អនុប្រធាន សមាគមអតីតយុទ្ធជន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅ​តែបន្តផ្តល់​អាទិភាព​ខ្ពស់​លើការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​

ព័ត៌មានជាតិ

ក្រុមការងារអន្តរក្រសួងចុះពិនិត្យវឌ្ឍនភាពកិច្ចគាំទ្រសហគមន៍កសិកម្មទំនើប និងសិក្សាវាយតម្លៃសក្តានុពលទីតាំងសហគមន៍មូលដ្ឋានសម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

2026/02/24 01:14:30 pm        178
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សហប្រធានទាំង៣រូប រួមមានឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និងក្រុមលេខាធិការដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិកសហគមន៍កសិកម្មនៅសហគមន៍ដែលត្រូវបានជ្រើសរើសសម្រាប់កិច្ចអន្តរាគមន៍ និងបន្តអន្តរាគមន៍ ដោយក្រុមការងារត្រី-វិស័យនៅក្នុងឆ្នាំ២០២៦។ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងសមាជិក ស.ក.ទ បន្លែផ្ទះសំណាញ់ត្រាំកក់ និងចុះពិនិត្យវឌ្ឍនភាព នៅក្នុងទីតាំងផ្ទះសំណាញ់ ហេដ្ឋារចនាសម្ព័ន្ធ និងស្វែងយល់បន្ថែមពីសក្ដានុពល ក៏ដូចជាចំណុចពាក់ព័ន្ធលើដំណើរការរបស់សហគមន៍ ស្ថិតនៅភូមិត្រពាំងចចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។ បន្ថែមពីនេះ ក្រុមការងារក៏បានបន្ដចុះពិនិត្យស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កំពុងសហការណ៍ជាមួយក្រុមហ៊ុន Perpetual Green Development (Cambodia) Co., Ltd, ក្រុមហ៊ុន CPFM Dairy & Foods Co., Ltd, ក្រុមហ៊ុន ខ្មែរ ហ្រ្វេស មីល ឯ.ក ដើម្បីសិក្សា សក្តានុពលរៀបចំបង្កើតលទ្ធភាពស្រោចស្រព ក្នុងការដាំស្មៅ ដើម្បីបម្រើឱ្យការចិញ្ចឹមគោយកទឹកដោះ។ សូមបញ្ជាក់ជូនថា សហប្រធានក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) មានតួនាទីសម្របសម្រួលការអនុវត្តកម្មវិធីនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើបសហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ ដំណើរចុះត្រួតពិនិត្យនេះ គឺជាលទ្ធផលនៃកិច្ចប្រជុំបច្ចេកទេសក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៤ នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ដោយដំណើរការចុះការងារពេលនេះ ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែកុម្ភ: ដោយបានកំណត់ចុះពិនិត្យសហគមន៍-ទីតាំងចំនួន ៦ ដែលបានជ្រើសរើសគាំទ្រដោយក្រុមការងារត្រី-វិស័យនៅខេត្ដចំនួន ៦ រួមមាន ខេត្ដតាកែវ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងខេត្តកំពង់ចាម៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការនៅវិស័យធនាគារជាតិនៃកម្ពុជា

2026/02/24 01:01:14 pm        139
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក.បម្រើការនៅវិស័យធនាគារជាតិនៃកម្ពុជា។ អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការកណ្តាល រួមទាំង សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិចំនួន៣៥៥រូប ។ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម គិត សុវណ្ណារិទ្ធ ប្រធានស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំ សមាជិកា សមាជិកា ស.ស.យ.ក. វិស័យធនាគារជាតិនៃកម្ពុជា និងបានធ្វើរបាយការណ៍សង្ខេបស្ដីពីសកម្មភាពនានារបស់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក. វិស័យធនាគារជាតិ ដែលសម្រេចបាននាពេលកន្លងមក តបតាមការចង្អុលបង្ហាញរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. ។ ជាកិច្ចបន្ទាប់ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស.ស.យ.ក. បានឡើងអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារស.ស.យ.ក. វិស័យធនាគារជាតិដែលមានប្រធាន ១រូប អនុប្រធាន៧ រូប ព្រមទាំងសមាជិក សមាជិកាសរុបចំនួន ៨៩១នាក់។ បន្ទាប់ពីទទួលបានការតែងតាំង លោកស្រី ខេង កញ្ញារិទ្ធ ជាសមាជិការស.ស.យ.ក.បម្រើការនៅវិស័យធនាគារជាតិនៃកម្ពុជា បានធ្វើការប្តេជ្ញាចិត្តដោយគោរពអនុវត្តយ៉ាងភ្ជាប់ខ្ជួននូវលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងសេចក្តីសម្រេចនានារបស់ស.ស.យ.ក ដើម្បីចូលរួមកសាងផែនការសកម្មភាព និងខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យធនាគារជាតិនៃកម្ពុជា ឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យតទៅមុខទៀតផងដែរ។ ទន្ទឹមនេះ លោកស្រីបានថ្លែងអំណរគុណចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលបានអញ្ជើញចូលរួមក្នុងពិធីនាព្រឹកនេះ ក៏ដូចជា ថ្លែងអំណរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិនៃកម្ពុជា ដែលនាំឱ្យកិច្ចការក្នុងវិស័យ សម្រេចបានគួឱ្យកត់សម្គាល់។ ដែលសកម្មភាពទាំងអស់នេះបានបង្ហាញពីការដឹងគុណដល់ប្រទេសកំណើតដែលចាប់ផ្តើមពីដៃទទេររហូតសព្វថ្ងៃនេះ នេះគឺជាការចូលរួមដែលមានអត្ថន័យបំផុតនិងជាការបន្តស្មារតី ២ ធ្នូប្រកបការទទួលខុសត្រូវខ្ពស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ចំនួន៤ ឱ្យរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម

2026/02/24 12:57:19 pm        132
​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ជាខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៦​ ដែលប្រារព្ធឡើងក្រោមប្រធានបទ «ចូលរួមទាំងអស់គ្នា ដើម្បី​ជនភៀស​សឹក​ និង​សហគមន៍​មាន​សុវត្ថិភាព»។តាមរយៈសារលិខិតក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន សម្តេច​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់នូវអនុសាសន៍ចំនួន៤ចំណុច ដើម្បី​រួម​គ្នា​បង្ការ​ទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។អនុសាសន៍ទាំង ៤នោះមានដូចតទៅ៖ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រតិបត្តិករជាតិ និងអន្តរជាតិ ត្រូវចូលរួមឱ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយការយល់ដឹង ពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមារា កុមារី និងយុវជន យុវនារីនៅតាមសហគមន៍ដែលរងផលប៉ះពាល់ តាមរយៈ៖* សកម្មភាពអប់រំដោយផ្ទាល់នៅតាមសហគមន៍ សាលារៀន និងវត្តអារាម* ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព* ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ កម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា* និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជាអាទិ៍តាមវិទ្យុ ទូរទស្សន៍ បណ្តាញសង្គម ផ្ទាំងប៉ាណូ និងខិត្តបណ្ណនានា។ទី២- អាជ្ញាធរមីន ត្រូវដឹកនាំសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ប្រតិបត្តិករជាតិ និងអន្តរជាតិ ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន ដើម្បីបង្ការគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងផ្តល់ដីសុវត្ថិភាពសម្រាប់ធ្វើស្រែចម្ការ កសាងលំនៅឋាន សាលារៀន មន្ទីរពេទ្យ អាគាររដ្ឋបាល ស្ពាន-ថ្នល់ ហើយជាពិសេសរួមចំណែកដល់ការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការស្រាវជ្រាវ និងបោសសម្អាតមីន និងសំណល់ ជាតិផ្ទុះពីសង្គ្រាម ការអប់រំអំពីគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះទាំងនោះ។ទី៣- ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសប្បុរសជន សូមសហការជាមួយអាជ្ញាធរមីន និងបន្តគាំទ្រដល់សកម្មភាពខាងលើ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ ស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងកសាងអនាគតរុងរឿងរបស់ប្រជាពលរដ្ឋ។ទី៤- ប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ វិស័យឯកជន សប្បុរសជន និងភាគីពាក់ព័ន្ធ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចបានគោលដៅ «ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម» ។ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានអំពាវនាវផងដែរថា ក្នុងករណីបើបងប្អូន កូនក្មួយឃើញមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម សូមកុំទៅជិត កុំប៉ះពាល់ កុំដំ កុំដុត និងកុំគប់លេង ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ ធ្លាក់ខ្លួនពិការ និងបាត់បង់អាយុជីវិត ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឬប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតបំផុតហាមដឹកជញ្ជូន រក្សាទុក ទិញ លក់ កែច្នៃមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលជាអំពើខុសច្បាប់កុំប្រើប្រាស់ដី និងកុំចូលក្នុងតំបន់ដែលមិនស្គាល់ច្បាស់ ឬសង្ស័យថា មានមីន គ្រាប់បែកចង្កោម និង សំណល់ជាតិផ្ទុះពីសង្គ្រាម៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត

2026/02/24 12:53:51 pm        167
នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈកម្មាធិការកណ្តាល គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិទីស្នាក់ការកណ្តាល និងសាខាទាំង២៥ ព្រមទាំងប្រធានកិត្តិយស ទីប្រឹក្សា និងប្រធានក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ សរុបចំនួន ១៦២នាក់។ក្នុងឱកាសនោះ អង្គពិធីទាំងមូលបានស្តាប់នូវរបាយការណ៍បូកសរុបលទ្ធផលនៃកិច្ចប្រជុំ ថ្លែងដោយ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ដោយបានគូសបញ្ជាក់ពីសមិទ្ធផលរយៈពេលពេញមួយឆ្នាំ ដោយផ្តោតលើការងារសំខាន់ៗចំនួន៣គឺ៖ ការគ្រប់គ្រង និងការអភិវឌ្ឍបណ្តាញយុវជនកាកបាទក្រហមកម្ពុជា, ការចូលរួមសកម្មភាពមនុស្សធម៌និងការងារសង្គម, និងការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងទំនាក់ទំនង សហប្រតិបត្តិការថ្នាក់ជាតិ-អន្ដរជាតិ។ ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាគ្នា ដើម្បីស្វែងរករួមគ្នានូវចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងដំណោះស្រាយ ហើយសម្រេចបាននូវលទ្ធផលដែលជាគោលគំនិតគន្លឹះមួយចំនួន សម្រាប់ដាក់ក្នុងផែនការសកម្មភាពបន្ស៉ីគ្នារវាងថ្នាក់កណ្ដាល ថ្នាក់សាខា និងគ្រឹះស្ថានឧត្តមសិក្សា សម្រាប់ឆ្នាំ២០២៦ ដោយផ្តោតលើ៖ ការពង្រឹងបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្ត, ការកសាងសមត្ថភាព, ការអនុវត្តគោលនយោបាយ, កម្មវិធីបោះជំរំ, ការលើកទឹកចិត្ត, ពិធីផ្លូវការ និងទស្សនកិច្ច, និងបរិវត្តកម្មឌីជីថល។ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍ បានពាំនាំនូវព្រះរាជសវនីយ៍នៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងប្រសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់កម្លាំងកាយ-ចិត្ត-ថវិកា ពេលវេលារបស់ ថ្នាក់ដឹកនាំសាខាទាំង២៥រាជធានីខេត្ត និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ ដែលស្ម័គ្រចិត្តចូលរួមដោយស្មារតីទទួលខុសត្រូវខ្ពស់ និងយ៉ាងសកម្មក្នុងប្រតិបត្តិការមនុស្សធម៌នាពេលកន្លងមក។ លោកជំទាវបណ្ឌិត បានថ្លែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជន នៃសាខាកាកបាទក្រហមកម្ពុជានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ (ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កោះកុង និងខេត្តសៀមរាប) និងក្រុមប្រតិបត្តិនៅថ្នាក់កណ្តាល ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយប្រជាពលរដ្ឋភៀសសឹក គ្រួសារយុទ្ធជនរបួស និងពលី រួមជាមួយការអនុវត្តផែនការក្រៅអាទិភាពជួយផ្នែកបច្ចេកទេស និងការបណ្តុះបណ្តាលកសាងសមត្ថភាព អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ក្នុងតំបន់ប្រឈមខ្ពស់ និងតាមមណ្ឌលសុវត្ថិភាព។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះសាខានៃបណ្តាខេត្តផ្សេងៗទៀត ដែលបានកៀរគរមូលនិធិ គ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលការលំបាកជីវភាពប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ក្នុងបូរណដែនខេត្តរបស់ខ្លួនផងដែរ។ លោកជំទាវបណ្ឌិត បានកត់សម្គាល់ឃើញថា ថ្វីត្បិតតែក្នុងឆ្នាំ២០២៥កន្លងទៅ យើងជួបប្រទះនូវជម្លោះតាមព្រំដែនក៏ពិតមែន ក៏ប៉ុន្តែសកម្មភាពមនុស្សធម៌កាន់តែផុសផុលឡើង ដែលបង្ហាញយ៉ាងច្បាស់ថា ខ្មែរយើងមានស្មារតីសាមគ្គីជាតិខ្មែរតែមួយ ដ៏រឹងមាំប្រកបដោយឆន្ទៈ និងមនសិកាខ្ពស់ ក្នុងនោះយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសស្រាក់សស្រាំ ជួយវេចខ្ចប់ គ្រឿងឧបភោគបរិភោគ ចំណាយថវិកាផ្ទាល់ខ្លួន ជាពិសេសគឺកម្លាំងចិត្ត ដែលជាខឿនការពារជាតិដ៏រឹងមាំ ក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ក៏ដូចជាជួយសម្រាលការលំបាករបស់គ្រួសារភៀសសឹក គ្រួសារវីរកងទ័ព វីរយុទ្ធជនរបួស និងពលី តាមវប្បធម៌ ប្រពៃណីខ្មែរ «ជួយគ្នា ក្នុងគ្រាក្រ»។ថ្លែងពីលើវេទិកានេះដែរ លោកជំទាវបណ្ឌិត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា បានផ្តល់នូវទស្សនវិស័យ និងអនុសាសន៍លើទិសដៅការងារបន្ត ដែលចាំបាច់ណាស់ត្រូវមានការចូលរួមគាំទ្រពីគណៈកម្មាធិការសាខា និងគណៈកិត្តិយសក្លឹប គណៈគ្រប់គ្រងតាមគ្រឹះស្ថានសិក្សា លើកិច្ចការសំខាន់ៗ សម្រាប់ការងារយុវជនកាកបាទក្រហមកម្ពុជា ដោយផ្តោតលើ៖ ១. សូមបន្តពង្រឹងគុណភាព និងស្តង់ដាក្លឹបយុវជន, ២. លើកកម្ពស់ភាពជាអ្នកដឹកនាំ និងជំនាញសតវត្សទី២១, ៣. ពង្រីក និងធានានិរន្តភាពសកម្មភាព “មិត្ត-ជួយ-មិត្ត” និង “មិត្ត-អប់រំ-មិត្ត”, ៤. បន្ត និងបង្កើនការប្រើប្រាស់ប្រព័ន្ធឌីជីថល, ៥. បង្កើនការលើកទឹកចិត្ត និងការទទួលស្គាល់ស្នាដៃការងារយុវជនស្ម័គ្រចិត្ត, និង៦. ត្រូវពង្រឹងការអនុវត្តអនុស្សរណៈយោគយល់រវាងកាកបាទក្រហមកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដោយអនុវត្តឱ្យបានទៀងទាត់។ ដោយឡែក សម្រាប់អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សូមបន្តពង្រឹងប្រព័ន្ធអភិបាល និងការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត, ពង្រឹងសមត្ថភាពជំនាញបច្ចេកទេស ដោយផ្តោតជាសំខាន់លើការបន្តបណ្តុះបណ្តាលទៅតាមជំនាញថ្មីៗ, ធានានិរន្តភាព និងគុណភាពសកម្មភាពនៅមូលដ្ឋាន ដោយមានរៀបចំផែនការសកម្មភាពប្រចាំឆ្នាំសម្រាប់ភូមិ/ឃុំ, ពង្រឹងប្រព័ន្ធលើកទឹកចិត្ត និងសុខុមាលភាពអ្នកស្ម័គ្រចិត្ត, និងបង្កើនការប្រើប្រាស់ទិន្នន័យ និងការរាយការណ៍ ដែលទាមទារឱ្យមានបណ្តុះបណ្តាលលើការរាយការណ៍សកម្មភាព ដោយប្រើប្រព័ន្ធឌីជីថលក្នុងការតាមដានអ្នកស្ម័គ្រចិត្ត និងលើកកម្ពស់ការប្រើទិន្នន័យសម្រាប់កំណត់តំបន់អាទិភាព និងក្រុមងាយរងគ្រោះ។ ជាមួយនឹងអនុសាន៍ខាងលើនេះ លោកជំទាវបណ្ឌិត ក៏បានគាំទ្រចំពោះផែនការរបស់ថ្នាក់កណ្តាល ជាពិសេសគោលគំនិតរបស់ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្ត ដែលមានទិសដៅពង្រឹងសមត្ថភាពយុវជនកាកបាទក្រហមកម្ពុជា ដែលបច្ចុប្បន្នជាគរុសិស្ស/និស្សិត ដើម្បីបានក្លាយទៅជាកម្លាំងចលករដ៏រឹងមាំរបស់កាកបាទក្រហមកម្ពុជា នៅតាមគ្រឹះស្ថានសិក្សាដែលខ្លួននឹងបំពេញភារកិច្ចជាលោកគ្រូ/អ្នកគ្រូ និងការបណ្តុះបណ្តាលយុវជនក្នុងភាពជាអ្នកដឹកនាំឱ្យបានកើនទ្វេឡើង។ ទន្ទឹមនេះ លោកជំទាវបណ្ឌិត ក៏បានអំពាវនាវចំពោះ ឯកឧត្តម លោកជំទាវ ដែលជាប្រធានគណៈកម្មាធិការសាខា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា សូមបន្តការជួយជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សា និងក្លឹបយុវជនក្នុងការអភិវឌ្ឍកម្លាំងយុវជននៅតាមគ្រឹះស្ថានសិក្សា អ្នកស្ម័គ្រចិត្តនៅភូមិ/ឃុំ/សង្កាត់ ដើម្បីជម្នះរាល់ការលំបាក ក្នុងការកសាងបានភាពធន់ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព៕

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមសម្ដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និង​កែ​តម្រូវ​ឡើង​វិញ​ទាំង​កាយ​វិការ និងពាក្យសម្ដី ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រះរបស់បងប្អូនខ្មែរឥស្លាម

2026/02/24 12:39:14 pm        205
ភ្នំពេញ៖ បន្ទាប់ពីបង្ហោះសារនៅទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធ​ប្រពៃណី​បុក​ល័ក្ត ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ខ្មែរ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាម​កាន់​តែ​រីក​ធំ​នោះ​ នៅព្រឹកនេះសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ចេញ​សារ​បន្ថែម​ថ្មី​មួយ​ទៀត ​ជុំវិញការសម្ដែង​ជា​តួខ្មែរ​ឥស្លាម​ក្នុងពិធីបុកល័ក្តនេះ។តាមរយៈសារថ្មីនេះ សម្តេចបានណែនាំឱ្យក្រុមសម្ដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និង​កែ​តម្រូវ​ឡើង​វិញ​ទាំង​កាយ​វិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម។សម្តេច​បានបង្ហោះសារមានខ្លឹមសារទាំងស្រុងថា៖ «ក្បែរភ្លឺយប់មិញ ខ្ញុំបាន​បង្ហោះ​សារ​ទាក់​ទង​ដល់​ពិធី​បុក​ល័ក្ត​ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូន ដែលជា​ខ្មែរ​ឥស្លាម​បង្ហាញ​ឲ្យ​ឃើញថា​ បងប្អូនមិនបានជំទាស់នឹងការសម្ដែង ដែល​មាន​តួរ​សំដែង​ជា​បង​ប្អូន​ខ្មែរ​ឥស្លាម​នោះ​ទេ។សម្ដេចតេជោបានបន្តថាអ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេជ និងឥរិយាបទសំដែងខ្លះ ខ្វះ​ការ​គោរព​ចំពោះ​ព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែង ត្រូវ​តែ​ត្រួត​ពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។សម្ដេច​តេជោបានថ្លែងថា «បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូច​នេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះ​បញ្ហា​នេះ​បាន​ចាប់​ផ្តើម​ចេញ​ពី​ការ​មិន​យល់​ពី​តួ​អ​​ង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការ សម្រាប់​ការ​សំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជ្រ ឬកាយវិការ​ខ្វះ​ការ​គោរព​ចំពោះ​បង​ប្អូន​ឥស្លាម​។ សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីក​ចម្រើន​តទៅ​មុខ​ទៀត​»៕

ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

2026/02/24 12:36:53 pm        198
ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់របស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានថា ហ្វីលីពីននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ដើម្បីរក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃ និងគាំទ្រដល់ជនស៊ីវិល ជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូត បាន បន្ថែមថា ជាក់ស្ដែងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ទៅកាន់តំបន់ព្រំដែននាពេលកន្លងទៅក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលធាតុចូលពីភាគីទាំងពីរ និងពង្រឹងលក្ខខណ្ឌនៃឯកសារយោងសម្រាប់ក្រុមអ្នកសង្កេតការអាស៊ាន (AOT) លើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាជម្លោះកម្ពុជា និងថៃផងដែរ។ក្នុងដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពផ្ទាល់ករណីថៃឈ្លានពានចូលទឹកដីកម្ពុជា និងសួរសុខទុក្ខពលរដ្ឋភៀសសឹកនេះដែរ, លោក ម៉ាត្យឹដា ហ្ច៊ឹនសាគី (Matsuda Junsaku) ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរ និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយប្រជាពលរដ្ឋភៀសសឹកបានយ៉ាងល្អ ហើយលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ដោយឡែក ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានដោយសារថៃឈ្លានពាន បានបង្ហាញក្តីសង្ឃឹមថា ប្រធានអាស៊ាន និងបណ្តាអង្គទូតទាំងអស់នោះនឹងអាចជួយជំរុញឱ្យប្រទេសទាំង កម្ពុជា-ថៃ ជាពិសេសភាគីថៃឱ្យងាកមករកដំណោះតាមយន្តការវាស់វែងខណ្ឌសីមាដោយសន្ដិវិធី ដើម្បី ពួកគាត់អាចត្រឡប់ទៅភូមិឋានវិញបាន។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹងមានចំនួន ៣ ៣០៤គ្រួសារ ដែលភាគច្រើនជាមនុស្សចាស និងកុមារ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។ ជនភៀសសឹកទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលតំបន់ត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួយឃាំងមិនអាចឱ្យអ្នកភូមិចូលទៅលំនៅឋានបាន ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៦៦.៦២៨ នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។អត្ថបទ៖ ធូ វិរៈ

ក្រសួងមុខងារសាធារណៈ និងពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ

2026/02/24 10:01:17 am        164
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកជំទាវ លោក លោកស្រី មន្រ្តីជំនាញ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត តាមប្រព័ន្ធOnline មានចំនួនសរុបប្រមាណ១០០នាក់។កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការបង្វែរប្រាក់ជូនថវិការរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។បន្ទាប់ពីបានពិភាក្សា និងផ្តល់យោបល់ជាធាតុចូលជាច្រើនរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំអគ្គនាយកដ្ឋានជំនាញ ធ្វើលិខិតចំនួនពីរ មួយគោរពជូនក្រសួង ស្ថានប័នថ្នាក់ជាតិ និងមួយទៀតជូនរដ្ឋបាលរាជធានី ខេត្តថ្នាក់ក្រោមជាតិ ដោយធ្វើយ៉ាងណាត្រូវពន្លឿនការបង្វែរប្រាក់ចូលថវិការរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខណៈស្ថានីយរ៉ាដានេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការព្យាករធាតុអាកាស និងការប្រែប្រួលអាកាសធាតុ

2026/02/24 09:35:23 am        367
កាលពីរសៀលថ្ងៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការព្យាករស្ថានភាពធាតុអាកាស ក៏ដូចជាការផ្ដល់ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងរបបទឹកភ្លៀងបានសុក្រឹត និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយត្រូវផ្ដោតជាចម្បងលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់៕

វិចារណកថា គ្រោះថ្នាក់បង្កប់ខ្លួននៃការកែច្នៃសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ៖សិប្បកម្មខ្នាតតូចនិងមធ្យម និងផលប៉ះពាល់លើសុខភាព និងបរិស្ថាន

2026/02/24 08:05:53 am        130
ក្នុងបរិបទនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ការកែច្នៃសំណល់អេឡិចត្រូនិក (E-waste) គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រង់យកធនធានកម្រមកប្រើប្រាស់វិញ។ ទោះជាយ៉ាងណា ភាពរីកដុះដាលនៃសិប្បកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការ "ក្រៅប្រព័ន្ធ" ឬ "ខ្វះបច្ចេកទេសការពារ" និងមិនមានការគ្រប់គ្រង ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។១. វដ្តនៃការបំពុលពីខ្សែច្រវាក់ផលិតកម្មខ្វះបច្ចេកទេសឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅតាមតំបន់កែច្នៃក្រៅប្រព័ន្ធ កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ។ វិធីសាស្ត្រទាំងនេះបញ្ចេញឧស្ម័នពុល និងបំពុលដី ខ្យល់ និងប្រភពទឹកជុំវិញ។២. ផលប៉ះពាល់លើសុខភាពផលប៉ះពាល់លើសុខភាពមានភាពធ្ងន់ធ្ងរ។ ការប៉ះពាល់នឹងសំណ និងបារតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បង្កការខូចខាតខួរក្បាល កាត់បន្ថយការអភិវឌ្ឍសមត្ថភាពគិតរបស់កុមារ និងបង្កជំងឺតម្រងនោម និងបេះដូង។ ការដកដង្ហើមផ្សែងពុលពីការដុតប្លាស្ទិកបង្កើនហានិភ័យជំងឺផ្លូវដង្ហើម និងមហារីក។ កុមារ និងស្ត្រីមានផ្ទៃពោះមានភាពងាយរងគ្រោះជាងគេ ព្រោះការប៉ះពាល់អាចបង្កការពន្យាពេលអភិវឌ្ឍន៍ និងបញ្ហាសុខភាពរយៈពេលវែង។២. ផលប៉ះពាល់លើបរិស្ថានផ្នែកបរិស្ថានក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ សំណល់ពុលអាចជ្រាបចូលដី និងទឹកក្រោមដី បំពុលប្រភពទឹកផឹក និងដីកសិកម្ម។ ប្រភពទឹកនៅជិតតំបន់កែច្នៃជាញឹកញាប់មានកម្រិតលោហៈធ្ងន់ខ្ពស់ ប៉ះពាល់ដល់ត្រី និងជីវៈចម្រុះក្នុងទឹក។ ការដុតដោយគ្មានការគ្រប់គ្រងក៏បញ្ចេញសារធាតុពុលដែលអាចរាលដាលឆ្ងាយ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង។២. ផលប៉ះពាល់លើការគ្រប់គ្រងធនធានដោយចីរភាពការកែច្នៃក្រៅប្រព័ន្ធប៉ះពាល់ដល់ការគ្រប់គ្រងធនធានប្រកបដោយចីរភាព។ ទោះបីយកលោហៈមានតម្លៃបានក៏ដោយ សំណល់ដែលនៅសល់ជាច្រើនត្រូវបានបោះចោលមិនត្រឹមត្រូវ បង្កបញ្ហាបរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវការការពង្រឹងច្បាប់បរិស្ថាន ការរៀបចំប្រព័ន្ធកែច្នៃឱ្យមានស្តង់ដារ ការការពារសុវត្ថិភាពកម្មករ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។សេចក្ដីសន្និដ្ឋានការកែច្នៃសំណល់អេឡិចត្រូនិកខ្នាតតូចឬមធ្យម ដែលមិនមានការគ្រប់គ្រង ទោះមានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្លះ ក៏បង្កហានិភ័យធ្ងន់ធ្ងរលើសុខភាពមនុស្ស និងបរិស្ថាន។ ដំណោះស្រាយប្រកបដោយចីរភាពត្រូវតែបង្កើតតុល្យភាពរវាងឱកាសសេដ្ឋកិច្ច និងការការពារសុវត្ថិភាព និងបរិស្ថានយ៉ាងតឹងរ៉ឹង។

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ៩៥គ្រួសារក្នុងគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

2026/02/23 08:20:17 pm        118
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរ នៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៩៥គ្រួសារថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះគឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ថែមថា គម្រោងការចិញ្ចឹមជ្រូកកណ្តុរនេះគឺជាការរៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអ្នកដឹកនាំគម្រោងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុន Little Duckling និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកផ្តល់កម្ចី។ ឯកឧត្តមបន្តថា ចំពោះការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម គម្រោងនឹងផ្តល់ជូនបងប្អូនទាំងអស់ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ពេលទទួលបានជ្រូកទៅចិញ្ចឹមហើយសូមខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។បន្ទាប់ពីជួបសំណេះសំណាល ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជូនដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រតិភូ ចុះពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរនៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងភូមិ និងបានរាយការណ៍ពីវឌ្ឍនភាពនៃការវិវឌ្ឍនៃគម្រោងចិញ្ចឹមជ្រូកនេះជូនប្រតិភូផងដែរ។ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះគម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។ ឯកឧត្តមអ្នកឧកញ៉ា បន្តថាដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និងផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និងមានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ សូមបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ គម្រោងនេះគ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អនុប្រធាន សមាគមអតីតយុទ្ធជន ចុះសួរសុខទុក្ខអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងខេត្តឧត្តរមានជ័យ
04/30/2026 02:04 PM
ក្រសួង៣ ប្រកាសដាក់ឱ្យអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា
04/30/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ដឹកនាំកិច្ចប្រជុំពិនិត្យលើក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធនឹងវិធានការដែលត្រូវអនុវត្តចំពោះករណីក្មេងទំនើង
04/30/2026 02:04 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនៅ​តែបន្តផ្តល់​អាទិភាព​ខ្ពស់​លើការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិត​
04/30/2026 02:04 PM
អគ្គលេខាធិការ អ.ដ.ក ៖ រយៈពេលជាង ២ឆ្នាំ បានចាត់ការសំណុំរឿងចំនួន ១៣៤០ករណី
04/30/2026 02:04 PM
ទិវាពលកម្មអន្តរជាតិ៖ កម្មកររោងចក្រ​អរគុណ​រាជរដ្ឋាភិបាល​បន្ត​លើក​កម្ពស់​សិទ្ធិ​ការ​ងារ​នៅ​កន្លែង​ធ្វើការ
04/30/2026 02:04 PM
នគរបាលចាប់ខ្លួនជនជាតិចិន០៣នាក់ ករណីបង្កហិង្សា និងបង្ខាំងមនុស្សជំរិតទារប្រាក់ នៅ​ខណ្ឌបឹងកេងកង
04/30/2026 01:04 PM
កម្លាំងចម្រុះខេត្តត្បូងឃ្មុំ ចុះត្រួត​ពិនិត្យបង្ក្រាប​បទ​ល្មើស​ពាក់ព័ន្ធ​លប​លួច​ប្រព្រឹត្ត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅស្រុកពញាក្រែក ឃាត់ខ្លួនជនបរទេសសង្ស័យ ២១២នាក់
04/30/2026 01:04 PM
កម្ពុជា-ចិន បើកមហោស្រពក្បាច់គុនចម្រុះ កម្ពុជា-ចិន» នៅប្រាសាទបាយ័ន
04/30/2026 01:04 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសម
04/30/2026 01:04 PM