‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
​សម្ដេចធិបតី៖ កម្ពុជា នឹងប្រើយន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ដោះស្រាយដែនសមុទ្រត្រួតគ្នាកម្ពុជា-ថៃ
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត៖ ការវិនិយោគលើឆ្មប ជាការវិនិយោគលើស្ត្រី កុមារ គ្រួសារ និង​អនាគត​នៃ​សង្គមជាតិ

ព័ត៌មានជាតិ

មន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ

2026/02/05 05:30:29 pm        144
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី អគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត នៃក្រសួងសុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់។​ ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី យ៉ាងដូច្នេះក្នុងពិធីបើកសិក្ខាសាលាស្តីពីវគ្គបណ្តុះបណ្តាលស្តីអំពី “ ការថែទាំ និងការប្រើប្រាស់អាហារូបត្ថម្ភ សំរាប់ក្រុមគ្រូពេទ្យវះកាត់ (Nutrition Care & Protocol Setup in Surgery: A Surgeon’s Guide to Best Practice) ” នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តមសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃមន្ទីរពេទ្យកាល់ម៉ែត ដែលបានខិតខំប្រឹងប្រែងរៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែកបទពិសោធន៍ រវាងអ្នកជំនាញក្នុងគោលបំណងបណ្តុះបណ្តាលនូវចំណេះដឹងគោលក្នុងការថែទាំ និងប្រើប្រាស់អាហារូបត្ថម្ភ ជូនដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ក្នុងមន្ទីរពេទ្យកាល់ម៉ែត រួមមានផ្នែកសល្យសាស្រ្ត ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសល្យសាស្រ្តប្រព័ន្ធប្រសាទ និងផ្នែកវះកាត់បេះដូង បន្ថែមពីនេះទៅទៀត ក៏មានការចូលរួមពីសំណាក់គិលានុបដ្ឋាក ក៏ដូចជាក្រុមគ្រូពេទ្យអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ ក្នុងគោលដៅជួយពង្រឹងគុណភាពព្យាបាលអ្នកជំងឺ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងការបច្ចេកទេសវះកាត់បានត្រឹមត្រូវ និងជោគជ័យ សារពាង្គកាយរបស់អ្នកជំងឺទាមទារឱ្យមានការទទួលទានរបបអាហារតាមប្រភេទជំងឺ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ធ្វើឱ្យសុខភាពរបស់អ្នកជំងឺឆាប់វិលត្រឡប់មកស្ថានភាពល្អ និងធ្វើឱ្យប្រព័ន្ធភាពស៊ាំរឹងមាំ បង្ការការចម្លងមេរោគផ្សេងៗយ៉ាងមានប្រសិទ្ធភាព។ ក្នុងនាមវេជ្ជបណ្ឌិតឯកទេសការប្តេជ្ញាចិត្តបន្តពង្រឹងជំនាញរបស់យើង និងបង្កើនកិច្ចសហការរវាងអង្គភាព និងអង្គភាព គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពទាំងឡាយរបស់អ្នកជំងឺ ដោយឈរលើគោលការណ៍ និងពិធីសាររួមគ្នា ព្រមទាំងការប្រកាន់ភ្ជាប់ជានិច្ចនូវក្រមសីលធម៌វិជ្ជាជីវៈ។  ក្នុងនាមមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្រ្តាចារ្យ វូ សុភៈរស្មី សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវាគ្មិនជាតិ និងអន្តរជាតិ ដែលបានខិតខំសាមគ្គីភាពគ្នា ហើយជួបជុំគ្នា ដើម្បីចែករំលែក និងស្វែងយល់អំពីវិធីសាស្ត្រស៊ីជម្រៅ បង្កើនគុណភាពព្យាបាលជាពិសេសជួយឱ្យអ្នកជំងឺឆាប់បានជាសះស្បើយ និងវិលត្រឡប់ទៅសភាពធម្មតាវិញ ក្នុងរយៈពេលកាន់តែខ្លី។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យ សូមលើកទឹកចិត្តដល់អ្នកជំនាញពាក់ព័ន្ធ ជាពិសេសវេជ្ជបណ្ឌិតឯកទេស ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗបន្ថែមទៀត ក្នុងការព្យាបាលជូនអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ស្របទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ដ្រ ដោយផ្អែកតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច មានចក្ខុវិស័យវែងឆ្ងាយផ្តល់អាទិភាពទៅលើការបង្កើតមូលធនមនុស្ស ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ទៅសុខភាពរបស់ប្រជាពលរដ្ឋគ្រប់ៗរូបតាមគោលការណ៍ “មិនបោះបង់ពលរដ្ឋណាម្នាក់”៕ អត្ថបទ រដ្ឋា

រដ្ឋមន្រ្តីសុខាភិបាល៖«ថ្នាក់ដឹកនាំ បុគ្គលិក មន្រ្តីរាជការសុខាភិបាល ត្រូវខិតខំបង្កើតស្នាដៃ (Legacy) នៃការងារវិជ្ជាជីវៈរបស់ខ្លួន ទុកជាថ្ងៃអនាគតសម្រាប់អ្នកបន្តជំនាន់ក្រោយ»

2026/02/05 05:23:34 pm        167
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី ការពិនិត្យលទ្ធផលឆ្នាំ២០២៥ និងការរៀបចំផែនការអនុវត្តសកម្មភាពឆ្នាំ២០២៦ សម្រាប់មន្ទីរពេទ្យរាជធានី ខេត្ត នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។ ​ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពី មន្ទីរពេទ្យរាជធានី ខេត្ត និងស្រុក ឈរជាសសរទ្រូងនៃក្តីសង្ឃឹមសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ប្រជាពលរដ្ឋនៅទូទាំងប្រទេស មានក្តីសង្ឃឹម និងជឿជាក់ថា នៅពេលដែលក្រុមគ្រួសារ ឬមនុស្សជាទីស្រឡាញ់របស់ គាត់ ត្រូវការការថែទាំ ព្យាបាល ជាពិសេសម្តាយសម្រាលកូន នៅពេលដែលអ្នកជំងឺត្រូវការការវះកាត់ ឬនៅពេលដែលត្រូវការចម្លើយរោគវិនិច្ឆ័យជាបន្ទាន់ គឺមន្ទីរពេទ្យ តែងតែបម្រើ ប្រកបដោយសុវត្ថិភាព គុណភាព សុវត្តិភាព សមភាព និងទាន់ពេលវេលា តាមការជាក់ស្តែងរបស់យើង។ ទំនុកចិត្តទាំងនេះ គឺជាចំណុចដ៏ល្អ ហើយការរៀបចំសិក្ខាសាលានាថ្ងៃនេះ ជាការប្រមូលផ្ដុំ ដើម្បីបង្កើនភាពទុកចិត្ត និងក្តីសង្ឃឹមដល់អ្នកជំងឺ ឱ្យស័ក្ដិសមនឹងទទួលបាននូវគុណតម្លៃនេះ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា៖ «ការវិនិយោគលើគុណភាពសេវាសុខាភិបាលនៅថ្ងៃនេះ គឺជាការវិនិយោគលើមូលធនមនុស្សសម្រាប់ថ្ងៃអនាគត។ បើប្រជាជនមានសុខភាពល្អ ប្រជាជននឹងមានសមត្ថភាពខ្ពស់ក្នុងការរៀនសូត្រ បង្កើនផលិតភាពនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ គោលដៅយុទ្ធសាស្ត្ររបស់យើង គឺការបម្រើសេវាដែលប្រកបដោយគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព និងសមធម៌»។ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំ ៥ចំណុច ដើម្បីធានាបានការអនុវត្តសម្រេចបាននូវនិរន្តរភាព គុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមភាពជូនប្រជាពលរដ្ឋ ដូចជា៖ ១) ថ្នាក់ដឹកនាំនៃសិក្ខាសាលានេះ ត្រូវពិភាក្សាវែកញែកឱ្យបានស៊ីជម្រៅ ដើម្បីឱ្យសិក្ខាកាមទាំងអស់បានយល់ដឹងអំពីលក្ខន្តិកៈរបស់មន្ទីរពេទ្យ ជាមួយនឹងការផ្តល់ជាយោបល់ពីមន្ទីរពេទ្យជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានលក្ខខណ្ឌធ្វើឱ្យមានការរីកចម្រើនរំកិលចូលបរិបទ ក្នុងវិស័យហិរញ្ញប្បទានសុខាភិបាល តាមបណ្តារាជធានី ខេត្ត ស្រុក។២) ត្រូវមានជាក្រុមការងារដែលមានលក្ខណៈប្រធានបទសំខាន់ៗបន្តបន្ទាប់ ដើម្បីលេចចេញមកនៅទិសដៅច្បាស់លាស់របស់មន្ទីរពេទ្យខេត្ត ឱ្យក្លាយទៅជាសកម្មភាពចាត់ចែងការងារ សម្រាប់ការអនុវត្តជាក់ស្តែង។៣) មន្ទីរពេទ្យជាតិត្រូវមានទំនាក់ទំនងល្អ និងខិតខំឆ្លើយ ជួយដល់មន្ទីរពេទ្យខេត្តដែលជាសម្ព័ន្ធមេត្រីគ្នា ក្នុងភាពជាលំនាំការរៀបចំរចនាសម័្ពន្ធ (System) និងបទបញ្ជាផ្ទៃក្នុងនៅមន្ទីរពេទ្យខ្លួនឱ្យបានត្រឹមត្រូវមន្ទីរពេទ្យត្រូវមានការវិនិយោគ។៤) ថ្នាក់ដឹកនាំ និងអ្នកជំនាញសុខាភិបាល ពិនិត្យលើដំណើរការរបស់អង្គភាពជារួម តាមបែបបទរដ្ឋបាល នៃការគ្រប់គ្រងលក្ខន្តិកៈដោយឡែក ធនធានមនុស្ស និងការទុកដាក់គ្រប់គ្រងហរិញ្ញវត្ថុបានត្រឹមត្រូវសមស្របតាមនីតិវិធី។៥) សិក្ខាសាលាបន្ទាប់ត្រូវរំលេចប្រធានបទលម្អិតផ្នែកណាមួយ ដែលរួមបញ្ចូលវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ព្រមទាំងយុទ្ធសាស្រ្តអនុវត្តទាំងឡាយតាមរយៈPDIA និងមានទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍មកកាន់មន្ទីរពេទ្យជាតិនៅពេលខាងមុខ។សូមជម្រាបជូនថា សិក្ខាសាលាបានផ្តោតលើផ្នែកសំខាន់ៗ ចំនួន ៤៖ ផ្នែកថែទាំជំងឺធ្ងន់(ICU) ផ្នែកថែទាំទារកទើបនឹងកើត ផ្នែកវះកាត់ និងសេវាមន្ទីរពិសោធន៍ ដែលជាមូលដ្ឋានគ្រឹះនៃការថែទាំរបស់មន្ទីរពេទ្យដោយ៖ ១) ICU ថែទាំអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត និងប្រឈមការគ្រោះថ្នាក់ខ្ពស់ ២) NICUs ទទួលបន្ទុកចំពោះអ្នកជំងឺ មាតា ទារកទើបនឹងកើត ៣) បន្ទប់វះកាត់ ត្រូវអនុវត្តនីតិវិធី ដែលស្ដារសុខភាព និងសង្គ្រោះជីវិត ៤) មន្ទីរពិសោធន៍បង្ហាញលទ្ធផល ដើម្បីជួយដល់វេជ្ជបណ្ឌិត /គ្រូពេទ្យ ក្នុងការធ្វើរោគវិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងជ្រើសរើសអន្តរាគមន៍វេជ្ជសាស្រ្តឱ្យបានទាន់ពេល និងសមស្រប។ក្នុងសិក្ខាសាលានេះដែរមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រីមន្ទីរពេទ្យជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មន្ទីរពេទ្យបង្អែករាជធានី ខេត្ត និងស្រុក ចំនួន ៣០០នាក់ និងតាមប្រព័ន្ធអនឡាញ Zoom ចំនួន ៦៤៥នាក់ ៕អត្ថបទ រដ្ឋា 

ស្អែកនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា

2026/02/05 05:14:06 pm        152
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម និងអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងល្អ កក់ក្តៅ រវាងកម្ពុជា វៀតណាម និងឡាវ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមជាមួយគ្នា។ សូមជម្រាថា តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម តូ ឡឺម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម នឹងអញ្ជើញមក បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ សព្វព្រះរាជហឬទ័យរាជានុញ្ញាតឱ្យ ឯកឧត្តមអគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ ចូលគាល់ដើម្បីធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ជាកិត្តិយសជូន ឯកឧត្តមអគ្គលេខាធិការបក្ស នៅព្រះបរមរាជវាំង។ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក៏សព្វព្រះរាជហឬទ័យរាជានុញ្ញាត ឱ្យ ឯកឧត្តម តូ ឡឹម ចូលគាល់ និងធ្វើសវនការនៅព្រះរាជដំណាក់ផងដែរ ។ឯកឧត្តមអគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ ក៏គ្រោងនឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ នៅមណ្ឌបព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” អតីត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងមណ្ឌបមិត្តភាពកម្ពុជា-វៀតណាម។អគ្គលេខាធិការបក្សនៃប្រទេសទាំងពីរ នឹងមានជំនួបកំពូលជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមអគ្គលេខាធិការ តូ ឡឹម ពង្រឹងថែមទៀតនូវទំនាក់ទំនងដ៏កក់ក្តៅ រវាងកម្ពុជា និងវៀតណាម និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាអ្នកជិត ខាងល្អមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។ជាមួយគ្នានេះទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏នឹងពង្រឹងបន្ថែមនូវចំណងមិត្តភាពដ៏ កក់ក្តៅរវាងប្រទេសទាំងពីរ និងឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែម ទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី “ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង រវាងកម្ពុជានិងឡាវ” ដើម្បីការអភិវឌ្ឍ និងវិបុលភាព នៃប្រជាជាតិ និងប្រជាជនទាំងពីរផងដែរ៕

វេទិកាពន្ធដារកម្ពុជា បានផ្តល់កាលានុវត្តភាព ពង្រឹង និងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរ រវាងក្រសួង-ស្ថាប័ន រដ្ឋបាលសារពើពន្ធ និងវិស័យឯកជន

2026/02/05 04:29:08 pm        100
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់ទុកការការរៀបចំវេទិកាពន្ធដារកម្ពុជា គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេស ដើម្បីពង្រឹង និង ពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើង រវាងក្រសួង-ស្ថាប័ន រដ្ឋបាលសារពើពន្ធ និងវិស័យឯកជន ដើម្បីជំរុញលើកកម្ពស់អនុលោមភាព សារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុងពិធី បើក «វេទិកាពន្ធដារកម្ពុជា» ក្រោមប្រធានបទ៖(ការលើកកម្ពស់អនុលោមភាពសារពើពន្ធ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា) នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញអនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១, ទន្ទឹមគ្នានឹងកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ និងវិធានការគន្លឹះចំនួន៥ សំដៅខិតខំជម្នះឲ្យបាន នូវបញ្ហាប្រឈម និងសម្របខ្លួនទៅនឹងការប្រែប្រួលនៃសភាពការណ៍ ដែលកើតឡើងជាបន្តបន្ទាប់ និងដំណាលៗគ្នា ដោយតម្រូវឲ្យ រាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ឲ្យបានទាន់ពេល និងចំទិសដៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ជាលទ្ធផល, ទោះបីត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជាត្រូវប្រឈមនឹងការរំលោភលើអធិបតេយ្យ ជាតិ និងបូរណភាពទឹកដីយ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា អាចនឹងសម្រេចបានកំណើនក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និងប្រមាណ ៥% សម្រាប់ឆ្នាំ២០២៦នេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ទន្ទឹមនេះ, កិច្ចខិតខំឥតរាថយ និងឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល សំដៅកែលម្អ បរិយាកាសសម្រាប់ធុរកិច្ច និងការវិនិយោគ បានជំរុញឲ្យការវិនិយោគផ្ទាល់ពីក្រៅប្រទេសបន្តកើនខ្ពស់គួរជាទីមោទនៈ។ ជាក់ស្តែងផ្អែក តាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការចុះបញ្ជីគម្រោងវិនិយោគពីបរទេសក្នុងឆ្នាំ២០២៥ កន្លងទៅ មានទំហំទុនសរុបប្រមាណ ១០ ប៊ីលានដុល្លារអាម៉េរិក មានកំណើន ៤៥% បើធៀបនឹងឆ្នាំ២០២៤។ ជាមួយគ្នា, ក្នុងវិស័យពាណិជ្ជកម្មក្រៅប្រទេស, ការនាំចេញ របស់កម្ពុជាក្នុងឆ្នាំ២០២៥ ក៏បន្តរក្សាបាននូវចលនការកំណើនល្អគួរឲ្យកត់សម្គាល់ ជាក់ស្តែងការនាំចេញសរុបក្នុងឆ្នាំ២០២៥ បានកើន ប្រមាណជាង ១៧%, បើធៀបនឹងឆ្នាំ២០២៤។ មួយវិញទៀត, រំហូរទេសចរបរទេសមកកាន់កម្ពុជា, ពិសេសកញ្ចប់ទេសចរណ៍ទីផ្សារ ឆ្ងាយ ក៏នៅដំណើរការជាធម្មតា និងមាននិន្នាការកើនផងដែរ តួយ៉ាងដូចជាទេសចរពីអឺរ៉ុប អូស្ត្រាលី និងឥណ្ឌា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្ថែមថា ចំណែកការរៀបចំនូវវេទិកាពន្ធដារកម្ពុជានេះ គឺជាការផ្តល់កាលានុវត្តភាព ដ៏វិសេសមួយ ដើម្បីពង្រឹងនិងពង្រីកភាពជាដៃគូឲ្យកាន់តែប្រសើរឡើងថែមទៀត រវាងរដ្ឋបាលសារពើពន្ធ, វិស័យឯកជន, ក្រសួង-ស្ថាប័ន ពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្តូរ មតិយោបល់ និងបទពិសោធន៍ និងការចែករំលែកនូវឧត្តមានុវត្តលើប្រធានបទសំខាន់ៗ ដើម្បីជំរុញនិងលើកកម្ពស់អនុលោមភាព សារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់វិស័យឯកជន មកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធ ជូនរដ្ឋឲ្យ កាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សមភាព និងសមធម៌៕អត្ថបទ៖ សុន រ៉ាឌី

មេសិទ្ធិមនុស្សកម្ពុជាប្រាប់ចៅក្រមជាន់ខ្ពស់របស់អាម៉េរិក អំពីការបន្តប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិរបស់ថៃដើម្បីឈ្លានពានកម្ពុជា

2026/02/05 04:22:54 pm        197
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បាន ប្រាប់ចៅក្រមជាន់ខ្ពស់របស់អាមេរិកអំពីការបន្តប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិរបស់ថៃដើម្បីឈ្លានពានកម្ពុជា ខណៈកម្ពុជាតែងតែគោរព និងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយ លោក John C. Coughenour ចៅក្រមជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិក នៅសាលសវនការរបស់ គ.ស.ម.ក. នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះក្នុងឱកាសនោះ បន្ទាប់ពីសម្ដែងនូវកិច្ចស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីមូលហេតុនៃបញ្ហាជម្លោះព្រំដែនកម្ពុជា–ថៃ ដោយគូសបញ្ជាក់ថា៖«កម្ពុជាតែងតែគោរពនិងអនុវត្តតាមអនុសញ្ញា និងសន្ធិសញ្ញា បារាំង–សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការក្រោមច្បាប់អន្តរជាតិ។ ប៉ុន្ដែ ភាគីថៃ ជាពិសេសក្រុមជ្រុលនិយម និងអ្នកនយោបាយថៃមួយចំនួន នៅតែប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគី ដែលផ្ទុយទាំងស្រុងនឹងក្របខណ្ឌច្បាប់អន្តរជាតិ»។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ក្នុងអំឡុងពេលយោធារបស់ថៃចូលឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 ដោយចូលជ្រៅមកក្នុងទឹកដីកម្ពុជាជាង ៩០គីឡូម៉ែត្រ ដើម្បីធ្វើការវាយប្រហារដោយមិនរើសមុខលើភូមិឋានស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ សកម្មភាពទាំងនេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ទាំងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងថា បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងកម្ពុជា និងថៃ ដែលមាន ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន ធ្វើជាសាក្សីក៏ដោយ ក៏ភាគីថៃនៅតែបន្តសកម្មភាពញុះញង់ និងបង្កហេតុផ្សេងៗ រួមមាន ការប្រើប្រាស់សំឡេងមានប្រេកង់ខ្ពស់រំខានផ្លូវចិត្តដល់ជនស៊ីវិល ការកម្ទេចផ្ទះសម្បែង ការបំផ្លាញរូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ ការសាងសង់សំណង់ថ្មីៗក្នុងដែនអធិបតេយ្យភាពកម្ពុជា ដើម្បីលុបបំបាត់អត្តសញ្ញាណជាតិកម្ពុជានៅទីនោះ និងការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ដើម្បីរារាំង ជនភៀសសឹកកម្ពុជាជាងមួយសែននាក់មិនឱ្យវិលត្រឡប់ទៅលំនៅឋានរបស់ពួកគាត់វិញ។ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព មិនមានបំណងបង្កសង្គ្រាមជាមួយប្រទេសណាមួយឡើយ ដោយសារកម្ពុជាបានឆ្លងកាត់បទពិសោធសង្គ្រាមជាច្រើនទសវត្សរ៍ និងយល់ដឹងច្បាស់អំពីផលវិបាកនៃសង្គ្រាមនិងតម្លៃនៃសន្ដិភាព។ ទោះជាយ៉ាងណា កម្ពុជាមានកាតព្វកិច្ចក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។ ជាងនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងច្បាស់អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ស្របតាមគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់អន្តរជាតិ អនុសញ្ញានិងសន្ធិសញ្ញាពាក់ព័ន្ធ ព្រមទាំងយន្តការទ្វេភាគី និងពហុភាគីដែលមានស្រាប់។ កម្ពុជាបន្តអំពាវនាវឱ្យមានការគោរពបូរណភាពទឹកដី អធិបតេយ្យភាព និងការការពារជនស៊ីវិលជាចម្បង ហើយជឿជាក់ថា ដំណោះស្រាយយូរអង្វែង និងមានស្ថិរភាព អាចសម្រេចបានតែតាមរយៈការសន្ទនា ការយោគយល់ និងការអនុវត្តច្បាប់អន្តរជាតិដោយស្មោះត្រង់ ប៉ុន្តែមិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬសម្ពាធយោធាណាមួយឡើយ។ជាការឆ្លើយតប លោក John C. Coughenour បានបញ្ជាក់ថា ឯកឧត្តម Donald J. Trump ប្រធានាធិបតី និងប្រជាជនសហរដ្ឋអាម៉េរិក បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានប្រកាន់យកជម្រើសនៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តឥតងាករេក្នុងការដោះស្រាយជម្លោះនេះដោយសន្តិវិធីនិងផ្អែកលើច្បាប់។ ជាមួយគ្នានេះដែរ លោកចៅក្រមបានសម្ដែងការខកចិត្តចំពោះសកម្មភាព និងមហិច្ឆតារបស់យោធាថៃ ដែលបានប្រើប្រាស់សព្វាវុធគ្រប់ធុនឈ្លានពានកម្ពុជាយ៉ាងអយុត្តិធម៌ ព្រមទាំងបានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើប្រជាជនស៊ីវិលកម្ពុជា។ ទន្ទឹមនេះ លោកក៏បានបង្ហាញនូការកោតសរសើរចំពោះកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍ និងកសាងប្រទេសឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ និងវិស័យសិទ្ធិមនុស្ស ជាពិសេស ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា គ្មានការរើសអើងពូជសាសន៍ និងការលើកកម្ពស់និងការការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។ជាកិច្ចបញ្ចប់ ជំនួបពិភាក្សានេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងទទួលបានលទ្ធផលគួរជាទីពេញចិត្ត៕

ក្នុងខែដំបូងឆ្នាំ២០២៦ កម្ពុជាបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដើម្បី​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយគ្មានការលើកលែងឡើយ

2026/02/05 03:45:33 pm        458
ភ្នំពេញ៖ តាមប្រ​ភព​លេខា​ធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (គ.ប.ឆ.ប.) ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ គណៈ​បញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ច បានបង្រ្កាប និង​បិទ​ខ្ទប់​សកម្ម​ភាព​ប្រព្រឹត្ត​បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៅលើទីតាំងសរុបចំនួន ១៩០កន្លែង ក្នុង​នោះ​មាន​កាស៊ីណូ​ចំនួន ៤៤ នៅក្នុងខេត្តព្រះស៊ីហនុ, កំពត, កណ្តាល, ស្វាយរៀង, រាជធានីភ្នំពេញ, ពោធិ៍សាត់, ព្រៃវែង និងមណ្ឌលគិរី ដោយសមត្ថកិច្ចបានគ្រប់គ្រង រឹបអូសវត្ថុតាងជាច្រើន​ប្រភេទ​/​គ្រឿង ​មានកំព្យូទ័រ ទូរស័ព្ទ ស៊ីមកាតជាដើមនិងបំពេញសំណុំរឿង ដើម្បីចាត់វិធាន​ការ​តាម​នីតិ​វិធី​ច្បាប់​។ ទន្ទឹមនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២ ៥០៨ នាក់ មាន ៧ សញ្ជាតិ មាន​ជន​ជាតិ​នេប៉ាល់ ចិន ម៉ាឡេស៊ី ឡាវ ឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដេស។ ក្នុងចំណោមករណីធំៗ មាន​រាប់​បញ្ចូល​ចំណាត់ការលើសំណុំរឿងសំខាន់ៗដោយបានចាប់ខ្លួន និងអនុវត្តនីតិ​វិធី​តុលាការ​ចំពោះ​មេ​ខ្លោង និងអ្នកសមគំនិតមួយចំនួនទៀត, ការបង្ក្រាបដល់​ទីតាំង​ដែល​ឧក្រិដ្ឋ​ជន​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើសកម្មភាពឆបោកអនឡាញ ដោយរាប់ទាំងករណី​ក្លែង​ជា​សមត្ថ​កិច្ច​ផ្សេង​ៗ​ ដើម្បី​ឆបោក​ទៅក្រៅប្រទេស, ព្រមទាំងកិច្ច​សហការ​ជាមួយ​សមត្ថកិច្ច នៃ​សាធារណ​រដ្ឋ​ប្រជា​មានិត​ចិន​ អាមេរិក កូរ៉េ ជាដើម ក្នុងការបន្តស្រាវ​ជ្រាវ​ដើម្បី​វែក​មុខ​បណ្តាញ​អង្គ​ការ​ចាត់​តាំង​នៅ​ពី​ក្រោយ​ករណី​ទាំងនេះ។កម្លាំងសមត្ថកិច្ចជំនាញ​តាម​បណ្តារាជធានី-ខេត្តកំពុងបន្តចុះបង្ក្រាប និងបំបែកសម្បុកក្រុម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ខណៈការបន្តចាត់វិធាន​ការ​បង្ក្រាប​ទ្រង់​ទ្រាយ​ធំ​ដោយ​ផ្អែក​លើ​ការ​ស្រាវ​ជ្រាវ​ច្បាស់​លាស់ និងកិច្ចសហប្រតិបត្តិការជាមួយដៃគូ។ ប្រតិបត្តិការទាំងនេះ​បាន​ជំរុញ​ឱ្យ​ជន​បរទេស​ចំនួន ១១០.០៩៥ នាក់ មាន ៦ សញ្ជាតិ ក្នុងនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងប៉ាគីស្ថាន បានចាកចេញពីប្រទេសកម្ពុជាក្នុងចន្លោះខែមករា និង​ដើម​ខែកុម្ភៈ ឆ្នាំ២០២៦។ តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែ​ចុង​ក្រោយ​នេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងធំៗចំនួន ៣៧ករណី ហើយ​ផ្តន្ទា​ទោស​មេខ្លោង និងបក្ខពួកចំនួន១៧២នាក់ ខណៈអាជ្ញាធរ​កម្ពុជា​បាន​បណ្តេញ​ជន​បរទេស​ចំនួន​ ៩ ៣១៤ នាក់ ចេញពីកម្ពុជា។កិច្ចខិតខំទាំងនេះបានបង្ហាញពីឆន្ទៈពិតប្រាកដ ជាមួយការអនុវត្ត​ច្បាប់​តឹង​រឹង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស ដោយមិនមាន​ការ​លើក​លែង​ឡើយ​ ដើម្បីការពារសន្តិសុខសេដ្ឋកិច្ច និងសណ្តាប់ធ្នាប់សង្គម ទាំងក្នុងប្រទេសកម្ពុជា តំបន់ និង​នៅ​លើសកលលោក។រាជរដ្ឋាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋ​ជន​បច្ចេក​វិ​ទ្យា​ប្រើ​ប្រាស់​ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំង​ឡាយ​ណាដែ​ល​នៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈម​មុខ​នឹង​ទោ​សទ​ណ្ឌខ្ព​ស់​បំផុត​ដោយ​គ្មាន​ការ​យោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្ត​ទាំង​នេះ ​នឹងអាច​ធ្វើ​អាច​ឱ្យ​កម្ពុជា​ឈាន​ទៅ​លុប​បំបាត់​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​ពេល​ខាង​មុខ​៕

ក្រសួងការពារជាតិកម្ពុជា ប្រកាសបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ក្នុងបំណងបំភាន់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍តាមបណ្តោយព្រំដែនមានភាពតានតឹង

2026/02/05 01:43:17 pm        233
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃ ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ នេះបើយោងតាមលោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។អ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងថា «នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ មានបណ្តាញសារព័ត៌មានថៃមួយចំនួនបានផ្សព្វផ្សាយថា «បន្ទាន់! កងទ័ពភូមិភាគទី២ បានរកឃើញថា ភាគីម្ខាងទៀតបានបាញ់គ្រាប់បែក ៤០មីលីម៉ែត្រ ធ្លាក់នៅក្បែរមូលដ្ឋានទាហាន Phlan Hin Pet Kon។»អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានធ្វើការបដិសេធចោលទាំងស្រុងនូវការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃខាងលើ និងសូមអះអាងថាជាព័ត៌មានប្រឌិត ក្លែងក្លាយផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងបំភាន់ដល់សាធារណមតិ និងធ្វើឱ្យស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភាពតានតឹង។ យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា ក្រុមទំនាក់ទំនងរបស់យោធភូមិភាគទី៤របស់កម្ពុជា និងកងទ័ពភូមិភាគទី២របស់ថៃ បានទាក់ទងសាកសួរ និងផ្តល់ព័ត៌មានគ្នា ដើម្បីបញ្ជាក់ការពិតរួចហើយ គឺមិនមានស្ថានការណ៍កើតឡើងដូចការចុះផ្សាយរបស់បណ្តាញសារព័ត៌មានថៃនោះទេ។ ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួន និងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ជាពិសេសការប្រឆាំងទៅនឹងព័ត៌មានក្លែងក្លាយ ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព និងសុវត្ថិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ ជាមួយគ្នានេះ ក្រសួងការពារជាតិ បានអំពាវនាវដល់សាធារណជន និងអ្នកសារព័ត៌មានទាំងអស់ សូមកុំចែករំលែកនូវព័ត៌មានក្លែងក្លាយដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើ ដោយតាមដាន និងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងជឿទុកចិត្តបាន ជាពិសេសការផ្តល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាល ទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង និងអង្គភាពពាក់ព័ន្ធរបស់យើង៕

ជន​បរទេស​សរុប ២៨៩នាក់​ទៀត ត្រូវបានបណ្ដេញចេញ​ពី​ព្រះរាជាណាចក្រកម្ពុជា!

2026/02/05 01:37:16 pm        211
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ អនុវត្តតាម​អនុសាសន៍​​ដ៏ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក​អន្តោ​ប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បន្តធ្វើ​ការ​បណ្តេញ​ជន​បរទេស​សរុបចំនួន ២៨៩នាក់ (ស្រី៤១នាក់) មាន ៧សញ្ជាតិ រួមមានវៀតណាម បង់ក្លាដេស ចិន នីហ្សេរីយ៉ា ចិនតៃវ៉ាន់ ឥណ្ឌា ឥណ្ឌូនេស៊ី ក្នុងនោះមានជនជាតិវៀតណាម (១៧៦នាក់) ចេញ​ពី​ព្រះរាជាណា​ចក្រ​កម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ ដែល​ពាក់​ព័ន្ធករណីលួចឆ្លងដែន ស្នាក់នៅធ្វើ​ការងារ​ខុស​ច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។

សម្តេចម៉ែប្រទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដើម្បីគាំទ្រកិច្ចដំណើរការមន្ទីរពេទ្យគន្ធបុប្ជា

2026/02/05 12:45:35 pm        215
ក្នុងគោលបំណងគាំទ្រកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានព្រះរាជទានព្រះរាជទ្រព្យចំនួន ១០ម៉ឺនដុល្លារ ដើម្បីឱ្យមន្ទីរពេទ្យបន្តបេសកកម្មនាំភាពញញឹម និងក្ដីសង្ឃឹមដល់ទារក និងកុមារ នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាល ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព។លោក Denis Lurent អគ្គនាយកមន្ទីរពេទ្យគន្ធបុប្ផា នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានមានប្រសាសន៍បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា គិតមកដល់ពេលនេះគឺមានរយៈពេល៣២ឆ្នាំហើយ ដែលព្រះបរមរតនកោដ្ឋ និងព្រះវររាជមាតាជាតិខ្មែរ តែងតែបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ជានូវព្រះរាជទ្រព្យជាប្រចាំដើម្បីជាការទ្រទ្រង់ដល់ដំណើរការរបស់មន្ទីរពេទ្យ និងទៅដល់បុគ្គលិកទាំងអស់ដែលមានចំនួនសរុបជាង ២ពាន់នាក់រួចមកហើយ។លោកអគ្គនាយក បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ មន្ទីរពេទ្យគន្ធបុប្ជាដំណើរការបានដោយមានកិច្ចសហការគាំទ្រពីមូលនិធិគន្ធបុប្ជាស្វីស ក៏ដូចជាមូលនិធិគន្ធបុប្ជាកម្ពុជា ដែលជាក្តីស្រមើស្រម៉ៃមួយរបស់លោកអតីតនាយក ដែលលោកចង់ឱ្យមន្ទីរពេទ្យគន្ធបុប្ជា ជាមន្ទីរពេទ្យគ្រប់គ្រងដោយបុគ្គលិក និងគ្រូពេទ្យខ្មែរ។ លោកបន្តថា ឥឡូវនេះក្តីស្រម៉ៃរបស់លោកអតីតនាយក គឺបានសមេ្រចហើយទាំងនៅភ្នំពេញ និងខេត្តសៀមរាប គឺមន្ទីរពេទ្យបានដំណើរការដោយគ្រូពេទ្យ និងបុគ្គលិកខ្មែរទាំងអស់។ជាមួយនឹងព្រះរាជទានរបស់ព្រះវររាជមាតាជាតិខ្មែរនេះ លោក យោគ សាមឌី នាយករង នៃអង្គភាពប្រតិបត្តិមូលនិធិគន្ធបុប្ផាកម្ពុជា មានសង្ឃឹមយ៉ាងមុតមាំថា ព្រះរាជទាននេះ នឹងបន្តចូលរួមដល់ជ័យរភាពទៅដល់មន្ទីរពេទ្យគន្ធបុប្ជាទាំងអស់ ដែលនឹងបន្តបេសកម្មសង្រ្គោះជីវិតកុមារកម្ពុជារាប់លាននាក់ និងបន្តបេសកម្មមនុស្សធម៌ដោយទទួលបាននូវទាំងព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រីផង និងព្រមទាំងការបរិច្ចាគពីបណ្តាសាធារណៈជន ក្រុមហ៊ុន និងក្រសួង ស្ថាប័ននានាដែលបានចូលរួមការងារសង្គមនេះ។យោងតាមរបាយការណ៍សង្ខេបស្ដីពីសកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា គិតក្នុងរយៈពេលពេញ១ឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួនជាង ១លានករណី កើនឡើង១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។សូមបញ្ជាក់ទៀតថា មន្ទីរពេទ្យគន្ធបុប្ផា ក៏បានព្យាបាលកុមារដែលសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យចំនួនជាង ២៣ម៉ឺននាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២,២ម៉ឺនករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួនជាង ១០ម៉ឺនករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួនជាង ២ម៉ឺន ៥ពាន់នាក់ ២៥, ផ្ដល់សេវាវះកាត់ទូទៅចំនួនជាង ៣ម៉ឺន ៤ពាន់នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួនជាង ១ពាន់នាក់។ តាមរបាយការណ៍ដដែល ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកាជាង ៤៦លានដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមានផ្ទៃពោះដោយឥតគិតថ្លៃ និងគ្មានការរើសអើង៕ អត្ថបទ៖ ឈិត បូរ៉ាវី

វិចារណកថា ក្រសួងបរិស្ថាន៖ ចំណុចកម្តៅ (Hotspots) បញ្ជាក់ពីចំនួនទីតាំងដែលមានការឆេះ ប៉ុន្តែមិនមែនជាទំហំ ឬកម្រិតភាពខ្លាំងនៃភ្លើងនោះទេ(អាំងតង់ស៊ីតេ)

2026/02/05 08:05:32 am        219
ក្នុងការតាមដានអគ្គិភ័យតាមផ្កាយរណប ពាក្យថា «ចំណុចកម្តៅ» (Hotspots) ជារឿយៗអត្ថន័យរបស់វាត្រូវបានគេយល់ច្រឡំ។ ដើម្បីវិភាគទិន្នន័យឱ្យបានត្រឹមត្រូវ យើងត្រូវបែងចែកឱ្យដាច់រវាង "ចំនួនកន្លែងដែលឆេះ" និង "កម្រិតនៃភាពធ្ងន់ធ្ងរ"។ ក្នុងការវិភាគអគ្គិភ័យ និងការរាយការណ៍អំពីបរិស្ថាន ចំណុចកម្តៅ(Hotspots) តំណាងឱ្យ ចំនួនទីតាំងដែលត្រូវបានរកឃើញថាមានការឆេះ តែវាមិនមែនតំណាងឱ្យទំហំផ្ទៃដីដែលកំពុងឆេះ ឬកម្រិតនៃភាពខ្លាំងក្លា(អាំងតង់ស៊ីតេ)នៃចំហេះនោះឡើយ។១. តើចំណុចកម្តៅ(Hotspots)ជាអ្វី?ចំណុចកម្តៅ(Hotspots) កើតឡើងនៅពេលឧបករណ៍ចាប់សញ្ញារបស់ផ្កាយរណប រកឃើញផ្ទៃដីដែលមានសីតុណ្ហភាពខ្ពស់ជាងធម្មតា។ ក្នុងបច្ចេកទេសផ្កាយរណប ចំណុចកម្តៅ ១ បញ្ជាក់ពីអត្ថិភាពនៃភ្លើងក្នុងផ្ទៃ ១ ភីកសែល (Pixel) នៃរូបភាពផ្កាយរណប។ នេះមានន័យថា ទិន្នន័យចំណុចកម្តៅគ្រាន់តែឆ្លុះបញ្ចាំងប្រាប់យើងថា "មានភ្លើងនៅទីតាំងនោះ" ប៉ុន្តែវាមិនអាចប្រាប់យើងថាភ្លើងនោះ "ធំ" ឬ "ខ្លាំង" ប៉ុណ្ណានោះទេ។២. ហេតុអ្វីបានជាចំនួនចំណុចកម្តៅ មិនអាចវាស់ទំហំផ្ទៃដីឆេះបាន?ដោយហេតុផលខាងលើនៅចំណុច១បានបង្ហាញថា ចំនួនចំណុចកម្តៅមិនអាចប្រើប្រាស់ដើម្បីវាស់វែងផ្ទៃដីដែលឆេះសរុបបានទេ។ចំណុចតិច តែភ្លើងធំ៖ ភ្លើងឆេះព្រៃទ្រង់ទ្រាយធំមួយ អាចបង្ហាញចំណុចកម្តៅ(Hotspots) ក្នុងចំនួនតិចតួច ប៉ុណ្ណោះ ប្រសិនបើមានផ្សែងក្រាស់ ឬពពកបាំង ដែលធ្វើឱ្យផ្កាយរណបមើលមិនឃើញសព្វជ្រុងជ្រោយចំណុចច្រើន តែភ្លើងតូច៖ ភ្លើងតូចៗជាច្រើនដែលរាយប៉ាយពេញផ្ទៃដី ដូចជាការដុតឆ្ការព្រៃ ឬការដុតកាកសំណល់កសិកម្ម ជញ្រ្ជាំងស្រូវជាដើម អាចបង្កើតចំណុចកម្តៅ(Hotspots) ក្នុងចំនួនយ៉ាងច្រើន ទោះបីជាភ្លើងនីមួយៗមានទំហំតូចក៏ដោយ។៣. ចំណុចកម្តៅ(Hotspots) មិនមែនជា "អាំងតង់ស៊ីតេ" (កម្រិតភាពខ្លាំងក្លា) នៃភ្លើងចំណុចកម្តៅ(Hotspots) ក៏មិនបង្ហាញពីកម្រិតនៃភាពខ្លាំងក្លានៃភ្លើង (Fire Intensity) ដែរ។ វាមិនវាស់វែងកម្ពស់អណ្តាតភ្លើង ទិន្នផលកម្តៅ ឬបរិមាណជីវម៉ាស (Biomass) ដែលត្រូវបានឆេះនោះទេ។ ចំណុចកម្តៅ(Hotspots) ពីរអាចមើលទៅដូចគ្នាទាំងស្រុងនៅក្នុងទិន្នន័យផ្កាយរណប ទោះបីជាចំណុចមួយតំណាងឱ្យភ្លើងឆេះលើផ្ទៃដីកម្រិតស្រាល និងចំណុចមួយទៀតតំណាងឱ្យភ្លើងដែលឆេះយ៉ាងខ្លាំងក្លាក៏ដោយ។ ដើម្បីវាយតម្លៃពីភាពខ្លាំងក្លានៃភ្លើង គេត្រូវការសូចនាករបន្ថែមដូចជា ថាមពលវិទ្យុសកម្មនៃភ្លើង (Fire Radiative Power) ទិន្នន័យនៃការបញ្ចេញផ្សែងពុល និងការសង្កេតផ្ទាល់នៅលើដី។៤.សេចក្ដីសន្និដ្ឋានចំណុចកម្តៅ(Hotspots) គួរតែត្រូវបានយល់ថា(Hotspots)ជាការរាប់ចំនួនទីតាំងដែលកំពុងមានការឆេះកើតមានឡើង មិនមែនជាការវាស់វែងទំហំ ឬកម្រិតនៃភាពខ្លាំងនៃភ្លើងឡើយ។ វាគឺជាសូចនករដ៏មានតម្លៃសម្រាប់ "ស្វែងរកទីតាំងភ្លើងដែលកំពុងឆេះ" ប៉ុន្តែវាមិនទាន់អាចវាស់ "ទំហំ ឬកម្រិតនៃការឆេះ" នៃអគ្គិភ័យនោះបានទេ។ ដើម្បីទទួលបានការទិន្នន័យនៃការឆេះអោយបានត្រឹមត្រូវ វាទាមទារអោយមានការវិភាគទិន្នន័យផ្សេងៗទៀតរួមគ្នាជាច្រើន។ ការបកស្រាយខុស នឹងនាំឱ្យមានការវាយតម្លៃខុសអំពីទំហំនៃមហន្តរាយធម្មជាតិដែលអាចកើតមានឡើង។ ការយល់ដឹងពីបច្ចេកទេសនេះ គឺចាំបាច់ណាស់សម្រាប់ការតាមដាន រាយការណ៍ និងឆ្លើយតបចំពោះគ្រោះអគ្គិភ័យឱ្យមានប្រសិទ្ធភាព៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង
05/06/2026 09:05 AM
ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប
05/06/2026 09:05 AM
អេស្ប៉ាញ នឹងទទួលនាវាទេសចរណ៍ដែលអ្នកដំណើរឆ្លងវីរុស Hanta នៅកោះ Canary
05/06/2026 09:05 AM
រុស្ស៊ីវាយប្រហារអ៊ុយក្រែនសម្លាប់មនុស្សច្រើននាក់ ខណៈកំពុងស្វែងរកបទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់ខ្លួន
05/06/2026 09:05 AM
ប្រមុខការទូតអាមេរិក៖ លោក Trump និងលោក Xi ទំនងជានឹងពិភាក្សាពីបញ្ហាកោះតៃវ៉ាន់នៅសប្តាហ៍ក្រោយ
05/06/2026 08:05 AM
លោក Trump ផ្អាកកិច្ចខិតខំប្រឹងប្រែងអមការពារនាវានៅច្រកសមុទ្រ Hormuz ដោយលើកឡើងពីវឌ្ឍនភាពនៃការចរចា
05/06/2026 08:05 AM
សិស្សសាលាអារ៉ាប់រួមនៅទីក្រុងឌូបៃ វិលត្រឡប់ទៅរៀនតាមអនឡាញ ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
05/05/2026 09:05 PM
ភរិយាសកម្មជនកងនាវាហ្កាហ្សានិយាយថា ស្វាមីរបស់ពួកគេដែលឃាត់ខ្លួនដោយអ៊ីស្រាអែល ត្រូវបានគេធ្វើទារុណកម្ម
05/05/2026 09:05 PM
នាយករដ្ឋមន្ត្រីរ៉ូម៉ានីត្រូវបានទម្លាក់ពីតំណែង ដោយការបោះឆ្នោតដកសេចក្ដីទុកចិត្ត
05/05/2026 08:05 PM
អារ៉ាប់រួមរឹតបន្តឹងដែនអាកាស ក្រោយមានការវាយប្រហារដោយមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់
05/05/2026 08:05 PM