‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន

2026/02/07 05:12:59 pm        277
វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរៀបចំឡើងនៅបរិវេណសាលាស្រុកសាលាក្រៅ ក្នុងខេត្តប៉ៃលិន នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ បាននាំយករោងចក្រ សហគ្រាសចំនួន៤ ផ្តល់ឱកាសការងារជិត១ពាន់កន្លែងដោយផ្ទាល់ដល់អតីពលករត្រឡប់មកពីប្រទេសថៃ និងអ្នកស្វែងរកការងារ។ វេទិកាការងារ ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រារព្ឋធ្វើឡើងជារៀងរាល់ចុងសប្តាហ៍ ក្រោមប្រធានបទ៖ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» គឺជាយន្តការដ៏មានប្រសិទ្ធភាព និងជាជម្រើសដ៏ប្រសើរ ដែលនាំយកឱកាសការងារក្នុងស្រុកសរុបរចំនួន ៨៦ ០១៧កន្លែងនៅទូទាំងប្រទេសជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃ។ ឯកឧត្តមយឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ឱកាសការងារទាំងនេះបង្ហាញពីសញ្ញាវិជ្ជមានសម្រាប់បងប្អូនដែលមានបំណងកសាងជីវភាពនៅក្នុងប្រទេស ដែលប្រសើរជាងការប្រឈមនឹងបញ្ហារើសអើង ហានិភ័យសុវត្ថិភាព កង្វះការគាំពារសុខភាព និងបាត់បង់ឱកាសរស់នៅជួបជុំគ្រួសារ។ជាមួយគ្នានេះ តាមរយៈការងារក្នុងស្រុក បងប្អូននឹងក្លាយជាសមាជិក បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន ដូចជា៖ (១) ការថែទាំសុខភាព ដោយអាចពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដៃគូដោយមិនចំណាយប្រាក់ (២)ហានិភ័យការងារ ដោយទទួលបានការការពារ និងការផ្តល់តាវកាលិកនៅពេលមានគ្រោះថ្នាក់ការងារ និង (៣) ប្រាក់សោធននិវត្តន៍ ដែលធានាប្រាក់ចំណូលប្រចាំខែនៅពេលចាស់ជរា ដូចមន្ត្រីរាជការផងដែរ។ទន្ទឹមនឹងនេះ ក្រសួងក៏កំពុងលើកទឹកចិត្តឱ្យយុវជនចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ចំនួន ១.៥ លាននាក់ ដែលជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ និងជាតិមាតុភូមិឱ្យកាន់តែរឹងមាំ។សម្រាប់រោងចក្រ សហគ្រាសទាំង៤ ដែលសម្ភាសផ្តល់ឱកាសការងារភ្លាមៗក្នុងវេទិកាការងារនាពេលនោះ រួមមាន៖ រោងចក្រ វេនធូរ៉ា លេឌើវែរ អឹមអេហ្វវ៉ាយ (ស៊ីឌី) ឯ.ក, រោងចក្រ យ៉ាហ្សាគិ (ខេបូឌា)ប្រូដាក់, ក្រុមហ៊ុន វី អូ ភី ខូអិលធីឌី និងក្រុមហ៊ុន ឆាយណាវ័រយាន៕

សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តម​បណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2026/02/07 04:27:13 pm        345
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះ បរមនាម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះ​រា​ជាណា​ចក្រកម្ពុជា បានរៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូន ឯកឧត្តម​បណ្ឌិត ថងលុន ស៊ីសូ​លីត​ (Thongloun Sisoulith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ។ថ្លែងក្នុងសន្ទរកថាស្វាគមន៍ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ឯកឧត្តម ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមាន​តម្លៃ​អញ្ជើញ​មក​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ដែលប្រទេសទាំងពីរតែងតែផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវរដ្ឋ-ផ្លូវការទៅវិញទៅមក ដើម្បីបន្តរឹតចំណងសាមគ្គីភាព ក្នុងស្មារតីជាអ្នកជិតខាងភូមិផងរបងដ៏ស្មោះត្រង់ជាមួយគ្នាជាប្រពៃណី រៀងដរាបរហូតមក។សម្តេចតេជោជឿជាក់ថាតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំគ្រប់កម្រិតនេះ នឹងចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀត កាន់តែមានភាពសកម្ម និងមមាញឹកទ្វេឡើង។សម្តេចតេជោក៏បានលើកឡើងថា ឆ្នាំនេះជាខួបលើកទី៧០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវផងដែរ។បន្ទាប់ពីបញ្ចប់សន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឯកឧត្តម​បណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា-ឡាវ អញ្ជើញទទួលទានភោជនាហារ អមដោយទស្សនីយភាពសិល្បៈក្រោមបរិយាកាសដ៏រីករាយ និងស្និទ្ធស្នាល។

កម្ពុជា និងឡាវ នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​រហូត​ដល់ ៧០០​លានដុល្លារនាពេលខាងមុខ

2026/02/07 02:41:47 pm        385
កម្ពុជា និងឡាវ បាន​សន្យារួមគ្នាថា​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែមទៀត ពោលគឺរហូតដល់ ៧០០លានដុល្លារអាមេរិក ខណៈ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​ជាង ២០០​លាន​ដុល្លារនោះ។ នេះបើតាមអ្នកនាំពាក្យរបស់គណកប្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ភាគី​ឡាវ​ដឹក​នាំ​ដោយ​ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានលើក ឡើងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការ​ទាំង​ក្រប​ខណ្ឌ​គណបក្ស និងក្រខណ្ឌរាជរដ្ឋាភិបាល ដោយក្នុងនោះភាគីទាំងពីរ សង្កត់ធ្ងន់​ចំពោះ​ការ​បន្ត​ពួន​ជ្រុំ​ទំនាក់​ទំនង​គ្នាឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីផលប្រយោជន៍របស់ប្រជាជន និង​ប្រទេស​ទាំង​ពីរនោះ ទាំងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹង​ខិត​ខំ​ជំរុញ​ទំហំពាណិជ្ជិកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមទាំងពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​ព្រំដែ​ន ដើម្បីឲ្យក្លាយជាព្រំដែនមានការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពជានិរន្ត។បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បាន​បញ្ជាក់​ឲ្យ​ដឹងថា «នៅ​ក្នុង​កិច្ច​ប្រជុំ​នេះប្រមុខដឹកនាំគណបក្សទាំងពីរ គឺបានសម្តែងនូវ​ការ​ពេញ​ចិត្ត​ចំពោះ​សុវត្ថិភាព​សន្តិសុខ ​សន្តិភាពនៅតាមព្រំដែន ដោយទាំងសម្តេចតេជោ ឯកឧត្តម ថងលុន ស៊ីសុលីត ទាំង​នាយក​រដ្ឋមន្រ្តីនៃប្រទេសទាំងពីរគឺសុទ្ធតែបានបង្ហាញការពេញចិត្តថាប្រទេសកម្ពុជា និង​ប្រទេស​ឡាវ ​នៅតាមព្រំដែន គឺមានសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នា ដែលនេះ​បាន​ស្តែង​យ៉ាង​សកម្ម​ក្នុងការយល់គ្នាទៅវិញទៅមក»។សូមបញ្ជាក់ថា កម្ពុជា និងឡាវ បានឯកភាពគ្នាបោះបង្គោលព្រំដែនរួមគ្នាសម្រេចបានប្រមាណ ៨៦​ភាគរយហើយ ដោយនៅសល់១៤​ភាគ​រយ​ទៀត​ភាគី​ទំាង​ពីរ​នឹង​ប​ន្ត​ដោះ​ស្រាយ​គ្នាដោ​យ​សន្តិវិធី​ ដើម្បីសម្រេចបានជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទបាន ចក់

ប្រធានរដ្ឋសភាកម្ពុជា-វៀតណាម ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីឧត្តមប្រយោជន៍ប្រជាជាតិទាំងពីរ

2026/02/07 01:20:55 pm        258
ក្នុងស្មារតីពង្រឹងចំណងមិត្តភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាព យូរអង្វែង ថ្នាក់ដឹកនាំកំពូលនៃរដ្ឋសភាកម្ពុជា និងវៀតណាម បានប្រកាសបន្តជំរុញកិច្ចសហប្រតិបត្តិការគ្រប់កម្រិតអោយកាន់តែសកម្មឡើងថែមទៀតដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាជនទំាងសងខាងឱ្យបានច្រើន។  នៅក្នុងជំនួបពិភាក្សាការងាររវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នាលើផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងកិច្ចសហការ និងបង្កើតផលប្រយោជន៍រួមថ្មីៗឱ្យគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋភាទំាងពីរទំាងក្របខណ្ឌទ្វេភាគីនិងពហុភាគី បន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងចែករំលែកបទពិសោធន៍ការងារនីតិប្បញ្ញត្តិ ចាប់ពីកម្រិតថ្នាក់ដឹកនាំ រហូតដល់ក្រុមមិត្តភាពសភា សមាជិកសភាស្ត្រី និងសមាជិកសភា វ័យក្មេង និងកិច្ចសហប្រតិបត្តិការក្របខណ្ឌអគ្គលេខាធិការដ្ឋានដូចជាការពង្រឹងសមត្ថភាពមន្រ្តីរាជការ ដើម្បីគាំទ្រដល់ការងារបច្ចេកទេស និងការបម្រើសេវាជូនតំណាងរាស្រ្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និង ឯកឧត្តម ត្រិន ថាញ់មិន បានអះអាងជាថ្មីនូវជំហរគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរសភានានា។ កិច្ចសហការនេះមានគោលដៅការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាជន និងរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់។សម្តេចរដ្ឋសភាធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានប្តេជ្ញារួមគ្នាជំរុញនិងអនុវត្តនូវ កិច្ចព្រមព្រៀងទំាងឡាយណាដែលរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយឱ្យមានលទ្ធផលជាទីមោទនដើម្បីបម្រើផលប្រយោជន៍ប្រទេសទំាងពីរ គោលដៅចម្បងគឺធានាឱ្យបាននូវការលើកកម្ពស់ជីវភាពរស់នៅ និងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។  កិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរ មិនត្រឹមតែជាស្ថាប័ននីតិប្បញ្ញត្តិប៉ុណ្ណោះទេ ប៉ុន្តែគឺជាស្ពានភ្ជាប់ទំនាក់ទំនងពលរដ្ឋនិងពលរដ្ឋដែលជាមូលដ្ឋានគ្រឹះ ក្នុងការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិនិងសន្តិសុខ ជាដើម។ ជាការកត់សម្គាល់ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរក៏បានរំលេចផងដែរពីកិច្ចសហការក្នុងការ "ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ" ដែលជាផ្នែកមួយនៃកិច្ចការពារសន្តិសុខ និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ដើម្បីកុំឱ្យមានការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ និងចំណងមិត្តភាពជាប្រពៃណីដ៏ល្អកន្លងមក។ប្រធានរដ្ឋសភាប្រទេសទំាងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញទំនាក់ទំនងរវាងយុវជនជំនាន់ក្រោយ ឱ្យស្វែងយល់ពីគ្នា ពីទំនាក់ទំនងដ៏ល្អនៃប្រទេសទំាងពីរផងដែរ៕

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាងហែលទឹក ស្រុកកោះធំ និងការប្រកួតកីឡាហែលទឹក

2026/02/07 12:47:17 pm        245
កណ្តាល៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាស្រុកកោះធំ​ទទួល​បា​នសមិទ្ធផលថ្មីមួយទៀត គឺសម្ពោធជាផ្លូវការអាងហែលទឹកសុ្រកកោះធំ និងការប្រកួតកីឡាហែលទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាលដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង៦ នៃស្រុកកោះធំ ក្រុមប្រឹក្សាស្រុកកោះធំ គណៈអភិបាលស្រុកកោះធំ និងក្រុមប្រឹក្សាឃុំ ទាំង៦ នៃស្រុកកោះធំ គ្រូបង្វឹក កីឡាករ-កីឡាការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើនរូប។គោលបំណងនៃការសាងសង់អាងហែលទឹកនេះ មិនត្រឹមតែផ្តល់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅស្រុកកោះធំមកហែលទឹកកម្សាន្តដើម្បីសុខភាពប៉ុណ្ណោះទេ ប៉ុន្តែជាការជំរុញលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលមានចំណាប់អារម្មណ៍ចង់ក្លាយខ្លួនជាកីឡាករ-កីឡាការិនីជម្រើសជាតិបន្តវេន អាចមកហ្វឹកហាត់ពង្រឹងសមត្ថភាពហែលទឹក ដើម្បីឈានទៅប្រកួតដណ្តើមមេដាយនៅកីឡាស៊ីហ្គេម និងកីឡាហែលទឹកផ្សេងៗទៀតលើឆាកអន្តរជាតិជូនជាតិមាតុភូមិនាថ្ងៃអនាគត។នេះជាការរៀបចំកម្មវិធីប្រកួតកីឡាហែលទឹកជាលក្ខណៈមិត្តភាព រវាងក្លឹបហែលទឹក នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្លឹបហែលទឹកស្រុកកោះធំផងដែរ លើវិញ្ញាសាចំនួន៥ រួមមាន៖ ១)ហែលសេរី ២)ហែលផ្ងារ ៣)ហែលកង្កែប ៤)ហែលមេអំបៅ និង ៥)ហែលពាក់ជើងទា។ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កីឡដ្ឋានស្រុកកោះធំ ត្រូវបានសាងសង់ មានទំហំសរុប ២៥ ០៧៥ម៉ែត្រការ៉េ និងបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ រួមមានតារាងបាល់ទាត់ស្តង់ដាអន្តរជាតិ ទីលានប្រកួតបាល់បោះ បាល់ទះ និងរត់ប្រណាំង។ ក្រោយមកអាងហែលទឹកនេះ មានសភាពទ្រុឌទ្រោម និងការខូចខាតផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធអាង ដែលតម្រូវឱ្យមានការជួសជុលកែលម្អឱ្យប្រសើរឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកស្រុកកោះធំនេះ និងបានបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០២៥៕

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលបានធ្វើសកម្មភាពបន្តបន្ទាប់គ្នាឥតដាច់ និងឥតឈប់ឈរ ដើម្បី​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមគ្រប់មធ្យោបាយ​សន្តិវិធី ដើម្បី​ប្រឆាំង​នឹង​ការ​រំលោភ​បំពានរបស់ថៃ

2026/02/07 12:11:23 pm        372
ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនបងប្អូនជនរួមជាតិ​ជ្រាប​អំពី​សកម្មភាព​បន្ត​បន្ទាប់​​គ្នាឥតដាច់ និងឥតឈប់ឈរ របស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាពជាតិ និង​បូរណភាពទឹកដី តាមគ្រប់មធ្យោបាយសន្តិវិធីដើម្បីប្រឆាំងនឹងការរំលោភបំពានរបស់ថៃ៖កាលពីថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជាបានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច១ និងតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពួកគេបានឃើញផ្ទាល់ភ្នែកអំពីសកម្មភាពរបស់យោធាថៃនៅទីនោះ។ការសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅដល់ទីតាំងនោះបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ(RBC) រវាងកម្ពុជា-ថៃ បានប្រព្រឹត្តទៅចំនួន៣លើកជាប់គ្នារយៈពេលជាងមួយសប្តាហ៍ចុងក្រោយ ខណៈដែលកំណត់ទូតតវ៉ាត្រូវបានធ្វើឡើងជាបន្តបន្ទាប់ដើម្បីប្រឆាំងនឹងសកម្មភាពដាក់ទូរកុងតឺន័រ បន្លាលួស ដែលរារាំងប្រជាពលរដ្ឋខ្មែរមិនឱ្យចូលទៅកាន់លំនៅឋាន និងកាន់កាប់ទ្រព្យសម្បត្តិរបស់ខ្លួនបាន។ ចំណែកការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ និងសកម្មភាពមួយចំនួនទៀតដែលធ្វើឱ្យមានការកែប្រែបរិយាកាសសន្តិសុខនៅក្នុងឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងដែលទាហានថៃដណ្តើមកាន់កាប់ដោយកម្លាំងយោធាផ្ទុយពីច្បាប់អន្តរជាតិ ក៏ត្រូវបានកម្ពុជាតវ៉ាជំទាស់យ៉ាងខ្លាំងក្លានិងជាបន្តបន្ទាប់ដោយមិនរំលងមួយករណីណាឡើយ។លើសពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានផ្ញើលិខិតទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងដើម្បីឆ្លើយតបចំពោះការបង្ហាញឆន្ទៈរបស់ប្រទេសបារាំងក្នុងការត្រៀមខ្លួនផ្តល់នូវឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងប្រទេសកម្ពុជានិងថៃក្នុងករណីមានសំណើពីកម្ពុជា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានស្នើសុំប្រទេសបារាំងពិចារណាផ្តល់ការគាំទ្របច្ចេកទេស ជំនាញ និងការប្រឹក្សាយោបល់ព្រមទាំងសម្រួលដល់ការទទួល និងផ្តល់ឯកសារប្រវត្តិសាស្រ្តនិងបច្ចេកទេសពាក់ព័ន្ធនឹងព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃ ដែលជាមរតកនៃសម័យអាណាព្យាបាល។លិខិតរបស់សម្តេចធិបតីទៅកាន់ប្រធានាធិបតីបារាំង គឺជាជំហានថ្មីមួយទៀតដែលបញ្ជាក់ពីវិសាលភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វហតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីតាមគ្រប់មធ្យោបាយសន្តិវិធី តាមរយៈទំនាក់ទំនងការទូត ដោយអនុលោមតាមច្បាប់អន្តរជាតិ ពីព្រោះព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិដែលការពារយ៉ាងរឹងមាំដោយឯកសារប្រវត្តិសាស្ត្រនិងបច្ចេកទេសដែលទទួលស្គាល់ជាអន្តរជាតិជាយូរលង់មកហើយ។ ប្រទេសបារាំងដែលដើរតួនាទីសំខាន់ក្នុងការផ្តល់ការប្រឹក្សានិងឯកសារដ៏មានសារសំខាន់ទាំងនេះ បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របុព្វហេតុការពារបូរណភាពទឹកដីរបស់កម្ពុជា។ក្រឡេកមកមើលតំបន់អាស៊ានវិញ កាលពីឆ្នាំ២០២៥ កន្លងទៅ ប្រទេសម៉ាឡេស៊ីដែលជាប្រធានប្តូរវេនអាស៊ានបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្របសម្រួលដោះស្រាយបញ្ហារវាងកម្ពុជានិងថៃដោយសម្រេចបានកិច្ចព្រមព្រៀងឈប់បាញ់ពីរលើក និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពមួយលើក ក្រោមគំនិតផ្តួចផ្តើមនិងការជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសហរដ្ឋអាម៉េរិកនិងការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ បច្ចុប្បន្ន ប្រទេសហ្វីលីពីន ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ កំពុងបន្តសម្របសម្រួលដើម្បីឱ្យការអនុវត្តបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣របស់គណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជានិងថៃ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងការទទួលតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ពីម៉ាឡេស៊ីដើម្បីបន្តការងារនេះឱ្យមានប្រសិទ្ធភាព។ទាំងអស់នេះ សបញ្ជាក់ឱ្យឃើញថា សកម្មភាពការងាររបស់រាជរដ្ឋាភិបាលដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារប្រជាពលរដ្ឋដែលរងការរំលោភបំពានពីសំណាក់ប្រទេសថៃបាននិងកំពុងបន្តធ្វើយ៉ាងសកម្មនិងឥតដាច់ ពោលគឺចប់ពីសកម្មភាពមួយ ចូលដល់សកម្មភាពមួយទៀត បន្តបន្ទាប់គ្នានិងប្រទាក់ក្រឡាគ្នារហូតឥតឈប់ឈរ។ ចំណែកសហគមន៍តំបន់និងអន្តរជាតិ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍស្ថានការណ៍និងជួយជ្រោមជ្រែងគ្រប់ពេលវេលាដើម្បីធានាថា បទឈប់បាញ់និងកិច្ចព្រមព្រៀងទាំងឡាយដែលបានចុះហត្ថលេខាជាមួយគ្នារវាងកម្ពុជានិងថៃត្រូវបានគោរព ហើយការរំលោភបំពាននានាត្រូវបានកត់ត្រានិងបកអាក្រាត ហើយក៏ជាសារយ៉ាងច្បាស់ប្រាប់ទៅភាគីថៃថា ទឹកដីកម្ពុជាមិនអាចរំលោភបំពានបានឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួននិងពេញលេញនូវបទឈប់បាញ់ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ រវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

កម្ពុជា បន្តបណ្តេញ​ជន​បរទេស​ចំនួន ៦២៩នាក់ទៀត ចេញពីកម្ពុជាពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់

2026/02/07 11:53:20 am        274
នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន៦២៩នាក់ (ស្រី៦២នាក់) មាន ១២សញ្ជាតិ រួមមាន ហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ចិន បង់ក្លាដេស ម៉ាឡេស៊ី ហ្វីលីពីន អាមេរិក មីយ៉ាន់ម៉ា ហ្គាណា និងម៉ាឡេស៊ី ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិអង្គរ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់​ពាក់ព័ន្ធបទ​ល្មើសឆបោកតាមអនឡាញ

2026/02/07 11:43:11 am        219
បន្ទាប់ពីបើកប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ កងកម្លាំងនគរបាលជាតិកម្ពុជា​បានឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​បរទេស​សរុប​ដល់​ទៅ​ជាង​ពីរ​ពាន់​នាក់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​តាម​អនឡាញ ហើយអគ្គស្នង​ការ​នគរបាល​ជាតិ​ប្តេជ្ញា​បោស​សម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា Online Scamsនេះ ឲ្យអស់ពីកម្ពុជា។ថ្លែងនៅក្នុងកិច្ចប្រជុំវាយតម្លៃ និងដកបទពិសោធន៍ការងារ​របស់​ក្រុម​ប្រតិបត្តិការ​ជំនាញ​បង្រ្កាប​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២៦នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នង​ការ​នគរ​បាល​ជាតិ ​បានឲ្យដឹងថាក្រោយប្រតិបត្តិការទ្រង់ទ្រាយធំកន្លងទៅនេះ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានប្រើកម្លាំងជំនាញសរុបប្រមាណ៧០០នាក់ ហើយជាលទ្ធផល​សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​បរទេសសរុបដល់ទៅ២,០៤៤នាក់ ក្នុងនោះជនជាតិចិន១,៧៩២នាក់ វៀតណាម១៧៧នាក់ មីយ៉ាន់ម៉ា១៧៩នាក់ នេប៉ាល់៣០នាក់ ចិនតៃវ៉ាន់៥នាក់ ម៉ាឡេស៊ី១នាក់ ឡាវ២នាក់ ឥណ្ឌា ៣៦នាក់ និងជនជាតិម៉ិកស៊ិក១នាក់។អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ពាក់ព័ន្ធការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងសមត្ថកិច្ចបានបង្ក្រាបជាបន្ដបន្ទាប់មកហើយ ប៉ុន្ដែពេលនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកការទទួលខុសត្រូវ ខណៈវិសាលភាពនៃការរីករាលដាលបទល្មើសនេះកាន់តែមានទំហំធំទៅៗ ដូច្នេះការពង្រីកការទទួលខុសត្រូវក៏កាន់តែធំដូចគ្នា។ជាមួយគ្នានេះ យុទ្ធនាការបោសសម្អាតចុងក្រោយនេះ គឺជាការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា។ ការបង្ក្រាបរបស់កម្ពុជា ទៅលើក្រុមឧក្រិដ្ឋកម្មអនឡាញនេះ ក៏ទទួលបានការកោតសរសើរពីមជ្ឈដ្ឋានជាតិ និងអន្ដរជាតិផងដែរ។នគរបាលជាតិកម្ពុជា បានបញ្ជាក់ទៀតថា «ទោះបីជាយ៉ាងណាក៏ដោយ យើងត្រូវតែពង្រឹងការបោសសម្អាតបទល្មើសធំមួយនេះឲ្យស្អាតពីកម្ពុជា ហើយបន្ដទៀត គឺអនុវត្តតាមការសម្រេចរបស់រាជរដ្ឋាភិបាល ដើម្បីធានាថា អាយុជីវិតរបស់កម្ពុជាពីនេះទៅមុខ»៕ អត្ថបទ៖ បានចក់

ទាហានឈ្លានពានថៃបន្តយកទូកុងតឺន័រមកដាក់បិទផ្លូវក្នុងភូមិប្រជាពលរដ្ឋខ្មែរ នៅថ្មដា ខេត្តពោធិ៍សាត់ បើទោះ​បីជាក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី

2026/02/07 11:14:42 am        501
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ទាហានឈ្លានពានថៃ បាន​បន្ត​យក​ទូកុង​តឺន័រ​មក​ដាក់​កាត់​ទទឹង​ផ្លូវ​ជាតិ​លេខ​៥៥ ព័ទ្ធយកដីខ្មែរនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បន្ទាប់​ពី​បាន​រាយ​បន្លា​លួស​នាពេលកន្លងមក ខណៈទង្វើនេះជាអំពើ​រំលោភ​បំពាន​យ៉ាង​គឃ្លើន​នូវ​កិច្ច​ព្រម​ព្រៀង ​និងសេចក្តីប្រកាសរួមនានា ព្រមទាំងមិនញញើតច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គ​ការ​សហ​ប្រជា​ជាតិ ​និងធម្មនុញ្ញអាស៊ាននោះឡើយ។សូមបញ្ជាក់ថា ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥កន្លង ទៅ​ទាហានឈ្លានពានថៃ បានយកបន្លាលួស និងទូកុងតឺន័របិទផ្លូវលើទឹកដីខ្មែរជាច្រើនកន្លែង ហើយ​ថែម​ទាំង​លួចទ្រព្យសម្បត្តិពលរដ្ឋខ្មែរស្លូតត្រង់ផងដែរ ដោយ​ក្បត់​នឹង​កិច្ច​ព្រម​ព្រៀង​ខាង​លើ​នេះ ​និងកិច្ចព្រមព្រៀងជាច្រើនទៀតជាមួយកម្ពុជា។ ជាក់ស្តែងនៅថ្ងៃទី៧ ខែកុម្ភៈ​នេះ​ទាហាន​ឈ្លាន​ពាន​ថៃ​បាន​បន្ត​យក​ទូ កុងតឹន័រចំនួន ៥០ទូ បន្ថែម​ទៀត​មក​ដាក់​ពាំង​ផ្លូវ​លើ​ដែន​អធិប​តេយ្យ​ក​ម្ពុជា ស្ថិតនៅតំបន់ថ្មដា ស្រុកវាលវែងខេត្តពោធិ៍សាត់ បើ​ទោះ​បី​ជា​ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) កំពុងស្ថិតនៅទីនោះក្តី។សូមរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​ បានចេ​ញ​លិខិត​តវ៉ា​ជា​បន្ត​បន្ទា​ប់ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើ​រំលោភ​បំពាន​យ៉ាង​កំរោល​ចូល​ពីសំណាក់ទាហានឈ្លានពានថៃ និងតែងតែបញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ពី​គោល​ជំហរ​របស់​ខ្លួនក្នុ​ងកា​រអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់, កិច្ចព្រមព្រៀងនានា ហើយមិន​តែ​ប៉ុណ្ណោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដាច់​ខាត​មិន​ទទួល​ស្គាល់​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណា​មួយ​ដោយ​ការ​ប្រើ​ប្រាស់​កម្លាំង​យោធា​នោះឡើយ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍​ការអញ្ជើញ​ដល់វិមានព្រឹទ្ធសភា​របស់​ឯកឧត្តម​បណ្ឌិត ថងលុន ស៊ីសុលីត ដើម្បីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីរវាងគណបក្សទាំងពីរ

2026/02/07 11:00:19 am        244
នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទទួលស្វាគមន៍ការអញ្ជើញដល់វិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិកម្ពុជា របស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលទ្វេភាគីរវាង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមានសាមគ្គីភាព។សូមជម្រាបថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ច ផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ក្នុងឱកាស ដំណើរទស្សនកិច្ចថ្ងៃទីពីរនោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានទទួលស្វាគមន៍ការអញ្ជើញដល់វិមានព្រឹទ្ធសភានៃកម្ពុជា របស់ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងបានថតរូបអនុស្សាវរីយ៍ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរវាងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាមួយគណបក្សប្រជាជនបដិវត្តន៍ឡាវផងដែរនៅវិមានព្រឹទ្ធសភា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ីលីត ក៏បានធ្វើជំនួបកំពូលជាមួយគ្នាផងដែរ។សូមបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាពេលនេះ នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏ កក់ក្តៅរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM