គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​ក្នុង​ និង​ជុំវិញ​បរិវេណ​សាលារៀន
អាស៊ានមានសារសំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែន​ជា​មួយ​ប្រទេស​​ថៃ
សម្ដេចតេជោប្រាប់យូណេស្កូថា សម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានរងគ្រោះ ពិសេស ប្រាសាទព្រះវិហារ
រថយន្តក្រុងរដ្ឋជួយពលរដ្ឋកាត់បន្ថយចំណាយលើការធ្វើដំណើរ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ប្រេង

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រុមសម្ដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និង​កែ​តម្រូវ​ឡើង​វិញ​ទាំង​កាយ​វិការ និងពាក្យសម្ដី ដើម្បីកុំឱ្យប៉ះពាល់ដល់ព្រះរបស់បងប្អូនខ្មែរឥស្លាម

2026/02/24 12:39:14 pm        205
ភ្នំពេញ៖ បន្ទាប់ពីបង្ហោះសារនៅទៀបភ្លឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពាក់ព័ន្ធ​ប្រពៃណី​បុក​ល័ក្ត ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ខ្មែរ ព្រោះមិនចង់ឃើញទំនាស់រវាងខ្មែរ និងខ្មែរ-ឥស្លាម​កាន់​តែ​រីក​ធំ​នោះ​ នៅព្រឹកនេះសម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ចេញ​សារ​បន្ថែម​ថ្មី​មួយ​ទៀត ​ជុំវិញការសម្ដែង​ជា​តួខ្មែរ​ឥស្លាម​ក្នុងពិធីបុកល័ក្តនេះ។តាមរយៈសារថ្មីនេះ សម្តេចបានណែនាំឱ្យក្រុមសម្ដែងក្នុងពិធីបុកល័ក្ត ត្រូវពិនិត្យ និង​កែ​តម្រូវ​ឡើង​វិញ​ទាំង​កាយ​វិការ និងពាក្យសំដីនិយាយ ដើម្បីកុំឱ្យប៉ះពាល់ព្រះរបស់បងប្អូនខ្មែរឥស្លាម។សម្តេច​បានបង្ហោះសារមានខ្លឹមសារទាំងស្រុងថា៖ «ក្បែរភ្លឺយប់មិញ ខ្ញុំបាន​បង្ហោះ​សារ​ទាក់​ទង​ដល់​ពិធី​បុក​ល័ក្ត​ដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូន ដែលជា​ខ្មែរ​ឥស្លាម​បង្ហាញ​ឲ្យ​ឃើញថា​ បងប្អូនមិនបានជំទាស់នឹងការសម្ដែង ដែល​មាន​តួរ​សំដែង​ជា​បង​ប្អូន​ខ្មែរ​ឥស្លាម​នោះ​ទេ។សម្ដេចតេជោបានបន្តថាអ្វីដែលបងប្អូនមិនសប្បាយចិត្ត គឺពាក្យពេជ និងឥរិយាបទសំដែងខ្លះ ខ្វះ​ការ​គោរព​ចំពោះ​ព្រះរបស់ឥស្លាមទើបធ្វើឲ្យមានប្រតិកម្ម។ រឿងនេះសូមបងប្អូនគ្រប់ក្រុមសំដែង ត្រូវ​តែ​ត្រួត​ពិនិត្យ និងរៀបចំឡើងវិញទាំងកាយវិការទាំងពាក្យសំដីនិយាយ។សម្ដេច​តេជោបានថ្លែងថា «បងប្អូនឥស្លាមទូទាំងពិភពលោក គោរពខ្លាំងណាស់នូវព្រះអាល់ឡោះ ដូច​នេះមិនអាចសំដែងប៉ះពាល់បានទេ។ ដូចនេះ​បញ្ហា​នេះ​បាន​ចាប់​ផ្តើម​ចេញ​ពី​ការ​មិន​យល់​ពី​តួ​អ​​ង្គសំដែង ឬក្រុមសំដែងដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដី ទាំងកាយវិការ សម្រាប់​ការ​សំដែង ជៀសវាងឲ្យខាងតែបាននូវពាក្យពេជ្រ ឬកាយវិការ​ខ្វះ​ការ​គោរព​ចំពោះ​បង​ប្អូន​ឥស្លាម​។ សូមឲ្យស្មារតីសាមគ្គីភាពរវាងជាតិសាសន៍ និងសាសនានៅកម្ពុជា បន្តរីក​ចម្រើន​តទៅ​មុខ​ទៀត​»៕

ប្រទេសជប៉ុន និងប្រធានអាស៊ាន ប្រកាសបន្តជួយសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី

2026/02/24 12:36:53 pm        198
ប្រទេសហ្វីលីពីនក្នុងតួនាទីជាប្រធានអាស៊ាន បានប្រកាសថា ខ្លួននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ ដើម្បីរក្សាបទឈប់បាញ់ គាំទ្រដល់ជនស៊ីវិល និងជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ខណៈប្រទេសជប៉ុនបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការអាស៊ាន (AOT)។កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលដឹកនាំ អង្គទូតមកពីប្រទេសចំនួន ២១ និងភ្នាក់ងារអង្គការសហប្រជាជាតិ ចុះពិនិត្យមើលដោយផ្ទាល់នូវស្ថានការណ៍រស់នៅរបស់ជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ និងទីតាំងយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួសមកលើទឹកដីកម្ពុជា។ក្នុងឱកាសនោះ លោកស្រី Flerida Ann Camille Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់អំពីសារសំខាន់របស់ប្រទេសហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានថា ហ្វីលីពីននឹងបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងការទូតក្នុងតំបន់ដើម្បីរក្សាបទឈប់បាញ់រវាងកម្ពុជា និងថៃ និងគាំទ្រដល់ជនស៊ីវិល ជំរុញការស្វែងរកដំណោះស្រាយដោយសន្តិវិធីក្នុងជម្លោះព្រំដែនប្រទេសទាំងពីរ។ លោកស្រីឯកអគ្គរដ្ឋទូត បាន បន្ថែមថា ជាក់ស្ដែងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន ទៅកាន់តំបន់ព្រំដែននាពេលកន្លងទៅក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលធាតុចូលពីភាគីទាំងពីរ និងពង្រឹងលក្ខខណ្ឌនៃឯកសារយោងសម្រាប់ក្រុមអ្នកសង្កេតការអាស៊ាន (AOT) លើការសម្របសម្រួលដើម្បីដោះស្រាយបញ្ហាជម្លោះកម្ពុជា និងថៃផងដែរ។ក្នុងដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពផ្ទាល់ករណីថៃឈ្លានពានចូលទឹកដីកម្ពុជា និងសួរសុខទុក្ខពលរដ្ឋភៀសសឹកនេះដែរ, លោក ម៉ាត្យឹដា ហ្ច៊ឹនសាគី (Matsuda Junsaku) ទីប្រឹក្សាស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានកោតសរសើរ និងគាំទ្ររដ្ឋាភិបាលកម្ពុជា ដែលបានខិតខំជួយប្រជាពលរដ្ឋភៀសសឹកបានយ៉ាងល្អ ហើយលោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ជប៉ុនចំពោះជំនួយមនុស្សធម៌ដល់កម្ពុជា និងគាំទ្រក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ដោយឡែក ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសំបែងវិញបានដោយសារថៃឈ្លានពាន បានបង្ហាញក្តីសង្ឃឹមថា ប្រធានអាស៊ាន និងបណ្តាអង្គទូតទាំងអស់នោះនឹងអាចជួយជំរុញឱ្យប្រទេសទាំង កម្ពុជា-ថៃ ជាពិសេសភាគីថៃឱ្យងាកមករកដំណោះតាមយន្តការវាស់វែងខណ្ឌសីមាដោយសន្ដិវិធី ដើម្បី ពួកគាត់អាចត្រឡប់ទៅភូមិឋានវិញបាន។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ជនភៀសសឹងមានចំនួន ៣ ៣០៤គ្រួសារ ដែលភាគច្រើនជាមនុស្សចាស និងកុមារ កំពុងរស់នៅក្នុងមណ្ឌលសុវត្ថិភាពក្នុងខេត្តបន្ទាយមានជ័យ។ ជនភៀសសឹកទាំងនោះ គឺជាប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលតំបន់ត្រូវបានយោធាថៃដាក់ទូរកុងតឺន័រ និងបន្លាលួយឃាំងមិនអាចឱ្យអ្នកភូមិចូលទៅលំនៅឋានបាន ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ខណៈក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៥សែន៨ម៉ឺននាក់ ឬជិត៩០% បានវិលត្រឡប់ទៅលំនៅឋានវិញ។ នៅមានពលរដ្ឋចំនួន ៦៦.៦២៨ នាក់ទៀត (ស្រី្ត៣៥.០៩៩នាក់ និងកុមារ២១.៩៧១នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។អត្ថបទ៖ ធូ វិរៈ

ក្រសួងមុខងារសាធារណៈ និងពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ

2026/02/24 10:01:17 am        164
នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំ ពង្រឹងមុខងារអធិការកិច្ចបន្ថែមទៀត ជាពិសេសការពិនិត្យផ្ទៀងផ្ទាត់ការបង្វែរថវិការរដ្ឋ។ កិច្ចប្រជុំប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពីលោកជំទាវ លោក លោកស្រី មន្រ្តីជំនាញ និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត តាមប្រព័ន្ធOnline មានចំនួនសរុបប្រមាណ១០០នាក់។កិច្ចប្រជុំបានពិភាក្សាផ្តោតសំខាន់ទៅលើការបង្វែរប្រាក់ជូនថវិការរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។បន្ទាប់ពីបានពិភាក្សា និងផ្តល់យោបល់ជាធាតុចូលជាច្រើនរួចមក ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានណែនាំអគ្គនាយកដ្ឋានជំនាញ ធ្វើលិខិតចំនួនពីរ មួយគោរពជូនក្រសួង ស្ថានប័នថ្នាក់ជាតិ និងមួយទៀតជូនរដ្ឋបាលរាជធានី ខេត្តថ្នាក់ក្រោមជាតិ ដោយធ្វើយ៉ាងណាត្រូវពន្លឿនការបង្វែរប្រាក់ចូលថវិការរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

មន្រ្ដីជាន់ខ្ពស់ក្រសួងធនធានទឹក និងប្រតិភូ ADB ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ នៅភ្នំប្រសិទ្ធិ៍ ខណៈស្ថានីយរ៉ាដានេះនឹងដើរតួនាទីយ៉ាងសំខាន់បម្រើឱ្យការព្យាករធាតុអាកាស និងការប្រែប្រួលអាកាសធាតុ

2026/02/24 09:35:23 am        367
កាលពីរសៀលថ្ងៃ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យការចាប់ផ្ដើមការដ្ឋានសាងសង់ស្ថានីយរ៉ាដាតេជោសែនទី២ លើភ្នំប្រសិទ្ធិ៍ ស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើទំនើបកម្មវិស្វកម្មស្ថានីយរ៉ាដាតេជោសែនទី២ ក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ ADB។ ស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការព្យាករស្ថានភាពធាតុអាកាស ក៏ដូចជាការផ្ដល់ព័ត៌មានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងរបបទឹកភ្លៀងបានសុក្រឹត និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងពហុវិស័យ។ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់ការណែនាំដល់ក្រុមហ៊ុនម៉ៅការសាងសង់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងនិយាមប្រតិបត្តិរបស់ ADB ដោយត្រូវផ្ដោតជាចម្បងលើទិដ្ឋភាពសុវត្ថិភាព និងបរិស្ថាន ដើម្បីធានាឱ្យបាននូវគុណភាពសំណង់រឹងមាំតាមបទដ្ឋានវិស្វកម្ម និងបញ្ចប់ការងារឱ្យទាន់តាមកាលវិភាគដែលបានកំណត់៕

វិចារណកថា គ្រោះថ្នាក់បង្កប់ខ្លួននៃការកែច្នៃសំណល់អេឡិចត្រូនិកក្រៅប្រព័ន្ធ៖សិប្បកម្មខ្នាតតូចនិងមធ្យម និងផលប៉ះពាល់លើសុខភាព និងបរិស្ថាន

2026/02/24 08:05:53 am        130
ក្នុងបរិបទនៃសេដ្ឋកិច្ចវិលជុំ (Circular Economy) ការកែច្នៃសំណល់អេឡិចត្រូនិក (E-waste) គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការស្រង់យកធនធានកម្រមកប្រើប្រាស់វិញ។ ទោះជាយ៉ាងណា ភាពរីកដុះដាលនៃសិប្បកម្មខ្នាតតូច និងមធ្យម ដែលប្រតិបត្តិការ "ក្រៅប្រព័ន្ធ" ឬ "ខ្វះបច្ចេកទេសការពារ" និងមិនមានការគ្រប់គ្រង ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរផ្នែកបរិស្ថាន និងសុខភាពសាធារណៈ។១. វដ្តនៃការបំពុលពីខ្សែច្រវាក់ផលិតកម្មខ្វះបច្ចេកទេសឧបករណ៍អេឡិចត្រូនិកដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ និងទូរទស្សន៍ មានសារធាតុពុលដូចជា សំណ (lead) បារត (mercury) កាដមីញ៉ូម (cadmium) អាសេនិក (arsenic) និងសារធាតុបន្ថែមទប់ភ្លើង (brominated flame retardants)។ នៅតាមតំបន់កែច្នៃក្រៅប្រព័ន្ធ កម្មករមិនពាក់ឧបករណ៍ការពារសុវត្ថិភាព ធ្វើការបំបែកឧបករណ៍ដោយដៃ ដុតខ្សែភ្លើងដើម្បីយកស្ពាន់ (copper) និងប្រើអាស៊ីតដើម្បីយកលោហៈមានតម្លៃ។ វិធីសាស្ត្រទាំងនេះបញ្ចេញឧស្ម័នពុល និងបំពុលដី ខ្យល់ និងប្រភពទឹកជុំវិញ។២. ផលប៉ះពាល់លើសុខភាពផលប៉ះពាល់លើសុខភាពមានភាពធ្ងន់ធ្ងរ។ ការប៉ះពាល់នឹងសំណ និងបារតអាចប៉ះពាល់ដល់ប្រព័ន្ធប្រសាទ បង្កការខូចខាតខួរក្បាល កាត់បន្ថយការអភិវឌ្ឍសមត្ថភាពគិតរបស់កុមារ និងបង្កជំងឺតម្រងនោម និងបេះដូង។ ការដកដង្ហើមផ្សែងពុលពីការដុតប្លាស្ទិកបង្កើនហានិភ័យជំងឺផ្លូវដង្ហើម និងមហារីក។ កុមារ និងស្ត្រីមានផ្ទៃពោះមានភាពងាយរងគ្រោះជាងគេ ព្រោះការប៉ះពាល់អាចបង្កការពន្យាពេលអភិវឌ្ឍន៍ និងបញ្ហាសុខភាពរយៈពេលវែង។២. ផលប៉ះពាល់លើបរិស្ថានផ្នែកបរិស្ថានក៏រងផលប៉ះពាល់យ៉ាងខ្លាំងដែរ។ សំណល់ពុលអាចជ្រាបចូលដី និងទឹកក្រោមដី បំពុលប្រភពទឹកផឹក និងដីកសិកម្ម។ ប្រភពទឹកនៅជិតតំបន់កែច្នៃជាញឹកញាប់មានកម្រិតលោហៈធ្ងន់ខ្ពស់ ប៉ះពាល់ដល់ត្រី និងជីវៈចម្រុះក្នុងទឹក។ ការដុតដោយគ្មានការគ្រប់គ្រងក៏បញ្ចេញសារធាតុពុលដែលអាចរាលដាលឆ្ងាយ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីរយៈពេលវែង។២. ផលប៉ះពាល់លើការគ្រប់គ្រងធនធានដោយចីរភាពការកែច្នៃក្រៅប្រព័ន្ធប៉ះពាល់ដល់ការគ្រប់គ្រងធនធានប្រកបដោយចីរភាព។ ទោះបីយកលោហៈមានតម្លៃបានក៏ដោយ សំណល់ដែលនៅសល់ជាច្រើនត្រូវបានបោះចោលមិនត្រឹមត្រូវ បង្កបញ្ហាបរិស្ថាន។ ដើម្បីដោះស្រាយបញ្ហានេះ ត្រូវការការពង្រឹងច្បាប់បរិស្ថាន ការរៀបចំប្រព័ន្ធកែច្នៃឱ្យមានស្តង់ដារ ការការពារសុវត្ថិភាពកម្មករ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។សេចក្ដីសន្និដ្ឋានការកែច្នៃសំណល់អេឡិចត្រូនិកខ្នាតតូចឬមធ្យម ដែលមិនមានការគ្រប់គ្រង ទោះមានអត្ថប្រយោជន៍សេដ្ឋកិច្ចខ្លះ ក៏បង្កហានិភ័យធ្ងន់ធ្ងរលើសុខភាពមនុស្ស និងបរិស្ថាន។ ដំណោះស្រាយប្រកបដោយចីរភាពត្រូវតែបង្កើតតុល្យភាពរវាងឱកាសសេដ្ឋកិច្ច និងការការពារសុវត្ថិភាព និងបរិស្ថានយ៉ាងតឹងរ៉ឹង។

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ៩៥គ្រួសារក្នុងគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

2026/02/23 08:20:17 pm        118
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរ នៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៩៥គ្រួសារថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះគឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ថែមថា គម្រោងការចិញ្ចឹមជ្រូកកណ្តុរនេះគឺជាការរៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអ្នកដឹកនាំគម្រោងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុន Little Duckling និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកផ្តល់កម្ចី។ ឯកឧត្តមបន្តថា ចំពោះការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម គម្រោងនឹងផ្តល់ជូនបងប្អូនទាំងអស់ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ពេលទទួលបានជ្រូកទៅចិញ្ចឹមហើយសូមខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។បន្ទាប់ពីជួបសំណេះសំណាល ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជូនដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រតិភូ ចុះពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរនៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងភូមិ និងបានរាយការណ៍ពីវឌ្ឍនភាពនៃការវិវឌ្ឍនៃគម្រោងចិញ្ចឹមជ្រូកនេះជូនប្រតិភូផងដែរ។ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះគម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។ ឯកឧត្តមអ្នកឧកញ៉ា បន្តថាដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និងផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និងមានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ សូមបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ គម្រោងនេះគ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល៕

រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗជំរុញការអនុវត្តយ៉ាងប្រាកដប្រជាបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

2026/02/23 05:17:32 pm        125
ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាស ចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។នៅថ្ងៃទី២៣ ខែកុម្ភៈ លោកMatsuda Junsaku បានចូលរួមដំណើរទស្សនកិច្ចទាក់ទងនឹងស្ថានការណ៍ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយបណ្ដាអង្គទូត និងទីភ្នាក់ងារអន្តរជាតិនានាប្រចាំនៅកម្ពុជាជាច្រើនទៀតន។លោកទីប្រឹក្សាអមស្ថានទូតជប៉ុនបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា រួមមានសហរដ្ឋអាម៉េរិក បណ្តាប្រទេសអាស៊ាន ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»៕

គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប

2026/02/23 05:14:17 pm        306
គំនូរសិល្បៈដើម្បីសន្តិភាព បានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប ដោយផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។តាមការឱ្យដឹងពីក្រុមការងារ ក្រោយបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ គឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនសុីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។ រូប៖AKP

អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥

2026/02/23 04:50:58 pm        150
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) និងជាអនុប្រធានប្តូរវេន VECONAC ២០២៦ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្រុមការងារខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ជាកិច្ចចាប់ផ្តើម ក្រុមការងារខ្លឹមសារ បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្តអនុវត្តទាំងការពិនិត្យឡើងវិញលើខ្លឹមសារមហាសន្និបាតលើកទី២៣ និងលើកទី២៤, ពិនិត្យឡើងវិញលើធម្មនុញ្ញ និងច្បាប់បញ្ញត្តិ VECONAC ព្រមទាំងរបៀបវរៈ និងឯកសារពាក់ព័ន្ធជាដើម។ក្នុងប្រជុំនេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារខ្លឹមសារដែលសកម្មក្នុងការងាររបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យដំណើរការមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តម ឈៀ ស៊ីដារ៉ា ថ្លែងថា ក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ឆ្នាំ២០២៦នេះ ក្រុមការងារខ្លឹមសារនឹងត្រូវរៀបចំឱ្យបានរួចរាល់នូវរបៀបវរៈសំខាន់ៗ ដើម្បីឱ្យក្រុមការងារពាក់ព័ន្ធមានលទ្ធភាពក្នុងការសហការអនុវត្តតួនាទី និងភារកិច្ចទៅតាមជំនាញនីមួយៗរបស់ខ្លួន។ឯកឧត្តម ឈៀ ស៊ីដារ៉ា បញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន VECONAC បានជួបពិភាក្សាជាបន្តបន្ទាប់ ដើម្បីកំណត់ពីភារកិច្ច និងសកម្មភាពដែលត្រូវអនុវត្តពីពេលនេះរហូតដល់ថ្ងៃចាប់ផ្តើមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានណែនាំដល់ក្រុមការងារខ្លឹមសារត្រូវពង្រាងនូវខ្លឹមសារ និងឯកសារសំខាន់ៗទាំងឡាយឱ្យបានមុនកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ VECONAC នាខែមិថុនាខាងមុខ ដើម្បីរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

ប្រមុខការពារជាតិកម្ពុជា ប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុងឱ្យបន្តដោះស្រាយករណីថៃចាប់ប្រជានេសាទខ្មែរបីនាក់នៅដែនទឹកកម្ពុជា

2026/02/23 04:46:31 pm        186
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា បានបន្តប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុង កងទ័ពជើងទឹក និងរដ្ឋបាលស្រុកមណ្ឌលសីមា បន្តធ្វើការរួមគ្នាដោះស្រាយ ដើម្បីឱ្យប្រជានេសាទខ្មែរ៣នាក់ដែលថៃចាប់នៅព្រំដែនទឹកកម្ពុជា។បន្ទាប់ពីទទួលបានព័ត៌មានអំពីកងកម្លាំងជើងទឹកថៃ ចាប់ខ្លួនប្រជានេសាទខែ្មរចំនួន៣នាក់ក្បែរព្រំដែនទឹក នៅកោះយ៉ ស្រុកមណ្ឌលសសីមា ឯកឧត្តម ទៀ សីហា បន្តណែនាំដល់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ត្រូវធ្វើការរួមគ្នាអាជ្ញាធរសមត្ថកិច្ចមន្ទីរពាក់ព័ន្ធសម្របសម្រួលឱ្យមានការដោះលែងអោយវិលត្រឡប់មកលំនៅដ្ឋានវិញ។ឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងគូសបញ្ជាក់ទៀតថា ព្រំដែនទឹកកម្ពុជា និងថៃ ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ និងមានការឯកភាពនោះទេដែលនាំឱ្យលំបាកកំណត់ងាយប្រឈមរងប៉ះពាល់។បន្ថែមលើនេះ ឯកឧត្តម មានតែស្នើដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយអោយបានច្រើនទៅកាន់ប្រជានេសាទ ដោយមិនទៅនេសាទក្បែរព្រំដែនទឹកជាមួយថៃបន្តទៀតឡើយ ទោះបីជាកន្លងទៅបានផ្សព្វផ្សាយពន្យល់ណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក្តី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ្រឹះស្ថានអប់រំបន្តអនុវត្តវិធានការតឹងរ៉ឹង ហាមប្រាម​សិស្ស​មិន​ឱ្យ​ជក់​បារី​អេឡិច​ត្រូនិក​ក្នុង​ និង​ជុំវិញ​បរិវេណ​សាលារៀន
04/30/2026 04:04 PM
ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ ការគាំទ្ររបស់ប្រទេសកាណាដា មិនបានជួយដល់របបក្រុងគីវទេ
04/30/2026 03:04 PM
អ្នកការទូត៖ រុស្ស៊ីបដិសេធលទ្ធភាពនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន
04/30/2026 03:04 PM
ផែនទីបង្ហាញផ្លូវរបស់បារាំងបញ្ជាក់ថា ប្រទេសនេះ នឹងឈប់ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅឆ្នាំ ២០៥០
04/30/2026 03:04 PM
អាស៊ានមានសារសំខាន់សម្រាប់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយជម្លោះព្រំដែន​ជា​មួយ​ប្រទេស​​ថៃ
04/30/2026 03:04 PM
លីប៊ីនិយាយថា ជនអន្តោប្រវេសន៍យ៉ាងតិច ១៧នាក់ បានស្លាប់ នៅក្នុងសមុទ្រ និង ៩នាក់ បាត់ខ្លួន
04/30/2026 03:04 PM
ការស៊ើបអង្កេត៖ ក្រុមជ្វីហ្វអូស្ត្រាលីបានព្រមានអំពី «ការវាយប្រហារភេរវកម្ម» មុនពេលបាញ់ប្រហារនៅឆ្នេរ BONDI
04/30/2026 03:04 PM
សម្ដេចតេជោប្រាប់យូណេស្កូថា សម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានរងគ្រោះ ពិសេស ប្រាសាទព្រះវិហារ
04/30/2026 03:04 PM
WHO៖ ការវាយប្រហារលើមន្ទីរពេទ្យ និងគ្រូពេទ្យដែលជំរុញដោយជម្លោះនៅមជ្ឈិមបូព៌ា កំពុងកើនឡើង
04/30/2026 03:04 PM
រថយន្តក្រុងរដ្ឋជួយពលរដ្ឋកាត់បន្ថយចំណាយលើការធ្វើដំណើរ ខណៈកម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​តម្លៃ​ប្រេង
04/30/2026 03:04 PM