មែរ ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិនោះឡើយ៕

ក្រសួងសុខាភិបាល ធ្វើពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦

2026/02/20 05:00:33 pm        110
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៦។​នាឱកាសទិវាជាតិសុខភាពមាតា ទារក និងកុមារ ដ៏មានសារសំខាន់នោះ លោកជំទាវ ពុំ ចន្ទីនី បានអានសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ក្នុងឱកាសអបអរសាទរទិវាជាតិ សុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវគារវកិច្ចដ៏ខ្ពង់ខ្ពស់ និងអំណរគុណជាអនេក គោរពជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់សារដ៏មានអត្ថន័យ និងផ្តល់អនុសាសន៍សំខាន់ៗ ជូនចំពោះបងប្អូន ជនរួមជាតិទាំងអស់ និងបានផ្តល់កិត្តិយសចាត់ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមផ្ទាល់ក្នុងអង្គពិធី។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងថា យើងទាំងអស់គ្នាមានក្តីប្រាថ្នាដូចគ្នា គឺ ស្មារតីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការរក្សាបាននូវស្ថិរភាព ភាពត្រឹមត្រូវ ភាពរីកចម្រើន និងក្តីសង្ឃឹមសម្រាប់មាតា ទារក កុមារ និងយុវវ័យកម្ពុជា។ តាមវេជ្ជសាស្រ្ត ទារកនឹងមានក្តីប្រាថ្នាកើតមកតាមបែបធម្មជាតិ ដែលនឹងទទួលបានការថែទាំសុខភាពពេញលេញ ក្នុងពេលសម្រាលមួយដ៏លំបាក ហើយទារកទទួលក៏បានសំណាង ដោយនៅពេលកើតមក បានកើយលើទ្រូងម្តាយ និងទទួលទឹកដោះដំបូង ដែលនេះជាការរស់រានដ៏ល្អប្រពៃមួយសម្រាប់អនាគតគាត់ ក៏ដូចជាអនាគតគ្រួសារ និងសង្គមជាតិទាំងមូល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់ជាអនុសាសន៍គន្លឹះ ដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល ដើម្បីចូលរួមលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដូចខាងក្រោម៖ ១) ត្រូវធ្វើការពិនិត្យ ពិភាក្សា ធ្វើបច្ចុប្បន្នភាពលើពិធីសារជាតិសម្រាប់ការពិនិត្យថែទាំផ្ទៃពោះមុនសម្រាល ដោយបញ្ជាក់អំពីសកម្មភាពដែលត្រូវធ្វើ និងចំនួនដងនៃការពិនិត្យ ផ្អែកតាមគោលការណ៍ណែនាំរបស់អង្គការ WHO ។២) ត្រូវជួយគាំទ្រការពិនិត្យ ថែទាំ ព្យាបាលស្ត្រីមានផ្ទៃពោះ ជាអន្តរាគមន៍ចាំបាច់ អនុវត្តបន្តជាប់មិនដាច់ ចាប់ពីពេលមានផ្ទៃពោះ ដល់ពេលសម្រាល និងបន្តរហូតដល់ពេលក្រោយសម្រាល ដើម្បីសុខភាពមាតា និងទារក។៣) បន្តធ្វើការបណ្តុះបណ្តាលដល់មន្ត្រីបុគ្គលិកសុខាភិបាល ដែលជាអ្នកផ្តល់សេវាអំពីការពិនិត្យថែទាំផ្ទៃពោះ មុនសម្រាលដែលមានគុណភាព ប្រសិទ្ធភាព ពិសេសការបង្វឹកអំពីការអប់រំ ពន្យល់ ពិគ្រោះយោបល់ជាមួយស្ត្រីមានផ្ទៃពោះ និងគ្រួសារឱ្យយល់ពីសារៈសំខាន់នៃការពិនិត្យផ្ទៃពោះ ភាពចាំបាច់នៃការមកពិនិត្យឱ្យត្រូវតាមពេលកំណត់ និងការត្រៀមជាមុន បង្ការហានិភ័យ។៤) អង្គភាពពាក់ព័ន្ធ បង្កើតសារអប់រំអំពីភាពចាំបាច់ នៃការពិនិត្យថែទាំផ្ទៃពោះត្រូវតាមពេលវេលាកំណត់ ហើយដែលមានខ្លឹមសារងាយយល់ ងាយចាំ និងធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋ។៥) ពង្រឹងកិច្ចសហការយ៉ាងរឹងមាំគ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងការជួយសម្រួលឱ្យគ្រប់ស្ត្រីទាំងអស់បានមកពិនិត្យផ្ទៃពោះ និងសម្រាលនៅមូលដ្ឋានសុខាភិបាល។៦) នៅមន្ទីរពេទ្យឯកជន ត្រូវមានផ្នែកសង្រ្គោះបន្ទាន់ និងមានសមត្ថភាព ក្នុងការជួយសង្រ្គោះទារក ទើបនឹងកើត ដែលមិនប្រក្រតី៕អត្ថបទ រដ្ឋា

កម្ពុជា-អាមេរិក វាយតម្លៃខ្ពស់ចំពោះភាពជាដៃគូជាមួយគ្នា និងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ

2026/02/20 04:57:23 pm        162
ភ្នំពេញ៖កម្ពុជា និងអាមេរិក បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូ កំពុងរីកចម្រើនជាលំដាប់ជាមួយគ្នា និងបានប្ដេជ្ញា ជំរុញកការធ្វើពាណិជ្ជកម្ម និងវិនិយោគជាមួយគ្នាបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ ការប្រកាសជំហរបែបនេះធ្វើឡើងក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្ដម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសអាមេរិក ក្នុងជំនួបសម្ដែអការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក កាលពីរសៀលថ្ងៃ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសសម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងថា តាមរយៈជំនួបនេះ ភាគីទាំងពីរ បានកោតសរសើរភាពជាដៃគូទ្វេភាគីអាមេរិក-កម្ពុជា ដែលកំពុងរីកចម្រើនជាលំដាប់ និងបានពិភាក្សាអំពីប្រធានបទជាច្រើន ក្នុងនោះរួមមានទាំងបញ្ហាព្រំដែនកម្ពុជា-ថៃផងដែរ ការប្រយុទ្ធប្រឆាំងប្រតិបត្តិការឆបោកអនឡាញ ដែលផ្តោតលើពលរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ក៏ដូចជាឱកាសធ្វើពាណិជ្ជកម្ម និងវិនិយោគ។ក្នុងអំឡុងពេលកិច្ចប្រជុំនោះ លោកអនុរដ្ឋមន្ត្រី Landau បានសម្តែងការកោតសរសើរ ចំពោះការសម្រេចចិត្តរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ក្នុងនាមជាសមាជិកស្ថាបនិក និងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីធ្វើឲ្យសន្តិភាពទាំងនៅតំបន់ហ្កាហ្សា និងកន្លែងផ្សេងទៀតមានភាពល្អប្រសើរឡើង៕

ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយទៀតទប់ស្កាត់ការបំពុលចំពោះសុខភាពសាធារណ និងបរិស្ថានក្រោយបញ្ចេញសំណល់រាវបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ

2026/02/20 04:50:00 pm        113
ការដាក់ចេញវិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltdនេះ គឺដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈនិងបរិស្ថាន ដោយបណ្តុះនូវផ្នត់គំនិតស្អាតពីក្នុងចំណោមម្ចាស់អាជីវកម្ម ដើម្បីការវិនិយោគស្អាតប្រកបដោយចីរភាពនៅទូទាំងប្រទេស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ វិធានការច្បាប់ និងជំហានជាបន្តបន្ទាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ គឺធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd បានបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា២៣នៃអនុក្រឹតស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា១២ថ្មី មាត្រា១៧ថ្មីនៃអនុក្រឹតស្តីពីការកែសម្រួលស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៥នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្កានុពល។ ជាមួយគ្នានោះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការសម្របសម្រួលក្នុងជំហានបឋម មុនឈានដល់ការចាត់វិធានការច្បាប់ ក្រសួងបានអនុវត្តការផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងបានអញ្ជើញក្រុមហ៊ុនមកណែនាំ អប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមានចំពោះបរិស្ថាន សុខភាពសាធារណៈ។ សូមជម្រាបជូនថា នីតិវីធីនៃការអនុវត្តវិធានការច្បាប់ជាបន្ទាន់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅតាមទីតាំង ដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន រួមនឹងអាជ្ញាធរមូលដ្ឋាន និងបានទុកឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវទៅតាមបច្ចេកទេសនិងនីតិវិធីច្បាប់ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕

ក្រសួងមហាផ្ទៃដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទទួលបណ្តឹងតាមអនឡាញដើម្បីពន្លឿននីតិវិធីជូនពលរដ្ឋ

2026/02/20 04:44:39 pm        109
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញការទទួលបណ្តឹងតាមប្រព័ន្ធអនឡាញ ដើម្បីបង្កលក្ខណៈងាយស្រួលជួយពន្លឿននីតិវិធីជូនពលរដ្ឋ ។ ​កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីជូនដំណឹងលើការដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការប្រព័ន្ធទទួលបណ្តឹងអនឡាញ ដែលហៅកាត់ថា Complain Submission System (CSS) ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការជួយពន្លឿននីតិវិធីដោះស្រាយ និងឆ្លើយតបជូនប្រជាពល រដ្ឋបានឆាប់រហ័ស សំដៅដល់ការដោះស្រាយបណ្ដឹងតវ៉ា និងបណ្តឹងបរិហារបស់ប្រជាពលរដ្ឋពាក់ព័ន្ធ សមត្ថកិច្ចនឹងសកម្មភាព របស់មន្ត្រីរាជការក្របខណ្ឌក្រសួងមហាផ្ទៃ និងដើម្បីអង្កេតស្រាវជ្រាវ ស្វែងរក យុត្តិធម៌ ភាពស្អាតស្អំជូនភាគី ពាក់ព័ន្ធ ។  ឯកឧត្តមបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ៖ ស្របពេលដែលកម្ពុជា កំពុងឆ្ពោះជំហានទៅរកការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ក្នុងយុគ្គសម័យឌីជីថលនេះ ការធ្វើទំនើបបកម្មលើការជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់ និងគិតគូរដោយយកចិត្តទុកដាក់បំផុត ដើម្បីជួយអន្តរាគមន៍ជូនពួកគាត់ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធិភាព ។ ប្រជាពលរដ្ឋ សម្តែងការគាំទ្រ ចំពោះការរៀបចំរបស់ក្រសួងមហាផ្ទៃ ដែលវាជាឱកាសដែលអាចឲ្យពួកគាត់ រាយការណ៍អំពីបញ្ហាដែលកើតមាន បានទៅដល់មន្ត្រីថ្នាក់ជាតិ ។ ពួលរដ្ឋ បន្ថែមថា ៖ ការទទួលបណ្តឹងអនឡាញនេះទៀតសោត វាក៏ជាដំណរតភ្ជាប់ភាពស្និទ្ធិស្នាលរវាងមន្ត្រីរដ្ឋបាលថ្នាក់ជាតិ ជាមួយពលរដ្ឋសាមញ្ញបានយ៉ាងល្អប្រសើរ ដោយមិនប្រកាន់និន្នាការមនុស្សគ្រប់ស្រទាប់វណ្ណៈផងដែរ ។ ក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមថា ៖ សាធារណជន អាចដាក់ពាក្យបណ្ដឹងតវ៉ា និងបណ្តឹងបរិហារ ក្នុងប្រព័ន្ធទទួលពាក្យបណ្ដឹងអនឡាញ តាមតំណរភ្ជាប់ខាងលើដោយបំពេញព័ត៌មានតាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ ឬអាចទាញយកឯកសារសម្រាប់បំពេញពាក្យបណ្តឹងតាមទម្រង់ជាក្រដាស និងធ្វើការទំនាក់ទំនងតាមលេខទូរសព្ទដែលមានក្នុងប្រព័ន្ធ ដើម្បីដាក់បណ្ដឹងរបស់ខ្លួន ៕ អត្ថបទ ៖ លីហេង

ក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់​ទំនប់អាងទឹក​វិទ្យាស្ថាន​ពហុ​ជំនាញ​យោធាតេជោសែន​ក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%

2026/02/20 04:38:18 pm        239
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការ​បច្ចេកទេស​ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះ​ពិនិត្យ​វឌ្ឍន​ភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែន ស្ថិត​ក្នុង​ឃុំ​ត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ សូមជម្រាបជូនថា គម្រោងសាងសង់ទំនប់អាងទឹកនេះ បានចាប់ផ្តើមដំណើរការអនុវត្តការងារតាំងពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ ដោយផ្ដោតលើការងារបច្ចេកទេសសំខាន់ៗ រួមមាន៖ សាងសង់ទំនប់អាងទឹកដែលមានកម្ពស់ ១២ម៉ែត្រ ទទឹងខ្នងទំនប់ ១៤ម៉ែត្រ និងបណ្តោយប្រវែង ១៣០ម៉ែត្រ ព្រមទាំងសាងសង់សំណង់សិល្បការ្យសរុបចំនួន ០២កន្លែង (ក្នុងនោះមានសំណង់លូចំនួន ០១កន្លែង និងសំណង់បង្ហៀរចំនួន ០១កន្លែង)។ គិតមកទល់ពេលនេះ វឌ្ឍនភាពការងារសរុបនៃគម្រោងទាំងមូល សម្រេចលទ្ធផលបានប្រមាណ ៩៥% ហើយ។ឯកឧត្ដមអគ្គនាយក បានគូសបញ្ជាក់ថា បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរ អាងទឹកនេះនឹងដើរតួនាទីជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានទឹក ដោយមានសមត្ថភាពស្ទាក់ទឹក និងរក្សាទុកទឹកហូរធ្លាក់ពីជួរភ្នំ និងផ្ទៃរងទឹកភ្លៀងបានរហូតដល់ ៦៥ម៉ឺនម៉ែត្រត្រីគុណ។ ប្រភពទឹកដ៏មានសក្តានុពលនេះ នឹងធានាការស្រោចស្រពលើផ្ទៃដីដាំដុះចំនួន ១៥០ហិកតា និងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់បងប្អូនប្រជាកសិករចំនួន ១១៦គ្រួសារ ឱ្យមានលទ្ធភាពបង្កបង្កើនផលបានគ្រប់រដូវកាល សំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងធានាបាននូវសន្តិសុខទឹកក្នុងមូលដ្ឋានប្រកបដោយចីរភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយក ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានណែនាំឱ្យក្រុមការងារបច្ចេកទេស បន្តពង្រឹងការត្រួតពិនិត្យឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាគុណភាពសំណង់ឱ្យរឹងមាំយូរអង្វែង។ បន្ថែមលើនេះ ឯកឧត្តមបានជំរុញឱ្យបញ្ចប់ការងារដែលនៅសេសសល់ឱ្យបានឆាប់រហ័ស ក្នុងគោលដៅបម្រើដល់ការប្រើប្រាស់ស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ជនសង្ស័យបាញ់ប្រហារនៅពិធីទទួលទានអាហារពេលល្ងាចនៅទីក្រុងវ៉ាស៊ីនតោនត្រូវបានចោទប្រកាន់ពីបទព្យាយាមធ្វើឃាតលោក Trump
04/28/2026 08:04 AM
កូនផ្សោតទន្លេមេគង្គទើបកើតថ្មី ១ក្បាលទៀត នាំមកក្តី​សង្ឃឹ​ម​សម្រាប់​ការ​អភិរក្ស​នៅ​ដើម​ឆ្នាំ​២០២៦
04/28/2026 08:04 AM
លោក Rubio៖ អាមេរិកនឹងមិនអត់ធ្មត់ចំពោះការគ្រប់គ្រង ឬការឲ្យបង់ប្រាក់របស់អ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ឡើយ
04/28/2026 08:04 AM
អភិបាលរាជធានីភ្នំពេញ និងអភិបាលក្រុងតូក្យូ ជួបពិភាក្សាគ្នានៅក្នុងប្រទេសជប៉ុន ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការ និងជំរុញចំណងការទូតរវាងទីក្រុង និងទីក្រុង
04/28/2026 08:04 AM
សិង្ហបុរីបង្ហាញការគាំទ្រយ៉ាងសកម្មដល់គម្រោងការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា
04/28/2026 08:04 AM
ឯកអគ្គរដ្ឋទូតសិង្ហបុរី គាំទ្រច្បាប់ស្តីពីការប្រយុទ្ធប្រឆាំង Scam Online ដែលបង្ហាញពីការតាំងចិត្ត និងយុទ្ធសាស្ត្រច្បាស់លាស់លើការប្រឆាំងបទល្មើសនេះរបស់កម្ពុជា
04/28/2026 07:04 AM
ពលរដ្ឋអាមេរិកនាំគ្នាដង្ហែរក្បួននៅទីក្រុង Miami អំពាវនាវឲ្យមានការផ្លាស់ប្តូរនយោបាយនៅគុយបា
04/27/2026 08:04 PM
UN៖ ស៊ុយអែតបានរំលោភលើសិទ្ធិកុមារមានពិការភាពអាល់បានី តាមរយៈការនិរទេស
04/27/2026 08:04 PM
សេតវិមាន នឹងពិភាក្សាអំពីសន្តិសុខប្រធានាធិបតី និងគាំទ្រសេវាសម្ងាត់
04/27/2026 08:04 PM
អធិការបតីអាល្លឺម៉ង់ លើកឡើងថា អ៊ុយក្រែនអាចនឹងព្រមបាត់បង់ទឹកដី ដើម្បីបើកផ្លូវចូល EU
04/27/2026 08:04 PM