UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម

ព័ត៌មានជាតិ

ក្រសួងការងារបាននាំយកឱកាសការងារជិត៩ម៉ឺនកន្លែង និងផ្សព្វផ្សាយពីអត្ថប្រយោជន៍ ប.ស.ស. ដល់អតីតពលករ និងអ្នករកការងារ នៅក្នុងខេត្តសៀមរាប

2026/02/01 02:19:32 pm        172
សៀមរាប៖ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយឱកាសការងារ ៨៩ ៥៣៩កន្លែង និងឱកាសទទួលបានព័ត៌មានស្តីពីអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យភូមិគំរូ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។វេទិកានេះធ្វើឡើងក្នុងគោលបំណងផ្សាភ្ជាប់អ្នករកការងារ និងនិយោជក, លើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាពិសេស កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (១,៥លាននាក់)។នាឱកាសនោះ ឯកឧត្តម យឹម ស៊ីណន បានលើកទឹកចិត្តឱ្យយុវជន ក៏ដូចជាបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ ចាប់យកការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET ១,៥លាននាក់) ដើម្បីបង្កើនសមត្ថភាព និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ផងដែរ ដោយឯកឧត្តមបានជំរុញឱ្យបងប្អូនជឿជាក់លើការងារក្នុងស្រុក ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសេដ្ឋកិច្ចគ្រួសារ និងអនាគតដ៏កក់ក្ដៅបំផុត។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានពន្យល់ណែនាំបងប្អូនប្រជាពលរដ្ឋដែលចូលរួមអំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់សម្រាប់ការងារនៅក្នុងស្រុកតាមរយៈទទួលបានរបបសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងជួយឱ្យបងប្អូនបានរស់នៅជួបជុំគ្រួសារ មើលថែទាំកូន និងឪពុកម្ដាយ ជៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។ទន្ទឹមនឹងនោះ ឯកឧត្តមបានលើកឡើងថា ការផ្ដល់ឱកាសការងារ និងការបង្កើតមុខរបរជូនប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយដែលសម្ដេចធិបតីយកចិត្តទុកដាក់បំផុត ដើម្បីធានាបាននូវជីវភាពសមរម្យ និងសន្តិសុខសង្គមជូនពលរដ្ឋគ្រប់រូបក្នុងគ្រប់កាលៈទេសៈ។សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងសាកសួរព័ត៌មានបន្ថែមអំពីឱកាសការងារ និងអត្ថប្រយោជន៍ផ្សេងៗ សូមទាក់ទងមកកាន់លេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់ផ្នែកការងារ និងលេខ ១២៨៦ ដើម្បីទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍ ប.ស.ស.៕

គិតត្រឹមចុងខែមករា ឆ្នាំ២០២៦នេះ គណៈកម្មការជំរឿនមន្ត្រីជាក់ស្តែង សម្រាប់មូលដ្ឋានរាជធានីភ្នំពេញ បានសម្រេចការធ្វើជំរឿន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សរុប ១៩៧អង្គភាព

2026/02/01 02:01:03 pm        171
ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានរាជធានីភ្នំពេញ បានធ្វើការចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមាន មន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងទៀត ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ព្រមទាំងប៉ុស្តិ៍សុខភាពគោលដៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរួមមាន៖ (១)អង្គភាពសុខាភិបាលមូលដ្ឋានដែលស្ថិតក្រោមសមត្ថកិច្ចការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចតុមុខ, បាសាក់, ព្រែកព្នៅ, មេគង្គ, សែនសុខ, ដង្កោ និងពោធិ៍សែនជ័យ និង (២)គ្រឹះស្ថានសិក្សាសាធារណៈស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌដូនពេញ, ៧មករា, សែនសុខ, បឹងកេងកង, ចំការមន, កំបូល, ព្រែកព្នៅ, ជ្រោយចង្វារ, ទួលគោក​ និងឫស្សីកែវ។ការចុះជំរឿនផ្ទាល់នេះ ដើម្បីការធានាមិនឱ្យប៉ះពាល់ដល់ដំណើរការ ការងារប្រចាំថ្ងៃរបស់មន្ត្រី ហើយក៏មិនឱ្យប៉ះពាល់ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈរបស់អង្គភាព ដែលជាគោលដៅនៃការធ្វើជំរឿននេះដែរ។ ការធ្វើជំរឿនមន្ត្រី គឺជាការពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រី ដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់របស់គណៈកម្មការជំរឿន ដើម្បីប្រមូលទិន្នន័យជាក់លាក់។ក្នុងការចុះជំរឿនដល់ទីតាំងផ្ទាល់នេះ គណៈកម្មការជំរឿន បានធ្វើជំរឿនមន្ត្រីជាក់ស្តែងរួចរាល់ទៅលើទីតាំងគោលដៅចំនួន១៩៧។ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ មានវិទ្យាល័យចំនួន២៧,​ អនុវិទ្យាល័យចំនួន១២, បឋមសិក្សាចំនួន៨៧, មត្តេយ្យសិក្សាចំនួន១០, សាលាឧបសម្ព័ន្ធចំនួន៣ និងមជ្ឈមណ្ឌលចំនួន១។ អង្គភាពសុខាភិបាលមូលដ្ឋានមានមន្ទីរពេទ្យចំនួន៨, មណ្ឌលសុខភាពចំនួន៤៦ និងប៉ុស្តិ៍សុខភាពចំនួន៣។តាមការគ្រោងទុក គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រី គ្រោងនឹងបញ្ចប់ការធ្វើជំរឿនមន្ត្រីជាក់ស្តែង ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមពាក់កណ្តាលខែកុម្ភៈ នាពេលខាងមុខ៕

ឯកឧត្តម ហ៊ុន ម៉ានី៖«គណបក្សប្រជាជនជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»

2026/02/01 01:05:01 pm        167
ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នាក់ការបក្សសង្កាត់ព្រះស្រែ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយខេត្ត ក្រុង និងសង្កាត់ ថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ព្រមទាំងសមាជិកថ្មីសរុប ៥៨៥ នាក់។ បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដោយលោកប្រធានគណៈកម្មាធិការគណបក្ស សង្កាត់ព្រះស្រែ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសាកសួរសុខទុក្ខ និងសេចក្តីនឹករឭកពីសំណាក់សម្តេចប្រធានគណបក្ស និងសម្តេចអនុប្រធានបក្សជូនក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា សង្កាត់ព្រះស្រែ ដែលមានវត្តមានក្នុងពិធីនេះ។ បន្ថែមពីលើនេះ ឯកឧត្តម បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបានបន្តថា គណបក្សប្រជាជនកម្ពុជា មិនល្អឥតខ្ចោះ ប៉ុន្តែជាគណបក្សដែលពឹងពាក់បាន និងនៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ។ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្ដេជ្ញាចិត្តខ្ពស់ ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយ និងខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ជាពិសេស ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការស្តារសេដ្ឋកិច្ចជាតិ ដោយនាំមកនូវឱកាសការងារជូនដល់ប្រជាពលរដ្ឋ។ នេះជាទម្លាប់ធ្វើការរបស់គណបក្សប្រជាជនកម្ពុជាដែលតែងធ្វើតាំងពីថ្ងៃចាប់បដិសន្ធិរហូតមក។គួរបញ្ជាក់ផងដែរថា ក្នុងចំណោមសមាជិក សមាជិកាបញ្ចូលថ្មី ទាំង ៥៨៥ នាក់ នៅសង្កាត់ព្រះស្រែនាឱកាសនេះ រួមមាន កម្មករ កម្មការិនី ៣១៨ នាក់, សិស្សនិស្សិត ២៦ នាក់ គ្រូពេទ្យ ២ នាក់ និងគ្រូបង្រៀន ៣ នាក់ ក្រោយពីបានពិនិត្យឃើញនូវប្រវត្តិ សមិទ្ធផល និងបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនជារៀងរហូតមក។ នេះជាការលើកឡើងក្នុងពាក្យស្នើសុំចូលជាសមាជិកដែលបានអានដោយតំណាងសមាជិកសុំចូលថ្មី៕ អត្ថបទ៖ បាន សុខរិទ្ធិ

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២-៥ ខែកុម្ភៈ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន

2026/02/01 12:52:59 pm        179
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នឹងដឹកនាំគណៈប្រតិភូព្រឹទ្ធសភាប៉ាគីស្ថាន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ

2026/02/01 12:14:11 pm        167
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ និងគោរពច្បាប់អន្តរជាតិ។ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែកុម្ភៈនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ឯកឧត្តមថ្លែងថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងជាដាច់ខាត។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីក៏ដូចជាការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈការគោរពយ៉ាងម៉ឺងម៉ាត់នូវស្មារតីនៃការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈយន្តការដែលមានស្រាប់ និងស្របតាមស្មារតីនៃអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយប្រកបដោយយុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ទោះបីជាភាគីថៃលើកមូលហេតុអំពីបញ្ហាផ្ទៃក្នុងរបស់ខ្លួនពាក់ព័ន្ធការបោះឆ្នោតក៏ដោយ ក៏ភាគីកម្ពុជានៅតែរម្លឹកនិងទាមទារឱ្យភាគីថៃអនុវត្តជានិច្ចតាមរយៈការបញ្ជូនក្រុមការងារវាស់វែងចុះធ្វើការនៅលើដីជាក់ស្តែងដោយមិនបង្អែរបង្អង់ឡើយ៕

សម្ដេច​ធិបតី៖ការទាមទារបូរណភាពទឹកដីនៅតែបន្តធ្វើ ខណៈកម្ពុជាគ្មានការចុះហត្ថលេខាជាថ្ងូរនឹងការដោះដូរដីនោះទេ

2026/02/01 12:11:27 pm        209
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការទាមទារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវបានថៃឈ្លានពាន និងគ្រប់គ្រងនោះ គឺរាជរដ្ឋាភិបាលនៅតែបន្តធ្វើ ដោយមិនបោះបង់សិទ្ធិ ក្នុងការទាមទារដែនអធិបតេយ្យភាពរបស់យើងនោះទេ គឺបន្តធ្វើនៅគ្រប់កន្លែងទាំងអស់ដែលថៃឈ្លានពាន។​សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណ ២៥៩៦ គ្រួសារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។សម្ដេចធិបតីបានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាជាមួយថៃ ដោយទាមទារនូវដែនអធិបតេយ្យភាព ទឹកដីស្របច្បាប់របស់ផ្អែកទៅលើយន្តការបច្ចេកទេស ការទូត និងច្បាប់ដែលមានស្រាប់ជាជាងការវាយគ្នា។ សម្ដេចថ្លែងបញ្ជាក់ថា ការងារវាស់វែង ការងារគ្រប់គ្រង ដោះស្រាយបញ្ហាព្រំដែននៅតែត្រូវគោរពតាមច្បាប់អន្តរជាតិ ដែលយើងធ្វើ។ រាជរដ្ឋាភិបាលមិនប្រកាន់យកការដោះស្រាយដោយការប្រើប្រាស់អំពើហិង្សានោះទេ ប៉ុន្ដែខិតខំដោះស្រាយដោយសន្ដិវិធី ប្រើច្បាប់ យន្តការការទូត និងបច្ចេកទេសព្រំដែន។ ក្នុងឱកាសនោះ សម្ដេចធិបតីបាន អំពាវនាវដល់បងប្អូនរក្សានៅស្មារតីសាមគ្គីភាពសាមគ្គីជាតិខ្មែររបស់យើង ដែលនេះជាគោលដៅសំខាន់ ខណៈពេលនេះជាពេលលំបាកសម្រាប់ជាតិរបស់យើង ជាពិសេសការលំបាករបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកផ្ទាល់តែម្ដង ប៉ុន្ដែការលំបាករបស់បងប្អូននេះ គឺជាការលំបាករបស់ជាតិខ្មែរទាំងមូល៕

សម្ដេចធិបតីឱ្យក្រុមកាងាររៀបចំជម្រកបណ្ដោះអាសន្នល្អប្រសើរជូនជនភៀសសឹកឱ្យបានមុនរដូវវស្សា

2026/02/01 12:03:54 pm        185
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានណែនាំដល់ក្រុមការងារពាក់ព័ន្ធ បន្តខិតខំរៀបចំរៀបចំជម្រកបណ្ដោះអាសន្នល្អប្រសើរជូនជនភៀសសឹកឱ្យបានមុនរដូវវស្សាមកដល់នាពេលខាងមុខនេះ។ ​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញ ជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកប្រមាណ ២៥៩៦ គ្រួសារ ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។ ក្នុងជំនួបជាមួយពលរដ្ឋ សម្ដេចមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។ ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង។

អណ្តូងទឹកស្អាតចំនួន១៣ អំណោយ​របស់ឪពុកម្តាយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ប្រគល់​ជូន​អ្នក​ស្រុកត្រាំកក់ ខេត្តតាកែវ

2026/02/01 11:54:07 am        259
នៅព្រឹកថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៦នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ហ៊ុន ម៉ានិត ប្រធាន មូល​និធិ​អណ្តូង​ទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន១៣ ជូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​នៅ​ក្នុង​ភូមិ​ចំនួន៩ នៃឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោក​ជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង​លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេចលោកតែង តែ​គិត​គូរ​ជានិច្ចចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីលោក មិនបាន​អញ្ជើញ​មក​ផ្ទាល់​ក៏​ដោយ​។ លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជា អំណោយ​សប្បុរស​ធម៌​ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហា​ឧបាសិកា ​ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង​ឧបាសក​ លីន គ្រី ដែលលោកតា លោកយាយសន្សំទុកធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះ​ជា​លោកចែកឋានទៅហើយក្តី ដើម្បីអោយកូនចៅបន្តជួយដល់ប្រជាជនខ្មែរ ដែលកំពុង​រស់​នៅ​ជួប​ការខ្វះខាតទឹកប្រើប្រាស់ នៅតាមទីជនបទ ក្នុងប្រទេសកម្ពុជា។លោកជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើង១៥ឆ្នាំមកហើយ ដោយដំបូងឡើយក្រោម​ការ​ដឹកនាំ​រ​បស់លោកជំទាវ ហ៊ុន ម៉ាណា បុត្រីទី២សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មាន​ភារ​កិច្ច​ច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវ ជាអ្នកដឹកនាំបន្ត។ ដូច្នេះ​លោក​ជំទា​វរួមទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូលបានរួមកំលាំងគ្នាបន្ត ប្រគល់​ក៏​ដូច​ជា​ចុះពិនិត្យ​អណ្តូង​ទឹកទាំងនេះជូន លោកតាលោកយាយបងប្អូនប្រើប្រាស់ជាផ្លូវការ ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ជីវភាពប្រចាំថ្ងៃ។ឆ្លៀតក្នុងឱកាសនោះ លោកជំទាវប្រធាន សូមផ្តាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាថែរក្សាសុខសន្តិភាពទាំងអស់គ្នា ទោះបីប្រទេសជិតខាងបំពានលើទឹកដីយើយក៏ដោយ។ លើសពីនោះទៀតសូមលោកយាយ លោកតា បងប្អូន ថែរក្សាសុខភា​ព​ឱ្យ​បាន​ល្អ កុំហូបប្រៃពេក ប្រៃពេក ផ្អែមពេក ចៀសវាងនូវជំងឺមិនឆ្លង ត្រូវពិពិសាទឹកដាំឆ្អិនជានិច្ច ទោះ​បី​មានទឹកអណ្អូងស្អាតក៏ដោយ ចៀសវាងឆ្លងនូវជំងឺដង្កាត់ផ្សេងៗ។ក្រុម​ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ម្ចាស់អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ជា​ពិសេស​អណ្តូង​ទឹក​ទាំងនេះ បានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈ​ពី​មុន​ត្រូវ​ទៅរកទឹកនៅកន្លែងឆ្ងាយៗរឺទិញទឹកគេ យកមកប្រើប្រាស់ប្រចាំថ្ងៃ។សូមបញ្ជាក់ថានៅថាក្នុងឱកាសនោះដែរ លោកជំទាវប្រធានមូលនិធិ និង​ក្រុម​ការងារ​បាន​នាំយក​អំណោយទ្រនប់ដៃ​របស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អ៊ំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា សារ៉ុង សាប៊ូដុះខ្លួន១ដុំ និងថវិកាមួយចំនួន។ ដោយ​ឡែក កុមារា កុមារី តូចៗទទួលបាន នំបុ័ង កាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទ៖ សំ ងីម

ផ្លូវថ្មើរជើងចតុមុខ ជាគោលដៅទេសចរណ៍ដ៏ល្បីល្បាយមួយរបស់រាជធានីភ្នំពេញ ខណៈគិតរហូតមកដល់ពេលនេះផ្លូវថ្មើរជើងនេះមានអាយុកាល១ឆ្នាំហើយ

2026/02/01 10:00:20 am        174
ដោយទទួលបានការចង្អុល បង្ហាញ គាំទ្រ និងលើកទឹកចិត្តពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានរៀបចំដាក់ឱ្យដំណើរការសាកល្បងផ្លូវថ្មើរជើងមួយខ្សែ នៅតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីផ្លូវលេខ៩៤ រហូតដល់ផ្លូវលេខ២៤០ ស្ថិតក្នុងខណ្ឌដូនពេញ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់ រៀងរាល់ចុងសប្តាហ៍ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ដោយមិនអនុញ្ញាតឱ្យមានយានជំនិះគ្រប់ប្រភេទចរាចរឡើយ។ បើគិតរហូតមកដល់ពេលនេះ ផ្លូវថ្មើរជើង ១ខ្សែនេះ គឺមានអាយុកាល០១ឆ្នាំហើយ។ បើតាមការរំលឹករបស់លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺកាលពីដំបូងឡើយ មានមតិរិះគន់ និងការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើរបញ្រ្ចាស់ទិសគ្នា ដោយអ្នកខ្លះបានលើកឡើងថា “វាមិនអាចទៅរួចទេ” “វាគ្មានបានប៉ុន្មានទេ” “មិនដឹងបិទផ្លូវចឹងចំណេញ ឬខាតទេ” “សង្ឃឹមថាការបិទផ្លូវនេះ មិនប៉ះពាល់ដល់ការរកស៊ីរបស់បងប្អូននៅតាមបណ្តោយផ្លូវនេះទៅចុះ” ។ល។ ប៉ុន្តែភាគច្រើនលើសលប់គឺជាមតិគាំទ្រ និងអបអរសាទរ របស់សាធារណជនចំពោះការរៀបចំដាក់ឱ្យដំណើរការផ្លូវថ្មើរជើងនេះ។ លោកស្រីអ្នកនាំពាក្យបានបន្តទៀតថា៖ ផ្តើមចេញពីការរៀបចំជាបណ្តើរៗ ដូចជាការកែលំអភ្លើងបំភ្លឺ ការរៀបចំកែលម្អ និងស្ថាបនាបន្ថែមបន្ទប់ទឹកសាធារណៈ ការរៀបចំឱ្យបងប្អូនអាជីវករអាចចូលលក់ដូរផលិតផល ម្ហូបអាហារនានា ការរៀបចំផ្ទាំងទស្សនីយភាពកម្សាន្តទាំងផ្នែកបុរាណ សម័យ និងកម្មវិធីផ្សេងៗ ជាហូរហែ ព្រមជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន ក្នុងបរិវេណនេះជាប់ជាប្រចាំ បានធ្វើឱ្យផ្លូវ១ខ្សែនេះ ក្លាយជាចំណុចគោលដៅទេសចរណ៍ដ៏ទាក់ទាញនិងមានប្រជាប្រិយភាព នាពេលចុងសប្តាហ៍របស់ប្រជាជនទូទៅ និងភ្ញៀវទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់។ ជាក់ស្តែង រហូតមកដល់ពេលនេះ ភ្ញៀវទេសចរណ៍ប្រមាណពី ៨ម៉ឺន ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ បានមកលេងកម្សាន្ត និងបានបង្កើតមុខរបរជូនប្រជាពលរដ្ឋប្រមាណជិត ១.៤០០កន្លែង ក្នុងនោះអ្នកលក់ដូរទូទៅប្រមាណ១.០០០នាក់ និងអ្នកលក់ដូរក្នុងស្តង់ ប្រមាណ៤០០ស្តង់ ផ្សេងទៀត។ លោកស្រីបញ្ជាក់ថា៖ ជាមួយនឹងភាពល្បីល្បាញនេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីបានប្រសិទ្ធិនាមផ្លូវនេះជាផ្លូវការថា "ផ្លូវថ្មើរជើងចតុមុខ" ។ វាមិនត្រឹមតែជាទីតាំងកម្សាន្តនាពេលរាត្រីសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយជាច្រកការទូត-ទេសចរណ៍ដ៏មានប្រជាប្រិយភាពផងដែរ។ ជាក់ស្តែងក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ស្ថានទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា រួមមាន៖ ស្ថានទូតសហរដ្ឋអាមេរិក ស្ថានទូតម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី និងស្ថានទូតចិន បានស្នើសុំមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរៀបចំព្រឹត្តការណ៍សំខាន់ៗ ដោយបានដាក់តាំងបង្ហាញនូវសិល្បៈ វប្បធម៌ និងម្ហូបអាហាររបស់ប្រទេសខ្លួននៅលើផ្លូវថ្មើរជើងនេះ ព្រមទាំងបានទទួលការគាំទ្រយ៉ាងច្រើនកុះករពីមហាជនផងដែរ។ភាពជោគជ័យនៃការដាក់ឱ្យដំណើរការផ្លូវថ្មើរជើងចតុមុខក្នុងរយៈពេល១ឆ្នាំនេះ អាចកើតឡើងទៅ បាន គឺដោយមានការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងការចូលរួមគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋទូទៅ។ ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ បាននាំឱ្យរាជធានីភ្នំពេញជាប់ ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងសប្បាយភាពពេលរាត្រី និងជាប់ចំណាត់ថ្នាក់លេខ១០ លើពិភពលោក ជាទីក្រុងមានភ្ញៀវទេសចរណ៍ចូលចិត្តមកកម្សាន្តជាងគេព្រមទាំងទទួលបានការចាត់ថ្នាក់ពីសារព័ត៌មានអន្តរជាតិ BBC ជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់ឆ្នាំ២០២៦នេះផងដែរ។ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកស្រីអ្នកនាំពាក្យក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ទាំងអស់ចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនៅលើដងផ្លូវ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភណ្ឌភាពទីក្រុង និងត្រៀមទទួលទេសចរណ៍បន្ថែមទៀតមកទស្សនារាជធានីភ្នំពេញ។ ជាពិសេស សូមឱ្យផ្លូវថ្មើរជើងចតុមុខកាន់តែមានប្រជាប្រិយភាព និងនៅតែជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាយើង៕

តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ UN ចែករំលែកចំណុចគន្លឹះចំនួន៣ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម

2026/02/01 09:54:09 am        110
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦នេះ តំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. នៅទីក្រុងញូវយ៉កបានចូលរួមកិច្ចប្រជុំក្រោមប្រធានបទ “តួនាទីរបស់មហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅក្នុងពេលដែលបែកខ្ញែក” និងចែករំលែកចំណុចគន្លឹះចំនួន៣ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមឯកឧត្តម យោង ចាន់សុភារ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍រងកម្ពុជាប្រចាំ អ.ស.ប. នៅទីក្រុងញូវយ៉ក បានចូលរួមកិច្ចប្រជុំក្រោមប្រធានបទ “តួនាទីរបស់មហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៅក្នុងពេលដែលបែកខ្ញែក” ដែលដឹកនាំរួមគ្នាដោយលោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាត អ.ស.ប. លើកទី៨០ និងឯកឧត្តម Lok Bahadur Thapa ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៅទីស្នាក់ការ អ.ស.ប. នាទីក្រុងញូវយ៉ក។កិច្ចប្រជុំនេះបានផ្លាស់ប្តូរទស្សនៈគ្នាអំពី (១) ការពង្រឹងតួនាទី និងសហថាមភាពរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គម សំដៅជំរុញការថែរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំង (២) ការជំរុញគំនិតផ្តួចផ្តើម UN80 ដើម្បីធ្វើឱ្យ អ.ស.ប. កាន់តែមានសក្ត័សិទ្ធភាព ប្រសិទ្ធភាព និងខ្លាំងក្លាជាងមុន។ ក្នុងឱកាសនោះ ឯកឧត្តមអគ្គរាជទូត បានចែករំលែកចំណុចគន្លឹះចំនួន ៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងមហាសន្និបាត អ.ស.ប. និងក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម៖ (១) ការប្រើប្រាស់អំណាចរបស់ស្ថាប័នទាំងពីរ ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការគាំពារសង្គម (២) ការធ្វើសមាហរណកម្មនៃការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្ការជម្លោះកាន់តែប្រសើរឡើង តាមរយៈផែនការការងារដែលមានការសម្របសម្រួលគ្នា និងកិច្ចប្រជុំរួម និង (៣) ការបង្កើនសំឡេងរបស់ប្រទេសស្ថិតក្នុងស្ថានភាពពិសេស ដែលជួបប្រទះនឹងបញ្ហាប្រឈមផ្សារភ្ជាប់គ្នារវាងការអភិវឌ្ឍ និងសន្តិភាព។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យានដ្រូនរុស្ស៊ីវាយប្រហារសាលាមតេយ្យសិក្សាអ៊ុយក្រែននៅទីក្រុង Sumy សម្លាប់មនុស្សម្នាក់
05/06/2026 09:05 PM
ប្រជុំកោះ Canary បដិសេធន៍មិនឲ្យនាវាកម្សាន្ត MV Hondius ចូលចតកំពង់ផែរបស់ខ្លួន
05/06/2026 09:05 PM
ក្រុមនាវាផ្ទុកយន្តហោះបារាំង ធ្វើដំណើរចូលទៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden
05/06/2026 08:05 PM
លោក Trump៖ សង្គ្រាមលើអ៊ីរ៉ង់អាចបញ្ចប់បាន បើទីក្រុងតេអេរ៉ង់យល់ព្រមតាមលក្ខខណ្ឌ
05/06/2026 08:05 PM
កូរ៉េខាងត្បូងផ្អាកពិនិត្យការអំពាវនាវរបស់លោក Trump ឲ្យចូលរួមក្នុងបេសកកម្ម «Project Freedom»
05/06/2026 08:05 PM
កម្មករ ៩នាក់ បានស្លាប់ ក្នុងហេតុការណ៍ផ្ទុះអណ្តូងរ៉ែធ្យូងថ្មនៅកូឡុំប៊ី
05/06/2026 08:05 PM
មន្ត្រីឥណ្ឌូនេស៊ី៖ រថយន្តក្រុង និងរថយន្តដឹកប្រេង បុកគ្នានៅកោះ Sumatra បណ្ដាលឲ្យមនុស្ស ១៦នាក់ស្លាប់
05/06/2026 07:05 PM
ពលរដ្ឋវេណេស៊ុយអេឡា ប្រឈមនឹងការលំបាកក្នុងជីវភាពរស់នៅដោយសារការដាច់ចរន្តអគ្គិសនី និងអាកាសធាតុក្តៅខ្លាំង
05/06/2026 07:05 PM
ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណប Starlink ទៅកាន់ទីអវកាស
05/06/2026 07:05 PM
អូស្រ្តាលីនឹងចំណាយថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីជំរុញស្តុកប្រេងឥន្ធនៈ
05/06/2026 07:05 PM