លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី

ព័ត៌មានជាតិ

សម្តេចតេជោ អនុញ្ញាតឱ្យពលរដ្ឋខ្មែរជាយុវជនបក្សនៅក្នុងរដ្ឋនានានៅអាមេរិក ចូលជួបសម្តែងការគួរសម

2026/02/04 12:05:01 pm        81
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរដែលជាយុវជនគណបក្សប្រជាជនកម្ពុជានៅក្នុងរដ្ឋនានា នៅតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិកម្ពុជា រាជធានីភ្នំពេញ។

គម្រោងស្ថាបនាស្ពានបេតុងប្រវែង១៤៤ម៉ែត្រ កាត់ស្ទឹងក្រវាញ ក្នុង​ខេត្តពោធិ៍សាត់​សម្រេច​លទ្ធផល​បាន​ ៥៥.៥០%

2026/02/04 11:59:54 am        393
ពោធិ៍សាត់៖ គម្រោងស្ថាបនាស្ពានបេតុងថ្មីមួយកន្លែងឆ្លងកាត់ស្ទឹងក្រវាញ តភ្ជាប់ពី ភូមិបោះពួយ ឃុំលាច ទៅកាន់ភូមិព្រែកបី ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានប្រវែង១៤៤ម៉ែត្រ ទទឹង ១០​ម៉ែត្រ ជំនួសស្ពានដែកបេឡេតិ៍ចាស់ទ្រុឌទ្រោម បច្ចុប្បន្នសម្រេច​លទ្ធ​ផល​បាន​ ៥៥.៥០% នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ធីម សុធារ៉ា ប្រធានមន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្តពោធិ៍សាត់។លោកប្រធានមន្ទីរបានបន្ថែមថា គម្រោងស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង់​នា​ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ ដោយប្រើប្រាស់ថវិការជាតិ តាម​រយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និងអនុវត្តន៍គម្រោងដោយ កងវិស្វកម្មលេខ១៨១ ស្ពាន-ថ្នល់ ដឹក​នាំ​ដោយឧត្តមសេនីយ៍ត្រី គង់ ចន្ទខេមរា។ គម្រោងស្ពានបេតុងប្រវែង ១៤៤ម៉ែត្រនេះ គឺជា​សរសៃ​ឈាម​សេដ្ឋកិច្ច​យ៉ាង​សំខាន់​របស់ប្រជាពលរដ្ឋក្នុងស្រុកភ្នំក្រវាញទាំងមូល ជួយសម្រួល​ការ​លំបាក​ឆ្លើយ​តប​ទៅនឹ​ងតម្រូវការរបស់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរ ជំនួសស្ពាន​ដែក​បាឡេចាស់​ដែល​មាន​សភាពទ្រុឌទ្រោម និងតូចចង្អៀតប្រវែង១៣៨ម៉ែត្រ ទទឹង៤ម៉ែត្រ។ ស្ពានបេតុងប្រវែង១៤៤ម៉ែត្រនេះ គឺ​ជា​ចំណង​ដៃ​ថ្មី​មួយ​បន្ថែម​ទៀត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចបរវធិបតី ហ៊ុន ម៉ាណែត ជូនដល់ប្រជាពលរដ្ឋស្រុកភ្នំក្រវាញ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋខេត្តពោធិ៍សាត់ទាំងមូល។ ស្ពានថ្មីនេះ រួមនិង​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន​ក្នុង​ខេត្ត​ពោធិ៍សាត់ ​គឺជាផ្លែផ្កាដែលកើតចេញពីសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាំយក​មក​ជូន​ប្រជាជន និង​សង្គមជាតិយើង តាមរយៈនយោបាយឈ្នះឈ្នះ ដូចនេះបើយើង​រួម​គ្នា​ថែ​រក្សា​សន្តិភាព​ យើងនឹងទទួលបានផ្លែផ្កាពីសន្តិភាពបន្ថែមទៀត ដែលជាប្រយោជន៍​រួម​សម្រាប់​ប្រជាព​លរដ្ឋ និង​ប្រទេសជាតិយើងកាន់តែរីកចម្រើនរុងរឿង ។ ក្រសួងអភិវឌ្ឍន៍​ជនបទ​ដែល​ជា​សេនា​ធិការ​របស់​រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោ​យ​បានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម័ន្ធផ្លូវ ស្ពាន ជនបទ ដោយប្រែក្លាយពីផ្លូវដីសរ ទៅ​ជា​ផ្លូវ​គ្រួស​ក្រហម ពីផ្លូវគ្រួសក្រហមទៅ ជាផ្លូវកៅស៊ូរ ឬផ្លូវបេតុង ពីស្ពានឈើ ស្ពានដែក មក​ជា​ស្ពាន​បេតុង​រឹងមាំ៕

នាវាទេសចរណ៍បរទេសផ្ទុកអ្នកដំណើរជិត ៤.០០០នាក់ ចូលសំចតធ្វើទស្សនកិច្ចនៅកម្ពុជា

2026/02/04 10:06:01 am        253
នាវាទេសចរណ៍បរទេសមួយគ្រឿង ឈ្មោះ Costa Serena សញ្ជាតិ ITALY ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ជិត ៤.០០០នាក់ បានចូលសំចតដោយសុវត្ថិភាព នៅកំពង់ផែស្វយ័តអន្តរជាតិក្រុងព្រះសីហនុ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជា ។ នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៣.៩២០នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ២.៨៩០នាក់ និងនាវិក ១.០៣០នាក់ ក្នុងដំណើរទេសចរណ៍អន្តរជាតិ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដើម្បីផ្ដល់ឱកាសឱ្យអ្នកដំណើរបានទស្សនានូវរមនីយដ្ឋានទេសចរណ៍ វប្បធម៌ ការរស់នៅរបស់ប្រជាពលរដ្ឋសហគមន៍ ការអភិវឌ្ឍ ។ល។ ការចូលសំចតរបស់នាវានេះ មានការរៀបចំទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តព្រះសីហនុ ផ្ដល់ជូនអ្នកដំណើរនូវក្រមាអនុស្សាវរីយ៍ អបជាមួយរបាំវប្បធម៌ខ្មែរ។ នាវានេះ បានមកពីប្រទេសវៀតណាម ហើយនឹងបន្តដំណើរទេសចរណ៍អន្តរជាតិរបស់ខ្លួនទៅប្រទេសថៃ នៅល្ងាច ថ្ងៃ ខែ ឆ្នាំដដែល។ នៅលើនាវានេះ ភ្ញៀវទេសចរច្រើនជាងគេ គឺ ជនជាតិ អុីតាលី, អាលឺម៉ង់ និងបារាំង ក្នុងនោះ មានភ្ញៀវទេសចរ ចេញតាមខេត្តសៀមរាប ២នាក់។ នាវា មានលក្ខណៈបច្ចេកទេស បណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងប្រវែងជាង ៣០ម៉ែត្រ និងជំរៅទឹក ៨ម៉ែត្រ។ ការចូលសំចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទាំងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។

កម្ពុជាតវ៉ាជំទាស់នឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាត ដឹកនាំដោយប្រធានចារកម្មកងទ័ពថៃនៅក្នុងទឹកដីកម្ពុជា

2026/02/04 09:56:07 am        179
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើការតវ៉ាយ៉ាងខ្លាំងជាផ្លូវការប្រឆាំងនឹងទស្សនកិច្ចត្រួតពិនិត្យទីតាំងដោយគ្មានការអនុញ្ញាតរបស់អនុព័ន្ធយោធាបរទេសមួយក្រុម និងមន្ត្រីអនុវត្តច្បាប់ដែលដឹកនាំដោយប្រធានចារកម្មកងទ័ពថៃ នៅសណ្ឋាគារពីរកន្លែង ស្ថិតនៅក្នុងស្រុកអូរស្មាច់ ខេត្តឧត្តរមានជ័យ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦។ ក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាទស្សនកិច្ចពិនិត្យទីតាំងនេះត្រូវបានធ្វើឡើងដោយគ្មានការយល់ព្រមពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាការរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ក្រសួងបញ្ជាក់ថាសណ្ឋាគារ និងទីតាំង ដែលត្រូវបាន ធ្វើទស្សនកិច្ចត្រួតពិនិត្យនោះ ស្ថិតនៅចម្ងាយ៣៩៧ម៉ែត្រពីច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្បែរបង្គោលព្រំដែនលេខ១៥។តំបន់នេះត្រូវបានគ្រប់គ្រងដោយប្រើកម្លាំង និងកាន់កាប់ដោយកងកម្លាំង ប្រដាប់អាវុធថៃ ក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេមកលើកម្ពុជា ចន្លោះពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។«កម្ពុជាបដិសេធ និងជំទាស់យ៉ាងដាច់អហង្ការចំពោះប្រតិបត្តិការ ដែលធ្វើឡើងដោយកងកម្លាំង យោធាថៃ រួមទាំងការអនុវត្តអធិបតេយ្យរបស់ថៃដោយខុសច្បាប់ តាមរយៈការរៀបចំទស្សនកិច្ចដូចដែល បានរៀបរាប់ខាងលើ ដែលជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន និងជា ការប៉ុនប៉ងធ្វើឱ្យស្របច្បាប់នូវការកាន់កាប់របស់ខ្លួនលើទឹកដីអធិបតេយ្យរបស់កម្ពុជា»។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មាន។ ទន្ទឹមនឹងការបដិសេធយ៉ាងដាច់ខាតចំពោះសកម្មភាពរបស់ប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួន និងឥតងាករេរបស់ខ្លួន ក្នុងការស្វែងរកដំណោះស្រាយចំពោះ ជម្លោះព្រំដែនទាំងអស់ជាមួយប្រទេសថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់របស់ខ្លួន តាមរយៈ មធ្យោបាយសន្តិភាព ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការរក្សាជំហរជាគោល ការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវផ្លាស់ប្ដូរដោយកម្លាំងឡើយ៕

ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ចូលក្រាបបង្គំគាល់

2026/02/04 09:09:28 am        93
នៅ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាត ជូនឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ចូលក្រាបបង្គំគាល់ នៅព្រះបរមរាជវាំង ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២-៥ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយឯកឧត្តមប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន

2026/02/04 09:00:40 am        217
នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ នាព្រឹកថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសាអាហារពេលព្រឹក ជាមួយឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសឯកឧត្តម និងគណៈប្រតិភូអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបថា តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងការកសាងនិងរក្សាសន្តិភាព ជំរុញសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕ 

សប្ដាហ៍ក្រោយកម្ពុជានឹងរៀបចំពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែព្រះត្រៃបិដក

2026/02/03 06:54:52 pm        150
ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក។​ពិធីបុណ្យខួបលើកទី៥៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបីគឺ ទី១.អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រ ដែលរំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរ។ ២.រំលឹកគុណក្រុមជំនុំ ដែលជាការបង្ហាញនូវកតញ្ញូតាធម៌ចំពោះបុព្វបុរស និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំប្រឹងប្រែងចងក្រង និងថែរក្សាកេរមរតកធម៌សម្រាប់ពុទ្ធសាសនិកខ្មែរ។ ៣.ការសូធ្យព្រះត្រៃបិដក ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុសសាយ។គម្ពីរព្រះត្រៃបិដកខ្មែរ គឺជាឃ្លាំងចំណេះដឹងដ៏វិសេសវិសាលបំផុតសម្រាប់ប្រជាជនកម្ពុជា ដែលមិនត្រឹមតែបង្កប់នូវទស្សនវិជ្ជាជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះនៃអក្សរសាស្ត្រ និងវប្បធម៌ខ្មែរយ៉ាងរឹងមាំផងដែរ។ពិធីបុណ្យខួបលើកទី៥៦ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យគម្ពីរព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃគឺនៅថ្ងៃចន្ទ-អង្គារ ៧-៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៦ សប្ដាហ៍ក្រោយនេះ៕ដោយ៖ គង់ ឌិន

កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត

2026/02/03 06:40:30 pm        158
នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាហ្សា ជីឡានី (H.E. Syed Yousaf Raza Gilani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានព្រឹទ្ធសភា បានសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ភាគីកម្ពុជា។ ឯកឧត្តមបានរំលឹកថា ឆ្នាំនេះគឺជាខួបលើកទី៧៤ នៃទំនាក់ទំនងការទូតប៉ាគីស្ថាន-កម្ពុជា ដោយក្នុងនោះប៉ាគីស្ថាន គឺជាប្រទេសដំបូងមួយដែរ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់កម្ពុជា។ ឯកឧត្តមក៏បានលើកឡើងពីភាពស្រដៀងគ្នាដែលប្រទេសទាំងពីរមាន គឺសក្ដានុពលលើវិស័យកសិកម្ម និងកម្លាំងពលកម្មវ័យក្មេងដ៏សកម្ម។ ជាមួយគ្នានេះ, ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបង្ហាញនូវជំនឿជឿជាក់ថាដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ជាពិសេសទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានព្រឹទ្ធសភា នាពេលនេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងពីការរីកចម្រើននៃទំនាក់ទំនងរវាងព្រឹទ្ធសភានៃប្រទេសទាំងពីរ។ សម្ដេចធិបតីមានជំនឿយ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យថ្មីបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់ការគាំទ្រ និងបង្កើនសន្ទុះនៃទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត។ សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានពិភាក្សាលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពលជាច្រើន រួមមាន៖ វិស័យនយោបាយ និងការទូត, សន្តិសុខ និងការពារជាតិ, ពាណិជ្ជកម្ម និងការវិនិយោគ, កសិកម្ម, បច្ចេកវិទ្យា, ធនធានរ៉ែ, កម្មន្តសាល, អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វប្បធម៌, ទេសចរណ៍, សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ជាដើម។ សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន នៃប្រទេសទាំងពីរ បន្តផ្សារភ្ជាប់ទំនាក់ទំនងគ្នា សំដៅស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ក្នុងការជំរុញ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែរីកចម្រើន។ សម្តេចធិបតី និងឯកឧត្តមប្រធានព្រឹទ្ធសភាក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ៕

ថ្នាក់ដឹកនាំកម្ពុជា-ឥណ្ឌូនេស៊ី រំលេចនូវសមិទ្ធផលនៃការតភ្ជាប់ទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម

2026/02/03 05:15:58 pm        149
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី បានរំលេចនូវសមិទ្ធផលសំខាន់ៗ តាមរយៈការតភ្ជាប់ទំនាក់ទំនងធុរកិច្ច ការបង្កើនទំហំពាណិជ្ជកម្ម និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ីដែលកំពុងប្រតិបត្តិការ ដែលមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា។​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ បាន អនុញ្ញាតទទួលជួបសម្តែងការគួរសម និងជម្រាបលា របស់ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម របស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងអាណត្តិបេសកកម្មកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាព និងពង្រីក កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។  ជាការឆ្លើយតប, ឯកឧត្តមអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ធ្វើឱ្យបេសកកម្មការទូត របស់ឯកឧត្តម ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯកឧត្តមបានបញ្ជាក់ថា ទោះបីជាត្រូវបញ្ចប់អាណត្តិ ប៉ុន្តែឯកឧត្តមនឹងនៅ តែបន្តជាស្ពានចម្លងដ៏សំខាន់ ក្នុងការផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ច ឥណ្ឌូនេស៊ីជាបន្តទៀត។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានរំលេចនូវសមិទ្ធផលសំខាន់ៗមួយចំនួនរួមមាន ការតភ្ជាប់ទំនាក់ទំនងធុរកិច្ច បង្កើនទំហំពាណិជ្ជកម្ម តាមរយៈការជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងអ្នកវិនិយោគឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្កលក្ខណៈងាយស្រួលដល់ការស្វែង យល់ពីសក្តានុពលវិនិយោគ និងការគាំទ្រដល់ក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលកំពុងប្រតិបត្តិការ និងមានបំណងពង្រីកអាជីវកម្មនៅកម្ពុជា ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

សម្តេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានព្រឹទ្ធសភា ឥស្លាមប៉ាគីស្ថាន

2026/02/03 05:11:43 pm        161
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃនៅកម្ពុជា។​សូមជម្រាបថា ក្នុងឱកាសបំពេញដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលបួនថ្ងៃនេះ កាលពីម្សិលមិញ ឯកឧត្តម ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បាន ទទួលបដិសណ្ឋារកិច្ចផ្លូវការ និងពិភាក្សាការងារទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លើការពង្រឹងកិច្ចសហប្រតិបត្តិការការទូតសភា និងមិត្តភាពនៃប្រទេសទាំងពីរផងដែរ។ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនេះ ឯកឧត្តម ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងគណៈប្រតិភូនឹងបន្តចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ប្រធានព្រឹទ្ធសភា ក៏នឹងជួបសម្តែងការគួរសមចំពោះសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ទស្សនកិច្ចផ្លូវការរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាននៅកម្ពុជា ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពរបស់ប្រទេសឆាដ និយាយថាកងកម្លាំងរបស់ខ្លួន២៣នាក់ស្លាប់ក្នុងការវាយប្រហារពីក្រុមបូកូ ហារ៉ាម
05/06/2026 12:05 PM
ការស្ទង់មតិបង្ហាញថា ប្រជាជនអ៊ីស្រាអែលភាគច្រើនប្រឆាំងការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់
05/06/2026 12:05 PM
អាមេរិក៖ កិច្ចព្រមព្រៀងសន្តិភាពអ៊ីស្រាអែល-លីបង់ អាចឈានដល់បាន ប៉ុន្តែក្រុមហេសបូឡាគឺជាបញ្ហា
05/06/2026 12:05 PM
អគ្គិភ័យដ៏ធំមួយនៅផ្សារទំនើបប្រទេសអ៊ីរ៉ង់ បានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស
05/06/2026 12:05 PM
ចិនទទួលស្វាគមន៍រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក Trump
05/06/2026 12:05 PM
ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់
05/06/2026 12:05 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការបន្តបរិច្ចាគដល់កាកបាទក្រហមកម្ពុជា បង្ហាញ​ពី​ការ​មិន​បោះ​បង់​ជន​រងគ្រោះ
05/06/2026 12:05 PM
សម្តេចតេជោ ផ្តាំទៅភាគីថៃថា កុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មីជំនួសយន្តការទ្វេភាគីចាស់ ដែលថៃលុបចោលជាឯកតោភាគីទៀតឱ្យសោះ
05/06/2026 11:05 AM
ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា
05/06/2026 11:05 AM
TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM