‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

កម្ពុជា បន្តតវ៉ាជំទាស់ នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃ ក្នុងការកាន់កាប់ទឹកដីកម្ពុជា ដាក់របាំងកុងតឺន័រ និងសាងសង់ផ្លូវចូលទៅតំបន់មួយចំនួន ក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់

2026/02/08 01:23:22 pm        491
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានប្រកាសជាថ្មី តវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជា ប្រឆាំងនឹងសកម្មភាពខុសច្បាប់ ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ នៅក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់។ នៅក្នុងការតវ៉ាថ្មីៗនេះ កម្ពុជាបានជំទាស់យ៉ាងដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាងសង់ផ្លូវចូលទៅតំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់ ។ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ បានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរ កន្លែងក្នុងខេត្តឧត្តរមានជ័យ គឺភូមិរួតចំប៉ី និងភូមិអូរខ្លាឃ្មុំ ក្នុងសង្កាត់អូរស្មាច់។ ពីរថ្ងៃក្រោយមក គឺនៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែ ដែលលាតសន្ធឹងចេញ ពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូរខ្លាឃ្មុំ។ នៅខេត្តពោធិ៍សាត់ កងកម្លាំងប្រដាប់អាវុធថៃបានដាក់ កុងតឺន័របន្ថែម នៅក្នុងឃុំថ្មដា ស្រុកវាលវែង នៅថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២៦។ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ទីតាំងទាំងនេះស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ក្នុងអនុសញ្ញា បារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ ការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែល កាន់កាប់ដោយកងកម្លាំងថៃក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបានព្រមព្រៀងគ្នាក្នុងចំណុចទី១ នៃ សេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើ ឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយ សុវត្ថិភាព និង ថ្លៃថ្នូររបស់ពលរដ្ឋភៀសសឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការប៉ុនប៉ងដោយចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំងជាក់ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែលជាការ រំលោភលើគោលការណ៏ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ក្រសួងការបរទេសកម្ពុជាបានឱ្យដឹងថា ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែន ទាំងអស់តាមរយៈមធ្យោបាយសន្តិភាព និងស្របតាមច្បាប់អន្តរជាតិ ទន្ទឹមនឹងនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀត៕

កម្ពុជា-ឡាវ ឯកភាពគ្នាបង្កើតព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជា-ឡាវ នៅឆ្នាំ២០២៦ ឱ្យបានអធិកអធមដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ ទំនាក់ទំនងការទូតប្រទេសទាំងពីរ

2026/02/08 01:07:25 pm        395
ភ្នំពេញ៖ ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវ បានឯកភាពបង្កើតព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជា-ឡាវ នៅឆ្នាំ២០២៦ ឱ្យបានអធិកអធម ដើម្បីចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក្នុងគោលដៅជំរុញទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ភាគីទាំងពីរនឹងចាត់តាំងឱ្យមានការសិក្សាអំពី វប្បធម៌ និងការរស់នៅរបស់ប្រជាជនតាមផ្លូវបុរាណអង្គរ-វត្តភូ ឆ្លងកាត់តំបន់ប្រាសាទព្រះវិហារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និងបក្សប្រជាជនបដិវត្តន៍ឡាវនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងការិយាល័យនយោបាយគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវដឹកនាំ ដោយ ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ បាន ជួបប្រជុំកំពូលលើកទី១៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ភាគីទាំងពីរបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំង ចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រមទាំងដាក់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ រវាងគណបក្សទាំងពីរនៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។សម្តេចតេជោ បានអបអរសាទរដល់បក្សប្រជាជនបដិវត្តន៍ឡាវ ដែលបានរៀបចំមហាសន្និបាត លើកទី១២ ប្រកបដោយជោគជ័យ និងការបោះឆ្នោតជ្រើសតាំងសារជាថ្មី ឯកឧត្តម ថងលូន ស៊ីសូលីត ជា អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ។ គណបក្សប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល បក្ស រដ្ឋ និងប្រជាជនឡាវ សម្រេចបានប្រកបដោយមោទនភាព ដែលរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជន និងការសម្រេចដាក់ចេញនូវគោលដៅក្លាយជាប្រទេសចំណូល មធ្យមកម្រិតខ្ពស់ និងឈានដល់ប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥៥។ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងសម្តែងនូវការអបអរសាទរយ៉ាងក្រៃលែង ចំពោះការរីកចម្រើន ឥតឈប់ឈរនូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ និងប្រកបដោយផ្លែផ្កា ស្របតាម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង»។ភាគីទាំងពីរឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹង សកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោក អនឡាញ ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺឆ្លង ការប្រែប្រួលអាកាសធាតុ និង គ្រោះមហន្តរាយផ្សេងៗនៅតំបន់ព្រំដែន។ភាគីទាំងពីរឯកភាពបន្តរួមគ្នាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ សង្គម សាសនា និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសដាក់គោលដៅជំរុញ ទំហំពាណិជ្ជកម្មទៅវិញទៅមកឱ្យបាន ៧០០លានដុល្លារ នៅឆ្នាំ២០៣០ និងបន្តជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យថាមពល ជាពិសេសការបង្កើនពាណិជ្ជកម្មផ្នែកថាមពលអគ្គិសនី ព្រមទាំងបន្តជំរុញយ៉ាងខ្លាំងនូវ ការផ្សារភ្ជាប់ការអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស តាមទិសដៅយូរអង្វែង ដោយចាត់ទុកជាស្ពាន តភ្ជាប់ដ៏សំខាន់មួយដើម្បីភ្ជាប់យុវជនវ័យក្មេងរបស់ប្រទេសទាំងពីរ ស្របតាមស្មារតី «តភ្ជាប់យុវជន តភ្ជាប់ ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ភាគីទាំងពីរបានឯកភាពបង្កើតព្រឹត្តិការណ៍សប្តាហ៍វប្បធម៌កម្ពុជា-ឡាវ នៅឆ្នាំ២០២៦ ឱ្យបានអធិកអធម ដើម្បីចូលរួមអបអរសាទរដល់ខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ ក្នុង គោលដៅជំរុញទំនាក់ទំនងវប្បធម៌ ប្រវត្តិសាស្ត្រ និងទេសចរណ៍ ភាគីទាំងពីរនឹងចាត់តាំងឱ្យមានការសិក្សាអំពី វប្បធម៌ និងការរស់នៅរបស់ប្រជាជនតាមផ្លូវបុរាណអង្គរ-វត្តភូ ឆ្លងកាត់តំបន់ប្រាសាទព្រះវិហារ។ ភាគីទាំងពីរឯកភាពជំរុញការដោះស្រាយនិងបោះបង្គោលព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់ ដើម្បី ទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ភាគីទាំងពីរប្តេជ្ញាការពារសាមគ្គីភាព មជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ កម្ពុជាបានថ្លែងអំណរគុណដល់មិត្តឡាវ ដែលបានចូលរួមជាមួយ សមាជិកអាស៊ានដទៃទៀត គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងបានចូលរួមចំណែកដល់បេសកកម្ម ក្រុមសង្កេតការណ៍អាស៊ាន ដើម្បីជួយធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ភាគីទាំងពីរនឹងបន្តសហការជិតស្និទ្ធ និងជួយគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស ក្របខណ្ឌអាស៊ាន និងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្នុងតំបន់ និងពិភពលោក។ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំកំពូលលើកទី១៧ រវាងគណបក្សទាំងពីរ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ នៅឆ្នាំ២០២៧ ខាងមុខ៕

ការដាក់ទូរកុងតឺន័រ បន្លាលួស រារាំងពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋានវិញ ដោយទាហានថៃ គឺផ្ទុយពីច្បាប់អន្តរជាតិ និងរំលោភអធិបតេយ្យភាពកម្ពុជា

2026/02/08 12:58:36 pm        479
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា ការដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យមស្បត្តិរបស់ខ្លួនបាន រួមទាំងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មី នៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ គឺបានដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង និងជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត។តាមរយៈ Press Briefing នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា បានរម្លឹកឡើងវិញនូវស្មារតីនៃសេចក្តីប្រកាស​រួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញពីសកម្មភាពរំលោភបំពានរបស់ភាគីថៃថា ក្នុងនោះកិច្ចប្រជុំ បានទទួលស្គាល់ពីសារៈសំខាន់នៃការពិភាក្សាស្តីពីដំណោះស្រាយជម្លោះដោយសន្តិវិធី ក្នុងបរិយាកាសនៃជំនឿទុកចិត្តគ្នា ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក ស្របតាមគោលបំណងនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និង សន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ សំដៅបើកផ្លូវសម្រាប់ជំពូកថ្មីនៃសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ឯកឧត្តម បានរំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ាន​សម្រាប់កិច្ចប្រជុំពិសេស​របស់រដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃ ដែលបានរៀបចំឡើង កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ។ឯកឧត្តម បញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជៀសវាងការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពព្រំដែនអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក ចំពោះឯករាជ្យភាព អធិបតេយ្យ សមភាព បូរណភាពទឹកដី និងអត្តសញ្ញាណជាតិរបស់ប្រទេសរៀងៗខ្លួន។ឯកឧត្តមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តដ៏មុតមាំចំពោះការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃបទឈប់បាញ់ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធទាំងអស់ដែលសម្រេចបានក្រោយបទឈប់បាញ់នេះ ព្រមទាំងកិច្ចព្រមព្រៀងផ្សេងៗដែលសម្រេចបាននិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ឯកឧត្តមបញ្ជាក់អំពីការតាំងចិត្តរួមគ្នាក្នុងការវិលត្រឡប់ទៅរកការសន្ទនាដោយផ្អែកលើមូលដ្ឋាននៃកិច្ចព្រមព្រៀងដែលធ្វើឡើងកន្លងមក ក៏ដូចជាយន្តការទ្វេភាគីដែលមានស្រាប់ សំដៅបញ្ឈប់អរិភាពគ្រប់ទម្រង់ និងដើម្បីបង្កើតនូវសន្តិភាពមួយដ៏ពិតប្រាកដ និងប្រកបដោយចីរភាព ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការកសាងទំនុកចិត្ត និងការស្តារប្រក្រតីភាពឡើងវិញ និង សន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។«ដូច្នេះ ការដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យមស្បត្តិរបស់ខ្លួនបាន រួមទាំងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ គឺបានដើរផ្ទុយពីស្មារតីនៃកិច្ចព្រមព្រៀង និងជាការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងច្បាស់ក្រឡែត»។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត និងគោរពគ្រប់ចំណុចទាំងអស់ដែលមានចែងដោយមិនអាចមើលរំលងចំណុចណាមួយបានឡើយ។ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

ពិធីចាប់ត្រីឡើងមាឃ អ្នកស្រុកអង្គរ នៅតែបន្ដធ្វើរៀងរាល់ឆ្នាំ ខណៈទិន្នផលត្រីឆ្នាំនេះ កើនឡើងច្រើន

2026/02/08 12:41:16 pm        400
ពិធីចាប់ត្រីឡើងមាឃរបស់អ្នកស្រុកអង្គរ នៅបឹងសហគមន៍ ក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២៦នេះ ដោយមានមនុស្សរាប់ពាន់នាក់ ទៅកម្សាន្ដ និងចូលរួមចាប់សាមគ្គីភាព ប្រកបដោយក្ដីរីករាយ ខណៈដែលទិន្នផលត្រីឆ្នាំនេះមានការកើនឡើងច្រើន។លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង មានប្រសាសន៍ថា បឹងសហគម៍មួយនេះ ត្រូវបានព្រលែងកូនត្រីប្រមាណ៤ម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឱ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឱ្យកត់សំគាល់។លោកបន្ថែមថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរបានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។លោកបានបន្តថា ពិធីនេះ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតារបស់អ្នកស្រុកអង្គរ ជាពិសេសធ្វើឱ្យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ប្រពៃណីអ្នកស្រុកអង្គរ ខណៈដែលស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងជាតំបន់ទេសចរណ៍ដ៏ប្រណិតផងដែរ។ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដែលពួកគាត់តែងតែរួមគ្នាប្រារព្វជារៀងរាល់ឆ្នាំតពីបុរាណកាល។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹកជាកំហិត។ជាមួយគ្នានេះ ការចាប់ត្រីមានពីរផ្នែក ទី១ គឺអនុញ្ញាតិឱ្យចាប់រួមគ្នា ប៉ុន្ដែផ្នែកទី២ នៅក្នុងបឹងសហគមន៍ បានហ៊ុសម្រាស់ សម្រាប់តែអ្នកភូមិចាប់ត្រីរួមគ្នាដើម្បីយកធ្វើម្ហូបបុណ្យភូមិ ឬឡើងបុណ្យមាឃតែប៉ុណ្ណោះ៕

ពលរដ្ឋជាច្រើនបានចូលរួមក្នុងវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃនេះ នៅខេត្តបាត់ដំបង និងខេត្តបៃលិន

2026/02/08 12:21:31 pm        343
នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ពលរដ្ឋជាច្រើននាក់បានបន្ត ចូលរួមក្នុង វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបៃលិននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដែលជាថ្ងៃទីពីរនៃវេទិកានេះ។ ទាំងនេះជាសកម្មភាពបងប្អូនអតីតពលករដែលត្រឡប់មកប្រទេសកម្ពុជា និងអ្នកស្វែងរកការងារ មកចូលរួមដាក់ពាក្យរកការងារ សម្ភាសភ្លាមៗផ្ទាល់ជាមួយតំណាងក្រុមហ៊ុនក្នុងកម្មវិធី នៅខេត្តបាត់ដំបង ស្រុករតនមណ្ឌល ក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ និងខេត្តបៃលិន ក្រុងប៉ៃលិន ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្ត។ក្រសួងការងារបានបន្តអំពាវនាវដល់ អ្នកស្វែងរកការងារអាចចូលរួមដាក់ពាក្យ សម្ភាសផ្ទាល់ ជាមួយក្រុមហ៊ុន នៅទីតាំងវេទិកាការងារនេះ រហូតដល់ម៉ោង ៣រសៀលនេះ។សូមជម្រាបថា អ្នកស្វែងរកការងារ យុវជន និងជាពិសេសបងប្អូនពលករដែលវិលត្រឡប់ មកប្រទេសកម្ពុជាវិញ អាចចូលរួមកម្មវិធីនៅថ្ងៃទី៨ ខែកុម្ភៈ បាន នៅទីតាំង ស្រុករតនមណ្ឌលក្នុងបរិវេណសាលាបឋមសិក្សា អ៊ីនស៊ីដារ៉េ នៃខេត្តបាត់ដំបង និង ក្រុងប៉ៃលិន ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិត្តនៃខេត្តប៉ៃលិន៕

កម្ពុជា វៀតណាម និងឡាវ ជំរុញការដោះស្រាយបញ្ហាព្រំដែនសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ នូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ

2026/02/08 12:13:31 pm        441
ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ភាគីទាំងបី បានជំរុញលើការដោះស្រាយបញ្ហាព្រំដែនសេសសល់ឱ្យបានឆាប់រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយនូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ នេះបើតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូលនៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ។ នៅនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជាបានរៀបចំកិច្ចប្រជុំរវាងអ្នកដឹកនាំកំពូល នៃគណបក្សប្រជាជនកម្ពុជា បក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ រួមមាន៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត អគ្គលេខាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ ព្រមទាំង មានការចូលរួមពីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី ថ្នាក់ដឹកនាំនៃរដ្ឋសភា និងឥស្សរជនរបស់គណបក្សនីមួយៗ។ក្នុងជំនួបនេះ អ្នកដឹកនាំកំពូលនៃគណបក្សទាំងបីបានជូនព័ត៌មានគ្នាទៅវិញទៅមកអំពីសភាពការណ៍ ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងចែករំលែកអំពីបទពិសោធន៍ និងសភាពការណ៍លេចធ្លោនៃគណបក្ស និង ប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និងទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និង អន្តរជាតិ ព្រមទាំងដាក់ចេញគោលការណ៍ និងទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុង ពេលខាងមុខ។ ភាគីទាំងបីបានកោតសរសើរនិងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។កិច្ចប្រជុំកំពូលនៃគណបក្សទាំងបីនេះត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហា នានា ក្នុងទំនាក់ទំនងរវាងគណបក្សទាំងបី ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ភាគីទាំងបីបានកត់សម្គាល់ឃើញថា កិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ បានបោះជំហានទៅមុខ ប្រកបដោយ ប្រសិទ្ធភាពនិងស៊ីជម្រៅ ដែលជំរុញឱ្យកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ អប់រំ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កាន់តែរីកចម្រើន។ភាគីទាំងបីឯកភាពជំរុញទំហំពាណិជ្ជកម្មទៅវិញទៅមកនៃប្រទេសទាំងបីឱ្យកើនឡើងទ្វេដង។ ភាគី ទាំងបីក៏បានឯកភាពជំរុញឱ្យសកម្មនូវការអនុវត្តគោលនយោបាយទេសចរណ៍ «ប្រទេស៣ គោលដៅ១» ដើម្បីជំរុញប្រទេសទាំងបីឱ្យក្លាយជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរនៃប្រទេសទាំងបី និងប្រទេស ផ្សេងៗទៀតជុំវិញពិភពលោក។ភាគីទាំងបីឯកភាពបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន សហការយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងនឹង សកម្មភាពប្រឆាំងរបស់ពួកអមិត្ត ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស ព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានាដូចជា ជំងឺឆ្លង ការប្រែប្រួល អាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ នៅតំបន់ព្រំដែន។ភាគីទាំងបីនឹងបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័នគណបក្ស សភា ក្រសួង/ស្ថាប័ន របស់រដ្ឋាភិបាល រណសិរ្ស និងអាជ្ញាធរមូលដ្ឋានរបស់ប្រទេសទាំងបី ជាពិសេសតំបន់ដែលមានព្រំដែនជាប់គ្នា និងបន្តបង្កើនការផ្សារភ្ជាប់ខឿនសេដ្ឋកិច្ចនៃប្រទេសទាំងបី ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ទូរគមនាគមន៍ ថាមពលអគ្គិសនី បរិវិត្តកម្មឌីជីថល និងខ្សែច្រវាក់ផ្គត់ផ្គង់ ឧស្សាហកម្មកែច្នៃ និងកសិកម្ម ក្នុង ស្មារតីនៃការទាញយកប្រៀបខ្លាំង ដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក។ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាព សម្រាប់ផលប្រយោជន៍ គណបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងបី កិច្ចប្រជុំក៏បានចូលរួមចំណែកដល់ ការកសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។ភាគីទាំងបីបានវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងគុណតម្លៃនៃកម្មវិធីបណ្តុះបណ្តាលមន្ត្រីវ័យក្មេងបី គណបក្ស ដើម្បីឱ្យមន្ត្រី និងថ្នាក់ដឹកនាំវ័យក្មេងបានរៀនសូត្រ ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក និង រួមចំណែកដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី តាមស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់ភាពជាអ្នកដឹកនាំ»។ភាគីទាំងបីក៏បានពិភាក្សាអំពីការជំរុញការដោះស្រាយបញ្ហាព្រំដែន ដែលនៅសេសសល់ឱ្យបានឆាប់ រហ័ស ដើម្បីទុកជាកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយ នូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ក៏ដូចជាបន្តសហការជិតស្និទ្ធជួយគ្នាទៅវិញទៅមក ក្នុងវេទិកាមហាអនុតំបន់ទន្លេមេគង្គ តំបន់ និងអន្តរជាតិ ព្រមទាំងប្តេជ្ញាការពារសាមគ្គីភាព មជ្ឈភាពអាស៊ាន និងគោលការណ៍ដោះស្រាយជម្លោះដោយ សន្តិវិធី និងគោរពច្បាប់អន្តរជាតិ។កម្ពុជាបានថ្លែងអំណរគុណដល់មិត្តវៀតណាម និងមិត្តឡាវ ដែលបានចូលរួមជាមួយសមាជិកអាស៊ាន ដទៃទៀត គាំទ្របទឈប់បាញ់រវាងកម្ពុជានិងថៃ និងបានចូលរួមចំណែកដល់បេសកកម្មក្រុមសង្កេតការណ៍ អាស៊ាន ដើម្បីជួយធានាការអនុវត្តបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព។ ភាគីទាំងបីបានឯកភាពរៀបចំកិច្ចប្រជុំអ្នកដឹកនាំកំពូលគណបក្សទាំងបី នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេស ឡាវ នៅឆ្នាំ២០២៧ ខាងមុខ៕

ជន​ជាតិចិន១១០នាក់ទៀត ​ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជា

2026/02/08 11:34:09 am        314
នៅយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី សហាការជាមួយស្ថានទូតចិន បន្តធ្វើ​ការ​បណ្តេញ​ជន​ជាតិចិនសរុបចំនួន១១០នាក់ (ស្រី០នាក់) ពាក់​ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញ​តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ៖

2026/02/08 09:01:52 am        104
សម្ពាធទាបដែលកើតនៅមាហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី២ ឈ្មោះ ពែនញ៉ា (Penha) T2602 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦៖១-តំបន់វាលទំនាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៤°C។ ខ្យល់ បក់មកពីទិសឦសាននឹងទិសបូព៌មានល្បឿនមធ្យម នមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប សៀមរាប ពោធិ៍សាត់ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ១៥%។ ចំណែកឯ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល ស្វាយរៀង តាកែវ និងភ្នំពេញ ពុំមានភ្លៀងធ្លាក់ទេ។២-តំបន់ខ្ពង់រាប៖ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់បក់ មកពីទិសឧត្តរ និងទិសឦសានមានល្បឿនមធ្យម ៣ម៉ែត្រវិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន កំពង់ស្ពឺ ព្រះវិហារ តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែកអាចមានភ្លៀងធ្លាក់ជាមួយ ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ ចំណែកខេត្តក្រចេះ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ពុំមានភ្លៀងធ្លាក់ទេ។៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពមធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៣°C។ ខ្យល់ បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី ១០%។-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,០០ម៉ែត្រ៕

កម្ពុជា-ឡាវ ប្ដេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចដល់គោលដៅ ៧០០លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០

2026/02/07 06:31:58 pm        411
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសាមគ្គីភាព ក្នុងឱកាសដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា, ថ្នាក់ដឹកនាំកំពូលគណបក្សកុម្មុយនីស្តវៀតណាម និងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី, នាយករដ្ឋមន្រ្តីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងក្នុងគ្រប់កម្រិតនាពេលកន្លងមក ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង និងបានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តធ្វើការឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានលទ្ធផលជាក់ស្តែង ជូនប្រជាជននៃប្រទេសទាំងពីរ។ ឆ្នាំ២០២៦ នេះ គឺជាឆ្នាំពិសេស នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ, ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពរួមគ្នារៀបចំសកម្មភាពឱ្យបានច្រើន ជំរុញការផ្លាស់ប្ដូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ ដើម្បីអបអរសាទរឆ្នាំដ៏សំខាន់នេះ។ ជាក់ស្ដែង, ការអញ្ជើញធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ នាឱកាសនេះ ក៏ដូចជាគម្រោងយាងបំពេញព្រះរាជទស្សកិច្ចផ្លូវរដ្ឋទៅកាន់រដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ គឺជាសក្ខីភាពជាក់ស្ដែងក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងនយោបាយ ការទូតរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាអំពីយន្តការនៃការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសលើ៖ នយោបាយ-ការទូត, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ធនាគារ, កសិកម្ម, ថាមពល, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, កិច្ចការព្រំដែន, ការពារជាតិ និងសន្តិសុខ, ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, ការជួញដូរមនុស្ស និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែក្លាយតំបន់ព្រំដែន ទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានពិភាក្សាអំពីការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមក។ ក្នុងន័យនេះ, កម្ពុជាអាចដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ប្រទេសទីបី ដោយឆ្លងកាត់ប្រទេសឡាវ ឯប្រទេសឡាវក៏អាចចាត់ទុកកម្ពុជាជាច្រកផ្លូវដឹកជញ្ជូនទំនិញពីប្រទសឡាវ ទីកាន់ទីផ្សារអន្តរជាតិ ដោយឆ្លងកាត់កម្ពុជា និង ប្រើប្រាស់ផែសមុទ្រកម្ពុជា ស្របតាមយុទ្ធសាស្ត្រប្រែក្លាយប្រទេសឡាវពីប្រទេសដែលគ្មានព្រំដែនជាប់សមុទ្រ (landlocked) ទៅជាប្រទេសដែលមានការតភ្ជាប់ (land-linked)។ មេដឹកនាំទាំងពីរក៏បានឯកភាពលើកិច្ចខិតខំជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងឈានដល់គោលដៅ ៧០០ លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០៣០។ បន្ថែមលើនេះ, ក្នុងកិច្ចការថាមពល, ប្រមុខរដ្ឋាភិបាលទាំងពីរបានប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីធានានូវសន្តិសុខថាមពលរវាងប្រទេសទាំងពីរ។មុននឹងបញ្ចប់, ឯកឧត្តម សនសៃ ស៊ីផាន់ដន បានផ្ដល់ការគាំទ្រ និងចាត់មន្ត្រីជាន់ខ្ពស់របស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី ២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ក្នុងខែវិច្ឆិកាខាងមុខ៕

ក្រសួងការងារ នាំយកឱកាសការងារជិត ៣ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ផ្សព្វផ្សាយជូនដល់ពលរដ្ឋ ក្នុងខេត្តបាត់ដំបង

2026/02/07 06:04:08 pm        351
ក្នុងស្មារតីជំរុញការងារជូនប្រជាពលរដ្ឋក្នុងស្រុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅបរិវេណសាលាស្រុកសំឡូត ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារសរុបចំនួនជាង ៣ពាន់ កន្លែង ពីបណ្តារោងចក្រ សហគ្រាស និងសិប្បកម្មចំនួន៨ ដើម្បីផ្តល់ជូនដោយផ្ទាល់ដល់អតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារធ្វើទាំងអស់។វេទិកាការងារដែលរៀបចំឡើងជារៀងរាល់ចុងសប្តាហ៍នៅទូទាំងប្រទេសក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» នេះ គឺជាយន្តការដ៏មានប្រសិទ្ធភាពដែលកំពុងផ្តល់ឱកាសការងារក្នុងស្រុកសរុបចំនួន ៨៦ ០១៧ កន្លែងនៅទូទាំងប្រទេស ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការជ្រើសរើសការងារក្នុងស្រុកគឺជាសញ្ញាវិជ្ជមានក្នុងការកសាងជីវភាពឱ្យបានប្រសើរ ជាជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព និងការបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ។ឯកឧត្តម បន្តថា ក្រៅពីទទួលបានការងារធ្វើ បងប្អូនកម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែលទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើនដូចជា ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ ការការពារ និងទទួលបានតាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ ព្រមទាំងទទួលបានប្រាក់សោធននិវត្តន៍សម្រាប់ធានាប្រាក់ចំណូលនៅពេលចាស់ជរាដូចមន្ត្រីរាជការផងដែរ។ បន្ថែមលើនេះ ក្រសួងបានលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។សូមបញ្ជាក់ថា បណ្ដារោងចក្រ សហគ្រាស និងសិប្បកម្ម ចំនួន៨ រួមមាន ១. សិប្បកម្មសានពៅ ២. រោងចក្រ យូលីអ៊ីនធើណេស៊ិនណល (ខេមបូឌា)ហ្គាមេន ខូអិលធីឌី ៣. រោងចក្រ ហ្វីនិក អ៊ិនដាស្រ្ទៀល ឯ.ក. ៤. រោងចក្រ អាយឌាលហ្វើនឈ័រ ឯ.ក. ៥. រោងចក្រ អ​ ហូម​ ហ្វើ​នី​ស៊ីង​ ឯ.ក​. ៦. ក្រុមហ៊ុន ថាកូ អាហ្រ្គី ៧. ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស និង ៨. ក្រុមហ៊ុន អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ (ជ្រើសរើសទៅប្រទេសជប៉ុន)៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM