‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

អតីតយុទ្ធជន និង​និវត្តជន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់​គិតគូរ​ពី​រាជរដ្ឋាភិបាល និង​មិន​ទុក​ឲ្យ​នរណា​ម្នាក់​ឯកោឡើយ

2026/02/09 02:41:03 pm        113
ដើម្បីជាការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទី និងពង្រឹងរចនាសម្ព័ន្ធដឹកនាំសមាគមអតីត យុទ្ធជន និងនិវត្តជនទូទាំងខេត្ត នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ រដ្ឋបាល​ខេត្ត​ឧត្តរមាន​ជ័យ ​បានរៀបចំពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធាន អនុប្រធាន និងសមាជិក នៃ​គណៈ​កម្មាធិការ​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាក្រុង/ស្រុកទាំង០៥ និងសាខា​សមាគម​អតីតយុ​ទ្ធជន និងនិវត្តជនកម្ពុជាឃុំ សង្កាត់ទាំង២៤ក្នុងខេត្តឧត្ដរមានជ័យ ក្រោម​អធិបតី​ភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ អ.ន.កខេត្ត តំណាង​ដ៏​ខ្ពង់​ខ្ពស់​ឯកឧត្តម កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ជាអគ្គ​លេខា​ធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ក្នុងឱកាសនោះដែរឯកឧត្ដម មាន ចាន់យ៉ាដា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជន​កម្ពុជា ​តែងតែយកចិត្តទុកដាក់គិតគូរចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជន ដែលមាន​គុណ​បំណាច់​ដ៏​ធំធេងមិនអាចកាត់ថ្លៃបាន ដែលហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ និងធ្វើ​ពលី​កម្ម​គ្រប់​បែប​យ៉ាង ក្នុងបុព្វហេតុរំដោះប្រទេសជាតិ ដែលធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និង​មាន​ការ​អភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃផងដែរ។ឯកឧត្ដម ប្រធានគណៈកម្មាធិការ អ.ន.កខេត្ត ក៏បានផ្ដាំផ្ញើ​ឱ្យ​ថ្នាក់​ដឹកនាំ​សមាគម​ដែល​ទើប​ទទួល​បាន​ការ​តែងតាំងទាំងអស់ ត្រូវតែដើរតួជាសេនាធិការដ៏សកម្ម ក្នុងការតាមដាន រាយការណ៍ និង​ជួយដោះស្រាយរាល់បញ្ហាប្រឈមនានារបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ឱ្យ​បាន​ទាន់​ពេល​វេលា​បំផុត ដោយយើងមិនត្រូវទុកឱ្យបងប្អូនណាម្នាក់រស់នៅឯកោ ឬជួបការលំបាក​ដោយ​គ្មាន​ការ​ដឹង​ឮ​ពី​យើងនោះឡើយ៕ អត្ថបទ៖ ឃិន សារិទ្ធ 

មនុស្សជាង ១ពាន់នាក់ នាំគ្នារត់ប្រណាំង ដើម្បីបុព្វហេតុជាតិមាតុភូមិនៅខេត្តកោះកុង

2026/02/09 02:26:35 pm        280
មនុស្សជាង១ពាន់នាក់ បានមកចូលរួមរត់ប្រណាំងរយៈចម្ងាយជាង ៤គីឡូម៉ែត្រ ដើម្បី​បុព្វ​ហេតុ​ជាតិ​ មាតុភូមិ និងអបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (០២ ធ្នូ) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ថ្នាក់ដឹកនាំដឹកនាំខេត្ត មន្ត្រីរាជការ ដៃគូសហការ កងកម្លាំង ក្រុមយុវជន និងកីឡាករស្ម័គ្រចិត្តប្រ មាណ ១ពាន់នាក់ បានជួបជុំគ្នារត់ប្រណាំងនៅក្នុងបរិវេនស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុង​គោលបំណង៖ រំលឹកស្មារតី ២ ធ្នូ ដឹងគុណសន្តិភាព និងលើកកម្ពស់សុខភាព សាធារណៈ។លោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា តាមគម្រោងកម្មវិធីនេះ គ្រោងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២៥​កន្លង​ទៅប៉ុន្តែដោយសារតែស្ថានភាពបញ្ហាព្រំដែន ក៏ត្រូវបានពន្យាមកដល់ថ្ងៃទី៨ ខែកុម្ភៈ នេះ។ លោកជំទាវ បានបន្តថា រត់ប្រណាំងរយៈចម្ងាយជាង៤គីឡូម៉ែត្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង អបអរ​សាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨​-២ ធ្នូ ២០២៥។ មិនត្រឹមតែដើម្បីផ្សារភ្ជាប់សុខភាពប៉ុណ្ណោះទេ ក៏ជាការបង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និងការរួមរួមកម្លាំងដើម្បីអនាគតកម្ពុជា។ ជាក់ស្តែងថវិកាសប្បុរសជន ក៏ត្រូវបាន​យក​ទៅ​ជួយ​វីរៈកងទ័ពជួរមុខផងដែរ។ក្រុមយុវជនដែលបានចូលរួមរត់ប្រណាំង ថ្លែងថា ពួក​គេ​ពិត​ជា​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​កម្ម​វិធី​អបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និង​បង្ហាញ​ស្មារតី​សាមគ្គី​ភាព​តែមួ​យ​គាំទ្រ​មាតុភូមិយើ​ង​ដែល​កំពុង​រង​គ្រោះព្រោះ​តែ​ការ​ឈ្លាន​ពាន​របស់​យោធាថៃ។គួរជម្រាបថា កម្មវិធីរត់ប្រណាំង ខេត្តកោះកុងបានរៀបចំ​ឡើង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​មិន​តូច​៣​ដង​នោះ​ទេ រយៈពេល៤ឆ្នាំកន្លងមកទៅ ដោយឈរលើស្មារតីបណ្តុះការអប់រំស្រឡាញ់សុខភាព ពង្រឹង​សាមគ្គីភាព មិត្តភាព និងស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដោះ​ស្រាយ​ក្នុង​សង្គម​ជាតិ​ជា​បន្ត​បន្ទាប់​៕ អត្ថបទ៖ ឈឹម មករា

អភិបាល​ខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និង​ព្រមាន​ចាត់​វិធានការ​អ្នក​ប្រើ​ឧបករណ៍​ល្មើសបំផ្លាញ

2026/02/09 01:34:38 pm        191
កំពង់ស្ពឺ៖ ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បី​បង្កើន​ធន​ធាន​ជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះ​ជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។ ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរ​ទៅ​ដោយ​អាង​ទឹក​ធំ​ៗ​ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ គឺ​បណ្តាល​មក​ពីការគ្រប់គ្រង របស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិន​អើ​ពើ ឬក៏ចាត់វិធានការក្តៅ ចំពោះជនល្មើស ដែលតែង​ប្រើ​ប្រាស់​ឧបករណ៍​ហាម​ឃាត់​គ្រប់​ប្រភេទ ពិសេសគឺឧបករណ៍ឆក់។ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដោយកត្តាអំណោយផល ដែល​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​អាង​ស្តុកទឹ​កធំៗ ដែលអាចជាជម្រកជីវចម្រុះ អាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុងស្រុក ត្រូវ​តែ​រៀប​ចំ​ទីតាំងភូមិសាស្ត្រអាងណាមួយ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះ ចូល​ទៅ​ក្នុងអាងនោះ ដើម្បីពង្រីកពូជធ្វើឲ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះ គឺផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅ​មូល​ដ្ឋាន​តាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។ជាមួយនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ដើម្បីការពារ អភិរក្ស​ជីវៈ​ចម្រុះ​ជល​ផល ក្រោយការរៀបចំ និងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវប​ង្កើត​ជា​សហគមន៍ និងកន្លែងអភិរក្ស ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយ​ត្រូវ​ដាក់​វិធានការឱ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់ នៅពេល​ដែល​ចាប់​ខ្លួន​បាន​ធ្វើយ៉ាងណាឱ្យជនល្មើសមានការរៀងចាល និងរក្សាបាននូវនិរន្តរភាពធនធានជលផល សម្រាប់​កូន​ចៅជំនាន់ក្រោយ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អ្នកវិនិយោគ និងអ្នកសារព័ត៌មានកូរ៉េ គ្រោងធ្វើទស្សនកិច្ច ដើម្បីស្វែងរកឱកាសវិនិយោគ និងចង់ឃើញពីបច្ចុប្បន្នភាពកម្ពុជាប្រាប់ទៅពលរដ្ឋកូរ៉េ

2026/02/09 01:16:04 pm        247
ភ្នំពេញ៖ អ្នកវិនិយោគ និងអ្នកសារព័ត៌មានជនជាតិ នៃសាធារណរដ្ឋកូរ៉េ មានបំណងចង់មកធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងចង់ដឹងពីបច្ចុប្បន្នភាពរបស់កម្ពុជា ក្រោយពីមានកិច្ចខិតខំប្រឹងប្រែងបង្ក្រាបបទល្មើសអនឡាញ (Scame Online) ។ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានថ្លែងថា នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក PARK JOO BONG ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Daejoo KC នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល ។ ក្នុងជំនួបនេះ ឯកឧត្តម ឯកអគ្គរាជទូត បានលើកឡើងអំពីបច្ចុប្បន្នភាព នៃទំនាក់ទំនងរវាងប្រទេសកម្ពុជា-កូរ៉េ ផ្តោតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំងបានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកម្ពុជា ក្នុងការស្តារស្ថានភាពទំនាក់ទំនង នៃប្រទេសទាំងពីរ ឱ្យត្រលប់ទៅរកប្រក្រតីភាពវិញ បន្ទាប់ពីមានបញ្ហាឧក្រិដ្ឋកម្មអនឡាញ បានកើតឡើងកាលពីឆ្នាំកន្លងមក ។ ក្នុងជំនួបនោះ លោក PARK JOO BONG បានលើកឡើងថា ប្រទេសកូរ៉េនៅតែផ្តល់សារៈសំខាន់ដល់ទំនាក់ទំនង រវាងប្រទេសកម្ពុជា-កូរ៉េ និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ។ ជាមួយនេះ លោកក៏បានលើកឡើង អំពីគម្រោងដឹកនាំក្រុមគណៈប្រតិភូកូរ៉េ ប្រហែល២០នាក់ មកកាន់ប្រទេសកម្ពុជា នៅពាក់កណ្តាលខែកុម្ភៈនេះ ដែលក្នុងនោះមានអ្នកវិនិយោគ និងអ្នកសារពត៌មានកូរ៉េ ផងដែរ ដើម្បីបង្ហាញឱ្យពួកគេឃើញថា កម្ពុជាមានសុវត្ថិភាព និងផ្តល់បរិយាកាសល្អសម្រាប់អ្នកវិនិយោគ ហើយអ្នកសារព័ត៌មានកូរ៉េ អាចរាយការណ៍ពីតថភាពក្នុងប្រទេសកម្ពុជា ដល់ប្រជាជនកូរ៉េ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ ។ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់ ក្នុងការដឹកនាំក្រុមគណៈប្រតិភូកូរ៉េទៅប្រទេសកម្ពុជា ដែលស្របទៅនឹងផែនការសកម្មភាព របស់ស្ថានទូត ដែលកន្លងមកស្ថានទូត តែងព្យាយាមស្នើឱ្យប្រព័ន្ធសារព័ត៌មានកូរ៉េផ្សព្វផ្សាយ អំពីភាពពិតក្នុងប្រទេសកម្ពុជា និងចុះផ្សាយអំពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ដើម្បីផ្តល់នូវទំនុកចិត្ត និងរក្សាសុខសុវត្ថិភាព ជូនវិនិយោគិន និងភ្ញៀវទេសចរ ។ ឯកឧត្តម ឃួន ផុនរតនៈ បានគូសបញ្ជាក់ថា ស្ថានទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការរៀបចំជំនួប រវាងក្រុមគណៈប្រតិភូ និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ

អាមេរិក អរគុណដល់កម្ពុជា ចំពោះកិច្ចសហការក្នុងការឃាត់ខ្លួន និង​និរទេស​ឧក្រិដ្ឋ​ជន​ជន​ជាតិ​អាមេរិក​ម្នាក់​ទៅអាមេរិកវិញ

2026/02/09 12:54:07 pm        205
ភ្នំពេញ៖ ភ្នាក់ងារពិសេសមកពីសេវាសន្តិសុខការទូត (DSS) នៃការិយាល័យស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ក្រៅប្រទេស (OCI) ប្រចាំស្ថានទូតអាមេរិកនៅភ្នំពេញ នៃប្រទេសកម្ពុជា បាន​សម្រប​សម្រួល​ដោយ​ជោគជ័យ ក្នុងការនាំខ្លួនឧក្រិដ្ឋជនជាជនជាតិអាមេរិកម្នាក់ ដែលត្រូវ​បាន​ស្វែង​រក​ចាប់​ខ្លួន​នៅក្នុ​ងសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋមួយចំនួនដូចជា កាន់កាប់អាវុធ​ខុស​ច្បាប់ និងបទល្មើសឧក្រិដ្ឋមួយចំនួនទៀតពាក់ព័ន្ធនឹងគ្រឿងញៀន។ នេះបើ​តាម​ការ​ចេញ​ផ្សាយ​របស់​ស្ថាន​ទូត​អាមេរិកប្រចាំនៅកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ភ្នាក់ងារ DSS បានរកឃើញទីតាំងរបស់បុគ្គលនោះ និងបានធ្វើការជាមួយអាជ្ញាធរកម្ពុជា ដើម្បី​សម្រប​សម្រួលការចាប់ខ្លួន និងនិរទេសចេញពីប្រទេសកម្ពុជា។ ពិរុទ្ធជនត្រូវ​បា​នចា​ប់​ខ្លួន​បញ្ជូន​ទៅ​សហរដ្ឋអាមេរិកវិញ ក្រោមការគ្រប់គ្រងរបស់ភ្នាក់ងារពិសេស U.S. Marshals Service Deputies។«យើងខ្ញុំសូមអរគុណដល់ដៃគូកម្ពុជារបស់យើង ចំពោះកិច្ចសហការដ៏ល្អប្រកបដោយវិជ្ជាជីវៈ។ យើង​រួមគ្នា បញ្ជូនសារយ៉ាងច្បាស់ថា ចំពោះបុគ្គលទាំងឡាយណាដែលប៉ុនប៉ងគេចខ្លួនពីច្បាប់ នឹង​ត្រូវ​បានវែកមុខយកមកផ្តន្ទាទោសតាមច្បាប់»។ នេះបើ​តាម​ការ​បញ្ជាក់​នៅ​ការ​ចេញ​ផ្សាយ​របស់​ស្ថានទូត៕

កម្ពុជាបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាព ខណៈ​សហគមន៍​អន្តរជាតិ​ជំរុញឱ្យថៃងាកមកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

2026/02/09 12:39:17 pm        288
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តវ៉ា ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​រំលោភ​បំពា​នរបស់​ថៃ​ដែល​បន្ត​សកម្មភាព​ឈ្លាន​បាន​មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ខណៈ​សហគមន៍​អន្តរជាតិ​ក៏​កំពុង​ជំរុ​ញ​ឱ្យ​ថៃ​ងាក​មក​ដោះ​ស្រាយ​បញ្ហា​បញ្ហា​ព្រំដែន​ជា​មួយ​កម្ពុជា​ដោយសន្តិវិធីដែរ។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង តាមរយៈក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបាន​ជំទាស់​យ៉ាង​ដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាង​សង់​ផ្លូវ​ចូល​ទៅ​តំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។ លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែល​ថៃ​បាន​ដាក់​ទូរ​កុងតឺន័រ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា​ឆ្នាំ​១៩០៧​។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់​ដោយ​កង​កម្លាំង​ថៃ​តាមមធ្យោបាយយោធាក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបាន​ព្រម​ព្រៀង​គ្នា​ក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់​ពលរដ្ឋ​ភៀស​សឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការ​ប៉ុន​ប៉ង​ដោយ​ចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំង​ជាក់​ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែល​ជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន​។ចំណែក ក្រសួងវប្បធម៌និងវិចិត្រលិល្បៈកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែរក៏​បាន​ប្រកាស​បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទ​តាក្របី និងតំបន់ប្រសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌​និង​វិចិត្ត​សិល្បៈ​កម្ពុជាបញ្ជាក់ថា ទីតាំង​ប្រវត្តិ​សាស្ត្រ​ទាំង​នេះ​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​កម្ពុជា​ទាំង​ស្រុង​ដូច​មាន​កំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែល​មាន​ផែន​ទី​ឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូច​គ្នា​ជា​មួយ​នឹង​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ)បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដែរ​។ ដូច្នេះ ការទាមទា​រដោយ​ប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់​គ្មានតម្លៃ​ផ្លូវ​ច្បាប់​ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារ​ជួស​ជុលណាមួ​យ​ដែល​គ្មាន​ការ​យល់​ព្រម​ពីប្រទេសកម្ពុជាគឺជាការរំលោភលើ MOU ឆ្នាំ 2000 ក៏ដូចជាការមើល​ស្រាល​ដល់​ស្មារតី​សហប្របត្តិការអាស៊ាន។ ចំណែកឯការ​ដណ្តើម​កាន់​កាប់​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដោយ​កម្លាំង​យោធា​ត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញា​ទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ។អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏​មាន​តម្លៃ​និងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាល កម្ពុជា​និង​ថៃ​ក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និង​ដោយ​ផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាប្រគល់តួនាទីឱ្យ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន(JBC) ដើម្បីបន្តការងារ​របស់​ខ្លួន​ដើម្បី​វាស់​វែង​ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ។​ អ្នកនាំពាក្យបានបន្តថា សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញ​ទំហឹង​ចំពោះ​បទ​ឈប់​បាញ់ និងជំរុញឱ្យកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​​កិច្ច​ព្រមព្រៀងទ្វេភាគីដែលមានស្រាប់និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយ​ចៀស​វាង​ការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះ​ក៏​មាន​ព្រំដែ​ន​អន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនា​វឱ្យភាគី​ថៃ​បញ្ឈប់​រាល់​សកម្ម​ភាព​រំលោភ​បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា​ជា​បន្ទាន់​ហើយ​ងាក​ម​ក​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និង​អន្តរជាតិដែលចង់បាន។បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែល​បន្ស​ល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែន​ទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លងមក។ កម្ពុជាមិ​ន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះឡើយ​៕

បក្សនយោបាយគាំទ្រគំនិតផ្តួចផ្តើមប្រមុខបក្សកាន់អំណាច កម្ពុជា វៀតណាម ឡាវ រក្សា​សន្តិភាព​តាម​ព្រំដែន

2026/02/09 12:27:36 pm        231
បណ្តាគណបក្សនយោបាយបានគាំទ្រពេញទំហឹងចំពោះការពង្រឹងទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងបក្សកាន់អំណាចកម្ពុជា វៀតណាម និងឡាវ ដែលបានប្តេជ្ញា​កសាង​សន្តិភាព​តាម​ខ្សែ​បន្ទាត់​ព្រំដែនដោយប្រើប្រាស់យន្តការបោះបង្គោលព្រំដែនដោយសន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ជាពិសេស ប្រឆាំងការ​ប្រើប្រាស់​កម្លាំង​គំរាម​កំហែង​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដទៃ​ទៀត​ដែល​នាំ​ឱ្យខូចផលប្រយោជន៍រួម។ការលើកឡើងបណ្តាគណបក្សនយោបាយនៅកម្ពុជាដូចនេះ ធ្វើឡើងបន្ទាប់ពី ឯកឧត្តម សួស យ៉ារ៉ា មន្រ្ដីនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ថា កម្ពុជា ឡាវ និងវៀតណាម ដោយ​បញ្ជាក់​ពី​ជំហរ​របស់​ថ្នាក់​ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​បី​លើការផ្ដល់តម្លៃខ្ពស់ចំពោះការដោះស្រាយបញ្ហាព្រំដែន តាមរយៈការគោរព​នូវ​បច្ចេក​ទេស ច្បាប់ និងគោរពអនុសញ្ញា សន្ធិសញ្ញាទាំង​អស់​ជា​ពិសេស​គឺគោល​ការ​សន្ដិភាព​ជាមួ​យ​គ្នា ​និងជំរុញការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស។ តាមរយៈលទ្ធផលនេះបណ្តាគណបក្សនយោបាយបានមើលឃើញថា គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ទាំង​បីមានទស្សនវិស័យដូចគ្នាក្នុងការកសាងមិត្តភាពរួមគ្នា ដើម្បីឆ្ពោះទៅ​រក​សន្តិភាព​យូរ​អង្វែង​ជា​និរន្ត។សូមបញ្ជាក់ថា ក្នុង​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​នៅ​កម្ពុជា​កាល​ពី​ចុងស​ប្ដាហ៍​មុន​នេះ​ប្រមុខ​បក្ស​កាន់​អំណាច កម្ពុជា វៀតណាម និងឡាវ ក៏បានអះអាងថានឹងចរចាគ្នាតាមយន្តការដោយសន្តិវិធី ក្នុង​នាម​ជា​អ្នកជិតខាងល្អ ដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនដែលសេសសល់ ហើយ ភាគីទាំងបី បាន​ប្តេជ្ញា​ខិតខំ​ស្វែង​រក​ដំណោះ​ស្រាយ​ដែល​អាច​ទទួល​យក​បាន​ទៅ​វិញ​ទៅ​មក​លើ​ការ​ងារ​ខណ្ឌ​សីមា​ព្រំដែន​គោក៕ អត្ថបទ៖ ធូ វិរៈ

ឱកាសការងារកំពុងមានតម្រូវការជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំពលរដ្ឋ និងយុវជន​មកដាក់​ពាក្យ​ធ្វើការ

2026/02/09 11:56:55 am        192
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ឱកាស​ការងារ​ក្នុង​ស្រុក​ដែល​កំពុង​រង់ចាំផ្តល់ជូនអ្នកស្វែងរកការងារនៅទូទាំងប្រទេស មាននចំនួសរុបជាង ៨ម៉ឺន ៦ពាន់ ក្នុង​នោះវិស័យឧស្សាហកម្មមានតម្រូវការខ្ពស់ជាងគេ បន្ទាប់មកវិស័យកសិកម្ម និងសេវា​កម្ម​ជា​ដើម​។ក្នុងគោលបំណងពាំនាំនូវឱកាសការងារដល់កៀកមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ ជា​ពិសេស​អតីត​ពលករ​ត្រឡប់មកពីក្រៅប្រទេស និងអ្នកស្វែងរកការងារធ្វើ ឱ្យទទួលបាន​នូវ​ឱកាស​ការងារ​ក្នុង​ស្រុក ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្ដុះបណ្ដាលវិជ្ជាជីវ: ជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេស ក្រោមប្រធានបទ «ខ្មែរជួយ​រក​ការ​ងារ​ឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏​មាន​ប្រសិទ្ធភា​ព​ដែល​ក្រសួង​បាន​ដាក់​ចេញ​ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង រវាងភាគីនិយោជក និងប្រជាពលរដ្ឋ។យោងតាម ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុង​ឱកាសចុះផ្សព្វផ្សាយព័ត៌មានការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវ: នៅខេត្ត​បាត់​ដំបង​ កាលពីថ្ងៃទី៨ ខែកុម្ភៈកន្លងទៅ បានលើកឡើងថា ការជ្រើស​រើសចាប់​យក​ឱកាស​ការ​ងារ​ក្នុង​ស្រុក គឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង ព្រមទាំង​ចៀស​ផុត​ពី​បញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងជាពិសេសគឺ​ការ​បាន​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ​យ៉ាង​កក់​ក្តៅ។​ទន្ទឹមនឹងការទទួលបានការងារធ្វើ ឯកឧត្តម បានបន្តលើក​ឡើង​ពី​អត្ថប្រ​យោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ នៃការក្លាយជាសមាជិករបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលរួម​មាន​ការ​ពិនិត្យ ​និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយឥតគិតថ្លៃ ការគាំពារ និងទទួល​បាន​តាវកាលិក​នៅ​​ពេល​មាន​គ្រោះថ្នាក់ការងារ ព្រម​ទាំង​សិទ្ធិ​ទទួល​បាន​ប្រាក់​សោធននិវត្តន៍​សម្រាប់​ធានា​ប្រាក់​ចំណូល​នៅ​ពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងក៏បានជំរុញ​ឱ្យ​យុវជន​ចាប់​យក​ឱកាសចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាន​នាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅពង្រឹងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិ។សូមជំរាប​ជូនថា លទ្ធផលវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្ត​ប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃទី៧ និង៨ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ មានអ្នកចូ​ល​រួម​សរុ​បចំនួន ៣ ៧១៣នាក់។ ក្នុងនោះ អ្នកជាប់ការងារ (បឋម) មានចំនួនជិត ៤០០នាក់។ ដោយ​ឡែក​ អ្នកចុះឈ្មោះដើម្បីរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ មានចំនួន ៣៨៧នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

មេដឹកនាំកម្ពុជា វៀតណាម និងឡាវ ឯកភាពគ្នាប្រយុទ្ធប្រឆាំង ទប់​ស្កាត់​បទ​ល្មើស​ឆបោក​តាម​អនឡាញ

2026/02/09 11:43:57 am        289
ថ្នាក់ដឹកនាំគណបក្សកាន់អំណាច កម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាថា បញ្ហា​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនមែនជាបញ្ហា​រប​ស់​ប្រទេស​ណា​មួយ​ដាច់​ដោយ​ឡែក​ទេ​ហើយ​ប្រទេស​ណា​មួយ​ក៏​មិន​អាច​យក​លេស​បញ្ហា​នេះ​ធ្វើ​ជា​ដើម​ចម​ទៅ​ឈ្លាន​ពាន​បូរណ​ភាព​ទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសមួយទៀតដែរ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែង​សន្និសីទ​សារព័ត៌​មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែ​កុម្ភៈ ​ក្រៅពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយហើយនោះ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏​បាន​ឯកភាព​គ្នា​ក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តរួមគ្នា ក្នុង​ការ​បោស​សម្អាត​បទ​ល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានឯកភាព​រួម​គ្នា​យ៉ាង​ខ្លាំង​ប្រឆាំង​នូវ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និងបានចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែន គឺជាប្រព័ន្ធ​ដែល​ទាំ​ងអស់​គ្នា​ត្រូវ​ប្រើ​យន្ដ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ កម្ទេចចោលបណ្ដាញនេះដើម្បីកុំឲ្យមានការចោទប្រកាន់គ្នាដោយអយុត្តិធម៌។ ជា​ពិសេស​បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស។ឯកឧត្តម​បាន​ឱ្យដឹងទៀតថា ក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំង​បី​បាន​ជូន​ព័ត៌​មាន​គ្នា​ទៅ​វិញ​ទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្ដរជាតិ ព្រមទាំងចែក​រំលែក​អំពី​បទ​ពិសោធន៍ ​និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និង​ទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រម​ទាំង​ដាក់​ចេញ​គោល​ការណ៍ និងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងពេលខាងមុខ។ភាគី​ទាំងបី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយ​បានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​ទៅ​វិញទៅមក ដើម្បីឲ្យប្រទេសទាំងបី សម្រេចគោល​ដៅ​ក្លាយ​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លាំងចម្រុះនៃរាជរដ្ឋាភិបាលកម្ពុជា កំពុង​សហការ​ជា​មួយ​ប្រទេស​ និងដៃគូរ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​លើកា​រ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានេះ ខណៈរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ និងចាប់​បញ្ជូ​ន​ជន​បរទេស​ដែល​ពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ទៅកាន់ប្រទេសដើមវិញ និងមួយចំនួន​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់ផងដែរ។សកមុ្មភាពប្រយុទ្ធប្រឆាំងនឹងបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការអនុវត្តតាម​វិធាន​ការ​ច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្រោយមការដឹកនាំដោយផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុប​បំបាត់​ឧក្រិដ្ឋ​កម្ម​តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកល​លោក​ ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដែ​ល​ត្រូវ​មេខ្លោង​បោក​បញ្ឆោ​ត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ប្រធានវិទ្យាស្ថាន ERIA៖ កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន

2026/02/09 11:16:23 am        186
ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) មើលឃើញថា កម្ពុជាមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី»។ លោកសាស្ត្រាចារ្យ តេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya WATANABE) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និងអាស៊ីបូព៌ា (ERIA) បានលើកឡើងពីការមើលឃើញបែបនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួបនេះ លោកសាស្ត្រាចារ្យប្រធានវិទ្យាស្ថាន ERIA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូបានចូលជួបសម្ដែងការគួរសម។ លោកសាស្ត្រាចារ្យ បានគោរពរាយការណ៍ជូនសម្ដេចធិបតី អំពីលទ្ធផលនៃការស្រាវជ្រាវស្ដីពី «ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតងកម្ពុជា-ជប៉ុន (C-J GSEZ)»។ លោកសាស្ត្រាចារ្យ ក៏បានលើកឡើងពីសក្ដានុពល និងឱកាសរបស់កម្ពុជាក្នុងការទាក់ទាញវិនិយោគិនជប៉ុន ជាពិសេសលទ្ធភាពរបស់កម្ពុជាក្នុងការប្រែក្លាយខ្លួនទៅជា «មូលដ្ឋានផលិតកម្មឧស្សាហកម្មថ្មី» ដែលការណ៍នេះមិនត្រឹមតែរួមចំណែកដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មតំបន់ និង សកល។ បន្ថែមលើសនេះ, លោកសាស្ត្រាចារ្យ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់វិនិយោគិនជប៉ុនក្នុងការវិនិយោគបន្ថែម នៅកម្ពុជា ក៏ដូចជាការរៀបចំនូវវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នាពេលខាងមុខ ដើម្បីចូលរួមចំណែកក្នុងការទាក់ទាញវិនិយោគិនជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើន។ លោកសាស្ត្រាចារ្យ បានជម្រាបជូនសម្តេចធិបតីថា បច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុនជប៉ុនកំពុងស្វែងរកឱកាសក្នុងការផ្លាស់ប្ដូរទីតាំងផលិតកម្ម (Re-location)នៅក្នុងតំបន់ ហើយបាននិងកំពុងសម្លឹងមើលឱកាសក្នុងការវិនិយោគថ្មីៗនៅកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងសេចក្ដីរីករាយដែលបានជួបលោកសាស្ត្រាចារ្យ និងគណៈប្រតិភូជាថ្មីម្ដងទៀត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពរបស់វិទ្យាស្ថាន ERIA។ ជាមួយគ្នានោះ, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជាកំពុងផ្ដោតការយកចិត្តទុកដាក់លើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសបៃតង (Green SEZ) និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ប្រទេសជាក់លាក់ និង ឧស្សាហកម្មជាក់លាក់ ជាដើម។ ក្នុងន័យនេះ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យលោកសាស្ត្រាចារ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និង វិស័យឯកជន ទាំងនៅជប៉ុន និងកម្ពុជា សំដៅពិនិត្យលទ្ធភាពក្នុងការជ្រើសរើសនូវម៉ូដែលសម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសទ្វេភាគី ឬត្រីភាគី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM
អ៊ីស្រាអែលបើកជម្រកការពារ នៅទីក្រុង Ashdod ជាក្ដីបារម្ភអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់
05/05/2026 07:05 PM
យោធាអាមេរិកនិយាយថា ខ្លួនវាយប្រហារទូកមួយគ្រឿងនៅសមុទ្រការ៉ាអ៊ីបបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់
05/05/2026 07:05 PM