អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
គណបក្សប្រជាជនកម្ពុជា បានទទួលសមាជិកថ្មីជិត១ ០០០នាក់ នៅសង្កាត់រការធំ ខេត្តកំពង់ស្ពឺ
ក្រសួងទេសចរណ៍បើកយុទ្ធនាការ ទស្សនាកម្ពុជានៅរដូវកាលបៃតងឆ្នាំ ២០២៦

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជន​ពលី​ក្នុង​សង្គ្រាមការពារបូរណភាពទឹកដី នៅខេត្តសៀមរាប

2026/02/15 01:26:50 pm        137
នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅឯខេត្តសៀមរាបលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត ​បានបន្តអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណ​ក្ខន្ធ​វីរយុទ្ធជន​ពលី​ក្នុង​សង្គ្រាម​ការ​ពារ​បូរណ​ភាព​ទឹក​ដី​។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍​ចូលរួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ​រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុម​គ្រួសារ​នៃ​សព​ផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាគ្រែពេទ្យសម្រាប់សម្រាក ថវិកា សម្ភារៈប្រើប្រាស់ ស្បៀង​អាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រ​ទ្រង់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​៕

៤ឆ្នាំចុងក្រោយនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចម្រាញ់មាសបាន ១៨តោន ខណៈ​រ៉ែផ្សេងៗ​កំពុង​ក្លាយ​ជាប្រភពចំណូលថ្មី

2026/02/15 01:21:16 pm        201
គិតត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាស​បាន​ប្រមាណ ១៨តោន ដោយវិស័យនេះកំពុងដើរយ៉ាងសំខាន់ ខណៈ​ដែល​វិស័យ​រ៉ែ​ផ្សេង​ៗ​ទៀត ​បាននិងកំពុងជាប្រភពចំណូលថ្មីរបស់ជាតិ តាមរយៈការបង្កើន ចំណូលចូលថវិកាជាតិ និង​ការ​បង្កើតការងារជូនប្រជាពលរដ្ឋជាដើម។  ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល លើក​ឡើង​នៅ​ក្នុង​ពិព័រណ៍ផលិតផល រ៉ែឆ្នាំ២០២៦ នេះថា ជុំវិញវិស័យរ៉ែនេះ កម្ពុជាកំពុង​ទទួល​បាន​ការ​ធ្វើ​អាជីវកម្ម​ធន​ធានរ៉ែគ្រប់ប្រភេទរួមមាន រ៉ែមាស រ៉ែដែក ស៊ីម៉ងត៍ ថ្មសំណង់ ថ្មអារ ខ្សាច់ ដីក្រហម អាចម៍ដី និងរ៉ែផ្សេងៗទៀត ក្នុងនោះគិតត្រឹមបំណាច់ឆ្នាំ២០២៥, វិស័យនេះ​មាន​ទុន​វិនិយោគ​សរុបជិត ៣ពាន់លានដុល្លារអាម៉េរិក និងបានបង្កើតការងារដោយផ្ទាល់ប្រមាណ ១២ពាន់កន្លែង ដោយ​ប្រជាពលរដ្ឋខ្មែរប្រមាណ ១១ ពាន់កន្លែង ស្មើនឹង ៩៥%។ចំណែកទាក់ទិនចំណូលវិញ, កម្ពុជាបានប្រមូលចំណូលមិនមែន​សារ​ពើ​ពន្ធ​ពី​វិស័យ​រ៉ែ​នៅ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយនេះ មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះការប្រមូល​ចំណូល​ពី​វិស័យ​នេះ ​បានកំណើនពីជាង ១៣ លានដុល្លារអាម៉េរិក នៅក្នុងឆ្នាំ ២០១៦ ដល់ជាង ១៣៥ លាន​ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៥ ខណៈដែលរ៉ែមាសបាននិងកំពុងលេចធ្លាជាងគេ ជាក់​ស្តែង​គិត ត្រឹមរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនដែលធ្វើអាជីវកម្មចម្រាញ់រ៉ែមាសនៅកម្ពុជា ចម្រាញ់​មាសបានប្រមាណ ១៨ តោន ពោល គឺវិស័យរ៉ែ បានចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ដែលបានលើកកម្ពស់ខឿនសេដ្ឋកិច្ចក្លាយជាប្រភពចំណូលថ្មីរបស់ជាតិ។ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងថា ប្រតិបត្តិការធនធានរ៉ែ បាន​ចូល​រួម​ចំណែក​អភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន តាមរយៈមូល​និធិ​រ៉ែសម្រាប់​ទ្រទ្រង់​កិច្ច​អភិវឌ្ឍន៍​សហគមន៍​មូលដ្ឋាន ដែលផ្ដួចផ្ដើមបង្កើតឡើងដោយក្រសួងរ៉ែ និង ថាមពល ក្នុងគោលបំណង​បង្កើត​ឱ្យ​មានសុខដុមនីយកម្មក្នុងតំបន់ប្រតិបត្តិការធនធានរ៉ែ ក្នុងនោះចាប់ពីឆ្នាំ២០១៥ រហូត​ដល់​ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន មានចំនួន ១១៧ គម្រោង (រួមមាន​សាលា​រៀន​ ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ អណ្ដូង​ទឹក​ជា​ដើម​)។ គម្រោងទាំងនេះត្រូវបានអនុវត្តបញ្ចប់តាមបណ្តាឃុំ/សង្កាត់ ដែលមានប្រតិបត្តិការ​ធន​ធាន​រ៉ែ​ទូទាំង​ប្រទេស និងគម្រោងចំនួន២០ កំពុងបន្តអនុវត្តដែលប្រើប្រាស់​ថវិកា​មូល​និធិ​រ៉ែ​ប្រមាណ ​១០ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ សុន រ៉ាឌី

យប់នេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី នឹងអញ្ជើញដឹកនាំ​គណៈ​ប្រតិភូ​កម្ពុ​ជា​ទៅ​ចូលរួម​កិច្ច​ប្រជុំ​លើក​ដំបូង​របស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប

2026/02/15 01:08:25 pm        329
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែល​នឹង​ប្រព្រឹត្ត​ទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្រប​តាម​សេចក្តី​សម្រេច​របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័ត​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការ​កសាង​ឡើង​វិញ នៅតំបន់ហ្គាហ្សា។ ជាមួយគ្នានេះដែរ មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សា គ្នាយ៉ាង​ទូលំ​ទូលាយ​អំពី​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ក្នុងអំឡុង​ពេល​ស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយ ឥស្សរជន​សហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់​គ្នា​លើ​ការ​ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ សម្តេចធិបតី​នាយករដ្ឋមន្ត្រី ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទី​ក្រុងហ្សឺណែវ និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធ​សំខាន់​ៗ ​ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕

រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី កងទ័ព​ជួរមុខ និងពលរដ្ឋភៀសសឹក

2026/02/15 12:53:24 pm        197
រាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងយកចិត្តទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះក្រុមគ្រួសារវីរយុទ្ធជន និងវីរនគរបាលពលី រងរបួស វីរយុទ្ធជនកំពុងឈរជើងនៅជួរមុខ និង​ពលរដ្ឋកំពុងភៀសសឹក។ នេះបើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាម​រយៈសន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី ​នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៦ បានចុះជួប​សំណេះសំណាល​សាក​សួរ​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ​ភៀស​សឹកចំនួន១.២៤៨គ្រួសារ មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលកំពុងស្នាក់​នៅ​មណ្ឌល​សុវត្ថិភាពក្នុងបរិវេណវត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និង​ប្រជា​ពលរដ្ឋ​ភៀសសឹកចំនួន៣០០ គ្រួសារផ្សេងទៀត មកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ក៏​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​គ្រួសារ​វីរកងទ័ព វីរកងរាជអាវុធហត្ថ និងវីរកងនគរបាលជាតិ ដែលបានពលី​ជីវិតក្នុ​ង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី​សរុបចំនួន១៨គ្រួសារមកពីខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២៦ លោក​ជំទាវបណ្ឌិតក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និង​ប្រគល់​ផ្ទះ​ជូន​គ្រួសារ​វីរយុទ្ធជនពលី​ក្នុង​ខេត្តសៀ​មរាប បន្ទាប់ពីបានអញ្ជើញប្រគល់ផ្ទះថ្មីជូន គ្រួសារវីរកងទ័ពពលី​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ​កំពង់ចាម និងខេត្តកណ្តាលជាដើម។ លោកជំទាវបណ្ឌិតក៏បាននាំយកអំណោយជាច្រើន មាន​ដូចជា៖ ថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុម​គ្រួសារ​នៃ​សពដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃ ក៏ដូចជាការ​ផ្តល់​ជូន​ជម្រក​សម​រម្យ​ដល់​ពួក​គេ។​ នៅចំពោះមុខពលរដ្ឋភៀសសឹក សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​គ្រប់​មធ្យោបាយដើម្បីបញ្ជៀសការផ្ទុះសង្គ្រាមឡើងវិញ និងខិតខំរៀបចំ​ការ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ដល់​បងប្អូន អ៊ំពូមីង តាយាយដែលត្រូវចាកឆ្ងាយពីលំនៅដ្ឋាន ហើយមិនទាន់​អាច​ត្រឡប់​ទៅ​វិញ​ក្នុងពេលនេះ។ រាជរដ្ឋាភិបាលជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់បងប្អូនឱ្យកាន់តែល្អប្រសើរទាំងសុវត្ថិភាពនិង​បរិស្ថានស្អាត ដោយមិនបោះបង់ប្រជាពលរដ្ឋណាម្នាក់នោះទេ ពោលគឺ "សុខទុក្ខ​របស់​ប្រជា​ពលរដ្ឋ ​គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទូទាំងប្រទេស"។ នៅចំពោះ​មុខ​គ្រួសារយុទ្ធជនពលី សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បំផុតចំពោះវីរភាពរបស់យោធិនពលី ហើយសូមចងចាំ និងដឹងគុណបំផុត​ចំពោះ​ការ​លះប​ង់​ដើម្បីបុព្វហេតុការពារជាតិ។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចបវរធិបតី បានថ្លែង​អំណរ​គុណ​ដល់​ក្រុមគ្រួសារវីរយុទ្ធជនពលីទាំងអស់ ដែលបានចូលរួម​ចំណែក​យ៉ាង​សកម្មជា​មួយ​ជាតិ​តាម​រយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនដែលជាសមាជិកគ្រួសារ និងផ្តល់វីរភាពដ៏ល្អ ស្មោះ​ត្រង់ និងឆន្ទ:ដ៏មុះមុតដើម្បីជាតិនិងប្រជាជនកម្ពុជា។ គុណូបការៈទាំងនេះ ពិតជាមា​ន​តម្លៃ​លើ​ស​អ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជា​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​និង​គ្រប់​ជំនាន់។ ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បាន​ដាក់​ចេញ​គោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា​៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់​អាហា​រូបករណ៍​ដល់​កូន​ៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការ​ដោះ​ស្រាយ​បំណុល​ជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានកា​រ​គិត​គូរ​រហូត​ដល់​ការ​បង្កើត​ជាមូ​លនិ​ធិស​ម្រាប់​ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។ ចំណែកឯប្រជាពលរដ្ឋភៀសសឹកវិញត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជួយផ្គត់ផ្គង់គ្រប់បែបយ៉ាង ទាំងជម្រកស្នាក់នៅ ការការពារសន្តិសុខ សុវត្ថិភាព ការផ្គត់ផ្គង់ស្បៀងអាហារ ទឹកស្អាតសម្រាប់ទទួលទាននិងប្រើប្រាស់ ភ្លើងអគ្គិសនី បន្ទប់ទឹក បង្គន់អនាម័យ ផ្តល់សេវាសុខាភិបាលនៅនឹងកន្លែង និងសេវាអប់រំសម្រាប់កុមារតាមរយៈការរៀបចំថ្នាក់រៀនបណ្តោះអាសន្ននៅក្នុងមណ្ឌល កម្មវិធីអប់រំផ្លូវចិត្តតាមរយៈព្រះពុទ្ធសាសនា និងមានទាំងការរៀបចំសួនបន្លែក្នុងមណ្ឌលភៀសសឹកដើម្បីដាំបន្លែសម្រាប់ប្រើប្រាស់ក្នុងមណ្ឌលថែមទៀតផង។ បំណុលដែលពួកគេជំពាក់ស្ថាប័នមីក្រូហិរញ្ញវត្ថុក៏ត្រូវបានជួយសម្រួល។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រយៈពេលចុងក្រោយនេះ សកម្មភាពដ៏លេចធ្លោជាងគេរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត គឺ​ការ​ផ្តោត​យក​ចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រួសារយុទ្ធជនពលី វីរយុទ្ធជនរងរបួស វីរយុទ្ធជនដែល​កំពុង​ឈរ​ជើង​នៅ​ជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ ទន្ទឹមនឹងនោះ ដៃម្ខាងទៀតរបស់រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំក៏បាននិងកំពុងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី យ៉ាងសកម្ម​ប្តូរ​ផ្តាច់​បំផុត​ តាមរយៈដំណោះដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ស្របតាម​គោល​ការណ៍​ច្បាប់​អន្តរជាតិ ដូចប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ការការពារ​ទឹក​ដី ​និងប្រជាជនគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល»។ អ្នក​នាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​ការពារ​ខ្សែ​ព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ក្រសួងសុខាភិបាលរកឃើញពលរដ្ឋមួយនាក់នៅខេត្តកំពត វិជ្ជមានវីរុសផ្ដាសាយបក្សី ប៉ុន្ដែបានព្យាបាលជាសះស្បើយហើយ

2026/02/15 12:31:49 pm        125
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា មានអ្នក ជំងឺ​ផ្តាសាយ​បក្សី ចំនួន១ករណី កើតលើបុរសអាយុ ៣០ឆ្នាំ ដែលបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ​ហាស់ ៥ អ៊ិន១ (H5N1) ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ លើអ្នក​ជំងឺ​ដែល​មាន​ទី​លំ​នៅក្នុងភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានរោគសញ្ញា គ្រុនក្តៅ ក្អក និង​ឈឺពោះ។ ក្រោយមានការយកចិត្ត ទុកដាក់ថែទាំពីសំណាក់ក្រុមគ្រូពេទ្យ អ្នកជំងឺបាន​ជា​សះ​ស្បើយ​​ត្រឡប់ទៅផ្ទះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ តាមការសាកសួរបង្ហាញថា នៅផ្ទះ​អ្នក​ជំងឺ​មាន​មាន់ងាប់ រួចយកមកធ្វើម្ហូប៣ថ្ងៃមុន អ្នកជំងឺចាប់ផ្តើមឈឺ។ នេះបើតា​ម​សេច​ក្ដី​ប្រកាស​ព័ត៌​មាន​របស់ក្រសួងសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់​របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិង​កំពុង​សហការ​ជាមួយ ក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើ​ការ​អង្កេតស្រាវជ្រាវយ៉ាងសកម្មលើការ កើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការ​ឆ្លើយ​តប​ទៅ​តាម​វិធី​សាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែង​រក​ករណី​សង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើមមាន រោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យ ព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ។របៀបចម្លង៖ ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាល ផងដែរ។របៀបបង្ការ៖ កុំប៉ះពាល់ ឬទទួលទាន មាន់ទាឈឺ ឬងាប់ និងពាក់ស្រោមដៃ និងម៉ាស ឬយកក្រមាចងបិតច្រមុះ មុនពេល ចាប់កាន់មាន់ទាធ្វើម្ហូបអាហារ រួចហើយស្រុះវាក្នុងទឹកពុះមុននឹងបោចសម្អាតរោមត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ មុនចាប់កាន់ចំណីអាហារ ជាពិសេស បន្ទាប់ពីការប៉ះពាល់សត្វ បោចសំអាតរោមសត្វបសុបក្សី ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគត្រូវចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អមុនបរិភោគ ជាពិសេសសាច់ សត្វបក្សី និងស៊ុត។ កុំទទួលទាន ពងមាន់ ឬពងទាជ័រព្នៅ និងទុកដាក់អាហារឆៅ និងឆ្អិនឱ្យនៅដាច់ដោយឡែកពីគ្នា សម្អាតសម្ភារប្រើប្រាស់ សម្រាប់ចម្អិនម្ហូបអាហារឱ្យបានត្រឹមត្រូវ។ប្រសិនបើមានមាន់ទាឈឺឬងាប់ច្រើននៅផ្ទះឬក្នុងភូមិ ហើយមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម សូមប្រញាប់ស្វែងរកការពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹងហានិភ័យខ្ពស់នៃការ ស្លាប់ជាយថាហេតុ៕

អគ្គិភ័យឆាបឆេះអស់ផ្ទះ៣ល្វែង រួមទាំងរថយន្ត២គ្រឿងស្ទើរទាំងស្រុង គិត​ជា​ទឹក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ

2026/02/15 12:19:27 pm        315
ភ្នំពេញ៖ អគ្គិភ័យបានឆេះផ្ទះល្វែង លក់សំបកកង់រថយន្ត , លក់ម៉ាស៊ីនត្រជាក់ , លក់ភេសជ្ជៈ ចំនួន ៣ល្វែង អស់ស្ទើរទាំងស្រុង ហើយបានបណ្តាលអោយមន្រ្តីអគ្គិភ័យ ០២នាក់រងរបួស ក្នុងករណីអគ្គិភ័យនេះដែរគិតទំហំទឹកប្រាក់អស់ជាច្រើនម៉ឺនដុល្លារផងដែរ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៨ នឹង ៣០នាទីយប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅតាមបណ្តោយផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ។ តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានអោយដឹងថា មុនកើតមានអគ្គិភ័យឆាបឆេះយ៉ាង​សន្ធោសន្ធៅ​បែបនេះ គេឃើញបង្គោលភ្លើង ដែលនៅជាប់ផ្ទះកើតហេតុ មានការឆ្លងចរន្តអគ្គិសនី ឆាប​ឆេះ​ខ្សែ​ភ្លើង។ ភ្លាមៗ ប្រជាពលរដ្ឋបាននាំគ្នា រកបំពង់ មកជួយបាញ់គ្រប់គ្រងដែរ តែដោយសារ​អណ្តាត​ភ្លើង​លាយលំខ្យល់ ឆេះលឿនខ្លាំងពេក ទើបពលរដ្ឋប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ច ដើម្បី​អន្តរាគមន៍ផងដែរ។ អគ្គិភ័យនេះដែរបានបង្កខូចខាតផ្ទះ ១ល្វែងអស់ទាំង រួមទាំងបានរាលដាល​ដល់​ផ្ទះ​០២​ល្វែង​ទៀត​ រួមសំបកកង់រថយន្ត , ម៉ាស៊ីនត្រជាក់ , គ្រឿងភេសជ្ជៈមួយចំនួនធំ នឹង​សម្ភារៈ​អស់​ស្ទើរ​ទាំងស្រុង។ ក្នុងនោះ រថយន្តពន្លត់របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ , រថយន្តជំនួយ កងពលតូចង៧០ , រថយន្តក្រសួងមហាផ្ទៃ , នឹងរថយន្តជំនួយជាច្រើនទៀតបានមកដល់ទីតាំងជាច្រើនគ្រឿង បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវ ដើម្បីស្វែងរកមូលហេតុអោយបានច្បាស់លាស់ ៕ អត្ថបទ ៖ កុម្ភៈ

ក្រសួងសុខាភិបាល បើកសន្និសីទសមាគមគ្រូពេទ្យទារកកម្ពុជាលើកទី៨ ក្រោមប្រធានបទ “ការ​លូតលាស់​យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និង​ក្រោយសម្រាល”

2026/02/15 12:10:32 pm        166
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បើកសន្និសីទ សមាគមគ្រូពេទ្យទារក​កម្ពុជា​ លើកទី៨ ក្រោមប្រធានបទ “ការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ៖ ការថែទាំព្យាបាលសុខភាព មុន​សម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល”។សន្និសីទនេះ ប្រារព្ធឡើងក្រោមអធិបតី លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសុខាភិបាល ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំង២៥ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យកុមារកម្ពុជា សមាគមគ្រូពេទ្យសម្ភពនិងរោគស្ត្រីវិទ្យាកម្ពុជា ប្រធានគណៈឆ្មប គណៈគិលានុបដ្ឋាក មន្ទីរពេទ្យខេត្ត និងថ្នាក់ក្រោមជាតិដទៃទៀត ភ្ញៀវជាតិ និងអន្តរជាតិសរុបអ្នកចូលរួមផ្ទាល់មានចំនួន ១៨២រូប និងតាមរយៈប្រព័ន្ធនិមិត្ត មានចំនួន ៨៨០រូប។ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ មានប្រសាសន៍ក្នុងឱកាសនោះថា សន្និសីទនេះធ្វើឡើងក្នុង គោលបំណងផ្តល់ចំណេះដឹងថ្មីបន្ថែមដល់មន្រ្តីសុខាភិបាល ព្រមទាំងស្ថាប័នឯកជន ជាគ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបពីការថែទាំព្យាបាលសុខភាព មុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល រួមមានការស្វែងរកឲ្យឃើញនូវភាពមិនប្រក្រតីពីកំណើតតាមរយៈអេកូសាស្រ្ត ការត្រៀមរៀបចំសង្គ្រោះបន្ទាន់ទារកក្រោយសម្រាល កត្តាកំណត់ និងផលវិបាកនៃការសម្រាលដោយវៈកាត់ ការសង្គ្រោះព្យាបាលទារកកើតមិនគ្រប់ខែដោយវិធីសាស្ត្រ Antenatal Corticosteroids ការព្យាបាលថែទាំការលូតលាស់យឺតនៃគភ៌ក្នុងផ្ទៃ និងមានបទបង្ហាញពីការសិក្សាស្រាវជ្រាវថ្មីៗជាច្រើនទៀតរបស់សមាគមផ្ទាល់ ។ ការថែទាំសុខភាពមុនសម្រាលបានល្អ អាចកាត់បន្ថយអត្រាមរណភាពមាតា និងទារកបាន។លោកជំទាវសាស្រ្តាចារ្យ ផ្ដល់យោបល់ដល់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានមន្ទីរពេទ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ មន្ទីរពេទ្យបង្អែក ប្រធានមណ្ឌលសុខភាព ទូទាំងរាជធានីខេត្ត ពង្រឹងការរកឃើញ និងធ្វើរោគវិនិច្ឆ័យឱ្យបានទាន់ពេលវេលា ដោយបង្កើនប្រសិទ្ធភាពការពិនិត្យអេកូសាស្ត្រ ជំរុញការប្រើប្រាស់ឧបករណ៍សម្គាល់អ៊ុលត្រាសោនកម្រិតខ្ពស់ និងការពិនិត្យ Doppler ដើម្បីតាមដានការលូតលាស់មិនប្រក្រតីនៃទារកក្នុងផ្ទៃ៕ អត្ថបទ រដ្ឋា

កម្ពុជារៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដើម្បីបង្ហាញផលិតផលរ៉ែដល់សាធារណជនជាតិ-អន្តរជាតិ

2026/02/15 11:42:06 am        197
ក្រសួងរ៉ែ និងថាមពល សហការជាមួយស្ថាប័នពាក់ព័ន្ធ រៀបចំពិព័រណ៍ផលិតផលរ៉ែលើកទី១ ដែល​មានក្រុមហ៊ុន និងសហគ្រាស អាជីវកម្មរ៉ែសរុបចំនួន ២១ ស្មើ ៣១ ស្តង់ ដើម្បី​ផ្សព្វផ្សាយ​សមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួន ជូនដល់ សាធារណ​ជនជាតិ និងអន្តរជាតិ។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញ​ជាអធិបតីបើកសម្ពោធ ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦ ដោយមានការចូលរួម​ពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងរ៉ែ និងថាមពល ក្រសួង ស្ថាប័ន រដ្ឋបាលរាជ ធានីភ្នំពេញ សមាគម ក្រុមហ៊ុន សាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងពិព័រណ៍ផលិតផលរ៉ែលើកទី១ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរូបសំណាក តេជោមាស តេជោយ៉ត ទល់មុខវត្តឧណ្ណាលោម ជាប់ផ្លូវថ្មើរជើងចតុមុខ។ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលរ៉ែនេះមានក្រុមហ៊ុន និងសហគ្រាសអាជីវកម្មរ៉ែចូលរួម សរុបចំនួន ២១ ចែកចេញជា ៣១ ស្តង់ ក្នុងនោះរួមមាន ស្តង់របស់ក្រសួងរ៉ែ និងថាមពល, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងបរិស្ថាន, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា, ក្រុមហ៊ុនថ្មអារ, ក្រុមហ៊ុនរ៉ែមាស, ក្រុមហ៊ុនស៊ីម៉ងត៍, សហគ្រាសអាជីវកម្មរ៉ែថ្មកំបោរ, ផលិត ម្សៅបៀក, ក្រុមហ៊ុនអាជីវកម្មម្សៅថ្មក្វាត, ក្រុមហ៊ុនស្វែងរុករករ៉ែ, ក្រុមហ៊ុនទឹករ៉ែធម្មជាតិ និងក្រុមហ៊ុនចម្លាក់ផលិតផលថ្មរ៉ែ ដើម្បីធ្វើ ការផ្សព្វផ្សាយសមិទ្ធផលការងារ និងតាំងបង្ហាញផលិតផលរ៉ែសំខាន់ៗមួយចំនួនជូនដល់សាធារណជនជាតិនិងអន្តរជាតិ។ផលិតផលរ៉ែ ដែលបានដាក់តាំងបង្ហាញនៅពេលនេះ បានបញ្ជាក់ឱ្យឃើញថា កម្ពុជាមានផលិតផលរ៉ែជាច្រើនមុខ ដែលមានគុណភាព ល្អ និងតម្លៃសមរម្យ អាចបំពេញតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់។ បញ្ហានេះ ឯកឧត្តម កែវ រតនៈ ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរជំនួសឱ្យផលិតផលនាំចូល ដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

សហគមន៍អូកេទេសចរណ៍កំពង់សាមគ្គី ត្រៀមខ្លួនជាស្រេច សម្រាប់ទទួលភ្ញៀវ​ក្នុង​ឱកាស​ចូលឆ្នាំចិន

2026/02/15 11:13:21 am        170
គណៈកម្មាធិការសហគមន៍កំពង់សាមគ្គីបានបញ្ជាក់ថា នៅក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជន​ជាតិ​ចិនខាងមុខនេះ សហគមន៍បាន​ត្រៀមលក្ខណៈ​រួចរាល់​ក្នុង​ការ​ផ្តល់​សេវា​ជូន​ដល់​ភ្ញៀវ​ទេសចរ ទាំងកន្លែងស្នាក់នៅ កន្លែងអង្គុយកម្សាន្ត កន្លែងបោះតង់ អាហារដ្ឋាន ទូកទេសចរណ៍ និង​ឧបករណ៍ចេញទៅនេសាទកម្សាន្តជាដើម ខណៈអនិកជនខ្មែរ-បារាំង សរសើរ​ថា​ការ​រៀប​ចំ​បា​នល្អ​ ទេសភាពស្អាត និងបានអំពាវនាវដល់បងប្អូនខ្មែរក្រៅប្រទេស ឲ្យមកលេង​ស្រុក​កំណើត​ផង​។សមាជិកគណៈកម្មាធិការសហគមន៍កំពង់សាមគ្គី លោក ញ៉ែត សូភី បានប្រាប់ឲ្យដឹងថា ក្រោម​ការ​យកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​អង្គការ​ដៃ​គូ​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ រយៈពេលចុងក្រោយនេះសហគមន៍មានសមិទ្ធផលថ្មីៗបន្ថែមទៀតជាច្រើន ដើម្បី​បម្រើដល់សេវាទេសចរណ៍។ លោកបានបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជន​ជាតិចិនខាងមុខនេះ សហគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលភ្ញៀវមកលម្ហែកម្សាន្ត។ អនិកជនខ្មែរ-បារាំង លោក តាន់ ជាង បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ និងមាន​មោទក​ភាព ចំពោះការអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសពេលបានមកលេងខេត្តកំពត នៅ​សហគមន៍​​អេកូទេសចរណ៍កំពង់សាមគ្គីនេះ ។ លោកថាសហគមន៍មានការរៀបចំបានល្អ បរិយាកាស ទេសភាព ពិសេសមានគ្រឿងសមុទ្រធម្មជាតិថ្មីស្រស់ៗ លោកបាន​ណែនាំ​ដល់ប​ង​ប្អូន​ប្រជាពលរដ្ឋ គួរមកសាកល្បងទទួលយកបទពិសោធជីវិតល្អៗ នៅសហគមន៍មួយនេះ ពិសេស​បងប្អូនខ្មែរត្រូវឧស្សាមកលេងស្រុកផង។ សហគម៍កំពង់សាមគ្គីមានទីតាំងនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រពីទីរួមខេត្តកំពត។ ភ្ញៀវត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៣៣(កំពត-កែប) បត់​ចូល​តាម​ផ្លូវ​លំក្បែរសាលាវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ កាត់ភូមិឋាន និងវាលស្រែអំបិល​ប្រហែល​៧០០​ម៉ែត្រ​ទើប​ទៅដល់ចំណត៕

ពលរដ្ឋ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ដង្ហែរព្រះត្រៃបិដក តម្កល់​នៅវិទ្យាល័យ​ពួក​ខេត្ដ​សៀមរាប

2026/02/15 10:52:51 am        145
ប្រជាពលរដ្ឋជាពុទ្ធបរិស័ទ និងព្រះសង្ឃជាង ៣ពាន់អង្គ/នាក់ បានរួមគ្នាធ្វើបុណ្យពុទ្ធាភិសេក ដង្ហែរគម្ពីព្រះត្រៃបិដក តម្កល់នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប ដើម្បី​ជា​ប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និង​បាន​សិក្សា​ស្វែង​យល់មេរៀនព្រះធម៌ ជាពាក្យប្រៀន​ប្រដៅ​នាំ​មក​នូវ​សុខ​សន្តិភាព។ ការដង្ហែរ​ធ្វើ​ឡើង​នៅថ្ងៃ​ទី១៤ ខែកុម្ភៈឆ្នាំ២០២៦។លោក អាន លឹមខេង នាយកវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសពួក ស្រុកពួក មានប្រសាសន៍ថា ក្បួនដង្ហែរព្រះត្រៃបីដកនេះ ធ្វើឡើងចេញពីក្នុងវិទ្យាល័យឆ្ពោះទៅកាន់ផ្សារពួក ហើយវិលត្រឡប់មកវិញ ដើម្បីបចំគ្រឿងសក្ការៈផ្កាកម្រងគ្រឿងក្រអូបប្រទីបត្រៀម ដើម្បីបូជាគុណ ព្រះរតនត្រ័យ និងពុទ្ធាភិសេកថ្វាយជ័យឃោស ចំពោះព្រះសម្មាសម្ពុទ្ធ ដែលត្រូវតម្កល់នៅ បណ្ណាល័យ ដើម្បីជាទីសក្ការៈបូជារបស់លោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សក្នុងវិទ្យាល័យ និងឧទ្ទិសបុណ្យកុសលដល់បុព្វបុរស ផ្សាយមេត្តាចិត្តដល់សព្វសត្វ ជាដើម ដោយមានអ្នកចូលរួមប្រមាណជាង៣ពាន់អង្គនាក់។លោកបន្ដថា គំនិតផ្ដួចផ្ដើមតម្កល់ទុកព្រះត្រៃបីដកនេះ មានព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ឃោសិតារាម ហៅវត្ដតាទក និងគណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ពួក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ដើម្បីប្រារព្ធពិធីពុទ្ធាភិសេក និងតម្កល់ព្រះត្រៃបិដក នៅ វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ដើម្បីជាប្រយោជន៍ដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សគោរពជាគុណព្រះ សម្មាសម្ពុទ្ធ និងបានសិក្សាស្វែងយល់មេរៀនព្រះធម៌ ជាពាក្យប្រៀនប្រដៅនាំមកនូវសុខសន្តិភាព។លោកថា ពិធីនេះជាលើកដំបូងដែលបានធ្វើឡើងនៅវិទ្យាល័យនេះ។គម្ពីរព្រះត្រៃបិដកគឺជាឃ្លាំងផ្ទុកនូវពុទ្ធវចនៈរបស់ព្រះពុទ្ធ ដែលទ្រង់ទេសនាទូន្មាន ប្រៀនប្រដៅ អប់រំ រំឭកដាស់តឿនរវាង៤៥ព្រះវស្សាចាប់តាំងពីទ្រង់បានត្រាស់ដឹងជាព្រះសម្ពោធិញ្ញាណរហូតដល់ព្រះអង្គបានចូលបរិនិព្វាន។ជាមួយគ្នានេះ ព្រះត្រៃបិដក មិនមែនគ្រាន់តែជាគម្ពីរសម្រាប់សូត្របួងសួងឡើយ ប៉ុន្តែគឺជា"មគ្គុទ្ទេសក៍ជីវិត" ដែលមានចំណុចសំខាន់ៗជាច្រើនដូចជា បង្រៀនមនុស្សឱ្យមានសណ្ដាប់ធ្នាប់ ការរៀបចំកាយវិការឱ្យមានរបៀប ការមិនបៀតបៀនអ្នកដទៃ និងការចេះគោរពច្បាប់ទម្លាប់សង្គម គឺជាគ្រឹះនៃសេចក្តីសុខ។លះបង់អំពើអាក្រក់ ។ សន្សំអំពើល្អ ជួយសង្គម និងកសាងសមត្ថភាពខ្លួនឯង។ធ្វើចិត្តឱ្យបរិសុទ្ធ រស់នៅដោយចិត្តស្ងប់ និងមានបញ្ញា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អធិការបតីអាល្លឺម៉ង់ និយាយសម្រាលពីភាពប្រះឆាជាមួយទីក្រុងវ៉ាស៊ីនតោន ទោះបីជាមានការដកកងទ័ពអាមេរិកក៏ដោយ
05/04/2026 09:05 AM
យានដ្រូនរបស់អ៊ុយក្រែន វាយប្រហារកំពង់ផែ Primorsk នាវាដឹកប្រេង និងនាវាយោធា របស់រុស្ស៊ី
05/04/2026 09:05 AM
OPEC+ យល់ព្រមដំឡើងកូតាទិន្នផលប្រេងលើកទីបីចាប់តាំងពីការបិទច្រកសមុទ្ទ Hormuz
05/04/2026 09:05 AM
លោកTrump៖ អាមេរិក-អ៊ីរ៉ង់ស្ថិតក្នុងការពិភាក្សាវិជ្ជមានដោយបង្ហាញផែនការអមការពារនាវាឆ្លង ច្រកសមុទ្ទHormuz
05/04/2026 08:05 AM
កូរ៉េខាងជើងច្រានចោលការចោទប្រកាន់របស់អាមេរិកថា ទីក្រុងព្យុងយ៉ាង គឺជាការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត
05/03/2026 01:05 PM
ប្រធានាធិបតីគុយបាបរិហារទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើប្រទេសរបស់លោក
05/03/2026 01:05 PM
មនុស្ស ១១នាក់ស្លាប់ ក្នុងហេតុការណ៍ក្រឡាប់រថយន្តក្រុងនៅភាគខាងលិចម៉ិកស៊ិក
05/03/2026 01:05 PM
ក្រុមមន្រ្តីនិយាយថា សហរដ្ឋអាមេរិកដកទាហាន ៥ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់
05/03/2026 12:05 PM
អ្នកនាំពាក្យ៖ កម្មវិធីនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា បាននិងកំពុងដំណើរការទៅមុខជានិច្ច បើទោះបីកម្ពុជារងការឈ្លានពានពីថៃ
05/03/2026 12:05 PM
ប្រតិភូសភាប្រើភាសាបារាំង ១៧ប្រទេសធ្វើសិក្ខាសាលា អំពីក្របខ័ណ្ឌ និងការប្រើប្រាស់ឌីជីថលក្នុងសភា
05/03/2026 12:05 PM