សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

មន្រ្តីឧទ្យានុរក្ស ចុះពិនិត្យ និងបង្រ្កាបការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធ ខុសច្បាប់​ក្នុង​ឧទ្យានជាតិ​ព្រះសុរាម្រិត-កុសមៈ(គិរីរម្យ) ភូមិសាស្រ្តខេត្តកំពង់ស្ពឺ

2026/02/11 03:19:03 pm        263
ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែង និងបាន​បង្រ្កាប​ករណីការលួចបោះបង្គោលរបងហ៊ុមព័ទ្ធ លើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយ​គ្មាន​ការ​អនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសិរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ករណីល្មើសនេះ ប្រព្រឹត្តឡើងដោយ អញ្ញតជន ដែលក្រុមការងារមិនបានប្រទះឃើញ ជនល្មើស និងក្រុមការងារសាងសង់នៅកន្លែងកើតហេតុនោះទេ។ ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ ដើម ដែក៧៥ គុណនឹង៧៥ គុណនឹង២ ម៉ែត្រចំនួន៦៦ដើម ដែក៣០គុណ និង៣០គុណនិង៦ម៉ែត្រ ១៥០ដើម ដែក៧៥គុណនឹង៧៥ គុណនិង៦ម៉ែត្រចំនួន៣ដើម ដែកសរសៃ១០លី ចំនួន៤៥ ដើម។វត្ថុចាប់យកទាំងអស់ខាងលើ ត្រូវបានកម្លាំងមន្ត្រីឧទ្យានុរក្ស ដឹកមករក្សាទុកនៅស្នាក់ការលើភ្នំ និងកំពុងបន្តស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើស ដើម្បីមានចំណាត់ការតាមនីតិវិធីច្បាប់។មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ត្រូវចាត់មន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ ជាមន្រ្តីឧទ្យានុរក្ស បន្តឃ្លាំមើល ស្រាវជ្រាវជនប្រព្រឹត្តបទល្មើស និងបន្តការពារ និងទប់ស្កាត់ កុំឱ្យមានសកម្មភាព បទល្មើសបន្តទៀត។ សូមបញ្ជាក់ថា បុគ្គលប្រព្រឹត្តល្មើសក្នុងករណីខាងលើនេះ នឹងត្រូវចោទតាមមាត្រា៨៥០ ចំណុច «ង»  ដឹកជញ្ជូន ប្រមូល ធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុច «ឌ» បោះបង្គោលហ៊ុមព័ទ្ធ ឬដាក់សញ្ញាសម្គាល់លើដី ដែលជាទ្រព្យសម្បត្តិរដ្ឋក្នុង តំបន់ការពារធម្មជាតិ ក្នុងគោលបំណងកាន់កាប់ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ជាបទល្មើសពាក់ព័ន្ធ នឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានចែងក្នុងក្រមបរិស្ថាននិងធនធានធម្មជាតិ៕

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុម​ប្រឹក្សា​ឃុំ នៃស្រុកអង្គស្នួល ខេត្តកណ្តាល

2026/02/11 03:13:45 pm        186
ក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុន នាង ប្រធាន​ក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរ ក្រុមប្រឹក្សាឃុំ ស្មៀន និងនាយ​ប៉ុស្តិ៍​ន​គរបាលរដ្ឋបាលឃុំ នៃស្រុកអង្គស្នួល សរុបចំនួន ៩៧នាក់ ស្ថិតនៅ​ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល នាព្រឹកថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាក​សួរសុខទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​ដោយក្តី​នឹក​រលឹក​បំផុត ព្រមទាំងជម្រាបជូននូវគោលបំណងនៃពិធីសំណេះសំណាលនាពេលនេះ គឺដើម្បី​លើក​កម្ពស់​គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ និងការអនុវត្ត​គោល​នយោបាយ​ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងផ្សព្វផ្សាយអំពី​សមិទ្ធ​ផល​ការងារ​របស់​ព្រឹទ្ធសភា​ក្នុង​ឆ្នាំ​២០២៥ ព្រមទាំងពិភាក្សាឈ្វេងយល់អំពីបញ្ហាប្រឈម សំណូមពរ និងវឌ្ឍនភាព​នៅ​ក្នុង​មូលដ្ឋាន​។ក្នុងឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានក្រុម​សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានជម្រាបជូនអង្គពិធីសំណេះសំណាលពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដោយជំរុញឱ្យអាជ្ញាធរពង្រឹងបន្ថែមនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្រ្កើបក្មេងទំនើង និងលើកកម្ពស់អនាម័យ បរិស្ថាន និងសុខមាលភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមអនុប្រធានក្រុម បានលើកទឹកចិត្តឱ្យអាជ្ញាធរបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ច ពីវិស័យសាធារណៈ វិស័យឯកជន អ្នកពាក់ព័ន្ធនានា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព។ទន្ទឹមនឹងនោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភជូនក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដោយក្នុងម្នាក់ៗទទួលបានអំណោយ១កញ្ចប់របស់អង្គការមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរេ និងថវិកាមួយចំនួន ដោយចំណាយថវិកាសរុបទាំងអស់ចំនួន ៨,៨១៦,០០០រៀល៕

អ្នកនាំពាក្យ៖ គុណភាពខ្យល់នៅកម្ពុជាមានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ មិនមែននៅទូទាំងប្រទេសនោះទេ ខណៈការធ្លាក់ចុះគុណភាពខ្យល់នៅកន្លែងទាំងនោះ មានរយៈពេលខ្លីហើយត្រឡប់មកល្អធម្មតាវិញ និងមិនទាន់មានការប្រកាសអាសន្ននៅឡើយ

2026/02/11 02:55:08 pm        258
គុណភាពខ្យល់នៅកម្ពុជា មានការប្រែប្រួលខ្លាំងនៅតាមតំបន់ខ្លះប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា។ និយាយជារួមការធ្លាក់ចុះនៃគុណភាពខ្យល់ មិនមែននៅនៅទូទាំងប្រទេស ដូចការផ្សព្វផ្សាយពីបណ្តាញផ្សព្វផ្សាយបរទេសមួយចំនួននោះទេ។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦បានឱ្យដឹងថា នៅរាជធានីភ្នំពេញ គិតចាប់ពីម៉ោង១ ទៀបភ្លឺ រហូតដល់ម៉ោង១០ ព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ គុណភាពខ្យល់មានការប្រែប្រួលខ្លាំង ដែលក្នុងនោះកំហាប់ភាគល្អិតនិចល កើតមានចន្លោះពី៣០ មីក្រូក្រាម ក្នុងមួយម៉ែត្រគូបខ្យល់(µg/m3) ទៅ១០០µg/m3 ប៉ុន្តែមានតែចំណុចក្នុងភូមិសាស្រ្តក្បែរ តំបន់វត្តឧណ្ណាលោម រាជធានីភ្នំពេញ នាវេលាម៉ោង៨ព្រឹក ប៉ុណ្ណោះដែលកំហាប់ភាល្អិតមានការកើនឡើង ហើយបានធ្លាក់ចុះយ៉ាងឆាប់មកជាល្អធម្មតាវិញ (រូបភាពក្រាហ្វិក)។ ដូចគ្នាដែរ នៅតាមបណ្តាខេត្ត មានការគាត់សំគាល់ពីការប្រែប្រួលគុណភាពខ្យល់នៅកន្លែងខ្លះ ប៉ុន្តែមិនមានន័យថានៅទូទាំងខេត្តនោះទេ គឺនៅកន្លែងដែលអាចមានការឆេះ និងការដុតជាដើម។ សូមបញ្ជាក់ថា ការផ្សាយរបស់ព័ត៌មានអន្តរជាតិមួយចំនួន ជារឿយៗបង្ហាញពីការព្រួយបារម្ភ អំពីគុណភាពខ្យល់ នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងតំបន់អាស៊ីអាគ្នេយ៍ផងដែរ ដោយផ្តោតលើកំហាប់ភាគល្អិត PM2.5 កើនឡើង ដែលបានឆ្លុះបញ្ចាំងលើស្តង់ដាគុណភាពខ្យល់ជាតិ នៃប្រទេសនីមួយ ដែលបានកំណត់យក ស្របតាមបទដ្ឋាននៃប្រទេស និងការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក។ យ៉ាងណាក៏ដោយ កម្ពុជាបានពង្រឹងប្រព័ន្ធត្រួតពិនិត្យ និងផ្សព្វផ្សាយទិន្នន័យជាក់ស្តែង (Real-time data) ជាប្រចាំ ដើម្បីគ្រប់គ្រង និងធានាគុណភាពខ្យល់ តាមប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់កម្រិតខ្ពស់ ចំនួន៥៩កន្លែងនៅទូទាំងប្រទេស រួមជាមួយស្ថានីយផ្កាយរណប ចំនួន១គ្រឿង និងរថយន្តចល័តចំនួន៣គ្រឿង ដើម្បីតាមដានកំហាប់ភាគល្អិត PM2.5 ឱ្យបានត្រឹមត្រូវ និងផ្សព្វផ្សាយផ្ទាល់ជូនសាធារណជន (Real time) បានជ្រាប។ ការផ្សព្វផ្សាយជាសាធារណៈមានបង្ហាញ ទិន្នន័យគុណភាពខ្យល់ និងវិធានការការពារសុខភាព។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានស្នើឱ្យសាធារណជន តាមដានព័ត៌មានស្តីពៅគុណភាពខ្យល់ ជាផ្លូវការ ដែលក្រសួងបានចេញផ្សាយ តាមរយៈវេបសាយ www.airquality.moe.gov.kh និងកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីសម្រាប់ Android និង IOS បានក្រប់ពេលវេលា។ ព័ត៌មានគុណភាពខ្យល់ មានផ្សាយតាមបណ្តាយផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាន: Ministry of Environment និងបណ្តាញផ្សព្វផ្សាយមួយចំនួនថែមទៀត។ ជាមួយគ្នានេះក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការទប់ស្កាត់ការបំពុលខ្យល់ ដោយធ្វើការផ្សព្វផ្សាយជាប្រចាំ និងអនុវត្តវិធានការទប់ស្កាត់ការបំពុល រួមមានការកាប់រុករានដី ឆ្ការដុតព្រៃ ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង និងសំរាមសំណល់ប្លាស្ទិកជាដើម។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្តេជ្ញាសហការគាំទ្រក្រសួងទេសចរណ៍លើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

2026/02/11 02:28:01 pm        160
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (Economic Research Institute for ASEAN and East Asia: ERIA) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងវិទ្យាស្ថាន។ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនលោក Tetsuya Watanabe ប្រធាននៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវិទ្យាស្ថាន ដែលបានចាប់ផ្តើមចាប់តាំងពីឆ្នាំ២០១២ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល១៤ឆ្នាំ។ តាមរយៈទំនាក់ទំនងដ៏ល្អនេះ ដែលបានប្រែក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកផ្សេងៗទៀត ជាពិសេសក្នុងវិស័យទេសចរណ៍ដែលបានទទួលកិច្ចសហប្រតិបត្តិការគាំទ្រជាបន្តបន្ទាប់ពីវិទ្យាស្ថានរហូតមក។​ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនលោកប្រធានវិទ្យាស្ថាន និងវិទ្យាស្ថានចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងការគំាទ្រក្រសួងទេសចរណ៍ទាំងនៅក្នុងប្រទេស ក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិរហូតមក។ ឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សាផ្លាស់ប្តូរយោបល់ស៊ីជម្រៅ លោកសាស្ត្រាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានថ្លែងអំពីចំណាប់អារម្មណ៍លើកការធានាបាននូវកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយដែលកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ធានាបានគឺពិតជាកត្តាដ៏សំខាន់ និងចម្បងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ជាពិសេសគឺវិស័យទេសចរណ៍។ លោកសាស្រ្តាចារ្យប្រធានវិទ្យាស្ថាន ក៏បានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបដែលកម្ពុជាមាន គួបផ្សំជាមួយស្ថានភាពភូមិសាស្រ្តពិតផ្តល់នូវលក្ខណៈល្អប្រសើរដល់ការអភិវឌ្ឍទេសចរណ៍ និងចូលរួមចំណែកជម្រុញសេដ្ឋកិច្ចកម្ពុិជាឱ្យមានសន្ទុះបន្ថែមទៀត។

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនមកបំពេញទស្សនកិច្ចនៅកម្ពុជានឹងចុះពិនិត្យតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ

2026/02/11 02:26:28 pm        1044
អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានឱ្យដឹងថា អគ្គមេបញ្ជាការ នៃ​កង​ទ័ព​ហ្វីលីពីន​នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅយប់នេះ ដើម្បីបំពេញទស្សនកិច្ចបួនថ្ងៃ ដែល​ក្នុង​អំឡុង​ដំណើរ​នេះនឹងអញ្ជើញពិនិត្យស្ថានភាពតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ ក្រោយ​ពី​មាន​បទ​ឈប់​បាញ់។ឯកឧត្តម នាយឧត្តមសេនីយ៍ ROMEO S BRAWNER JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹង​អញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជា អគ្គមេបញ្ជាការ នៃកង​ទ័ព​ហ្វីលីពីន​នឹងអញ្ជើញចុះទៅតំ បន់ជម្លោះព្រំដែនកម្ពុជា-ថៃ និងអញ្ជើញទៅ​​ពិនិត្យ​មើល​ជន​ភៀស​សឹក​។ ​អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ ស្តីពីស្ថានភាពនៅព្រំដែនកម្ពុជា-ថៃ ផងដែរ។ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជាអគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹង​ចូល​ជួប​សម្តែង​ការ​គួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​, សម្តែងការគួរសមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តមផងដែរ។ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បាន​មាន​ប្រសាសន៍​បន្ត​ថា ក្នុងដំណើរទស្សនកិច្ច JR អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន នឹងធ្វើ​ដំណើរ​ទៅ​ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ នឹងអញ្ជើញទៅមើលកន្លែងមួយចំនួននៅតាមព្រំដែន ជួប​ជា​មួយជនភៀសសឹក។ អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ក៏នឹងមានជំនួប​ពិភាក្សា​ជាមួយ​ឯកឧត្តម​អំពី​សភាពការណ៍រវាងកម្ពុជា និងថៃ និងការអនុវត្តបទឈប់បាញ់។ ដោយ​អគ្គ​មេប​ញ្ជា​ការ​ នៃកងទ័ពហ្វីលីពីន ធ្វើការងារសម្របសម្រួលរវាងខាងកម្ពុជា និងថៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ខាង​ភាគី​ថៃធានា​បាន​ការ​អនុវត្ត​បទ​ឈប់​បាញ់ទៅ​តាម​កិច្ច​ប្រជុំ​សេស​លើក​ទី៣​របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥៕ អត្ថបទ៖ វង្ស សុភាព

គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៣៩,២៩% គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៦

2026/02/11 02:13:46 pm        355
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃពុធ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័សព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។ គួរបញ្ជាក់ផងដែរថា គម្រោងនេះមានទីតាំងស្ថិតនៅខេត្តកណ្ដាល ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី ៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។ គម្រោងនេះមានប្រវែងសរុប ៣,៧ គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប ១ ៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន ៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង ១១០ម៉ែត្រ និងកម្ពស់ ១៥ម៉ែត្រ៕

គ្រូបង្រៀន និងអាណាព្យាបាលប្តេជ្ញាអប់រំកុមារថ្នាក់មត្តេយ្យសិក្សាឱ្យក្លាយជាសិស្សពូកែ

2026/02/11 02:10:24 pm        190
គ្រូបង្រៀន និងអាណាព្យាបាល ប្តេជ្ញា​ខិតខំ​អប់​រំ​កុមារ​រៀន​នៅ​ថ្នាក់​មតេយ្យ​សិក្សា​ឱ្យ​ក្លាយ​ជា​សិស្សពូកែ ដើម្បីឈានឆ្ពោះទៅរកភាពជោគជ័យនៅពេលពួកគេធំៗឡើង។នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈនេះ គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ចាក់អង្រែ បានប្រាប់ BTVឲ្យដឹងថា ការអប់រំកុមារពីថ្នាក់មតេយ្យសិក្សាឡើងទៅ គឺមានសារសំខាន់ខ្លាំងណាស់ សម្រាប់​កសាង​មូលធនមនុស្សនៅពេលអនាគត ដើម្បីឲ្យប្រទេសជាតិរីកចម្រើន។ ដូច្នេះ​ក្នុង​នាម​ជា​គ្រូ​បង្រៀននឹងប្តេជ្ញា​ខិតខំប្រឹងប្រែងអប់រំកុមារនៅថ្នាក់មតេយ្យសិក្សាឲ្យរៀនពូកែ ស្រប​ទៅ​តាម​អនុសាសន៍​ណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បាន​ណែ​នាំ​ឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្កើនលទ្ធភាពតាមគ្រប់រូបភាព ដើម្បី​បណ្តុះ​បណ្តាល​សិស្ស​ពូកែ រាប់ចាប់តាំងពីកម្រិត មត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ។អាណា​ព្យាបាលបានលើកឡើងថា ជារៀងរាល់ថ្ងៃ នៅពេលទំនេរពីការងារ តែង​តែ​យក​ចិត្ត​ទុក​ដាក់​អប់រំកូនៗ ដូចជា ឱ្យមើលសៀវភៅ និងលំហាត់ដែលលោកគ្រូ អ្នកគ្រូដាក់ឲ្យធ្វើ ជាដើម។កូន​សិស្ស​បានប្តេជ្ញាប្រឹងប្រែងរៀនសូត្រតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូដូចជា អាន ស្តាប់ សរសេរ និងធ្វើលំហាត់គណិតវិទ្យាផងដែរ។ លើសពីនេះ សិស្សទាំងនោះ បាន​អរគុណ​ដល់​លោក​គ្រូ ​អ្នកគ្រូដែលបានលះបង់កម្លាំងកាយចិត្តបង្រៀន និងអប់រំ ដល់ពួកគេ។គួរ​បញ្ជាក់ថា ការពង្រឹងគុណភាពវិស័យអប់រំ គឺជាគោលដៅឤទិភាពមួយរបស់រាជរដ្ឋាភិបាល ដែ​ល​បាន​កំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតអាទិភាពគន្លឹះ ចំនួន​៥​រួម​មាន ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕ អត្ថបទ៖ ទូច សោភ័ណ 

កម្ពុជាស្នើសុំ UN បន្តផ្តល់ការគាំទ្រ សម្រាប់ការត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច

2026/02/11 01:59:49 pm        233
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនសម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ការពង្រឹងប្រព័ន្ធគាំពារសង្គម និងការរៀបចំក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាសម្រាប់ចក្ខុវិស័យរយៈពេលវែង។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្ដែងការគួរសម និង ពិភាក្សា ការងារជាមួយលោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំ នៅកម្ពុជា ក្នុងឱកាសដែលលោកស្រីចូលកាន់តំណែងថ្មី នៅកម្ពុជា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបានជម្រាបជូនអំពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម និងកិច្ចអន្តរាគមរបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងដាក់ចេញក្រោមក្របខ័ណ្ឌ កម្មវិធីគាំពារសង្គម និងវិធានការដោះស្រាយបន្ទាន់ជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីដៃគូអភិវឌ្ឍន៍ រួមទាំងទីភ្នាក់ងារអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្ថែមថា ជនភៀសសឹកប្រមាណជាង ៤ ០០០ គ្រួសារទៀត ដែលមិនទាន់អាចត្រលប់ទៅ លំនៅឋានវិញ ត្រូវបានរាជរដ្ឋាភិបាលកំពុងផ្តោតលើការរៀបចំប្រែក្លាយជំរំ ទៅជាជម្រកបណ្តោះអាសន្ន និងរៀបចំសេវាសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់ ជាមួយនឹងការជំរុញការអនុវត្តកម្មវិធីជំនួយសង្គមផ្សេងៗទៀត សម្រាប់ការគាំទ្ររយៈពេល មធ្យម និងវែង ដើម្បីឈានទៅស្តារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឡើងវិញឱ្យបានឆាប់។ រាជរដ្ឋាភិបាលក៏បានទទួលជំនួយ មនុស្ស ធម៌ និងហិរញ្ញប្បទានឥតសំណងពីមិត្តចិន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រើប្រាស់ជំនួយនេះ សម្រាប់ការស្តារហេដ្ឋារចនាសម្ព័ន្ធខូចខាត ដោយសារសង្គ្រាមឡើងវិញក្នុងពេលខាងមុខនេះ។ ជាមួយគ្នានេះ, សម្រាប់ប្រជាពលរដ្ឋ ខ្មែរ ដែលធ្វើការនៅប្រទេសថៃ ហើយវិលត្រលប់មកកម្ពុជាវិញជាង១លាននាក់, រាជរដ្ឋាភិបាលបាននិងកំពុងបន្តជួយពលរដ្ឋរក ការងារធ្វើក្នុងស្រុក ឱ្យបានឆាប់តាមរយៈការផ្គូរផ្គង, កម្មវិធីបណ្តុះបណ្តាលជំនាញបន្ថែមទាំង Up-Skilling និង Re-Skilling, ការបង្កើតមុខរបរខ្នាតតូច, រួមទាំងកម្មវិធីជំនួយជាច្រើនផ្សេងទៀតក្នុងការគាំទ្រ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានស្វាគមន៍ចំពោះការផ្តល់ជំនួយថ្មីៗបន្ថែមពីដៃគូអភិវឌ្ឍន៍ទាំងអស់សម្រាប់ការអភិវឌ្ឍ រយៈ ពេលមធ្យម និងវែងរបស់កម្ពុជា និងបានស្នើសុំទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាពិសេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បន្តផ្តល់ការគាំទ្រដល់កម្ពុជា សម្រាប់ការត្រៀមខ្លួនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច, ការពង្រឹងប្រព័ន្ធគាំពារសង្គម, ការរៀបចំ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិកៀរគរធនធានពីប្រភពផ្សេងៗ ដើម្បីគាំទ្រដល់ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងរបៀបវារៈអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ចក្ខុវិស័យរយៈពេលវែង។លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ា បានថ្លែងនូវអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបញ្ជាក់ថា អង្គការសហប្រជាជាតិ តាមរយៈ UNDP, ត្រៀមខ្លួនជានិច្ចក្នុង ការបន្តផ្តល់ការគាំទ្រដល់របៀបវារៈអភិវឌ្ឍន៍សំខាន់ៗរបស់កម្ពុជា ជាមួយនឹងការបន្តកិច្ចសន្ទនាគោលនយោបាយ សំដៅជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិ-ការឆ្នាំ២០២៤-២០២៨ ឱ្យកាន់តែមានប្រសិទ្ធភាព ។ លោកស្រី នឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ក្នុងការកៀរគរជំនួយ មនុស្សធម៌ និងជំនួយបច្ចេកទេស ដើម្បីផ្តល់ការគាំទ្រដល់ពលរដ្ឋភៀសសឹក និងពលរដ្ឋដែលត្រលប់មកពីប្រទេសថៃវិញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

យុវជនបោះបង់ការសិក្សាសាលាចំណេះទូទៅ ងាកមកបន្តរៀនជំនាញវិជ្ជាជីវៈ

2026/02/11 01:55:47 pm        463
នៅសាលាបច្ចេកទេស និងជំនាញវិជ្ជាជីវៈTVET នៅខេត្តកណ្តាល មកដល់បច្ចុប្បន្ន មានយុវជន បោះបង់សិក្សានៅតាមសាលារៀនចំណេះទូទៅនានា បានងាកមកចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ តាម​រយៈ កម្មវិធីអាហារូបករណ៍រាជរដ្ឋាភិបាលសម្រាប់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូន​យុវជន ១​លាន​៥​សែននាក់ ហើយក្រុមយុវជនទាំងនេះ បានបង្ហាញពីចំណចង់ចំណូលចិត្ត ប្តេជ្ញា​បន្ត​រៀន​ជំនាញ​វិជ្ជា​ជីវៈរបស់គេឱ្យ ដល់កម្រិតខ្ពស់ ជាពិសេសកម្រិតវិស្វករ។យុវជនកំពុងសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ សែន ខេត្តកណ្តាល បាន​ប្រាប់​BTV នៅថ្ងៃទី១១ ខែកុម្ភៈ នេះថា ពួកគេពិតជាអរគុណរាជរដ្ឋាភិបាលជាខ្លាំង ដែល​បាន​បង្កើត សាលាTVET ផ្តល់ឱកាសឱ្យយុវជនបោះបង់ការសិក្សានៅសាលាចំណេះទូទៅ បាន​ចូល​រៀន​សូត្រ​ជំនាញ វិជ្ជាជីវៈ ដើម្បីឆាប់មានការងារធ្វើ។ចំណែក​អាណិកជនខ្មែរមកពីសហរដ្ឋអាម៉េរិក លោក វណ្ណៈ ពៅ ពេញចិត្តចង់បានជំនាញ វិជ្ជាជីវៈ កម្រិតសញ្ញាបត្រC1 ដែលជាក់ស្តែងបច្ចុប្បន្ន លោក​មាន​បទ​ពិសោធន៍​ចំណេះ​ជំនាញ​ការ​ងារ​ពីសហរដ្ឋអាម៉េរិក ប៉ុន្តែលោកមិនទាន់ចេះជំនាញជួសជុលបរិក្ខារត្រជាក់ ដូច​នេះ​លោក​ត្រូវ​រៀន ​ដើម្បីត្រៀម ធ្វើការងារ និងការបង្កើតមុខរបរអាជីវកម្មផ្នែកបរិក្ខារត្រជាក់នៅកម្ពុជា។នៅ​ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសA នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិ និងការប្រឡងសញ្ញាបត្រសញ្ញាបត្របច្ចេកទេស និងវិជ្ជាជិវៈ កម្រិត៣ កាលពីម្សិលមិញ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាំង​ពី​ដើម​អាណត្តិ​ទី៧មក បានជំរុញឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សហការជំរុញ ការអនុវត្តគន្លង​ការ​សិក្សា​តម្រង់​ទិស​អាជីព​ជូន​យុវជន​ទៅ​ថ្ងៃ​អនាគត ហើយការតម្រង់ទិសនោះ អាចឱ្យ សិស្សថ្នាក់ទី៩ ទី១០ ឡើងទៅ ចាប់អាជីព​ចូល​រៀន​ជំនាញ​វិជ្ជា​ជីវៈ និងបច្ចេកទេស នៅតាមបណ្តាសាលា បណ្តុះបណ្តាលបច្ចេកទេស និង​ជំនាញ​វិជ្ជា​ជីវៈ ​TVET ដើម្បីធានាប្រសិទ្ធភាពបង្កើនចំណេះដឹង សមត្ថភាពជំនាញ ឱ្យ​ស្រប​តាម​តម្រូវ​ការ​ការងារ ក៏ដូចចំណង់ចំណូលចិត្តរបស់យុវជន៕ អត្ថបទ៖ ស៊ុម សុខជា 

ថ្ងៃសែនដកជើងធូប ពលរដ្ឋខ្មែរកាត់ចិននាំគ្នាទិញរណ្តាប់សែនព្រេន ទោះមាន​និន្នាការ​កាត់​បន្ថយ​ចំណាយ​បន្តិច

2026/02/11 01:45:02 pm        230
នៅថ្ងៃសែនដកជើងធូប ត្រៀមរៀបចំសម្រាប់ពិធីបុណ្យចូលឆ្នាំចិន នៅដើមសប្ដាហ៍ក្រោយនេះ ពលរដ្ឋ​ខ្មែរ មានសែស្រឡាយចិនបាននាំគ្នាទិញគ្រឿងរណ្តាប់សែនព្រេននៅតាមបណ្តាផ្សារ និង​កន្លែង​លក់​ដូរនានាបើទោះឆ្នាំនេះមាននិន្នាការនៃការបន្ថយចំណាយរបស់ពួកគេក្ដី។ ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី លោក ឡយ ស៊ាងអាង បានឱ្យដឹងថា ទន្ទឹម​នឹង​ការ​មក​ទិ​ញអីវ៉ាន់ ទំនិញ ម្ហូបអាហារ និងគ្រឿងរណ្តាប់សែន កាន់តែច្រើនឡើងជាប្រចាំថ្ងៃនោះ គណៈ​កម្មការផ្សារ បាន បង្កើនការយកចិត្តទុកដាក់ តាមរយៈការរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់​ធ្នាប់ និងរបៀបរៀបរយសាធារណៈល្អ ប្រសើរជូនបងប្អូនប្រជាពលរដ្ឋជាភ្ញៀវ ។អាជីវករ​លក់ជ្រូកខ្វៃ និងគ្រឿងរណ្តាប់សែននានា ក្នុងផ្សារអូរឫស្សី បានឲ្យដឹងថា ក្នុង​ថ្ងៃ​សែន​ដក​ជើង​ធូប ​តាមប្រពៃណីបុណ្យចូលឆ្នាំចិននេះ ប្រជាពលរដ្ឋកាត់ចិនជាច្រើន នៅតែបន្ត​ការ​អញ្ជើញ​មក​ទិញ​ មិនខុសពីឆ្នាំ មុន ដែរ តែមានការកត់សម្គាល់នៃការបន្ថយការចំណាយរបស់ពលរដ្ឋ។ ចំពោះ​តម្លៃ​ទំនិញ ពុំត្រូវបានដំឡើងនោះទេ។ គួរបញ្ជាក់ថា បុណ្យសែនចូលឆ្នាំចិន នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​ខាង​មុខ​ ដែលជាពេលវេលា ដែលបងប្អូនខ្មែរកាត់ខ្សែស្រឡាយសិន តែងតែចាត់ទុកជាថ្ងៃសំខាន់ ក្នុង​ការ​រៀបចំសែនព្រេន ជូនជីដូនជីតា ដើម្បីសុំលាភពរជ័យ និងសេចក្តីសុខចម្រើន ទាំងការ​រក​ស៊ី​ទទួល​ទាន និងការរស់នៅ៕ អត្ថបទ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM