សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា
សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ
សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ
រដ្ឋមន្រ្ដី៖ បរិមាណកុងតឺន័រឆ្លងកាត់ផែព្រះសីហនុកើនដល់ជាង ១,៣៤លាន TEUs ក្រោយអភិវឌ្ឍបង្កើនសមត្ថភាព

ព័ត៌មានជាតិ

មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺជូនពលរដ្ឋមិនសម្រាកនៅមន្ទីរពេទ្យជាង ២៤ម៉ឺនករណី

2026/02/18 02:36:51 pm        138
ឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។ការលើកឡើងរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆាំ្ន២០២៦ របស់មន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តមវេជ្ជបណ្ឌិត នាយកមនី្ទរពេទ្យកុមារជាតិ បន្តថា តាមគំរោងផែនការសកម្មភាពឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ ដោយមានការគំាទ្រជាគោលនយោបាយ  និងយុទ្ធសាស្ត្រយ៉ាងពេញលេញពីក្រសួងសុខាភិបាលដៃគូរអភិវឌ្ឍនានារួមជាមួយ នឹងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ទំាងមូលបានធ្វើអោយមន្ទីរពេទ្យកុមារជាតិ សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទនៈ និងសក្តិសមជា មន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការចូលរួមគំាទ្របច្ចេកទេសដល់ មន្ទីរពេទ្យកុមារជាតិនានានៅទូទាំងប្រទេស និងចូលរួមក្នុងការកាត់បន្ថយអត្រាមរណៈភាពកុមារ ទារក បានសមស្រប ទៅតាមគោលដៅដែលបានកំណត់ដោយក្រសួងសុខាភិបាល និងដោយមានការប្តេជ្ញាចិត្តខ្ពស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ មានបុគ្គលិកសរុបចំនួន ៧៩៩នាក់ ក្នុងនេះអត្រាភេទស្រី មានច្រើនជាភេទ ប្រុស ដោយភេទស្រីមាន ៤៧៣នាក់ ស្មើ ៦០% ភេទប្រុស ៣២៦នាក់ ស្មើ ៤០%។ មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៥ ទទួលប្រភេទអ្នកជំងឺដែលប្រើប្រាស់ សេវាមន្ទីរពេទ្យរួមមាន៖ - បង់ថ្លៃ មានចំនួន៥៦% - ប្រើប្រាស់ ប.ស.ស មានចំនួន ២៦% - មូលនិធិសមធម៌ មានចំនួន១៧% - មិនបង់ថ្លៃ (គ្មានលទ្ធភាព)១%។ ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាព លើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា 

កម្ពុជា រក្សាកំណើនជើងហោះហើរទ្វេទិសជាង១០ភាគរយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍

2026/02/18 02:36:27 pm        175
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅ​ក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុង​រង្វង់ជាង ១០ភាគរយ។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែល​បា​នប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សា​កំណើន​ជើង​ហោះ​ហើរ​បាន​ល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ មាន​ជើង​យន្ត​ហោះហើរ ចេញចូលជិត១០០០ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួល​ជើង​ហោះហើ​រទ្វេទិស ប្រមាណ៤០០ជើង និងខេត្តព្រះសីហនុ ប្រមាណ៧០ជើង។ឯកឧត្តម បានឱ្យដឹងបន្តថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចរចា និងព្រម ព្រៀង​ជា​មួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអង់គ្លេស សហការ​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានាទៀត រួមគ្នាផ្សព្វផ្សាយលក់សំបុត្រយន្តហោះ ដឹកជញ្ជូនអ្នកដំណើរ និង​ទេសចរ​ពី​ប្រទេស​អង់គ្លេស​មកប្រទេសកម្ពុជា ។អ្នកដំណើរអន្តរជាតិ បានលើកឡើងថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលនេះ គឺ​ហាក់មានភាពមមាញឹកខ្លាំង ក្នុងការទទួលជើងហោះចេញចូល។ អ្នកដំណើរទាំងនោះ បាន​សន្យា​ថា​នឹង​ជួយផ្សព្វផ្សាយពីកម្ពុជា ដែលមានទីតាំងទស្សនាច្រើន ពិសេសទិសដៅវិនិយោគ និង​ទេសចរណ៍​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាមដងទន្លេមេគង្គ ជា​ដើម​គឺមានសក្តានុពល និងមានសុវត្ថិភាពល្អប្រសើរ។របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ២០២៥ តាមអាកាសយដ្ឋាន អន្តរជាតិ​ធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត៧លាននាក់ កើន១៣​ភាគ​រយ ចំនួនជើងហោះហើរទេ្វទិសចេញចូលកម្ពុជា មានប្រមាណជាង៥៨០០០ជើង កើនឡើង​១១​ភាគរយ បើប្រៀបធៀបរយៈដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

អ្នកនាំពាក្យ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសាកលគឺកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា

2026/02/18 02:19:11 pm        211
ភ្នំពេញ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល គឺ​បាន​កើត​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ពោលគឺកម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបាន​នាំ​មក​នូវសន្តិភាពពេញលេញ និងការផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​ ៣​ទសវត្សរ៍​ចុង​ក្រោយ និងបន្តថែរក្សាសន្ដិភាពនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​បច្ចុប្បន្ន​។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃ ក្រុម​ប្រឹក្សា​សន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅឯវិទ្យា​ស្ថាន​សន្តិភាព​សហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៦​។ ឯកឧត្តម​បន្តថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​អាណត្តិ​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព ​ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ មេដឹកនាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ក៏​រំពឹង​ថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព ​និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូច​ជា​ក្នុង​ពិភពលោក។សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានគូសបញ្ជាក់ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់​ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាពសកលពីព្រោះកម្ពុជាមានសុឆន្ទៈ និងតែងតែប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្រឡាញ់​សន្តិភាព ហើយតែងតែគាំទ្រនិងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព​ជា​រៀង​រហូត​មក​ ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រ​អង្គការ​សហ​ប្រជាជា​តិ​ទៅ​បំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលមានសង្រ្គាម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា គុណត​ម្លៃ​សន្តិ​ភាព​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​កើត​ឡើងពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង​រប​ស់​ថ្នាក់​ដឹក​នាំ​នៃយើ​ង​ពោល​គឺ​កម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយ​បាន​នាំមកនូវសន្តិភាពពេញលេញ​និង​ការផ្សះផ្សា​រប​ង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​៣ទសវត្សរ៍​ចុង​ក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរ​ផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្ត​ឈរ​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សន្តិភាពនិងចាត់ទុកសន្តិភាពជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។ អ្នក​នាំ​ពាក្យបន្តថា លើសពីនេះកម្ពុជាតែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ក៏​ដូច​ជា​ក្នុងសាកលលោក ពោលគឺ ទីណាមានសកម្មភាពសន្តិភាព ទីនោះតែងតែមានការគាំទ្រ និង​កា​រ​ចូលរួមចំណែកពីកម្ពុជាដោយមិនចេះនឿយហត់។ នេះ​គឺជាហេតុផល​ដែល​ធ្វើ​ឱ្យពិភព​លោក​នឹក​ឃើញក​ម្ពុជាភ្លាមនៅពេលនិយាយពីសន្តិភាព។ ការអញ្ជើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋ​មន្ត្រី​កម្ពុជា​ឱ្យ​ចូល​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ពី​សំណាក់​ឯក​ឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងការសម្រេចចូល​រួម​របស់​កម្ពុជា​តាម​ការ​អញ្ជើញ​នេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់​ពីការទទួល​ស្គាល់​គុណ​តម្លៃ​សន្តិភាព​របស់​កម្ពុជា​និង​សុឆន្ទៈ​មិន​ចេះរី​ងស្ងួតរបស់កម្ពុជាក្នុងបុព្វហតុសន្តិភាពសាកល។ បើតាមឯកឧត្តម ប៉ែន បូណា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព​ពេលនេះនឹងធ្វើឱ្យគុណតម្លៃសន្តិភាព​របស់​កម្ពុជា​ត្រូវ​បានព​ង្រឹង និងពង្រីកថែមទៀតនៅលើឆាកអន្តរជាតិ។ ពិភពលោកនឹង​សម្លឹង​មើល​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅថា​ ជាប្រទេសដែលមានឆន្ទៈស្រឡាញ់និងការពារសន្តិភាពយ៉ាងពិតប្រាកដ។ បន្ថែម​ពី​លើ​នេះ កម្ពុជាក៏ជាប្រទេសដែលការពារច្បាប់​អន្តរជាតិ​យ៉ាងសកម្មតាម​រយៈ​ការ​បើក​ចំហ​យ៉ាង​ទូលំ​ទូលាយក្នុងដំណោះស្រាយបញ្ហាព្រំដែនដោយគោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់នូវអនុសញ្ញា សន្ធិ​សញ្ញា គោលការណ៍ និងច្បាប់អន្តរជាតិ។ឯកឧត្តមបន្តថា ជាក់ស្តែង លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បី​សុំឱ្យបារាំងពិចារណាផ្តល់ការប្រឹក្សាយោបល់ និងសម្រប​សម្រួល​ដល់​ការ​ប្រគល់​និង​ទទួល​ឯក​សារ​ប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃ សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​គោរព ​និងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងការចង់បាន​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​របស់​កម្ពុជា​។ អ្នកនាំពា​ក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់​សន្តិភាព​និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជា​ប្រកាន់​ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ចព្រមព្រៀង និងឯកសារពា​ក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជាមិន​ទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែន​ណាមួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំងនោះឡើយ៕

សភាកម្ពុជា ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនក្នុងឆ្នាំ២០២៦នេះ ដើម្បីពង្រឹងឥទ្ធិពល «ការទូតសភា» លើឆាកតំបន់ និងសកលលោក

2026/02/18 02:08:35 pm        182
ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការងារបច្ចេកទេសនិងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្មជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីពិនិត្យលើប្រតិទិនការងារ និងខ្លឹមសារនយោបាយសំខាន់ៗ។យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ   "ទស្សនទានគន្លឹះ" ដើម្បីធ្វើវិភាគទានដល់ការសម្រេចបាន នូវសុខដុមនីយកម្ម និងការរីកចម្រើនក្នុងគ្រួសារអាស៊ាន ដោយផ្ដោតលើការទាញយកផល ប្រយោជន៍ជាអតិបរមាពីយន្តការការទូតសភា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបំពេញតួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពីអាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។ ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននិងកំពុងបង្ហាញនូវសមត្ថភាពដឹកនាំដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ អន្តរជាតិ និងការចែករំលែកឧត្តមានុវត្តន៍ កម្ពុជាបានបញ្ជាក់ ពីចេតនាពិតប្រាកដក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាយប៉ា (AIPA) តាំងពីឆ្នាំ១៩៩៩ និងធ្លាប់បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួន ៣លើករួចមកហើយ។ សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦នេះ សភាកម្ពុជាបានត្រៀមលក្ខណៈក្នុងកម្មវិធីសរុបចំនួន ៣២ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ៕

ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

2026/02/18 01:24:10 pm        173
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។ គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។ គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។នាឱកាសនោះ ឯកឧត្ដម អ៊ូអិណុ បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។ជាមួយនឹងការថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុន ដែលជួយស្តារកិត្តិយស ជីវភាពរស់នៅ និងការទទួលបានការងារសមរម្យសម្រាប់អតីតពលករ លោកស្រី ស៊ាវយៀន ឈាន បានលើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណដល់ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕

សម្ដេចធិបតីប្រាប់រ៉យទ័រថា «ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាបន្ទាប់ពីបទឈប់បាញ់ ខណៈ​កម្ពុជា​ជំរុញ​ឱ្យ​កំណត់​ខណ្ឌសីមា​រួម»

2026/02/18 12:21:02 pm        328
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង​ប្រាប់​សារ​ព័ត៌​មាន​រ៉យទ័រ​កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា កងកម្លាំងថៃ កំពុង​តែកាន់​កាប់​ទឹក​ដី​របស់​កម្ពុជា ​បន្ទាប់ពីជម្លោះកាលពីឆ្នាំមុន បើទោះបី​ជា​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​សម្រប​សម្រួល​ដោយ​ផ្ទាល់​ពី​លោក​ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ហើយសម្ដេចបវរធិបតី បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​ថៃ អនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួម ចាប់ផ្តើម​ធ្វើ​ការ​លើ​ព្រំដែន​ដែល​មាន​ជម្លោះ​របស់​ភាគីទាំងពីរ។នៅក្នុងបទសម្ភាសន៍លើកដំបូងជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ សម្ដេចធិបតី មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹង​ប្រែង​ធ្វើ​ការ​ដើ​ម្បី​ដោះ​ស្រាយ​មណ្ឌល​ឆបោក​តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត ​ដែលរីករាលដាលនៅក្នុងប្រទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអញ្ជើញទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​របស់លោក ត្រាំ ក្នុងសប្តាហ៍នេះ ហើយសម្ដេចបានមានប្រសាសន៍ថា សម្ដេច​សង្ឃឹម​ថា ​ស្ថាប័នថ្មីនេះអាចដើរតួនាទីក្នុងការបន្ធូរបន្ថយស្ថានការណ៍នៅតាមព្រំដែន ដែល​សម្ដេច​​បាន​ពិពណ៌នាថាមានភាព «ផុយស្រួយ» ទោះបីជាមានបទឈប់បាញ់ខែធ្នូ ដែល​បាន​បញ្ចប់​ការ​ប្រយុទ្ធគ្នាជាថ្មីនោះក៏ដោយ។សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាសន្តិភាពនេះ ត្រូវបានបង្កើត​ឡើង​ដើម្បី​ត្រួត​ពិនិត្យ​ផែន​ការ​សន្តិភាព​តំបន់​ហ្កាហ្សា ប៉ុន្តែលោក ត្រាំ បានមានប្រសាសន៍ថា ស្ថាប័ននេះ​ក៏​អាច​ដើរ​តួនាទី​កាន់​តែ​ទូលំ​ទូលាយ​។សម្ដេចធិបតី បានថ្លែងប្រាប់សារព័ត៌មានរ៉យទ័រថា៖ «យើងនៅតែមានកងកម្លាំងថៃ ដែល​កំពុង​កាន់​កាប់​ចូល​ជ្រៅ​ចូល​ទៅ​ក្នុង​ទឹកដីរបស់កម្ពុជា នៅក្នុងតំបន់ជាច្រើន។ នេះ​គឺ​ហួស​ឆ្ងាយ​ពី​ការ​អះអាង​ជា​ឯកតោភាគីផ្ទាល់របស់ថៃទៅទៀត... លើខ្សែបន្ទាត់ព្រំដែន»។សម្ដេច​មាន​ប្រសាសន៍ថា កងទ័ពថៃបានដាក់ទូកុងតឺន័រ និងរាយបន្លា​លួស​នៅ​ខាង​ក្នុង​អ្វី​ដែល​ថៃ​បាន​ទទួល​ស្គាល់​ជាយូរមកហើយថាជាទឹកដីរបស់កម្ពុជា ហើយ​អ្នក​ស្រុក​មិន​អាច​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួក​គេវិញបាន។ សម្ដេចមានប្រសាសន៍ថា៖ «នេះមិនមែនជាការចោទប្រកាន់ទេ ប៉ុន្តែ​នេះ​គឺ​ជា​សេចក្តីថ្លែងការណ៍នៃការពិតជាក់ស្ដែងនៅទីតាំងនោះ»។សម្ដេចធិបតីបានបន្តថា កម្ពុជាមិនអាចទទួលយកនូវអ្វីដែលសម្ដេចហៅថា «ការ​រំលោភ​បំពាន​លើ​អធិប​តេយ្យ​ភាព ឬបូរណភាពទឹកដីរបស់កម្ពុជាបានឡើយ»។សម្ដេចធិបតីមានប្រសាសន៍ថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់រឿងនោះ គឺ​ការ​ប្រើ​ប្រាស់​យន្ត​ការ​បច្ចេកទេសដែលយើងមាន ដោយផ្អែកលើសន្ធិសញ្ញានានា ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ដែល​យើងមាន។ ដូច្នេះ យើងសង្ឃឹមថាប្រទេសថៃនឹងយល់ព្រម ហើយចាប់​ផ្តើម​អនុញ្ញាត​ឱ្យ JBC (គណៈកម្មការព្រំដែនរួម) ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។សម្ដេចបានបន្ថែមថា ប្រទេសថៃ បានលើកយកការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈរបស់ខ្លួន ថា​ជា​ហេតុ​ផល​មួយ​ដែល​មិនអាចចាប់ផ្តើមការងារខណ្ឌសីមាព្រំដែនបាន។ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆាន​វីរៈគុល បានប្រើប្រាស់បញ្ហាជាតិនិយមជាដើមទុនក្នុងការបោះឆ្នោត បន្ទាប់ពីជម្លោះព្រំដែន។សម្ដេចធិបតី មានប្រសាសន៍ថា៖ «ឥឡូវនេះ ការបោះឆ្នោតធ្វើឡើងរួចរាល់ហើយ យើងសង្ឃឹមថា ប្រទេស​ថៃ​អាច​ចាប់ផ្តើម យ៉ាងហោចណាស់នៅកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់​ផ្តើម​ខណ្ឌ​សីមានៅក្នុងតំបន់ក្តៅ ដើម្បីឱ្យយើងអាចបន្តជីវិតប្រចាំថ្ងៃវិញបាន»។គួរ​រម្លឹកថា ការប្រយុទ្ធដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយទសវត្សរ៍ ដែល​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ខែ​កក្កដា ​និងខែធ្នូ ឆ្នាំ២០២៥កន្លងទៅ បានបង្ខំឱ្យមនុស្សរាប់សែននាក់ត្រូវរត់ភៀសសឹក និង​បាន​រំខាន​ដល់​ពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងភាគីទាំងពីរ៕

វិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ កំពុង​មានតម្រូវ​ការ​កម្លាំង​ពលកម្ម​ជំនាញ​រាប់​ពាន់​កន្លែង

2026/02/18 11:58:06 am        168
វិស័យ​សេវាកម្ម ជាពិសេសវិស័យទេសចណ៍នៅកម្ពុជា កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​រាប់​ពាន់​កន្លែង​នា​​ពេលនេះ ខណៈអ្នកប្រកបរបរ ក្នុងវិស័យនេះ ក៏កំពុងត្រូវការបុគ្គលិកជំនាញជាចាំបាច់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹងកំណើនភ្ញៀសទេសចរ និងតម្រូវការទីផ្សារ។លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ បានប្រាប់ BTVថា រាជរដ្ឋាភិបាល​កម្ពុជា បានទទួលស្គាល់សក្ដានុពលនៃឧស្សាហកម្មទេសចរណ៍ថា ជាប្រភពនៃ​កំណើន​សេ​ដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមមានការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ។ ហើយ​វិស័យបដិសណ្ឋារកិច្ច គឺជាវិស័យសេវាកម្មដែលផ្តោតលើការផ្តល់ភាពកក់ក្តៅ ការស្នាក់នៅ ការ​ហូបចុក និងការកម្សាន្តជូនភ្ញៀវទេសចរ។ វិស័យនេះ រួមមាន សណ្ឋាគារ និងការស្នាក់នៅ, ភោជនីយ​ដ្ឋាន និងសេវាកម្មម្ហូបអាហារ ជាដើម។ លោកបន្តថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានតម្រូវការកម្លាំងពលកម្មប្រមាណ ៣ពាន់​នាក់ ហើយឱកាសការងារនៅមានជាច្រើនកន្លែងទៀត។ គិតត្រឹមខែមករា ឆ្នាំ ២០២៦នេះ ក្រសួង​ការងារ បានបណ្តុះបណ្តាលជំនាញដល់សិស្សបានចំនួន ៣ម៉ឺននាក់ (ស្រី្តជាង ២ពាន់​នាក់​) ​នៅក្នុងវិស័យទេសចរណ៍។ ក្នុងចំណោមនោះ សិស្សបញ្ចប់ការសិក្សាមានចំនួនជាង ១ម៉ឺន​នាក់ និងអ្នកទទួលបានការងារធ្វើមានប្រមាណជា ៧ពាន់ ៦រយនាក់។ចំណែកលោកស្រី ជា ម៉ា ឡែន ម្ចាស់ភោជនីយដ្ឋាន «ល្បាប់» បានពន្យល់ថា វិស័យនេះ​ត្រូវ​ការ​បុគ្គលិក​ជំនាញ​ជាចាំបាច់ ដែលជាផ្នែកមួយ​នៃ​ការ​ទាក់​ចិត្ត​អតិថិជន​មក​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋានរបស់លោកស្រី។ ដោយសារលោកស្រី មានបទពិសោធន៍​លើ​វិស័យ​បដិ​សណ្ឋារ​កិច្ច​ប្រ​មាណ​១០ឆ្នាំ សម្រាប់បុគ្គលិកនៅ«ល្បាប់» គឺភាគច្រើនទទួល​បាន​ការ​បណ្តុះ​បណ្តាល​បន្ថែម​ពី​លោក​ស្រី​ផ្ទាល់។សូមបញ្ជាក់ថា គិតមកដល់ពេលនេះ វិស័យសេវាកម្ម មានសហគ្រាសជាង ៣ម៉ឺន ៨ពាន់​សហ​គ្រាស​ បាននិងកំពុងផ្តល់ការងារសរុបប្រមាណ ៦៦ម៉ឺននាក់។ ដោយឡែក ក្នុងផ្នែក ភោជនីយ​ដ្ឋាន ​និងផ្ទះសំណាក់ មានសហគ្រាសប្រមាណ ៥ពាន់ ៥រយ សហគ្រាស បានផ្តល់​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ប្រមាណ ៩ម៉ឺននាក់។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះប​ណ្តាល​វិជ្ជា​ជីវៈ​៕ អត្ថបទ៖ ធូ វិរៈ

ភ្ញៀវទេសចរជិត ៣ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងថ្ងៃទី១​នៃ​បុណ្យចូល​ឆ្នាំថ្មី​ប្រពៃណី​ចិន

2026/02/18 11:43:01 am        139
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត៣ម៉ឺននាក់ បានមកសម្រាកលម្ហែនៅខេត្តកំពត ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម។ ភ្ញៀវជាតិ និងអន្តរជាតិថាខេត្តកំពតស្អាត សម្បូរ​កន្លែងដើរលេង សេវាកម្មល្អ តម្លៃសមរម្យ សន្តិសុខសណ្តាប់ និងសុវត្ថិភាពល្អ អនាម័យ​ស្អាត​ ខណៈដែលមន្ត្រីជំនាញថាចូលឆ្នាំចិនថ្ងៃទី១នេះ ភ្ញៀវកើនឡើងជាងឆ្នាំមុន។ ទេសចរ​ជាតិ អន្តរជាតិ និងក្រុមនិស្សិតខេត្តកំពត បានប្រាប់ឲ្យដឹងថា ទោះកម្ពុជា​មាន​បញ្ហា​ព្រំដែន​ក៏​ពិត​មែន​ ប៉ុន្តែសម្រាប់ការអភិវឌ្ឍន៍នៅតែបន្ត លំហូរភ្ញៀវកាន់តែល្អឡើង ពិសេស​ខេត្ត​កំពត​ក្រោម​ការ​ដឹក​នាំរ​បស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន សមិទ្ធផលទេសចរណ៍ថ្មី​ៗ​ជា​ច្រើន​បាន​លេច​ចេញ​រូបរាងជាបន្តបន្ទាប់ ធ្វើឲ្យទេសចរមកលេងកាន់តែច្រើន។ ជាក់ស្តែងក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជនជាតិចិនថ្ងៃទី១នេះ ភ្ញៀវបានមកលេងក្រុងកំពតច្រើន ពិសេសភ្ញៀវបរទេស ថា​ ពួក​គេ​រីករាយណាស់ដែលបានមកដល់កម្ពុជា ពិសេសខេត្តកំពត ពួកគេមិនព្រួយ​បារម្ភ​រឿង​សុវត្ថិភាព​នោះ​ទេ ទោះកម្ពុជាមានជម្លោះព្រំដែនជាមួយថៃក៏ដោយ។ប្រធានមន្ទីរទេសចរណ៍ លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថានៅថ្ងៃទី១ នៃពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជនជាតិចិន វៀតណាម ភ្ញៀវទេសចរជាតិ អន្តរជាតិ និងបងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើ​ដំណើរ​កម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និង​ក្រុង​កំពត​សរុប​ចំនួន​២៩ ៨៧៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៥៤៣នាក់។ លោកបានបញ្ជាក់ថា ចំនួន​ភ្ញៀវ​ថ្ងៃទី១នេះ កើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែ១ ៧០០០នាក់ប៉ុណ្ណោះ។ លោកបានបញ្ជាក់ដែរថា ជាទូទៅពេលមានបុណ្យទាន ក្រុមការងា​រ​មន្ទីរ​តែង​តែ​បាន​ចុះ​តាម​រមណីយ​ដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ និង សេវា​ស្នាក់​នៅ ទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរទេសចរណ៍ ផ្តោតសំខាន់​លើ​ការងារ​បដិ​សណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព តម្លៃសេវាកម្មជាដើម ធ្វើយ៉ាងណា​ដើម្បី​រក្សា​បាន​នូវ​សេចក្តី​ថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពត តទៅថ្ងៃមុខទៀត៕

សម្ដេចតេជោ ហ៊ុន សែន ផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ខណៈមេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុនពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់

2026/02/18 11:07:29 am        216
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានផ្ញើសារផ្ដាំសួរសុខទុក្ខអតីតនាយករដ្ឋមន្រ្ដីសិង្ហបុរី លី សៀនឡុង និងអតីតមេដឹកនាំផ្សេងទៀត ដោយសម្ដេចបានរម្លឹកថា មេដឹកនាំអាស៊ានកាលពី១០ឆ្នាំមុនពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់។ការផ្ញើសារផ្ដាំសួរសុខទុក្ខរបស់សម្ដេចតេជោ នាពេលនេះ បន្ទាប់ពីបានទទួលរូបថតមួយសន្លឹក ដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026)។ សម្ដេចតេជោ បានសរសេរថា៖«ខ្ញុំទទួលបានរូបថតមួយសន្លឹកដែលឯកឧត្តម លី សៀនឡុង អតីតនាយករដ្ឋមន្ត្រីសិង្ហបុរីបង្ហោះរំលឹកខួប១០ឆ្នាំនៃការប្រជុំអាស៊ាន-អាមេរិក(17.2.2016.17.2.2026) ដែលអតីតប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាធ្វើជាម្ចាស់ផ្ទះ»។សម្ដេចតេជោបានថ្លែងថា៖«ខ្ញុំនៅចាំបានថាពេលនោះឯកឧត្តម លី សៀនឡុងជាអ្នកថត និងបង្ហោះលើគណនីFacebook របស់គាត់។ និយាយតាមត្រង់ពេលនោះ មេដឹកនាំអាស៊ានពិតជាមានការស្រឡាញ់រាប់អានគ្នាខ្លាំងណាស់»។សម្ដេចតេជោ បានលើកឡើងថា ក្នុងចំណោមនាយករដ្ឋមន្ត្រីទាំង៤នាក់នេះខ្ញុំមានអាយុតិចជាងគេនិងឯកឧត្តម ថោង លន់(ឡាវ) អាយុច្រើនជាងគេ។សម្ដេចបានផ្តាំសួរសុខទុក្ខថ្នាក់ដឹកនាំទាំង៣រូបនិងសូមអរគុណឯកឧត្តម លី សៀនឡុង ដែលបានចែករំលែក រូបថតនេះដល់សម្ដេច និងមេដឹកនាំបណ្ដាប្រទេសដទៃទៀត៕

ភ្ញៀវទេសចរយ៉ាងច្រើនកុះករ អញ្ជើញមកដើរលេងកម្សាន្ត សប្បាយនៅខេត្តបាត់ដំបង ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម

2026/02/18 11:00:32 am        165
បាត់ដំបង៖ ថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំចិន ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ មានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានដើរលេងកម្សាន្តសប្បាយរីករាយនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។បើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ភ្ញៀវដែលមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបងក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦មានចំនួនសរុប ៣៣,២៤៧ នាក់ក្នុងនោះភ្ញៀវទេសចរជាតិស្នាក់នៅ ៤,០២៥ នាក់ ប្រជាពលរដ្ឋដើរលេងវិលល្ងាច ២៨,៧៨៥ នាក់និងភ្ញៀវទេសចរអន្តរជាតិ ៤៣៧នាក់។ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងលើកសរសើរពីសក្ដានុពលដ៏សំបូរបែបនៃវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង ជាពិសេសម្ហូបអាហារមានរសជាតិឆ្ងាញ់។ភ្ញៀវទេសចរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមអញ្ជើញមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងឱ្យបានច្រើនកុះករក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិន។សូមជម្រាបថា ខេត្តបាត់ដំបង គឺជាទឹកដីដ៏ស្រស់ប្រិមប្រិយមានទាំងរមណីយដ្ឋានបែបប្រវត្តិសាស្រ្ត វប្បធម៌ ប្រពៃណី សិល្បៈ ម្ហូបអាហារ និងមានគោលដៅទេសចរណ៍សរុបចំនួន១១៥កន្លែងក្នុងនោះរួមមាន៖ រមណីយដ្ឋានទេសចរណ៍ចំនួន២២កន្លែង  សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន៤កន្លែង តំបន់គោលដៅទេសចរណ៍ចំនួន៥៤កន្លែង សារមន្ទីរចំនួន២កន្លែង ទេសចរណ៍បែបសាសនាចំនួន២៩កន្លែង និងគោលដៅកសិទេសចរណ៍ចំនួន៤កន្លែង។ដើម្បីបង្កលក្ខណៈសប្បាយរីករាយប្រកបដោយសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកទស្សនាកម្សាន្តនៅខេត្តបាត់ដំបងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធចុះសម្របសម្រួលការរៀបចំសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងធានាសន្តិសុខសុវត្ថិភាពជូនភ្ញៀវផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Kobbie Mainoo បន្តកុងត្រាថ្មីជាមួយ Manchester United ដល់ឆ្នាំ ២០៣១
05/01/2026 01:05 PM
Ashley Young សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ក្នុងវ័យ ៤០ ឆ្នាំ
05/01/2026 01:05 PM
សម្ដេចធិបតី ស្នើជប៉ុនបន្តជួយអភិវឌ្ឍហេដ្ឋាចរនាសម្ព័ន្ធ ឡូជីស្ទិក និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា
05/01/2026 12:05 PM
អ៊ុយក្រែន បន្តវាយប្រហារដោយយានដ្រូនលើកំពង់ផែ Tuapse របស់រុស្ស៊ី ជាលើកទីបួន
05/01/2026 12:05 PM
ក្រសួងអប់រំ ចង់ឃើញការប្រែប្រួលនៃកីឡាសិស្សបឋមសិក្សា សម្រាប់ជាប្រយោជន៍​ដល់​ការ​អភិវឌ្ឍ​កីឡាជាតិ
05/01/2026 12:05 PM
សម្តេចធិបតី៖ ក្រុមហ៊ុនចូលទៅវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស គឺមិនចាំស្នើសុំ EIA ម្ដងទៀតនោះទេ
05/01/2026 12:05 PM
សម្តេចធិបតី៖ ការបញ្ជូនក្មេងទំនើងទៅធ្វើការនៅសមរភូមិមុខ គឺមិនមែនបង្កើតច្បាប់ថ្មី ឬកាន់កាំភ្លើងទេ
05/01/2026 12:05 PM
សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ អាចបង្ហាញថាមានភាពធន់ទៅនឹងការបិទផ្លូវទឹករបស់លោក Trump
05/01/2026 12:05 PM
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី
05/01/2026 12:05 PM
ស្ថានទូតអ៊ីរ៉ង់ ច្រានចោលដែលថាខ្លួនជាប់ពាក់ព័ន្ធជាមួយ «សកម្មភាពហិង្សា និងឧបទ្ទវហេតុ» នៅអង់គ្លេស
05/01/2026 11:05 AM