ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ

ព័ត៌មានជាតិ

វិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានចាប់អារម្មណ៍ចំពោះសក្តានុពលទីផ្សារវិស័យទេសចរណ៍នៅកម្ពុជា

2026/01/30 12:33:17 pm        170
ភ្នំពេញ៖ នៅក្នុងឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦ នៅទីក្រុង សេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនតំណាងក្រុមហ៊ុនឯកជន ដែលជាប្រតិបត្តិករទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានចំនួន ១៨ ក្រុមហ៊ុន ចូលជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ក្នុងការជំរុញភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា។ ក្នុងជំនួបនោះ វិស័យទេសចរណ៍មកពីបណ្តាប្រទេសផ្សេងៗនៅអាស៊ានសម្តែងនូវការចាប់អារម្មណ៍ចំពោះសក្តានុពលនៃទីផ្សារទេសចរណ៍កម្ពុជា។ នៅក្នុងជំនួបពិភាក្សាការងារនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា, ឯកឧត្តមនាយកប្រតិបត្តិក្រុមប្រឹក្សាសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងសមាភាពចូលរួមសរុបប្រមាណ ៣០ រូប។ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនប្រតិបត្តិករទេសចរណ៍ទាំងអស់អំពីស្ថានភាពទូទៅនៅកម្ពុជា កត្តាសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដែលផ្តល់បរិយកាសអនុគ្រោះដល់ការវិនិយោគ និង ទេសចរណ៍នៅកម្ពុជា។ កម្ពុជាគឺជាគោលដៅទេសចរណ៍សុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ជូននូវបទពិសោធសម្បូរបែបដល់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈសក្តានុពលទេសចរណ៍វប្បធម៌និងធម្មជាតិ, ម្ហូបអាហារ, ប្រពៃណីទំនៀមទំលាប់, ប្រវត្តិសាស្ត្រដ៏ចំណាស់, ភាពរួសរាយរាក់ទាក់និងស្មាមញញឹមរបស់ប្រជាជនខ្មែរ ដែលទាំងអស់នេះគឺជាអត្តសញ្ញាណខ្មែរ។ប្រតិបត្តិករទេសចរណ៍ទាំងអស់ បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង និង រីករាយទៅទស្សនាកម្ពុជាដោយផ្ទាល់ ដើម្បីពិនិត្យលទ្ធភាពរៀបចំកញ្ចប់ទស្សនកិច្ចសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ដោយសហការជាមួយផ្នែកឯកជនរបស់កម្ពុជា ក៏ដូចជាក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា៕

៦ខែមកនេះ កម្ពុជា​ធ្វើកំណត់ទូតតវ៉ា និងញ្ញត្តិថ្កោលទោសជិត ៧០០លើក​ចំពោះ​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ

2026/01/30 12:04:47 pm        128
រយៈពេល៦ខែចុងក្រោយនេះរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កំណត់​ទូត​តវ៉ា​ សេចក្តីថ្លែងការណ៍ ញ្ញត្តិ​ថ្កោលទោស និងលិខិតបកស្រាយ ឬបំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ​គ្រប់​ទម្រង់​សរុប​ចំនួនជិត ៧០០លើក ចំពោះ​ទង្វើ​ឈ្លាន​ពាន​របស់ថៃ​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០២៦នេះថា ក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញត្តិ​ថ្កោលទោស និងលិខិត​បក​ស្រាយ​ឬ​បំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ​គ្រប់​ទម្រ​ង់​សរុប​ចំនួន​ជិត​៧០០​លើក និងការឆ្លើយតបក៏ដូចជាការបញ្ជាក់ជំហររបស់កម្ពុជាដោយផ្ទាល់មាត់ តាមរយៈ​ការ​រៀប​ចំ​ធ្វើ​បច្ចុប្បន្នភា​ព (Press Briefing) របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលជាប្រចាំថ្ងៃចំនួនជិត ២០០ លើក​។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការអន្តរជាតិ អ្នក​សង្កេត​ការណ៍អា​ស៊ាន (AOT) និងសម្របសម្រួលឱ្យ​អ្នកសារ​ព័ត៌មាន​ជាតិ និង​អន្តរជាតិ​ទៅ​មើល​ស្ថាន​ភាព​ជាក់​ស្តែងនៅតាមព្រំដែនជាច្រើនលើកទៀត។ អ្នកនាំពាក្យបញ្ជាក់ថា សកម្មភាពទាំងនេះ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​គ្រប់​ជ្រុង​ជ្រោយ​របស់​រាជ​រដ្ឋាភិបាលក្នុងការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ និង​ជា​ពិសេស​ការ​ការពារបូរណភាពទឹកដីយ៉ាងម៉ឺងម៉ាត់បំផុត។តាមរយៈសន្និសីទ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គូសបញ្ជាក់ជាថ្មីថា កម្ពុជា​ប្រកាន់​ជំហរ​ដាច់​ខាត​ក្នុងកា​រការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក​ដោយ​គណៈកម្មការ​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris)គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះ​បង្គោល​ព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជា​មិន​ទទួល​ស្គាល់​ជា​ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

ស្អែកនេះ ឱកាសការងារជិត៩ម៉ឺនកន្លែងនឹងត្រូវរៀបចំក្នុងវេទិកាការងារក្នុងខេត្តសៀមរាប

2026/01/30 11:40:23 am        209
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នឹងបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តសៀមរាប ដែលនាំយកឱកាសការងារចំនួនជិត ៩ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៣០ ខែមករានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងនឹងបន្តបើកយុទ្ធនាការដូចភ្លៀងរលឹមសម្រាប់ឆ្នាំ២០២៦នេះ ជាក់ស្តែងនៅចុងសប្តាហ៍នេះនឹងរៀបចំនៅស្រុកចំនួន២ គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ ខេត្តសៀមរាប។ឯកឧត្តមបានឱ្យដឹងថា បច្ចុប្បន្ននេះ តម្រូវការជ្រើសរើសកម្លាំងពលកម្មដែលត្រូវការខ្ពស់ជាងគេ គឺវិស័យឧស្សាហកម្ម, កសិកម្ម, កសិ-ឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្រូវការការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំអ្នកស្វែងរកការងារ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះអ្នកដែលមិនមានជំនាញ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ មិនមែនជាបញ្ហាឧបសគ្គទេក្នុងការដោះស្រាយ ពីព្រោះក្រសួងការងារបានកំពុងរៀបចំវគ្គបណ្តុះបណ្តាលជំនាញដេររយៈពេល ៧ថ្ងៃ ដោយឥតគិតថ្លៃ ដែលជាគម្រោងដ៏ល្អមួយ ក្នុងការផ្តល់ជូនប្រជាពលរដ្ឋទាំងការស្នាក់នៅ ហូបចុក និងថ្លៃទឹកថ្លៃភ្លើងជាដើម ដើម្បីបង្ករភាពងាយស្រួលជូនដល់អ្នកស្វែងរកការងារ និងចង់មានចំណូលផ្គត់ផ្គង់ជីវភាពរស់នៅ។បើតាម ឯកឧត្តមអ្នកនាំពាក្យ គិតចាប់ពីខែសីហា ឆ្នាំ២០២៥ រហូតមកទល់ពេលនេះ ក្រសួងការងារ បានណែនាំរោងចក្រ សហគ្រាស ឱ្យជួយសម្រួលទទួលយកបងប្អូនអតីតពលករក្នុងការបណ្តុះបណ្តាល បើទោះបីគាត់មិនមានជំនាញក៏ដោយ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ចំពោះបងប្អូនមកពីថៃដែលកំពុងមានការងារធ្វើហើយ ក៏អាចចុះឈ្មោះរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដោយឥតគិតថ្លៃ របស់រាជរដ្ឋាភិបាលកម្ពុជានៅទូទាំងរាជធានី ខេត្ត ដើម្បីបណ្តុះបណ្តាលជំនាញរបស់ខ្លួន បង្កើនសមត្ថភាព ផលិតភាព ដែលមានបំណងចង់បង្កើតជាអាជីវកម្មផ្ទាល់ខ្លួនទៅអនាគតក៏បានដែរ។ឯកឧត្តម ស៊ុន មេសា បានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនសរុបប្រមាណជិត ១លាននាក់ ដើម្បីវិលត្រឡប់មកស្វែងរកការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបានការងារតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ចំនួនកើនឡើងជាង ៦០ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តម្រង់ទិសដល់មន្ត្រីក្រសួងមុខងារសាធារណៈលើ​ការ​បន្ត​លើក​កម្ពស់​ការ​អនុវត្តមុខងារស្នូល ការងារកែទម្រង់រដ្ឋបាលសាធារណៈ និងកំណត់ភាពសំខាន់ ដោយ​ប្រកាន់​យក​អភិក្រមអនុវត្តការងារជាជំហានៗ

2026/01/30 11:24:39 am        212
នៅក្នុងកិច្ចប្រជុំពិនិត្យតាមដានវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ​២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​មុខ​ងារសាធារណៈ បានផ្តល់អនុសាសន៍ណែនាំដល់ ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់​ជាន់​ថ្នាក់ លើកិច្ចការងារសំខាន់ៗដែលត្រូវការយកចិត្តទុកដាក់ និងត្រូវការពង្រឹងបន្ថែម ដើម្បី​ស្ថាប័ន​ទទួល​បាន​សមិទ្ធផលកាន់តែប្រសើរឡើង និងប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ណែនាំឱ្យជំរុញការងារស្នូលរបស់ក្រសួង ជាពិសេសបន្តការ​ពង្រឹង​វត្ត​មាន ​មន្រ្តីរាជការទាំងផ្ទៃក្នុងក្រសួង និងក្នុងក្របខ័ណ្ឌនៃកិច្ចការងារអធិការកិច្ចក្រសួង ស្ថាប័ន។ ក្នុង​នោះ ត្រូវបន្តពង្រឹងការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដូចជាការបើកផ្តល់បៀវត្ស ការគ្រប់​គ្រង​បម្រែ​បម្រួលស្ថានភាពមន្ត្រី ការអភិវឌ្ឍមូលធនមនុស្ស ការអភិវឌ្ឍប្រព័ន្ធឌីជីថល សម្រាប់​មុខ​ងារសាធារណៈ ការអនុវត្តគោលនយោបាយមុខងារសាធារណៈ កិច្ចសហប្រតិបត្តិការ ក្នុង និង​ក្រៅ​ប្រ​ទេសជាដើម។ ការបន្តពង្រឹងការងារកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការអនុវត្តវិធានការគន្លឹះទាំង៣ ជា​កិច្ច​ការ​ដែលចាំបាច់។ “កន្លងមក យើងសម្រេចបានសមិទ្ធផលជាច្រើនបន្តបន្ទាប់ ដូចជាការ​រៀប​ចំ​ការ​ប្រឡងប្រជែងដោយទទួលបានការសាទរ និងការជឿទុកចិត្តពីសំណាក់បេក្ខជន និង​មហាជន​រួចមកហើយ ដូច្នេះ ការបន្តពង្រឹងការងារនេះ ជាកិច្ចការដែលមិនត្រូវបង្អង់ដៃ ហើយធ្វើ​ឱ្យ​កាន់​តែមា​នគុណភាព ចំគោលដៅ ទាំងប្រព័ន្ធអាជីព និងប្រព័ន្ធនិយោជន៍ រួមទាំងការងារ​ដែល​កំពុង​បន្ត​ជាច្រើនទៀត។” ទន្ទឹមនេះ ការសម្រេចការវិភាគមុខងារដំណាក់កាលទី១ ជាជំហាន​ដំ​ធំ​មួយ​ដែល​សម្រេចបាន និងកំពុងបង្ហាញ​នូវ​ស្ថានភាព​សុខភាព​រដ្ឋបាល​សាធារណៈ​ដែល​ត្រូវ​ដោះ​ស្រាយ​ជា​ចាំបាច់ ជាបន្តបន្ទាប់។ “ត្រូវបន្តរៀបចំ និងដោះស្រាយ​បញ្ហា​ដែល​បាន​រក​ឃើញ​ចេញ​ពី​ការ​វិភាគ​មុខងារ ទាំងការរៀបចំអនុក្រឹត្យ នៃការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន មុខ​ងារ​បណ្តុះបណ្តាល ឬមុខងារដែលត្រួតស៊ីគ្នាផ្សេងទៀត រួមទាំងការធ្វើជំរឿនមន្ត្រី និងការ​លើក​កម្ពស់​គុណភាពសេវាសាធារណៈជាដើម។” ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏​បាន​ណែនាំ​ឱ្យបន្តតាមដានការអនុវត្តគម្រោងនៅតាម ក្រសួង ស្ថាប័ននានា ដែលជាផ្នែក​មួយ​នៃ​ការ​អនុវត្ត​ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ចប់កិច្ចប្រជុំដោយលើកឡើងថា “ការធ្វើទំនើបកម្ម​ប្រព័​ន្ធ​រ​ដ្ឋ​បាល​សាធារណៈ ជាដំណើរដ៏វែងឆ្ងាយ ដែលមិនមែន​ជា​សកម្មភាព​តែ​ម្តង​ហើយ​សម្រេច​បាន​ជោគ​ជ័យ​នោះទេ​ តែជាការងារដែលត្រូវធ្វើរួមគ្នា និងត្រូវបន្តធ្វើជាប់ជាប្រចាំ ដើម្បីឱ្យយើង​អាច​ស្គាល់​ពី​សមត្ថ​ភាព​ តាមដានសុខភាពប្រព័ន្ធរដ្ឋបាលរបស់យើង ដឹងពីអ្វីដែលត្រូវពង្រឹង និងសម្រួចបន្ថែម រួម​ចំណែកដល់ការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ក្នុង​បរិបទ​សាកល​ឱ្យ​កាន់តែរឹងមាំដើម្បីការពារ និងទាញផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រទេសជាតិ និង​ប្រជាជនកម្ពុជា។” 

៦ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានជួយកសិករជាច្រើនខាងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍន៍វិស័យកសិកម្ម

2026/01/30 11:09:58 am        144
កឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​នាយក​គម្រោង បានបញ្ជាក់ថា គិតក្នុងរយៈពេលជិត ៦ឆ្នាំកន្លងមកនេះ តាមរយៈ​គម្រោង​ពិពិធ​កម្ម​កសិកម្ម​កម្ពុជា (CASDP) រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតនូវឱកាសជាច្រើនដល់ប្រជាកសិករ ទាំង​ផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈ​ការ​រៀប​ចំ​ហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារណៈរបស់រដ្ឋ ដើម្បីរួម​ចំណែក​អភិវឌ្ឍន៍​វិស័យកសិកម្មនៅកម្ពុជា។ការលើកឡើងដូច្នេះរបស់ ឯកឧត្តម ឃឹម ហ្វីណង់ ខណៈដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា និង​សហគមន៍កសិកម្មចំនួន១៧ មកពី៨ខេត្តផ្សេងៗគ្នា មានដូចជា៖ សៀមរាប កំពង់ចាម ឧត្តរមាន​ជ័យ បន្ទាយមានជ័យ បាត់ដំបង តាកែវ ព្រៃវែង និងពោធិ៍សាត់ បានចុះហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀងក្នុ​ងការទទួលបានហិរញ្ញប្បទានសរុបជាទឹកប្រាក់ចំនួនជិត ៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារ ជាជំនួយឥតសំណង និងប្រមាណ ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប កាលពីថ្មីៗកន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម។ឯកឧត្តម បានលើកឡើងថា អ្វីដែលឃើញក្នុងពេលនេះ មិនថាតែ ១៧សហគមន៍ ឬក៏អ្វីដែលមើលរូបភាពជារួមក្នុងអំឡុងពេលដែលគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុវត្តពេញ ៦ឆ្នាំកន្លងមកនេះ គឺជាភស្តុតាងមួយដ៏សំខាន់បង្ហាញថា ក្រសួងកសិកម្ម ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ច្រើនជាមួយប្រជាកសិករទាំងអស់។ ឯកឧត្តម ឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ តាមរយៈគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានអនុម័តបូកទាំង១៧សហគមន៍ខាងលើនេះ សម្រេចបានចំនួន ១០១ផែនការអាជីវកម្មហើយ ក្នុងនោះប្រមាណជាង៦០ផែនការអាជីវកម្ម ជូនដល់សហគមន៍កសិកម្មទូទៅ និងជាង៤០ផ្សេងទៀត ជូនដល់សហគមន៍កសិកម្មទំនើប។ សូមបញ្ជាក់ថា គម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) បានត្រៀមថវិកាសរុបចំនួន ១០០លានដុល្លារ ក្នុងនោះ ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជាថវិកាទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក (World Bank) ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់ប្រជាកសិករ។ សូមជម្រាបជូនទៀតថា ការជួយដល់ប្រជាកសិករទាំងនេះ ដោយសារកង្វះទុនវិនិយោគ ខណៈពីមុនប្រជាកសិករដាំបន្លែនៅទីវាល ដែលធ្វើឱ្យមានការពិបាកក្នុងការដាំនៅរដូវក្ដៅ ពិបាកក្នុងការដាំខែភ្លៀង។ ហើយការដាំដុះភាគច្រើនស្ថិតនៅក្នុងខែត្រជាក់ ដែលនាំឱ្យការប្រមូលផលដំណាលគ្នា ធ្វើឱ្យតម្លៃមិនសូវល្អ។ ដូច្នេះ តាមរយៈគម្រោងនេះ បានផ្ដល់ទុនជាសម្ភារៈ តួយ៉ាងដូចជាការវិនិយោគលើផ្ទះសំណាញ់ និងប្រព័ន្ធស្រោចស្រពជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ត្រឹមខែមករាឆ្នាំនេះ ក្រសួងសិកម្ម អនុម័តផែនការអាជីវកម្មជួយសហគមន៍កសិកម្មចំនួន ១០១ គម្រោង គិតជាទឹកប្រាក់ជាង ២៩ លានដុល្លារអាមេរិក

2026/01/30 10:52:39 am        55
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងពិពិធកម្មកសិកម្មកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មមានគម្រោងច្រើន ដែលបន្តជួយដល់បងប្អូនប្រជាកសិករជាបណ្ដាក់តែម្ដង ក្នុងនោះជួយទាំងសហគមន៍កសិកម្មទូទៅ និងជួយទាំងសហគមន៍កសិកម្មទំនើប ដោយបានអនុម័តផែនការអាជីវកម្មជួយសហគមន៍កសិកម្មចំនួន ១០១ គម្រោង គិតជាទឹកប្រាក់ជាង ២៩ លានដុល្លារអាមេរិក។ ឯកឧត្តម ឃឹម ហ្វីណង់ ការបញ្ជាក់របស់លោកបែបនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងបំពេញបន្ថែមទុនវិនិយោគ រវាងគម្រោងពិពិធកម្មកសិកម្មកម្ពុជា និងសហគមន៍កសិកម្មចំនួន ១៧ មកពី៨ខេត្តផ្សេងគ្នាកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ។ ឯកឧត្តម បានឱ្យដឹង ជុំវិញមិទ្ធផលជាផ្លែផ្ការបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា រយៈពេលជិត ៦ឆ្នាំមកនេះ បានបង្កើតនូវឱកាសជាច្រើនដល់កសិករ ជាពិសេសផ្សាភ្ជាប់ទីផ្សារជូនប្រជាកសិករ តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍ ដែលជាការវិនិយោគសាធារៈរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបន្តថា ខណៈរហូតមកដល់ខែមករា ឆ្នាំ២០២៦នេះ ក្រសួងកសិកម្មបានអនុម័តផែនការអាជីវកម្មជំនួន ១០១ ផែនការអាជីវកម្ម ក្នុងនោះប្រមាណ ៦០ ផែនការអាជីវកម្មជួយទៅដល់សហគមន៍កសិកម្មទូទៅ និងជាង ៤០ ផែនការអាជីវកម្មទៀតបានជួយទៅដល់សហគមន៍កសិកម្មទំនើប។ បើគិតជាថវិកាសម្រាប់ជំនួយឥតសំណងលើគម្រោងពិពិធកម្មកសិកម្មកម្ពុជាបានជួយដល់សហគមន៍កសិកម្មទាំងអស់ក្នុងចំនួនថវិកាប្រមាណ ៨,២ លានដុល្លារ និងជួយជាកម្ចីឥណទានការប្រាក់ទាបចន្លោះជាង ២១ លានដុល្លារផងដែរ។ សូមបញ្ជាក់ថា សម្រាប់តែគម្រោងពិពិធកម្មមួយទេ ក្រសួងកសិកម្ម មានថវិកាសរុប ១០០លានដុល្លារ ហើយថវិកានេះជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហរិញ្ញប្បទានកម្ចីយោគយល់ពីធនាគារពិភពលោក តែជាថវិការបស់រាជរដ្ឋាភិបាល ដើម្បីយកមកប្រើប្រាស់ជាប្រយោជន៍ដល់បងប្អូនប្រជាកសិករ៕

ក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈត្រូវសមត្ថកិច្ចរាជធានីភ្នំពេញចាប់មកអប់រំ និងដកហូតម៉ូតូមករក្សាទុក៣ខែ

2026/01/30 10:34:04 am        179
ភ្នំពេញ ៖ ក្រុមក្មេងទំនើងដែលបានបង្ហោះម៉ូតូនៅតាមទីសាធារណៈ កាលពីពេលថ្មីៗ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ចាប់ឃាត់បានហើយ ដោយដកហូតម៉ូតូរក្សាទុក០៣ខែ ។ ដោយទទួលបានបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំស្រាវជ្រាវដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ក្មេងទំនើង១១នាក់ និងម៉ូតូ០៤គ្រឿង មកអប់រំណែនាំ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈប៉ះពាល់សណ្តាប់ធ្នាប់ កាលពីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ពានអាកាសផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ក្រុមឃាត់ខ្លួនក្មេងទំនើង១១នាក់ ៖ ទី១-ឈ្មោះ អានសុខនាង ហៅអិច ភេទប្រុសអាយុ១៨ឆ្នាំ , ទី២ឈ្មោះ ជីម សុខហ័រ ហៅ ហ័រ ភេទប្រុស អាយុ១៧ឆ្នាំ , ទី៣ឈ្មោះរឿង សៀវមុី ហៅ មុី ភេទប្រុស អាយុ១៦ឆ្នាំ , ទី៤ឈ្មោះ ជុម ធារ៉ាន ហៅ រ៉ាន ភេទប្រុស អាយុ១៦ឆ្នាំ, ទី៥ឈ្មោះ ផង សុផាដូ ហៅ ជី ភេទប្រុស អាយុ១៧ឆ្នាំ, ទី៦ឈ្មោះជ័យ វិរះ ភេទ ប្រុស អាយុ១៧ឆ្នាំ, ទី៧ឈ្មោះ ហ៊ិន ម៉េងសៀង ហៅ សៀង ភេទប្រុស អាយុ១៨ឆ្នាំ , ទី៨ឈ្មោះ ឈឿន ម៉ាកាលឹម ភេទប្រុស អាយុ១៨ឆ្នាំ ,ទី៩ឈ្មោះ ម៉ម ផានិត ហៅ និត ភេទប្រុស អាយុ ១៧ឆ្នាំ, ទី១០ឈ្មោះ អាត បូណា ភេទប្រុស អាយុ ២០ឆ្នាំ និងទី១១ឈ្មោះ ប្រាក់ មករា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានអញ្ជើញអាណាព្យាបាលមកទទួលនិងឲ្យធ្វេីកិច្ចសន្យាបញ្ឈប់សកម្មភាពបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ហើយសមត្ថកិច្ចក៏បានណែនាំអាណាព្យាបាលត្រូវយកចិត្តទុកដាក់អប់រំកូនៗរបស់ខ្លួនឲ្យបានល្អ កុំធ្វើកជាក្មេងទំនើងចំណែកម៉ូតញ០៤គ្រឿងដកហូតម៉ូតូរក្សាទុករយៈពេល ០៣ខែ នៅកន្លែសមត្ថកិច្ច ៕ លីហេង

រដ្ឋមន្រ្ដីក្រសួងការងារ ជំរុញឲ្យមន្រ្តីត្រូវបន្តផ្តល់សេវា ប.ស.ស. ជូនសមាជិក និងប្រជាពលរដ្ឋ​ឱ្យកាន់តែល្អថែមទៀត

2026/01/30 10:28:46 am        171
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញ​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិបាលនៃ​ ប.ស.ស. លើកទី៣ អាណត្តិទី២ ដើម្បីពិនិត្យផែនការ​យុទ្ធសាស្ត្រក្នុ​ងកា​រ​អនុវត្ត​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាពថែមទៀត។នៅក្នុងកិច្ចប្រជុំកាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពិនិត្យ និងកែសម្រួលឡើងវិញនូវផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកា ដើម្បីតម្រង់ទិសការអនុវត្តការងារលើដំណើរការរបស់ ប.ស.ស. គឺជាវិធានការដ៏ចាំបាច់បំផុត ក្នុងគោលដៅធានាឱ្យបាននូវប្រសិទ្ធភាព និងចីរភាពនៃវិស័យសន្តិសុខសង្គម ដើម្បីការពារផលប្រយោជន៍ជូនសមាជិក ប.ស.ស. ឱ្យបានកាន់តែប្រសើរ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់នូវមតិយោបល់ល្អៗ ក្នុងការកែលម្អនូវចំណុចខ្វះខាតកន្លងមក ក៏ដូចជាបានលើកជាសំណូមពរឱ្យ ប.ស.ស. ដំណើរការកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ទាំងអស់ ដែលបាននិងកំពុងខិតខំផ្តល់សេវាជូនសមាជិក និងប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ។ ជាមួយនេះ ឯកឧត្តម បានផ្តល់អនុសាសន៍ដល់សមាជិក សមាជិកាក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. សូមឱ្យបន្តបេសកកម្មដ៏ចាំបាច់នេះ ដើម្បីសម្រេចគោលដៅដែលបានរំពឹងទុក។ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញជម្រាបជូនអង្គប្រជុំពីវឌ្ឍនភាពនៃរបាយការណ៍ ផែនការយុទ្ធសាស្ត្រ និងគម្រោងថវិកាប្រចាំឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្តកន្លងមក។សូមបញ្ជាក់ថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំនោះរួមមាន៖ ១) ផែនការយុទ្ធសាស្ត្រថវិកា (៣ឆ្នាំរំកិល) ឆ្នាំ២០២៦-២០២៨ , ២) គម្រោងថវិកាប្រចាំឆ្នាំ២០២៦, ៣) សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃ ប.ស.ស., ៤) សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីលាភការមុខងារក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមនៃ ប.ស.ស. និង៥) បញ្ហាផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

មន្ទីរពេទ្យគន្ធបុប្ផា បានពិនិត្យ ពិគ្រោះ ព្យាបាលជំងឺកុមារជាង១លានករណីនៅឆ្នាំ២០២៥

2026/01/30 10:01:24 am        174
រយៈពេលពេញមួយឆ្នាំ២០២៥ មន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បាន​ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺកុមារចំនួន ១ ០៧១ ៦៣៧ករណី កើនឡើង១៤% បើ​ធៀប​​នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤កន្លងទៅ។ នេះ​បើ​តាម​របាយការណ៍​សង្ខេប​ស្ដីពី​សកម្មភាព​របស់មន្ទីរពេទ្យគន្ធបុប្ផាក្នុងឆ្នាំ២០២៥។ តាមរបាយការណ៍ មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ព្យាបាល​កុមារ​ដែល​សម្រាក​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរ​ពេទ្យ​ចំនួន ២៣៣ ២៤៣នាក់ និងព្យាបាលអ្នកជំងឺគ្រុនឈាមដែលសម្រាកក្នុងមន្ទីរពេទ្យចំនួន ២២ ៩៨២ករណី, ពិនិត្យ និងផ្ដល់សេវាតាមដានផ្ទៃពោះ និងដល់ស្រីមានផ្ទៃពោះចំនួន ១០៨ ១៣៤​ករណី, ផ្ដល់សេវាសម្រាលកូនដល់ស្រ្តីចំនួន ២៥ ៧៣៦នាក់, ផ្ដល់សេវាវះកាត់ទូទៅចំនួន ៣៤ ៨៨៩​នាក់ និងវះកាត់ជំងឺបេះដូងពីកំណើតចំនួន ១ ១៦៣នាក់។របាយការណ៍ដដែលបង្ហាញដែរថា ក្នុង២០២៥ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា៤៦ ១៨១ ៥២៣​ដុល្លារអាម៉េរិក ដើម្បីបន្តបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្រ្តីមាន​ផ្ទៃ​ពោះដោយ​ឥត​គិត​ថ្លៃ និងគ្មានការរើសអើង។គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ បានចាប់​ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ ​ចំណែកនៅសៀមរាប(មន្ទីរពេទ្យជ័យរវ្ម័នទី៧) ដំណើរការនៅឆ្នាំ១៩៩៩។មន្ទីរពេទ្យគន្ធបុប្ផាមានបេសកកម្មវេជ្ជសាស្ត្រឯកទេសព្យាបាលរោគកុមារទូទៅ សង្គ្រោះ​បន្ទាន់​ជំងឺ​កុមារ ​និងទារក និងទារកវិទ្យា, ផ្នែកសម្ភព, ឯកទេសជំងឺទឹកនោមផ្អែមកុមារ, ឯកទេស​ជំងឺ​បំពង់​រំលាយ​អាហារ​កុមារ, ឯកទេសជំងឺដុំមហារីក និងមហារីកឈាមស, សល្យសាស្ត្ររោគកុមារទូទៅ និង​សល្យសាស្ត្រប្រព័ន្ធប្រសាទ, សល្យសាស្ត្រផ្នែកជំងឺបេះដូងកុមារ, ផ្នែក​ព្យាបាល​អន្តរាគមន៍​តាម​សរសៃឈា​ម, ឯកទេសព្យាបាលជំងឺ Épilepsie, ផ្នែកអប់រំសុខភាពបឋម និងចាក់ថ្នាំបង្ការ។លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផា ធ្លាប់បានថ្លែងថា មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​បាន​ព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារ​ដែល​ធ្លាប់​ទទួល​បាន​ការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និង​ខ្លះ​ទៀត​បានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ ជានិច្ចកាល លោកជំទាវស្ត្រីទី១ តែង​តែ​អំពាវ​នាវ​ឱ្យ​សប្បុរស​ជន​បរិច្ចាគ​ថវិកា​ចូលក្នុង​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា សម្រាប់ទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យ ឱ្យបានបំពេញបេសក​កម្ម​ដ៏​ថ្លៃ​ថ្លា​សង្គ្រោះ​ជីវិត​កុមារ​កម្ពុជា។ លោកជំទាវបណ្ឌិត បានចាត់ទុកការ​បរិច្ចាគ​រប​ស់ស​ប្បុរស​ជន​នានា​ជូន​មន្ទីរ​ពេទ្យ​ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបាន​ជួយ​ស្រោច​ស្រង់​អាយុ​ជីវិត​កុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបាន​ជួយ​សង្គម​ជាតិ​៕ អត្ថបទ៖ គឹម ហុក

មជ្ឈមណ្ឌលអាស៊ាន-ចិន ប្តេជ្ញាបន្តចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ កម្ពុជា-ចិន ដើម្បីជំរុញភ្ញៀវទេសចរចិនមកកម្ពុជាបន្ថែមទៀត

2026/01/30 09:50:06 am        167
នាឱកាសវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៦, នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម SHI ZHONGJUN អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន ជួបពិភាក្សាការងារទ្វេភាគី។ ជាកិច្ចចាប់ផ្តើម, ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន ក៏ដូចជាលទ្ធផលការងារដែលសម្រេចបាននាពេលកន្លងមក ដែលបានជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា ដូចជាការបណ្តុះបណ្តាល, ការរៀបចំ FAM TRIP និងការជំរុញនាំភ្ញៀវចិនមកកម្ពុជាតាមរយៈក្រុមហ៊ុនទេសចរណ៍របស់ចិន។ ជាមួយគ្នានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគីចិន អំពីគោលការណ៍អនុញ្ញាតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងអំឡុងរយៈពេលសាកល្បង៤ ខែ (ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ព្រមទាំងបានស្នើសុំមជ្ឈមណ្ឌលចិនអាស៊ាន បន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតជាមួយភាគីកម្ពុជា ដើម្បីអនុវត្តគម្រោងសាកល្បងនេះ និងឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦ ឱ្យបានជោគជ័យ។ ជាការឆ្លើយតប, ឯកឧត្តមអគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-ចិន បន្តបេ្តជ្ញាជួយលើកកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយកម្ពុជា មានជាអាទិ៍ ការជួយកៀរគរវិនិយោគិននិងទេសចរចិនបន្ថែមទៀតមកកម្ពុជា, ការរៀបចំវគ្គបណ្តុះបណ្តាលសម្រាប់មគ្គុទេសក៍ទេសចរណ៍ និងការបណ្តុះបណ្តាលផ្សេងៗទៀតតាមតម្រូវការរបស់កម្ពុជា, ការគាំទ្រដល់ការអនុវត្តសកម្មភាពនានាដែលស្ថិតនៅក្នុងក្របខណ្ឌនៃឆ្នាំទេសចរណ៍កម្ពុជា ចិន ២០២៥-២០២៦, ការជំរុញការតភ្ជាប់ជើងហោះហើរត្រង់ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាសុវត្ថិភាពទេសចរនៅតាមបណ្តាញសង្គម។ ក្នុងន័យនេះ មជ្ឈមណ្ឌលអាស៊ាន-ចិន ក៏បានអញ្ជើញភាគីកម្ពុជា ចូលរួមក្នុងវេទិកាស្តីពីការលើកកម្ពស់សុវត្ថិភាពនិងសន្តិសុខទេសចរណ៍ ដែលនឹងរៀបចំឡើងនៅប្រទេសចិនក្នុងឆ្នាំ២០២៦នេះ។ កម្ពុជា រីករាយស្វាគមន៍ចំពោះការអញ្ជើញនេះ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈវេទិកាតំបន់នេះ, កម្ពុជា នឹងលើកកម្ពស់ការផ្សព្វផ្សាយបន្ថែមទៀតឱ្យបានទូលំទូលាយទៅកាន់ទីផ្សារចិន និងទីផ្សារតំបន់ ក៏ដូចជាពិភពលោក ថាកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពនិងមានសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងត្រៀមខ្លួនរួចរាល់ដើម្បីទទួលស្វាគមន៍ទេសចរពីគ្រប់ទិសទីមកកម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM