សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

គ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និង​សិក្សា​ដក​បទ​ពិសោធន៍​លើ​ការងារ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស

2026/02/13 03:10:28 pm        344
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដាក់​ឲ្យ​ដំណើរ​ការ​សៀវ​ភៅ​ក្រប​ខ័ណ្ឌ​តាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងកា​រ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ហើយសៀវភៅនេះ នឹង​ជា​ចំណែក​​មួយ​ក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា។ក្នុង​ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤​-​២០២៨ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​មានប្រសាសន៍ថា ដើម្បីធ្វើឲ្យសម្រេចបានឯកសារមួយនេះ គឺមានការ​ជួប​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ​ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់​នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួនរបស់មន្ត្រីបច្ចេកទេស។លោកជំទាវបានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មាន​ការ​ប្រមូ​ល​នូវ​ធាតុ​ចូល​នានា​ ដោយធ្វើឲ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាច​ប្រើ​ប្រាស់​ជា​បង្អែក​សម្រាប់​ការ​តាមដាន ​ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយ​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវ​សិក្សា​ដក​ពិសោធន៍​សម្រេច​ការ​កែ​លម្អ ​ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ។លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ឯកសារនេះ នឹងយកទៅប្រើប្រាស់ជាខ្នាតវាស់ និង​វឌ្ឍន​ភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ ដែល​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ការបង្កើត​បាន​នូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (ACEAN-ACT) ។គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្ក​ឡើង​ដោយ​ឧក្រឹដ្ឋ​ជន​តាម​រយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណង​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ដោយ​ទុច្ចរិត ធ្វើឲ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែល​ជា​ការ​រំលោភ​សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់​ពណ៌ស​ម្បុរ ក្នុងដែនសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រ​ទេស៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងជំរុញផ្សព្វផ្សាយផលិតផលខ្មែរក្នុវិស័យទេសចរណ៍ និងជំរុញការនាំចេញនៅនឹងកន្លែង

2026/02/13 02:22:10 pm        162
ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ចាប់ពីថ្ងៃនេះ ហើយរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បី​ជំរុញ​បង្កើនការផលិត ក៏ដូចជំរុញការនាំចេញនៅនឹងកន្លែងឲ្យកំណើនឡើងផងដែរ។នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើក​ការតាំង​ពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែល​មាន​ស្តង់ពិព័រណ៍ចំនួនជិត១២០ស្តង់ ដែលសុទ្ធតែបង្ហាញនូវទំនិញ និងសេវាកម្មកើតចេញពីស្នាដៃកូនទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ជំរុញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្គាល់ផលិតផលខ្មែរ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជំរុញបង្កើនការផលិត បង្កើនការនាំចេញនៅនឹងកន្លែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឱកាសការងារនានាទៀត។បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍ បានអះអាងថា បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ចង់មកទស្សនាម្តងទៀត នៅពេលគ្រប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ ទទួលបានបទពិសោធន៍ ការប្រើប្រាស់ផលិតផលខ្មែរ ស្គាល់រសជាតិម្ហូបអាហារខ្មែរ ផលិតផលទេសចរណ៍ខ្មែរ និងគោលដៅទេសចរណ៍ជាច្រើនទៀត។ សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ប្រចាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានរួមគ្នាផ្តោតការពិភាក្សាច្រើន លើបញ្ហាការធ្វើការទូតទេសចរណ៍ និងផ្សព្វផ្សាយម្ហូបអាហារខ្មែរ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជំរុញអាជ្ញាធរមូលដ្ឋានតាមខេត្តរាជធានីរៀបចំផ្សព្វផ្សាយផលិតផលទេសចរណ៍ មុខម្ហូបបែបប្រពៃណីប្រចាំខេត្តរាជធានីនីមួយៗ ដើម្បីទាក់ទាញទេសចរទៅទស្សនាភ្លក់រសជាតិ លើកស្លាកប៉ាណូបង្ហាញគោលដៅទេសចរណ៍ល្អៗនៅក្នុងខេត្តរាជធានីខ្លួនឲ្យបានច្រើន៕ អត្ថបទ៖ ស៊ុម សុខជា

រាជរដ្ឋាភិបាលកំពុងខិតខំកម្ទេចបទល្មើសឆបោកតាមអនឡាញដើម្បីមុខមាត់ជាតិ

2026/02/13 02:08:45 pm        200
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា បទល្មើសឆបោកតាមអនឡាញ កំពុងត្រូវបានរាជធ្វើ ការបង្ក្រាបដើម្បីស្ដារមុខមាត់របស់ប្រទេសជាតិ និងការទាក់ទាញវិនិយោគ និងទេសចរល្អៗមកកម្ពុជា។លោកជំទាវ ជូ ប៊ុនអេង ក្នុងបទសម្ភាសន៍ជាមួយBTV បានបញ្ជាក់ថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលបាននិងកំពុងតែដាក់គ្រប់វិធានការ រហូតមានជាច្បាប់ យន្តការជាតិចម្រុះអន្តរក្រសួង ស្ថាប័ន រចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយបទល្មើសទាំង ឡាយ ដែលហៅថា ឧក្រិដ្ឋកម្មឆ្លងដែន និងឥឡូវនេះចូលមកដល់ Scams Online ដែលត្រូវតែប្រឆាំងដាច់ខាត ដោយបោសសម្អាតឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាបើមិនដូច្នេះទេ គឺមានន័យថា យើងកំពុងតែសន្សំឱ្យបទល្មើសក្លាយទៅជាមហារីកនៅក្នុងសង្គម៕បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជ្ញាធរមាន សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញជាច្រើន និងឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ និង ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ៕

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមអំពាវនាវដល់យុវជនចូលរួមបរិច្ចាគឈាមក្នុងថ្ងៃទិវា នៃ​ក្តី​ស្រលាញ់

2026/02/13 02:02:53 pm        193
ដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាមបា​ន​អំពាវ​នាវ​ដល់​ពលរដ្ឋ ជាពិសេសយុវជនចូលរួមបរិច្ចាគឈាម ដើម្បីជួយ​សង្គ្រោះ​ពលរដ្ឋ​ត្រូវ​ការ​ឈាម។លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅ​ថ្ងៃទី១៣ខែកុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទិវានៃក្តីស្រលាញ់ មជ្ឈមណ្ឌលជាតិផ្តល់​ឈាម​នឹង​រៀប​ចំ​កម្ម​វិធី «ផ្តល់ឈាមផ្តល់ក្តីស្រលាញ់» និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បីជួយសង្គ្រាះ​អាយុ​ជីវិត​អ្នក​ត្រូវ​ការឈាម​នៅ​គ្រប់​មន្ទីរ​ពេទ្យ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយរៀងរាល់៣នាទីត្រូវការឈាមមួយប្លោក។ ហើយការបរិច្ចាគ​ឈាម​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាពនោះ។ លើសពីនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ រំពឹងទុកថា ក្នុងថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នឹងទទួលបានឈាម៥០០ប្លោកពីអ្នកចូលរួមបរិច្ចាគ។ដើម្បីអាចបរិច្ចាគឈាមបាន ត្រូវមានលក្ខណៈដូចជា៖មានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ ឆ្នាំ​, ទម្ងន់៤៥គីឡូក្រាមឡើងទៅ, សម្ពាធឈាមចន្លោះពី១០០/៦០mmhg (មីលីម៉ែត្របារ៉ត) ទៅ​ ១៤០/៩០ mmhg (មីលីម៉ែត្របារ៉ត), អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០ mmhg (មីលី​ម៉ែត្រ​បារ៉ត​)ឡើងទៅ និងការបរិច្ចាគឈាមអាចធ្វើឡើងរៀងរាល់៣ខែម្តង ចំពោះបុរស និង​៤​ខែ​ម្តង​ចំពោះ​ស្ត្រី៕​ អត្ថបទ៖ ទូច សោភ័ណ 

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅសម្រេចបាន ស្មើនឹង ២០,២៧% ហើយ

2026/02/13 01:50:33 pm        243
កណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់​​​ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងនេះសម្រេចការងារបាន ២០,២៧% រួមមានការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សេវាគ្របដណ្ដប់ ៥សង្កាត់ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដីប្រមាណ ៩៧៦ហិកតា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២០០០ម៣/ថ្ងៃ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) មានទីតាំងនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៕

ផ្កាអង្គាសីលនៅតែដើរតួសំខាន់ក្នុងឱកាសចូលឆ្នាំចិន តែការលក់ហាក់ថមថយបន្តិច

2026/02/13 01:42:00 pm        187
ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន បានបន្តនាំគ្នាទិញដើមផ្កាអង្គាសីល សម្រាប់​យក​ទៅ​តុប​តែងលម្អលំនៅឋាន ដើម្បីទទួលលាភជ័យពីទេវតាឆ្នាំថ្មីនៃប្រពៃណីចិន។ វា​នៅ​តែ​ជា​តម្រូវ​ការចាំ​បាច់​តែការ​លក់ហាក់ថមថយបន្តិច។ ស្របពេល​ដែលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម កាន់តែគៀកគិតចូលមកដល់ បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់ខ្សែស្រឡាយចិន បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការត្រៀម​លក្ខណៈ​សម្រាប់​ការ​សែន​ព្រេន​ជូនដូនតា តាមរយៈការរៀបសំណែន គ្រឿងដង្វាយ និងការតុបតែងលម្អរនានា នៅ​តាម​លំ​នៅ​ឋានរស់នៅរៀងៗខ្លួន ទៅតាមធនធាន និងលទ្ធភាព។ ក្នុង​នោះដែរ ផ្កាអង្គាសិល្ប៍ ក៏ជាផ្នែកសំខាន់មួយ ដែលចំបាច់ឲ្យអ្នកជាប់ខ្សែស្រឡាយចិន ត្រូវ​ទិញ​យក​ទៅរៀបចំនៅតាមផ្ទះ ដើម្បីទទួលលាភជ័យ។ អាជីវករ​លក់​ដូរដើមផ្កាអង្គាសិល្ប៍ នៅលើផ្លូវ១៩៨ ក្រោយវត្តសំពៅមាស ក្នុងមូលដ្ឋាន​ខណ្ឌ​៧​មករា​បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការមកទទួលជាវដើមផ្កាអង្គាសិល្ប៍ និង​ដើម​ក្រូច​ជាបន្តបន្ទាប់គួរសមពីសំណាក់អ្នកកាត់ខ្សែស្រឡាយចិន ប៉ុន្តែមិន​សូវ​ច្រើន​ខ្លាំង​ដូច​រាល់​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មាន​ឈាម​ជ័រ​ជាប់​ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំ​សេច​ក្តី​សុខ​សប្បាយ ​និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែប​លក្ខណះ​​គ្រួសារ​រៀង​ៗ​ខ្លួន​៕ ​អត្ថបទ៖ លីហេង 

មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ៖ ការបន្តបិទព្រំដែនដោយឯកតោភាគីរបស់ថៃ មិន​បង្កឱ្យ​កម្ពុជា​ខ្វះខាតស្បៀងនោះទេ

2026/02/13 01:31:47 pm        218
គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ននេះ ការ​បន្ត​បិទ​ព្រំដែន​ដោយ​ឯក​តោ​ភាគី​របស់​ថៃ មិនបង្ក​ឱ្យ​កម្ពុជាខ្វះខាតស្បៀងនោះទេ ជាពិសេសការបិទមិនឱ្យនាំចូលប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ថៃ​ក៏កម្ពុជាអាចនាំចូលពីប្រទេសដទៃអាចផ្គត់ផ្គង់ទីផ្សារកម្ពុជាបានជាធម្មតា។ នេះ​បើ​តាម​ការបញ្ជាក់របស់មន្រ្ដីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយចប់​កិច្ច​ប្រជុំ​បូកស​រុប​លទ្ធផល​ការ​ងារ​របស់​អគ្គ​នាយក​ដ្ឋាន​គយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែ​កុម្ភៈ​នេះ ​ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋា​​នគយ និងរដ្ឋាករកម្ពុជា មានប្រសាសន៍ថា ការបិទព្រំដែនផ្លូវគោកជាមួយប្រទេសថៃ គឺ​មិន​បាន​បង្ក​ផលប៉ះពាល់ដល់ការផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាទេ ជាការពិតទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កាន់កម្ពុជា បន្តមានការធ្លាក់ចុះខ្លាំង។ទាក់ទងនឹងការលើកឡើងរបស់មហាជន ជុំវិញការបន្តមាននាំចូល​ផលិត​ផល​ថៃ​មក​​ទីផ្សារ​ប្រទេស​កម្ពុជា ​ឯកឧត្តមបណ្ឌិត គុណ ញឹម បានឱ្យដឹងថា ភាគច្រើននៃទំនិញទាំងនោះ គឺជា​ទំនិញ​ប្រភេទ​ឧបករណ៍ បរិក្ខា ដែលបម្រើដល់ឧស្សាហកម្ម និងកសិកម្ម រួមប្រភេទគ្រឿង​ចក្រ​កសិកម្ម ដូចជាត្រាក់ទ័រ និងម៉ាស៊ីនច្រូតជាដើម។ ព្រម​ទាំង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​ជា​ធាតុ​ចូលរ​បស់​ឧស្សាហកម្មធុនធំមួយចំនួន សម្រាប់បម្រើផលិតកម្មរបស់ក្រុមហ៊ុនជប៉ុន និង​ទំនិញ​មួយ​ចំនួន​ទៀត គឺប្រភេទគ្រឿងបង្គុំសម្រាប់ថែទាំផលិតកម្មរបស់ក្រុមហ៊ុនដំឡើងរថយន្ត និង​ម៉ូតូ​មួយ​ចំ​នួន។ឯកឧត្តមបណ្ឌិត គុណ ញឹម បានបញ្ជាក់ថា ទំនិញដែលនាំចូលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ គឺ​មាន​ការ​ថយចុះប្រមាណ ៦០ ភាគរយ ស្របពេលទំនិញដែលហាមឃាត់ដូចជា ប្រេងឥន្ទនៈ បន្លែ ផ្លែ​ឈើ បានធ្លាក់ចុះដល់សូន្យភាគរយដោយសារចលនាពហិការ បាន​ធ្វើ​ឱ្យ​ទំនិញ​ដែ​ល​នាំ​ចូល​មក​ហើយ ​លក់មិនចេញត្រូវបាននាំចេញទៅវិញ ហើយទំនិញខ្លះទៀត នឹងត្រូវដុតកម្ទេចចោល ដោយ​សារ​ហួសសុពលភាពប្រើប្រាស់។យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ ការ​ប្រមូលចំណូលពន្ធរបស់កម្ពុជា សម្រេចបានលើសផែនការគ្រោងទុក ដែលគិតជា​ទឹក​ប្រាក់​ចំនួន​សរុប ១២,៧៦១ ប៊ីលានរៀល (១២ ៧៦០ ៥០៥លានរៀល) ស្មើនឹងប្រមាណ ៣,១៨១​លាន​ដុល្លារ មានការកើនឡើងចំនួន ២១ភាគរយ ប្រៀបធៀបទៅនឹងឆ្នាំ២០២៤ សម្រេច​បាន​ចំនួន​ ១០,៥៤២ ប៊ីលានរៀល (១០ ២៤៨ ៥៦៩លានរៀល) ស្មើនឹងប្រមាណ ២,៥៩០​លាន​ដុល្លារ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ប្រធាន AVI ជឿជាក់ថា ប្រធានប្តូរវេនអាស៊ាននឹងបន្តបេសកកម្ម ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ

2026/02/13 01:11:39 pm        233
ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានបង្ហាញការជឿជាក់ថា ប្រទេសហ្វីលីពីន​ដែល​ជា​ប្រធាន​អាស៊ាន នឹងបន្តនូវសកម្មភាពរបស់ខ្លួន​យ៉ាងសកម្ម​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​សម្រប​សម្រួល​ដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ដើម្បីធានាឱ្យអាស៊ានក្លា​យទៅជាតំបន់​មួយមាន​សន្តិភាព ស្ថិរភាព សន្តិសុខ និងមានការអភិវឌ្ឍន៍។លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា អាស៊ាន​នៅតែ​​ជា​តួអង្គដ៏សំខាន់មួយ ក្នុងការកៀរគរឱ្យមានការគាំទ្រជាលក្ខណៈតំបន់ និងអន្តរជាតិ​ពីព្រោះ​ប្រទេស​ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេននឹងដើរតួនាទីយ៉ាងសកម្ម ហើយ​រឹតតែ​បន្ត​សកម្មភាពបេសកម្មបន្ទាប់ពីប្រធានអាស៊ានកាលពីអាណត្តិឆ្នាំ២០២៥ កន្លងទៅ ដែលមាន ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី​បានដឹកនាំឱ្យមានការជជែក​ពិភាក្សាឈាន​ទៅ​ដល់​ការព្រមព្រៀងបទឈប់បាញ់គ្នាមួយចំនួន និងជួបពិភាក្សា​នៃក្រុមកិច្ចការ​ងារ​ព្រំដែន​កម្ពុជា​-ថៃ ជាបន្តបន្ទាប់។លោកបណ្ឌិត បន្ថែមថា បើទោះបីជាយន្តការអាស៊ាននៅមានកម្រិតនៅមានកម្រិតខ្វះខាត ក៏​ប៉ុន្តែ​យន្តការ​អាស៊ាននៅតែជាយន្តការមួយដែលចាំបាច់ និងសំខាន់ហើយជាយន្តការ​គន្លឹះសម្រាប់​ដោះស្រាយ​ជម្លោះ​អន្តរជាតិ ជាពិសេស ជម្លោះព្រំដែនកម្ពុជា-ថៃ។ យន្តការអាស៊ាន ក៏នឹងជំរុញ​ឱ្យ​កម្ពុជា-ថៃ ងាកទៅរកការចរចាដោយសន្តិភាពផ្នែកទៅលើច្បាប់អន្តរជាតិ ដើម្បីធានា​នូវយុត្តិធម៌​ដល់​ប្រទេស​រៀងៗខ្លួន និងធានានូវសុខសន្តិភាព បញ្ជៀសឱ្យបានការប្រើ​ប្រាស់​ប្រដាប់​អាវុធដាក់​គ្នាឡើង​វិញ។ ប្រធាន AVI រូបនេះ ជឿថា ប្រធានធិបតី ហ្វីលីពិន Marcos Jr. ដែលជាប្រធានអាស៊ាន នឹងកៀរ​គរ​ឱ្យ​មានការគាំទ្រពីសហគមអន្តរជាតិ ពីព្រោះប្រទេសហ្វីលីពីន គឺជាប្រទេសមួយ​មានទំនាក់​ទំនង​ទូលំទូលាយ​ទាំងនៅក្នុងតំបន់អាស៊ាន អាស៊ីប៉ាស៊ីហ្វិក និងសកលលោក ហើយប្រធានធិបតី ហ្វីលីពីន​ក៏អាចនឹងជំរុញឱ្យមានគំនិតផ្តួចផ្តើមឬក៏ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតថ្មីៗ ធ្វើ​យ៉ាងណាឱ្យការអនុវត្តបទឈប់បាញ់គ្នាមានប្រសិទ្ធភាព។សូបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើដំណើរទៅខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ដោយ​ចុះទៅពិនិត្យ កន្លែងមួយចំនួននៅតាមព្រំដែន ជួបជាមួយជនភៀសសឹកផងដែរ៕ អត្ថបទ៖ ធូ វិរៈ

អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន អញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ

2026/02/13 01:03:17 pm        232
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទទួលស្វាគមន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលអញ្ជើញមកទស្សនកិច្ចទីតាំងមួយចំនួននៅក្នុងខេត្តបន្ទាយមានជ័យ។ នៅវេលាម៉ោង ១០:០០នាទីព្រឹក គណៈប្រតិភូបានអញ្ជើញទៅទស្សនកិច្ចស្នាក់ការ២ ស្ថិតនៅក្រុងសិរីសោភ័ណ ដោយក្នុងឱកាសនោះ វរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជាក៏បានធ្វើបទបង្ហាញជូនឯកឧត្តម អគ្គមេបញ្ជាការ និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងាររបស់ខ្លួនផងដែរ។ សូមជម្រាបជូនផងដែរថា ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន មកកាន់ព្រះរាជាណាចក្រនាពេលនេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខនេះ។ សូមគូសបញ្ជាក់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ២០២៥ អគ្គនាយកដ្ឋានសុខភាពសត្វ និង​ផលិតកម្ម​សត្វ​ប្រមូល​ចំណូល​បាន​ជិត ២០​ពាន់​លាន​រៀល

2026/02/13 12:56:07 pm        171
អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងឆ្នាំ២០២៥ បាន​ប្រមូល​ចំណូល​សរុប​បាន​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះ ចំណូលបានពីអគ្គនាយដ្ឋានសុខភាពសត្វ និង​ផលិត​កម្ម​សត្វជិត ១៣ពាន់លានរៀល និងការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី ខេត្តជាង ៦,៥ ពាន់លានរៀល។ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃ​អគ្គ​នាយក​ដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វប្រចាំឆ្នាំ២០២៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ២០២៦ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ក្នុងឆ្នាំ២០២៥ ជុំវិញបញ្ហា​សុខ​ភាព​សត្វ ​និងផលិតកម្មសត្វនេះ នៅក្នុងឆ្នាំ២០២៥ កន្លងមក អគ្គនាយកដ្ឋាន​បាន​ប្រមូល​ចំណូល​សរុប​ចំនួន​ជិត ២០ពាន់លានរៀល ក្នុងនោះចំណូលបានពីអគ្គនាយដ្ឋាន សុខភាពសត្វ និង​ផលិត​កម្ម​សត្វ មានចំនួនជិត ១៣ ពាន់លានរៀល ដោយបានកើន ១១៥% និង​ការិយាល័យ​ផលិត​កម្ម ​និងបសុព្យាបាល រាជធានី-ខេត្ត ប្រមូលបានជាង ៦,៥ ពាន់លានរៀល កើនជិត ៣៨% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។ដោយ​ឡែកការអនុវត្តថវិកាកម្មវិធី សម្រេចបាន ១១ ១៤៧ លានរៀល ស្មើជាង ៩៨% ធៀប​នឹង​ច្បាប់​ថ​វិកាចំនួន ១១ ៣២៨ លានរៀល។ ការអនុវត្តសម្រេចបានលទ្ធផលល្អ លើសពី​ការ​រំពឹង​ទុក​ត្រឹមតែ ៩៥% នៃច្បាប់ថវិកា ដោយសារការខិតខំប្រឹងប្រែងរបស់មន្ត្រី ទទួលបន្ទុក​គ្រប់​លំដាប់​ថ្នាក់​ មានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានការ​សម្រប​សម្រួល​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស ឯកឧត្តម ឌីត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែ​ល​តែងតែយកចិត្តទុកដាក់ខ្ពស់។លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បាន​ជំរុញ​ឱ្យ​អគ្គនាយក​ដ្ឋានសុខភាពសត្វ ផលិតកម្មសត្វ ការអភិវឌ្ឍអនុវិស័យសុខភាពសត្វ និងផលិត​កម្ម​សត្វ​ឱ្យ​កាន់តែរីកចម្រើនថែមទៀត និងបន្តរក្សាបាននូវតុល្យភាព រវាងការ អភិរក្ស និងការ​អភិវឌ្ឍ​ដូច​ជា ធ្វើឱ្យសម្រេចបាននូវលទ្ធផលការងារចែងក្នុងយុទ្ឋសាស្រ្តបញ្ចកោណដំណាក់កាលទី១ រាជ​រដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយអាទិភាពរួមមាន ការលើក​ស្ទួយ​ផលិត​កម្ម​កសិកម្ម​ រកទីផ្សារ រក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញ ប្បទាន និងការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ-សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM