សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញពិនិត្យវឌ្ឍនភាពគម្រោងវះកាត់បេះដូងកុមារ នៅមន្ទីរពេទ្យកុមារជាតិ

2026/02/12 01:28:01 pm        548
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកមន្ទីរពេទ្យកុមារជាតិដើម្បីពិនិត្យវឌ្ឍនភាពការងារគម្រោងវះកាត់បេះដូងកុមារ ដែលជាកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិ និងសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ។ គម្រោងដ៏វិសេសវិសាលនេះ ត្រូវបានបង្កើតឡើង និងអនុវត្តក្នុងគោលបំណងជួយព្យាបាលដល់កុមារទាំងឡាយដែលមានជំងឺបេះដូងពីកំណើត រួមទាំងជំងឺបេះដូងផ្សេងៗ តាមរយៈព្យាបាលវះកាត់ដោយមិនគិតថ្លៃ ដើម្បីផ្តល់មកវិញនូវសុខុមាលភាព និងជិវិតដ៏ត្រចះត្រចង់។ គម្រោងនេះ ក៏ជួយបណ្តុះបណ្តាលបន្ថែមតាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងវេជ្ជបណ្ឌិតកម្ពុជា និងវេជ្ជបណ្ឌិតអាមេរិក ការជួយទ្រទ្រង់ផ្នែកឧបករណ៍បច្ចេកទេសវះកាត់ និងការជួយគាំទ្រផ្នែកស្មារតីគ្នាជាដើម។ឆ្លៀតក្នុងវេលានេះ លោកជំទាវបណ្ឌិត បានអញ្ជើញសួរសុខទុក្ខកុមារដែលកំពុងសម្រាកព្យាបាលជំងឺ ដោយ លោកជំទាវបណ្ឌិត បានភ្ជាប់មកជាមួយប្រសាសន៍សួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផងដែរ។ លោកជំទាវបណ្ឌិត ថែមទាំងបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ គិលានុបដ្ឋាក បុគ្គលិកមន្ទីរពេទ្យ រួមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) ដែលកំពុងបម្រើការក្នុងគម្រោងនេះ។ជាក្តីថ្លែងអំណរគុណ លោកជំទាវបណ្ឌិត សូមអរគុណចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយគុណភាព និងក្តីស្រឡាញ់ដល់កុមារកម្ពុជា និងសូមជូនពរឱ្យ គម្រោងវះកាត់បេះដូងកុមារ ដំណើរការដោយរលូន និងជោគជ័យ៕

ការតភ្ជាប់ចរន្តអគ្គិសនីទៅតាមលំនៅឋានប្រជាពលរដ្ឋសម្រេចបាន ៩៥,៨៨% នៅទូទាំងប្រទេស

2026/02/12 01:25:24 pm        208
គិតត្រឹមចុងឆ្នាំ២០២៥កន្លងទៅនេះ ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋ សម្រេចបាន ៩៥,៨៨% ទូទាំងប្រទេស។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្តនៅឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ។ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានលើកឡើងថា ការតភ្ជាប់ចរន្តអគ្គិសនីជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ បន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែងនៅចុងឆ្នាំ ២០២៣ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋមានចំនួនជាង ៣លាន ៤សែន ស្មើ៩៤,០២%។ មកដល់ចុងឆ្នាំ២០២៤ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៥សែន លំនៅឋាន ស្មើ ៩៥, ២៤%។ សម្រាប់ចុងឆ្នាំ ២០២៥ ដែលទើបកន្លងផុតទៅនេះវិញ ការភ្ជាប់ចរន្តអគ្គិសនីឱ្យលំនៅឋានប្រជាពលរដ្ឋ កើនដល់ជាង ៣លាន ៧សែនលំនៅឋាន ស្មើ ៩៥,៨៨% គឺកើនជាង ១សែនខ្នងផ្ទះ ស្មើ ០,៦៤%។ទន្ទឹមនឹងមានកំណើននៃការតភ្ជាប់ចរន្តអគ្គិសនីជូនលំនៅឋានប្រជាពលរដ្ឋនេះ ថាមពលអគ្គិសនីក៏សម្រាប់ការផ្គត់ផ្គង់ក៏មានការកើនឡើងដែរ។ ឯកឧត្តម ប្រធានអាជ្ញាធរអគ្គិសនិកម្ពុជា បានលើកឡើងដែរថា អានុភាពសរុបនៃប្រភពអគ្គិសនីដែលបានអភិវឌ្ឍ មានការកើនឡើងពី ៤ ៦៤៩ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៣ ដល់ ៥ ១៨៣ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៤ និងដល់ ៥ ៩៣២ មេហ្កាវ៉ាត់ នៅចុងឆ្នាំ២០២៥។ ជាមួយគ្នានេះ ល្បាយនៃថាមពលកកើតឡើងវិញ បានកើនឡើងពី ២ ២៧៧ មេហ្កាវ៉ាត់ ស្មើជាង ៥៧% នៅចុងឆ្នាំ២០២៣ ដល់ ២ ៨១១ មេហ្កាវ៉ាត់ ស្មើជាង ៦២% នៅចុងឆ្នាំ២០២៤ និងឡើងដល់ ៣ ៣២៥ មេហ្កាវ៉ាត់ ស្មើជាង ៦៣% នៅចុងឆ្នាំ២០២៥។ក្នុងសន្និបាតដដែលនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានលើកឡើងពីវឌ្ឍនភាពនៃការទទួលបានគម្រោងវិនិយោគថាមពលអគ្គិសនីនៅកម្ពុជា ដោយឯកឧត្តមលើកឡើងថា នៅឆ្នាំមុនកម្ពុជាទទួលបានការអនុវត្តគម្រោងវិនិយោគរហូតដល់ ២៤គម្រោង ដែលរាប់បញ្ចូលទាំងវារីអគ្គិសនី ថាមពលដើរពន្លឺព្រះអាទិត្យ ថាមពលដើរដោយខ្យល់ និងថាមពលដើរដោយជីវម៉ាស។ លើសពីនេះក្រសួងកំពុងសិក្សាលើគម្រោងជាច្រើនបន្ថែមទៀត សម្រាប់អនាគតនៃវិស័យថាមពលអគ្គិសនីនៅកម្ពុជាផងដែរ។ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល ឯកឧត្តម កែវ រតនៈឯកឧត្តមបានអះអាងថា កម្ពុជាមានឯករាជ្យ និងសន្តិសុខលើវិស័យថាមពល។ បច្ចុប្បន្នកម្ពុជា ក៏បានក្លាយជាប្រទេសទី២ ដែលមានអាត្រាថាមពលស្អាតខ្ពស់ជាងគេ ដែលនេះជាការបោះជំហានដ៏ប្រសើរក្នុងឆ្ពោះទៅសម្រេចគោលដៅ ថាមពលស្អាតយ៉ាងតិច ៧០% នៅឆ្នាំ ២០៣០៕ អត្ថបទ៖ គឹមហុក  

មន្រ្ដីជាន់ខ្ពស់អាជ្ញាធរមីន៖ ការស្នេហាជាតិមិនមែនជាការបង្កជម្លោះនោះទេ ប៉ុន្តែ​ជា​ការ​គោរព​ស្រឡាញ់ ​និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជនដោយតម្កល់ផលប្រយោជន៍ជាតិជាធំ

2026/02/12 01:13:35 pm        203
នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេស​រដ្ឋ​មន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញ​ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ខែ​មករា ឆ្នាំ២០២៦ របស់អគ្គលេខាធិការដ្ឋានអាជ្ញាធរមីន។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានមានប្រសាសន៍ថា បច្ចុប្បន្ន បូរណភាពទឹកដី សន្តិភាព និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា កំពុងប្រឈមនឹងការរំលោភបំពានពីប្រទេសថៃ ក្នុងនោះ​បញ្ហា​មីន ក៏ត្រូវបានយកមកធ្វើជាឧបករណ៍នយោបាយដើម្បីបង្កជម្លោះ និងបង្កភាព​តាន​តឹង​ជាមួយ​ប្រទេស​កម្ពុជាផងដែរ។ ពាក់ព័ន្ធនឹងស្ថានការណ៍នេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លើកឡើងថា ក្នុងនាមជាជាតិសាសន៍ខ្មែរតែមួយ យើងត្រូវបន្តរួបរួមគ្នា បង្ហាញភាពខ្លាំង រក្សាសេចក្តីថ្លៃថ្នូរ និងដោះស្រាយបញ្ហាទាំងឡាយដោយមានការប្រុងប្រយ័ត្នខ្ពស់ ហើយការស្នេហាជាតិ មិនមែនជាការបង្កជម្លោះ ឬការជំរុញអារម្មណ៍ឱ្យក្តៅគគុកនោះទេ ប៉ុន្តែជាការគោរព ស្រឡាញ់ និងមានភក្តីភាពចំពោះប្រទេសជាតិ និងប្រជាជន ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់ និងដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យសកម្មភាពមីននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការឆ្លើយតបនិងវាយបកទៅនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃ។ កិច្ចការនេះ បានធ្វើឱ្យវិស័យសកម្មភាពមីន ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់មជ្ឈដ្ឋាន។ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានជំរុញបន្ថែមឱ្យថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិកអាជ្ញាធរមីន បន្តលើកកម្ពស់វិស័យសកម្មភាពមីនឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្ពោះទៅរកឧត្តមភាពខ្ពស់។ ឯកឧត្តមបានណែនាំឱ្យពង្រឹងតួនាទីនិងភារកិច្ចភាពជាអ្នកដឹកនាំ បង្កើនសមត្ថភាព គោរពវិន័យការងារ និងបង្កើនភាពឆ្នៃប្រឌិតក្នុងការបំពេញបេសកកម្ម។ ឯកឧត្តមក៏លើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ មានគំនិតផ្តួចផ្តើម មានស្មារតីទទួលខុសត្រូវ និងភាពសកម្មក្នុងការរៀបចំ និងអនុវត្តគម្រោងប្រចាំថ្ងៃ ដោយផ្អែកលើគោលការណ៍តម្លាភាព ប្រសិទ្ធភាព និងលទ្ធផលជាក់ស្តែង។ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការងារសកម្មភាពមីន មិនមែនត្រឹមតែជាកិច្ចការអនុវត្តន៍គម្រោងប៉ុណ្ណោះទេ ប៉ុន្តែជាការងារមានតម្លៃមនុស្សធម៌ខ្ពស់ សង្រ្គោះអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅ និងស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូ និងសិទ្ធិសេរីភាពររបស់ប្រជាពលរដ្ឋកម្ពុជា៕

សន្និបាតថ្ងៃទីពីររដ្ឋមន្រ្ដីក្រសួងអប់រំ ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ពីឱកាសសិក្សាជំនាញបច្ចេកទេសផ្សេងៗ

2026/02/12 01:11:03 pm        202
ភ្នំពេញ៖ នៅក្នុងសន្និបាតថ្ងៃទីពីរ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៃសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡាប្រចាំឆ្នាំ២០២៦៖ ដោយបានពិភាក្សាលើ វេទិកាទី២ ស្តីពី «អភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្ម និងកំណើនសេដ្ឋកិច្ច» ក្នុងឱកាសនោះ រដ្ឋមន្រ្ដីក្រសួងអប់រំ ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ពីឱកាសសិក្សាជំនាញបច្ចេកទេសផ្សេងៗ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន វាយតម្លៃខ្ពស់ចំពោះភាពវាងវៃរបស់អ្នកសម្របសម្រួលនៃអង្គវេទិកា និងវាគ្មិនជំនាញ ដែលបានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ប្រកបដោយខ្លឹមសារ បានបំផុសសំនួរ និងឆ្លើយតបនឹងចម្ងល់របស់អង្គសន្និបាទយ៉ាងល្អប្រសើរ ទន្ទឹមនឹងនេះ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមជាសំនួរ និងមិតយោបល់របស់សាធារណៈជន ក៏ដូចជាអ្នកពាក់ព័ន្ធលើវិស័យអប់រំទាំងអស់ តាមរយៈការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគូសបញ្ជាក់នូវការគាំទ្រដល់ការលើកឡើងរបស់អ្នកចូលរួមតាមរយៈការផ្សាយផ្ទាល់ថា ពិតជាចាំបាច់ដែលត្រូវបង្តើតឱ្យមានការស្រាវជ្រាវឱ្យបានច្រើន និងទូលំទូលាយដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត(AI) ជំរុញការធ្វើនវានុវត្តន៍ពីការសិក្សាដោយផ្អែកលើលទ្ធផលសិក្សា(Outcome Based Education) និងស្នើឱ្យបង្កើនការប្រឹក្សាយោបល់ដល់សិស្សនៅតាមសហគមន៍ ពីឱកាសសិក្សា ជាពិសេសពាក់ព័ន្ធនឹងជំនាញបច្ចេកទេសផ្សេងៗ។ ពាក់ព័ន្ធនឹងចម្ងល់ថា “តើ AI អាចអានសិលាចារឹកបានដែរទេ?” ឯកឧត្តមបណ្ឌិតបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានឆ្លើយតបថា បច្ចុប្បន្ន AI នៅមិនទាន់អាចអានសិលាចារឹកបានទេ ដោយសារ AI ត្រូវបានរៀបចំទៅតាមម៉ូដែល ដែលបញ្ចូលព័ត៌មាន និងឯកសារជាក់លាក់ បើទោះជាវាអាចប្រើបកប្រែភាសាជាច្រើនបាន ក្នុងនោះក៏មានភាសាខ្មែរផងដែរ ហើយជាក់ស្តែងយើងនៅតែអាចបែងចែកដាច់រវាង ការឆ្លើយតបរបស់ AI និងមនុស្សមែនទែន យ៉ាងណាមិញសម្រាប់ថ្ងៃអនាគត ពេលដែល AI កាន់តែរីកច្រើននោះប្រហែលជាអាច។ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសដល់បុគ្គលិកអប់រំខេត្តទាំង៧ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនជាមួយប្រទេសថៃ ដែលនៅតែបន្តការប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ជម្នះរាល់ការលំបាក ដើម្បីផ្តល់សេវាអប់រំដល់សិស្សានុសិស្សគ្រប់កាលៈទេសៈប្រកបដោយភាពអំណត់អត់ធ្មត់ និងភាពបត់បែនក្នុងបរិបទជាក់ស្តែង ស្របតាមទស្សនៈ “ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង” ដែលសបញ្ជាក់ឱ្យឃើញពីស្មារតីអប់រំ ស្មារតីឯកភាពសាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ជ្រាលជ្រៅ។គួរបញ្ជាក់ដែរថា សន្និបាតអប់រំប្រចាំឆ្នាំ២០២៦នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ និងមានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បី​សម្រប​សម្រួល​​​ដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

2026/02/12 01:07:56 pm        339
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីក រាយ ដែលបានជួប ជាមួយ ឯកឧត្តមអគ្គមេ បញ្ជាការជាថ្មីម្តងទៀត។ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការ ក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ នូវការវិវត្តថ្មីៗ នៃសភាព ការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។ ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ៕

ស្នងការដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យ ជួយជនជាតិឥណ្ឌូនេស៊ី ៣នាក់ ចេញ​ពី​កន្លែង​ធ្វើ​ការ​នៅ​​ក្រុង​ប៉ោយប៉ែត បន្ទាប់ពីពួកគេស្នើសុំកិច្ចអន្តរាគមន៍ចង់ត្រឡប់ទៅប្រទេសកំណើតវិញ

2026/02/12 01:02:02 pm        270
កម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានជួយជនជាតិឥណ្ឌូនេស៊ី ចំនួន​៣នាក់ ចេញពីកន្លែងបំពេញការងារក្នុងក្រុងប៉ោយប៉ែត បន្ទាប់ពីពួកគេបានអះអាងថា ម្ចាស់​ទីតាំង​មិន​បានប្រព្រឹត្តអំពើហិង្សា ប៉ុន្តែបានបដិសេធមិនអនុញ្ញាតឱ្យពួកគេចាកចេញ ក្នុង​គោល​ដៅ​វិល​ត្រឡប់ទៅប្រទេសកំណើតវិញ។ កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៦។ គួររំលឹកបន្តិចថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ីទាំង៣រូប ក្រុម​អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្ដល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ កម្លាំងជំនាញ​ចម្រុះ​នៃ​ក្រុម​ប្រតិបត្តិការ​ស៊ើប​អង្កេត​ស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោមការសម្របសម្រួលផ្ទាល់ពីលោក សំរិទ្ធ សុខុន ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អម​សាលាដំ​បូងខេត្ត បានចុះអនុវត្តវិធានការស៊ើបអង្កេតតាមរយៈប្រព័ន្ធ GPS ដែលមានក្នុង​បណ្តឹង​។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងជនទាំងនោះ នៅអគារស្នាក់នៅមួយកន្លែង ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានសម្រួល ជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ (ក្នុងនោះមានស្រី ១នាក់) ចេញពីទីតាំងនោះប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីការរំដោះ នៅថ្ងៃដដែលនោះ កម្លាំងជំនាញបាននាំខ្លួនជនជាតិបរទេសទាំង ៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺជុំវិញករណីនេះ។ ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ បានឱ្យដឹងថា ពួកគេបានចូលមកប្រទេសកម្ពុជាដោយស្របច្បាប់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបម្រើការងារជាបុគ្គលិកហាងបាយនៅក្នុងអគារខាងលើ។ ជនរងគ្រោះបានបញ្ជាក់បន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ គឺពុំមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែមូលហេតុដែលនាំឱ្យមានការប្តឹងសុំកិច្ចអន្តរាគមន៍សង្គ្រោះនេះ គឺដោយសារពួកគាត់មានអាការៈនឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺនៅឯស្រុក ទើបចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ។ គួរបញ្ជាក់ថា ជនជាតិឥណ្ឌូនេស៊ីទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ JUNI TINUNGKI ភេទប្រុសកើតថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២ អាយុ ៣៤ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088054 ទី២. ឈ្មោះ RIO DWI PUTRA LUMINTANG ភេទប្រុស កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៦ អាយុ ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E4401875 និងទី៣. ឈ្មោះ JESIKA ANGGREINI SIAGE ភេទស្រី កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧ អាយុ ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ X6088055៕ 

អ្នកនាំពាក្យ៖ កម្ពុជាមិនអាចទទួលយកបាន និងមិននៅស្ងៀម​ជាដាច់ខាតចំពោះ​ទង្វើឈ្លាន​ពាន​របស់​ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា

2026/02/12 12:54:50 pm        250
ការតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ទទួល​យក​បាន និងមិននៅស្ងៀម​ជាដា​ច់ខា​ត​ចំពោះ​មុខ​សកម្មភាព​រំលោភ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុ​ជាដោយយោធាថៃ និងកំពុងជំរុញឱ្យ​មាន​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ដោយ​សន្តិវិធី។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ នៅក្នុងសន្និសីទ​សារព័ត៌មាននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិការអន្តរជាតិ បានតវ៉ាយ៉ាងខ្លាំងជាថ្មីម្តងទៀត នៅពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់ជាបន្តបន្ទាប់របស់កងកម្លាំងប្រដាប់អាវុធថៃ នៅក្នុង​​តំបន់​មួយ​ចំនួនក្នុងខេត្តបន្ទាយមានជ័យ នៃប្រទេសកម្ពុជា ដែលថៃបានកាន់​កាប់​ទាំង​បំពាន​ដោយ​ប្រើ​កម្លាំងយោធា។ ការតវ៉ានេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពីអាជ្ញាធរមូលដ្ឋានថា ហេដ្ឋា​រចនាសម្ព័ន្ធស៊ីវិល និងអគាររដ្ឋបាលមួយចំនួនទៀត ត្រូវបានយោធាថៃ​វាយ​កម្ទេច​បំផ្លិច​បំផ្លាញ​នៅ​តំបន់​បឹងត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង ៣៦ ក្នុងស្រុកថ្មពួក។ នៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលស្ថិតនៅចន្លោះ បង្គោលព្រំដែនលេខ ៤៦ និង៤៧ មានការជីកប្រឡាយ និងសាងសង់ផ្លូវមួយខ្សែ ព្រមទាំងការចាក់ដីលុបស្រះទឹក។សកម្មភាពទាំងដែលបានកែប្រែភូមិសាស្ត្រនៃតំបន់នោះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់ចំពោះការកាន់កាប់ដោយខុសច្បាប់នៃទឹកដីកម្ពុជា។ ទង្វើទាំងនេះបំពានលើធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាននិងចំណុចទី១នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្តីពី វិធានការបន្ធូរបន្ថយភាពតានតឹង ក៏ដូចជាកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការព្រំដែន ចម្រុះកម្ពុជា-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ឯកឧត្តមបានបន្តថាទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់កម្លាំងប្រដាប់អាវុធថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួនក្នុងការស្វែងរកដំណោះស្រាយចំពោះជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈមធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា ការតវ៉ាជាផ្លូវការនិងជាបន្តបន្ទាប់នេះបង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជាមិនអាចទទួលយកបាននិងមិននៅស្ងៀមជាដាច់ខាតចំពោះមុខសកម្មភាពរំលោភបំពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា និងកំពុងជំរុញឱ្យមានដំណោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដោយសន្តិវិធីតាមស្មារតីនៃសេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុចទី៣ ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចំរុះព្រំដែនបន្តអនុវត្តការងារវាស់វែងនិងខ័ណ្ឌ សីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនដូចការប្តេជ្ញាចិត្តដែលបានបង្ហាញក្នុងសេចក្តីប្រកាសរួមនេះ។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរដាច់ខាតក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕  

រដ្ឋមន្រ្ដីក្រសួងការងារដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជា ចូលរួមវេទិកាស្តីពីការលើក​កម្ពស់​ការត្រួត​ពិនិត្យ​អនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង នៅប្រទេសបារាំង

2026/02/12 12:40:09 pm        112
(ប៉ារីស)៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលអង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់អង្គការ OECD ដែលមានការចូលរួមដោយតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាជាសមាជិក និងមិនមែនជាសមាជិកអង្គការ OECD តំណាងម្ចាស់ម៉ាកធំៗ សហជីព និងសមាគមនិយោជកអន្តរជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗនានាដែលវិស័យកាត់ដេរ និងស្បែកជើងបានជួបប្រទះ ជាពិសេសការលើកកម្ពស់ការអនុវត្តការបញ្ជាទិញប្រកបដោយការទទួលខុសត្រូវ។នៅក្នុងវេទិកានេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាមួយផងដែរ ដោយ​បានចែករំលែកបទពិសោធ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជា​បានអនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព និងទាន់ពេល ដើម្បីទ្រលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាបានភាពធន់​នៃវិស័យ​វាយ​នភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងប្រាក់ចំណូលរបស់​កម្មករ​​និយោជិត​​ក្នុង​វិស័យនេះ នៅក្នុងកាលៈទេសៈនៃវិបត្តិផងដែរ។ឯកឧត្តមរដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញការលើកកម្ពស់​លក្ខខណ្ឌការងារដែលកម្ពុជាបានផ្សារភ្ជាប់ជាមួយការធ្វើពាណិជ្ជកម្មអន្តរជាតិ និង​ជា​លក្ខ​ខណ្ឌដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិត​ផល​ធ្វើ​ដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវសង្គម (CSR)៕

មន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជាធ្វើបទអន្តរាគមន៍ក្នុងកម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពី បម្រែបម្រួល​អាកាសធាតុរបស់ AIPA នៅហ្វីលីពីន

2026/02/12 12:30:18 pm        107
ឯកឧត្តមបណ្ឌិត លី ឆេង អនុប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសនិងថ្លែងបទអន្តរាគមន៍ក្នុងពិធីប្រកាសបើកជាផ្លូវការនូវ «កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុ សម្រាប់សភាជាសមាជិកអន្តរសភាអាស៊ាន (AIPA)» នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ពិធីបើកកម្មវិធីកម្រិតតំបន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ Maria Rachel J. Arenas ប្រធានគណៈកម្មការកិច្ចការបរទេសនៃសភាហ្វីលីពីននិងឯកឧត្តម បណ្ឌិត ចែម វិឌ្យ៉ា អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA)។ វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភានៃសាធារណរដ្ឋហ្វីលីពីន និង អន្តរសភា អាស៊ាន(AIPA) ដោយមានការគាំទ្រពីមូលនិធិ Tara Climate Foundation។កម្មវិធីអភិវឌ្ឍន៍សមត្ថភាពស្តីពីបម្រែបម្រួលអាកាសធាតុមានគោលបំណងពង្រឹងសមត្ថភាពដល់សមាជិកសភាក្នុងតំបន់អាស៊ាន លើការរៀបចំច្បាប់ និងគោលនយោបាយឆ្លើយតបនឹងវិបត្តិអាកាសធាតុនិងជំរុញកិច្ចសហប្រតិបត្តិការអន្តរសភា ដើម្បីឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចបៃតង។គួររំលឹកផងដែរថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងស្របពេលជាមួយនឹងវគ្គបណ្តុះបណ្តាលសភាស្តីពី «នីតិប្បញ្ញត្តិ និងវិធានការគោលនយោបាយដើម្បីបង្ការ និងប្រឆាំងនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗសម្រាប់គោលបំណងភេរវកម្ម» ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ។តាមរយៈវត្តមានរបស់ឯកឧត្តមបណ្ឌិត លី ឆេង ក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងពីរនេះបានឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តខ្ពស់របស់កម្ពុជា ជាពិសេសស្ថាប័នរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមសកល ចាប់ពីវិបត្តិប្រែប្រួលអាកាសធាតុ រហូតដល់សន្តិសុខបច្ចេកវិទ្យាក្នុងក្របខ័ណ្ឌអាស៊ាន និងសកលលោក៕

អ្នកជំនាញ៖ ការដោះដូរពាណិជ្ជកម្មកម្ពុជាឆ្នាំនេះ​នឹងបន្តហក់ឡើង​ ខណៈរដ្ឋាភិបាល​កំពុងត្រៀមខ្លួន​ទប់ទល់ផលប៉ះពាល់

2026/02/12 12:25:30 pm        90
អ្នកជំនាញ រំពឹងថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាឆ្នាំ២០២៦ នឹងបន្តហក់ឡើង ខណៈកម្ពុជាបាននិងកំពុងពង្រឹងខ្លួន និងត្រៀមលក្ខណៈសមស្របទប់ទល់នឹងផលប៉ះពាល់ ក្នុងការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព តាមរយៈការពង្រឹងទាក់ ទាញការរវិនិយោគ និងពង្រីកទីផ្សារបន្ថែមជាដើម។ ទាក់ទិនបញ្ហាសេដ្ឋកិច្ចនេះ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចាំបាច់នានា ជាកញ្ចប់កម្មវិធីគាំទ្រកំណើនតាម វិស័យ ដើម្បីដោះស្រាយនូវបញ្ហាជាឧបសគ្គរាំងស្ទះទាំងឡាយ និងចំគោលដៅសម្រាប់កំណើនសេដ្ឋកិច្ច ជាពិសេសវិស័យដែលរំពឹង ទុក ដែលមានកំណើនយឺតនិងថមថយ, ការរក្សាបាននូវលំនឹងជីវភាពប្រជាជន ការលើកកម្ពស់ផលិតភាព និងជំរុញដល់ការចាយវាយ របស់ប្រជាជនទូទៅ ជាពិសេសការបន្តកម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្មនិងពង្រីកភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកលដែលមិនមានភាពប្រាកដប្រជា។ តាមរយៈការដាក់វិធានការខាងលើ, លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ថ្លែងថា តាមទស្សនវិស័យ សេដ្ឋកិច្ចសកលឃើញថា នៅតែបន្តហ៊ុមព័ន្ធដោយហានីភ័យនិងភាពមិនប្រាកដប្រជាខ្ពស់ ដែលធ្វើឱ្យចលនាកំណើនសេដ្ឋកិច្ចសកល អាចថមថយ។ ចំណែកសម្រាប់កម្ពុជាគឺបានបំពេញកាតព្វកិច្ច ត្រៀមខ្លួននៃការប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ដោយប្រើ ប្រាស់លក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងភាពប្រកួតប្រជែងសេដ្ឋកិច្ច និងកែលម្អបរិស្ថានវិនិយោគដើម្បីទាញ ការវិនិយោគនិងធុរកិច្ចបន្ថែម ដែលនឹងហូរពីតំបន់មានជម្លោះចូលមកកម្ពុជា។ លោកបណ្ឌិត បន្ថែមថា ជាក់មកដល់ពេលនេះ ចលនា នៃសកម្មភាពអាជីវកម្មក្នុងស្រុកបាននិងកំពុងកើតឡើងយ៉ាងផុលផុស ស្របពេលពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ក្នុងខែដំបូងឆ្នាំ ២០២៦នេះ បានបង្ហាញនូវនិន្នាការកើនឡើង គាំទ្រដល់ការរីកលូតលាស់ក្នុងសេដ្ឋកិច្ច។ជុំវិញកំណើនសេដ្ឋកិច្ចនេះដែរ, ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ ជនបទ និងកសិកកម្ម លើកឡើងថា ដើម្បីកសាងជាតិមួយ អ្នកនយោបាយត្រូវមានទស្សនៈវិស័យ និងចក្ខុវិស័យមិនក្រោម៥០ឆ្នាំ នោះឡើយ ក្នុងនោះបើមានចក្ខុវិស័យរយៈពេលខ្លី គឺមិនអាចកសាងប្រទេសបានតាមការរំពឹងទុកឡើយ ជាក់ស្តែងការដាក់ចេញនូវ ចក្ខុវិស័យឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល ក្នុងគោលដៅជំរុញកសាងជាតិឱ្យរីកចម្រើនទៅមុខ និងជាប្រទេស មានចំណូលខ្ពស់ ហើយប្រសិនសម្រេចបានតាមការគ្រោងទុក អ្វីៗទំាងអស់និងដើរតាមនោះផងដែរ។យោងតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ កម្ពុជាមានការចាំបាច់ទប់ទល់នឹងផលប៉ះពាល់ពីកត្តាខាងក្រៅប្រទេស មានជាអាទិ៍ ការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកល, ជាពិសេសការអូសបន្លាយនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន, សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស, រួមទាំងការរីករាលដាលនៃសង្គ្រាម នៅតំបន់មជ្ឈិមបូព៌ា ដែលអាចធ្វើឱ្យប៉ះ ពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកល និងរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញជាដើម បញ្ហានេះកម្ពុជាក៏បានត្រៀមជាស្រាច់ផងដែរ។ចំណែកការធ្វើពាណិជ្ជកម្មជាអន្តរជាតិ, ក្នុងខែដំបូងក្នុងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន ទំហំទឹកប្រាក់សរុបប្រមាណជាង ៦ លានដុល្លារ កើនឡើងជិត ១៩ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា២០២៥ (មានទឹកប្រាក់ ប្រមាណជាង ២ ៣០០ លានដុល្លារប៉ុណ្ណោះ)៕ អត្ថបទ៖សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM