TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ
ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ

ព័ត៌មានជាតិ

SDF ទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្ដរជាតិចំនួនពីរ ក្នុងកម្មវិធីអភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អបំផុត

2026/02/19 12:26:14 pm        142
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) ដែលជាស្ថាប័នបណ្ដុះបណ្ដាល និងអភិវឌ្ឍជំនាញ បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មីសម្រាប់កម្ពុជា ដោយទទួលបានពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិចំនួនពីរផ្សេងគ្នា ពី Brandon Hall Group សហរដ្ឋអាមេរិក នៅក្នុងកម្មវិធីអភិវឌ្ឍន៍ ជំនាញបុគ្គលិកល្អបំផុត។មូល​និធិ​អភិវឌ្ឍន៍ជំនាញ (SDF) បានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជា ដោយទទួល​បាន​ពាន​រង្វាន់​ឆ្នើម​កម្រិតអន្តរជាតិ ចំនួនពីរ គឺពានរង្វាន់ “HCM Excellence Award 2025” និង “2026 Brandon Hall Group HR Prediction Champion” នៅក្នុង “កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​បុគ្គលិក​ល្អ​បំផុត​” ពី Brandon Hall Group សហរដ្ឋអាមេរិក ដែលជាស្ថាប័នស្រាវជ្រាវ និងវិភាគឯករាជ្យ ដ៏​ល្បី​ល្បាញ​លំដាប់ពិភពលោក ក្នុងសន្និសីទអន្តរជាតិស្តីពី “ឧត្តមភាព​នៃមូ​ល​ធន​មនុ​ស្ស​ឆ្នាំ​២០២៦​”​នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក ក្នុងកម្មវិធីនេះ ក្រោមការអញ្ជើញ​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្តិយស ពីឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃ SDF ព្រមទាំង ឯកឧត្តម គី សុខគីម នាយក​ប្រតិបត្តិ​នៃ SDF។ជោគជ័យដ៏ត្រចះត្រចង់នេះ, គឺជាលទ្ធផលនៃការវាយតម្លៃយ៉ាងម៉ត់ចត់ពីសំណាក់អ្នកជំនាញអន្តរជាតិ លើគុណភាព និង ប្រសិទ្ធភាព នៃកម្មវិធីអភិវឌ្ឍន៍ជំនាញរបស់ SDF ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការទីផ្សារការងារ និងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធជាមួយដៃគូពាក់ព័ន្ធ ជាពិសេសក្នុងតំបន់អាស៊ាន មានប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីជាដើម។ កម្មវិធីប្រគល់ ពានរង្វាន់ឆ្នើមកម្រិតអន្តរជាតិនេះ ត្រូវបានរៀបចំឡើងនៅក្នុងសហរដ្ឋអាមេរិក នឹងមានអ្នកចូលរួមប្រមាណ ៥០០ នាក់ មានតំណាង មកពី ២០០ ស្ថាប័ន នៃបណ្តាប្រទេសចំនួន ២០ ជុំវិញសកលលោក។ ក្នុងនោះ ក៏មានវត្តមានក្រុមហ៊ុនយក្សលំដាប់អន្តរជាតិល្បីៗ ចូលរួមទទួលរង្វាន់ដូចជា៖ Bank of America, GE, Google, HP, Lexus, Pfizer, Qatar Airways, Harman, និង McDonald ជាដើម។ក្រៅពីពិធីប្រគល់ពានរង្វាន់នេះ ថ្នាក់ដឹកនាំ SDF ក៏បានចូលរួមសិក្សាស្វែងយល់ពីនិន្នាការសកលសំខាន់ៗ ដើម្បីពង្រឹង ប្រសិទ្ធភាព ការងារក្នុងយុគសម័យឌីជីថលដែលបានរៀបចំឡើងដោយ Brandon Hall Group រួមមាន៖ ការធ្វើទំនើបកម្មជ្រើសរើស បុគ្គលិកផ្អែកលើសមត្ថភាព, អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) និងការបណ្ដុះបណ្ដាល និងអភិវឌ្ឍសមត្ថភាព, ការកសាង សមត្ថភាពថ្នាក់ដឹកនាំក្នុងសម័យឌីជីថល, និងវដ្តនៃឧត្តមភាពនៃសមត្ថភាពបុគ្គលិក (Virtuous Talent Cycle)។សូមបញ្ជាក់ថា យោងតាមទិន្នន័យវាយតម្លៃដោយក្រុមការងារអន្តរក្រសួង SDF បានគាំទ្រកន្លងមក បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ ចំពោះភាគីពាក់ព័ន្ធ ដោយក្នុងនោះអត្រាបញ្ចប់វគ្គសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ប្រាក់ខែកើនឡើងជាមធ្យម ២០%, និងអត្រាពេញចិត្តរបស់និយោជកប្រមាណ ៨៥%។ ចំពោះផលជះក្រោយវគ្គបណ្តុះបណ្តាលវិញ SDF សម្រេចបាននូវអត្រា ស្ថិរភាពការងារបុគ្គលិក ៩៦%, បុគ្គលិកកាត់បន្ថយកំហុសនៃការអនុវត្ដការងារ ៥៦%, ការរីកចម្រើនក្នុងអាជីព ៨៩%, ការរក្សា បុគ្គលិក ៨០%, និងការកើនឡើងនូវសមត្ថភាពការងាររបស់បុគ្គលិកប្រមាណ ៧១% ដែលសបញ្ជាក់ឱ្យឃើញពីការជឿជាក់យ៉ាងខ្លាំង ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

គ្រូបណ្ដុះបណ្ដាល៖ រៀនជំនាញវិជ្ជាបច្ចេកទេស បានផ្ដល់ផលប្រយោជន៍ច្រើនធានាបានការងារធ្វើ និងប្រាក់ចំណូលសមរម្យ

2026/02/19 11:22:40 am        170
ខណៈតម្រូវការទីផ្សារការងារនាពេលអនាគត នឹងត្រូវការកាន់តែច្រើនដោយសារមានភាពបត់បែន។ គ្រូបណ្តុះបណ្តាលជំនាញក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ បានបង្ហាញនូវផលប្រយោជន៍មួយចំនួនពីរៀនជំនាញ ដើម្បីប្រែក្លាយយុវជនពីអ្នកប្រើកម្លាំងបាយ មកជាអ្នកជំនាញប្រើប្រាស់ចំណេះដឹង និងបច្ចេកទេស ដែលធានាបាននូវការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។លោក លឹម ប៊ុនថុង គ្រូបណ្តុះបណ្តាលជំនាញផ្នែកបរិក្ខាត្រជាក់ នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) គឺជាស្ពានចម្លងដែលមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្តែងនៃការរស់នៅ និងការបំពេញការងារ។ លោកបានបន្តថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ឥតគិតថ្លៃ ១លាន ៥សែននាក់ គឺផ្តល់អត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀតដល់យុវជន ជាពិសេសសម្រាប់យុវជនដែលមានជីវភាពក្រីក្រ គឺអាចរៀនជំនាញដោយឥតគិតថ្លៃ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែរហូតដល់សិក្សាចប់ ដែលមានឱកាសក្នុងការរកការងារធ្វើល្អ ទទួលបានប្រាក់ចំណូលសមរម្យបន្ទាប់ពីសិក្សាចប់។ លោកបន្ថែមថា ជាក់ស្តែង ជំនាញបរិក្ខាត្រជាក់នេះ អ្នកដែលមានជំនាញច្បាស់លាស់ ពិតប្រាកដ អាចរកប្រាក់ចំណូលខ្ទង់ ៣០០ ទៅ៤០០ដុល្លារ ឬលើសពីនេះ នៅក្នុងមួយខែ។គ្រូបណ្តុះបណ្តាលជំនាញដដែលនេះ បានរៀបរាប់ទៀតថា កម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺផ្តល់អត្ថប្រយោជន៍ជាច្រើនដល់យុវជន ដូច្នេះពួកគេត្រូវចាប់យកឱកាសមាសនេះឱ្យបាន ពីព្រោះរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួយជ្រោមជ្រែងសិស្សទាំងឡាយណា ដែលបញ្ចប់ការសិក្សា ដូចជាមានការរៀបចំក្រុមហ៊ុនចុះហាត់ការ និងការផ្តល់ឱកាសការងារ តាមក្រុមហ៊ុនឯកជនជាច្រើនទៀត។ យុវជនមកពីក្រុមគ្រួសារក្រីក្រ មានឈ្មោះ ដុំ ពុទ្ធារ៉ា មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសិក្សាជំនាញផ្នែកបរិក្ខាត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានសម្តែងការដឹងគុណ និងអរគុណជូនចំពោះរាជរដ្ឋាភិបាលដែលបង្កើតកម្មវិធីល្អៗនេះឡើង ដែលក្រៅពីការរៀនអត់អស់លុយ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភទៀត ជាពិសេសរៀនត្រឹមរយៈពេលខ្លី ប៉ុន្តែអាចទទួលបានជំនាញមួយច្បាស់លាស់សម្រាប់ជីវិតនាពេលអនាគត។ជាមួយនេះ ក្រុមយុវជនដែលកំពុងរៀនជំនាញ ធីវ៉េត បានអំពាវនាវដល់យុវជន និងអ្នកដែលចង់មានជំនាញមួយច្បាស់លាស់ ជាពិសេសទៅកាន់អតីតពលករ និងជនភៀស អាចចូលរួមចុះឈ្មោះដើម្បីចូលរៀនដោយឥតបង់ថ្លៃក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈនានា។ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M គិតចាប់ពីការដាក់ឱ្យដំណើរការផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ត្រឹមដើមឆ្នាំ២០២៦នេះ ទទួលបានការចុះឈ្មោះពីសិក្ខាកាមដើម្បីរៀនជំនាញ មានចំនួនជាង ១៥ម៉ឺននាក់។ កម្មវិធី TVET 1,5M នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី

ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

2026/02/19 11:10:38 am        185
ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបាន​បង្ហាញ​អំពី​ការ​ងើប​ឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​។  ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅ​ក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​នៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជិត ៣០ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិន សម្រេចប្រមាណ ជាង ១៨ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជិត ១ ៧០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយធ្វើ ឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅទីផ្សារ មួយនេះ គឺបានធ្លាក់ចុះជាបន្តបន្ទាប់។  ចំណែកក្នុងខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើង ជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការនាំចេញរបស់កម្ពុជាទៅទីផ្សារចិននេះ បានបង្ហាញនូវនិន្នាការងើបឡើងវិញ តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃ ប្រទេសទាំងពីរ។ សូមរំលឹកថា ទំនិញសំខាន់ៗដែលនាំចេញទៅប្រទេសចិន ភាគច្រើនជាផលិតផលកសិកម្ម និងឧស្សាកម្មកែច្នៃរួមមានដូចជា៖ អង្ករ ស្វាយ ចេក ផ្លែមៀនស្រស់ ផលិតផលជលផល គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌកាត់ដេរមួយចំនួន។ ចំណែក ការនាំចូលពីប្រទេសចិន  ភាគច្រើនជាវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ សំណង់ និងយានយន្តជាដើម។ ចំពោះទូទៅរួមមាន, គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើមឧស្សាហកម្ម ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល២ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបងទាក់ទាញភ្ញៀវទេសចរបានជិត៦ម៉ឺននាក់​

2026/02/19 10:58:23 am        278
បាត់ដំបង៖ លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ថ្លែងឱ្យដឹងថា ក្នុងរយៈពេល២ថ្ងៃនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាម ចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជាង៥៧​ ៧០០នាក់បានដើរលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានានៅក្នុងខេត្តបាត់ដំបង។លោក ហម អរុណ ថ្លែងឱ្យដឹងបន្ថែមថា ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាមនេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងធានាសន្តិសុខសុវត្ថិភាពដើម្បីបង្កលក្ខណៈសប្បាយរីករាយប្រកបដោយទំនុកចិត្តសុខសុវត្ថិភាពនិងស្នាមញញឹមជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបង។ក្រុមយុវតីជាអ្នកក្រុងបាត់ដំបងដែលបានធ្វើដំណើរទៅលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាក្នុងស្រុកសំឡូត បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងលើកសរសើរមិនដាច់ពីមាត់នូវសក្ដានុពលទេសចរណ៍បែបធម្មជាតិដ៏ស្រស់បំព្រងនៅក្នុងស្រុកសំឡូតជាពិសេសគោលដៅដែលនៅជាប្រភពទឹកអមទៅដោយទេសភាពបៃតង ខ្យល់ត្រជាក់ជាមួយនឹងម្ហូបអាហារឆ្ងាញ់ និងតម្លៃសមរម្យ។ក្រុមយុវតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសូមអញ្ជើញមកទស្សនាកម្សាន្តសប្បាយនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន វៀតណាម។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង៕

ទូតជប៉ុន៖ ជប៉ុននឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗគាំទ្រ ដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា-ថៃ និងផ្ដល់ជំនួយផ្សេងៗដល់កម្ពុជា

2026/02/19 10:45:55 am        459
រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ នៅតាមបណ្តោយព្រំដែន ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ជប៉ុនក៏បានស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ផងដែរ។.....................................ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋាភិបាលជប៉ុន និងរូបឯកឧត្តមផ្ទាល់ ស្វាគមន៍ការសម្រេចនូវកិច្ចព្រមព្រៀងបទឈប់បាញ់លើកទី២ និងការត្រឡប់មកវិញ ដោយសុវត្ថិភាពរបស់ទាហានកម្ពុជាទាំង ១៨រូប នៅមុនដំណាច់ឆ្នាំកន្លងទៅ។ ដោយឯកឧត្តមបានអះអាងថា រដ្ឋាភិបាលជប៉ុន នឹងបន្តឱ្យមានការផ្តួចផ្តើមផ្សេងៗ ដើម្បីគាំទ្រដល់ការកាត់បន្ថយភាពតានតឹងបន្ថែមទៀត ក៏ដូចជាការផ្តល់នូវជំនួយផ្សេងៗ។ ការបញ្ជាក់របស់ឯកអគ្គរាជទូតជប៉ុនក្នុងពិធីប្រគល់ទទួលសម្ភារបរិក្ខាបច្ចេកទេសប្រព័ន្ធម៉ាស៊ីនមេសម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការ គ.ជ.ប។សូមជម្រាបថា រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្ដល់ជំនួយប្រមាណ ១ លាន៥សែនដុល្លារទៅឱ្យកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា ដើម្បីជួយជាស្បៀងដល់ពលរដ្ឋខ្មែររងគ្រោះព្រោះជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កំពុងបន្តស្នាក់នៅជម្រកបណ្ដោះអាសន្ន និងពលរដ្ឋដែលបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ និងជួយពលករដែលវិលចូលប្រទេសកម្ពុជាវិញ ក៏ដូចជាការសាងសង់រចនាសម្ព័ន្ធដែលខូចខាតព្រោះការវាយប្រហារដោយយោធាថៃ ដើម្បីចូលរួមស្ដារជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរផងដែរ៕ អត្ថបទ៖ វង្ស សុភាព

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm        222
តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានចូលរួមអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម ដោយនៅប្រទេសកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។ ជាថ្មីម្តងទៀត ខ្ញុំសូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន

2026/02/18 06:59:00 pm        50
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ (មាន៣ កំណាត់) ប្រវែងសរុប ៣ ៣០០ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អ លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានា ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ឃើញថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានស្ថាបនាឡើងជាហូរហែរ ពោលគឺពីតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ ប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ និងថែទាំបញ្ចប់សុពលភាពនៃនាយកដ្ឋាន ផ្លូវលំជនបទ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំងនៅលើការងារអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង ជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ៕ អត្ថបទ៖សុន រ៉ាឌី

កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា

2026/02/18 05:25:22 pm        137
ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា" ជូនដល់បណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា។ដើម្បីបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាសេនាធិការក្នុងការប្រតិបត្តិយុទ្ធនាការនៅទូទាំងប្រទេស ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។ ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។ យុទ្ធនាការអនុវត្តច្បាប់នៅទូទាំងប្រទេស បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញ ហើយតាមការសង្កេតរបស់សមត្ថកិច្ច ការបិទខ្ទប់ទីតាំងខាងលើបានធ្វើឱ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួន ដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ រីឯជនបរទេសចំនួនប្រមាណជាង២១ម៉ឺននាក់បានចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយដៃគូ ក្នុងការជួយសង្រ្គោះជនបរទេស ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆ្លងដែននេះ ឱ្យបានរួចផុតពីការកេងប្រវ័ញ្ញឱ្យធ្វើសកម្មភាពឆបោកអនឡាញដើម្បីបម្រើដល់ផលប្រយោជន៍បណ្តាញឧក្រិដ្ឋកម្មខ្លួន បានជាច្រើននាក់ផងដែរ។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងរយៈពេលប្រមាណ ៨ខែកន្លងមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណបណ្តាអង្គទូត និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើដល់បណ្តាប្រទេស និងដៃគូទាំងអស់ ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជាសម្ភារៈ បច្ចេកទេស និងការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.បានប្រាប់ទៅអង្គទូតទាំងអស់ទៀតថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន មកដើរទស្សនាកម្សាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅខេត្ដសៀមរាប

2026/02/18 04:52:31 pm        253
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មាន​រយៈ​ពេល​បី​ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែល​បាន​មក​ទស្សនា​ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាម​ឆ្នាំ​២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅ​តែ​ទាក់​ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និ​ង​ល្បី​ល្បាញ​នៅលើ​ពិភព​លោក ​ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាម​រមណីយដ្ឋាន​ផ្សេង​ៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែល​បាន​អភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីក​ចំរើន​បាន​ល្អប្រ​សើរ​ និង​មាន​សន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បាន​បង្ហាញ​ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ ចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មាន​ជាង​៣​ម៉ឺន​១ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិ ជាង៨ពាន់នាក់៕

មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅថ្ងៃទី១៨កុម្ភៈនេះ

2026/02/18 04:43:22 pm        323
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិត​ត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) រងរបួស​ស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។ នេះបើ​តាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ១នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ៣នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),ប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងទឹកនិងអាកាសរបស់ចិន ចេញល្បាតជិតតំបន់ថ្មប៉ប្រាស់ទឹក Scarborough ខណៈហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធ
05/01/2026 09:05 AM
TOP STORY | ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ​មានភាពប្រសើរជាបណ្តើរៗ ក្រុម​គ្រូ​ពេទ្យ​​ព្រះបរមរាជានុញ្ញាតថ្វាយព្រះអង្គ​យាង​ចេញ​ពី​មន្ទីរ​ពេទ្យ​នៅ​ថ្ងៃនេះ និង​បន្ត​គង់​ប្រថាប់​នៅ​ព្រះរាជ​ដំណាក់​រដ្ឋធានីប៉េកាំង ដើម្បីបន្តតាមដាន​
05/01/2026 09:05 AM
អ៊ីស្រាអែល៖ សកម្មជនទូកដឹកជំនួយទៅហ្កាហ្សាដែលត្រូវបានឃុំខ្លួន នឹងត្រូវនាំទៅកាន់ប្រទេសក្រិក
05/01/2026 09:05 AM
យោធាមីយ៉ាន់ម៉ា និយាយថាអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ
05/01/2026 08:05 AM
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
05/01/2026 08:05 AM
សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ
05/01/2026 08:05 AM
អ៊ីរ៉ង់ព្រមានអាមេរិកពីការឈឺចាប់អូសបន្លាយពេលយូរស្របពេលមានរបាយការណ៍ស្តីពីផែនការវាយប្រហារដ៏ខ្លាំងក្លា
05/01/2026 08:05 AM
ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ
05/01/2026 08:05 AM
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM