‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

ប្រធានបក្ស កម្ពុជា វៀតណាម និងឡាវ សន្យាថែរក្សាការពារសន្តិភាពតាមព្រំដែន និងជំរុញពាណិជ្ជកម្ម

2026/02/06 05:03:50 pm        202
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុនិស្ត វៀតណាម និងឯកឧត្តមថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នាថែរក្សាការពារសន្តិសុខ និងសន្តិភាពនៅតាមព្រំដែនរួមគ្នាឲ្យកាន់តែល្អបន្ថែម ទៀតរួមទាំងខិតខំធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរួមគ្នាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតផងដែរ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណ បក្សប្រជាជនកម្ពុជា។ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ កំពូលត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះនៅវិមាន៧មករា រាជធានីភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំត្រីភាគីនេះថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងបីបានពិភាក្សាគ្នាយ៉ាងច្រើនក្នុងគោលបំណងពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាឲ្យកាន់តែក្លាំងក្លាបន្ថែមទៀត លើគ្រប់វិស័យទាំងវិស័យការពារជាតិ វិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច និងវិស័យវប្បធម៌ជាដើម។ មួយវិញទៀតថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងបីក៏នឹងជំរុញបន្ថែមទៀតកិច្ចនូវសហប្រតិបត្តិការសម្រាប់អ្នកបន្តវេន ឲ្យបន្តពួនជ្រុំនូវវប្បធម៌ជាប្រពៃណីជានិរន្តផងដែរ។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ថ្នាក់ដឹកនាំគណបក្សទាំងបីបានឯកភាពគ្នា« ជំរុញ នូវទំនាក់ទំនងត្រីភាគីឲ្យកាន់តែរីកចម្រើននៅក្នុងក្របខណ្ឌនៃការសហការមិត្តភាពជាប្រពៃណី តាមព្រំ ដែនឲ្យកាន់តែល្អ។ សុវត្ថិភាព សន្តិសុខនៅតាមព្រំដែននេះគឺជាកត្តាចម្បង ដែលថ្នាក់ដឹកនាំទាំងបីបានលើកឡើង ហើយក៏កោតសរសើរចំពោះអ្វីដែលប្រទេសទាំងបីបានធ្វើឡើងជាមួយគ្នាដោយរក្សាបានទំនាក់ទំនងតាមព្រំដែនបានល្អប្រសើរ ហើយបន្តការខិតខំប្រឹងប្រែងទៀតដើម្បីប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីធានាថាព្រំដែននៃប្រទេសទាំងបី មានសុវត្ថិភាព និងបន្ត រក្សាសន្តិភាពឲ្យកាន់តែល្អប្រសើរ»។បើតាមអ្នកនាំពាក្យឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងផងដែរថា កិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ឡាវ និងវៀតណាមនាពេលនេះ គឺជាឱកាសពង្រីកកិច្ចសហប្រតិបត្តិការទំាងនៅក្នុងក្របខណ្ឌត្រីភាគីនៃគណ បក្សទាំងបី ក្របខណ្ឌនៃរាជរដ្ឋាភិបាលនៃប្រទេសទាំងបីបន្ថែមទៀត ដើម្បីឲ្យមិត្តភាពជាប្រពៃណីរវាងអ្នក ជិតខាងប្រទេសទាំងបីនេះកាន់តែស៊ីជម្រៅ និងរីកចម្រើនបន្ថែមទៀត៕អត្ថបទបាន ចក់

សហជីពចង់ឃើញអាជ្ញាធរចូលរួមបន្ថែមទៀត លើការផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋ ខណៈនៅសល់ជិត ៩ម៉ឺនកន្លែង

2026/02/06 04:21:06 pm        286
កំពង់ស្ពឺ៖ ក្រុមសហជីពបានបង្ហាញការពេញចិត្ត និងគាំទ្រ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលខិតខំផ្សព្វផ្សាយឱកាសការងារ ដល់បងប្អូនពលករ តាំងពីព្រំដែនរហូតដល់មូលដ្ឋាន ហើយការណ៍នេះ ក៏ចង់ឃើញអាជ្ញាធរនៅទូទាំងប្រទេស សូមចូលរួមបន្ថែមទៀត លើកការងារផ្សព្វផ្សាយឱកាសការងារនេះ ឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាពលរដ្ឋ។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលកំពុងតែដើរលើផ្លូវត្រឹមត្រូវ ក្នុងការទាក់ទាញអ្នកវិនិយោគពីក្រៅប្រទេស មកធ្វើការវិនិយោគលើវិស័យនានា នៅក្នុងប្រទេសកម្ពុជា ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺកំណើនរោងចក្រសហគ្រាស ដែលអាចបង្កើតការងារដល់ប្រជាពលរដ្ឋបានរាប់ម៉ឺននាក់ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ។លោកបានបន្តថា ទន្ទឹមនេះ ក្រៅពីប្រាក់ខែគោល សម្រាប់បងប្អូនកម្មករ និយោជិត ក៏បានទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ពីរោងចក្រសហគ្រាសរបស់ពួកគេ ដែលកំពុងបម្រើការងារ មានដូចជាថ្លៃបាយ ថ្លៃធ្វើដំណើរ ការបង់ថ្លៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ហើយអ្នកធ្វើការរហូតដល់ចូលនិវត្តន៍ ក៏មានប្រាក់ចូលនិវត្តន៍ ខណៈដែលពីមុនមក កម្ពុជាពុំធ្លាប់មានទាល់តែសោះ ។លោកបានបន្តថា ជាមួយនឹងការរីកចម្រើន នៃវិស័យឧស្សាហកម្មនៅកម្ពុជានេះ គឺមានរោងចក្រសហគ្រាសជាច្រើន នៅខ្វះកម្លាំងពលកម្ម បើទោះបីក្រសួងការងារ បានបើកវេទិកាការងារជាហូរហែរ នៅតាមមូលដ្ឋាន ក៏នៅសល់ការងារជិត ៩ម៉ឺនកន្លែងទៀត ដូចនេះក៏សូមស្នើទៅអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សពផ្សព្វផ្សាយពីឱកាសការងារបន្ថែមទៀតដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ ព្រោះការចូលរួមនៅមានកម្រិត ។គួរបញ្ជាក់ថា គិតចាប់ពីខែមិថុនា ឆ្នាំ២០២៥ រហូតត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនជិត ៦០០លើក ដើម្បីផ្សព្វផ្សាយព័ត៌មានវិស័យការងារ ជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានការងារធ្វើគ្រប់ៗគ្នា ខណៈនៅឆ្នាំ២០២៦នេះ ក្រសួងគ្រោងនឹងផ្សព្វផ្សាយពីឱកាសការងារបន្ថែមទៀត ឲ្យបានចំនួនជាង ៦០ដង នៅក្នុងខេត្តគោលដៅចំនួន១៤៕ អត្ថបទ បាន សុខរិទ្ធិ

ផ្លូវជនបទ១ខ្សែ នៅស្រុកពោធិ៍រៀង ត្រូវបានលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)

2026/02/06 04:14:18 pm        40
ផ្លូវជនបទនៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានប្រវែង ៤ ២០០ ម៉ែត្រ ស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានលើក កម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដោយបានស្ថាបនាស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ផ្តល់ ប្រយោជន៍ដល់សង្គម និងសេដ្ឋកិច្ច។ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៦ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ៤ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ, សាងសង់លូប្រអប់មុខបីចំនួន ១ កន្លែង, លូមូលមុខមួយចំនួន ៥ កន្លែង, ផ្លាកសញ្ញាចរាចរណ៍ចំនួន ៣០ ផ្លាក, គំនូស ចរាចរណ៍ចំនួន ២១០ ម៉ែត្រការ៉េ និងផ្លាកឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិព្រែកអន្ទះ ឃុំព្រែកអន្ទះ ទៅភូមិព្រែកជ្រៃក្រោម ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានជំរុញអភិវឌ្ឍន៍សម្រេចបានសមិទ្ធផលជាច្រើន ដែលជា មូលដ្ឋានសម្រាប់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្តេចទាំងទ្វេបាន គិតគូរយ៉ាងខ្លាំងអំពីការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាជននៅតាមជនបទ។ ជាក់ស្តែងនៅក្នុងអាណត្តិទី៧នេះ, ជុំវិញការអភិវឌ្ឍនៅ ជនបទ រាជរដ្ឋាភិបាលបាននិងកំពុងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាជន និងការប្រែក្លាយតំបន់ជនបទ ទៅជាតំបន់រីកចម្រើន តាមរយៈនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនានា ជាពិសេសការអភិវឌ្ឍផ្លូវ ស្ពាន និងសំណង់សិល្បការ្យផ្សេងៗ។ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់នាយក ដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រែងលើការងារលើកកម្រិត គុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ខាងលើនេះបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ក្នុងសង្គម ជាពិសេសលើកកម្ពស់ដល់ ការរស់នៅប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗជាដើម៕អត្ថបទ៖ សុន រ៉ាឌី

គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ

2026/02/06 03:44:20 pm        645
គម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់​ពី​បញ្ចប់​ការ​ដោះស្រាយផលប៉ះពាល់ពលរដ្ឋ។ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៦ខែកុម្ភៈបាន​ប្រាប់​BTV​ឲ្យ​ដឹងថា គម្រោងព្រែកជីកហ្វូណន​តេជោនឹង​ចាប់​ផ្ដើម​ដាក់​គ្រឿង​ចក្រ​សាង​សង់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខនេះ បន្ទាប់ពីបញ្ចប់ការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ និង​និតិ​វិធី​ផ្សេង​ៗ​។ការដោះស្រាយផលប៉ះពាល់ពលរដ្ឋធ្វើឡើងតាមយន្តការរបស់រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹក​ជញ្ជូន ​អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។ព្រែកជីកហ្វូណន-តេជោ គ្រោងចំណាយថវិកាប្រមាណ ១,៧០០លានដុល្លា និងប្រើប្រាស់រយៈ ពេល​៤ឆ្នាំ ទើបសាងសង់រួចរាល់។ ព្រែកជីកនេះ បានតភ្ជាប់ផ្លូវទឹករវាងទន្លេមេង្គ ទៅកាន់​សមុទ្រ​របស់កម្ពុជា ដែលត្រូវឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ខេត្តកណ្តាល តាកែវ កំពត និងកែប។ ព្រែក​ជីក​ហ្វូណន​-តេជោ មានបណ្តាយប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់​ផ្នែក​ខាង​លើ​ប្រវែង​១០០​ម៉ែត្រ និងមុខ កាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹក​ប្រមាណ​៥,៤​ម៉ែត្រ ​មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ព្រែកជីកនេះ ត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបាន បើក​ការដ្ឋានជាផ្លូវការ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ គម្រោងប្រវិត្តសាស្រ្តព្រែកជីកហ្វូណននេះ នឹងផ្តល់​ផល​ប្រយោជន៍​ជា ច្រើនដល់ប្រទេសកម្ពុជាដូចជា៖លើកកម្ពស់សេដ្ឋកិច្ច ជំរុញពាណិជ្ជកម្ម កសិកម្ម និង​ទេសចរណ៍ជាដើម៕ អត្ថបទ៖ ទូច សោភ័ណ

សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំបក្សវៀតណាម, ឡាវ បើកកិច្ចប្រជុំកំពូលត្រីភាគី

2026/02/06 03:24:39 pm        410
នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិមាន៧មករា ទីស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ បានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំ​កំពូល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជន​បដិវត្តន៍​ឡាវ។កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា, ឯកឧត្ដម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀត​ណាម និង​ឯកឧត្ដម​ ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​។ កិច្ចប្រជុំ​នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អគ្គលេខាធិការបក្សទាំងបីរូប និងមានការ​ចូល​រួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់​គណ​បក្ស​មួយ​ចំនួន​ទៀត​។កិច្ចប្រជុំកំពូលត្រីភាគី រៀបចំឡើង​ដើម្បី​លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ច​សហ​ប្រតិបត្តិការ និងការ​ជួយ​គាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់​ទំនង​រវាងគណបក្ស ទាំងបីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។ ក្នុងស្មារតី​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ដើម្បីឯក​រាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផល​ប្រយោជ​ន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី។ កិច្ចប្រជុំ ក៏នឹងចូលរួមចំណែក​ដល់ការ​កសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កិច្ចប្រជុំកំពូល​ត្រីភាគី​នៃ​បក្ស​នយោបាយ​កំពុង​ដឹក​នាំ​ប្រទេស​កម្ពុជា វៀតណាម និងឡាវ ដែលជាអតីតសម្ព័ន្ធមិត្តឥណ្ឌូចិននេះ ត្រូវបានរៀបចំ​ឡើង​នៅ​ប្រទេស​វៀតណាម​៕

ព្រះ​មហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់​ភារកិច្ច​ជូន​សម្តេច​តេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុង​ព្រះបរម​រាជ​វាំង

2026/02/06 03:13:28 pm        298
ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​​ដោយប​ញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ព្រះអង្គទ្រង់ប្រឈួន ពុំអាចបំពេញព្រះរាជកិច្ចបាន ដូច្នេះព្រះអង្គសព្វព្រះរាជហឫទ័យ ប្រគល់​ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យ​ទទួល​ស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) អគ្គលេខា​ធិការ​បក្ស​ប្រជាជន​ប​ដិវត្តន៍ឡាវ​ នៅក្នុងព្រះបរមរាជវាំង។

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថាន​ភាព​ព្រំដែន​នៅ​តំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់

2026/02/06 03:00:25 pm        323
​នៅព្រឹកថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១០:០៥នាទី ក្រុម​អ្នក​សង្កេត​ការណ៍​អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថាន​ភាព​ព្រំដែន​នៅ​តំបន់​អូរថ្ម ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។ នេះបើ​យោង​តាម​​សេចក្តី​ប្រកាស​ព័ត៌មានរបស់​លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិបាន​គូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាននៃបទ​ឈប់​បាញ់រវាងកម្ពុជានិងថៃមក កម្ពុជាតែងតែ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺង​ម៉ាត់​បំផុត​ក្នុង​ការ​គោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀងស​ន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួម​នៃ​កិច្ច​ប្រជុំ​ពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត៕

សម្តេចតេជោ រៀបចំពិធីពិសាអាហារថ្ងៃត្រង់ជូនអគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និង​អគ្គលេខាធិការ​បក្សប្រជាជនបដិវត្តន៍ឡាវ

2026/02/06 02:53:22 pm        328
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង​ជា​ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រកម្ពុជា រៀបចំពិធីពិសាអាហារថ្ងៃត្រង់ជូនឯកឧត្តម តូ ឡឹម ( To Lam ) អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅវិមាន៧មករា រាជ​ធានី​ភ្នំពេញ ​នាវេលាថ្ងៃត្រង់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦។

ប្រធានគណបក្សកាន់អំណាចកម្ពុជា និងអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ប្តេជ្ញាថែរក្សា និង​ការពារសន្តិសុខនៅតាមព្រំដែន

2026/02/06 02:44:35 pm        366
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម បានប្រកាសប្តេជ្ញាថែរក្សា និង​ការ​ពារ​សន្តិសុខ​នៅ​តាម​ព្រំដែនរ​វាងប្រទេសទាំងពីរឲ្យខាងតែបាន រួមទាំងខិតខំជំរុញនូវពាណិជ្ជកម្ម និងសេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរឲ្យកាន់ តែរីកចម្រើនបន្ថែមទៀត​ពោល​គឺ​ធ្វើ​យ៉ាង​ណាឲ្យ​ឡើង​ដល់​២០​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះបើតាមការ លើកឡើងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។ថ្លែងប្រាប់ទូរទស្សន៍ BTV ក្រោយកិច្ច​ប្រជុំ​កំពូល​រវាង​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ជាមួយការិយាល័យមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និង​វៀត​ណាម​ដឹក​នាំ​ដោយ​ឯកឧត្តម តូ ឡឹមអគ្គលេខាធិការបក្ស នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​ទាក់​ទង​នឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាងប្រទេសទាំងពីរទាំងក្របខណ្ឌគណបក្ស, ក្រខណ្ឌរាជរដ្ឋាភិបាល និងនីតិបញ្ញត្តិ។ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា នៅក្នុង​កិច្ច​ប្រជុំ​នោះ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេស​ទាំង​ពី​រ​បាន​សន្យា​ថែ​រក្សា​នូវទំនាក់ទំនងគ្នាដ៏ល្អ ហើយធ្វើយ៉ាងណា​រក្សា​បាន​នូវ​កិច្ច​សហ​ប្រតិបត្តិការ​គ្នា​ដ៏​ល្អ​បន្ថែម​ទៀត​នៅតាមព្រំដែននៃប្រទេសទាំងពីរ ក្នុងគោលបំណងជំរុញឲ្យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដើម្បី​ផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។ ជាមួយគ្នានេះទាំងសម្តេចតេជោ និង​ឯកឧត្តម តូ ឡឹម ក៏បាន បង្ហាញ​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ភាព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​នៅ​តាម​ព្រំដែន​ប្រទេសទាំងពីរ ខណៈ កត្តាសន្តិភាព និងស្ថិរភាពនៅតាម​ព្រំដែន​នេះ​ហើយ​គឺ​ជា​កត្តា​ចម្បង​ណាស់ ​ដែលភាគីទាំងពីររក្សាបានកន្លងមក ហើយនឹងបន្តពួនជ្រុំ និងពង្រីកបន្ថែម​ទៀត​ជា​រៀង​រហូត​។បើតាមអ្នកនាំពាក្យបានបន្ថែមទៀតថា ភាគីទាំងពីរ ក៏បានសន្យាជំរុញឲ្យមានការពង្រីកកិច្ចសហ ប្រតិបត្តិការនៅតាមព្រំដែនប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងកុំឲ្យមានឧក្រិដ្ឋកម្មឆ្លងដែន ហើយ​រក្សា​នៅ​ព្រំដែនដូចបច្ចុប្បន្នដែលកំពុងមានស្ថិរភាព សន្តិភាពទាំងសងខាងផងដែរ ដើម្បីឆ្លុះ​បញ្ចាំង​ពី​អ្នក​ជិត​ខាងល្អជាមួយគ្មានោះ។បើតាម​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងផងដែរថា នៅក្នុង កិច្ច​ប្រជុំ​នោះឯកឧត្តម តូ ឡឹម ក៏បានប្រកាស​គាំ​ទ្រ​ដោយ​ឥត​ងាក​រេចំ​ពោះភា​ព​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​របស់ប្រទេសទាំងពីរទាំងក្របខណ្ឌបក្ស និងក្របខណ្ឌរាជរដ្ឋាភិបាលផងដែរ ខណៈ​ភាព​រីក​ចម្រើន​នេះគឺ ជាការឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងល្អនៃប្រទេសទាំងពីរ ហើយ​ឯកឧត្តម​ក៏​បាន​សម្តែងការពេញ ចំពោះសន្តិសុខ សន្តិភាពនៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ បាន ចក់

គិតមកដល់ពេលនេះ ក្រសួងការងារបើកវេទិកាការងារចំនួនជិត ៦០០លើក

2026/02/06 02:27:14 pm        121
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតចាប់ពីខែមិថុនា ឆ្នាំ​២០២៥​ រហូត​ត្រឹមបំណាច់ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំវេទិកាការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួនជិត ៦០០លើក ដើម្បីផ្សព្វផ្សាយ​ព័ត៌មាន​វិស័យ​ការងារ​ជូន​ដល់​ប្រជា​ពលរដ្ឋ​ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបាន​ការងារ​ធ្វើ​គ្រប់​ៗ​គ្នា​។នៅ​ក្នុងកិច្ចសម្ភាសន៍ រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះលោក ស៊ុន មេសា អ្នក​នាំ​ពាក្យ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ក្រៅ​ពី​ការ​ផ្តល់នូ​វ​ឱកាស​ការងារ​ដ៏សម្បូរបែប វេទិកាការងារ នេះ ក៏មានការផ្តល់នូវ​ឱកាស​ក្នុង​ការ​សិក្សា​ជំនាញ​បច្ចេក​ទេស​ ដោយឥតគិតថ្លៃផងដែរ ដែលជំនាញទាំងនោះសុទ្ធតែស្របទៅតាមតម្រូវការទីផ្សារ ហើយ​នៅ​ពេលដែលពួកគាត់មានជំនាញច្បាស់លាស់ ពួកគាត់នឹង​ទទួល​បាន​ការងារ​ដែល​មាន​ប្រាក់​ចំណូល​សមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។​អ្នកនាំពាក្យ បានរៀបរាប់បន្តថា ដោយសារឱកាសការងារមានច្រើនសម្បូរបែប និង​ខណៈ​កំណើន​នៃ​ការចុះឈ្មោះដើម្បីមានការងារធ្វើមានចំនួនតិច ដូច្នេះក្រសួង​បាន​ដាក់​ចេញ​នូវ​វេទិកា​ការ​ងារ​ផ្ទាល់តែម្តង ដោយនាំយកទាំងក្រុមហ៊ុន និងឱកាសការងារទៅដល់ឃុំ ទៅដល់ភូមិ ដែល​ចាប់​ផ្តើម​តាំងពីពីកណ្តាលឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ហើយឥឡូវ​ក៏​កំពុង​បន្ត​ធ្វើ​ថែម​ទៀត​នៅ​ឆ្នាំ​២០២៦នេះ។ ឯកឧត្តម បានបញ្ជាក់ថា ការងារដែលមន្រ្តី និងក្រុម​ការងារ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​នេះ ​មិនមែនចុះតែល្អមើល និងរួចពីដៃនោះទេ ពោលគឺក្រសួងការងារបានធ្វើជារៀងរាល់សប្តាហ៍ ហើយ​រហូត​ក្នុងថ្ងៃខ្លះបានរៀបចំវេទិកាការងារចំនួន៣០វេទិកាក៏មាន ជាពិសេស​មន្រ្តី​ទាំង​អស់​មក​ពី​ខាង​ផ្នែកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) , បេឡាជាតិជាតិសន្តិសុខសង្គម (ប.ស.ស.) និងអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បាន​ចុះ​ទៅ​ផ្ទាល់​តែម្តង ដើម្បីផ្សព្វផ្សាយព័ត៌មានឱ្យដល់មូលដ្ឋាននៃការរស់នៅរបស់ប្រជាពលរដ្ឋ។បន្ថែម​ពីនេះលោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ដែល​មានបំណងស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ធ្វើ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដែល​មន្ត្រី​ក្រសួង​ការងារ​នៅរងចាំទទួលទូរស័ព្ទ ៧ថ្ងៃក្នុងមួយសប្តាហ៍។សូមជំរាបជូនថា នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ក្នុង​ខេត្ត​ចំនួ​ន២ថែមទៀត ទី១.ខេត្តប៉ៃលិន ស្រុកសាលាក្រៅ និងទី២.ខេត្តបាត់ដំបង ស្រុក​សំឡូត ដើម្បីផ្តល់ឱកាសការងារ អត្ថប្រយោជន៍នៃរបបបេឡាជាតិសន្តិសុខសង្គម និង​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM
ប្រមុខមន្ទីរបញ្ចកោណ៖ អាមេរិកមិនស្វែងរកការប្រយុទ្ធ ដោយប្រតិបត្តិការបណ្តោះអាសន្ន ដើម្បីការពារនាវាទេ
05/05/2026 08:05 PM
កូនប្រុសរបស់លោកស្រី អ៊ុងសាន ស៊ូជី ជំរុញឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្តល់ «ភស្តុតាងពីការមានជីវិត»
05/05/2026 07:05 PM
ចិន៖ ទណ្ឌកម្មកាន់តែទូលំទូលាយរបស់សហរដ្ឋអាមេរិក លើគុយបា គឺ «ខុសច្បាប់»
05/05/2026 07:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន
05/05/2026 07:05 PM
អ៊ុយក្រែនអះអាងថា មនុស្ស ៣នាក់ រងរបួស ក្នុងការវាយប្រហារយានដ្រូនរុស្ស៊ីលើមជ្ឈមណ្ឌលទីក្រុង Chernihiv
05/05/2026 07:05 PM
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
05/05/2026 07:05 PM