សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

រោងចក្រកែច្នៃស្បែកមួយនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននិងកំពុងអនុវត្តវិធានការកែលម្អ លើការគ្រប់គ្រងសំណល់រាវ តាមបញ្ជាកែប្រែរបស់ក្រសួងបរិស្ថាន

2026/02/12 10:14:30 am        174
រោងចក្រកែច្នៃស្បែក របស់ក្រុមហ៊ុន CS TAN Co., Ltd. ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានក្រុមការងារជំនាញក្រសួងបរិស្ថាន ពិនិត្យឃើញថាបាន អនុវត្តវិធានការកែលម្អលើការគ្រប់គ្រងសំណល់រាវ បន្ទាប់ពីក្រសួងបរិស្ថាន បានចេញបញ្ជាកែប្រែទប់ស្កាត់ការបំពុលបរិស្ថាន ដោយសារការបញ្ចេញសំណល់រាវកខ្វក់ ដែលបានប៉ះពាល់ដល់បរិស្ថាននាពេលកន្លងទៅ។ ការចូលរួមអនុវិធានការកែលម្អនេះ រួមមានទាំងការសាងសង់ អាងប្រព្រឹត្តិកម្មសំណល់រាវ ដែលរហូតមកដល់ពេលនេះសម្រេចបានចំនួន៨០% និងគ្រោងនឹងបញ្ចប់ នាខែឧសភា ឆ្នាំ២០២៦ ខាងមុខនេះ។  ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានពិនិត្យឃើញថា នាពេលបច្ចុប្បន្ន រោងចក្របានផ្អាកសកម្មភាពខ្សែចង្វាក់ ផលិតកម្មបញ្ចេញសំណល់រាវ (ផ្នែកក្រឡុក និងលាងសម្អាតស្បែក)។ ជាមួយគ្នានេះ នៅតាមប្រឡាយធម្មជាតិ ដែលស្ថិតនៅក្បែរស្រះស្តុក ពុំឃើញមានសំណល់រាវហូរចូលនោះទេ។ សូមបញ្ជាក់ថា រោងចក្រកែច្នៃស្បែកនេះ បានសន្យាអនុវត្តវិធានការសម្អាតអនាម័យបរិស្ថាន ឱ្យបានស្អាត និងធ្វើការដកបំពង់ទុយោខ្មៅ ចេញពីស្រះស្តុកចុងក្រោយ កុំឲ្យមានទឹកហូរចេញពីស្រះស្តុក មុនពេលដំណើរផលិតកម្ម និងការបញ្ចេញសំណល់រាវ ឱ្យបានត្រឹមត្រូវឡើងវិញ។ ជាមួយគ្នានេះ រោងចក្របានយល់ព្រម បន្តអនុវត្តវិធានការបន្តទៀត ក្នុងការសាងសង់អាងប្រព្រឹត្តិកម្ម ឱ្យឆ្លើយតបនឹងការសម្អាតសំណល់រាវ ប្រភេទកែច្នៃស្បែក និងធ្វើការបំពាក់អាងបឋម សម្រាប់ធ្វើការដក ឬសម្អាតសារធាតុអំបិល និងអាស៊ីត ចេញជាមុន មុននឹងឆ្លងទៅដំណាក់កាលធ្វើការសម្អាតពេញលេញ។  ក្រសួងបរិស្ថានជាថ្មីម្តងទៀត សូមថ្លែងអំណរគុណដល់រោងចក្រ សហគ្រាសនិងក្រុមហ៊ុន ទាំងឡាយដែលបានប្រតិបត្តិល្អតាមច្បាប់ ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ចូលរួមការពារ និងទប់ស្កាត់ការបំពុលបរិស្ថាន ដើម្បីរក្សាបាននូវតុល្យភាពបរិស្ថានល្អ ការពារសុខភាពរបស់កម្មករ និយោជិក លើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថាននៅកម្ពុជា៕

ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនសាងសង់ប្រព័ន្ធសម្អាតទឹកកខ្វក់ នៅខេត្តបាត់ដំបង ធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន ត្រឹមថ្ងៃទី១៧ ខែកុម្ភៈនេះ

2026/02/12 09:49:02 am        151
បន្ទាប់ពីបានចុះត្រួតពិនិត្យករណីភ្លើងឆេះទុយោទឹក របស់ក្រុមហ៊ុនគិរីដងរែក ដែលទទួលម៉ៅការលើ គម្រោងទឹកស្អាតនិងអនាម័យរបស់ក្រុងបាត់ដំបង ស្ថិតនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមការងារអធិការកិច្ច នៃអគ្គនាយដ្ឋានគាំពារបរិស្ថាន សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៦ បានដាក់ចេញ វិធានការចំពោះមុខ ដោយតម្រូវឱ្យក្រុមហ៊ុនអនុវត្ត រៀបចំទំនប់ព័ទ្ធទីតាំងសំណល់ពីការឆេះ ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីទប់ស្កាត់សំណល់ផេះ ហូរចូលទៅដីស្រែប្រជាពលរដ្ឋ នៅក្នុងអំឡុងពេលមានភ្លៀងកក់ខែ។ ជាមួយគ្នានេះ ក្រុមហ៊ុនត្រូវសម្អាតសំណល់ផេះ និងសំណល់កំណកជ័រ ឱ្យបានចប់រួចរាល់នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក្នុងការដឹកជញ្ជូនទៅទុកដាក់ឱ្យបានត្រឹមត្រូវ នៅទីលានទុកដាក់សំរាមខេត្តបាត់ដំបង។  សូមបញ្ជាក់ថាតំណាងក្រុមហ៊ុន បានឯកភាពអនវត្តវិធានការបច្ចេកទេស ទៅតាមកាលបរិច្ឆេទខាងលើដើម្បីចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីជំរុញឱ្យប្រទេសកម្ពុជា ដែលជាផ្ទះរបស់យើង មានភាពស្អាត មានភាពបៃតង ប្រជាជនរស់នៅមានសុខភាពល្អ និងមានការអភិវឌ្ឍប្រកបដោយចីរភាព៕

ឯកឧត្ដម ឃួង ស្រេង៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេ SCAMER ឱ្យអស់

2026/02/11 06:44:07 pm        131
ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា បើចង់លុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឱ្យអស់ពីក្នុងរាជធានីភ្នំពេញ កម្លាំងទាំងអស់ចំណុះឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញត្រូវបោសសម្អាតមេ SCAME ឱ្យអស់ពីក្នុងមូលដ្ឋានរបស់ ខ្លួន ។  នេះជាការណែនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ គណៈអភិបាល រាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា៖ ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេSCAMERឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង។ ការងារនេះត្រូវតែ ម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅ រាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខនេះ។ ឯកឧត្ដមអភិបាលរាជធានីបាន បញ្ជាក់ច្បាស់ថា៖ ពេលនេះជាយុទ្ធនាការសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាយុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ស។ ប៉ុន្តែមិនមែនមានន័យថា យើងបោះចោលការងារផ្សេង មកធ្វើតែរឿងនេះមួយនោះទេ ដូចនេះការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងកិច្ចការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ក៏ត្រូវពង្រឹងដែរ មិនត្រូវ ធ្វេសប្រហែសដាច់ខាត ។ ក្នុងនាមអាជ្ញាធរត្រូវអនុវត្តការងារទាំងពីរខាងលើនេះ ឱ្យបានល្អព្រមៗគ្នា ដើម្បីជាជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា ជាទិសដៅបន្តរបស់ខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវកំណត់ទីតាំងដែលសង្ស័យ ឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) សេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមិនាឆ្នាំ២០២៦ខាងមុខ៕

ជន​បបរទេស ៤៣៣នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

2026/02/11 06:39:40 pm        167
នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និង​ថ្នាក់​ដឹកនាំ​ក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ៤៣៤នាក់ (ស្រី ១០នាក់) មាន ៥សញ្ជាតិ រួមមាន ចិនតៃវ៉ាន់ ប៉ាគីស្ថាន ចិន យ៉ូហ្គង់ដា រុស្សី ឥណ្ឌា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី នីហ្សេរីយ៉ា និងកេនយ៉ា ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងនោះមានជនជាតិចិនចំនួន ៣១៩នាក់ (ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងមួយចំនួនទៀតពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ និងប្រើប្រាស់ QR Code មិនប្រក្រតី ក្នុងព្រះរាជាណាចក្រកម្ពុជា។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារបូជនីយដ្ឋានចងចាំនៃ​កម្ពុជាពី​ឧក្រិដ្ឋកម្មមកសន្តិភាព

2026/02/11 05:51:08 pm        144
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានចេញសេចក្តី​សម្រេចស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញ ត្រួតពិនិត្យ និងតម្រង់ទិសការងារ បូជនីយដ្ឋានចងចាំនៃ​កម្ពុជាពី​ឧក្រិដ្ឋកម្មមកសន្តិភាពគណៈកម្មការអន្តក្រសួងនេះ មានភារកិច្ចដូចខាងក្រោម៖- ជំរុញយន្តការការពារស្លាកស្នាមប្រវត្តិសាស្ត្រ ដែលគាំទ្រដល់គុណតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំ នៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព- ពិនិត្យនិងសម្រេចលើគោលនយោបាយនិងផែនការយុទ្ធសាស្ត្រលើការអភិរក្ស ការស្រាវជ្រាវ ការអប់រំនិងការផ្សព្វផ្សាយពីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព - ជំរុញយន្តការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រង ការការពារ ការថែរក្សា ការស្រាវជ្រាវ ការអប់រំនិងការផ្សព្វផ្សាយពីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព - ពិនិត្យនិងសម្រេចលើក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រង ថែរក្សា និងការពារបូជនីយដ្ឋាន ចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព រួមទាំងទីតាំងប្រវត្តិសាស្ត្រផ្សេងទៀតក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ- ពិនិត្យនិងផ្តល់យោបល់លើការរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការ គ្រប់គ្រងការពារ ថែរក្សា អភិរក្ស និងអភិវឌ្ឍបូជនីយដ្ឋានចងចាំនៃកម្ពុជាពីឧក្រិដ្ឋកម្មមកសន្តិភាព- ពិនិត្យនិងសម្រេចលើរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល។

អភិបាលខេត្តកណ្ដាល គាំទ្រ និងលើកទឹកចិត្តដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់បន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តក្នុងការបម្រើសង្គមជាតិ

2026/02/11 04:16:59 pm        95
កណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានកោតសរសើរចំពោះ ថ្នាក់ដឹកនាំ ព្រមទាំងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល (ស.ស.យ.ក)ខេត្ត ទាំងអស់ដែលបានខិតខំបំពេញការងារស្នូលរបស់ខ្លួន ក្នុងការបម្រើកិច្ចការសង្គម និងការងារស្ម័គ្រចិត្តនានាទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ឯកឧត្តម គួច ចំរើន បានគាំទ្រ និងលើកទឹកចិត្ត ដល់សមាជិក ស.ស.យ.ក ខេត្តកណ្តាលទាំងអស់ សូមបន្តពង្រឹងសកម្មភាពស្ម័គ្រចិត្តមួយបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការបម្រើសង្គមជាតិ ជាពិសេសត្រូវបន្តផ្សព្វផ្សាយ និងពង្រីកសមាជិក ស.ស.យ.ក របស់យើងឱ្យបានកាន់តែច្រើនឡើងថែមទៀត សំដៅជួយគ្នាក្នុងការងារកសាងសង្គមជាតិឱ្យមានភាពរីកចម្រើន។ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត បានបញ្ជាក់ថា ការងាររបស់សមាជិក ស.ស.យ.ក គឺជាការងារស្ម័គ្រចិត្ត ដោយមិនមានប្រាក់ឧបត្ថម្ភ ឬប្រាក់ខែឡើយ ប៉ុន្តែជាឱកាសដ៏មានតម្លៃសម្រាប់យុវជនក្នុងការចូលរួមសកម្មភាពសង្គម និងមនុស្សធម៌ ទទួលបាននូវបទពិសោធន៍ជាក់ស្ដែងពីការងាររបស់ខ្លួន មានឱកាសទទួលបានជោគជ័យឆាប់រហ័សក្នុងជីវិត។នាឱកាសនោះដែរ ឯកឧត្តមប្រធាន ស.ស.យ.ក ខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់សមាជិក សមាជិកា ស.ស.យ.ក ខេត្តទាំងអស់សូមបន្តចូលរួមក្នុងការបរិច្ចឈាមដោយស្ម័គ្រចិត្តឱ្យបានទៀងទាត់ ដើម្បីទុកសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ និងជនរងគ្រោះដែលត្រូវការឈាមជារៀងរាល់ថ្ងៃ ជាមួយគ្នានេះមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល មន្ទីរពេទ្យជ័យជំនះ និងមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវគិតគូរៀបចំឱ្យមានប្រព័ន្ធគ្រប់គ្រងឈាមឱ្យបានល្អ ត្រូវតាមដានបរិមាណឈាមឱ្យបានជាប្រចាំ ព្រមទាំងធ្វើការផ្ទេរទៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៅពេលចាំបាច់ ដើម្បីកាត់បន្ថយការខូចខាត់ធនធានឈាម ដោយសារតែឈាមអាចរក្សាទុកបានត្រឹមតែ៤ សប្តាហ៍ប៉ុណ្ណោះ។សូមជម្រាបជូនថា ក្នុងកិច្ចប្រជុំនេះ ស.ស.យ.ក ខេត្តកណ្តាល បានដាក់ទិសដៅអនុវត្តក្នុងឆ្នាំ ២០២៦នេះ រួមមាន៖ ខិតខំពង្រឹងរចនាសម្ព័ន្ធតាមបណ្តា ក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងសាលារៀន និងកសាងកម្លាំងបន្ថែមនៅ តាមមូលដ្ឋានបន្ថែមទៀត។ បន្តចូលរួមអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន បន្តរៀបចំកម្មវិធី “សាលារៀនស្អាត” ក្នុងមូលដ្ឋាន និង ជំរុញសកម្មភាពបរិស្ថាន នៅតាមក្រុង-ស្រុក ។ រៀបចំការប្រកួតបាល់ទាត់ កីឡារត់ប្រណាំង និងកីឡាប្រណាំងកង់បន្តសកម្មភាពចែកអំណោយនៃក្តីស្រឡាញ់។ បន្តត្រៀមលក្ខណៈក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនានាដល់សមាជិក សមាជិកាក្លឹបនៃក្តីស្រលាញ់និងបន្តជំរុញបំផុសចលនាបរិច្ចាគឈាមឱ្យបានទូលំទូលាយថែមទៀត ។ បន្តខិតខំអនុវត្តសកម្មភាពរបស់ក្រុមការងារទាំង១០ ជំរុញសកម្មភាពរបស់ក្រុមការងារប្រតិបត្តិសកម្មភាពប្រចាំឆ្នាំ។

ចក្រពអង់គ្លេស និងអង្គការទស្សនៈពិភពលោក គាំទ្រការ​បន្តទទួលបាន​ការអប់រំ​សម្រាប់​កុមារ​ភៀសសឹក​នៅ​ក្នុងកន្លែងស្នាក់​នៅបណ្តោះអាសន្ន

2026/02/11 04:12:20 pm        282
នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ដើម្បី​គាំទ្រ​ដល់​ការ​បន្ត​ទទួល​បាន​ការ​អប់រំ​ដល់​កុមារ​ដែល​រង​ផល​ប៉ះពាល់ដោយការផ្លាស់ទី លំនៅនៅតាមព្រំដែនកម្ពុជា-ថៃ ចក្រភពអង់គ្លេស តាមរយៈ​ស្ថាន​ទូត​ចក្រភពអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ កំពុងធ្វើការក្នុង ភាពជាដៃគូជាមួយ​អង្គការ​ទស្សនៈ​ពិភពលោកអន្តរជាតិប្រចាំកម្ពុជា ដើម្បីគាំទ្រការអប់រំដល់​កុមារ​ដែល​រស់​នៅ​ជំរំ​ភៀស​សឹក​បណ្តោះ​អាសន្ន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។ ភាពជាដៃគូផ្តោតលើការធានាថា កុមារដែលសាលារបស់ពួកគេត្រូវបានរំខានជាបណ្ដោះអាសន្ន អាចបន្តការសិក្សាក្នុងឱកាស សិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន និងគុណភាព ខណៈពេលដែលបន្តស្នាក់នៅជំរំភៀសសឹក។ ជាផ្នែកនៃកិច្ចសហការនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជាកំពុងទស្សនកិច្ចជំរំភៀសសឹក ដែលអង្គការទស្សនៈពិភពលោកកំពុងគាំទ្រដល់ សហគមន៍ដែលរងផលប៉ះពាល់ ដោយគូសបញ្ជាក់ពីការចូលរួមជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសក្នុងការគាំទ្រការអប់រំ និង សុខុមាលភាពរបស់កុមារ។ចាប់តាំងពីដើមខែធ្នូមក ការផ្លាស់ទីរបស់ប្រជាជនដោយសារស្ថានភាពនៅតាមព្រំដែន បានធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពទទួល បានសេវាអប់រំនៅក្នុងខេត្តមួយចំនួន។ ការបិទសាលាបណ្តោះអាសន្ន និង ភៀសសឹកបានរំខានដល់ការសិក្សារបស់កុមារជាច្រើន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការគាំទ្រផ្នែកអប់រំក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ។ជាការឆ្លើយតប អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានធ្វើការវាយតម្លៃតម្រូវការឆាប់រហ័សនៅក្នុងខេត្តព្រះ វិហារ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលកំណត់តម្រូវការបន្ទាន់សម្រាប់កន្លែងសិក្សាដែលមានសុវត្ថិភាព សម្ភារៈ សិក្សា និងការបន្តបង្រៀនដល់កុមារដែលស្នាក់នៅបណ្តោះអាសន្ន។ ផ្អែកលើការរកឃើញទាំងនេះ អង្គការទស្សនៈពិភពលោក ដោយមានការគាំទ្រពីចក្រភពអង់គ្លេស កំពុងបង្កើតថ្នាក់រៀនបណ្តោះអាសន្នដែលងាយស្រួលសម្រាប់កុមារ និងធ្វើការយ៉ាងជិត ស្និទ្ធជាមួយការិយាល័យអប់រំខេត្ត និងស្រុក ដើម្បីដាក់ពង្រាយគ្រូបង្រៀន និងផ្តល់ការបង្រៀនស្របតាមកម្មវិធីសិក្សា។លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការទៅសួរសុខទុក្ខគ្រួសារ និងកុមារ នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះក្នុងខេត្តបន្ទាយមានជ័យ បានរំលឹកខ្ញុំថា ផលប៉ះពាល់នៃជម្លោះនៅតែបន្ត កើតមានបន្ទាប់ពីមានវិបត្តិភ្លាមៗ”។ ការមើលឃើញការរំខានដល់ការអប់រំរបស់កុមារដោយផ្ទាល់គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាប៉ះពាល់ទាំងឱកាសនាពេលអនាគតរបស់ពួកគេ និងសុខុមាលភាពនៃសហគមន៍របស់ពួកគេ។ ខ្ញុំរីករាយដែលតាមរយៈ ភាពជាដៃគូរបស់យើងជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា យើងកំពុងជួយធានាថាកុមារនៅក្នុងកន្លែងស្នាក់នៅប ណ្តោះអាសន្នអាចបន្តការសិក្សា ខណៈពេលដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ដើម្បីបំពេញតម្រូវ ការថ្មីៗ»។លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំកម្ពុជា បានថ្លែងអំណរ គុណចំពោះការគាំទ្រដ៏សប្បុរសរបស់ស្ថានទូតចក្រភពអង់គ្លេស និងបញ្ជាក់ថា «យើងកំពុងជួយកុមារនៅក្នុងជម្រក បណ្តោះអាសន្ន មិនត្រឹមតែទទួលបានការអប់រំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ធម្មតា សុវត្ថិភាព និងសេចក្តី ថ្លៃថ្នូររបស់ពួកគេផងដែរ។ តាមរយៈកន្លែងកុមារមេត្រីសម្រាប់កុមារ និងការរៀនសូត្របន្ត យើងមានគោលបំណងផ្តល់ឱ្យពួកគេ នូវរចនាសម្ព័ន្ធ ការយកចិត្តទុកដាក់ និងក្តីសង្ឃឹមដែលកុមារគ្រប់រូបសមនឹងទទួលបាន សូម្បីតែក្នុងស្ថានភាពលំបាកបំផុតក៏ ដោយ»។គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱ្យកុមារនៅថ្នាក់ទី ១-៦ នូវលទ្ធភាពទទួលបានបរិយាកាសសិក្សាដែលមានសុវត្ថិភាព រួម បញ្ចូល និងស្ថិតក្រោមការគ្រប់គ្រង ដែលជួយរក្សាទម្លាប់សិក្សា គាំទ្រសុខុមាលភាពផ្លូវចិត្ត និងកាត់បន្ថយហានិភ័យនៃការ បាត់បង់ការសិក្សាអំឡុងពេលភៀសសឹក។ តាមរយៈការរក្សាការបន្តនៃការអប់រំ គម្រោងនេះនឹងជួយដល់ការត្រៀមខ្លួនរបស់កុមារ ក្នុងការផ្លាស់ប្តូរទៅសាលាវិញនៅពេលដែលស្ថានភាពល្អប្រសើរវិញ៕

អាជ្ញាធរមីន៖ កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និង​ប្តេជ្ញា​ចិត្ត​ចំពោះ​កាតព្វកិច្ចអនុសញ្ញាអូតាវ៉ា

2026/02/11 03:52:48 pm        358
ភ្នំពេញ៖ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរ​មីន) នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញសេចក្ដីថ្លែងការណ៍ បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជាចំពោះកាតព្វកិច្ចនៃអនុសញ្ញាអូតាវ៉ា និងស្រាយបំភ្លឺ​លើ​ករណី​រក​ឃើញ​មីន​ប្រឆាំង​មនុស្ស​នៅតំបន់ព្រំដែនកម្ពុជា-ថៃ។ តាមសេចក្ដីថ្លែងការណ៍ អាជ្ញាធរមីន កម្ពុជា បានកត់ សម្គាល់ឃើញ នូវការ​ផ្សព្វ​ផ្សាយជា​សាធារណៈ​របស់បណ្តាញសង្គមថៃ ដែលអះអាងថាបានដកស្រង់ ប្រភពពីយោធា ថៃ ពាក់ព័ន្ធ​នឹង​ការ​រក​ឃើញមីនប្រឆាំងមនុស្សនៅតំបន់ព្រំដែន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ អាជ្ញាធរមីន បញ្ជាក់យ៉ាងមុតមាំថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោម​គ្រប់​កិច្ច​ព្រមព្រៀងនិសព្វាវុធកម្ម មនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញា​ចិត្ត​យ៉ាង​ពេញ​លេញ​ចំពោះ​ការ​លុប​បំបាត់​មីនប្រឆាំង មនុស្សទាំងស្រុង។ កម្ពុជា សម្រេចបានសមិទ្ធផលធំធេង និងទទួលជា​អន្តរជាតិ ក្នុងការបោសសម្អាតផ្ទៃដីរង ផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិ​ផ្ទុះ​ពី​សង្គ្រាម ​និងនាំមកនូវសុខសុវត្ថិភាពជូនប្រជាជន និងសហគមន៍។ផ្អែក​លើ​ទិន្នន័យជាតិ និងបទពិសោធន៍នៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីន អាច​វាយ​តម្លៃបានថា មីនប្រឆាំងមនុស្សដែលត្រូវបានរកឃើញនៅក្នុងតំបន់ទាំងនោះ គឺជា​មិន​ដែល​បាន​បន្សល់ពីសង្គ្រាម អតីតកាល ដែលសំណល់​ជាតិ​ផ្ទុះ​ទាំង​នោះ​បាន​បង្ក​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង​អស់​ជាច្រើនទសវត្សរ៍ ដល់ប្រជាជន រស់នៅតាមតំបន់ព្រំដែន។ នេះបើតាមការ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍។ អាជ្ញាធរមីន គូសបញ្ជាក់ថា កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីន​ប្រឆាំង​មនុស្ស​ឡើយ ​និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ ការ​ផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត និងឆ្លៀតផ្ទាត់ត្រឹមត្រូវ អាច​បង្កការភាន់ច្រឡំ និងអាច បង្កើនភាពតានតឹងដែលមិនចាំបាច់។អាជ្ញាធរ​មីន​បញ្ជាក់ថាបន្ថែមថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុង​យន្តការទ្វេភាគី និងអន្តរជាតិ ក្នុង ការបញ្ជាក់ការពិត និងការពារ​មិន​ឱ្យ​មាន​ភាពភាន់​ច្រឡំ​ណា​មួ​យ។ សកម្មភាពមីនមនុស្សធម៌ គួរបម្រើដល់ផល ប្រយោជន៍រួម ពោលគឺការពារប្រជាជន និ​ង​លើកកម្ពស់ស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។អាជ្ញាធរ​មីន​បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តសម្រាប់កិច្ចសហប្រតិបត្តិការ កិច្ចពិភាក្សា និងការលុប បំបាត់​នូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបង្កការគំរាមកំហែងដល់អាយុជីវិតប្រជាជន និង​សហគមន៍ក្នុងតំបន់ ព្រំដែន៕

«គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» ជា​ប្រធាន​បទ​នៃ​សន្និបាតអប់រំ​ឆ្នាំនេះ

2026/02/11 03:42:35 pm        316
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៤-២០២៥ និងទិសដៅឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីគោលបំណងសំខាន់នៃសន្និបាតអប់រំក្នុងឆ្នាំនេះគឺដើម្បីបូកសរុបលទ្ធផលកំណែទម្រង់វិស័យអប់រំរាប់ចាប់តាំងពីឆ្នាំ២០១៣ លើគ្រប់ការដ្ឋានកំណែទម្រង់ទាំងអស់ ព្រមទាំងពិនិត្យមើលលើសមិទ្ធផលទាំងបរិមាណវិស័យនិងគុណវិស័យ ដើម្បីដាក់ចេញនូវវិធានការគាំទ្រដល់ទស្សនៈ «ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្តតាមរយៈនវានុវត្តន៍ស្របតាមបរិបទជាក់ស្តែង» និងបានរំលេចពីសមិទ្ធផលការងារសំខាន់ៗដែលក្រសួងអប់រំ យុវជន និងកីឡាសម្រេចបានក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមក។ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនិងថ្លែងអំណរគុណដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ចំពោះការខិតខំប្រឹងប្រែងចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនិងការបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ។សូមជម្រាបថា «គន្លងអប់រំថ្មី ដើម្បីអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ន និងភាពធន់» គឺជាប្រធានបទនៃសន្និបាតអប់រំឆ្នាំនេះដែលមានគោលបំណងឆ្លុះបញ្ចាំងពីការបន្តធ្វើបរិវត្តកម្មក្នុងវិស័យអប់រំឱ្យឆ្លើយតបនឹងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនាពេលកន្លងមក ដោយក្រសួងបានសម្រិតសម្រាំងខ្លឹមសារនិងជ្រើសរើសយកប្រធានបទសំខាន់ៗចំនួន ៥ រួមមាន៖ ១. ការអភិវឌ្ឍមូលធនមនុស្សប្រកបដោយបរិយាបន្ននិងភាពធន់ ២. ការអភិវឌ្ឍឧត្តមសិក្សាដើម្បីពិពិធកម្មនិងកំណើនសេដ្ឋកិច្ច ៣. ការអភិវឌ្ឍយុវជនដើម្បីជាតិនិងប្រជាជន ៤. ការអភិវឌ្ឍការអប់រំកាយនិងកីឡាដើម្បីសុខុមាលភាពនិងកិត្យានុភាពជាតិ និង ៥. ផលប៉ះពាល់លើវិស័យអប់រំបណ្តាលមកពីការឈ្លានពានរបស់កងទ័ពថៃនិងវិធានការឆ្លើយតបនានារបស់វិស័យអប់រំ។សូមបញ្ជាក់ដែរថាសន្និបាតអប់រំប្រចាំឆ្នាំ២០២៦នេះមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២៤-២០២៦ វេទិកាពិភាក្សាជាច្រើនជុំវិញឧត្តមានុវត្តន៍និងនវានុវត្តន៍ក្នុងវិស័យអប់រំ ការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពផែនការយុទ្ធសាស្ត្រនិងកម្មវិធីចែករំលែកសំខាន់ៗជាច្រើនទៀតពាក់ព័ន្ធនឹងកំណែទម្រង់វិស័យអប់រំក្នុងបរិបទឌីជីថល ឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋភិបាលកម្ពុជា។ ព្រឹត្តិការណ៍នេះក៏មានការផ្សាយបន្តផ្ទាល់លើបណ្ដាញសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

កាត់បន្ថយគ្រោះថ្នាក់ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋកម្ពុជា គឺ​ជា​គម្រោង​អាទិភាព​របស់​ប្រទេស​ចិន តាមរយៈការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា

2026/02/11 03:35:02 pm        212
ភ្នំពេញ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅនិវេសនដ្ឋានស្ថានទូតចិនប្រចាំកម្ពុជា ឯកឧត្តម​បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូល​រួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលនឹងចូលមកដល់នាពេលខាងមុខ។ ក្នុងឱកាសនោះ តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីសមិទ្ធផលសម្រេចបានក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលបាននឹងកំពុងផ្តល់នូវការគាំទ្រការបោសសម្អាតមីន ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព អប់រំយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ និងកិច្ចសង្រ្គោះជនរងគ្រោះ ក៏ដូចការគាំទ្រដល់ការអនុវត្តគម្រោង «កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងសកម្មភាពមីន» ផងដែរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានផ្តល់ជំនួយបន្ទាន់គាំទ្រការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះបន្សល់ទុកក្នុងជម្លោះកម្ពុជា-ថៃ និងជំនួយមនុស្សធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋភៀសសឹក។ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានវាយតម្លៃខ្ពស់ចំពោះរួមចំណែករបស់ប្រទេសចិនក្នុងវិស័យសកម្មភាពមីន ពិតជាបានឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាជននៅតាមមូលដ្ឋាន និងកាត់បន្ថយគ្រោះថ្នាក់ ព្រមទាំងបានស្នើសុំឱ្យប្រទេសចិនបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ឯកឧត្តម Wang Wenbin បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមបណ្ឌិត លី ធុជ និងគណៈប្រតិភូអាជ្ញាធរមីន ដែលចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។ ឯកឧត្តម Wang Wenbin បានសម្តែងនូវការអបអរសាទរចំពោះសមិទ្ធផលសម្រេចបានសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ដោយបានចាត់ទុកវិស័យសកម្មភាពមីន ជាវិស័យអាទិភាពសំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ជួយសង្រ្គោះដល់អាយុជីវិត និងលើកកម្ពស់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ។ទន្ទឹមនឹងនោះ ឯកឧត្តមអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមីន និងស្ថានទូតចិន ហើយគ្រោងនឹងរៀបចំដំណើរទស្សនកិច្ចរួមគ្នាសម្រាប់ចុះពិនិត្យសកម្មភាពបោសសម្អាតមីន ក្រោមគម្រោងគាំទ្រពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០២៦ ខាងមុខនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM