UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍៖ រាជរដ្ឋាភិបាលតែងផ្តោតការ​យកចិត្ត​ទុក​ដាក់​លើកា​រ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ជំនាញប​ច្ចេកវិ​ទ្យា​ឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល

2026/02/02 09:33:45 am        164
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានថ្លែង​ថា​ រាជ​រដ្ឋាភិបាល​ដែល​មាន ក.ប.ទ. ជាសេនាធិការ តែងតែផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញបច្ចេកវិទ្យាឌីជីថល និងការកសាងលិខិត​បទ​ដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការ​វិវត្តន៍ នៃបច្ចេកវិទ្យាឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះក្នុងឲ្យកាស​អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុង “ពិធី​អប​អរ​សាទរ​ខួប ២៥ឆ្នាំ នៃការបង្កើតអង្គការប្រព័ន្ធទិន្នន័យកម្ពុជា (Digital Divide Data-DDD) កាលពី​​រសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដោយកម្មវិធីនេះ​ក៏មាន​​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក Jeremy Hockenstein ប្រធានក្រុមប្រឹក្សាភិបាល លោក Sameer Raina នាយក​ប្រតិបត្តិ នៃអង្គការ DDD ថ្នាក់ដឹកនាំ ក.ប.ទ. ភ្ញៀវជាតិ អន្តរជាតិ បុគ្គលិក និង​អតីត​បុគ្គលិក នៃអង្គការ DDD សរុបប្រមាណ ១២០០នាក់ នៅអគារសាលកោះពេជ្រ។ក្នុងឱកាសនោះ​ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អង្គការ DDD ក្នុងបណ្តុះបណ្តាលធនធានមនុស្សជំនាញឌីជីថល ជា​ពិសេស​ផ្នែក​ទិន្នន័យ​ដែល​គិត​មក​ដល់​ពេល​នេះ បុ​គ្គលិក និងអតីតបុគ្គលិករបស់អង្គការ DDD ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ការងារ​លើ​ជំនាញ​នេះ ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមរដ្ឋមន្រ្តី បន្តថារាជរដ្ឋាភិបាលដែលមាន ក.ប.ទ.​ ជាសេនាធិការ តែងតែផ្តោ​ត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជំនាញ​បច្ចេក​វិទ្យាឌីជីថល និង​ការកសាងលិខិតបទដ្ឋានពាក់ព័ន្ធ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ការវិ​វត្តន៍​នៃ​បច្ចេក​វិទ្យា​ឌីជីថល ដែល​គឺជាឃ្នាស់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។បន្ថែមលើនេះ ឯកឧត្តម​រដ្ឋ​មន្រ្តី​បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើជា​គំរូ​ក្នុង​ការ​ប្រើប្រា​ស់​បច្ចេក​វិទ្យា​ឌីជីថល​នៅ​ក្នុង​ប្រតិបត្តិការផ្ទៃក្នុង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងការផ្តល់​​សេវា​សាធារណៈ​ឱ្យ​បាន​កាន់​តែ​ល្អប្រ​សើរ​ជូនប្រជាពលរដ្ឋនិងវិស័យឯកជន។ លើសពីនេះ រាជ​រដ្ឋាភិបាល​ បានផ្តោតលើអាទិភាព​ចម្បងចំនួន ៣ រួមមាន (១) ការអភិវឌ្ឍ​ និង​ការ​ប្រើ​ប្រាស់​ថ្នាល​រដ្ឋាភិបាលឌីជីថល (២) ការរៀបចំច្បាប់និងគោលនយោបាយ និង (៣) ការអភិវឌ្ឍ​មូលធ​ន​មនុស្ស​ឌីជីថល និ​ងការលើកស្ទួយអក្ខរកម្មឌីជីថល។មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់ អង្គការ DDD បន្តបេសកកម្ម​រប​ស់​ខ្លួន​ក្នុង​ការ​បណ្តុះ​បណ្តាល​ធានធានមនុស្សលើផ្នែកបច្ចេកវិទ្យាឌីជីថល សំដៅរួមចំណែកដល់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និងសង្គមឌីជីថលកម្ពុជាប្រកបដោយភាពរស់រវើក៕

អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ប្រធានព្រឹទ្ធសភាអ៊ីស្លាមប៉ាគីស្ថាន និងលោកជំទាវ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន

2026/02/02 09:20:22 am        176
នាព្រឹកថ្ងៃថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិក នៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តមប្រធានព្រឹទ្ធសភា និងគណៈប្រតិភូ នឹងអញ្ជើញចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញជួបទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជួបសម្ដែងការគួរសមចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមប្រធានព្រឹទ្ធសភាប៉ាគីស្ថាន នៅកម្ពុជា នឹងជំរុញការរឹតចំណងមិត្តភាព ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសភាកម្ពុជា-ប៉ាគីស្ថានឱ្យកាន់តែជិតស្និទ្ធ និងជាពិសេស រួមចំណែកដល់ការលើកកម្ពស់របៀបវារៈការទូតសភារបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាការកសាងនិងរក្សាសន្តិភាព ព្រមទាំងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

វិចារណកថាក្រសួងបរិស្ថាន៖ ការដុតសំរាមប្លាស្ទិកកំពុងស.ម្លា.ប់មនុស្ស តាមរយៈការបំពុល PM2.5

2026/02/02 08:59:45 am        182
ការដុតសំរាមប្លាស្ទិក គឺជាអំពើដែលកើតមានជាញឹកញាប់នៅតំបន់ជាច្រើនទូទាំងពិភពលោក ហើយវាជាភាពគ្រោះថ្នាក់ស្ងៀមស្ងាត់ចំពោះសុខភាពសាធារណៈ។ នៅពេលប្លាស្ទិកត្រូវបានដុត មិនថានៅកន្លែងចោលសំរាម បរិវេណផ្ទះ ឬក្នុងឡដុតដែលគ្មានការគ្រប់គ្រងត្រឹមត្រូវទេ វានឹងបញ្ចេញភាគល្អិតតូចៗដែលគេហៅថា PM2.5 រួមជាមួយសារធាតុពុលជាច្រើនប្រភេទ។ ភស្តុតាងវិទ្យាសាស្ត្រកាន់តែច្រើនបង្ហាញថា ការប៉ះពាល់នឹង PM2.5 ពីការដុតប្លាស្ទិក មានទំនាក់ទំនងផ្ទាល់ជាមួយជំងឺ និងការស្លា.ប់មុនអាយុ។១.PM2.5 គឺជាអ្វី និងហេតុអ្វីវាគ្រោះថ្នាក់?PM2.5 គឺជាភាគល្អិតនៅក្នុងខ្យល់ដែលមានអង្កត់ផ្ចិតតូចជាង 2.5 មីក្រូម៉ែត្រ ប្រហែលតូចជាងសក់មនុស្ស 30 ដង។ ដោយសារតែវាតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលទៅជ្រៅក្នុងសួត ហើយចូលទៅក្នុងឈាមបាន។ មិនដូចភាគល្អិតធំៗដែលរាងកាយអាចទប់ស្កាត់បានទេ PM2.5 អាចឆ្លងកាត់ប្រព័ន្ធការពារធម្មជាតិ បង្កការរលាក និងបំផ្លាញអង្គងារសំខាន់ៗ។ ការប៉ះពាល់រយៈពេលវែងត្រូវបានភ្ជាប់ទៅនឹងជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល មហារីកសួត ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងការកាត់បន្ថយអាយុកាលរស់នៅ។២.ហេតុអ្វីការដុតប្លាស្ទិកបង្កការបំពុលគ្រោះថ្នាក់?ប្លាស្ទិកគឺជាសមាសធាតុផ្សំឡើងពី អ៊ីដ្រូកាបូន (Hydrocarbons) ដែលចម្រាញ់ចេញពីប្រេងកាត រួមជាមួយសារធាតុបន្ថែមដើម្បីពង្រឹងគុណភាពដូចជា៖ ក្លរីន (Chlorine), លោហៈធ្ងន់ (Heavy Metals) និងសារធាតុបង្ការការឆេះ (Flame Retardants)។ នៅពេលកាកសំណល់ទាំងនេះត្រូវបានដុតក្នុង សីតុណ្ហភាពទាប (ដែលជាលក្ខណៈទូទៅនៃការដុតចំហតាមផ្ទះ ឬទីលានសំរាម) វានឹងបង្កឱ្យមាន "ចំហេះមិនសព្វ"។ ដំណើរការនេះបានបំប្លែងប្លាស្ទិកទៅជាភ្នាក់ងារចម្លងរោគដ៏គ្រោះថ្នាក់បំផុត រួមមាន៖• ភាគល្អិត PM2.5៖ បញ្ចេញក្នុងបរិមាណដ៏ច្រើនលើសលប់ ដែលមានសមត្ថភាពជ្រាបចូលទៅក្នុងប្រព័ន្ធឈាម និងសរីរាង្គខាងក្នុង• ឌីអុកស៊ីន និងហ្វូរ៉ង់ (Dioxins & Furans): ត្រូវបានចាត់ថ្នាក់ជា "សារធាតុពុលបំផុត" ក្នុងវិទ្យាសាស្ត្របរិស្ថាន ដែលអាចបង្កមហារីក និងរំខានដល់ប្រព័ន្ធអ័រម៉ូន• សារធាតុ PAHs និង VOCs: សមាសធាតុគីមីហើរដែលបង្កការរលាកផ្លូវដង្ហើម និងប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ• វិសាលភាពនៃផលប៉ះពាល់៖ សារធាតុបំពុលទាំងនេះមិនរលាយបាត់ទៅតាមផ្សែងដែលភ្នែកមើលឃើញនោះទេ។ វាមានលទ្ធភាព អណ្តែតក្នុងបរិយាកាសបានរាប់ថ្ងៃ និងអាចបក់នាំទៅតាមខ្យល់ក្នុងចម្ងាយឆ្ងាយ។ ហេតុនេះ ហានិភ័យសុខភាពមិនត្រឹមតែកើតមានចំពោះអ្នកដែលនៅក្បែរកន្លែងដុតប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា "ការបំពុលជាប្រព័ន្ធ" ដែលប៉ះពាល់ដល់សុខុមាលភាពរបស់សហគមន៍ទាំងមូល។៣. អ្នកណាខ្លះដែលរងគ្រោះខ្លាំងជាងគេ?អ្នកស្រាវជ្រាវផ្នែកសុខភាពបានភ្ជាប់ការប៉ះពាល់ PM2.5 ទៅនឹងការស្លា.ប់មុនអាយុរាប់លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ នៅសហគមន៍ដែលមានការដុតសំរាមប្លាស្ទិកជាប្រចាំ អត្រាជំងឺហឺត ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ការគាំងបេះដូង និងការដាច់សរសៃឈាមខួរក្បាល មានកម្រិតខ្ពស់ជាងធម្មតា។ កុមារ មនុស្សចាស់ និងស្ត្រីមានផ្ទៃពោះ គឺជាក្រុមងាយរងគ្រោះជាងគេ។ មនុស្សចាស់ ប្រឈមខ្ពស់នឹងការគាំងបេះដូងភ្លាមៗ។ ការប៉ះពាល់ក្នុងអំឡុងពេលមានផ្ទៃពោះត្រូវបានភ្ជាប់ទៅនឹងទារកទម្ងន់ទាប ការអភិវឌ្ឍសួតមិនល្អ និងការស្លាប់ទារកកើនឡើង។ ចំពោះកុមារ ការប៉ះពាល់ជាបន្តបន្ទាប់អាចបំផ្លាញសួត និងខួរក្បាលដែលកំពុងអភិវឌ្ឍជាអចិន្ត្រៃយ៍។៤.មេឃា.ត.កមើលមិនឃើញនៅចំពោះមុខអ្វីដែលគ្រោះថ្នាក់បំផុតនៃ PM2.5 គឺវាមើលមិនឃើញ។ ផ្សែងអាចរលាយបាត់ទៅ ប៉ុន្តែភាគល្អិតតូចៗនៅតែស្ថិតក្នុងខ្យល់ ហើយចូលទៅក្នុងផ្ទះ សាលារៀន និងកន្លែងធ្វើការ។ មនុស្សជាច្រើនដកដង្ហើមស្រូបយកការបំពុលដ៏គ្រោះថ្នាក់ ដោយមិនដឹងខ្លួន។ នៅតំបន់ ដែលសេវាប្រមូលសំរាមមានកម្រិត ការដុតចំហត្រូវបានមើលថាជាជម្រើសតែមួយ។ ជាលទ្ធផល សហគមន៍នោះត្រូវទទួលរងផលប៉ះពាល់សុខភាពធ្ងន់ធ្ងរជាងគេ។៥.អ្វីដែលអាចធ្វើបានអ្នកជំនាញសុខភាពសាធារណៈបញ្ជាក់ថា ការស្លា.ប់ដោយសារការបំពុល PM2.5 ពីការដុតប្លាស្ទិក គឺអាចទប់ស្កាត់បាន។ វិធានការសំខាន់ៗរួមមាន៖ • ហាមឃាត់ការដុតសំរាមចំហ និងអនុវត្តច្បាប់ឱ្យបានតឹងរឹង • ពង្រីកប្រព័ន្ធប្រមូលសំរាម ការកែច្នៃឡើងវិញ និងការបោះចោលដោយសុវត្ថិភាព • កាត់បន្ថយការផលិត និងការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកប្រើតែម្តង • អប់រំសហគមន៍អំពីហានិភ័យសុខភាពពីការដុតប្លាស្ទិក។៦.សេចក្ដីសន្និដ្ឋានការដុតសំរាមប្លាស្ទិក មិនមែនជាបញ្ហាបរិស្ថានតែប៉ុណ្ណោះទេ ប៉ុន្តែជាវិបត្តិសុខភាពសាធារណៈ។ អគ្គិភ័យមួយៗបញ្ចេញការបំពុលដែលអាចកាត់បន្ថយអាយុជីវិត បង្កើនបន្ទុកលើប្រព័ន្ធសុខាភិបាល និងបំផ្លាញអនាគតជំនាន់ក្រោយ។ ការបញ្ឈប់ការដុតសំរាមប្លាស្ទិក គឺជាវិធានការលឿន និងមានប្រសិទ្ធភាពបំផុតមួយ ដើម្បីកាត់បន្ថយ PM2.5 និងសង្គ្រោះជីវិតមនុស្ស៕

កម្ពុជារកឃើញវត្តមានសត្វខ្លាត្រីជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី នៅបឹងទន្លេសាបភូមិសាស្ត្រខេត្តពោធិ៍សាត់

2026/02/02 08:55:05 am        220
ខេត្តពោធិ៍សាត់ បឹងទន្លេសាប ប្រទេសកម្ពុជា (ទិវាដីសើមពិភពលោក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦)៖ សត្វខ្លាត្រី មួយ ក្បាល (Prionailurus viverrinus) ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបភាពចំនួន ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។ នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផល វិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញ បច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន ដោយលោកស្រីសង្កត់ធ្ងន់ដែរថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់វត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ហើយវាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្តារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ។”សត្វខ្លាត្រី (Prionailurus viverrinus) មានដើមកំណើតនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ហើយត្រូវបានចុះ ក្នុងបញ្ជីក្រហមរបស់អង្គការIUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ វាមានមានធំជាឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។ សត្វខ្លាត្រី ប្រមាញ់ និងរកចំណី ដោយប្រើក្រញាំមុខដ៏រឹងមាំរបស់វា។ សត្វនេះអាច ហែលទឹកបានយ៉ាងជំនាញ ហើយមុជទឹកចាប់ត្រីយ៉ាងរហ័ស។ ចំណីចម្បងរបស់វាមានដូចជាសត្វត្រី សត្វកកេរ សត្វ ស្លាប និងសត្វលូនជាដើម។ នៅប្រទេសកម្ពុជា កំណត់ត្រាដែលបានបញ្ជាក់អំពីខ្លាត្រី ពុំសូវមានច្រើននោះទេ ដោយគេ ឃើញមានកំណត់ត្រាវត្តមាននៃសត្វនេះនៅតំបន់មួយចំនួនដូចជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព តំបន់ព្រៃកោង កាង ឧទ្យានជាតិរាម និងតំបន់រ៉ាមសារបឹងទន្លេឆ្មារ (គំហើញទី១កាលពីឆ្នាំ២០២២)។ ការបញ្ជាក់ពីវត្តមានសត្វនេះជា រឿយៗប្រឈមនឹងបញ្ហាកំណត់អត្តសញ្ញាណដោយរូបរាងវាងាយច្រលំនឹងឆ្មារដាវ (Prionailurus bengalensis)។លោក អ៊ុ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំគាល់ថា៖ «ការត្រឡប់មកវិញរបស់ ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្ដារតំបន់ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺ ការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។ តាមរយៈការស្តារសុខភាពអេកូឡូ ស៊ីឡើងវិញ យើងកំពុងរក្សាបាននូវជម្រកដែលមានតម្លៃឥតគណនាសម្រាប់មនុស្ស និងជីវចម្រុះ ទន្ទឹមនឹងការជម្រុញ ភាពធន់នឹងអាកាសធាតុ និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ក្នុងតំបន់នោះផងដែរ។»ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា៖ «វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។ ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្តារនិងការពារជម្រក ព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ។»ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ទាក់ទងនឹងការប្រទះឃើញខ្លាត្រីមួយ ប្រភេទឡើងវិញនៅតំបន់ទន្លេសាប ក្នុងខេត្តពោធិ៍សាត់ថា៖ «របកគំហើញនេះគឺភស្តុតាងបង្ហាញពីការរីកចម្រើននៃ ប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយ របស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើ ការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព ជា ពិសេស ការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។ វាក៏បានបានឆ្លុះបញ្ចាំងទាំងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌជីវៈចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់អ្នកជំនាន់ ក្រោយ។»គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង ១ ០០០ហិកតា នៅជុំវិញបឹង ទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើក ទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់ នៅរបស់សហគមន៍ក្នុងតំបន់ជាដើម៕

ក្រសួងឱ្យពលរដ្ឋកំពុងរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ក្នុងសង្កាត់ផ្សារថ្មីទី៣ស្វែងរកទីកន្លែងស្នាក់នៅថ្មីបន្ទាន់ ខណៈគុណភាពសំណង់អគារធ្លាក់ចុះខ្លាំងប្រឈមគ្រោះថ្នាក់ភ្លាមៗ

2026/02/02 08:11:33 am        305
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានចូលដំណឹងពលរដ្ឋកំពុងរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ សូមទៅស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ ខណៈគុណភាពសំណង់អគារធ្លាក់ចុះខ្លាំងប្រឈមគ្រោះថ្នាក់ភ្លាមៗ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) បានជូនដំណឹងដល់ពលរដ្ឋ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលកំពុងរស់នៅប្រើប្រាស់ អាស្រ័យផលក្នុងអគារ និងដីកម្មសិទ្ធិរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ និងសាធារណជន ឱ្យបានជ្រាបថា យោងតាមលទ្ធផលរបស់ក្រុមការងារជំនាញនៃអគ្គនាយកដ្ឋានសំណង់ និង មន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួង ដ.ន.ស. បានធ្វើការវិភាគគ្រឿងផ្គុំសំណង់អគារខាងលើឡើងវិញ ជាលទ្ធផល ពិនិត្យឃើញថា គុណភាពសំណង់អគារនេះមានការធ្លាក់ចុះខ្សោយយ៉ាងខ្លាំង ក្នុងនោះស្រទាប់បេតុង និងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងមានស្នាមចេះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាព និងលទ្ធភាពទ្រទ្រង់អគារទាំងមូល ប្រឈមនឹងហានិភ័យបាក់រលំដែលអាចកើត មានឡើងជាយថាហេតុ និងបានចាត់ថ្នាក់អគារនេះថា ជា «សំណង់ដែលមានសភាពគ្រោះថ្នាក់ដែលអាចកើតមានឡើងភ្លាមៗ»។ក្រសួងបញ្ជាក់ថា ក្នុងន័យនេះ ដើម្បីបង្ការ និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតរាងកាយរបស់ប្រជាពលរដ្ឋកំពុងរស់នៅប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ សំណង់ជិតខាង អ្នកជិតខាង និងសាធារណជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអំពាវនាវឱ្យប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ ដើម្បីក្រុមការងារ ចាប់ផ្តើមអនុវត្តការងារតម្លើង «ផ្ទាំងសេចក្តីប្រកាសព័ត៌មាន ស្តីពីការចាត់វិធានការបញ្ចៀសគ្រោះថ្នាក់ចំពោះ អគារអតីតសាលាបឋមសិក្សាបដិវត្តន៍» នៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។ក្រសួងបញ្ជាក់ទៀតថា ក្នុងរយៈពេលយ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដូចខាងក្រោម៖ ១. មិនអនុញ្ញាតឱ្យមានការបន្តស្នាក់នៅឬប្រើប្រាស់អគារនេះទៀតឡើយ ២. ធ្វើការហ៊ុព័ទ្ធ និងហាមចូលសំណង់អគារនេះ៕

អនុប្រធានទី១ព្រឹទ្ធសភា បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់ថៃឈ្លានពានកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេហ្គ្រោ

2026/02/02 07:55:52 am        622
ភ្នំពេញ៖ អនុប្រធានទី១ ព្រឹទ្ធសភា បាន លាតត្រដាងការពិត បង្ហាញអំពីទង្វើបំពានច្បាប់អន្តរជាតិរបស់រដ្ឋាភិបាលក្រុងបាំងកក ជាពិសេសយោធាថៃ ដែលបានឈ្លានពានកម្ពុជាយ៉ាងគឃ្លើន មិនគោរពច្បាប់អន្តរជាតិ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង APF នៅប្រទេសម៉ុងតេណេហ្គ្រោ។ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភាប្រើភាសាបារាំង (APF) និងជាអនុប្រធានសភាប្រើភាសាបារាំង គូសបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភាប្រទេសម៉ុងតេណេហ្គ្រោ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ីឡារីយ៉ុង អេតុង (Hilarion ETONG) ប្រធានសភាប្រើភាសាបារាំង។ នៅក្នុងបទអន្តរាគមន៍របស់ឯកឧត្តម នៅចំពោះមុខអង្គប្រជុំ ក្នុងរបៀបវារៈស្តីពី «ការពិនិត្យពិច័យលើស្ថានភាពនយោបាយដ៏ស្មុគស្មាញក្នុងតំបន់ប្រើប្រាស់ភាសាបារាំង» ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ពីសភាពការណ៍វិវឌ្ឍនៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានខ្លឹមសារសង្ខេបសំខាន់ៗដូចតទៅនេះ៖• ស្ថានការណ៍នៅតាមបណ្តោយព្រំដែន រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវឌ្ឍនេះកាន់តែគួរឱ្យព្រួយបារម្ភ ដោយសារតែគោលការណ៍ និងលិខិតុបករណ៍អន្តរជាតិដែលមានស្រាប់បង្កើតឡើងក្នុងគោលបំណងបង្ការការរីករាលដាលនៃជម្លោះមិនត្រូវបានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះទេ។• ក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាន និងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធភ្ជាប់ជាមួយឯកសារអស់ទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិដែលមានអានុភាពខាងច្បាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបានទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ ហើយដែលបានកំណត់យ៉ាងច្បាស់លាស់អំពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។ • លើសពីនេះ យន្តការរួមត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងភាពតានតឹងនៅលើទីតាំងផ្ទាល់រួមមាន៖ គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលផ្តោតលើការសម្របសម្រួល និងបង្ការឧប្បត្តិហេតុនានា  និងគណៈកម្មការចម្រុះព្រំដែន (JBC) ទទួលបន្ទុកទិដ្ឋភាពបច្ចេកទេសនៃការបោះបង្គោលព្រំដែន។ ជាមួយគ្នានេះ ក៏មានអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ដោយមានបញ្ជាក់ពីនីតិវិធីនៃកិច្ចសហប្រតិបត្តិការ ការពិគ្រោះយោបល់ និងការគ្រប់គ្រងស្ថានភាពរសើបនៅក្នុងតំបន់ព្រំដែន។• ទោះបីជាមានយន្តការទាំងនេះក៏ដោយ ក៏ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះនៅតែមានកម្រិតខ្ពស់។ មូលហេតុគឺដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិដែលបានរៀបរាប់ខាងលើ ព្រមទាំងការព្យាយាមជាឯកតោភាគីក្នុងការផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីដែលរៀបចំឡើងជាឯកតោភាគីដោយភាគីថៃ ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិនោះឡើយ។ ការងាកចេញពីក្របខណ្ឌនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ក្នុងកំឡុងពេលនៃប្រតិបត្តិការយោធា ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃបទឈប់បាញ់ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។• ដោយមិនគោរពតាមកិច្ចព្រមព្រៀងនេះ កងទ័ពថៃបានបន្តលុកលុយចូលក្នុងទឹកដីកម្ពុជារហូតដល់សាងសង់ឧបសគ្គផ្សេងៗ រួមមាន ខ្សែលួសបន្លា និងទូរកុងតឺន័រ រារាំងការចូលទៅកាន់លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល និងធ្វើឱ្យការជម្លៀសប្រជាជនជាច្រើននៅតែបន្តអូសបន្លាយ។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺអំពើអស់ទាំងនេះបានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រងត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួនដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលនេះបង្កើតឱ្យមានជាការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។ឯកឧត្តមបានបន្ថែមថា៖ លើសពីសោកនាដកម្មមនុស្សជាតិ ព្រលឹងវប្បធម៌កម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។ ប្រទេសជាតិយើងខ្ញុំមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញដល់ទីតាំង និងរូបសំណាកបេតិកភណ្ឌនានា។ រូបសំណាកព្រះវិស្ណុ និងទីតាំងបុរាណជាច្រើន រួមទាំងប្រាសាទព្រះវិហារ ដែលជានិមិត្តរូបសកលនៃសន្តិភាព និងទេពកោសល្យរបស់មនុស្សជាតិដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ត្រូវបានរងការប៉ះពាល់។ ការខូចខាតទាំងនេះមិនត្រឹមតែជាការបាត់បង់ក្នុងកម្រិតជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ករបួសស្នាមដល់កេរដំណែលរួមរបស់មនុស្សជាតិផងដែរ។ ការវាយប្រហារលើបេតិកភណ្ឌវប្បធម៌ គឺជាការធ្វើឱ្យរង្គោះរង្គើដល់ការចងចាំជាច្រើនសតវត្ស អត្តសញ្ញាណនៃប្រជាជាតិមួយ និងជាទ្រព្យសម្បត្តិដែលយើងមានកាតព្វកិច្ចរួមគ្នាក្នុងការផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយ។ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង បានសង្កត់ធ្ងន់ថា៖សកម្មភាពបែបនេះ គឺជាទង្វើផ្ទុយនឹងគោលការណ៍មូលដ្ឋាន ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍សមភាពអធិបតេយ្យរបស់រដ្ឋទាំងអស់ ការគោរពបូរណភាពទឹកដី និងការមិនប្រើប្រាស់ ឬគំរាមកំហែងដោយកម្លាំង។ ហេតុដូច្នេះ សំណួរដ៏សំខាន់មួយត្រូវបានចោទសួរឡើងថា៖ តើយើងកំពុងមើលឃើញនូវការកើតមានឡើងនូវអ្វីដែលហៅថា «សណ្តាប់ធ្នាប់ថ្មី» ដែលច្បាប់កំណត់ដោយអ្នកខ្លាំង ឬការកើតឡើងវិញនៃនយោបាយបង្ខំឱ្យទទួលយកស្ថានភាពដែលបានបង្កើតរួច ដែលជាសំណល់ដ៏សោកសៅនៃបទបញ្ជាផ្អែកលើ «ការបង្ខិតបង្ខំ ជាជាងផ្អែកលើច្បាប់»?ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវចំពោះសភាប្រើភាសាបារាំង តាមរយៈការទូតសភា ចូលរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានអះអាងថា ព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់សារជាថ្មី នៅចំពោះមុខសភាប្រើភាសាបារាំងនូវគោលការណ៍គ្រឹះ មិនប្រើប្រាស់កម្លាំងទ័ព ការគោរពអធិបតេយ្យ និងបូរណភាពទឹកដីនៃរដ្ឋនានា ជម្រុញឱ្យមានការគោរពបទឈប់បាញ់ ក៏ដូចជាការលើកកម្ពស់ការប្រើប្រាស់យន្តការដែលមានស្រាប់ ប្រកបដោយសន្តិវិធី និងការសន្ទនានៅក្នុងស្មារតីទទួលខុសត្រូវ ភាពអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ។ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញនូវសាមគ្គីភាពចំពោះបទអន្តរាគមន៍របស់ ឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា និងបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីអរិយភាពរវាងកម្ពុជា និងថៃ នៅក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារំាង (APF) ដែលត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័ររបស់ APF ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕

ACU កំពុងតាមចាប់មេក្លោង និងអ្នកស៊ីឈ្នួល ប្រឡងជំនួសចូលសាលាពេទ្យ ខណៈមេក្លោងទទួលប្រាក់៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារក្នុងមួយនាក់

2026/02/01 04:30:44 pm        520
ការប្រឡងចូលសាលាពេទ្យក្នុងដំណើរការ២ថ្ងៃនេះ (ថ្ងៃសៅរ៍ ទី៣១ ខែមករា និងថ្ងៃអាទិត្យទី០១ ខែកុម្ភៈ ឆ្នាំ ២០២៦) រៀបចំដោយគណកម្មការប្រឡងថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដើម្បីជ្រើសរើសនិស្សិតចូលរៀនរៀនថ្នាក់ ឆ្នាំទី១ កំរិតបរិញ្ញាបត្ររង ចំនួន ៧ ១១០នាក់ (សម្រាប់ចូលរៀនមហាវិទ្យាល័យសុខាភិបាលចំនួន ៣០០នាក់, វិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាលយោធាចំនួន ៣០០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចំនួន ១៦០នាក់, សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគកំពង់ចាមចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខា ភិបាលកំពតចំនួន ២៥០នាក់, សាលាមធ្យមសិក្សាសុខាភិបាលស្ទឹងត្រែងចំនួន ២៥០នាក់, សាកលវិទ្យាល័យ អន្តរជាតិ(ភ្នំពេញ) ចំនួន ២៥០នាក់, សាកលវិទ្យាល័យពុទ្ធិសាស្ត្រចំនួន ២០០នាក់, សាកលវិទ្យាល័យន័រតុន ចំនួន ១០០នាក់, សាកលវិទ្យាល័យចេនឡាភ្នំពេញចំនួន ២៥០នាក់, សាកលវិទ្យាល័យឡាយហ្វចំនួន ១០០នាក់, សាកលវិទ្យាល័យកំពង់ចាមចំនួន ១៥០នាក់, សាកលវិទ្យាល័យបូលីណូកំពង់ឆ្នាំងចំនួន ១៥០នាក់, វិទ្យាស្ថានវិទ្យា សាស្ត្រអាស៊ីចំនួន ២៥០នាក់, សាកលវិទ្យាល័យអង្គរចំនួន ២៥០នាក់, វិទ្យាស្ថានវិទ្យាសាស្រ្តថែទាំបាត់ដំបង ចំនួន ១០០នាក់, និងសាកលវិទ្យាល័យអន្តរជាតិសានាបាត់ដំបងចំនួន ១០០នាក់)។ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ឱ្យដឹងថាការប្រឡង០២ថ្ងៃនេះ អ.ប.ព. ចាត់បញ្ជូនមន្ត្រី របស់ខ្លួនចំនួន ២៦២ នាក់ ជាកម្លាំងចំហរ សម្រាប់ការសង្កេតកាណ៍ដំណើរការប្រឡង ដឹកនាំដោយ ឧបការី កែវ ធីវុធ។ អ.ប.ព.បានរៀបចំកម្លាំងសំងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី ងាត់មួយចំនួនទៀតដឹកនាំដោយ ឧបការី យ៉ុងទៀង ពុទ្ធិក ពុទ្ធិរ៉ា ដោយមាន ឯកឧត្តម ហ៊ូ ស្ថាបនា អគ្គនាយកប្រតិបត្តិការ អ.ប.ព. និងនាយកដ្ឋានចំនួន០៣ ទៀត (នាយកដ្ឋានគតិយុត្ត, នាយកដ្ឋានចារកម្ម, នាយក ដ្ឋានសន្តិសុខ) ហើយរកឃើញនៅថ្ងៃប្រឡងទី១ នូវមេក្លោង២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួស ២នាក់ យកមក អ.ប.ព.។ លោក អ៊ុ សំរាំង ប្រធាននាយកដ្ឋានចារកម្ម ឱ្យដឹងថាមេក្លោងទទួលប្រាក់ ៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន២ទៅ៣ពាន់ដុល្លារក្នុងបេក្ខជនម្នាក់ ដែលខ្លួនបន្លំខ្លួនចូលប្រឡងជំនួស។

វត្តប្រាសាទគោកចក ក្រុងសៀមរាប ប្រមូលផលបន្លែផ្ដល់ជូនពលរដ្ឋភៀសសឹក

2026/02/01 04:26:04 pm        228
ដោយអនុវត្តតាមការផ្ដួចផ្ដើមបំផុសចលនាដាំដុះនៅតាមវត្ត តាមផ្ទះ តាមសាលារៀន និងតាមសហគមន៍ ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត វត្តប្រាសាទ គោកចក ស្ថិតនៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើការដាំបន្លែសុវត្ថិភាព បន្លែសរីរាង្គ ដែលមកដល់ពេលនេះ បានទទួលបានផលជាបន្តបន្ទាប់ និងចែកជូនប្រជាពលរដ្ឋភៀសសឹកប្រមាណ៦៥គ្រួសារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ។ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក បានមានថេរដីកាថា នៅក្នុងពុទ្ធសាសនាគោលការណ៍គ្រឹះគឺ "មេត្តា" (ការប្រាថ្នាឱ្យអ្នកដទៃមានសេចក្តីសុខ) និង"ករុណា" (ការជួយសង្គ្រោះអ្នកដទៃឱ្យរួចផុតពីទុក្ខ) នេះគឺជាការផ្សារភ្ជាប់ធម៌វិន័យទៅនឹងការដោះស្រាយបញ្ហាសង្គម ហើយព្រះសង្ឃដើរតួជាអ្នកដឹកនាំស្មារតីផង និងជាអ្នកសម្របសម្រួលជីវភាពផងដើម្បីបង្ហាញពីភាពម្ចាស់ការលើការផ្គត់ផ្គង់ស្បៀងដោយធានាថាជនភៀសសឹកដែលបាត់បង់ផ្ទះសម្បែង នឹងមិនត្រូវដាច់ពោះស្លាប់នោះឡើយ។ជាក់ស្ដែង វត្ដប្រាសាទគោកចក និងប្រជាពលរដ្ឋភៀសសឹក ព្រមទាំងអាជ្ញាធរមូលដ្ឋាន មន្ដ្រីពាក់ព័ន្ធ បានប្រមូលផលបន្លែជាបណ្ដើរៗហើយ និងផ្ដល់ជូនដល់ប្រជាពលរដ្ឋបន្តភៀសសឹក ដែលកំពុងស្នាក់នៅតាមផ្ទះចំនួន៦៥គ្រួសារ។ ទាំងនេះ ក៏ជាបង្ហាញពីការយកចិត្តទុកដាក់របស់ព្រះសង្ឃចំពោះប្រជាពលរដ្ឋភៀសសឹក។ ការលូតលាស់ដំណាំបន្លែដែលបងប្អូនភៀសសឹក និងក្រុមការងារដែលបានដាំកន្លងមកនៅក្នុងទីធ្លាវត្តប្រាសាទគោកចក គឺបានធ្វើកាត់មកផ្គត់ផ្គង់ និងធ្វើម្ហូបអាហារជូន ដល់បងប្អូនជនភៀសសឹកនៅក្នុងវត្តជាបន្តបន្ទាប់មកហើយដែរ។ព្រះអង្គបានបន្តថា ការចែកទាននេះគឺជាការបង្រៀនតាមរយៈសកម្មភាពផ្ទាល់ ដែលបង្ហាញឱ្យឃើញថា ការលះបង់នូវអ្វីដែលខ្លួនមានដើម្បីអ្នកដទៃ គឺជាការកសាងសន្តិភាព និងកុសលធម៌ដ៏ឧត្តុង្គឧត្តមដែលនាំឱ្យសង្គមមានសុខដុមរមនាហើយសកម្មភាពនេះគឺជា "ការចែករំលែកដោយគ្មានការរើសអើង" មិនថាជនភៀសសឹកមានជំនឿសាសនាអ្វីឡើយ ព្រះសង្ឃតែងតែផ្ដល់នូវក្ដីស្រឡាញ់ និងការគាំទ្រក្នុងនាមជាមនុស្សជាតិដូចគ្នា។ព្រះគ្រូចៅអធិការវត្តបានមានថេរដីកាបន្ថែមថា ការដាំបន្លែនេះ នឹងបន្ដដាំបន្ថែមទៀត សម្រាប់ជនភៀសសឹកដែលបានបន្ដស្នាក់នៅមណ្ឌលក្នុងសង្កាត់គោកចក ខណៈដែលពួកគាត់ ស្ថិតនៅតំបន់ក្រហម ហើយពួកគាត់តែងមានការយកចិត្ដទុកដាក់ ពីអាជ្ញាធរមូលដ្ឋានក៍ដូចជាព្រះសង្ឃ បាននាំយកនូវស្បៀងអាហារ ធ្វើការចែកជូនព្រមទាំងមានពាក្យពេចន៍លើកទឹកចិត្តដើម្បី ជួយឱ្យពួកគាត់មានអារម្មណ៍សុវត្ថិភាពផ្លូវចិត្ត និងភាពកក់ក្ដៅព្រមទាំងមានកម្លាំងចិត្តក្នុងការតស៊ូជាមួយស្ថានភាពលំបាកផងដែរ ៕

បញ្ជាការដ្ឋានទ័ពពិសេសរៀបចំបិទវគ្គហ្វឹកហ្វឺនជំនាញកុម្មង់ដូរបួនវគ្គរួមគ្នាដោយមានសិក្ខាកាមប្រមាណជិតប្រាំរយនាក់

2026/02/01 04:15:27 pm        218
បញ្ជាការដ្ឋានកងទ័ពពិសេស នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំពិធិបិទវគ្គហ្វឹកហ្វឺនជំនាញ កុម្មង់ដូរចំនួនបួនវគ្គរួមគ្នា ដោយមានសិក្ខាកាមប្រមាណ៤៨៤នាក់ បន្ទាប់ពីពួកគេធ្វើការហ្វឹកហាត់ជំនាញដាច់ដោយឡែកពីគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនោះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់បញ្ជាការដ្ឋានទ័ពពិសេស បានឲ្យដឹងថា វគ្គហ្វឹកហ្វឺន ជំនាញកុម្មង់ដូរវគ្គទី១ជំនាន់ទី១៣ បានចាប់ផ្តើមចាប់ពីថ្ងៃទី១ខែឧសភា ឆ្នាំ២០២៥ដល់ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០២៥ដោយមានសិក្ខាកាមចំនួន១៣៥នាក់ ដោយអនុវត្តហ្វឹកហ្វឺនលើមុខវិជ្ជា យុទ្ធវិធីថ្មើជើង នៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុង, ហ្វឹកហ្វឺននៅតំបន់សមុទ្រនៅភូមិសាស្រ្តខេត្តព្រះសីហនុ។ វគ្គទី២ហ្វឹកហ្វឺនជំនាញបើក និងជួសជុលអូប័រ ជានាន់ទី៧ ដោយមានសមាសភាពសិក្ខាកាមចូល រួមប្រមាន៤៣នាក់ ដោយបានហ្វឹកហាត់នៅខេត្តកណ្តាល រាជធានីភ្នំពេញ និងតំបន់សមុទ្រ។ វគ្គទី៣ហ្វឹក ហ្វឺនជំនាញឆត្រយោងជំនាន់ទី៣៧ ដោយបានហ្វឹកហាត់នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ ស្ពឺ ចំនួន២៧៦នាក់ ដោយក្នុងនោះក៏មានស្រ្តីចំនួន២៧នាក់ផងដែរ ខណៈវគ្គទី៤ហ្វឹក ហ្វឺនជំនាញឆត្របញ្ជា ជំនាន់ទី៩ ដោយមានសិក្ខាកាមចូលរួមប្រមាណ៣០នាក់។ សូមបញ្ជាក់ថា គ្រប់បណ្តាវគ្គហ្វឹកហ្វឺននេះបានរៀបចំបិទវគ្គរួមគ្នា នៅបញ្ជាការដ្ឋានទ័ពពិសេស តេជោសែនឱរ៉ាល់ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពុងស្ពឺ ក្រោមអធិបតី ភាពឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជការរងកងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍មៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក៕អត្ថបទ ៖ បាន ចក

សម្ដេចធិបតី អបអរសាទរខួប១ឆ្នាំផ្លូវថ្មើរជើងចតុមុខក្លាយជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញ

2026/02/01 03:48:31 pm        239
នៅរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារ អបអរសាទរផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់រាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការបានរយ:ពេល១ឆ្នាំហើយ។សម្ដេចធិបតី មានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។  សម្ដេចធិបតី បានថ្លែងថា ផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។សម្ដេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា រាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។សម្ដេចធិបតីថ្លែងថា ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់
05/06/2026 09:05 PM
ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន
05/06/2026 09:05 PM
ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden
05/06/2026 08:05 PM
លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ
05/06/2026 08:05 PM
កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»
05/06/2026 08:05 PM
កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី
05/06/2026 08:05 PM
មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់
05/06/2026 07:05 PM
ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង
05/06/2026 07:05 PM
ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស
05/06/2026 07:05 PM
អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ
05/06/2026 07:05 PM