សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

អ្នកជំនាញ៖ កម្ពុជាត្រូវបង្កើនធនធនមនុស្សបន្ថែម ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងខ្លាំង

2026/02/12 12:16:37 pm        170
អ្នកជំនាញថា ដើម្បីរុញសេដ្ឋកិច្ចឱ្យហក់ឡើងកាន់តែខ្លាំង កម្ពុជាត្រូវបង្កើនធនធនមនុស្ស​ឱ្យបានច្រើន ដែលជាលក្ខខណ្ឌចាំបាច់មិន អាចខ្វះបាន គឺត្រូវដើរឱ្យទាន់នូវរបត់ថ្មីៗក្នុងតំបន់ និងពិភលោក ដើម្បីជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់។ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីសេដ្ឋកិច្ច និងការអភិវឌ្ឍមូលធនមនុស្ស នេះថា ជុំវិញបញ្ហាសង្គម-សេដ្ឋកិច្ចនេះឃើញថា កម្ពុជាគឺដល់ម៉ោងប្រឹងរស់ដោយខ្លួនឯង ផលិតខ្លួនឯង តាមរយៈការពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើតតម្លៃបន្ថែម ដើម្បីអភិវឌ្ឍន៍ប្រភពកំណើនបន្ថែម ក្នុងវិស័យគន្លឹះដែលមាន ស្រាប់ និងការអភិវធឌ្ឍថ្មីៗនៃកំណើន ដែលជាកត្តាមិនអាចខ្វះបាន ក្នុងការបង្កើនសក្តានុពលកំណើន ការពង្រីកភាពធន់នឹងវិបត្តិ និង ការគាំទ្រផលិតផលផលិតក្នុងស្រុក។ឧកញ៉ាបណ្ឌិត បន្តថា អ្វីៗកើតឡើងពីមនុស្ស ដូច្នេះការអភិវឌ្ឍមូលធនមនុស្សគឺជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបាន សម្រាប់ ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាព គឺជាទ្រព្យសកម្ម សម្រាប់បង្កើនតម្លៃ សេដ្ឋកិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មីៗ សំដៅធានាចីរភាពរយៈពេលវែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ឧកញ៉ាបណ្ឌិត បានអំពាវដល់យុវជននៅក្នុងស្រុក ឬអ្នកធ្វើកម្មករក្រៅប្រទេស ត្រូវអភិវឌ្ឍន៍ចំណេះដឹងបន្ថែម ជាពិសេសការពង្រឹងជំនាញ ខណៈដែល រាជរដ្ឋាភិបាលមកដល់ពេលនេះ បាននិងកំពុងជំរុញបណ្តុះបណ្តាលជំនាញ នឹងយុវជនត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ខណៈដែល កម្ពុជាស្ថិតក្នុងរបត់ថ្មីប្រឹងដោយខ្លួនឯង ដើម្បីលើកកម្ពសសេដ្ឋកិច្ចជាតិររបស់ខ្លួន។ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអឺអូ លើកឡើងថា ប្រទេសដែលមានការរីកចម្រើនខ្លាំង គឺប្រទេសនោះ មានធនធានមនុស្សប្រកបដោយសក្តានុពល, ក្នុងនោះស្ថាប័នមួយ ឬក្រុមហ៊ុនមួយដែលខ្លាំង ក៏វាអាស្រ័យទៅលើគុណភាពរបស់បុគ្គល ម្នាក់ៗ, ចំណែកប្រទេសដែលមានសេដ្ឋកិច្ចខ្លាំង ក៏ត្រូវការចូលរួមចំណែកពីប្រជាពលរដ្ឋ និងការរូបរួមគ្នា ជាពិសេសសហគ្រិនដែល ជាអ្នកធ្វើធុរកិច្ចនេះផ្ទាល់។ទាក់ទិនការអភិវឌ្ឍមូលធនមនុស្សនេះ, រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់ កាលទី១ នឹងជំរុញអភិវឌ្ឍន៍មូលធនមនុស្ស ជាលក្ខខណ្ឌចាំបាច់ សម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងភាពធន់ ដោយក្នុងនោះមូលធនមនុស្សមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសកម្មជាតិដ៏រឹងមាំ សម្រាប់បង្កើនតម្លៃសេដ្ឋ កិច្ច លើកកម្ពស់តម្លៃវប្បធម៌ និងបង្កើតគំនិតថ្មី សំដៅធានាចីរភាពកំណើនរយៈពេលវែង និងជវភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ការណ៍នេះបានបង្ហាញថា ការវិនិយោគក្នុងការអភិវឌ្ឍមូលធនមនុស្ស មានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនិងការកើនឡើងនៃតម្រូវការ សង្គមសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលកំពុងសម្រួលដល់អាជីវកម្មអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

2026/02/12 12:05:06 pm        133
ដោយបច្ចេកវិទ្យាកាន់តែទំនើប អ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬបុគ្គលស្វ័យនិយោជន៍ មាន​ចំនួនកាន់តែច្រើន បានប្រើប្រាស់ QR code ដើម្បីស្គេន ទូទាត់ប្រាក់ តាម​ប្រព័ន្ធ​ឌីជីថល​ជា​មួយ​ទូរសព្ទ​ស្មាតហ្វូត ក្នុងការដោះដូរទំនិញនៅលើទីផ្សារប្រចាំថ្ងៃរបស់ពួកគាត់។ ក្រុម​អ្នក​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ចក្រៅប្រព័ន្ធ អះអាងថា ការទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល គឺ​មាន​ការ​ពេញ​និយម​ជា​ខ្លាំង​ក្នុង​ចំណោមអតិថិជនរបស់ពួកគាត់ ព្រោះលឿន រហ័ស សុវត្ថិភាពនិងអាចទុកចិត្តបាន។ក្រុម​អាជីវករ លក់ដូរនៅផ្សារធំថ្មី រាជធានីភ្នំពេញ ប្រាប់ BTV ថា អតិថិជនរបស់ពួកគាត់ទាំងខ្មែរ និ​ង​ជនបរទេស គឺនិយមបង់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកគឺ ស្គេន QR code ជាមួយទូរស័ព្ទដៃ ដែល​មាន​ងាយស្រួលលឿនរហ័ស មានសុវត្ថិភាព និងអាចទុកចិត្តបាន។ ពួកគាត់ សង្កេត​ឃើញ​ថា ​អតិថិជនភាគច្រើនបានទូទាត់ទំនិញជាប្រាក់រៀលច្រើនជាងប្រាក់ដុល្លារ ដែលនេះបង្ហាញថា ប្រជា​ពលរដ្ឋខ្មែរ បានរួមចំណែកលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងទីផ្សារ ស្រប​តាម​គោល​នយោបាយរបស់ធនាគារជាតិ នៃកម្ពុជា។បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា គិត​មកដល់ពេលនេះ ធនាគារ របស់លោក បានបើកគណនីធនាគារជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កើន​ដល់ប្រមាណ ៤ម៉ឺននាក់ ដែលមានន័យពួកគាត់ អាចប្រើ​ប្រាស់​សេវា​កម្ម​តាម​ប្រព័ន្ធ​ឌីជីថល​គ្រប់​ប្រភេទ​ធនាគារ ក្នុងការ ទូទាត់ប្រាក់ បង់ប្រាក់ និងផ្ទេរប្រាក់ ជាដើម។របាយការណ៍ប្រចាំឆ្នាំ ២០២៥ របស់ធនាគារ ជាតិ នៃកម្ពុជា (NBC) បានបង្ហាញថា ប្រតិ​បត្តិ​ការ​​ផ្ទេរ​ប្រាក់ និងទូទាត់ប្រាក់ ដែលធ្វើឡើង តាមរយៈប្រព័ន្ធបាគងបានកើនឡើង ១,២ ដង (បើ​ធៀប​នឹង​ឆ្នាំ២០២៤) ដល់ជាង ១ ៣០០ លានប្រតិបត្តិការ គិតត្រឹមឆ្នាំ២០២៥។ ក្នុងនោះ ប្រតិបត្តិ​ការ​ប្រាក់រៀល តាមប្រព័ន្ធបាគង បានកើនដល់ជាង ៧៧១ លានប្រតិបត្តិការ និងប្រតិ​បត្តិការ​ប្រាក់​ដុល្លារអាម៉េរិក កើនដល់ជាង ៥៥៤លានប្រតិបត្តិការ៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាស្នើប្រេស៊ីលពិនិត្យលទ្ធភាពផ្គត់ផ្គង់ទាំងធាតុចូល និង​បច្ចេកទេស​ ដើម្បី​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​របស់កសិករ

2026/02/12 11:50:48 am        194
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ទទួល​ជួប​ជា​មួយ​លោក​ជំទាវ Viviana Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃ​សាធារណ​រដ្ឋ​សហព័ន្ធ​ប្រេស៊ីល​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ​មួយ​ចំនួន​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម​។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយចប់ជំនួបការងារ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានឱ្យដឹងថា នាឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្រ្តី បាន​សម្តែង​ការ​ស្វាគមន៍​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងពិភាក្សាអំពីលទ្ធភាពកសិ-ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បំពេញបន្ថែមគ្នាទៅវិញទៅមក។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលកម្ពុជា រួមមាន៖ អង្ករ ដំឡូងមី ស្វាយ​ចន្ទី ​ជាដើម ដែលជាឱកាសសម្រាប់វិស័យឯកជនប្រេស៊ីលសហការធ្វើការវិនិយោគលើការកែច្នៃ វេច​ខ្ចប់ ការធ្វើទីផ្សារផលិតផល និងនាំចេញទៅទីផ្សារអន្តរជាតិ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី លើកទឹក​ចិត្ត​ភាគី​ប្រេស៊ីល​ពិនិត្យ​លទ្ធភាព​ផ្គត់​ផ្គង់​ធាតុ​ចូល​កសិកម្ម​ និងបច្ចេកទេសកសិកម្ម ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ ជួយកសិករ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិតកម្ម និងមាននិរន្តរភាពសេដ្ឋកិច្ច។តាមរយៈ​កិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការរីកលូតលាស់កិច្ចសហប្រតិបត្តិការ សំដៅ​ជំរុញ និងបង្កើនទំហំកសិ-ពាណិជ្ជកម្មដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេស​ការ​បង្កើន​នូវ​ទំនាក់ទំនងធុរកិច្ចល្អរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយចិន បន្តនាំគ្នាទៅកាត់ឆុង ដើម្បីរំដោះគ្រោះចង្រៃ និង​បួងសួង​សុំសេចក្តីសុខ

2026/02/12 11:38:06 am        140
ប្រជាពលរដ្ឋខ្មែរជាប់ខ្សែស្រឡាយកាត់ចិន បានបន្តនាំគ្នាទៅកាត់ឆុង ដើម្បីរំដោះគ្រោះ​ឧបទ្រប់​ចង្រៃ និងអ៊ុចធូបសពះបន់ស្រន់បួងសួងសុំសេចក្តីសុខចម្រើន ។ ជារៀងរាល់ឆ្នាំ ឱ្យតែគៀកចូលដល់រដូវបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម គេ​តែង​សង្កេត​ឃើញ​មាន​បង​ប្អូនប្រជាពលរដ្ឋខ្មែរកាត់ចិនជាច្រើន តែងបាននាំគ្នាយកគ្រឿងដង្វាយផ្សេងៗ យក​ទៅ​សែន​ព្រេន ដើម្បីកាត់គ្រោះនៅទីសក្ការះ លើតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ពលរដ្ឋខ្សែស្រឡាយចិនលើកឡើងថា  នេះជា​ការ​សែន​ព្រេន​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​របស់​ដូនតា ​តាមបែបសាសនាប្រពៃណីចិន ដែលជាការសែនព្រេនកាត់ផ្តាច់នូវគ្រោះចង្រៃចោល និង​តប​សង​មក​វិញ​នូវរឿងល្អៗចូលមកក្នុងជីវិត ទាំងការរស់នៅ ការប្រកបកិច្ចការងារ រួម​ទាំង​ការ​រក​ស៊ី​ទទួល​ទាន​ជាដើម។ សូមបញ្ជាក់ថា បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម នឹងប្រព្រឹត្តិទៅរយៈពេល០៤ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបុណ្យនេះ គឺជាពេលវេលាដែលពលរដ្ឋកម្ពុជា មាន​ឈាម​ជ័រ​ជាប់ខ្សែ​ស្រឡាយកាត់ចិន ក៏នឹងចូលរួមរៀបចំពិធីសែនជូនដូនតា ដើម្បីសុំសេចក្តី​សុខ​សប្បាយ ​និងសុំពរជ័យឱ្យរកស៊ីទទួលទានកាន់តែរីកចម្រើន តាមបែបលក្ខណះគ្រួសាររៀងៗខ្លួន ៕ អត្ថបទ ៖ លីហេង 

ជនជាតិចិន ៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជា​ពាក់ព័ន្ធករណី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ (Online Scams)

2026/02/12 11:27:00 am        192
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ ឯកឧត្តមអភិសន្តិបណ្ឌិត ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហាការជាមួយស្ថានទូតចិន បន្ត​ធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣១៩នាក់ (ស្រី០នាក់) ពាក់ព័ន្ធ​ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scams) ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្ត​តាម​វិធានការ​ច្បាប់​យ៉ាង​ម៉ឺង​ម៉ាត់​របស់​រាជ​រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និង​លុប​បំបាត់​ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏​ដូច​ជា​ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែល​ត្រូវ​មេខ្លោង​បោក​បញ្ឆោត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្មភាព​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាពិនិត្យសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋាន វិទ្យាស្ថានសាខា ក.ប.ប. រាជធានី ខេត្ត និងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋាន​នៃក្រសួងពាណិជ្ជ​កម្ម»

2026/02/12 11:14:48 am        218
ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រម «ពង្រឹង ជាជាងពង្រីក» ដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងដើម្បីពន្លឿនការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាពិនិត្យសេចក្តីព្រាងប្រកាសស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះ នាយកដ្ឋាន វិទ្យាស្ថានសាខា ក.ប.ប. រាជធានី ខេត្ត និងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋាន និង អគ្គលេខាធិការដ្ឋាននៃក្រសួងពាណិជ្ជកម្ម»។ កិច្ចប្រជុំនេះដឹកនាំដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានជួបពិភាក្សាជាមួយនឹងប្រតិភូក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលាភូមិន្ទរដ្ឋបាល។ក្រោយពីបានអនុវត្តការវិភាគមុខងារ ដែលជាកិច្ចការងារក្នុងវិធានគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងពិភាក្សាទៅលើខ្លឹមសារ ព្រមទាំងទិដ្ឋភាពផ្សេងៗទៀត នៃសេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន ដើម្បីធ្វើយ៉ាងណាស្របទៅតាមគោលនយោបាយនៃការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី «រៀបចំផ្ទះ ឱ្យរៀបរយ» និង «ពង្រឹង ជាជាងពង្រីក»។សេចក្តីព្រាងប្រកាសនេះ បានឆ្លងកាត់ការពិភាក្សាយ៉ាងហ្មត់ចត់ ទាំងការប្រមូលធាតុចូល និងមតិយោបល់ជាច្រើន ទាំងក្នុងកម្រិតបច្ចេកទេស និងកម្រិតអន្តរក្រសួង ដើម្បីធានាឱ្យការរៀបចំមុខងារ និងរចនាសម្ព័ន្ធក្រសួងពាណិជ្ជកម្ម កាន់តែមានភាពច្បាស់លាស់ មានសង្គតិភាព និងមានប្រសិទ្ធភាពខ្ពស់៕

កម្ពុជា បន្តតវ៉ាជំទាស់សកម្មភាពខុសច្បាប់ របស់កម្លាំងប្រដាប់អាវុធថៃ នៅតំបន់បឹងត្រកួន និង​ភូមិជោគជ័យ

2026/02/12 11:05:12 am        174
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស បន្តតវ៉ាជំទាស់ទៅនឹង​សកម្ម​ភាព​របស់​កងកម្លាំងប្រដាប់អាវុធថៃ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពខុសច្បាប់​លើ​ដី​កម្ពុជា​នៅ​តំបន់​បឹង​ត្រកួត និងភូមិជោគជ័យ នៃខេត្តបន្ទាយមានជ័យ។យោងតាមសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការ​បរ​ទេស​កម្ពុជា​ បានបញ្ជាក់ថា យោងតាមរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល និងអគាររដ្ឋបាលបន្ថែមទៀតរបស់កម្ពុជា ត្រូវបានយោធាថៃ​វាយ​កម្ទេច​បំផ្លិច​បំផ្លាញ​នៅ​តំបន់​បឹង​ត្រកួន ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ ៣៣ និង៣៦ ក្នុងស្រុកថ្មពួក។ ដោយ​ឡែក​នៅ​ភូមិ​ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ស្ថិត​នៅចន្លោះបង្គោលព្រំដែនលេខ៤៦ និង៤៧ យោធា​ថៃ បានជីកប្រឡាយ និងសាងសង់​ផ្លូវ​មួយខ្សែ ព្រមទាំងចាក់ដីលុបស្រះទឹក។ក្រសួងការបរទេសកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ ជាការកែប្រែភូមិសាស្ត្រ​ ហើយជា​ការ​ប៉ុន​ប៉ង​យ៉ាង​ជាក់ច្បាស់ក្នុងការបង្កើតភាពស្របច្បាប់​ចំពោះការកាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​ទឹក​ដី​កម្ពុជា​។ ទង្វើទាំងនេះ បំពានលើធម្មនុញ្ញអង្គការសហ​ប្រជា​ជាតិ ធម្មនុញ្ញ​អាស៊ាន និងចំណុចទី១ នៃ​សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈ​កម្មាធិការព្រំដែនទូទៅ ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ២០២៥ ស្តីពីវិធានការបន្ធូរ​បន្ថយភាពតានតឹង ក៏ដូចជា​កំណត់ហេតុ​នៃ​កិច្ច​ប្រជុំ​ពិសេ​ស​របស់​គណៈកម្មការព្រំដែនចម្រុះកម្ពុជា​-ថៃ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋា​ភិបាល​កម្ពុជា ប្តេជ្ញា​ចិត្ត​យ៉ាងខ្ជាប់ខ្ជួន និងឥតងាករេចំពោះ​ការដោះស្រាយជម្លោះព្រំដែន​ទាំង​អស់​ដោយសន្តិវិធី និង​មិត្តភាពជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិត​ខាង​ទាំងអស់របស់ខ្លួន ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ ទន្ទឹមនេះប្រកាន់ខ្ជាប់នូវគោលជំហរជាគោលការណ៍ថា ព្រំដែនមិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​កម្លាំង​ឡើយ៕

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និងប៉ាគីស្ថាន ធ្វើសហប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ និងបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ ជំរុញពាណិជ្ជកម្មប្រទេសទាំងពីរ

2026/02/12 10:47:25 am        203
នារសៀលថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីអ៊ីស្លាម៉ាបាដ សាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ជែម កាម៉ាល់ ខាន់ នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ប៉ាគីស្ថាន លើកទី២ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ របស់ប្រទេសទាំងពីរផងដែរ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏ល្អលើកិច្ចសហប្រតិបត្តិការតាមវិស័យដែលមានសក្តានុពល និងបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាលើកាលានុវត្តភាពសម្រាប់ការនាំចេញនិងការបើកច្រកទីផ្សារបន្ថែមទៀត ក្នុងគោលដៅជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែរីកចម្រើន។ បន្ថែមពីនេះទៀត ភាគីទាំងពីរក៏បានពិភាក្សាលើកិច្ចការបន្ត ដូចជាការរៀបចំអនុស្សរណៈនៃការយោគយល់គ្នាតាមវិស័យមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កិច្ចសប្រតិបត្តិការសេដ្ឋកិច្ចស៊ីជម្រៅ​ និងគ្រប់ជ្រុងជ្រោយ សំដៅផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការទទួលបានឧត្តមភាពនៃប្រទេសទាំងពីរ។ ក្នុងកិច្ចប្រជុំនេះផងដែរ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣ រួមមាន៖ កំណត់ហេតុកិច្ចប្រជុំ សេចក្តីប្រកាសរួមស្តីកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មកម្ពុជា-ប៉ាគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីការជំរុញពាណិជ្ជកម្ម។

មន្រ្តីជាន់ខ្ពស់ គ.ជ.គ.ម បន្តចុះពិនិត្យស្ថានភាពជនភៀសសឹក និងការរៀបចំជម្រកចល័ត

2026/02/12 10:37:36 am        169
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធា​ន​ទី​១ ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ប្រជាពលរដ្ឋ​ភៀស​សឹក និងសកម្មភាពក្រុមការងាររៀបចំជម្រកចល័ត ព្រមទាំង​ពិនិត្យ​ទីតាំង​សម្រាប់​រៀបចំ​មណ្ឌល​សុវត្ថិភាពមួយប្រកបដោយភាពងាយស្រួល និងសុខុមាលភាពប្រសើរជាងមុន នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ ក្នុងនាម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបាន​ផ្តល់​គោល​ការណ៍ ​ក្នុងការគិតគូរ និងដោះស្រាយពីសុខទុក្ខជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែល​មិន​អាច​ត្រឡប់ទៅលំនៅដ្ឋានវិញ។ ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សកម្មភាពនាពេលនេះ ​គឺ​ជា​ការ​អនុវត្ត​តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ និងចាត់ទុក​សុខ​សុវត្ថិភា​ព​របស់​ប្រជា​ពលរដ្ឋ​ជាអាទិភាពចម្បងបំផុត។ ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្កត់ធ្ងន់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា យោង​តាម​ស្ថាន​ភាព​ជម្លោះ​អូសបន្លាយ ការរៀបចំជម្រកចល័ត និងការរៀបចំជម្រកបណ្តោះអាសន្ននេះ មិន​ត្រឹម​តែ​ជា​ការឆ្លើយតបចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុង​ការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានា​ថា​ប្រជា​ពលរដ្ឋ​មាន​ជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។ ដោយមើលឃើញពីការលំបាក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានដឹកនាំ និងណែនាំ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរពី​មណ្ឌលសុ​វត្ថិភាពចាស់ដែលមានលក្ខណៈចង្អៀត ដើម្បីឱ្យបងប្អូន​ភៀស​សឹក​ទទួល​បាន​មណ្ឌល​សុវត្ថិភាពថ្មីរស់នៅមានលក្ខណៈអំណោយផលជាងមុន និងជួយលើក​កម្ពស់​សុខុមាល​ភាព​។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែង​តែ​ដល់​ផ្តល់អ​នុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌល​សុវត្ថិភាព​ដែល​ជា​ជម្រក​សំខាន់​ដោះស្រាយក្នុងគ្រាមានជម្លោះព្រំដែន​ដែល​ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ផ្ទះ​សម្បែងរបស់ខ្លួន ជាពិសេសគោលការណ៍បន្តរៀបចំជម្រកចល័តនេះ បានឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជា រាជ​រដ្ឋាភិបាល​ដែលកើតចេញពីប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន៕

ក្រុមអ្នកអភិរក្សថតបានប្រភេទសត្វកម្រ៤២ប្រភេទ នៅឧទ្យានជាតិវីរជ័យ ត្រូវបានកត់ត្រាតាមរយ:ម៉ាស៊ីនថតស្វ័យប្រវត្ត

2026/02/12 10:23:26 am        288
ការសិក្សាស្រាវជ្រាវជីវ:ចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តដែលធ្វើឡើងនៅចន្លោះខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីប្រភេទសត្វសំខាន់ជាច្រើន ដែលកំពុងមានវត្តនៅក្នុងឧទ្យានជាតិវីរជ័យ។ ឧទ្យានជាតិនេះស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ដែលជាជម្រកដ៏មានសារៈសំខាន់សម្រាប់សត្វព្រៃគ្រប់ប្រភេទ។ តាមរយៈកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ ជាមួយក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន បានរកឃើញប្រភេទសត្វសំខាន់ៗ ដែលកត់ត្រាបានចំនួន ៤២ប្រភេទដូចជា៖ ថនិកសត្វ ៣២ប្រភេទ បក្សី ៩ប្រភេទ និងពួកល្មួន ១ប្រភេទ។ សម្រាប់ប្រភេទសត្វដែលកត់ត្រាខាងលើនេះមាន ២ប្រភេទជាសត្វជិតផុតពូជបំផុត ៥ប្រភេទជាសត្វជិតផុតពូជ និង១៣ប្រភេទសត្វងាយរងគ្រោះ ដោយឡែកកំណត់ត្រាវីដេអូរបានកត់ត្រានូវហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពបង្ហាញពីមោទនភាពនិងភាពសមស្របនៃទីជម្រកធម្មជាតិនៃតំបន់ឧទ្យានជាតិវីរៈជ័យ។ ប្រភេទសត្វកម្រសំខាន់ៗជាច្រើនរួមមាន៖ ដំរីអាស៊ី ឆ្កែព្រៃ ខ្លាពពក ខ្លាលឿងមាស កេងកងធំ ខ្លាភ្ញីថ្មកែវ រញីប្រផេះ ក្ងោក ស្វាកន្ទុយស ពង្រូល និងប្រភេទសត្វផ្សេងៗជាច្រើនទៀត។ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ឧទ្យានជាតិវីរជ័យ គឺជាតំបន់ដ៏មានសារ:សំខាន់សម្រាប់យើងទាំងអស់គ្នា ព្រោះវាជាជម្រករបស់ប្រភេទសត្វជាច្រើន។ ការស្រាវជ្រាវនេះផ្តល់ជាចំណេះដឹងដែលមានតម្លៃក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារព្រៃឈើ និងសត្វព្រៃទាំងនេះ ព្រមទាំងជួយគាំទ្រដល់សហគមន៍ដែលពឹងផ្អែកលើធនធានទាំងនេះផងដែរ»។ លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា បានថ្លែងថា៖ «ឧទ្យានជាតិវីរជ័យជាទីជម្រកដ៏សំខាន់នៃជីវ:ចម្រុះជាច្រើនប្រភេទ ដែលជីវ:ចម្រុះនីមួយៗដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ី។ ទិន្នន័យពីម៉ាសុីនថតស្វ័យប្រវត្តនេះ អាចឱ្យយើងរកឃើញប្រភេទសត្វជិតផុតពូជបំផុតមួយចំនួនដែលមានវត្តមាននៅក្នុងឧទ្យានជាតិវីរជ័យ ព្រមទាំងជួយឱ្យយើងយល់ដឹងបន្ថែមអំពីអាកប្បកិរិយារបស់ពួកវា ការស្វែងយល់ពីសណ្ឋានដី និង របៀបសម្របខ្លួនទៅនឹងការរស់នៅរបស់មនុស្សផងដែរ»។ គោលបំណងសំខាន់នៃការសិក្សាស្រាវជ្រាវនេះគឺ ដើម្បីធានាបាននូវការពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ទាំងនេះ ដោយផ្តោតទៅលើការស្វែងយល់ពីតម្រូវការរបស់សហគមន៍មូលដ្ឋាន និងភាពចាំបាច់ក្នុងការការពារសត្វព្រៃផងដែរ ។ សហគមន៍ដែលរស់នៅក្បែរតំបន់ការពារទាំងនេះ អាចគាំទ្រដល់ការការពារសត្វព្រៃប្រកបដោយប្រសិទ្ធភាព ប៉ុន្តែ ពួកគេក៏ប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនផងដែរ ។ ដូច្នេះហើយ ការធ្វើឱ្យមានសុខដុមនីយកម្មរវាងគោលដៅអភិរក្សជាមួយនឹងតម្រូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន មិនមែនគ្រាន់តែជាគោលដៅសេដ្ឋកិច្ចសង្គមប៉ុណ្ណោះទេ ប៉ុន្តែជាភាពចាំបាច់នៃការបន្តរស់រានមានជិវិតនៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់ទាំងនេះ។ សកម្មភាពនេះត្រូវបានគាំទ្រដោយនាយកដ្ឋានបរិស្ថាន ស្បៀងអាហារ និងកិច្ចការជនបទ (DEFRA) តាមរយៈមូលនិធិ គម្រោងមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM