សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី

ព័ត៌មានជាតិ

ក្រសួងអប់រំ៖ ចំនួនសិស្សចូលរៀនកើនឡើងគ្រប់កម្រិតសិក្សា​ សម្រាប់រយៈពេល​១០ឆ្នាំ​ចុងក្រោយនេះ

2026/02/11 01:29:53 pm        230
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​លើក​ឡើងនៅ​ក្នុងឱកាសសន្និបាតបូកសរុបការងារក្រសួងនៅថ្ងៃនេះថា ចំនួនសិស្ស​ចូលរៀនក្នុង​រយៈ​ពេល​១០ឆ្នាំមកនេះមានការកើនឡើងគ្រប់កម្រិតសិក្សា ចាប់រាប់ពីការអប់រំកុមារតូច រហូត​ការ​អប់រំ​កម្រិត​ឧត្តមសិក្សា។ នាឱកាសសន្និបាតបូកសរុបការងារក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃនេះ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងពីសមិទ្ធផលជាច្រើន ដែលក្រសួងអប់រំ សម្រេចបាន​ក្នុង​រយៈ​ពេល១០ឆ្នាំមកនេះ។ ក្នុងចំណោមសមិទ្ធផលទាំងនោះ ឯកឧត្តមក៏​បានបញ្ជាក់​ពីការ​កើន​ឡើង​នៃចំនួនសិស្សចូលរៀនជាបន្តបន្ទាប់គ្រប់កម្រិតសិក្សាផងដែរ។ឯកឧត្តមលើកឡើងថា សម្រាប់ការអប់រំកុមារតូច អាយុ៣ទៅ៥ឆ្នាំ បានចូលរៀនគ្រប់រូបភាពមានវឌ្ឍនភាពល្អប្រសើរឡើង ក្នុង ពេល ១០ឆ្នាំ កន្លងមក។ កុមារអាយុ​៣ទៅ៥ឆ្នាំ កើនពី ៣១ម៉ឺននាក់ នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៤៤ម៉ឺន​នាក់នៅ​ឆ្នាំសិក្សា​២០២៥​-២០២៦។ ចំពោះអត្រាចុះឈ្មោះចូលរៀនរបស់កុមារអាយុ ៥ឆ្នាំ បានកើនឡើងពី ៦១,៤% កើនដល់ ៧៧,៩% ។ចំពោះការអប់រំនៅកម្រិតបឋមសិក្សា មានវឌ្ឍនភាពប្រសើរឡើងជាលំដាប់។ អត្រានៃការ សិក្សា​នៅបឋមសិក្សាបានកើនពី ៩៧,៩% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ១០១,៦% នៅឆ្នាំ​សិក្សា ២០២៥-២០២៦។ ជាមួយនេះ ចំនួនសិស្សបឋមសិក្សាបានកើនពី ២លាន ៨ម៉ឺន នាក់​នៅ​ឆ្នាំសិក្សា២០១៤-២០១៥ ដល់ ២ លាន ២សែន ៥ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៥-២០២៦។សម្រាប់ការចូលរៀននៅមធ្យមសិក្សាបឋមភូមិមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ផងដែរ។ អត្រា​រួមនៃ ការសិក្សានៅមធ្យមសិក្សាបឋមភូមិកើនពី ៥៥,១% នៅឆ្នាំសិក្សា២០១៤-២០១៥ ដល់ ៧៩% នៅឆ្នាំសិក្សា ២០២៥-២០២៦។ សិស្សមធ្យមសិក្សាបឋមភូមិបានកើនពី ៥សែន ៥ ម៉ឺននាក់ ដល់ ៧សែន២ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាបឋមភូមិក៏បានកើនពី ៤២% ដល់ ៦៣.៦% ។ការចូលរៀននៅ​មធ្យមសិក្សាទុតិយភូមិមានវឌ្ឍនភាពប្រសើរឡើងផងដែរ ដោយអត្រារួម នៃការសិក្សានៅមធ្យមសិក្សាទុតិយភូមិកើនពី ២៥,៣% នៅឆ្នាំសិក្សា ២០១៤-២០១៥ ដល់ ៤៦,៦% នៅឆ្នាំសិក្សា២០២៥-២០២៦។ សិស្សមធ្យមសិក្សាទុតិយភូមិបានកើនពី ២សែន៩ម៉ឺននាក់ ដល់ ៤សែន៥ម៉ឺននាក់។ អត្រាបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិបាន កើនពី ២០,៩% ដល់ ៤១,៧% ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ក៏បានលើកឡើងដែរថា និស្សិតសិក្សានៅកម្រិតឧត្តមសិក្សាក៏បានកើនឡើងពី ២៥ម៉ឺននាក់នៅ ១០ឆ្នាំមុន ឡើងមកដល់ ៣២ម៉ឺននាក់ នៅឆ្នាំសិក្សា ២០២៤-២០២៥។ អត្រារួមនៃការសិក្សានៅឧត្តមសិក្សា (អាយុ ១៨ ដល់ ២២ឆ្នាំ) កើនពី ៩,៩% ដល់ ១៩%៕ អត្ថបទ៖ គឹមហុក   

កម្មវិធីអន្តរាគមន៍ សម្រាប់គ្រួសារភៀសសឹកដែលវិលទៅលំនៅឋានវិញ នឹង​អនុវត្ត​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ

2026/02/11 01:17:46 pm        248
រាជរដ្ឋាភិបាលកម្ពុជា នៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ ២០២៦នេះ នឹងអនុវត្តការអន្តរាគមន៍ ជួយ​ដល់​ពលរដ្ឋភៀសសឹកដែលបានវិលត្រលប់ទៅលំនៅឋានវិញ។ ការអន្តរាគមន៍ ពីរាជរដ្ឋាភិបាល​នេះ ​រួម​មានការស្ដារជីវភាព និងការជួសជុលលំនៅឋាន ព្រមទាំងការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ដែលរងការខូចខាតក្នុងមូលដ្ឋាននីមួយៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជា​ប្រក្រតីឡើងវិញ។នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ចន ណារិទ្ធ ជាប្រធាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ បានបន្ដដឹកនាំក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និងហេដ្ឋា​រច​នា​សម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តព្រះវិហារ និង​ឧត្តរមានជ័យ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យចុងក្រោយ ក្នុងគោល​បំណង​ត្រៀម​ដាក់​ឱ្យ​អនុវត្ត​កម្ម​វិធីអន្តរាគមន៍របស់រាជរដ្ឋាភិបាល សម្រាប់គ្រួសារភៀសសឹក​ដែល​បាន​វិល​ត្រលប់​ទៅ​លំ​នៅ​ឋាន​វិញ នៅតាមបណ្ដាខេត្ត​ដែលរង​ផល​ប៉ះពា​ល់​ពី​សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃ​នា​ពេល​កន្លង​មក​ ឱ្យបានទាន់ពេលស្របតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។កិច្ចប្រជុំពិភាក្សានេះ មានការចូលរួមពីតំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, មូល​និធិជាតិជំនួយសង្គម, និងរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធក្នុងខេត្តទាំងពីរ។ កិច្ចប្រជុំ​ក៏​បាន​ពិភាក្សា​ពាក់ព័ន្ធនឹងការគិតគូរអំពីអន្តរាគមន៍ចាំបាច់មួយចំនួនសម្រាប់ក្រុមគ្រួសារពលរដ្ឋ ដែល​មិន​ទាន់​អាចត្រលប់ទៅលំនៅឋានវិញ ផងដែរ។ស្របពេល​ជា​មួយគ្នានេះ, ក្រុមការងារចំពោះកិច្ច រៀបចំ និងគ្រប់គ្រងការស្ដារជីវភាព និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ក៏បានចាត់បញ្ជូន​ក្រុម​ការងារ​បច្ចេក​ទេស​របស់អគ្គ​លេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ចុះជួបពិភាក្សាការងារជាមួយរដ្ឋបាលក្រុង-ស្រុក នៅតាមបណ្ដាខេត្តផ្សេងទៀតដែលរងផលប៉ះពាល់ ដើម្បីជំរុញ​ការ​ផ្ទៀងផ្ទាត់​ទិន្នន័យ​សម្រាប់​ជា​មូល​ដ្ឋានរឹងមាំ ក្នុងការអនុវត្តកម្មវិធីអន្តរាគមន៍នេះ ឱ្យចំគោលដៅនិង​មាន​ប្រសិទ្ធ​ភាពខ្ពស់​។អន្តរាគមន៍របស់រាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋដែលបានវិលត្រលប់ទៅលំនៅឋានវិញ នឹងត្រូវ​ដាក់​ឱ្យ​អនុវត្តចាប់ពីពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២៦នេះ រួមមានការស្ដារជីវភាព និងការ​ជួស​ជុល​លំ​នៅ​ឋាន ព្រមទាំងការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​ដែល​រងការ​ខូច​ខាត​ក្នុង​មូល​ដ្ឋាន​នីមួយ​ៗ ដើម្បីឱ្យពួកគាត់អាចប្រកបរបរចិញ្ចឹមជីវិត ជាប្រក្រតីឡើងវិញ៕ អត្ថបទ៖ គឹម ហុក

មន្ត្រីជំនាញ នៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ចុះពិនិត្យ​ដំណើរការ​នៃការ​ធ្វើជំរឿន​មន្ត្រី​ដោយផ្ទាល់ ដើម្បីត្រៀមធ្វើជំរឿនមន្ត្រីតាមបណ្តាខេត្តនាពេលខាងមុខ

2026/02/11 01:09:26 pm        199
ដើម្បីឱ្យដំណើរការនៃការចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមបណ្តាខេត្ត ប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និងអនុវត្តស្របតាមស្មារតីនៃសារាចររបស់រាជរដ្ឋាភិបាល គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រមន្ត្រី និងប្រើប្រាស់ប្រព័ន្ធធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររាជធានី ខេត្ត» ជូនដល់មន្ត្រីជំនាញនៃមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥។ផ្សារភ្ជាប់ទៅនឹងវគ្គបណ្តុះបណ្តាលនេះ គណៈកម្មការជំរឿនមន្រ្តីនៃក្រសួងមុខងារសាធារណៈ ក៏បានរៀបចំឱ្យមន្ត្រីជំនាញដែលជាសិក្ខាកាមទាំងអស់ ចុះពិនិត្យដំណើរការនៃការធ្វើជំរឿននៅទីតាំងដោយផ្ទាល់ នៅអនុវិទ្យាល័យ ហ៊ុន សែន ពោធិ៍ចិនតុង ជាទីតាំងមួយដែលគណៈកម្មការជំរឿន កំពុងពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីកំពុងបំពេញការងារជាក់ស្តែងនៃសាលារៀនគោលដៅដែលស្ថិតក្នុងភូមិសាស្ត្រនៃរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ បានផ្តល់ជូនមន្ត្រីជំនាញទាំងអស់ យល់ដឹងពីដំណើរការប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធធ្វើជំរឿនមន្រ្តី តាមរយៈបទបង្ហាញរបស់ក្រុមការងារ នៃគណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈ រួមទាំងការអនុវត្តដោយផ្ទាល់លើការប្រើប្រាស់ប្រព័ន្ធ ដើម្បីធានាដល់ដំណើរការនៃការធ្វើជំរឿនមន្ត្រីជាក់ស្តែង ប្រកបដោយភាពរលូន ឆាប់រហ័ស ច្បាស់លាស់ និងមានប្រសិទ្ធភាព៕

ពលរដ្ឋភៀសសឹកមិនទាន់អាចត្រឡប់ទៅផ្ទះវិញទទួលបានការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ ខណៈជាង៨ម៉ឺននាក់កំពុងបន្តស្នាក់នៅមណ្ឌលភៀសសឹក

2026/02/11 12:47:47 pm        273
ប្រជាពលរដ្ឋភៀសសឹកដែលកំពុងបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពហើយដែលមិនទាន់អាចវិលត្រឡប់​ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬទូរកុង​តឺន័រ​ដើម្បី​រារាំង​ឃាំង​ដំណើររបស់ពួកគេនោះ មិនត្រឹមតែទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ពី​រាជ​រដ្ឋាភិបាល​ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអង្គទូត អង្គការ​អន្តរជាតិ និងបណ្តាញសារព័ត៌មានបរទេសនានាដែលបាននាំគ្នាចុះទៅជួបសម្ភាសន៍ សួរសុខទុក្ខ និង​ផ្តល់​ការគាំទ្រទាំងសម្ភារៈ និងស្មារតី។ នេះបើតាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ជាក់ស្តែង កាលពីចុងសប្តាហ៍កន្លងទៅ ឯកអគ្គ​រដ្ឋ​ទូត​សហភាព​អឺរ៉ុប រួមជាមួយតំណាងអង្គការយូនីសេហ្វ បានអញ្ជើញទៅ​ដល់​មណ្ឌល​ជនភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយមានជ័យនិង បានសម្តែងក្តីអាណិតអាសូរចំពោះពលរដ្ឋភៀសសឹក ហើយ​បាន​ផ្តល់​ការ​គាំទ្រនិងការលើកទឹកចិត្តយ៉ាងខ្លាំងដល់ពួកគេ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត​បាន​ប្រាប់​បង​ប្អូន​ជន​ភៀស​សឹកថា ពួកគេមិននៅឯកការទេ ពោលគឺសហភាព​អឺរ៉ុប​នៅ​ជាមួយ​និង​ជួយ​គាំទ្រ​ពួក​គេ​ជា​និច្ច។ នេះជាសារដែលផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋភៀសសឹកកម្ពុជា ក៏ដូច​ជា​ប្រទេស​កម្ពុជាទាំងមូល និយាយជារួម។ ឯកឧត្តមបន្តថា វត្តមាននៃបណ្តាអង្គទូតនានាប្រចាំកម្ពុជា តំណាងអង្គការអន្តរជាតិ និងអ្នកសារ​ព័ត៌មាន​បរទេស រួមទាំងអ្នកសង្កេតការណ៍អាស៊ាន(AOT) ផង ដែលបានទៅ​ឃើញ​ស្ថានភាព​ជាក់​ស្តែង​នៅ​តាមព្រំដែន ក៏ដូចជាស្ថានភាព​ប្រជាពលរដ្ឋ​ភៀសសឹក​ដែល​ត្រូវ​បាន​រារាំង​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​ផ្ទះសម្បែងវិញបាន គឺជាសាក្សីផ្ទាល់ភ្នែក​ដែល​បាន​ដឹង​លឺ​និង​កត់​ត្រាអំពី​ការ​ពិត​ដែល​កើត​ឡើង​នៅ​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ដូច្នេះ សកម្មភាពរំលោភបំពាន ទន្ទ្រានកាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​អន្តរជាតិ​ពី​សំណាក់​កង​ទាហាន​ថៃ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ដឹង​លឺ​យ៉ាង​ទូលំ​ទូលាយ។ ឯកឧត្តម ប៉ែន បូណា រម្លឹកជូនថា បណ្តាប្រទេសជាមិត្តទាំងនៅក្នុងតំបន់ និងលើឆាកអន្តរជាតិ បាន​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​តាំង​ពី​ការ​ចាប់ផ្តើមដំបូងនៃសង្គ្រាមទន្ទ្រានឈ្លានពាន​ទឹក​ដី​ពី​សំណាក់​កង​ទ័ព​ថៃ​កាលពីខែកក្កដា ឆ្នាំ ២០២៥ មកម៉្លះ។ ជាក់ស្តែង បទឈប់បាញ់ទាំងពីរលើក គឺ​នៅ​ថ្ងៃ​ទី២៨ ខែកក្កដា ឆ្នាំ ២០២៥ និង ២៧ ធ្នូ ២០២៥ ក៏ដូចជា​សេចក្តី​ថ្លែងការណ៍​រួមស្តីពីកិ​ច្ច​ព្រម​ព្រៀង​សន្តិភាពរវាងកម្ពុជា-ថៃ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ សុទ្ធតែកើតឡើង​ដោយ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់ថ្នាក់ដឹកនាំកម្ពុជា ក្រោមការជួយ​ជ្រោម​ជ្រែង​ពេញ​ទំហឹង​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ជា​ពិសេស សហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជាមានិត​ចិន​និងម៉ាឡេស៊ី​ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​។ ឯកឧត្តមបន្តថា កិច្ចព្រមព្រៀង​ទាំង​នេះ​ក៏​បានទ​ទួល​ការ​សាទរពី​បណ្តា​ប្រទេ​សជា​មិត្ត​គ្រប់​ទិស​ទី​ដោយ​ពួក​គេបាន​និង​កំពុ​ង​ប​ន្ត​ជំរុ​ញ​ឱ្យ​ភាគីទាំងពីរគោរព និង​អនុវត្ត​ឱ្យបានម៉ឺងម៉ាត់​បំផុត​នូវ​ការ​ដោះ​ស្រាយប​ញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ និងចៀសវាង​ដាច់​ខាត​ការ​ប្រើកម្លាំង។ ទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនប្រជាពលរដ្ឋភៀសសឹក និយាយ​ដោយ​ឡែក និងប្រទេសកម្ពុជាទាំងមូល និយាយជារួមកំពុងស្ថិតក្នុងក្រសែ​ភ្នែក​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ពីសហគមន៍តំបន់ និងអន្តរជាតិ ពីព្រោះការទន្ទ្រានកាន់កាប់ទឹកដី​នៃ​ប្រទេស​អធិបតេយ្យមួយដោយកម្លាំងយោធាត្រូវបានហាមប្រាមដោយធម្មនុញ្ញអាស៊ាន​ធម្មនុញ្ញអង្គការ សហ ប្រជាជាតិ និងច្បាប់អន្តរជាតិ។ ដូច្នេះ ទាំងសមាគមអាស៊ាន និង​សហគមន៍​អន្តរជាតិ​មិន​អាច​ឈរ​ឱប​ដៃ​មើលការរំលោភបំពានបែបនេះឡើយ។នៅឯកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ ក៏បានជម្រាបជូនប្រមុខការទូតអាស៊ានរួចហើយថា ទោះបីជាមានកា​រ​រីក​ចម្រើន​ជា​វិជ្ជមានចាប់តាំងពីមានបទឈប់បាញ់ក៏ដោយ ក៏នៅតែមានសកម្មភាព​មួយចំនួន​ដែល​មិន​ស្របនឹ​ង​សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី ៣របស់គណៈកម្មាធិការព្រំដែនទូទៅ ជា​ពិសេសទាក់ទងទៅនឹងការគោរពអធិបតេយ្យនិងបូរណភាពទឹកដី។ ជាក់ស្តែង ប្រជា​ពលរដ្ឋ​ភៀស​សឹក​ជា​ច្រើន​នៅតែមិនអាចត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគេវិញដោយសុវត្ថិភាព និង​សេចក្តី​ថ្លៃ​ថ្នូរបាននៅឡើយ ដោយសារតែផ្ទះសម្បែងរបស់ពួកគេមិន​អាច​ចូល​បាន​ដោយ​មាន​របាំង​រារាំង និងការគំរាមកំហែងសន្តិសុខ ឬត្រូវបានរុះរើឬបំផ្លាញ។ កុមារ​រាប់​ពាន់​នាក់​នៅ​តែ​មិន​អាច​ទៅ​សាលារៀនវិញបាន។ថ្នាក់ដឹកនាំអាស៊ានក៏បានដឹងលឺអំពីបញ្ហានេះ ខណៈដែលភីលីពីន​ក្នុង​នាម​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២៦ ក៏បានបញ្ជាក់ពីអាទិភាពនៃការបន្តតាមដាន និងសម្រប​សម្រួល​ដើម្បី​ឱ្យកា​រ​អនុវត្ត​សេចក្តី​ប្រកាស​រួមថ្ងៃទី២៧ ធ្នូ២០២៥ ប្រព្រឹត្តទៅដោយពេញលេញនិងមានប្រសិទ្ធភាព ហើយ​ភីលីពីន​ក៏​ទទួលយកតួនាទីជាប្រធានអ្នកសង្កេតការណ៍អាស៊ាន (AOT) បន្តពីប្រទេសម៉ាឡេស៊ី។ នេះសបញ្ជាក់ថា បណ្តាប្រទេសជាមិត្តក្នុងតំបន់ និងសហគមន៍អន្តរជាតិស្ថិតនៅជាមួយកម្ពុជា និង​គាំទ្រជម្រើសរបស់កម្ពុជាក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយសន្តិវិធី និង​ស្របតាមច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់​ជំហរ​ដាច់​ខាត​ក្នុង​ការ​ការពារ​ខ្សែព្រំ​ដែន​អន្តរជា​តិ​កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែន ឥណ្ឌូចិន-សៀម ដោយគោរព​គោ​ល​ការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរព​អនុ​សញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះបង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជា​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង។សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​សរុប​ជាង៦​សែន​៤ម៉ឺននាក់ មានជាង៥សែន៦ម៉ឺននាក់ ឬជាង៨៧% បានវិលត្រឡប់​ទៅ​លំនៅ​ឋាន​វិញ ​ខណៈនៅមានពលរដ្ឋចំនួន ៨៣.៥៤៦នាក់ទៀត (ស្រី្ត៤៣.៩៦៩នាក់ និងកុមារ​២៧.៦៦៧​នាក់​) ពុំទាន់អាចវិលទៅលំនៅឋានវិញបាននៅឡើយដោយសារតែយោធាថៃព័ទ្ធរបងលួស ឬ​ទូរ​កុង​តឺន័រ​ដើម្បីរារាំងឃាំងដំណើររបស់ពួកគេ និងមួយចំនួន​ជា​តំបន់​មាន​គ្រោះថ្នា​ក់​ដោយ​សារ​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះពីការឈ្លានពានរបស់យោធាថៃ៕

សម្តេចប្រធានរដ្ឋសភា៖ «មហាសាមគ្គីជាតិខ្មែរក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជា​សក្តានុពល​សំខាន់​បំផុត​នៅ​ក្នុង​កិច្ចការពារបូរណភាពទឹកដី»

2026/02/11 11:21:15 am        264
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មាន​ប្រសាសន៍​លើក​ឡើង​ពីសារៈសំខាន់នៃកម្លំាងសាមគ្គីមហាគ្រួសារខ្មែរ ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ថា ​ជាសក្តានុពលសំខាន់បំផុតនៅក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី។ សម្តេចបានថ្លែងអំណរគុណជូនពលរដ្ឋខ្មែរទាំងអស់ ទំាងក្នុងប្រទេសនិងក្រៅប្រទេស ដែល​បាន​រួម​ជា​ធ្លុង​មួយ​ឈរការពារ និងគាំទ្ររាជរដ្ឋាភិបាល និងវីរយុទ្ធជនយើង នៅក្នុង​កិច្ច​ការ​ពារ​អធិប​តេយ្យ ​និងបូរណភាពទឹកដី តំាងពីដើមរហូតមក។សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុង​ឱកាស​សម្តេចអញ្ជើញទទួលអំណោយសប្បុរសធម៌ ជាថវិកា និងសម្ភារមួយចំនួនពីលោកជំទាវ ឈាង គឹមស្រ៊ុន ទីប្រឹក្សាសម្តេចប្រធានរដ្ឋសភា និងលោកជំទាវ នាង សុវណ្ណារី ទីប្រឹក្សា ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់ចែកជូនដល់វីរៈកងទ័ព និង​ជនភៀសសឹករបស់យើង។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​សន្ដាន​ចិត្ត​ប្រកប​ដោយ​សប្បុរស​ធម៌​របស់លោកជំទាវទាំងពីររូបក៏ដូចជា សប្បុរសជនទាំងអស់​ដែល​បាន​ចូល​រួម​បរិច្ចាគ​ធន​ធាន​ផ្ទាល់ខ្លួន ចូលរួមជាកម្លំាងសប្បុរសធម៌មហាគ្រួសារខ្មែរ តាមរយៈសម្តេចក្តី និង​តាម​រយៈ​ថ្នាក់​ដឹកនាំស្ថាប័ននានាក្តី ដែលនេះសុទ្ធសឹងជាកាយវិការមនុស្សធម៌ គួរគោរពជាទីបំផុត ស្រប​តាម​ការ​អំពាវនាវរបស់រាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំកំពូលរបស់ជាតិ ក្នុងសា្មរតី​មហា​គ្រួសារ​ខ្មែរ ​ជួយសង្គមជាតិក្នុងគ្រាដ៏លំបាកនេះ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់​ថា​ទឹកចិត្ត​សប្បុរស​ទំាង​អស់​នោះបា​ន​បង្ហាញ​ពី​ការ​ជឿជា​ក់​របស់​ប្រជាពលរដ្ឋមកលើប្រមុខដឹកនាំជាន់ខ្ពស់របស់យើង គឺសម្ដេចតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានព្រឹទ្ធសភា និងជា​អគ្គភ័ស្ដុ​ភារ និងព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅក្នុងកិច្ចការ​ពារ​អធិ​បតេយ្យជាតិ ពីការឈ្លានពានរបស់ប្រទេសជិតខាង។សម្តេច​រដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដូចប្រជាពលរដ្ឋ​ជាទូទៅ​បាន​ជ្រាប​ច្បាស់​ហើយ​ពី​គោលការណ៍អាទិភាពសំខាន់បំផុតរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និង​ទៅអនាគត គឺអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ។ កិច្ច​ការ​ពារ​បូរណ​ភាទឹ​កដី​ត្រូវ​បានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិន​ទទួល​ស្គាល់​ដាច់​ខាត​ការ​កែ​ប្រែ​ខ្សែ​បន្ទាត់​ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។ កម្ពុជា​ប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាម​ច្បាប់​អន្តរ​ជាតិ​ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជា​ពិសេសការចុះវាស់វែងតាមយន្ដការគណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បី​កំណត់​ភាព​ត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរក្នុងការការពារអធិបតេយ្យ និងបូរណ​ភាព​ទឹក​ដី​រៀង​ៗខ្លួន ។សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា មហាសាមគ្គីគ្រួសារខ្មែរ បានរួម​គ្នាជា​ធ្លុង​មួយ​បានផុសឡើងយ៉ាងរឹងមាំ និងខ្លាំងក្លាជា​ទីបំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុង​គ្រា​ដែល​ប្រទេស​ជាតិ​ជួប​ការ​លំបាកនេះបានផុសឡើងនៅគ្រប់ប្រទាប់វណ្ណៈ ពីប្រជាពលរដ្ឋ ព្រះសង្ឃ មន្រ្តីរាជការ ថ្នា​ក់​ដឹក​នាំ​រហូតដល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ មហាសាមគ្គីជាតិខ្មែរ ជាកម្លំា​ង​ចលករ​ដ៏​សំខាន់​ឈរយ៉ាងស្វាហាប់ ពីក្រោយរាជរដ្ឋាភិបាលនិងវីរយុទ្ធជនរបស់យើង ជាខឿន​ដ៏​រឹង​មាំ​ការ​ពារ​ប្រទេស​ជាតិ ក្នុងនាមខ្មែរជួយខ្មែរនៅគ្រប់កាលៈទេសៈ ជាមួយរាជរដ្ឋាភិបាល។ក្នុង​ស្មារតីសមរភូមិក្រោយគំាទ្រ និងនៅជាប់ជានិច្ចជាមួយសមរភូមិមុខ ថ្នាក់ដឹកនាំរដ្ឋសភា សមាជិក សមាជិការដ្ឋសភា ព្រមទំាងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានចូល​រួម​យ៉ាង​សស្រាក់សស្រំា ទំាងថវិកា កម្លំាងកាយចិត្ត ចុះសួរសុខទុក្ខ និងចែកអំណោយសប្បុរសធម៌ ជូន​វីរយុទ្ធជន និងពលរដ្ឋភៀសសឹកគ្រប់គោលដៅយ៉ាងមមាញឹកជាទីបំផុត។ អំណោយ​ដែលសម្តេចប្រធានរដ្ឋសភាទទួលបាននាពេលនេះ ដែលគឺជា​អំណោយ​របស់​លោ​ក​ជំទាវ​ គឹមស្រ៊ុន មាន អង្ករផ្កាម្លិះ ចំនួន ២តោន ទឹកបរិសុទ្ធ ចំនួន ៥០កេស សាច់ក្រក ចំនួន ៥០​គីឡូក្រាម ប្រហុក ចំនួន ៥០គីឡូក្រាម។ ចំណែក អំណោយទទួលបានពីលោកជំទាវ នាង សុវណ្ណារី មានត្រីងៀត ចំនួន ៥០គីឡូ មីជាតិចំនួន ៥០ កេស និងឆៃប៉ូវចំនួន ៥០គីឡូ។ ចំពោះ​អំណោយសប្បុរសធម៌ ដែលរដ្ឋសភាទទួលបានតាមរយៈ សម្តេចប្រធានរដ្ឋសភា បាន​ធ្វើ​ការ​បែង​ចែកជូន ដល់រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ មានដូចជា ខេត្តព្រះវិហារ ខេត្ត​ឧត្តរ​មាន​ជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកោះកុង សម្រាប់​ធ្វើ​ការ​បែង​ចែក​បន្ត​ជូន​វីរៈ​កងទ័ព និងពលរដ្ឋភៀសសឹក។ ក្រៅពីនេះ ថវិកានិងសម្ភារ​មួយ​ចំនួ​នទៀត​សម្រាប់​ចែក​ជូន​វីរ​យុទ្ធជន ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ និងសម្រាប់ជូនក្រុមគ្រួសារវីរយុទ្ធជន ដែល​បាន​ពលីជីវិតជាដើម។រដ្ឋសភាសូមអរគុណ នៅតែបន្តទទួលអំណោយសប្បុរសធម៌ ហើយនឹងធ្វើការបែងចែក អំណោយ ទាំង​នោះ តាមគោលដៅតម្រូវការ ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅ និងផ្សារភ្ជាប់ជានិច្ច រវាង​យុទ្ធ​ជន​ជួរ​មុខ ​និងពលរដ្ឋជួរក្រោយ៕

កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១នាក់ ដែល​បាន​គេច​ខ្លួន​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ក្រោយផ្ទុះអាវុធបណ្តាលឲ្យស្រ្តី១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន

2026/02/11 11:09:13 am        275
ភ្នំពេញ ៖ អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ស ថេត អគ្គ​ស្នង​ការ​នគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គ​ស្នង​ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល​ជំនាញ​ព្រហ្ម​ទណ្ឌ​រាជ​ធានី​ភ្នំពេញ សហការជាមួយកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ ខេត្តព្រះសីហនុ បង្រ្កាប​ឃាត់​ខ្លួន​ជន​សង្ស័យ​ជនជាតិចិន០១នាក់ ដែលបានគេចខ្លួនទៅដល់ខេត្តព្រះសីហនុ ក្រោយផ្ទុះ​អាវុធ​បណ្តាល​ឲ្យ​ស្រ្តី​០១នាក់រងរបួសធ្ងន់ នៅខណ្ឌចំការមន.សូមបញ្ជាក់ថា នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៩និង៤៨នាទី មាន​ករណី​ផ្ទុះ​អាវុ​ធ​បណ្ដាល​ឲ្យ​រងរបួសស្រ្តីរងគ្រោះ១នាក់ នៅចំណុច មុខអគារដឺភីក នៅក្នុងរថយន្ដព្រុស ផ្លូវ​ក្រសួង​ការបរទេសក្រុម78 ភូមិ14សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ក្រោយ​កើត​ហេតុកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរ​បាល​ការិយា​ល័យ​ព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នៃ​ស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ គឺនៅយប់ថ្ងៃដដែលឃាត់ខ្លួនបានជនសង្ស័យបង្កចំនួន ១នាក់ នៅ​ចំណុច​សណ្ឋាគារDV ផ្លូវ2 ធ្នូ ភូមិ4 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេ​ត្ត​ព្រះសីហនុ។ ជនសង្ស័យ​ឈ្មោះ ZHOU HAO RAN ភេទប្រុស អាយុ25ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ និង​គ្មាន​លិខិត​ឆ្លង​ដែនហើយធ្វើតេស្ត មានសារធាតុញៀន។វត្ថុតាងចាប់យករួមមាន អាវុធខ្លីម៉ាកK59 ចំនួន១ដើម ចំពោះអាវុធខ្លីម៉ាកK 59 ជន​សង្ស័យ​បាន​យក​ទៅ​ភ្លុង​ចោលនៅក្នុងកន្ត្រកដាក់សំរាម នៅ​ក្នុង​ហាង​បាយ​ចិន​មួយ​កន្លែង​ក្បែរ​កន្លែង​កើត​ហេតុ​។ ប​ន្ទាប់មកសមត្ថកិច្ចបានទៅរកឃើញ និងបានធ្វើកំណត់ហេតុចាប់យក ដើម្បីចាត់​ការ​តាម​នីតិ​វិធី​។ ​ទូរស័ព្ទម៉ាក់ IPHONE ចំនួន 3គ្រឿង និងកាតបន្ទប់ស្នាក់នៅចំនួន 1សន្លឹក ។ ចំណែក​ជន​រង​គ្រោះ ពុំទាន់ស្គាល់អត្តសញ្ញាណកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត ពុំ​អាច​សួរ​នាំ​បាន​។បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាងបញ្ជូនមកការិយាល័យជំនាញព្រហ្មទណ្ឌ នៃស្នង​ការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

2026/02/11 10:58:23 am        317
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ដាក់​ឱ្យ​ប្រើប្រាស់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលន​វត្ថុ​ទម្រង់​ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍ​ដោយ​ក្រសួង​ប្រៃសណីយ៍និង​ទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោក​អ្នក​នឹង​ដឹង​ភ្លាម​ថា បណ្ណកម្មសិទ្ធិនោះជា "ឯកសារពិត" ឬ "ក្លែងក្លាយ" ដោយមិនចាំបាច់រង់ចាំយូរ។២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែល​មិន​អាច​កែ​បន្លំ​បាន​ឡើយ​។របៀបផ្ទៀងផ្ទាត់ងាយៗ៖- បើកកាមេរ៉ាទូរសព្ទដៃស្មាតហ្វូន រួច "ស្កេន" លើ QR Code ក្នុងបណ្ណកម្មសិទ្ធិ។- ចុចលើតំណភ្ជាប់ដែលបង្ហាញ ដើម្បីចូលទៅកាន់គេហទំព័រ verify.gov.kh។- "ប្រៀបធៀប" ព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ។វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺ​ជា​សមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញ​ពី​វឌ្ឍនភាព​ដ៏​សំខាន់​នៃ​បរិវត្ត​កម្ម​ឌីជីថ​លរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាម​គោល​នយោបាយ​រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្ត​ក្រចេះ​ ខេត្តរតនគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្ត​កោះកុង​ ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ និងបានបោះពុម្ព​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់អ​ចលន​វត្ថុ​ដែលមាន QR Code Verify បានចំនួនប្រមាណ ៨៦,៣៨៨ បណ្ណ។

កម្ពុជាពង្រីកសេវាធ្វើតេស្តសុវត្ថិភាពចំណីអាហារជាពិសេសគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗដែលទទួលស្គាល់ដោយអន្តរជាតិចាប់ពីឆ្នាំនេះ

2026/02/11 10:20:36 am        240
ឥឡូវនេះអ្នកនាំចេញផលិតផលអាហារកម្ពុជា នឹងអាចធ្វើតេស្តសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ដោយអន្តរជាតិបានកាន់តែទូលំទូលាយនៅក្នុងប្រទេស បន្ទាប់ពីការទទួលស្គាល់សេវាកម្មធ្វើតេស្តថ្មីៗ លើលោហៈធ្ងន់ក្នុងទឹក និងសំណល់ថ្នាំកសិកម្មដែលមានក្នុងអង្ករ និងម្រេច នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី។សមិទ្ធផលដ៏សំខាន់មួយនេះមានន័យថា អ្នកផលិតអង្ករ និងម្រេចដែលជាផលិតផលកសិ-ចំណីអាហារនាំចេញដ៏សំខាន់របស់កម្ពុជា ឥឡូវនេះពួកគេអាចមានជម្រើសធ្វើតេស្តនៅក្នុងប្រទេស ដើម្បីទទួលបានការទទួលស្គាល់តាមស្តង់ដារ ISO/IEC 17025:2017 ដែលការធ្វើតេស្តនេះ អាចជួយកាត់បន្ថយការចំណាយទៅលើការធ្វើតេស្ត និងរយៈពេលរង់ចាំលទ្ធផល ព្រមទាំងកាត់បន្ថយហានិភ័យនៃការចម្លងមេរោគផ្សេងៗកំឡុងពេលផ្ញើសំណាក។វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជាមន្ទីរពិសោធន៍ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានដំឡើងឧបករណ៍ធ្វើតេស្តលើសំណល់ថ្នាំកសិកម្ម ដែលប្រើបច្ចេកវិទ្យាទំនើប និងចុងក្រោយរួមមាន៖ Agilent 6495D Triple Quadrupole LC/MS និង Agilent 7010C Triple Quadrupole GC/MS។ ឧបករណ៍ទាំងពីរនេះមានសមត្ថភាពខ្ពស់ក្នុងការរកឃើញសំណល់ថ្នាំកសិកម្ម ក្នុងកម្រិតទាបបំផុតនិង ប្រកបដោយភាពជាក់លាក់ ដែលស្របតាមស្តង់ដារអូស្ត្រាលី សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ជាលទ្ធផល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ឥឡូវនេះអាចផ្តល់សេវាកម្មធ្វើតេស្តវិភាគច្រើនប្រភេទសម្រាប់អ្នកនាំចេញផលិតផលកសិ-ចំណីអាហារ ដែលកំពុងស្វែងរកការធ្វើតេស្ត ដើម្បីបំពេញលក្ខណ្ឌតម្រូវការរបស់ទីផ្សារអន្តរជាតិធំៗ។លោកសាស្រ្តាចារ្យ André Spiegel នាយកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «សមិទ្ធផលនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់យើង ក្នុងការផ្តល់សេវាមន្ទីរពិសោធន៍ដែលមានគុណភាពខ្ពស់។ វាជួយពង្រឹងសមត្ថភាពរបស់យើង ក្នុងការការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពចំណីអាហារ និងគាំទ្រវិស័យកសិ-ចំណីអាហាររបស់កម្ពុជា ដែលអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ព្រមទាំងផ្តល់ជាប្រយោជន៍ទៅដល់អ្នកផលិត និងអ្នកប្រើប្រាស់ក្នុងស្រុក»។លោកសាស្រ្តាចារ្យ Spiegel ក៏បានថ្លែងអំណរគុណទៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈ ភាពជាដៃគូកម្ពុជា អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ ចំពោះការគាំទ្រទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា៖ «ការពង្រីកវិសាលភាពនៃការទទួលស្គាល់ការធ្វើតេស្ត នៃមន្ទីរពិសោធន៍របស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជួយពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហាររបស់កម្ពុជា និងបង្កើនសមត្ថភាពប្រកួតប្រជែងសម្រាប់អាជីវកម្មកសិ-ចំណីអាហារ។ អូស្ត្រាលីរីករាយក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលជំរុញឱ្យមានកំណើននាំចេញ អភិវឌ្ឍបន្ថែមលើវិស័យកែច្នៃកសិផលដែលមានសក្តានុពលខ្ពស់ និងពង្រឹងសមាហរណកម្មកម្ពុជានៅក្នុងខ្សែចង្វាក់តម្លៃក្នុងតំបន់ និងពិភពលោក»។លោក រុណ រស្មី ប្រធានគ្រប់គ្រងគុណភាព សុខភាព សុវត្ថិភាព និងបរិស្ថាន នៅក្រុមហ៊ុន FEDRICE និងបច្ចុប្បន្នជាអតិថិជនរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានឱ្យដឹងថា៖ «នេះជាព័ត៌មានដ៏ល្អសម្រាប់អ្នកនាំចេញកសិ-ចំណីអាហារកម្ពុជា។ កាលពីមុន ខ្ញុំតែងតែផ្ញើសំណាកទៅក្រៅប្រទេស ដើម្បីធ្វើតេស្តឱ្យស្របតាមលក្ខណ្ឌតម្រូវរបស់ទីផ្សារអន្តរជាតិ។ ឥឡូវនេះ នៅពេលដែលមានសេវាកម្មនេះនៅក្នុងប្រទេស យើងអាចនាំចេញបានកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននាំចេញផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា ក៏នឹងអាចទទួលបានអត្ថប្រយោជន៍ដូចគ្នានេះផងដែរ»។គិតត្រឹមចុងឆ្នាំ២០២៥ មន្ទីរពិសោធន៍បរិស្ថាន និងសុវត្ថិភាពអាហារនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានការទទួលស្គាល់ជាផ្លូវការតាមស្តង់ដារ អន្តរជាតិ ISO/IEC 17025:2017 សម្រាប់៖ ១) ការធ្វើតេស្តមីក្រូជីវសាស្ត្រក្នុងអាហារ និងទឹក ២) ការធ្វើតេស្តលោហៈធ្ងន់ក្នុងទឹក និង ៣)ការធ្វើតេស្តសំណល់ថ្នាំកសិកម្មក្នុងអាហារ ដូចជាម្រេច និងអង្ករ។ការពង្រីកសេវាកម្មធ្វើតេស្តលើសំណល់ថ្នាំកសិកម្មក្នុងគ្រាប់ស្វាយចន្ទី ផ្លែឈើ និងដំណាំផ្សេងៗបន្ថែមទៀត នឹងគ្រោងធ្វើឡើងក្នុងឆ្នាំ២០២៦។

អនុប្រធានទី១ គ.ជ.គ.ម. ចុះពិនិត្យរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសាងសង់ជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ ដើម្បីជួយជនភៀសសឹកឱ្យទទួលបានទីតាំងរស់នៅល្អប្រសើរ

2026/02/11 10:11:14 am        262
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ។ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) និង នាយឧត្តមសេនីយ៍ ខេង សុមេធ មេបញ្ជាការកងវិស្វកម្មតេជោ ហ៊ុនសែន-សៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងខេត្តបន្ទាយមានជ័យ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីពេលថ្មីៗនេះ បានចាត់ឱ្យក្រុមការងារចុះសិក្សា និងព្រមទាំងពិនិត្យឃើញផលលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅដ្ឋាន។ ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាដល់អន្តរក្រសួង ដើម្បីកសាងជម្រកបណ្តោះអាសន្នជូនបងប្អូនជនភៀសសឹក សំដៅជួយលើកកម្ពស់សុខុមាលភាពដល់ជនភៀសសឹក។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ គឺបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីជួយជនភៀសសឹកទទួលបានទីតាំងរស់នៅល្អប្រសើរ មានសុវត្ថិភាព និងអនាម័យល្អ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ មានលក្ខណៈអំណោយផលជាងមុន ដែលទទួលជនភៀសសឹកជាច្រើនគ្រួសារ និងការពារពីអាកាសធាតុ ជាពិសរសក្នុងរដូវវស្សាខាងមុខផងដែរ។ឯកឧត្តម ទេសរដ្ឋមន្រ្តី គូសបញ្ជាក់ទៀតថា ការរៀបចំជម្រកបណ្តោះអាសន្នមិនត្រឹមតែជាការឆ្លើយតបទៅនឹងបញ្ហាចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ ទាំងដែលបង្កដោយមនុស្ស និងធម្មជាតិ ដើម្បីធានាថាប្រជាពលរដ្ឋមានជម្រកសមរម្យ និងសុវត្ថិភាពបំផុតក្នុងគ្រាអាសន្ន។សូមជម្រាបថា ការរៀបចំជម្រកបណ្តោះអាសន្ននេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ជនភៀសសឹកមានទីតាំងរស់នៅល្អប្រសើរ សុខសុវត្ថិភាព និងសុខភាពល្អ៕

មន្រ្ដីជាន់ខ្ពស់ គ.ជ.គ.ម. ជួបពិភាក្សាជាមួយតំណាង ICRC នៅខេត្តបន្ទាយមានជ័យ ដើម្បី​ផ្តល់ការគាំទ្រ និងដោះស្រាយការលំបាកដល់ជនភៀសសឹកមិនទាន់ទៅលំនៅដ្ឋានវិញ

2026/02/11 10:07:31 am        276
នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុ​ប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង តំណាង​គណៈកម្មការ​អន្តរជាតិ​កាក​បាទ​ក្រហម International Committee of the Red Cross (ICRC) ដែលចុះ​មក​តាម​ដាន​ពីស្ថានភាពជនភៀសសឹក បានជួបពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ដើម្បី​ផ្តល់​ការ​គាំទ្រ និងដោះស្រាយការលំបាករបស់ជនភៀសសឹកមិនទាន់ទៅលំនៅដ្ឋានវិញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM