កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធអនឡាញខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញពីកម្ពុជា
សម្ដេចតេជោ និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាពីបញ្ហាប្រឈមសកលបច្ចុប្បន្ន
អ្នកពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាង ៧០% បំពេញភារកិច្ចដោយគ្មានការគំរាមកំហែង

ព័ត៌មានជាតិ

ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ៩៥គ្រួសារក្នុងគម្រោងចិញ្ចឹមជ្រូកកណ្ដុរ

2026/02/23 08:20:17 pm        118
នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះសំណេះសំណាល ពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរ នៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជនស្ថិតនៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយគ្រួសារអតីតយុទ្ធជន និងនិវត្តជន ទាំង ៩៥គ្រួសារថា គម្រោងចិញ្ចឹមជ្រូកកណ្តុរនេះគឺជាគម្រោងមួយដ៏ល្អ ដែលនឹងជួយជំរុញជីវភាពគ្រួសារបងប្អូនអតីតយុទ្ធជន និងនិវត្តជនក្នុង ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនេះកាន់តែរីកចម្រើនទៅមុខ តាមគម្រោងក្នុងមួយគ្រួសារនឹងទទួលបានជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងនោះ ជ្រូកមេចំនួន ២០ក្បាល និងជ្រូកបា៤ក្បាល។ ឯកឧត្តមបណ្ឌិត កៅ ថាច បន្ថែមថា គម្រោងការចិញ្ចឹមជ្រូកកណ្តុរនេះគឺជាការរៀបចំដោយសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលមាន ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាអ្នកដឹកនាំគម្រោងផ្ទាល់ ដោយសហការជាមួយក្រុមហ៊ុន Little Duckling និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាអ្នកផ្តល់កម្ចី។ ឯកឧត្តមបន្តថា ចំពោះការរៀបចំទ្រុង ផ្តល់ជូនពូជជ្រូក រកទីផ្សារ បច្ចេកទេសចិញ្ចឹម គម្រោងនឹងផ្តល់ជូនបងប្អូនទាំងអស់ ហើយអ្វីដែលបងប្អូនត្រូវធ្វើគឺ ពេលទទួលបានជ្រូកទៅចិញ្ចឹមហើយសូមខំប្រឹងចិញ្ចឹមដោយយកចិត្តទុកដាក់ ថែទាំតាមអ្នកបច្ចេកទេសបានបង្រៀន និងត្រូវខិតខំដាំដំណាំដែលជាចំណីជ្រូកបន្ថែមដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។បន្ទាប់ពីជួបសំណេះសំណាល ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជូនដំណើរ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងប្រតិភូ ចុះពិនិត្យការសាងសង់ទ្រុងជ្រូក និងការចិញ្ចឹមជ្រូកកណ្តុរនៅតាមផ្ទះបងប្អូនអតីតយុទ្ធជន និងនិវត្តជននៅក្នុងភូមិ និងបានរាយការណ៍ពីវឌ្ឍនភាពនៃការវិវឌ្ឍនៃគម្រោងចិញ្ចឹមជ្រូកនេះជូនប្រតិភូផងដែរ។ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា គិតត្រឹមថ្ងៃនេះគម្រោងចិញ្ចឹមជ្រូកកណ្តុរបានជ្រើសរើសគ្រួសារអតីតយុទ្ធជន និងនិវត្តជនដែលរស់នៅក្នុងភូមិ ប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នេះចំនួន ៩៥គ្រួសារ ក្នុងគម្រោង ១០០គ្រួសារសម្រាប់ការផ្តល់ជ្រូកយកទៅចិញ្ចឹម។ ឯកឧត្តមអ្នកឧកញ៉ា បន្តថាដំណាក់កាលដំបូងនេះគឺបានរៀបចំទ្រុងជ្រូក និងផ្តល់ពូជជ្រូកជូន ៥គ្រួសារដែលដីមានអំណោយផល និងមានដំណាំស្រាប់ ហើយនឹងបន្តសាងសង់ទ្រុង និងផ្តល់ពូជជ្រូកជូនដល់គ្រួសារផ្សេងៗជាបន្តបន្ទាប់ ដោយគ្រោងនឹងបញ្ចប់នាពេលខាងមុខឆាប់ៗនេះ។ សូមបញ្ជាក់ថា គម្រោងចិញ្ចឹមជ្រូកកណ្ដុរនៅ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង គឺជាគំនិតផ្តួចផ្តើម របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សហការជាមួយ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងក្រុមហ៊ុនឯកជន ដើម្បីលើកកម្ពស់ជីវភាពគ្រួសារអតីតយុទ្ធជន និងនិវត្តជន ជំរុញការអភិវឌ្ឍ បង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមជូនប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍។ គម្រោងនេះគ្រោងប្រើប្រាស់ផ្ទៃដីជាង ១០០ ហិកតា សម្រាប់រៀបចំជាកសិដ្ឋានចិញ្ចឹមសត្វ និងដំណាំកសិកម្មចម្រុះដែលជាផ្នែកមួយនៃការអភិវឌ្ឍវិស័យចិញ្ចឹមសត្វនៅក្នុងតំបន់ ដោយផ្តល់ពូជជ្រូកជូនក្នុង ១គ្រួសារ ពី ២០ ទៅ ៥០ក្បាល៕

រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗជំរុញការអនុវត្តយ៉ាងប្រាកដប្រជាបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ

2026/02/23 05:17:32 pm        125
ភ្នំពេញ៖រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងរវាងកម្ពុជា និងថៃ។ នេះបើតាមការបញ្ជាក់របស់លោក Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្នុងឱកាស ចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា ក្នុងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។នៅថ្ងៃទី២៣ ខែកុម្ភៈ លោកMatsuda Junsaku បានចូលរួមដំណើរទស្សនកិច្ចទាក់ទងនឹងស្ថានការណ៍ព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយបណ្ដាអង្គទូត និងទីភ្នាក់ងារអន្តរជាតិនានាប្រចាំនៅកម្ពុជាជាច្រើនទៀតន។លោកទីប្រឹក្សាអមស្ថានទូតជប៉ុនបានបញ្ជាក់ថា៖«រាជរដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែងទៅតាមវិធានការផ្សេងៗ រួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា រួមមានសហរដ្ឋអាម៉េរិក បណ្តាប្រទេសអាស៊ាន ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»៕

គំនូរសិល្បៈដើម្បីសន្តិភាព លេចចេញជារូបរាងបណ្តើរៗហើយ នៅមុខវត្តបទុមវតី ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប

2026/02/23 05:14:17 pm        306
គំនូរសិល្បៈដើម្បីសន្តិភាព បានលេចចេញជារូបរាងបណ្តើរៗហើយ នៅបរិវេណមុខវត្តបទុមវតី ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានទំហំធំជាងគំនូរនៅខេត្តសៀមរាប ដោយផ្ទាំងគំនូរនេះ មានទំហំ៥ម៉ែត្រ គុណនឹង៣៥ម៉ែត្រ និងបានចាប់ផ្តើមគូរកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ កន្លងទៅ។តាមការឱ្យដឹងពីក្រុមការងារ ក្រោយបញ្ចប់ការគូរនៅដើមខែមីនា ខាងមុខនេះ គំនូរសន្តិភាពនេះ នឹងបន្តដាក់តាំងឱ្យសាធារណជនទស្សនា រហូតដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦។ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាពនេះ គឺដើម្បីបង្ហាញការពិតអំពីទុក្ខវេទនារបស់ជនសុីវិល និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបេតិកភណ្ឌរបស់កម្ពុជា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមក។ រូប៖AKP

អគ្គលេខាធិការរងសមាគមអតីតយុទ្ធជនកម្ពុជា ដឹកនាំកិច្ចប្រជុំក្រុមការងារខ្លឹមសារត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥

2026/02/23 04:50:58 pm        150
នៅព្រឹកថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឈៀ ស៊ីដារ៉ា អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) និងជាអនុប្រធានប្តូរវេន VECONAC ២០២៦ និង ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពក្រុមការងារខ្លឹមសារសម្រាប់ត្រៀមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ដែលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ធ្វើជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ជាកិច្ចចាប់ផ្តើម ក្រុមការងារខ្លឹមសារ បានធ្វើបទបង្ហាញពីវឌ្ឍនភាព និងផែនការបន្តអនុវត្តទាំងការពិនិត្យឡើងវិញលើខ្លឹមសារមហាសន្និបាតលើកទី២៣ និងលើកទី២៤, ពិនិត្យឡើងវិញលើធម្មនុញ្ញ និងច្បាប់បញ្ញត្តិ VECONAC ព្រមទាំងរបៀបវរៈ និងឯកសារពាក់ព័ន្ធជាដើម។ក្នុងប្រជុំនេះ ឯកឧត្តម ឈៀ ស៊ីដារ៉ា បានថ្លែងការកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារខ្លឹមសារដែលសកម្មក្នុងការងាររបស់ខ្លួន សំដៅធ្វើយ៉ាងណាឱ្យដំណើរការមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្តម ឈៀ ស៊ីដារ៉ា ថ្លែងថា ក្នុងដំណើរការត្រៀមរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ឆ្នាំ២០២៦នេះ ក្រុមការងារខ្លឹមសារនឹងត្រូវរៀបចំឱ្យបានរួចរាល់នូវរបៀបវរៈសំខាន់ៗ ដើម្បីឱ្យក្រុមការងារពាក់ព័ន្ធមានលទ្ធភាពក្នុងការសហការអនុវត្តតួនាទី និងភារកិច្ចទៅតាមជំនាញនីមួយៗរបស់ខ្លួន។ឯកឧត្តម ឈៀ ស៊ីដារ៉ា បញ្ជាក់ថា បន្ទាប់ពីពិធីប្រកាសសមាសភាពលេខាធិការដ្ឋានរៀបចំមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥ ក្រុមការងារពាក់ព័ន្ធរបស់លេខាធិការដ្ឋាន VECONAC បានជួបពិភាក្សាជាបន្តបន្ទាប់ ដើម្បីកំណត់ពីភារកិច្ច និងសកម្មភាពដែលត្រូវអនុវត្តពីពេលនេះរហូតដល់ថ្ងៃចាប់ផ្តើមមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ានលើកទី២៥។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ គីម សុផារុន អគ្គលេខាធិការរង អ.ន.ក. និងជាប្រធានលេខាធិការដ្ឋាន VECONAC ២០២៦ បានណែនាំដល់ក្រុមការងារខ្លឹមសារត្រូវពង្រាងនូវខ្លឹមសារ និងឯកសារសំខាន់ៗទាំងឡាយឱ្យបានមុនកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ VECONAC នាខែមិថុនាខាងមុខ ដើម្បីរៀបចំជារបាយការណ៍ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕

ប្រមុខការពារជាតិកម្ពុជា ប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុងឱ្យបន្តដោះស្រាយករណីថៃចាប់ប្រជានេសាទខ្មែរបីនាក់នៅដែនទឹកកម្ពុជា

2026/02/23 04:46:31 pm        186
ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ថា បានបន្តប្រគល់ភារកិច្ចដល់អភិបាលខេត្តកោះកុង កងទ័ពជើងទឹក និងរដ្ឋបាលស្រុកមណ្ឌលសីមា បន្តធ្វើការរួមគ្នាដោះស្រាយ ដើម្បីឱ្យប្រជានេសាទខ្មែរ៣នាក់ដែលថៃចាប់នៅព្រំដែនទឹកកម្ពុជា។បន្ទាប់ពីទទួលបានព័ត៌មានអំពីកងកម្លាំងជើងទឹកថៃ ចាប់ខ្លួនប្រជានេសាទខែ្មរចំនួន៣នាក់ក្បែរព្រំដែនទឹក នៅកោះយ៉ ស្រុកមណ្ឌលសសីមា ឯកឧត្តម ទៀ សីហា បន្តណែនាំដល់លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ត្រូវធ្វើការរួមគ្នាអាជ្ញាធរសមត្ថកិច្ចមន្ទីរពាក់ព័ន្ធសម្របសម្រួលឱ្យមានការដោះលែងអោយវិលត្រឡប់មកលំនៅដ្ឋានវិញ។ឯកឧត្តម ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ ការងារបន្តឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុងគូសបញ្ជាក់ទៀតថា ព្រំដែនទឹកកម្ពុជា និងថៃ ស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់ និងមានការឯកភាពនោះទេដែលនាំឱ្យលំបាកកំណត់ងាយប្រឈមរងប៉ះពាល់។បន្ថែមលើនេះ ឯកឧត្តម មានតែស្នើដល់រដ្ឋបាលខេត្ត មន្ទីរជំនាញ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ បន្តផ្សព្វផ្សាយអោយបានច្រើនទៅកាន់ប្រជានេសាទ ដោយមិនទៅនេសាទក្បែរព្រំដែនទឹកជាមួយថៃបន្តទៀតឡើយ ទោះបីជាកន្លងទៅបានផ្សព្វផ្សាយពន្យល់ណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក្តី៕

តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

2026/02/23 04:34:59 pm        127
កំពង់ចាម៖នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាធិបតី សម្ពោធអាគារសិក្សាថ្មី ចំនួនមួយខ្នង និងចែកសញ្ញាបត្រ បរិញ្ញាបត្រ/បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន៤១៣ អង្គ/នាក់ នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ពិធីនេះក៏មានការចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។បើតាមព្រះអង្គ សោមវេទីបណ្ឌិត អ៊ឹម សុភក្តិ សាកលវិទ្យាធិការពុទ្ធិកៈសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ពុទ្ធិកសាកលវិទ្យាល័យមាន សមណនិស្សិត-និស្សិត កំពុងសិក្សាសរុបចំនួន ១,៤៣២អង្គ/នាក់ ដោយឡែកសមណនិស្សិត-និស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេលនេះ មានចំនួន ៤១៣រូប ក្នុងនោះសមណនិស្សិត-និស្សិតថ្នាក់បរិញ្ញាបត្រ ៣ជំនាន់ មានចំនួន ៣៤៨រូប (ព្រះសង្ឃ ៣១អង្គ, ស្រី ២១៥នាក់) និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៣ជំនាន់ សរុប ៦៥រូប (ព្រះសង្ឃ ៧អង្គ, ស្រី ១៩នាក់)។ព្រះអង្គបានបញ្ជាក់ថា កន្លងមក ពុទ្ធិកសាកលវិទ្យាល័យសម្តេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រគល់សញ្ញាបត្របរិញ្ញាបត្រចំនួន២លើករួចហើយ ដែលមានចំនួនសរុប ៣០៣៤រូប ក្នុងនោះអ្នកដែលបានចូលបម្រើការងាររដ្ឋ និងឯកជនមានប្រមាណ៩៥%។ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន មានប្រសាសន៍ផ្ដាំផ្ញើដល់សមណៈនិស្សិត និងនិស្សិត ដែលទទួលបានសញ្ញាបត្រ សូមប្រើប្រាស់ចំណេះដឹង ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ និងបន្តចែករំលែកចំណេះដឹង អប់រំ ដល់យុវជន បន្តវេនជំនាន់ក្រោយ បន្តគោរពប្រតិបត្តិខ្ជាប់ខ្ជួនធម៌វិន័យ គោលការណ៍ព្រះពុទ្ធសាសនា ពិនិត្យលទ្ធភាពបន្តការសិក្សាបន្ថែមទៀត ឱ្យស្របជាមួយគោលការណ៍របស់ក្រសួងអប់រំ គឺរៀនមួយជីវិត។ ជាមួយគ្នានេះសូមឱ្យផ្នែកខាងពុទ្ធិកសាកលវិទ្យាល័យ សូមបន្តបេសកកម្មវិស័យអប់រំ បន្តរួមចំណែកកសាងធនធានមនុស្ស និងសុំស្នើព្រះសង្ឃជួយទេសនាអប់រំ ។ ឯកឧត្តមសន្តិបណ្ឌិត បានមានប្រសាសន៍បន្ថែមថា អាគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យនេះ បានកើតឡើងដោយសារ ការរួមគ្នានៃការបរិច្ចាគ កើតចេញពីការទទួលខុសត្រូវ ទើបធ្វើឲ្យមានសំណង់ថ្មីដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការដូចថ្ងៃនេះ។ ដូច្នេះសូមឱ្យខាងពុទ្ធិកសាកលវិទ្យាល័យមេត្តាដឹកនាំឲ្យដំណើរការបានល្អបន្តទៀត ។ ទន្ទឹមនឹងនេះ ដូចជាក្នុងពិធីបុណ្យផ្សេងៗ សូមឲ្យព្រះសង្ឃជួយខាងទេសនាអប់រំផ្ដល់ឱវាទដល់ពុទ្ធបរិស័ទ ជាពិសេសយុវជន ឱ្យដើរលើផ្លូវល្អ ដើម្បីរួមចំណែកជួយដល់សង្គមជាតិរបស់យើង៕

សុខាភិបាលកម្ពុជា និងសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ពិភាក្សាកិច្ចសហប្រតិបត្តិការទ្វេភាគីលើសុខភាពសាធារណៈនៅកម្ពុជា

2026/02/23 04:22:40 pm        122
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសុខាភិបាល និងសុខភាពសាធារណៈ ។ក្នុងជំនួបនេះ ភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីលទ្ធភាពពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ក្នុងការលើកកម្ពស់ការគ្របដណ្តប់សុខភាពសកល តាមរយៈការចែករំលែកបទពិសោធន៍ ទាំងបច្ចេកទេស និងឯកសារគោលនយោបាយ ការសិក្សាស្រាវជ្រាវលើជំងឺឆ្លង ព្រមទាំងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឱសថ និងឧបករណ៍បរិក្ខារពេទ្យ។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចាប់អារម្មណ៍របស់ភាគីប្រេស៊ីល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា និងបន្តសម្របសម្រួលកិច្ចសហប្រតិបត្តិការឲ្យលេចចេញជារូបរាង ស្របតាមអាទិភាព និងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមថ្លែងអំណរគុណ ចំពោះលោកជំទាវអគ្គរដ្ឋទូត និងសហការី ដែលខិតខំស្វែងរកយន្តការ ដើម្បីរៀបចំកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល និងពង្រឹងសមត្ថភាព ធនធានមនុស្សសុខាភិបាល ព្រមទាំងបានបញ្ជាក់ពីការគាំទ្រក្រសួង ចំពោះ កិច្ចសហប្រតិបត្តិការដែលមានគោលបំណងរួមចំណែក ដល់ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងសុខភាពសាធារណៈនៅកម្ពុជា។

មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិមានស្រី្តមកពិនិត្យផ្ទៃពោះជាង ១,៤ ម៉ឺននាក់ និងសម្រាលជិត៣ពាន់នាក់

2026/02/23 04:18:32 pm        111
ភ្នំពេញ ៖ នាយកមនី្ទរពេទ្យកុមារជាតិ លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ស្រី្តមកពិនិត្យផ្ទៃពោះ មានចំនួន ១៤,៨០១នាក់ ស្រី្តដែលមកសម្រាល សរុបចំនួន២,៨៩២នាក់។​ការលើកឡើងរបស់លោកសាស្រ្តាចារ្យ ញឹប អង្គាបុស្ស យ៉ាងដូច្នេះ នាឱកាសដែលលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាល សួរសុខទុក្ខស្រ្តីមានផ្ទៃពោះ និងសម្រាលកូន នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីអបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ, នាព្រឹកថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០២៦នេះ។ លោកនាយកមនី្ទរពេទ្យកុមារជាតិ បន្តថា មន្ទីរពេទ្យកុមារជាតិ បច្ចុប្បន្នជាគ្រឹះស្ថានសាធារណរដ្ឋបាល មានភារកិច្ច ពិនិត្យ ព្យាបាលថែទាំជំងឺ និងការពារកុមារ ចាប់ពីពេលនៅក្នុងផ្ទៃម្តាយ ពេលកើតរហូត ដល់អាយុ១៨ឆ្នាំ គ្រប់ស្រទាប់ វណ្ណៈ មិនរើសអើងអ្នកមាន ឬ អ្នកក្រ មិនប្រកាន់ពូជសាសន៍ សាសនា មិនប្រកាន់និន្ទាការ នយោបាយ។ ដោយពិនិត្យឃើញថាមានទារកដែលទើបនឹងកើតមកមានបញ្ហាសុខភាព ត្រូវបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ ដើម្បីព្យាបាល ហើយពេលបញ្ជូនមកមន្ទីរពេទ្យមានការយឺតយ៉ាវធ្វើឱ្យស្ថានភាពទារកកាន់តែធ្ងន់ធ្ងរ ឬបាត់បង់ជីវិតមុនពេលបញ្ជូនដល់មន្ទីរពេទ្យ។ ដូចនេះទើបមន្ទីរពេទ្យកុមារជាតិ បានស្នើសុំក្រសួងសុខាភិបាលក្នុងការរៀបចំផ្នែកសម្ភពនេះឡើង និងបានរៀបចំបើកដំណើការបណ្តោះអាសន្នផ្នែកសម្ភព នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ និងបានសម្ពោធបើកឱ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដើម្បីជួយពិនិត្យ ព្យាបាលដល់ស្រ្តី និងស្រ្តីមានផ្ទៃពោះ និងជួយថែទាំទារកទើបនឹងកើតមកមានបញ្ហាសុខភាព មានភាពងាយស្រួលក្នុងជួយសង្គ្រោះ និងការចូលរួមការកាត់បន្ថយអត្រាមរណភាពទារកផងដែរ។​លោកជំទាវ ពុំ ចន្ទីនី បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ភ្ជាប់មកនូវសារអំពាវនាវថាទោះក្នុងកាលៈទេសៈណាក៏ដោយសូមពង្រឹងការប្តេជ្ញាចិត្ត និងធ្វើសកម្មភាពរួមគ្នា ក្នុងការលើកកម្ពស់ការយល់ដឹងដល់ការថែទាំមុនសម្រាល និងការពិនិត្យសុខភាពទាំងម្តាយ និងកូនក្នុងផ្ទៃជាប្រចាំ ដែលជាអន្តរាគមន៍ធានាសុវត្ថិភាពទាំងម្តាយនិងកូនថែមទាំងចូលរួមផ្តល់ការគាំទ្រអាហារូបត្ថម្ភ លើកកម្ពស់សុខភាពផ្លូវចិត្ត និងរៀបចំគ្រួសារសម្រាប់ការសម្រាលកូនដោយសុវត្ថិភាព៕អត្ថបទ រដ្ឋា 

ពលរដ្ឋខ្មែររំពឹងថា អាម៉េរិកនឹងចូលរួមកាន់តែខ្លាំងជួយដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោម​ពាក្យសន្តិភាព

2026/02/23 03:34:02 pm        188
ប្រជាពលរដ្ឋខ្មែរ បានបន្តអំពាវនាវដោយរំពឹងថា សហរដ្ឋអាម៉េរិក នឹងកាន់តែចូល​រួម​ខ្លាំង​ជាង​មុន​ក្នុង​ការ​អន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ក្រោមពាក្យថាសន្តិភាព ក្រោយ​ពេល​កម្ពុជា​បាន​ចូល​រួម​ក្នុង​ក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានបង្កើតឡើងដោយប្រធានាធិបតីអាម៉េរិកនោះ ។ ស្របពេលដែលស្ថានការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅ​មាន​លក្ខណៈ​ផុយ​ស្រួល​នោះ​​ប្រជាពលរដ្ឋកម្ពុជាបានបន្តផ្ញើសារទៅកាន់សហគមន៍អន្តរជាតិ ពិសេសមហាអំណាចធំៗ ដូច​ជា​សហរដ្ឋអាម៉េរិក និងចិន ដែលធ្លាប់​បាន​ចូល​មក​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​បទ​ឈប់​បាញ់​រវាងយោធាកម្ពុជា និងថៃនោះ មេត្តាបន្ត​ជួយ​អន្តរាគមន៍​ឱ្យ​កាន់​តែ​សកម្ម​ដើម្បី​បញ្ចប់​ការ​ប៉ះ​ទង្គិចដោយប្រដាប់អាវុធដោយសារបញ្ហាព្រំដែននេះ។ ក្នុង​កាលៈទេសៈដែលអាម៉េរិកជាស្ថានិក នៃការបង្កើតក្រុមប្រឹក្សាសន្តិភាពផងនោះ ពលរដ្ឋខ្មែរ គឺ​រំពឹង​ថា អាម៉េរិក នឹងជួយក្រឡេកមើលមកកាន់កម្ពុជាផង ដែលជាជន​រង​គ្រោះ​ពិត​ប្រាកដ​ក្នុង​អំពើ​ឈ្លាន​ពាន​ព្រោះកម្ពុជា ជាប្រទេសតូចដែលត្រូវការតែសន្តិភាពប៉ុណ្ណោះ។ គួររំលឹកថា កាលពីពេលថ្មីៗ ក្នុងដំណើរ​អញ្ជើញ​ចូលរួម​ប្រជុំ​ក្នុង​នាម​ជា​សមាជិក​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​ ដែលរៀបចំឡើងដោយលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកយក​បញ្ហា​ព្រំដែន​ដែល​ថៃ​រំលោភ​បំពាន​កិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់ ហើយបើកការឈ្លានពាន​មក​លើ​ទឹក​ដី​កម្ពុជា ​បង្ហាញប្រាប់ទៅកាន់ពិភពលោក តាមរយៈសារព័ត៌មានធំៗ របស់សហរដ្ឋអាម៉េរិក ដើម្បី​ចង់​ឲ្យ​ពិភពលោកទាំងមូលបានដឹងពីការពិត និងជួយអន្តរាគមន៍រកយុត្តិធម៌ជូនអ្នករង គ្រោះ​ពិត​ប្រាកដ​៕ អត្ថបទ៖ លីហេង

ព្រះមហាក្សត្រអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និង​សប្បុរស​ជន​បន្តចូលរួមគាំទ្រលើសកម្មភាពបោសសម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និង​ជួយ​សង្គ្រោះ​ជនរងគ្រោះដោយសារមីននៅកម្ពុជា

2026/02/23 03:16:07 pm        196
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ បានអំពាវនាវដល់រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ និង​សប្បុរស​ជន​ជាតិ​-អន្តរជាតិនានា សូមមេត្តាបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រលើសកម្មភាពបោស សម្អាតមីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះជនរងគ្រោះដោយសារមីន នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ នេះបើយោងតាមព្រះរាជសារព្រះមហាក្សត្រចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទាន​ជូន​ជនរួមជាតិ ក្នុងឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២៦។តាមរយៈព្រះរាជសារព្រះមហាក្សត្រមានហឫទ័យសោមនស្សរីករាយ សូមអបអរសាទរ រួម​ជា​មួយ​ព្រះសង្ឃ ​និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត នៅ​ក្នុង​ឱកាសខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោម​ប្រធាន​បទ «ចូលរួមទាំងអស់គ្នា ដើម្បីជនភៀសសឹកនិងសហគមន៍មានសុវត្ថិភាព»។ រាជ​រដ្ឋាភិបាល​កម្ពុជា បានកំណត់យកថ្ងៃទី២៤ ខែកុម្ភៈ ជាទិវាជាតិយល់ដឹងអំពីមីន នេះជាទិវា​ដ៏​មាន​សារៈ​សំខាន់​មួយ ដើម្បីរំលឹកដល់ប្រជារាស្ត្រគ្រប់រូប ឱ្យយល់ដឹងកាន់តែច្បាស់ និងមាន ការប្រុង​ប្រយ័ត្ន​ខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិន ទាន់​ផ្ទុះ​គ្រ​ប់​ប្រភេទ។ ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ នៅលើ​ផ្ទៃ​ប្រទេស​មាន​ បន្សល់ទុកនូវគ្រាប់មីន សំណល់ជាតិផ្ទុះយ៉ាងសន្ធឹកសន្ធាប់។ គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តខ្ទេចខ្ទី បណ្តាល​ឱ្យ​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍ​ប្រទេសជាតិ នឹងធ្វើឱ្យប្រជារាស្ត្រកម្ពុជារាប់ម៉ឺននាក់ត្រូវរងរបួស ធ្លាក់ខ្លួនពិការ​ពេញ​មួយ​ជីវិត ​និងបានបាត់បង់ជីវិត ព្រមទាំងបានបង្កជាសោកនាដកម្មដ៏ឈឺចាប់ ដែលមិនអាចបំភ្លេចបាន រហូត​មកដល់បច្ចុប្បន្ននេះ។នៅក្នុងព្រះរាជសារបានបន្តថា ក្នុងពេលបច្ចុប្បន្ននេះទៀត ប្រទេសកម្ពុជាយើង​ទើប​បាន​រង​ការ​វាយ​ប្រហារ​ដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះពីទាហានថៃ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅលើសមរភូមិ មាន គ្រាប់បែក គ្រាប់រំសេវ និងយុទ្ធភណ្ឌមិ​ន​ទាន់​ផ្ទុះ​ផ្សេង​ៗ​នៅរា​យ​ប៉ាយ​តាម​ភូមិ​ករ​របស់ប្រជាជន កម្ពុជា ការណ៍នេះបង្កើតជាបន្ទុកដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាលកម្ពុជា ដែល​ត្រូវ​បោសសម្អាតបន្ថែម ទៀត។ កន្លងមក រាជរដ្ឋាភិបាលកម្ពុជា បានកម្ទេច​គ្រាប់​មីន​គ្រប់​ប្រភេទ​ ដែលមានស្តុកនៅក្នុង ឃ្លាំង និងបានខិតខំ​បង្កើន​សកម្ម​ភាព​យុទ្ធនា​ការបោស​សម្អាត​គ្រាប់​មីន​ ក្រោមជំនួយឧបត្ថម្ភគាំទ្រ ពីអង្គការជាតិ-អន្តរជាតិ ដើម្បីរំដោះដីស្រែ-ចម្ការ​ជូន​ប្រជា​កសិករ​នៅ​ទូទាំងប្រទេស។ព្រះមហាក្សត្រក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែល​បាន​បន្ត​កិច្ចខិតខំប្រឹងប្រែង ក្នុងការដឹកនាំរៀបចំប្រតិបត្តិការបោសសម្អាតគ្រាប់មីន បោស​សម្អាត​ចម្ការ​មីន ​និងគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងជួយសង្គ្រោះ​ដល់​ជន​រង​គ្រោះ​ដោយ​សារ​មីន​នៅ​កម្ពុជា ​ព្រមទាំងទទួលបាន លទ្ធផលល្អប្រសើរ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែង​អំណរ​គុណ​ចំពោះ​ក្រសួង​ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន ដែល​បាន​រូបរួមគ្នាបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមជួយអប់រំ និងផ្សព្វផ្សាយដល់​ប្រជា​រាស្ត្រ​ឱ្យ​យល់​ដឹង​អំពី​គ្រោះថ្នាក់ដែលបង្កឡើង ដោយគ្រាប់មីន និងទីតាំងដែលមនុស្ស និងសត្វ​អាច​ប្រឈម​គ្រោះ​ថ្នាក់ដោយសារមីន និងបានយកចិត្តទុកដាក់ជួយជនរងគ្រោះដោយសារគ្រាប់មីន ឱ្យ​មានលទ្ធភាពរស់នៅសមរម្យក្នុងសង្គមជាតិ៕ អត្ថបទ៖ វង្ស សុភាព 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់
04/30/2026 05:04 PM
ជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធអនឡាញខុសច្បាប់ និងឧក្រិដ្ឋកម្មឆ្លែងដែន ត្រូវបានបណ្តេញចេញពីកម្ពុជា
04/30/2026 05:04 PM
ស៊ីរីចាប់ខ្លួនអតីតឧត្តមសេនីយ៍ពីបទពាក់ព័ន្ធនឹងការវាយប្រហារគីមី
04/30/2026 05:04 PM
កូរ៉េខាងត្បូងនឹងដឹកនាំសមយុទ្ធដែនសមុទ្ររួមគ្នាជាមួយសហរដ្ឋអាមេរិកជាលើកដំបូង
04/30/2026 05:04 PM
អ្នករៀបចំ៖ អ៊ីស្រាអែលស្ទាក់ចាប់នាវាជំនួយទៅតំបន់ហ្កាហ្សា ក្នុងដែនទឹកអន្តរជាតិ
04/30/2026 05:04 PM
អ៊ីរ៉ង់សង្ឃឹមថានឹងមានវឌ្ឍនភាពវិជ្ជមាន ក្រោយលោក Trump និយាយថាការចរចាកំពុងធ្វើតាមទូរស័ព្ទ
04/30/2026 05:04 PM
សម្ដេចតេជោ និង អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ពិភាក្សាពីបញ្ហាប្រឈមសកលបច្ចុប្បន្ន
04/30/2026 05:04 PM
លោក Trump ប្រាប់លោក Netanyahu ថា ត្រូវវាយប្រហារក្រុមហេសបូឡា ដោយច្បាស់លាស់ជាងមុន
04/30/2026 05:04 PM
សេតវិមានស្ងៀមស្ងាត់ ខណៈចិនបង្កើនឥទ្ធិពលពាណិជ្ជកម្ម មុនកិច្ចប្រជុំកំពូល Trump-Xi
04/30/2026 04:04 PM
អ៊ីរ៉ង់ព្រមានអំពី «អាវុធដ៏គួរឲ្យខ្លាច» ខណៈអាមេរិកបន្តបិទខ្ទប់ ហើយការចំណាយកើនឡើង
04/30/2026 04:04 PM