អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ក្នុងស្ថានភាពមិនប្រាកដប្រជាការកែទម្រង់គឺជាការចាំបាច់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពផលិតជាងពីរដង
កម្ពុជាត្រៀមអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

2026/02/18 09:44:28 pm        222
តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានចូលរួមអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម ដោយនៅប្រទេសកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ក៏បានផ្ញើជូននូវក្តីនឹករឭក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេចក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា, ជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជា ព្រមទាំងបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍ និងសាសនា ជាពិសេស ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈសកម្មភាពមនុស្សធម៌ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជានាពេលកន្លងមក។ ជាថ្មីម្តងទៀត ខ្ញុំសូមព្រះអល់ឡោះប្រទានពរជ័យ សិរីសួស្តីដល់បងប្អូនមូស្លីមកម្ពុជាទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបងប្អូនមូស្លីមលើសាកលលោក សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល និងជោគជ័យក្នុងកិច្ចប្រតិបត្តិជំនឿសាសនាឥស្លាម អំឡុងខែបួសរ៉ម៉ាឌន ឆ្នាំ២០២៦ នេះ កុំបីឃ្លៀងឃ្លាតឡើយ៕

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងប្រែក្លាយផ្លូវជនបទកាន់តែរឹងមាំ គាំទ្រការរស់នៅរបស់ប្រជាជន

2026/02/18 06:59:00 pm        50
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញផ្លាស់ប្តូរហេដ្ឋារចនាសម្ព័នផ្លូវនៅតាមជនបទ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពីតំបន់ជនបទដែលគ្មានផ្លូវ មកមានផ្លូវធ្វើដំណើរបាន ជាពិសេសការប្រែក្លាយពីផ្លូវល្បាយក្រួស មកជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង ដោយផ្តល់ប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ច។​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ (មាន៣ កំណាត់) ប្រវែងសរុប ៣ ៣០០ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អ លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ និងការផ្តល់សេវាសង្គមនានា ដើម្បីសេដ្ឋកិច្ច សង្គមកិច្ច និងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ឃើញថា ចាប់តាំងពីកម្ពុជាទទួលបានសុខសន្តិភាព បណ្តាញផ្លូវនៅតាមជនបទ បានស្ថាបនាឡើងជាហូរហែរ ពោលគឺពីតំបន់ដែលគ្មានផ្លូវ មកមានផ្លូវដើរបាន, តំបន់ដែលមានផ្លូវពិបាក មកមានផ្លូវធ្វើដំណើរបានស្រួល ជាក់ស្តែងគិតមកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាន និងកំពុងជំរុញការងារស្ថាបនា ស្ដារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ឬបេតុង សម្រាប់ផ្តល់ ប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងស្ថាបនាផ្លូវ និងថែទាំបញ្ចប់សុពលភាពនៃនាយកដ្ឋាន ផ្លូវលំជនបទ បានរក្សានូវគុណភាពផ្លូវល្អប្រសើរ ព្រោះផ្លូវគឺជាអាទិភាពទី១ ដែលក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តោតការយកចិត្តទុក ដាក់យ៉ាងខ្លាំងនៅលើការងារអភិវឌ្ឍន៍ ដើម្បីជំរុញឱ្យតំបន់ជនបទ មានផ្លូវតភ្ជាប់ភាពប្រទាក់ក្រឡាគ្នា និងមានគុណភាព ហើយធន់ នឹងការប្រែប្រួលអាកាសធាតុ ដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង ជំរុញដល់ចលនាសេដ្ឋកិច្ចនៅជនបទ៕ អត្ថបទ៖សុន រ៉ាឌី

កម្ពុជាបង្ហាញជំហរដាច់ខាតដើម្បីបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ជូនដល់តំណាងអង្គទូតបរទេសចំនួន ២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា

2026/02/18 05:25:22 pm        137
ភ្នំពេញ៖ កម្ពុជាបានបង្កើនការបង្រ្កាបលើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងក្របខណ្ឌនៃយុទ្ធនាការទូទាំងប្រទេស ដើម្បីបោសម្អាត និងឈានទៅលុបបំបាត់ការឆបោកអនឡាញ ដែលប្រភេទឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យអស់ពីប្រទេសកម្ពុជា។ នេះជាប្រសាសន៍បញ្ជាក់ជំហររបស់កម្ពុជាទាក់ទងនឹងការប្រឆាំងការឆបោកអនឡាញ ដែលឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានថ្លែងក្នុងឱកាសឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី១៨ ខែកម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី បានធ្វើបទបង្ហាញដើម្បីផ្តល់បច្ចុប្បន្នភាពស្តីពី "យុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា" ជូនដល់បណ្តាឯកអគ្គរដ្ឋទូត និងតំណាងទូតប្រចាំកម្ពុជាចំនួន២៦ និងតំណាងសហភាពអឺរ៉ុប (EU)នៅកម្ពុជា។ដើម្បីបង្ហាញពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ជាសេនាធិការក្នុងការប្រតិបត្តិយុទ្ធនាការនៅទូទាំងប្រទេស ឯកឧត្តមសន្តិបណ្ឌិតទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា ការប្រយុទ្ធប្រឆាំងការឆបោកអនឡាញត្រូវបានអនុវត្តពីមុនមកហើយ និងត្រូវបានបង្កើនការប្រតិបត្តិបន្ថែមទៀតក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ពិសេសតាមរយៈការបង្កើតគ.ប.ឆ.ប. ដែលជាយន្តការជាតិដឹកនាំដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីដោយផ្ទាល់។ ជាលទ្ធផល ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៥ រហូតដល់ដើមឆ្នាំ២០២៦ នេះ សមត្ថកិច្ចចម្រុះបានបង្ក្រាបការឆបោកអនឡាញចំនួន ២០០ករណី ពាក់ព័ន្ធទីតាំងសរុបចំនួនប្រមាណ ២.៥០០ កន្លែង ដោយបានរឹបអូសវត្ថុតាងរួមមានកំព្យូទ័រចំនួន ១០.៤៤៤ គ្រឿង និងទូរស័ព្ទស្មាតហ្វូនចំនួន ៣៦.៤៧៦ គ្រឿង ព្រមទាំងសម្ភារៈជាវត្ថុតាងផ្សេងទៀត។ ក្នុងការអនុវត្តវិធានការ សមត្ថកិច្ចកម្ពុជាបានអនុវត្តនីតិវិធីបណ្តេញជនបរទេសសរុបចំនួនជាង ៨.០០០ នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា ខណៈទីតាំងដែលបានបង្រ្កាបចំនួនជាង ២០០កន្លែង រួមទាំងកាស៊ីណូផងដែរ ត្រូវបានបិទខ្ទប់មិនឱ្យមានសកម្មភាពទៀតឡើយ។ យុទ្ធនាការអនុវត្តច្បាប់នៅទូទាំងប្រទេស បានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញ ហើយតាមការសង្កេតរបស់សមត្ថកិច្ច ការបិទខ្ទប់ទីតាំងខាងលើបានធ្វើឱ្យក្រុមមេខ្លោងមួយចំនួនបានរត់គេចខ្លួន ដែលក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ រីឯជនបរទេសចំនួនប្រមាណជាង២១ម៉ឺននាក់បានចាកចេញដោយខ្លួនឯងទៅកាន់ប្រទេសពួកគេវិញ។ សមត្ថកិច្ចកម្ពុជាក៏បានសហការជាមួយដៃគូ ក្នុងការជួយសង្រ្គោះជនបរទេស ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោងនៃឧក្រិដ្ឋកម្មឆ្លងដែននេះ ឱ្យបានរួចផុតពីការកេងប្រវ័ញ្ញឱ្យធ្វើសកម្មភាពឆបោកអនឡាញដើម្បីបម្រើដល់ផលប្រយោជន៍បណ្តាញឧក្រិដ្ឋកម្មខ្លួន បានជាច្រើននាក់ផងដែរ។តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស។ជាមួយនឹងលទ្ធផលដែលទទួលបានក្នុងរយៈពេលប្រមាណ ៨ខែកន្លងមកនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណបណ្តាអង្គទូត និងដៃគូពាក់ព័ន្ធរួមមានសហរដ្ឋអាមេរិក ចិន កូរ៉េខាងត្បូង ហ្វីលីពីន ប៉ូលីសអន្តរជាតិ អង្គការ UNODC និងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងជាដើម ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចខិតខំប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានស្នើដល់បណ្តាប្រទេស និងដៃគូទាំងអស់ ឱ្យបន្តសហការជាមួយរាជរដ្ឋាភិបាលក្នុងការផ្តល់ការគាំទ្រទាំងផ្នែកពង្រឹងសមត្ថភាពក្នុងជំនាញបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែន និងការផ្តល់ជាសម្ភារៈ បច្ចេកទេស និងការសហការស្រាវជ្រាវ ធ្វើកោសល្យវិច័យ ដើម្បីឱ្យការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅចាត់វិធានការដល់ឫសគល់នៃបញ្ហា និងធានាថាសកម្មភាពឧក្រិដ្ឋកម្មនេះនឹងមិនកើតឡើងទៀតឡើយទាំងនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ឯកឧត្តមប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.បានប្រាប់ទៅអង្គទូតទាំងអស់ទៀតថា ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងការឆបោកអនឡាញ រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សម្រាប់រួមចំណែកដល់ការធានាបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព ដោយមានកំណត់អំពីទោសទណ្ឌ និងវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការទប់ស្កាត់រាល់អំពើខុសច្បាប់តាមប្រព័ន្ធបច្ចេកវិទ្យា។ បច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះកំពុងស្ថិតក្នុងដំណើរការពិនិត្យរបស់អន្តរក្រសួងមុននឹងឈានដល់ដំណាក់កាលនីតិវិធីជាបន្តបន្ទាប់ រហូតដល់ការអនុម័តជាផ្លូវការ។សូមបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ៕

ភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើន មកដើរទស្សនាកម្សាន្ដ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន វៀតណាម នៅខេត្ដសៀមរាប

2026/02/18 04:52:31 pm        253
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាច្រើនកុះករដើរទស្សនាកម្សាន្ដប្រាសាទអង្គរវត្ដ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីចិន វៀតណា នាថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦នេះ ខណៈដែលពិធីនេះ មាន​រយៈ​ពេល​បី​ថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២៦ ។ភ្ញៀវទេសចរជាតិមកពីតាមបណ្ដាខេត្ដ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែល​បាន​មក​ទស្សនា​ទិដ្ឋភាពដ៏ស្រស់ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យប្រពៃណីចិន វៀតណាម​ឆ្នាំ​២០២៦នេះ ដោយពួកគាត់សម្ដែងមោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅ​តែ​ទាក់​ទាញអ្នកទេសចររគ្រប់ជាតិសាសន៍ទៅទស្សនាកម្សាន្ដជារៀរាល់ឆ្នាំ។អ្នកទេសចរ ក៏លើកឡើងផងដែរថា ប្រាសាទអង្គរវត្ដពិតជាមានភាពអស្ចារ្យ និ​ង​ល្បី​ល្បាញ​នៅលើ​ពិភព​លោក ​ដែលខ្លួនចំណាយពេលវេលាដើរទស្សនាប្រាសាទអង្គរវត្ត ក៍ដូចជានៅតាម​រមណីយដ្ឋាន​ផ្សេង​ៗទៀតមិនខកបំណង។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែល​បាន​អភិឌ្ឍន៍រមណីយដ្ឋានអង្គរ និងព្រមទាំងក្រុងសៀមរាប ឱ្យមានការរីក​ចំរើន​បាន​ល្អប្រ​សើរ​ និង​មាន​សន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។បើតាមរបាយការណ៍នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បាន​បង្ហាញ​ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមនេះ ចាប់ពីថ្ងៃទី១៦ ដល់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ២០២៦ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិចូលទស្សនាតំបន់អង្គរ មាន​ជាង​៣​ម៉ឺន​១ពាន់នាក់ ក្នុងនោះមានអ្នកទេសចរអន្ដរជាតិ ជាង៨ពាន់នាក់៕

មនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងករណីគ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​នៅថ្ងៃទី១៨កុម្ភៈនេះ

2026/02/18 04:43:22 pm        323
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ (គិត​ត្រឹម​ពីម៉ោង ១៤៖០០ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដល់ម៉ោង ១៤៖០០ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ​២០២៦​) បានកើតឡើងចំនួន ១១លើក (យប់ ៤លើក) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ (ស្រី ១នាក់), រងរបួសសរុប ១៦នាក់ (ស្រី ៦នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ៤នាក់) រងរបួស​ស្រាល ៥នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព ១០នាក់ (យប់ ៤នាក់)។ នេះបើ​តាម​របាយការណ៍​របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមាន ៖ ល្មើសល្បឿន ៦លើក (ស្លាប់ ៣នាក់, របួសធ្ងន់ ៧នាក់, របួសស្រាល ១នាក់),មិនគោរពសិទ្ធិ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ៣នាក់),មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់),ប្រជែង ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ២នាក់, របួសស្រាល ១នាក់)៕

ផ្លូវជនបទកំពុងត្រូវបានប្រែក្លាយពីក្រាលគ្រួសល្បាយដី ទៅជាផ្លូវកៅស៊ូ និងបេតុង កាន់តែងាយស្រួលធ្វើដំណើរ

2026/02/18 04:36:40 pm        398
កំពង់ឆ្នាំង៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ កំពុងខិតខំប្រែក្លាយផ្លូវនៅទីជនបទ ពីផ្លូវក្រាលគ្រួសល្បាយដី ទៅជាផ្លូវបេតុង ឬផ្លូវកៅស៊ូ ដែលកាន់តែធ្វើឲ្យពលរដ្ឋធ្វើដំណើរ និងដឹកកសិផលស្រួលជាងមុន ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុង ចំនួន១ខ្សែ មាន ៣កំណាត់ប្រវែងសរុប ជាង២ពាន់ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសសងខាង ម្ខាងៗ១ម៉ែត្រ កម្រាស់ ០,២ម៉េត្រ ស្ថាបនាលូប្រអប់មុខមួយ ១កន្លែង ស្ថាបនាលូមុខមូលមួយ ចំនួន ៤កន្លែង និងលូមូលមុខបី ១កន្លែង ស្ថិតនៅភូមិតាវ៉ាក ទៅភូមិប្រចក្ស និងភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍នជនបទ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចាប់ផ្ដើមស្ថាបនាផ្លូវក្រាលបេតុង ផ្លូវក្រាលកៅស៊ូ ផ្លូវលំ ព្រមទាំងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន តាមបណ្តាខេត្ត និងស្រុក ដែលតភ្ជាប់ពីផ្លូវជាតិ ទៅផ្លូវខេត្ត ដើម្បីជួយលើកកម្ពស់កម្រិតជីវភាព របស់ពលរដ្ឋនៅមូលដ្ឋាន និងជាចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។ឯកឧត្តមបន្តថា ជាក់ស្តែងពីមួយអាណត្តិទៅមួយអាណត្តិ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រែក្លាយផ្លូវក្រាលក្រួសល្បាយដី ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង បានជាច្រើនខ្សែក្នុងចំណោះផ្លូវជនបទ ដែលមានប្រមាណជាង ៥ម៉ឺនគីឡូម៉ែត្រ នៅទូទាំងប្រទេស ដែលកិច្ចខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធនេះ បាននឹងកំពុងដើរស្របទៅនឹងគន្លឹះអាទិភាព នៃយុទ្ធសស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ ជាពិសេសនៅទីជនបទ ។ឯកឧត្តម ឈឹម សៅគី បានបន្ថែមថា ដោយឡែកពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍជនបទត្រង់មុំទី៣ នៃបញ្ចកោណទី៤ បានបញ្ជាក់ច្បាស់អំពីការលើកស្ទួយ និងលើកកម្ពស់ការអភិវឌ្ឍជនបទ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាពិសេសការកសាងផ្លូវជនបទ តភ្ជាប់ទៅកសិដ្ឋាន ផ្លូវខេត្ត និងផ្លូវជាតិ ឱ្យក្លាយទៅជាជនបទសមាហរណកម្ម ការកែលម្អលក្ខខណ្ឌជីវភាពសហគមន៍ជនបទ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍសហគមន៍ជនបទ និងភូមិគំរូ ។ទន្ទឹមនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត តាមរយៈឯកឧត្តម ឆាយ ឫទ្ធិសែន ចែកជូនដល់មេឃុំ, ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ ដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ និងថវិកាមួយចំនួន និងបានសំណូមពរដល់បងប្អូនពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានយោគយល់ និងអធ្យាស្រ័យដល់ក្រុមការងារសាងសង់ផ្លូវ ក្នុងករណីមានការប៉ះពាល់ដោយប្រការណាមួយក្នុងអំឡុងពេលសាងសង់ផ្លូវក្រាលបេតុងមួយខ្សែនេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងអប់រំ កំពុងជំរុញការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ និង​ស្តារ​សាលា​រៀន​ឡើង​វិញ ដើម្បីធានាបានថាការអប់រំនៅ​តែបន្តសម្រាប់​សិស្សនៅ​ព្រំដែន​ដែល​រងគ្រោះ​ដោយ​សង្រ្គាម​ថៃ​ឈ្លានពាន

2026/02/18 04:29:17 pm        279
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំ​កិច្ច​ប្រជុំ​ស្តីពី ​"ការរៀបចំសាលារៀននៅជំរំក្នុងខេត្តបន្ទាយមានជ័យ" ដោយមានការចូលរួម​ពីសំណាក់​ឯកឧត្តម​លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។មុនឈានចូលដល់កិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើផែនការរៀបចំសាលារៀន​ក្នុងជំរំ​ខេត្ត​បន្ទាយ​មាន​ជ័យនា​ពេលនេះក្រុ​មការងារ​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​បាន​ចុះ​ពិនិត្យ​ផ្ទាល់​នៅ​ទីតាំង​ជាក់​ស្ដែង និងជួបសម្ភាសន៍ជាមួយគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធ​តាម​រយៈ​កម្រងសំណួរសម្ភាសន៍ ថតផ្តិតយករូបភាពសំខាន់ៗ និងរៀបចំ​របាយការណ៍​ជូន​ថ្នាក់ដឹក​នាំក្រសួងអប់រំ យុវជន និងកីឡា។កិច្ចប្រជុំបានពិនិត្យពិភាក្សាលម្អិតលើរបាយការណ៍នៃការខូចខាតក្រោយសង្គ្រាមជាមួយយោធាថៃ និងតម្រូវការជាក់ស្តែងដើម្បីរៀបចំសាលារៀននៅជំរំ និងបាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ប្រមូល​ធាតុ​ចូល​ដើម្បី​កែលម្អលើគម្រោងផែនការសាងសង់​សាលារៀ​ន​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ជំរំ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ និងការសាងសង់​កន្លែង​ប្រើប្រាស់​បណ្ដោះអា​សន្ន​ដើ​ម្បី​សម្រួល​ដល់​ដំណើរ​ការរៀន និង​បង្រៀនអំឡុងពេលសាងសង់អគារសិក្សាស្តង់ដារឹងមាំ។បន្ទាប់ពីបទ​បង្ហាញស្តីពីការរៀបចំសាលារៀននៅជំរំខេត្តបន្ទាយមានជ័យនិងកិច្ចពិភាក្សារួចមក ឯកឧត្តម​បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖-រៀបចំបង្កើតគណៈកម្មាធិការក្រុមការងារចំពោះកិច្ចដើម្បីជំរុញការងារនេះដោយរក្សារចនាសម្ព័ន្ធសាលារៀនគោលដៅនៅដដែល-ត្រូវបន្តយកចិត្តទុកដាក់លើកទឹកចិត្តនាយកនាយិកាសាលា និងលោកគ្រូអ្នកគ្រូនៅតំបន់ដែលរងផលប៉ះពាល់ដោយគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តតាមដានសភាពការណ៍បច្ចុប្បន្នភាពនៅតំបន់ព្រំដែន និងបន្តពង្រឹងកិច្ចសហការគ្នាឱ្យបានល្អប្រសើរ-ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងនៃការសាងសង់សាលារៀនសូមក្រុមការងារជំនាញសិក្សាឱ្យបានច្បាស់លាស់ពីចំនួនសិស្សនិងទំហំនៃការវិនិយោគឱ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល-ត្រូវចុះពិនិត្យផ្ទាល់ដល់ទីតាំងថ្មីដោយសហការឱ្យបានល្អជាមួយមន្ទីរអប់រំ យុវជន កីឡាខេត្ត អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍ និងម្ចាស់ជំនួយនានាដែលបានចូលរួមចំណែកក្នុងគម្រោងជួសជុលនិងសាងសង់សាលារៀនដែលខូចខាតឡើងវិញ។ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៅតាមតំបន់ព្រំដែនជាមួយប្រទេសថៃ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំផែនការស្តារសាលារៀនឡើងវិញដោយបែងចែកជាតំបន់ដែលនៅមានការហ៊ុមព័ទ្ធដោយយោធាថៃជាតំបន់ក្រហម និងតំបន់ផ្សេងៗទៀតដែលអាចចាប់ផ្តើមចូលទៅរៀបចំ និងស្តារឡើងវិញបានជាបណ្តើរៗដើម្បីធានាបានថាការអប់រំនៅតែបន្ត ជាពិសេសក្រសួងមានបំណងយកឱកាសនេះដែរដើម្បីអភិវឌ្ឍសាលារៀននៅតាមតំបន់ព្រំដែនឱ្យរឹងមាំ និងល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង ស្របតាមផែនការយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០៕

កសិករនៅស្រុកព្រៃនប់ ជោគជ័យលើការដាំស្ពៃក្រញាញ់ក្នុងផ្ទះសំណាញ់ ដែលផ្តល់ទិន្នផលខ្ពស់ និងទីផ្សារល្អ

2026/02/18 04:25:15 pm        101
ខេត្តព្រះសីហនុ៖ កសិកម្មតាមបែបបច្ចេកទេសទំនើបកំពុងបង្ហាញផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់កសិករនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាក់ស្តែងកាលពីថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបង្ហាញពីភាពជោគជ័យនៃមុខរបរដាំ ស្ពៃក្រញាញ់ នៅក្នុងផ្ទះសំណាញ់របស់កសិករក្នុងឃុំសាមគ្គី ស្រុកព្រៃនប់។តាមរយៈការដាំដុះប្រកបដោយបច្ចេកទេស កសិករបានរៀបចំការដាំដុះក្នុងផ្ទះសំណាញ់ដែលធានាបាននូវសុវត្ថិភាព និងគុណភាពបន្លែ ទំហំដីដាំដុះ៖ ចំនួន ៤រង (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ ក្នុងមួយរង) បរិមាណផល ក្នុងមួយរងអាចប្រមូលផលបានចន្លោះពី ៧០ ដល់ ៨៩ គីឡូក្រាម។ការដាំក្នុងផ្ទះសំណាញ់ជួយការពារបន្លែពីសត្វល្អិតចង្រៃ និងកាត់បន្ថយការប្រើប្រាស់ថ្នាំកសិកម្ម ដែលធ្វើឱ្យបន្លែមានតម្រូវការខ្ពស់។បច្ចុប្បន្ន ស្ពៃក្រញាញ់ដែលប្រមូលផលបាន កំពុងមានទីផ្សារល្អប្រសើរ ដោយលក់បានក្នុងតម្លៃ ២,៥០០ រៀល ក្នុងមួយគីឡូក្រាម។ តាមរយៈទិន្នផលដែលទទួលបាន កសិករអាចរកចំណូលបានសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងពង្រីកការដាំដុះបន្ថែមទៀតនាពេលខាងមុខ។ការអនុវត្តការដាំដុះក្នុងផ្ទះសំណាញ់នេះ មិនត្រឹមតែផ្ដល់ទិន្នផលខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងការផ្គត់ផ្គង់បន្លែសុវត្ថិភាពដល់ទីផ្សារក្នុងខេត្តព្រះសីហនុ៕ រូបភាព ៖ មន្ទីរកសិកម្ម ខេត្តព្រះសីហនុ

ជំនាញ ធីវ៉េត ផ្តល់ឱកាសច្រើនទាំងការស្វែងរកការងារ និងបើកអាជីវកម្មផ្ទាល់ខ្លួន

2026/02/18 04:21:47 pm        89
ក្រោមគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (ធីវ៉េត) ឥតគិតថ្លៃ និងខណៈដែលប្រទេសកម្ពុជា និងពិភពលោកកំពុងមានតម្រូវការធនធានក្នុងវិស័យនេះ ក្រុមយុវជនដែលកំពុងរៀនជំនាញ ធីវ៉េត បាននិយាយថា ពិតជាមានសារៈសំខាន់ខ្លាំងណស់ ព្រោះមានតម្រូវការខ្ពស់ក្នុងទីផ្សារការងារទាំងពេលបច្ចុប្បន្ន និងអនាគត។នៅក្នុងបទសម្ភាសន៍ជាមួយក្រុមយុវជនរៀនជំនាញផ្នែកបរិក្ខាត្រជាក់ នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ ពួកគាត់បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារចំណង់ចំណូលចិត្តផង និងស្រឡាញ់ជំនាញនេះផង ទើបសម្រេចចុះឈ្មោះដើម្បីមានជំនាញឱ្យបានត្រឹមត្រូវច្បាស់លាស់ ព្រោះរំពឹងចង់បានការងារមួយសមរម្យ ក្រោយពេលរៀនចប់។ក្រុមយុវជនទាំងនេះ បានលើកឡើងស្រដៀងគ្នាទៀតថា ដោយសម្លឹងមើលទីផ្សារការងារមានតម្រូវការខ្ពស់ពីជំនាញបរិក្ខារត្រជាក់ ទើបពួកគាត់មានចំណាប់អារម្មណ៍សិក្សាជំនាញនេះ។ ជាពិសេស ដោយសារការមើលឃើញអំពីបច្ចុប្បន្នភាព នូវការកើនឡើងអគារ និងលំនៅឋានជាដើម ដែលជាឱកាសដ៏ធំធេងណាស់ដើម្បីឆ្លើយតបតម្រូវការខ្វះខាត។ពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលជំនាញ ធីវ៉េតនេះ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥កន្លងទៅ តាមរយៈកម្មវិធីបណ្តុះបណ្តាល ១,៥លាននាក់ (TVET 1,5M) វិទ្យាស្ថានបានទទួលការចុះឈ្មោះពីសិក្ខាកាមនានា ដើម្បីរៀនជំនាញផ្សេងៗគ្នា ដូចជា៖ ជំនាញមេកានិកទូទៅ/មេកានិករថយន្ត វិស្វកម្មអគ្គិសនី និងបរិក្ខាត្រជាក់ជាដើម ចំនួនប្រមាណ ៤ ២០០នាក់។ លោកបានបញ្ជាក់ថា ដើម្បីធានាបាននូវគុណភាពបណ្តុះបណ្តាល វិទ្យាស្ថានបានធ្វើកិច្ចសហការប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស រួមមានក្រុមហ៊ុន សមាគម សហគ្រាស យានដ្ឋាន និងគ្រឹះស្ថានបណ្តុះបណ្តាលសរុបចំនួន១១០ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផងដែរ ។គិតត្រឹមដើមឆ្នាំ២០២៦នេះ តាមរយៈកម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M បានទទលការចុះឈ្មោះដើម្បីចំនួនជាង ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺននាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ កម្មវិធីបណ្តុះបណ្តាលជំនាញ ដោយឥតគិតថ្លៃនេះ រាជរដ្ឋាភិបាល បានកំណត់យកមុខជំនាញក្នុងវិស័យអាទិភាពចំនួន១០ រួមមាន៖ សំណង់ , អគ្គិសនីនិងថាមពល , បរិក្ខាត្រជាក់និងកម្តៅ ,ទេសចរណ៍ , មេកានិកទូទៅ/មេកានិករថយន្ត , សេវាកម្ម , កសិកម្ម និងកសិ-ឧស្សាហកម្ម , កម្មន្តសាល , អេឡិចត្រូនិច និងធុរកិច្ចនិងព័ត៌មានវិទ្យា៕អត្ថបទ៖ ឈិត បូរ៉ាវី

ប្រធានសមាគមធំៗអំពាវនាវដល់សហគ្រិនក្នុងស្រុកសិក្សាលទ្ធភាពលើការកែច្នៃផលិតជំនួសការនាំចូល

2026/02/18 04:19:53 pm        328
ប្រធានសមាគមធំៗចំនួនពីរ អំពាវនាវសហគ្រិនក្នុងស្រុក សិក្សាលទ្ធភាពលើការបង្កើត​ឧស្សាហ​កម្ម​កែច្នៃ និងការវេចខ្ចប់ចេញជា ផលិតផលសម្រេច ដើម្បីស្រូបយកផលដំណាំកសិកម្មផ្សេងៗ ជា​ពិសេសការកែច្នៃចេញជាគ្រឿងកំប៉ុង ខណៈសម្ទុះផលិតកម្មសត្វក្នុង ស្រុកកំពុងរីកចម្រើន។បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងក្នុងវេទិកាជំនួបសហគ្រិន​ជំរុញ​សេដ្ឋកិច្ច​ឆ្នាំ២០២៦ ថា ជុំវិញ កិច្ចដំណើរការអាជីវកម្មក្នុងស្រុកឃើញថា នៅក្នុងរយៈពេលចុង​ក្រោយ​នេះ មានសម្ទុះងើបឡើងយ៉ាងផុលផុសលើការកែច្នៃ ក្នុងនោះក៏ មានឧស្សាហកម្ម និង​សិប្បកម្ម​មួយចំនួនបាននិងកំពុងចាប់យកបច្ចេកវិទ្យា សម្រាប់ដំណោះស្រាយទីផ្សារ ស្រប​ពេល​ប្រជាជន​កម្ពុជា បានធ្វើពហិការ និងបានបង្កើតនូវគំរូអាជីវកម្មថ្មីផ្សេងៗគ្នា គាំទ្រដល់ទីផ្សារ​ក្នុងស្រុក ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល បង្កើតនូវ ផលិតផលថ្មីៗសម្រាប់ទីផ្សារ។បណ្ឌិតរូបនេះ បន្តថា ចំពោះផលិតផលកសិកម្មឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ កម្ពុជាបាន​នាំចេញ​កសិផលស្រស់មាន កំណើនឡើងជាលំដាប់។ បញ្ហានេះ, ឯកឧត្តម​បណ្ឌិតក៏​បាន​អំពាវ​នាវ​ដល់​សហគ្រិន​ក្នុងស្រុក សិក្សាលទ្ធភាពបន្ថែម លើគម្រោង វិនិយោគឧស្សាហកម្មកែច្នៃ ឬការវេច​ខ្ចប់​ចេញ​ជាផលិតផលសម្រេចផ្សេងៗ តាមរយៈការបង្កើតតម្លៃបន្ថែម និងការងារ ជាពិសេសការ ចូលរួម​ពង្រីងទីផ្សារក្នុងស្រុក ឱ្យមានផលិតផលកាន់តែសំបូរបែប ជំនួសទីផ្សារនាំចូល និងក៏​ជាការ​បង្កើត​ចលនានៃលំហូរសាច់ប្រាក់ ក្នុងស្រុកឱ្យកាន់តែធំឡើងៗ។ជុំវិញការកែច្នៃនេះដែរ, លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា លើកឡើង​ផង​ដែរ​ថា បច្ចុប្បន្នផលិតកម្ម សត្វនៅកម្ពុជាមានការីកចម្រើនគួរកត់សម្គាល់ ជាក់ស្តែងផលិតកម្មជ្រូកនិងមាន់បាននិងកំពុងកើនឡើង និងផ្គត់ផ្គង់ក្នុងទីផ្សារលើស តម្រូវការផងដែរ បញ្ហានេះលោកក៏បានអំពាវនាដល់វិនិយោគិនបរទេសក៏ដូចជាវិនិយោគិនក្នុងស្រុក ធ្វើការវិនិយោគក្នុងវិស័យឧស្សហ- កម្មកែច្នៃ ចេញជាផលិតផលសម្រេចផ្សេងៗដូចជា គ្រឿងកំប៉ុង សាច់ផាត់ ប៉ាតេ ប្រហិត ឬរោងចក្របង្កក់សាច់ជាដើម ខណៈផលិត ផលទាំងនេះ កំពុងមានតម្រូវការទីផ្សារក្នុងស្រុក ក្នុងនោះប្រសិនបើវិស័យនេះដំណើរកាន់តែប្រសើរ គឺមិនត្រឹមបង្កើតការងារប៉ុណ្ណោះ ទេ ថែមទាំងជួយដល់កសិករ តាមរយៈការផ្តល់វត្ថុធាតុដើម ដល់ឧស្សាហកម្មកែច្នៃចំណីសត្វផ្សេងៗផងដែរ។សូមបញ្ជាក់ថា ទាក់ទិនការកែច្នៃនេះ រាជរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការកែច្នៃចេញជាផលិតផលសម្រេចផ្សេងៗឱ្យបានច្រើន ជាពិសេសនៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានបន្តធ្វើទំនើបកម្មក្នុងវិស័យកសិកម្ម បង្កើនផលិតភាព ធ្វើពិពិធកម្ម អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម និងបង្កើនការនាំចេញជាដើម។ ក្រៅពីនេះគឺបន្តពង្រឹងសមត្ថភាពដល់កសិករ និងសហគមន៍កសិកម្ម ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់ការកែច្នៃផលិតផលកសិកម្ម និងបង្កើនផលិតភាពកែច្នៃផលិតផលកសិកម្ម ការ បន្តអនុវត្តវិធានការបច្ចេកទេស សំដៅធានាសុវត្ថិភាពអាហារ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងជាដើម រួមជាមួយបន្តគាំទ្រ ដល់ការ ចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងពាណិជ្ជកម្ម ក្នុងគោលដៅបង្កើនការផ្គត់ផ្គង់សាច់លើទីផ្សារ និងនាំចេញជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
05/01/2026 11:05 AM
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ក្នុងស្ថានភាពមិនប្រាកដប្រជាការកែទម្រង់គឺជាការចាំបាច់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច
05/01/2026 10:05 AM
ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តបាត់ដំបង សម្ពោធដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពផលិតជាងពីរដង
05/01/2026 10:05 AM
កម្ពុជាត្រៀមអនុវត្តពន្ធប្រាក់ចំណូលលើរូបវន្តបុគ្គល និងការអនុវត្តពន្ធលើចំណេញមូលធន
05/01/2026 10:05 AM
ការប្រឈមនឹងកំណើនយឺតជាសកលចេះតែកើនឡើង ខណៈសង្គ្រាមអ៊ីរ៉ង់ចូលដល់ខែទីបី
05/01/2026 10:05 AM
មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រឆាំងការបិទផ្លូវទឹករបស់អាមេរិក ដោយប្រកាសថា អ៊ីរ៉ង់ឥឡូវនេះគឺជាអ្នកកាន់ចង្កូតក្នុងវិបត្តិនេះ
05/01/2026 10:05 AM
អាមេរិក អនុម័តច្បាប់ដើម្បីបន្តការផ្តល់មូលនិធិដល់ក្រសួងសន្តិសុខមាតុភូមិ និងបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែក
05/01/2026 10:05 AM
CPL៖ ភ្នំពេញក្រោន និងបឹងកេត ត្រូវការឈ្នះ ឯអង្គរថាយហ្គឺរ រឹតតែចង់ឈ្នះព្រះខ័នរាជ ដើម្បី​ប្រជែង​កៅ​អីលេខ២
05/01/2026 10:05 AM
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកម្មករនិយោជិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ
05/01/2026 10:05 AM
កងទ័ពជើងទឹកនិងអាកាសរបស់ចិន ចេញល្បាតជិតតំបន់ថ្មប៉ប្រាស់ទឹក Scarborough ខណៈហ្វីលីពីន និងអាមេរិកធ្វើសមយុទ្ធ
05/01/2026 09:05 AM