សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគតាមថ្នាលជាតិ មានទុនសរុបជិត ២២ ប៊ីលានដុល្លារ

2026/02/13 08:30:53 am        231
គិតត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលបានអនុម័ត មានចំនួនសរុបជាង ៥៤ ពាន់ក្រុមហ៊ុន-សហគ្រាស មានដើមទុនវិនិយោគចំនួនប្រមាណជាង ៩០ ទ្រីលានរៀល ត្រូវជិត ២២ ប៊ីលានដុល្លាអាមេរិក។យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល, គិតមកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ កម្ពុជាទទួល បានការចុះបញ្ជីតាមថ្នាលជាតិ មានចំនួនជាង ៥៤ ពាន់ក្រុមហ៊ុន/សហគ្រាស ដែលមានដើមទុនវិនិយោគប្រមាណជិត ៩០ ទ្រីលាន រៀល ត្រូវប្រមាណជិត ២២ ប៊ីលានដុល្លារអាមេរិក ដែលការចុះបញ្ជីនេះឃើញថា មានកំណើនកើនឡើងជាលំដាប់ ដោយប្រការទាំង នេះបានកំពុងបង្ហាញឲ្យឃើញពីវឌ្ឍនភាពនៃការរីកចម្រើន សម្រាប់ការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ក្នុងការប្រកួតប្រជែងប្រកបដោយ បរិយាបន្នរបស់ធុរកិច្ចគ្រប់ៗនៅកម្ពុជា។ជាក់ស្តែងគិតមកដល់រយៈពេលនេះ កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរួមមាន៖ សកម្មភាពអចលន- ទ្រព្យ ដោយប្រើប្រាស់អចលនទ្រព្យផ្ទាល់ខ្លួន ឬជួលពីគេ មានទឹកប្រាក់វិនិយោគប្រមាណ ១,៩២ ប៊ីលានដុល្លារ, សកម្មភាពសេវាកម្ម ស្នាក់នៅ ១,៦៤ ប៊ីលានដុល្លារ, ការសាងសង់អគារ ១,៥៥ ប៊ីលានដុល្លារ, កម្មន្តសាលសម្លៀកបំពាក់លើកលែងសម្លៀកបំពាក ធ្វើពីរោម ១,១៣ ប៊ីលានដុល្លារ, សកម្មភាពពិគ្រោះយោបល់ផ្នែកគ្រប់គ្រង ៩៤៨ លានដុល្លារ និងការចុះបញ្ជីរបស់ក្រុមហ៊ុនអាជីវកម្ម ផ្សេងៗទៀត មានចំនួនប្រមាណជាង ១៤ ប៊ីលានដុល្លារ។ចំពោះក្រុមហ៊ុន និងសហគ្រាសដែលទទួលបានចុះបញ្ជីច្រើនជាងគេរួមមាន៖ សកម្មភាពសេវាភោជនីយដ្ឋាន និងសេវាផ្គត់ ផ្គង់សេវាចល័ត មានចំនួន ៤,៨៨៣ សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗ ជាង ៣,០០០ សហគ្រាស, ការលក់ដុំទំនិញសម្រាប់ការ ប្រើប្រាស់ក្នុងផ្ទះ ២,៥៧៥ សហគ្រាស, ការសាងសង់អគារ ២,១៧១ ក្រុមហ៊ុន, ការលក់រាយទំនិញផ្សេងៗនៅក្នុងហាងឯកទេស ២,១១០ សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជិត ៤០ ក្រុមហ៊ុន-សហគ្រាស៕អត្ថបទ៖ សុន រ៉ាឌី

ជន​បបរទេស ៨៣៥នាក់​ទៀតត្រូវបានបណ្ដេញចេញ​ពីកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/02/12 06:56:10 pm        192
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៨៣៥នាក់ (ស្រី ២៦នាក់) មាន ១០សញ្ជាតិ រួមមាន កាមេរូន នីហ្សេរីយ៉ា លីប៊េរីយ៉ា ហ្វីលីពីន ម៉ាឡេស៊ី ចិន នេប៉ាល់ ប៉ាគីស្ថាន ឥណ្ឌា ឥណ្ឌូណេស៊ី ក្នុងនោះមានជនជាតិចិនចំនួន ៣១៩នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

កម្ពុជា-អាល្លឺម៉ង់បេ្តជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2026/02/12 05:39:27 pm        128
(ប្រទេសបារាំង)៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបប្រជុំទ្វេភាគីជាមួយលោកជំទាវ Garbel Kofler រដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (BMZ) ក្នុងឱកាសដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដែលបានរួមចំណែកធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈកាន់តែល្អប្រសើរឡើង។ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការខិតខំបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែមានវិសាលភាពទូលំទូលាយបន្ថែមទៀត សំដៅលើកកម្ពស់ផលិតភាព ការអភិវឌ្ឍជំនាញ ការពង្រឹងសមត្ថភាពរបស់អង្គការវិជ្ជាជីវៈខាងនិយោជក និងកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរបទពិសោធ បញ្ហាប្រឈម និងកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យទំនាក់ទំនងវិជ្ជាជីវៈផងដែរ៕

រដ្ឋមន្រ្តីសុខាភិបាល «សាមគ្គី បង្កើតបានកម្លាំងមួយដ៏រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗមានវឌ្ឍនភាពជានិរន្តរ៍»

2026/02/12 04:19:37 pm        189
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសរំលេចថា «ការសាមគ្គីរួបរួមគ្នាជាក្រុមក្នុងរូបភាពជាតួអង្គវេជ្ជសាស្រ្តតែមួយ គឺបង្កើតបានកម្លាំងមួយដ៏ធំ រឹងមាំ ដើម្បីធ្វើឱ្យវិជ្ជាជីវៈនីមួយៗ មានវឌ្ឍនភាពជានិរន្តរ៍»។​ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទវេជ្ជសាស្ត្រ សល្យសាស្រ្តប្រចាំឆ្នាំ លើកទី២៨ និងសិក្ខាសាលាវិទ្យាសាស្ត្រថែទាំ លើកទី១៥ ក្រោមប្រធានបទ៖ «ការអនុវត្តពហុជំនាញនៃវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ» នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៦នេះ។ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពីចំនុចដែលគួរចងចាំ ដូចជាគោលការណ៍សុវត្ថិភាពអ្នកជំងឺ «គ្មានគុណភាពឯណា បានមកពីសេវាដែលគ្មានសុវត្ថិភាពនោះទេ»។ សុវត្ថិភាពអ្នកជំងឺមិនមែនជាការងារបន្ថែមរបស់យើងនោះទេ វាគឺជាមូលដ្ឋានគ្រឹះនៃការថែទាំសំដៅគុណភាព។ សុវត្ថិភាពអ្នកជំងឺ គឺជាការងារជាប្រព័ន្ធមួយ ដែលចាប់ផ្តើមពីថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យគ្រប់កម្រិត ក្នុងការបណ្តុះភាពជាអ្នកដឹកនាំ កសាងវប្បធម៌សុវត្ថិភាព ជំរុញឱ្យបុគ្គលិកចូលរួមមតិយោបល់ ការកាត់បន្ថយកំហុសវេជ្ជសាស្ត្រតាមរយៈ ការអនុវត្តគោលការណ៍ណែនាំ ពិធីសារថែទាំព្យាបាល និងការទទួលខុសត្រូវលើតួនាទីរបស់អ្នកវិជ្ជាជីវៈ ក្នុងការរក្សាសុវត្ថិភាពអ្នកជំងឺ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់ថា តាមរយៈការជួបនេះ អ្នកចូលរួមនឹងទទួលបាននូវបទពិសោធន៍ល្អៗ ដើម្បីយកទៅអនុវត្ត ក្នុងការពិនិត្យ ព្យាបាលអ្នកជំងឺប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌ ស្របតាមផែនការយុទ្ធសាស្រ្តគន្លឹះ ៩ចំណុច និងអាទិភាព ៣ចំណុច និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងពោរពេញដោយសមត្ថភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។បើតាមឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត លើកឡើងថា ចំណុចពិសេសនៃការរៀបចំសន្និសីទ នាឆ្នាំ២០២៦នេះ មន្ទីរពេទ្យបានប្រមូលផ្តុំប្រធានបទដ៏ល្អៗពីវាគ្មិនថ្នាក់ជាតិ អន្តរជាតិ ដោយគ្របដណ្តប់លើគ្រប់ជំនាញទាំងអស់ ដែលមានប្រធានបទទាំងអស់សរុបចំនួនជាង ៥៧ប្រធានបទ ក្នុងនោះផ្នែកវេជ្ជសាស្ត្រ-សល្យសាស្ត្រមានចំនួន ៣៦ប្រធានបទ និងវិទ្យាសាស្ត្រថែទាំ មានចំនួន ២១ប្រធានបទ ដែលផ្តោតសំខាន់ទៅលើការលើកកម្ពស់ការព្យាបាល និងថែទាំ ចែក រំលែកនូវរបបគំហើញថ្មីៗ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជាពហុជំនាញ លើប្រធានបទសំខាន់ៗ។ អង្គពិធីនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី ប្រធានមន្ទីរពេទ្យជាតិ សាកលវិទ្យាល័យនានា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលចូលរួមផ្ទាល់ ចំនួន ២៤២នាក់ និងសមាសភាពតាមប្រព័ន្ធអនឡាញ Zoom ជាមន្រ្តី បុគ្គលិកសុខាភិបាល មន្ទីរពេទ្យសម្ព័ន្ធមេត្រីភាពខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងកំពង់ធំ សរុប ៦០៤នាក់៕ អត្ថបទ រដ្ឋា

​ រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា

2026/02/12 03:56:29 pm        233
​ប្រទេសកម្ពុជា ​ រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ (WFP) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែនកាលពីឆ្នាំ២០២៥។ កិច្ចព្រមព្រៀងនេះបានបញ្ជាក់ជាផ្លូវការនូវជំនួយជាសាច់ប្រាក់ចំនួន ២២១ លានយេនជប៉ុន (ដែលស្មីនឹង ១.៥ លានដុល្លារអាមេរិក) ពីរដ្ឋាភិបាលជប៉ុន ដើម្បីឧបត្ថម្ភ “គម្រោង គាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែន ក្នុងព្រះរាជាណាចក្រកម្ពុជា “ ដែលនឹងអនុវត្តដោយ WFP ចាប់ពីខែកុម្ភៈ ២០២៦ ដល់ខែកុម្ភៈ ២០២៧។កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការដោយ ឯកឧត្ដម អឺអិណុ អាហ្សឺហ្ស៉ី (Atsushi UENO) ឯកអគ្គរាជទូតពិសេសនិងមានសិទ្ធិពេញលេញនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី យ៉ុងណាន ផាក (Kyungnan PARK)​ តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និង ជាអនុប្រធានទីមួយនៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។គម្រោងនេះនឹងគាំទ្រការស្តារជីវភាពនិងអាហារូបត្ថម្ភឡើងវិញនៅខេត្តព្រះវិហារ និង ខេត្តឧត្ដរមានជ័យ ដែលសហគមន៍ត្រូវបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និង បន្តប្រឈមមុខនឹងផលលំបាកផ្សេងៗដែលបង្កដោយការខូចខាតប្រព័ន្ធហេត្ថារចនាសម្ព័ន្ធ  ការបាត់បង់ មុខរបរចិញ្ចឹមជីវិត​និងអសន្តិសុខស្បៀង បន្ទាប់ពី វិវាទនៅខែកក្កដា និងធ្នូ ឆ្នាំ ២០២៥ នៅតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។ កាលដែលស្ថានភាពជម្លោះបានកើនដល់កម្រិតក្តៅបំផុត នៅខែធ្នូ ឆ្នាំ ២០២៥ នោះ ប្រជាជន ច្រើនជាង ៦០០,០០០ ត្រូវរត់ភាសសឹក ហើយ កម្មករចំណាកស្រុកប្រមាណ៩០០,០០០ នាក់បានត្រឡប់មកពីប្រទេសថៃវិញ ដែលបានបន្ថែមបន្ទុកទៅលើ សេដ្ឋកិច្ចក្នុងសហគមន៍ និងសេវាសង្គម។តាមរយៈយន្តការជំនួយអាហារសម្រាប់កសាងរចនាសម្ព័ន្ធក្នុងសហគមន៍ឡើងវិញ គម្រោងនេះក៏នឹងអនុញ្ញាតឱ្យគ្រួសារដែលទទួលរងផលប៉ះពាល់​ អាចបំពេញតម្រូវការអាហារ និងអាហារូបត្ថម្ភរបស់ពួកគាត់ផង និងអាច​ ចូលរួមយ៉ាងសកម្មក្នុងការស្ដារឡើងវិញនូវហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ ដូចជា ផ្លូវថ្នល់ សាលារៀន ប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធទឹកស្អាតផង ។ អ្នកចូលរួមក្នុងគម្រោងនឹងទទួលបានអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់សម្រាប់ប្រើក្នុងការទិញម្ហូបដែលសម្យូរដោយអាហារូបត្ថម្ភ  ដើម្បីលើកកម្ពស់ទីផ្សារក្នុងសហគមន៍ និងពង្រឹងភាពមាំរបស់ក្រុមគ្រួសារពួកគាត់ ។ក្នុងរយៈពេល ១២ ខែ នៃគម្រោងនេះ គ្រួសារប្រមាណ ១,៥០០ ដែលត្រូវជា​ ចំនួនមនុស្សប្រមាណ ៦,០០០ នាក់ នឹង ទទួលបាន អត្ថប្រយោជន៍ផ្ទាល់ដូចជាអង្ករលាយមីក្រូសារជាតិ និង ប័ណ្ណប្រាក់ ប៉ុន្តែហេត្ថារចនាសម្ព័ន្ធក្នុងសហគមន៍ដែលបានស្ដារឡើងវិញនឹងអាចជួយបម្រើដល់ មនុស្សរាប់ពាន់នាក់ទៀត ។ ការយកចិត្តទុកដាក់ពិសេសនឹងត្រូវបានផ្តល់ឱ្យគ្រួសារភាសសឹក  កម្មករដែលត្រលប់មកពីប្រទេសថៃវិញ  ស្ត្រី កុមារ និងក្រុមមនុស្សដែលមានកង្វះអាហារូបត្ថម្ភ ។លោក ឯកឧត្តម អឺអិណុ អាហ្សឺហ្ស៉ី បានបញ្ជាក់ម្តងទៀតពីការប្តេជ្ញាចិត្ត របស់ជប៉ុនចំពោះកិច្ចខិតខំស្តារឡើងវិញរបស់កម្ពុជា៖ “តាមរយៈការសហការរបស់យើងជាមួយកម្មវិធីស្បៀង អាហារពិភពលោក (WFP) ខ្ញុំសង្ឃឹមយ៉ាងជ្រាលជ្រៅថាគម្រោងនេះ ដែលបានភ្ជាប់ជំនួយស្បៀង ជាមួយនឹងការស្តារជីវភាពឡើងវិញ នឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់ជួយអោយសហគមន៍ដែលរងផលប៉ះពាល់អាចស្តារឡើងវិញនូវជីវភាព និង កិត្តិយស របស់ពួកគាត់ឡើងវិញ។លោកស្រី យ៉ុងណាន ផាក (Kyungnan PARK)​ តំណាងប្រចាំប្រទេសនិងជានាយកប្រតិបត្តិនៃអង្គការ WFP បានលើកឡើងពីសារ:សំខាន់នៃវិធីសាស្ត្រសមាហរណកម្ម របស់គម្រោងនេះថាៈ “គម្រោងនេះដែលមានថវិកាផ្តល់ដោយរាជរដ្ឋាភិបាលជប៉ុន នឹងផ្តោតគោលដៅរួមបញ្ចូលគ្នារវាង ការធានាលើសន្តិសុខស្បៀង  ការលើកកម្ពស់អាហារូបត្ថម្ភ  ការធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅ និងការស្តារហេត្ថារចនាសម្ព័ន្ធរបស់សហគមន៍ឡើងវិញ ។ ដោយការរួមបញ្ចូលរវាងជំនួយស្បៀងបន្ទាន់ជាមួយនឹងការស្តារសហគមន៍ឡើងវិញ ពួកយើងកំពុងគាំទ្រគ្រួសារដែលរងផលប៉ះពាល់អោយអាចកសាងជីវិតរបស់ពួកគេ ឡើងវិញ ក្នុងខណៈដែលពួកគាត់កំពុងកសាង មូលដ្ឋានគ្រឹងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍ និង ការកសាង ស្ថិរភាពរយៈពេលវែងនៅតាមតំបន់ព្រំដែនកម្ពុជា។ឯកឧត្ដម គន់​ គីម  បានលើកឡើងពីសារ:សំខាន់នៃការសម្របសម្រួល និងការត្រៀមខ្លួនជាមុន ៖ “រាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ជំនួយគាំទ្រដ៏ទាន់ពេលវេលាមួយនេះពីប្រទេសជប៉ុន និងកម្មវិធីស្បៀងអាហារពិភពលោក ។ ការពង្រឹងហេត្ថារចនាសម្ព័ន្ធសហគមន៍ និង សមត្ថភាពមូលដ្ឋាគឺចាំបាច់ណាស់សម្រាប់ការស្ដារឡើងវិញនៅថ្ងៃនេះ និងសម្រាប់ជាការត្រៀមទុកជាមុនប្រឆាំងនឹងគ្រោះមហន្តរាយផ្សេងៗដែលអាចកើតមាននៅពេលអនាគតផងដែរ។”

ឯកឧត្តម សួស យ៉ារ៉ា បញ្ជាក់ជំហររឹងមាំរបស់កម្ពុជាជាមួយ UNESCO ក្នុងការបន្តប្រើប្រាស់ "ច្បាប់អន្តរជាតិ" និងយន្តការ "ពហុភាគីនិយម" ជាខែលការពារបេតិកភណ្ឌកម្ពុជា ក្នុងបរិបទបញ្ហាប្រឈមជាមួយប្រទេសជិតខាង​

2026/02/12 03:50:52 pm        140
ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា ក្នុងជំនួបការងារជាមួយ លោក Flavio Bonetti តំណាងថ្មីរបស់អង្គការ UNESCO ប្រចាំព្រះរាជាណាចក្រកម្ពុជា នាវិមានរដ្ឋសភា បានថ្លែងបញ្ជាក់ថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវ "ច្បាប់អន្តរជាតិ" និងយន្តការ "ពហុភាគីនិយម" ដោយចាត់ទុកជាអាវុធការទូតដ៏សំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ។ការបញ្ជាក់នេះធ្វើឡើងក្នុងបរិបទដែលកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលកន្លងមក។ ក្នុងជំនួបនោះ ឯកឧត្តម សួស យ៉ារ៉ា បានបង្ហាញនូវសារនយោបាយចំៗ និងច្បាស់លាស់ជាច្រើនពាក់ព័ន្ធនឹង បេតិកភណ្ឌជា "ស្ពានសន្តិភាព" និងការគោរពច្បាប់អន្តរជាតិ ដោយ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌដោយផ្អែកលើ "អនុសញ្ញាអន្តរជាតិ"។ ឯកឧត្តម ប្រធាន   គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា បានបញ្ជាក់ថា ការការពារសម្បត្តិវប្បធម៌មិនមែនធ្វើឡើងដើម្បីការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាជា "ស្ពាន  សន្តិភាព" ដើម្បីជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្រាប់ឆ្នាំ ២០២៦ នេះ ដែលជាខួបលើកទី ៧៥ នៃការចូលជាសមាជិក UNESCO របស់កម្ពុជា ឯកឧត្តមបានជម្រាបជូនតំណាងអង្គការ UNESCO ថា នេះគឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់បំផុត ដើម្បីបង្ហាញពិភពលោកអំពីសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការអភិរក្ស និងជាការរំលឹកដល់សហគមន៍អន្តរជាតិអំពី "កម្មសិទ្ធិស្របច្បាប់" នៃសម្បត្តិបេតិកភណ្ឌនានា ដែលកម្ពុជាបានចុះបញ្ជីរួចរាល់។ ពាក់ព័ន្ឋនឹង ការជំរុញឌីជីថល និងយន្តការសភា ឯកឧត្តម សួស យ៉ារ៉ា ក៏បានស្នើឱ្យអង្គការ UNESCO ចូលរួមចំណែកជួយជំរុញ ការតភ្ជាប់ឌីជីថលអាស៊ី-អឺរ៉ុប តាមរយៈគម្រោង "សារមន្ទីរឌីជីថល" ដើម្បីផ្សព្វផ្សាយការពិតនៃប្រវត្តិសាស្ត្រវប្បធម៌ខ្មែរទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ គ្រាដែល យន្តការសភា (AIPA) ឯកឧត្តមក៏ស្នើអោយមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ក្នុងតំបន់មេគង្គ និងអាស៊ី ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់ផងដែរ។ជាការឆ្លើយតប លោក Flavio Bonetti តំណាងថ្មីរបស់ UNESCO បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងបានសន្យាថានឹងបន្តផ្តល់ជំនួយបច្ចេកទេសលើការអភិរក្សវប្បធម៌ និង "គោលនយោបាយព័ត៌មាន" ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយកម្ពុជាការពារការពិតប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន អះអាងពីរការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះ​ដំណោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ និងប្រកបដោយភាពអព្យាក្រឹត្យ

2026/02/12 02:30:11 pm        209
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បាន​សម្តែង​ការអ​បអរសាទរ​ប្រទេស​ហ្វីលីពីន​ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន​ប្តូរវេន​ឆ្នាំ​២០២៦ និងបានបង្ហាញជំនឿថា តាមរយៈដំណើរ​បំពេញ​ទស្សនកិ​ច្ច​របស់​អគ្គ​មេ​បញ្ជា​ការ​កង​ទ័ព​ហ្វីលីពីន​នៅពេលនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិ​ការ​ថែម​ទៀត​រវាងកងទ័ពប្រទេសទាំងពីរ។ឯកឧត្តមបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr អគ្គមេបញ្ជាការនៃកងទ័ពហ្វីលីពីន នាថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២៦ នៅ​ក្នុង​ឱកាស​ដែល​ឯកឧត្តម​បាន​ដឹកនាំ​គណៈ​ប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ឯកឧត្តម បានកោតសរសើរចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម​របស់​អគ្គ​មេប​ញ្ជាការកងទ័ពហ្វីលីពីន ដែលបានចាត់បញ្ជូន​នាយទាហាន​ហ្វីលីពីន​មក​ចូល​រួម​ក្នុង​ក្រុម​សង្កេត​ការណ៍បណ្ដោះអាសន្នអាស៊ាន(IOT) ក៏ដូចជាក្រុមសង្កេតការណ៍អាស៊ាន (AOT) ក្នុង​ពេល​ប្រទេសម៉ាឡេស៊ីដឹកនាំការអនុវត្តបទឈប់បាញ់ ជាពិសេសឆន្ទៈ​មុត​ស្រួច​របស់​នាយ​ឧត្តម​សេនីយ៍​ ក្នុងការបន្តបេសកកម្មពីម៉ាឡេស៊ី ដើម្បីស្វែងរកដំណោះស្រាយជម្លោះនេះ ដែល​កំពុង​មាន​ភាព​ផុយស្រួយ។ឯកឧត្តម បានជំរាបជូនពីស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ទាំងអំឡុង​ក្រោយ​ពេល​ឈប់​បាញ់​លើកទី១ និងលើកទី២ និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយ​ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ តាម​ច្បាប់​អន្តរជាតិ​។ឯកឧត្តម បានស្នើដល់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បន្តជួយ​សម្រប​សម្រួល​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹង និងកសាងទំនុកចិត្តគ្នាឡើងវិញ បន្ត​ពង្រឹង​តួនាទី​ក្រុមសង្កេតការណ៍អាស៊ានក្នុងការផ្ទៀងផ្ទាត់ និងធានាការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព តាមសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ថ្ងៃ​ទី២៧ ធ្នូ ឆ្នាំ២០២៥។ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr បាន​ថ្លែងអំ​ណរ​គុណ​ដល់​ឯកឧត្តម​ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងផ្ដល់បទ​បង្ហាញ​យ៉ាង​លម្អិតពាក់ព័ន្ធស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យឯកឧត្តមបាន​យល់​កាន់​តែ​ច្បាស់​ពី​ស្ថាន​ភាព​ពិតជាច្រើន។ឯកឧត្តម បានគូសបញ្ជាក់ថា អ្នកដឹកនាំ (AOT) គឺមានតួនាទីសំខាន់ និងទទួលខុសត្រូវខ្ពស់ ដែល​ចាំ​បាច់ត្រូវធ្វើការពិនិត្យកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ដើម្បី​បង្ហាញ​ដល់​ភាគី​ទាំង​ពីរ​សុំ​ការ​យល់​ស្រប ហើយភាគីហ្វីលីពីន​នឹង​ចាប់​ផ្ដើម​ធ្វើ​កិច្ច​ការ​នេះ​ប្រកប​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ ​និងធានាឲ្យបាននូវភាពអព្យាក្រឹត។តាមគម្រោងនៃដំណើរទស្សនកិច្ចនេះ នៅថ្ងៃទី ១៣កុម្ភៈ ស្អែកនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S Brawner Jr នឹងអញ្ជើញ​ចុះទៅត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយ​មានជ័យ ព្រមទាំងស្ដាប់ការធ្វើបទបង្ហាញពីក្រុម ( AOT) ផងដែរ៕

ក្រសួងសាធារណការ៖ ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រារួចរាល់​នឹងជំរុញ​សេដ្ឋកិច្ច​រីកចម្រើន

2026/02/12 01:49:20 pm        300
គម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជិត៦០ភាគរយ ដោយ គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ។ បន្ទាប់ពីស្ពាននេះ ត្រូវបានសាងសង់រួចរាល់ វានឹង​ក្លាយ​ជាចំណែកមួយ ជួយជំរុញឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែម។ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១២ខែកុម្ភនេះ បាន​ប្រាប់BTVឲ្យដឹងថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២៦នេះ គម្រោងសាងសង់​ស្ពានឆ្លង​ទន្លេបាសាក់​ចាក់​អង្រែក្រោម-ព្រែកប្រា សម្រេចបាន ៥៨,២២ % ដែលក្នុង​មានដូចជា៖ ផ្នែក​គ្រឹះស្ពាន រចនាសម្ព័ន្ធក្រោមស្ពាន និងបណ្តាញ ផ្លូវតភ្ជាប់ជាដើម។ ឯកឧត្តមបានបន្តទៀតថា ពេលស្ពាននេះសាងសង់រួច នឹងផ្តល់​អត្ថ​ប្រយោជន៍​ជាច្រើន​រួម​មាន៖ កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​លើស្ពានព្រះមុនីវង្សឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ។ ជួយ​ពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិតេជោក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និង​ភស្តុភារ​កម្មនៅក្នុងតំបន់រាជធានីភ្នំពេញ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។ពលរដ្ឋរស់​នៅក្បែរស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបង្ហាញអារម្មណ៍រីករាយ និងជឿជាក់ថា បន្ទាប់​ពីស្ពាននេះ សាងរួចរាល់រាល់ នឹងជួយការបន្ថយការកកស្ទុះចរាចរណ៍ និងធ្វើ​ឲ្យ​សេដ្ឋកិច្ច​រីក​ចំរើន​។ស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាង់សងនៅថ្ងៃទី១៩ខែកុម្ភៈ ឆ្នាំ​២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា។ ស្ពាននេះ ប្រើប្រាស់ថវិកា​សាង​សង់​ជាង ៦០​លាន​ដុល្លារ​អាមេរិក ​និងតាមការគ្រោងទុកប្រើរយៈពេលសាងសង់៤២ខែ៕ អត្ថបទ៖ ទូច សោភ័ណ

អន្តរក្រសួងប្រជុំកំណត់ព្រំប្រទល់ដីអាងទឹក និងព្រែកចំនួន១២ទីតាំងក្នុងខេត្តស្វាយរៀង

2026/02/12 01:40:13 pm        181
នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យករណីស្នើសុំកាត់ឆ្វៀលក្បាលដីចំនួន៨៥៥ក្បាលដីជូនប្រជាពលរដ្ឋ និងស្នើសុំចុៈបញ្ជីដីរដ្ឋលើទីតាំងអាងទឹកនិងព្រែកចំនួន១២ទីតាំងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នៅសាលប្រជុំនៃរដ្ឋបាលស្រុករមាសហែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។សូមជម្រាបថា អាងទឹក និងព្រែកទាំង ១២ ទីតាំង មានផ្ទៃដីសរុបទំហំ ៦ ២៣៥,៩៣ ហិកតា។ កន្លងមកមានការកាត់ឆ្វៀលចេញពីអាងទឹកនូវក្បាលដីដែលបានចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធនិងចេញបណ្ណកម្មសិទ្ធិរួច មានផ្ទៃដី សរុបទំហំ ៣២,១៧ ហិកតា និងកាត់ហេដ្ឋារចនាសម្ព័ន្ធ មានផ្ទៃដីសរុបទំហំ ៤៣,៤១ ហិកតា។ គណៈកម្មាធិការអាងទន្លេខេត្តស្វាយរៀង បានស្នើសុំកាត់ឆ្វៀលក្បាលដីអាស្រ័យផលចំនួន ៨៥៥ ក្បាលដី ទំហំសរុប ៣៧២,២១ ហិកតា ជូនប្រជាពលរដ្ឋ ចំនួន ៨៥៥ គ្រួសារ និង រក្សាទុកផ្ទៃអាងទឹក និងព្រែក ទំហំសរុប ៥ ៧៨៨,១៤ ហិកតា ចុះបញ្ជីជូនក្រសួងធនធានទឹក និងឧតុនិយម៕

សមាគមទេសចរណ៍កំពុងចូលរួមអនុវត្តយុទ្ធសាស្ត្រក្រសួងទេសចរណ៍ ដើម្បីជំរុញកំណើនទេសចរឆ្នាំ២០២៦

2026/02/12 01:34:33 pm        167
សមាគមនានានៅក្នុងវិស័យទេសចរណ៍ បានបង្ហាញសកម្មភាពចូលរួមអនុវត្តផែនការ​យុទ្ធសាស្ត្រ ៦​ចំណុចធំៗរបស់ក្រសួងទេសចរណ៍ ដើម្បីបង្កើន​ភាព​ទាក់​ទាញ​ទេសចរ​អន្តរជាតិ​ពី​ប្រទេស​នានា​មក​ទស្សនាកម្ពុជា។លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិក PATA ប្រចាំនៅកម្ពុជា បាន​ប្រាប់ BTV នៅថ្ងៃទី១២ ខែកុម្ភៈ នេះថា សមាគម PATA ប្រចាំនៅកម្ពុជា ក៏ដូច​បណ្តា​សមាគម និងប្រតិបត្តិករទេស ចរណ៍នានាទៀត បានគាំទ្រផែនការយុទ្ធសាស្ត្រអាទិភាព ចំនួន​៦​ចំណុច​ ក្នុងនោះ សមាគម PATA នៅក្នុង ឆ្នាំ២០២៦នេះ បានធ្វើ​សកម្មភាព​ជា​ច្រើន​ស្រប​តាម​ផែន​ការ​យុទ្ធសាស្ត្រទាំងនោះ ជាពិសេសការធ្វើសកម្មភាព ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា តាមរយៈប្រព័ន្ធDIGITAL នៅតាមបណ្តាប្រទេសគោលដៅឆ្ងាយៗ បន្ថែមលើនេះPATA នឹងរៀប​ចំ​ជំនួប​ធុរកិច្ចទេសចរណ៍កម្ពុជា CTM ជាមួយនឹងទីផ្សារឥណ្ឌូនេស៊ី សិង្ហបូរី ចិន កូរ៉េ ជប៉ុន និង​ទីផ្សារ​បណ្តាប្រទេសនៅតំបន់អឺរ៉ុប អាមេរិច និងមជ្ឈឹមបូពាហ៍។ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងសន្និបាតបូក​សរុប​លទ្ធផល​ការងារ​វិស័យ​ទេសចរណ៍ឆ្នាំ២០២៥កាលពីពេលថ្មីៗ បានបង្ហាញផែនការសកម្មភាពជាច្រើន ដែលត្រូ​វ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ២០២៦ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក្នុងនោះផែន​ការ​ជា​យុទ្ធ​សាស្ត្រ​ចំនួន ៦ចំណុចធំៗ ត្រូវបាន ផ្តល់អាទិភាពរួមគ្នាអនុវត្តរួមមាន៖ (១) ពង្រឹងយុទ្ធសាស្ត្រ​សិក្សា​ទី​ផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស តាមរយៈការលើក​កម្ពស់​កិត្តិនាម​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។ (២) ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាតិ និងអន្តរជាតិ។ (៣) សម្រួល​ការធ្វើដំណើរចូល-ចេញប្រទេសកម្ពុជា និងការតភ្ជាប់ការធ្វើដំណើរ។ (៤) ពង្រឹងការគ្រប់​គ្រង​គុណភាពឧស្សាហកម្មទេសចរណ៍។ (៥) អភិវឌ្ឍផលិតផល​ទេសចរណ៍​កម្ពុជា​ឱ្យ​សម្បូរបែប និងមានភាពទាក់ទាញ និង(៦) ការផ្សព្វផ្សាយទេសចរណ៍ក្នុងស្រុក និង​ការ​រៀប​ចំ​ព្រឹត្តិការណ៍ទេស ចរណ៍។តាមរយៈអនុវត្តយុទ្ធសាស្ត្រនេះ ប្រសិនបើពិភពលោកមិន​មាន​ស្ថាន​ការណ៍​នៃ​និន្នាការ​មិន​ប្រាកដ​ប្រជា ដែលបណ្តាលមកពីកត្តាសង្គ្រាម ភាពវឹកវរផ្នែកសេដ្ឋកិច្ច ការប្រកួតប្រជែងមហាអំណាច គ្រោះ​ធម្មជាតិ ការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា និង​មិន​មាន​បញ្ហា​ប្រឈម​ដូចជា ការប្រែប្រួលស្ថានភាពទីផ្សារទេសចរណ៍សកលលោក និងតំបន់ បណ្ដាល​មក​ពី​ភូមិ​សាស្ត្រ​នយោបាយ សេដ្ឋកិច្ច សន្តិសុខបច្ចេកវិទ្យាជាដើមនោះទេ នោះវិស័យទេសចរណ៍​នៅ​កម្ពុជា​ នឹងមានភាពល្អប្រសើរ ពិសេសគឺមានទេសចរអន្តរជាតិ នាំគ្នាមកទស្សនា​ច្រើន​កើន​លើស​ឆ្នាំ​២០២៤ទៅទៀត៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM