ផ្លូវជនបទ១ខ្សែក្នុងស្រុកតំបែរ បានរក្សាគុណភាពល្អប្រសើរសម្រាប់ប្រើប្រាស់យូរអង្វែង
កម្ពុជាត្រៀមអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី៖ បុរសអាយុ ១៨-២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ច ២៤ ខែ ខណៈអ្នកគេចវេសអាចប្រឈមទោសជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ
រដ្ឋមន្ត្រីការពារជាតិ ជួបពិភាក្សាជាមួយគណៈកម្មការទី៤ នៃរដ្ឋសភា ពិនិត្យលើសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
រដ្ឋមន្រ្ដីបីក្រសួងដឹកនាំប្រជុំអំពីកម្មវិធី គោលនយោបាយ និងសកម្មភាពពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ

ព័ត៌មានជាតិ

សម្ដេចធិបតី និងលោកជំទាវបណ្ឌិត សួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី

2026/02/13 05:30:36 pm        176
ភ្នំពេញ ៖ នៅខេត្តសៀមរាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី បានជួបសំណេះសំណាល ព្រមទាំងសាកសួរសុខទុក្ខគ្រួសារវីរកងទ័ពពលី វីរកងរាជអាវុធហត្ថពលី និងវីរនគរបាលពលី ចំនួន ១៨គ្រួសារ របស់ខេត្តឧត្តរមានជ័យ។​នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្ដាញសង្គម ឱ្យដឹងថា រាជរដ្ឋាភិបាល​ យកចិត្តទុកដាក់បំផុតចំពោះវីរភាពរបស់យោធិនពលី​ ចងចាំ​ និងដឹងគុណបំផុតចំពោះការលះបង់​ដើម្បីបុព្វហេតុការពារជាតិ។ ជាមួយគ្នានេះ​ ក៏បានផ្តល់នូវការយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារយោធិនពលីទាំងអស់ ទាំងលើជីវភាព,​ ការសិក្សារបស់កូនចៅបន្ត​ និងការស្តារឡើងវិញចំពោះសេដ្ឋកិច្ចគ្រួសារ បន្ទាប់ពីបាត់បង់ជំហគ្រួសារក្នុងការការពារទឹកដីយើង។  សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល​ សូមថ្លែងអំណរគុណដល់ក្រុមគ្រួសារវីរកងទ័ពពលីទាំងអស់​ ដែលបានផ្តល់ចំណែកចូលរួមជាមួយជាតិ​ តាមរយៈ​វីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព​ ដែលជាសមាជិកគ្រួសារយ៉ាងសកម្ម​ និងផ្តល់វីរភាពដ៏ល្អ​ ស្មោះត្រង់​ និងឆន្ទ:ដ៏មុះមុតដេីម្បីជាតិ​ និងប្រជាជនកម្ពុជា។  អត្ថបទ៖ ខាន់ ច័ន្ទវីរៈ 

អគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍​នៅភូមិសាស្រ្តច្រកបឹងត្រកួន

2026/02/13 04:50:34 pm        273
នៅវេលាម៉ោង ១៤:០៥នាទីរសៀល ថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន បានចុះសង្កេតការណ៍អំពីស្ថានភាពព្រំដែននៅក្នុងភូមិសាស្រ្តច្រកបឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន ដោយមានការអមដំណើរពីសំណាក់ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជា។ដំណើរទស្សនកិច្ចនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រទេសហ្វីលីពីន ដែលនឹងត្រូវដឹកនាំកិច្ចការងារនេះបន្តក្នុងនាមប្រធានអាស៊ានប្តូរវេន និងជាប្រធានដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។សូមគូសបញ្ជាក់ផងដែរថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដ៏ទៃទៀត។

រដ្ឋមន្រ្ដីក្រសួងការងារចែករំលែកបទពិសោធអំពីការត្រួតពិនិត្យអនុលោមភាពច្បាប់ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ក្នុងវេទិកាប្រចាំឆ្នាំរបស់ អង្គការ OECD

2026/02/13 04:34:29 pm        99
(ប៉ារីស)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ការត្រួតពិនិត្យអនុលោមភាពច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថាន ជាចលករសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍតិចតួចប្រកបដោយចីរភាព ការអនុវត្តលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ និងកិច្ចសន្ទនាសង្គម» នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងវេទិការបស់​អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង។ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកនូវបទពិសោធរបស់កម្ពុជា ក្នុងការគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៃវិស័យកាត់ដេរ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ (GFT) ដែលជាវិស័យស្នូលជំរុញកំណើនសេដ្ឋកិច្ច បង្កើនឱកាសការងារ និងចូលរួមកាត់បន្ថយភាពក្រីក្រ តាមរយៈការដាក់ចេញនូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការអនុវត្តបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងបរិស្ថានប្រកបដោយប្រសិទ្ធភាពក្នុងខ្សែចង្វាក់ផលិតកម្ម។ឯកឧត្តមបានសង្កត់ធ្ងន់ថា ការងារនេះសម្រេចទៅបានដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូសង្គម និងដៃគូអភិវឌ្ឍន៍ ដូចជាអង្គការ ILO និងទីភ្នាក់ងារ GIZ ជាដើម។ ក្នុងន័យនេះ កម្ពុជាគឺជាប្រទេសដំបូងគេដែលបានអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរ (ILO-BFC) ដែលបច្ចុប្បន្នត្រូវបានយកធ្វើជាគំរូនៅតាមបណ្ដាប្រទេសផ្សេងៗទៀត។ បន្ថែមលើនេះ កម្ពុជាបានធ្វើទំនើបកម្មប្រព័ន្ធអធិការកិច្ចការងារ, ពង្រឹងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ, រក្សានិរន្តរភាពក្រុមប្រឹក្សាអាជ្ញាកណ្ដាល, លើកកម្ពស់សមភាពយេនឌ័រ និងពង្រឹងការគ្រប់គ្រងបរិយាកាសការងារឱ្យកាន់តែប្រសើរឡើង។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការអនុវត្តការត្រួតពិនិត្យអនុលោមភាពច្បាប់នេះ មិនមែនជា "បន្ទុក" នោះទេ ប៉ុន្តែគឺជា "កាលានុវត្តភាពថ្មី" ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធ្វើសមាហរណកម្មខ្លួនកាន់តែស៊ីជម្រៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល៕

អ្នកជំនាញជាតិអន្តរជាតិ ចែករំលែកគន្លឹះលើវិស័យបច្ចេវិទ្យាឌីជីថល សម្រាប់ការពង្រីកខ្លូនរបស់សហគ្រិន

2026/02/13 04:27:17 pm        219
ភ្នំពេញ ៖ អ្នកជំនាញជាតិនិងអន្តរជាតិល្បីៗ ចែករំលែកនូវបទពិសោធន៍ និងបង្ហាញនូវគន្លឹះអំពីភាពជោគជ័យលើវិស័យការងារ និងការធ្វើ ធុរកិច្ច ជាពិសេសការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ដំណោះស្រាយអាជីវកម្ម និងពាណិជ្ជកម្ម ដល់សហគ្រិនក្នុងស្រុក ដើម្បី បង្កើតបរិយាកាសធ្វើធុរកិច្ច និងវិនិយោគឱ្យកាន់តែខ្លាំងក្លា។ ​អ្នកជំនាញជាតិនិងអន្តរជាតិ នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើការចែករំលែកនូវចំណេះដឹងថ្មីៗ នៅក្នុងវេទិកា ជំនួបសហគ្រិនជំរុញសេដ្ឋកិច្ចឆ្នាំ២០២៦ ក្នុងភាពជាអ្នកដឹកនាំសហគ្រិនសម័យឌីជីថល ក្រោមការរៀបចំដោយសមាគមសហគ្រិនវីម៉ូ កម្ពុជា ខណៈដែលកម្ពុជាបាននិងកំពុងធ្វើបរិវត្តកម្មឌីជីថល នៃការចាប់យក និងការទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមា ពី វិស័យបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការកសាងសង្គមស៊ីវិល័យ ក្រោមការច្បាមយកវិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាឈ្នាន់សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងមានទំនុកចិត្តខ្ពស់។ជាក់ស្តែងការរៀបចំវេទិកាខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ដោយក្នុងនោះវាគ្មិនល្បីៗនៅក្នុងស្រុក ជាពិសេស វាគ្មិនមកពីបប្រទេសសឹង្ហបុរី និងប្រទេសមីយ៉ានម៉ា បានធ្វើការចែករំលែកអំពីភាពជោគជ័យនិងបទពិសោធន៍ល្អៗ ព្រមទាំងបាន បង្ហាញអំពីគន្លឹះសម្រាប់ជាពុទ្ធិដល់សហគ្រិន ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល សម្រួលដល់ការងារ អាជីវកម្ម ពាណិជ្ជកម្ម និងការ វិនិយោគ សម្រាប់ជាមូលដ្ឋានពង្រឹងនិងពង្រីកខ្សែច្រវាក់ផលិតកម្ម ពង្រីកការប្រកួតប្រជែង ក្រោមបរិយាកាសអំណោយផល នៅលើ ការធ្វើអាជីវកម្មរបស់ខ្លួន។សូមបញ្ជក់ថា ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវក្របខណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីកសាង សេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះការទទួលយក និងបរិវត្តកម្មឌីជីថលនូវគ្រប់តួអង្គទាំងរដ្ឋ និង វិស័យឯកជន ជំរុញសម្ទុះសេដ្ឋកិច្ចថ្មី ដើម្បីរួមចំណែកក្នុងការរក្សាម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍វិស័យឯកជនឱ្យកាន់តែរីកម្រើន ក្នុង គោលដៅលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគ ដែលជាប្រភពនៃការបង្កើតចំណូល និងការងារគ្រប់វិស័យ៕អត្ថបទ៖ សុន រ៉ាឌី

គ.ជ.ប.ជ ដាក់ឲ្យដំណើរការក្របខ័ណ្ឌតាមដាន វាយតម្លៃ និង​សិក្សា​ដក​បទ​ពិសោធន៍​លើ​ការងារ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស

2026/02/13 03:10:28 pm        344
ភ្នំពេញ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដាក់​ឲ្យ​ដំណើរ​ការ​សៀវ​ភៅ​ក្រប​ខ័ណ្ឌ​តាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងកា​រ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ​ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ហើយសៀវភៅនេះ នឹង​ជា​ចំណែក​​មួយ​ក្នុងការងារប្រឆាំងនូវអំពើជួញដូរមនុស្សរបស់កម្ពុជា។ក្នុង​ពិធីដាក់ឲ្យប្រើប្រាស់ជាផ្លូវការសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ (MEL) ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤​-​២០២៨ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួង​​មហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​មានប្រសាសន៍ថា ដើម្បីធ្វើឲ្យសម្រេចបានឯកសារមួយនេះ គឺមានការ​ជួប​ពិភាក្សា​ជា​ច្រើន​លើក​ច្រើន​សារ​ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំ​ការ​ចុះ​សិក្សា​ដោយ​ផ្ទាល់​នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួនរបស់មន្ត្រីបច្ចេកទេស។លោកជំទាវបានបន្តថា ដើម្បីរៀបចំនូវក្របខ័ណ្ឌតាមដានមួយនេះ ក៏មាន​ការ​ប្រមូ​ល​នូវ​ធាតុ​ចូល​នានា​ ដោយធ្វើឲ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់ អាចអនុវត្តន៍បាន និងអាច​ប្រើ​ប្រាស់​ជា​បង្អែក​សម្រាប់​ការ​តាមដាន ​ការធ្វើរបាយការណ៍ ដើម្បីជាមូលដ្ឋាននៃការបូកសរុប វាយ​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ​ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវ​សិក្សា​ដក​ពិសោធន៍​សម្រេច​ការ​កែ​លម្អ ​ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុក នៃ​ផែន​ការ​យុទ្ធ​សាស្ត្រ​ជាតិ។លោកជំទាវ ជូ ប៊ុនអេង បានគូសបញ្ជាក់ថា ឯកសារនេះ នឹងយកទៅប្រើប្រាស់ជាខ្នាតវាស់ និង​វឌ្ឍន​ភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ ដែល​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។ការបង្កើត​បាន​នូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធី អាស៊ាន-អូស្ត្រាលី ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស (ACEAN-ACT) ។គួរបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្ក​ឡើង​ដោយ​ឧក្រឹដ្ឋ​ជន​តាម​រយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណង​កេង​ប្រវ័ញ្ច​លើ​មនុស្ស​ដោយ​ទុច្ចរិត ធ្វើឲ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែល​ជា​ការ​រំលោភ​សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់​ពណ៌ស​ម្បុរ ក្នុងដែនសមត្ថកិច្ច នៃព្រះរាជាណាចក្រកម្ពុជា និងលើប្រជា​ជន​កម្ពុជា​នៅ​ក្រៅ​ប្រ​ទេស៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងជំរុញផ្សព្វផ្សាយផលិតផលខ្មែរក្នុវិស័យទេសចរណ៍ និងជំរុញការនាំចេញនៅនឹងកន្លែង

2026/02/13 02:22:10 pm        162
ក្រសួងទេសចរណ៍បានរៀបចំព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ ចាប់ពីថ្ងៃនេះ ហើយរដ្ឋមន្ត្រីក្រសួង ទេសចរណ៍ បានអំពាវឲ្យភ្ញៀវទេសចរជាតិ អន្តរជាតិ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បី​ជំរុញ​បង្កើនការផលិត ក៏ដូចជំរុញការនាំចេញនៅនឹងកន្លែងឲ្យកំណើនឡើងផងដែរ។នៅថ្ងៃទី១៣ ខែកុម្ភៈនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើក​ការតាំង​ពិព័រណ៍ទេសចរណ៍ រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែល​មាន​ស្តង់ពិព័រណ៍ចំនួនជិត១២០ស្តង់ ដែលសុទ្ធតែបង្ហាញនូវទំនិញ និងសេវាកម្មកើតចេញពីស្នាដៃកូនទាំងអស់ ក្នុងគោលបំណងផ្សព្វផ្សាយផលិតផលខ្មែរនៅក្នុងវិស័យទេសចរណ៍ ជំរុញភ្ញៀវទេសចរជាតិ អន្តរជាតិ ស្គាល់ផលិតផលខ្មែរ រួមគ្នាគាំទ្រប្រើប្រាស់ផលិតផលខ្មែរ ដើម្បីជំរុញបង្កើនការផលិត បង្កើនការនាំចេញនៅនឹងកន្លែង និងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងឱកាសការងារនានាទៀត។បណ្តាអាជីវកម្មក្នុងវិស័យទេសចរណ៍ បានអះអាងថា បណ្តាភ្ញៀវទេសចរអន្តរជាតិជាច្រើនសុទ្ធតែបង្ហាញការចាប់អារម្មណ៍ចង់មកទស្សនាម្តងទៀត នៅពេលគ្រប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នោះ ទទួលបានបទពិសោធន៍ ការប្រើប្រាស់ផលិតផលខ្មែរ ស្គាល់រសជាតិម្ហូបអាហារខ្មែរ ផលិតផលទេសចរណ៍ខ្មែរ និងគោលដៅទេសចរណ៍ជាច្រើនទៀត។ សូមបញ្ជាក់ថា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារក្នុងវិស័យទេសចរណ៍ប្រចាំ២០២៥ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០២៦ ក្រសួងទេសចរណ៍បានរួមគ្នាផ្តោតការពិភាក្សាច្រើន លើបញ្ហាការធ្វើការទូតទេសចរណ៍ និងផ្សព្វផ្សាយម្ហូបអាហារខ្មែរ ក្នុងនោះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានជំរុញអាជ្ញាធរមូលដ្ឋានតាមខេត្តរាជធានីរៀបចំផ្សព្វផ្សាយផលិតផលទេសចរណ៍ មុខម្ហូបបែបប្រពៃណីប្រចាំខេត្តរាជធានីនីមួយៗ ដើម្បីទាក់ទាញទេសចរទៅទស្សនាភ្លក់រសជាតិ លើកស្លាកប៉ាណូបង្ហាញគោលដៅទេសចរណ៍ល្អៗនៅក្នុងខេត្តរាជធានីខ្លួនឲ្យបានច្រើន៕ អត្ថបទ៖ ស៊ុម សុខជា

រាជរដ្ឋាភិបាលកំពុងខិតខំកម្ទេចបទល្មើសឆបោកតាមអនឡាញដើម្បីមុខមាត់ជាតិ

2026/02/13 02:08:45 pm        200
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការ ជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានលើកឡើងថា បទល្មើសឆបោកតាមអនឡាញ កំពុងត្រូវបានរាជធ្វើ ការបង្ក្រាបដើម្បីស្ដារមុខមាត់របស់ប្រទេសជាតិ និងការទាក់ទាញវិនិយោគ និងទេសចរល្អៗមកកម្ពុជា។លោកជំទាវ ជូ ប៊ុនអេង ក្នុងបទសម្ភាសន៍ជាមួយBTV បានបញ្ជាក់ថា អ្វីដែលជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលដែលបាននិងកំពុងតែដាក់គ្រប់វិធានការ រហូតមានជាច្បាប់ យន្តការជាតិចម្រុះអន្តរក្រសួង ស្ថាប័ន រចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ គឺដើម្បីប្រយុទ្ធប្រឆាំងជាមួយបទល្មើសទាំង ឡាយ ដែលហៅថា ឧក្រិដ្ឋកម្មឆ្លងដែន និងឥឡូវនេះចូលមកដល់ Scams Online ដែលត្រូវតែប្រឆាំងដាច់ខាត ដោយបោសសម្អាតឱ្យអស់ពីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ព្រោះថាបើមិនដូច្នេះទេ គឺមានន័យថា យើងកំពុងតែសន្សំឱ្យបទល្មើសក្លាយទៅជាមហារីកនៅក្នុងសង្គម៕បន្ទាប់ពីមានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អាជ្ញាធរមាន សមត្ថកិច្ច បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសអនឡាញជាច្រើន និងឃាត់ខ្លួនជនបរទេសរាប់ពាន់នាក់ និង ត្រូវបានបញ្ជូនចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ៕

ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាមអំពាវនាវដល់យុវជនចូលរួមបរិច្ចាគឈាមក្នុងថ្ងៃទិវា នៃ​ក្តី​ស្រលាញ់

2026/02/13 02:02:53 pm        193
ដើម្បីចូលរួមចែករំលែកក្តីស្រលាញ់ក្នុងថ្ងៃទិវានៃក្ដីស្រលាញ់ ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ផ្តល់​ឈាមបា​ន​អំពាវ​នាវ​ដល់​ពលរដ្ឋ ជាពិសេសយុវជនចូលរួមបរិច្ចាគឈាម ដើម្បីជួយ​សង្គ្រោះ​ពលរដ្ឋ​ត្រូវ​ការ​ឈាម។លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្នុងកិច្ចសម្ភាសន៍ជាមួយBTV នៅ​ថ្ងៃទី១៣ខែកុម្ភៈនេះ បានឲ្យដឹងថា នៅថ្ងៃទិវានៃក្តីស្រលាញ់ មជ្ឈមណ្ឌលជាតិផ្តល់​ឈាម​នឹង​រៀប​ចំ​កម្ម​វិធី «ផ្តល់ឈាមផ្តល់ក្តីស្រលាញ់» និងបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស​យុវជន​ចូល​រួម​បរិច្ចាគ​ឈាម ដើម្បីជួយសង្គ្រាះ​អាយុ​ជីវិត​អ្នក​ត្រូវ​ការឈាម​នៅ​គ្រប់​មន្ទីរ​ពេទ្យ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយរៀងរាល់៣នាទីត្រូវការឈាមមួយប្លោក។ ហើយការបរិច្ចាគ​ឈាម​មិន​បង្ក​ផល​ប៉ះ​ពាល់​ដល់សុខភាពនោះ។ លើសពីនេះ លោកវេជ្ជបណ្ឌិត សុខ ប៉ូ រំពឹងទុកថា ក្នុងថ្ងៃ​ទិវា​នៃ​ក្តី​ស្រលាញ់​នឹងទទួលបានឈាម៥០០ប្លោកពីអ្នកចូលរួមបរិច្ចាគ។ដើម្បីអាចបរិច្ចាគឈាមបាន ត្រូវមានលក្ខណៈដូចជា៖មានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ ឆ្នាំ​, ទម្ងន់៤៥គីឡូក្រាមឡើងទៅ, សម្ពាធឈាមចន្លោះពី១០០/៦០mmhg (មីលីម៉ែត្របារ៉ត) ទៅ​ ១៤០/៩០ mmhg (មីលីម៉ែត្របារ៉ត), អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០ mmhg (មីលី​ម៉ែត្រ​បារ៉ត​)ឡើងទៅ និងការបរិច្ចាគឈាមអាចធ្វើឡើងរៀងរាល់៣ខែម្តង ចំពោះបុរស និង​៤​ខែ​ម្តង​ចំពោះ​ស្ត្រី៕​ អត្ថបទ៖ ទូច សោភ័ណ 

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅសម្រេចបាន ស្មើនឹង ២០,២៧% ហើយ

2026/02/13 01:50:33 pm        243
កណ្តាល៖ នាព្រឹកថ្ងៃសុក្រ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ថ្នាក់ដឹកនាំក្រសួង ក្រុមហ៊ុនសាងសង់ និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូប។ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ត្រូវបែងចែកជា២ ផ្នែករួមមាន ១). ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ០៧កន្លែង និងបណ្តាញលូទឹកកខ្វក់ ប្រវែងសរុប ១២៥,៣ គីឡូម៉ែត្រ ព្រមទាំងការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ២). ការសាងសង់ប្រព័ន្ធរំដោះទឹកជំនន់ រួមមាន ការសាងសង់បណ្តាញលូរំដោះទឹកភ្លៀង ដោយដាក់លូប្រអប់ និងលូមូលតាមបណ្តោយផ្លូវជាតិលេខ២១ ចាប់ពីម្តុំរង្វង់មូលតាខ្មៅ ប្រវែង ៥គីឡូម៉ែត្រ និងការងារសាងសង់ និងស្ដារស្ថានីយបូមទឹកកខ្វក់​​​ ព្រមទាំង បណ្តាញលូរំដោះទឹកភ្លៀងក្នុងក្រុងតាខ្មៅ។គិតត្រឹមថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងនេះសម្រេចការងារបាន ២០,២៧% រួមមានការងារតំណភ្ជាប់តាមខ្នងផ្ទះ ដើម្បីបង្ហូរចូលក្នុងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់សេវាគ្របដណ្ដប់ ៥សង្កាត់ ក្នុងក្រុងតាខ្មៅ រួមមាន សង្កាត់កំពង់សំណាញ់ សង្កាត់តាក្តុល សង្កាត់តាខ្មៅ សង្កាត់ព្រែកហូរ និងសង្កាត់ព្រែកឫស្សី ស្មើនឹងផ្ទៃដីប្រមាណ ៩៧៦ហិកតា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានសមត្ថភាពចម្រោះ ១២០០០ម៣/ថ្ងៃ តាមវិធីសាស្ត្រអាងចម្រោះតាមបែបធម្មជាតិ (Waste Stabilization Pond) មានទីតាំងនៅក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ៕

ផ្កាអង្គាសីលនៅតែដើរតួសំខាន់ក្នុងឱកាសចូលឆ្នាំចិន តែការលក់ហាក់ថមថយបន្តិច

2026/02/13 01:42:00 pm        187
ប្រជាពលរដ្ឋខ្មែរកាត់ខ្សែស្រឡាយចិន បានបន្តនាំគ្នាទិញដើមផ្កាអង្គាសីល សម្រាប់​យក​ទៅ​តុប​តែងលម្អលំនៅឋាន ដើម្បីទទួលលាភជ័យពីទេវតាឆ្នាំថ្មីនៃប្រពៃណីចិន។ វា​នៅ​តែ​ជា​តម្រូវ​ការចាំ​បាច់​តែការ​លក់ហាក់ថមថយបន្តិច។ ស្របពេល​ដែលបុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម កាន់តែគៀកគិតចូលមកដល់ បងប្អូន​ប្រជា​ពលរដ្ឋ​ខ្មែរ​កាត់ខ្សែស្រឡាយចិន បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការត្រៀម​លក្ខណៈ​សម្រាប់​ការ​សែន​ព្រេន​ជូនដូនតា តាមរយៈការរៀបសំណែន គ្រឿងដង្វាយ និងការតុបតែងលម្អរនានា នៅ​តាម​លំ​នៅ​ឋានរស់នៅរៀងៗខ្លួន ទៅតាមធនធាន និងលទ្ធភាព។ ក្នុង​នោះដែរ ផ្កាអង្គាសិល្ប៍ ក៏ជាផ្នែកសំខាន់មួយ ដែលចំបាច់ឲ្យអ្នកជាប់ខ្សែស្រឡាយចិន ត្រូវ​ទិញ​យក​ទៅរៀបចំនៅតាមផ្ទះ ដើម្បីទទួលលាភជ័យ។ អាជីវករ​លក់​ដូរដើមផ្កាអង្គាសិល្ប៍ នៅលើផ្លូវ១៩៨ ក្រោយវត្តសំពៅមាស ក្នុងមូលដ្ឋាន​ខណ្ឌ​៧​មករា​បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានការមកទទួលជាវដើមផ្កាអង្គាសិល្ប៍ និង​ដើម​ក្រូច​ជាបន្តបន្ទាប់គួរសមពីសំណាក់អ្នកកាត់ខ្សែស្រឡាយចិន ប៉ុន្តែមិន​សូវ​ច្រើន​ខ្លាំង​ដូច​រាល់​ឆ្នាំ​កន្លង​ទៅ​នោះ​ឡើយ។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយះពេល០៤ថ្ងៃ គិតពីថ្ងៃទី ១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មាន​ឈាម​ជ័រ​ជាប់​ខ្សែស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំ​សេច​ក្តី​សុខ​សប្បាយ ​និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែប​លក្ខណះ​​គ្រួសារ​រៀង​ៗ​ខ្លួន​៕ ​អត្ថបទ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងជំរុញឲ្យមានសកម្មភាពសកល ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នមេតាន
05/04/2026 06:05 PM
សារព័ត៌មានអ៊ីរ៉ង់៖ មីស៊ីល ២គ្រាប់ វាយប្រហារនាវាចម្បាំងអាមេរិកដែលព្យាយាមចូលច្រកសមុទ្រ Hormuz
05/04/2026 06:05 PM
របាយការណ៍៖ ការកាន់កាប់របស់អ៊ីស្រាអែល នៅហ្កាហ្សា ពង្រីកដល់ ៥៩% ទោះមានបទឈប់បាញ់ក្ដី
05/04/2026 06:05 PM
ម្រមុខណាតូ លោក Rutte និយាយថា បណ្តាប្រទេសនៅអឺរ៉ុប «បានទទួលសារ» ពីលោក Trump
05/04/2026 06:05 PM
ជនអន្តោប្រវេសន៍ ៤នាក់ ត្រូវបានគេប្រទះឃើញស្លាប់ នៅជិតព្រំដែនក្រូអាស៊ី និងស្លូវេនី
05/04/2026 06:05 PM
តុលាការអ៊ីរ៉ាក់កាត់ទោសមនុស្ស ៤នាក់ ឲ្យជាប់ពន្ធនាគារពីបទផ្សព្វផ្សាយគណបក្ស Baath ដែលត្រូវបានហាមឃាត់
05/04/2026 06:05 PM
ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិកត្រូវតែ «បោះបង់ចោលការទាមទារហួសហេតុរបស់ខ្លួន»
05/04/2026 06:05 PM
ឥណ្ឌូនេស៊ី និងជប៉ុនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ
05/04/2026 06:05 PM
ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារ នៅសាលារៀន ក្នុងប្រទេសទួរគី កើនឡើងដល់ ១០នាក់
05/04/2026 06:05 PM
មេដឹកនាំអ៊ុយក្រែន៖រដូវក្ដៅនេះគឺជាពេលវេលាដ៏សំខាន់ក្នុងការជំរុញលោក Putin ទៅរកផ្លូវការទូត
05/04/2026 06:05 PM