អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ
គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

ព័ត៌មានជាតិ

សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ចុះ MoU ជាមួយក្រសួងទេសចរណ៍ពង្រឹង​សមត្ថភាពមន្រ្តី

2026/01/26 01:03:10 pm        286
សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២៦ ខែ​មករានេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន​ក្រុម​ប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល និងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ការចុះអនុស្សរណៈនៅពេលនេះ គឺផ្តោត​លើ​ការ​បង្កើតកិច្ចសហប្រតិបត្តិការ និងលើក​កម្ពស់​ការ​គាំ​ទ្រ​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ពាក់​ព័ន្ធនឹ​ង​ការ​អភិវឌ្ឍ​សមត្ថភាព, ការបណ្តុះបណ្តាល, គម្រោងសិក្សាស្រាវជ្រាវ និងសកម្មភាពផ្សេងៗ ដោយ​ផ្អែក​លើ​គោលការណ៍ពិគ្រោះ យោបល់ ឯកភាពគ្នា សមភាព យុត្តិធម៌ និងផ្ដល់​អត្ថ​ប្រយោជន៍​ដល់​គូភាគី​ទៅ​វិញទៅមក។ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា កិច្ចសហប្រតិបត្តិការ​រវាង​សាលា​ភូមិន្ទ​រដ្ឋបាលនៃក្រសួងមុខងារសាធារណៈ និងក្រសួងទេសចរណ៍ក្នុងពេលនេះ គឺពិត​ជាឆ្លើ​យ​តប​ចំ​គោល​ដៅរ​បស់ក្រសួងទាំងពីរ និងរាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ​ដំណាក់​កាល​ទី១​ ដោយផ្តោតទៅលើអាទិ ភាពគន្លឹះចំនួន៥ រួមមាន៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេក​វិទ្យា​។ដោយផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នា សាលាភូមិន្ទរដ្ឋបាល នៃក្រសួង​មុខ​ងារ​សាធារណៈ ​និងក្រសួងទេសចរណ៍ នឹងឯកភាពក្នុងការផ្ដល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បី​អភិវឌ្ឍ​សមត្ថភាព មន្ត្រីរាជការ នៃក្រសួងទេសចរណ៍ តាមរយៈគោលការណ៍៦ចំណុចរួមមាន៖ ទី១.​ការសហការរៀបចំវគ្គបណ្ដុះ បណ្ដាលពង្រឹងសមត្ថភាពជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។ ទី២.​ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងបទ ពិសោធការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទី៣.ការអនុវត្តគម្រោងសហប្រតិបត្តិការផ្សេងៗទៀត ទី៤. ការចូលរួម និងការរៀបចំសន្និសីទ សិក្ខា​សាលា និងព្រឹត្តិការណ៍នានា ទី៥.ការលើកកម្ពស់កិច្ចសហប្រតិបត្តិ ការសិក្សាអប់រំ​ផ្សេង​ទៀត​តាម​ការឯកភាពគ្នា និងទី៦.ការផ្លាស់ប្ដូរវាគ្មិនសម្រាប់បង្រៀនទៅវិញទៅមក៕ អត្ថបទ៖ ទូច សោភ័ណ 

រាជរដ្ឋាភិបាលបានបំពេញការងារយ៉ាងសកម្មបំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

2026/01/26 12:53:55 pm        184
គិតចាប់តាំងពីកម្ពុជាទទួលរងសង្គ្រាមឈ្លានពានពីប្រទេសថៃកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ​២០២៥មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូត​ដល់​ក្រសួង និងស្ថាប័ន​នានា​ដែល​ជា​សេនាធិការ​របស់​រាជ​រដ្ឋាភិបាល​បាន​បំពេញ​ការងារ​យ៉ាង​សកម្ម​បំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ក៏ដូចជាការយកចិត្ត​ទុក​ដាក់​ជួយ​ប្រជា​ពលរដ្ឋភៀសសឹកដោយចាត់ទុកជាកិច្ចការងារអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ នេះ​បើ​តាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះថា គិតចាប់តាំង​ពី​កម្ពុជា​ទទួល​រង​សង្គ្រាម​ឈ្លាន​ពាន​ពី​ប្រទេស​ថៃ​កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មក ទាំងថ្នាក់ដឹកនាំ ទាំងអាជ្ញាធរគ្រប់​លំដាប់​ថ្នាក់ ​ចាប់តាំងពីអាជ្ញាធរមូលដ្ឋាន រហូតដល់ក្រសួង និង​ស្ថាប័ន​នានា​ដែល​ជា​សេនា​ធិការ​របស់​រាជ​រដ្ឋាភិបាល​បានបំពេញការងារយ៉ាងសកម្មបំផុតដើម្បីការពារអធិបតេយ្យភាពជាតិ បូរណ​ភាព​ទឹ​ក​ដី​ ក៏ដូចជាការយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋភៀសសឹក ដោយចាត់​ទុក​ជា​កិច្ច​ការ​ងារ​អាទិភាព​ចម្បង​បំផុត​របស់រាជរដ្ឋាភិបាល។ជាក់ស្តែងក្នុងអំឡុងពេល៦ខែចុងក្រោយនេះ ក្រសួងនិងស្ថាប័ន​នានា​របស់​រាជ​រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ ញ្ញតិថ្កោលទោស និង​លិខិត​បក​ស្រាយ ឬលិខិតបំភ្លឺឆ្លើយតបផ្សេងៗ គ្រប់ទម្រង់សរុបចំនួនជិត ៧០០ លើកក្នុងនោះមានដូចជា ក្រសួង​ការពារជាតិចំនួន ៣៨៣ លើក, ក្រសួងមហាផ្ទៃចំនួន ៨៣ លើក, ក្រសួង​វប្បធម៌ និង​វិចិត្រ​សីល្បៈ​ចំនួន ៦៤លើក, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ៤៩លើក, គណៈ​កម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ២៧ លើក, អាជ្ញាធរកម្ពុជា​គ្រប់​គ្រង​សកម្ម​ភាព​កម្ចាត់​មីន​ និង​សង្គ្រោះ​ជ​នពិការដោយសារមីន ២៥លើក, រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន២០ លើក, មជ្ឈ​មណ្ឌល​ម្ចាត់​មីនកម្ពុជា ១៦ លើក និងក្រសួងធម្មការនិងសាសនាចំនួន១លើក។ដោយឡែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលសហការណ៍ជាមួយក្រសួង ស្ថាប័ននានា ដោយ​មាន​ការ​សម្របសម្រួលពីបញ្ជាការដ្ឋានព័ត៌មានក៏បានរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) ប្រចាំ​ថ្ងៃ​ចំនួនជិត ២០០ លើកដើម្បីផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋឬឆ្លើយតបជាមួយភាគីថៃ និង​បញ្ជាក់​ជំហរ​ច្បាស់​លាស់​របស់​កម្ពុជា​ចំពោះ​ការ​ការ​ពារ​អធិបតេយ្យភាព និង​បូរណ​ភាព​ទឹក​ដី​ជូន​ដល់​ប្រជា​ពលរដ្ឋខ្មែរក៏ដូចជាសហគមន៍អន្តរជាតិបានជ្រាប។ក្រៅពីនោះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក៏បានធ្វើ​បទ​បង្ហាញ​ចំនួន​១៤​លើក​ជូន​ប្រធាន និង​តំណាង​នៃ​ស្ថាន​បេសក​កម្មការ​ទូត និង​អង្គការ​អន្តរជាតិ​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​វិវត្តន៍​ស្ថាន​ការណ៍តាមបណ្តោយព្រំដែនកម្ពុជាថៃ និងបានដឹកនាំអង្គទូត និង​អង្គការ​អន្តរជាតិ​ចុះ​ពិនិត្យ​មើល​ស្ថានភាពជាក់ស្តែងតាមបណ្តាខេត្តជាប់ព្រំដែនបាន៤លើក។ ចំណែកស្ថានតំណាងកម្ពុជានៅក្រៅប្រទេសក៏បានធ្វើចលនាការទូតយ៉ាងសកម្មដើម្បីឱ្យបណ្តាប្រទេស​ជា​មិត្ត និងសហគមន៍​អន្តរជាតិ​បាន​យល់​ពី​ការ​ពិត និង​ពី​ជំហរ​ដ៏​ត្រឹម​ត្រូវរ​បស់​កម្ពុជា​ក្នុង​ការ​ការពារ​អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី​របស់​ខ្លួន​ដោយ​សន្តិ​វិធី​តាមគោល​ការណ៍​ច្បាប់​អន្តរជាតិ​។ក្រសួងការពារជាតិក៏បានសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា និងអ្នក​សង្កេត​កា​រ​ណ៍អា​ស៊ាន(AOT)ចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍​អំពី​ស្ថាន​ភាព​នៅ​តាម​ព្រំដែន​ជា​បន្តបន្ទាប់ និងសម្របសម្រួលកិច្ចប្រេជុំ RBC និង GBC ជាច្រើនលើកទៀត។ ដោយ​ឡែក ​ក្រសួងព័ត៌មានក៏បានសម្របសម្រួលឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជា​ច្រើន​ចុះ​ទៅ​ដល់​តំបន់​ព្រំដែន​ដើម្បី​រាយ​ការណ៍​ព័ត៌មាន​អំពី​ការ​ខូច​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស៊ីវិល និង​ផល​ប៉ះ​ពាល់​លើជ​នស៊ីវិល​ស្លូត​ត្រង់​កម្ពុជា​ដោយ​សារ​ការ​វាយ​ប្រហារ​ពី​យោធា​ថៃ​បំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពកម្ពុជា។ ទាំងអស់នេះសបញ្ជាក់អំពីការងារយ៉ាងសកម្ម មោះមុត ម៉ត់ចត់ និង​គ្រប់​ជ្រុង​ជ្រោយ​របស់​រាជ​រដ្ឋាភិបាល​លើ​គ្រប់​ចំណុច​ទាំង​អស់​ដោយ​គ្មាន​ខ្វះ​ចន្លោះ​ឬ​ធ្វេស​ប្រហែស​ឡើយ។ងាក​ទៅមើលប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី រាប់ទាំងព្រះសង្ឃ អ្នកសារព័ត៌មាន និង​អ្នក​មានឥទ្ធិពលក្នុងបណ្តាញសង្គម បានបង្ហាញស្មារតីស្នេហាជាតិ និងសាមគ្គីភាពយ៉ាង​រឹង​មាំ​ដោយ​រួម​គ្នាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹក​ដី​យ៉ាសក​ម្មក្លៀវ​ក្លា​ជាមួ​យ​រាជ​រដ្ឋាភិបាល​។ ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែរត្រូវបានធ្វើឡើងតាមគ្រប់រូបភាព ទាំងនៅលើ​បណ្តាញ​សង្គម​ នៅតាមវេទិកាសាធារណនានា ក៏ដូចជាការប្រមូលផ្តុំគ្នាដើម្បីបញ្ចេញសំឡេងតវ៉ា និង​ការ​ស្វះ​ស្វែង​រក​អន្ត​រាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឱ្យ​ដឹង​លឺ និង​ជួយ​គាំទ្រ​បុព្វ​ហេតុ​ដ៏​ត្រឹម​ត្រូវ​របស់​កម្ពុជា​ក្នុង​ការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដី តាមគោលការណ៍​ជាមូល​ដ្ឋាន និង​មិន​អាច​បដិសេធបាននៃច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំង។ និយា​យ​ជារួម ទីណាមានប្រជាពលរដ្ឋខ្មែររស់នៅ ទីនោះមានសំឡេងការពារអធិបតេយ្យភាព និង​បូរណ​ភាពទឹកដីកម្ពុជាលាន់លឺយ៉ាងកងរំពង។ បន្ថែមពីលើនេះ សកម្មភាព​សប្បុរស​ធម៌​ដើម្បី​ជួយ​ដល់​វីរ​កងទ័ព និងវីរនគរបាលជាតិដែលឈរជើងនៅជួរមុខ ក៏ដូចជាជួយដល់ជនភៀសសឹក ក៏​កើត​មាន​យ៉ាងគគ្រឹគគ្រេងពីគ្រប់មជ្ឈដ្ឋាន។ នេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការការពារអធិបតេយ្យភាព និងបូរណភាព​ទឹក​ដី​កម្ពុជា​តាមរយៈ​ការរក្សា​ជំហរ​រឹង​មាំ​ និង​ស្រុះគ្នា​ជាសំឡេង​តែ​មួយ​រវាង​រាជរដ្ឋាភិបាល និង​ប្រជា​ពលរដ្ឋ​ដែល​ជា​កម្លាំងសាមគ្គី​ដ៏​រឹ​ង​មាំ​នៃ​ម​ហា​គ្រួសារ​ខ្មែរ​ ដើ​ម្បី​ថែ​រក្សា​ការពារ​បូរណភាព​ទឹកដី​ក្នុង​ដែន​អធិប​តេយ្យស្រ​បច្បាប់របស់ខ្លួនយ៉ាងប្តូរផ្តាច់បំផុតនិងឥតងាករេ។អ្នកនាំពាក្យរាជ​រដ្ឋាភិបាលកម្ពុជា បញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺ​ង​ម៉ាត់​ក្នុង​ការ​ការពា​រ​ខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯក​សារ​ពាក់​ព័ន្ធ​នានា​ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទ​ទួល​ស្គាល់​នូវ​ការ​កែប្រែខ្សែ​ព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ៕ 

សម្ដេចតេជោ ជំរុញកម្ពុជានិងឡាវបន្តខិតខំពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ​ជាមួយ​គ្នា​ឱ្យ​ស្រប​ទៅ​នឹងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

2026/01/26 12:45:16 pm        237
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា និងឡាវ បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ពង្រី​ក​លើវិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិ​ស័យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​បន្ថែម​ទៀត​ ដើម្បីឱ្យសមស្របទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំង​ទំនាក់​ទំនង​ផ្នែក​សេដ្ឋកិច្ច ​និងនយោបាយ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានជំរុញបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ប៊ួកែវ ភុំវង្សសាយ (Buakeo Phumvongsay) ឯក​អគ្គ​រដ្ឋទូត នៃ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​ប្រជា​មានិត​ឡាវប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ​២០២៦​នេះ ​នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភារាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ក្នុង​ឱកាស​នោះ​សម្ដេច​តេជោ ​បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹង ឯកឧត្តម ឯក​អគ្គ​រដ្ឋ​ទូត​នៃសា​ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា សារជាថ្មី ដោយសម្ដេច​តេជោ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះបេសកកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុង​ពេល​បំពេញ​បេសក​កម្ម​នៅ​កម្ពុជា​ ដោយបាននាំ​នៅ​ទំនាក់ទំនងរវាងកម្ពុជា និង​ឡាវ​ឱ្យ​កាន់​តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត​។ ក្នុង​ឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំ​កម្ពុជា​ បានសម្ដែងនូវក្ដីអរគុណ​ជាអនេក​ដែលសម្ដេចតេជោ​បានអនុញ្ញាតឱ្យឯកឧត្តម និង​សហ​ការី​បាន​ជួប ដើម្បី​ជម្រាបលាក្នុងឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​ចាត់​ទុក​ប្រទេស​កម្ពុជា​ គឺជាផ្ទះទីពីររបស់ឯកឧត្តម ដោយឯកឧត្តមបានបញ្ជាក់ថា ក្នុង​ពេល​បំពេញ​បេសក​កម្ម​ការងារ​នៅ​កម្ពុជា​រយៈ​ពេល​បួន​ឆ្នាំ ឯកឧត្តម​មាន​អនុស្សាវរីយ៍​ជា​ច្រើន​ជា​មួយ​ប្រជាជន​កម្ពុជា​ជា​ពិសេស​ប្រទេសក​ម្ពុជាតែម្ដង។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងឡាវ ដោយ​បាន​បញ្ជាក់​ថា ​ក្នុងឱកាសបំពេញបេសកកម្មទូតនៅកម្ពុជានេះ ឯកឧត្តមបានពង្រីកទំនាក់ទំនងរវាងកម្ពុជា និង​ឡាវ​ឱ្យមានភាពល្អប្រសើរ និងការផ្លាស់ប្ដូរ​នូវ​ដំណើរ​ទស្សន​កិច្ច​ថ្នាក់​ដឹក​នាំ​រវាង​ប្រទេស​ទាំង​ពីរ​ជា​បន្ត​បន្ទាប់​។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរីករាយចំពោះទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវ និង​សម្ដេច​ការ​ពេញចិត្តចំពោះអ្វីដែល ឯកឧត្តម ឯកអគ្គរដ្ឋទូត បានលើកឡើង ជាពិសេស​ការ​ផ្លាស់​ប្ដូរ​នូវ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ។ ក្នុងឱ​កាសនោះសម្ដេចតេជោ ក៏បានជំរុញបន្ថែមទៀតឱ្យឡាវ និងកម្ពុជា បន្ត​ខិត​ខំ​ប្រឹង​ប្រែង​ពង្រីក​លើ​វិស័យពាណិជ្ជកម្ម វិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចប្រទេសទាំងពីរតែម្ដង ដើម្បី​ឱ្យ​សម​ស្រប​ទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ទាំងទំនាក់ទំនងផ្នែកសេដ្ឋកិច្ច និង​នយោបាយ​។ សម្ដេចតេជោ បានបញ្ជាក់ថា នៅពេលដែលទំនាក់ទំនងល្អទាំងផ្នែកសេដ្ឋកិច្ច និង​នយោបាយ​រវាងប្រទេស​ទាំ​ង​ពីរ​មាន​ការ​កើន​ឡើង​នោះ​នឹ​ង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ភាពរឹងមាំបន្ថែមទៀត។ ជាចុងក្រោយសម្ដេចតេជោ បានជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋ​ទូត​ឡាវ​ឱ្យ​ទទួល​ជោគជ័យ​លើ​កិច្ច​ការងារ​បន្ត​ទៀត និងសង្ឃឹមថាវិលត្រឡប់​មក​ទស្សន​កិច្ច​​នៅ​ប្រទេស​កម្ពុជា​នៅ​ពេល​ណាមួ​យ​បន្ថែម​ទៀត​៕ 

ពលករច្រើននាក់បានទទួលការងារធ្វើក្នុងវេទិកាការងារនៅក្នុងខេត្តបាត់ដំបង និង​បន្ទាយ​មានជ័យ កាលពីចុងសប្ដាហ៍មុន

2026/01/26 12:35:50 pm        144
បន្ទាយមានជ័យ-បាត់ដំបង៖ អតីតពលករច្រើននាក់ដែលបានវិលត្រឡប់មកពីប្រទេសថៃ បាន​ទទួលកា​រងារធ្វើ តាមរយៈវេទិកាការងារដែលត្រូវបានរៀបចំនៅក្នុងខេត្តបាត់ដំបង និង​បន្ទាយ​មានជ័យ កាលពីចុងសប្ដាហ៍មុន។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល និងរោងចក្រ​សហ​គ្រាស​នានា​ដែលបានផ្ដល់ឱ កាសការងារដល់ពួកគេ។ក្នុងស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» វេទិកាការងារ សន្តិសុខសង្គម និង បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០២៦ នៅ​ក្នុង​ស្រុកបវេល និងស្រុកមោងឫស្សី ខេត្តបាត់ដំបង និងស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ដើម្បីផ្ដល់ឱកាសការងារដល់អតីតពលករវិលត្រឡប់មកពីថៃ និងយុវជន​ក្នុង​មូល​ដ្ឋាន​ឱ្យទទួលបាន ការងារធ្វើភ្លាមៗ និងចុះឈ្មោះរៀនជំនាញបច្ចេកទេស។ប្រជាពល​រដ្ឋដែលសម្ភាសន៍ការងារជាប់ បានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានការ ងារ​ធ្វើ​ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ។ ពួកគេបានថ្លែងអំណរគុណរាជរដ្ឋាភិបាល តាម​រយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំ​យក​ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​ដល់​មូលដ្ឋានផ្ទាល់តែម្ដង។ពួកគេបានបញ្ជាក់​ផ្ដាំតកូនចៅឈប់វិលទៅធ្វើការងារនៅប្រទេសថៃវិញហើយ ព្រោះក្នុងស្រុកមាន ការងារ​ច្រើនកន្លែង សុវត្ថិភាព ប្រាក់ខែសមរម្យមិនចាញ់នៅប្រទេសថៃ ពិសេស​គឺ​បា​ន​នៅ​ជិត​ជុំ​គ្រួសារ​។ សូមជម្រាបថា វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរ​ជួយ​រក​ការងារ និងផ្ដល់ការងារឱ្យខ្មែរ» ដែលរៀបចំដោយក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ គឺវេទិកាជំនួបដ៏ធំមួយរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើស​រើស បុគ្គលិក សម្ភាស និងទទួលបានការងារភ្លាមៗនៅមូលដ្ឋានផ្ទាល់តែម្តង តាមរយៈក្រុម​ហ៊ុន​ធំ​ៗ​ដែលត្រូវការ កម្លាំងពលកម្មបន្ថែម ដើម្បីកុំឱ្យបងប្អូនពិបាកចំណាយពេលវេលា និង​ថវិកា​ក្នុ​​ងការធ្វើដំណើរទៅឆ្ងាយ៕ 

ក្រសួងមុខងារសាធារណៈ បន្តចុះត្រួត​ពិនិត្យ​ដំណើរ​ការ​ជំរឿន​មន្ត្រី​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ

2026/01/26 12:25:38 pm        181
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០២៦ បាន​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​ដំណើរ​ការ​ជំរឿ​ន​មន្ត្រី​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ។​ ការចុះត្រួតពិនិត្យដំណើរការជំរឿននេះ ធ្វើឡើងនៅទីតាំងវិទ្យាល័យ ជាស៊ីម បឹង​កេង​កង​ រាជធានីភ្នំពេញ។ជាការតាមដានដំណើរការជំរឿន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈនៅថ្ងៃនេះ បានអញ្ជើញ​ដឹក​នាំក្រុ​ម​ការងា​រ​ចុះត្រួ​ត​ពិនិត្យ​ការ​ងារ​ជំរឿន​នៅ​ទី​តាំង​វិទ្យាល័យជាស៊ីមបឹងកេងកង ដោយផ្ទាល់។ សម្រាប់ការចាប់ផ្ដើមដំណើរការជំរឿននេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋ​មន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ធ្លាប់បានលើកឡើងថា នេះជាការងារដែល​ប្រមូល​ទិន្នន័យ​មន្ត្រី​ជាក់​ស្ដែង​កាន់​តែ​ច្បាស់​លាស់ និងមានការឯកភាពគ្នាពីរចនាសម័្ពន្ធ និងមន្ត្រីបម្រើការងារជា​ក់​ស្ដែង​នៅ​តាម​អង្គភាព​។ជាទិន្នន័យមូលដ្ឋានសំខាន់សម្រាប់ឈានទៅការដោះស្រាយបញ្ហាខ្វះមន្ត្រីតាមរយៈការប្រឡងជ្រើស​រើសដើម្បីទៅបំពេញបន្ថែមឱ្យចំគោលដៅ។ នេះជាចំណែកដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាព និង​លើកកម្ពស់សេវាសាធារណៈនៅមូលដ្ឋាន។ ជាក់ស្ដែង ក្នុងឆ្នាំ ២០២៥កន្លងទៅ ក្រសួង​មុខ​ងារ​សាធារណៈ ក៏បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ក៏​ដូច​ជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ដើម្បីទៅបំពេញការខ្វះខាតមន្ត្រីផងដែរ។ក្រសួងមុខងារសាធារណៈ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៧ ទទួល​ខុស​ត្រូវ​លើ​កំណែ​ទ​ម្រង់រដ្ឋបាលសាធារណៈ។ ចាប់រាប់ពីដំណាក់កាលដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី ៧​មក​ទល់​បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ បានបំពេញការងារជាច្រើនជាបន្តបន្ទាប់។ ចាប់​ផ្ដើម​ដំបូង​ដោយ​ការកែលម្អរប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រី ការវិភាគមុខងារ និងហេដ្ឋា​រចនា​សម័្ព​ន្ធ​តាម​ក្រសួង​ស្ថាប័ន និងការងារបន្ទាប់ជាការធ្វើជំរឿនមន្ត្រីរាជការស៊ីវិល ដែលអនុវត្តនាពេលនេះ។ការអនុវត្តការងារជំរឿនចាប់ផ្ដើមដំបូងនៅតាមក្រសួងស្ថាប័ន រួច​បន្ត​ការ​ធ្វើ​ជំរឿន​គ្រូ​បង្រៀន​នៅ​តា​​ម​គ្រឹះស្ថានសិក្សាសាធារណៈ ក៏ដូចជាជំរឿន​លើ​មន្ត្រី​បម្រើ​ការ​នៅ​តាម​អង្គ​ភាព​សុខាភិបាល​សាធារណៈ។​ជំរឿនគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក៏​ដូច​ជា​ជំរឿន​លើ​មន្ត្រី​បម្រើ​ការ​នៅ​តាម​អង្គភាព​សុខាភិបាលសាធារណៈ ចាប់ផ្ដើមនៅថ្ងៃដំណាលគ្នា ដោយផ្ដើមពី​សាលា​រៀន​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​ដូនពេញ និងអង្គភាពសុខាភិបាលសាធារណៈ ក្នុងមូលដ្ឋានការិយាល័យសុខាភិបាល ស្រុក​ប្រតិបត្តិចតុមុខ៕ អត្ថបទ៖ គឹម ហុក 

ធនាគារជាតិបោះផ្សាយមូលបត្ររដ្ឋឆ្នាំ២០២៥ បានចំនួនសរុប ៧០លានដុល្លារអាម៉េរិក

2026/01/26 12:17:29 pm        232
ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២៥ បានបោះផ្សាយមូលបត្ររដ្ឋចំនួន ១១ លើក មាន​ទំហំ​ទឹក​ប្រាក់​សរុបជាង ៤១០ ប៊ីលានរៀល ត្រូវប្រមាណ ៧០ លានដុល្លារអាម៉េរិក ក្នុងផែន​ការ​ដែល​បាន​កំណត់ ១២៣លានដុល្លារអាម៉េរិក។ធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ បានបន្តចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ដោយ​បាន​សម្រប​សម្រួលដល់ការ បោះផ្សាយមូលបត្ររដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មាន​ចំនួន​១១​លើក ក្នុងទំហំទឹកប្រាក់សរុបជាង ៤១០ ប៊ីលានរៀល និង ៧០ លានដុល្លារអាមេរិក ក្នុង​ផែន​ការ​ដែល​បានកំណត់ ១២៣ លានដុល្លារអាម៉េរិក, ក្នុងនោះទូទាត់គូប៉ុងសរុបមានចំនួន ៤០ លើក និង​ទូទាត់ប្រាក់ដើមចំនួន ៦ លើក, នេះបើយោងតាមរបាយការណ៍ត្រួតពិនិត្យប្រឆ្នាំ២០២៥ របស់​ធនាគារជាតិនៃកម្ពុជា។ចំពោះមូលបត្ររដ្ឋឥណប្រតិទាន ១ ឆ្នាំ, មានអត្រាគូប៉ុងជាមធ្យម ២,៧៥% និង​អត្រា​ចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,១៥%, ឥណប្រតិទាន ២ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,២០%, ឥណ​ប្រតិទាន ៣ ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៣,៤៨% និង អត្រាចំណូល​ដេញ​ថ្លៃ​ឈ្នះជា​មធ្យម ៣,៩៩%, ឥណប្រតិទាន៥ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,២១% និងអត្រា​ចំណូល​ដេញ​ថ្លៃ ឈ្នះជាមធ្យម ៤,៥% ហើយឥណប្រតិទាន ១០ឆ្នាំ មានអត្រាគូប៉ុងជាមធ្យម ៤,៦០%។លើសពី​នេះ ធនាគារជាតិនៃកម្ពុជា បានសម្របសម្រួលឱ្យគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារ ដែល​ជាអន្តរការីមូលបត្ររដ្ឋ ចំនួន១ (ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ស៊ីឃ្យូរីធី ម.ក) ចូលជា​សមាជិក​ថ្នាល ​NBCP ហើយបានចូលរួមដេញថ្លៃមូលបត្ររដ្ឋ ដោយជោគជ័យ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ​២០២៥ នៃការបោះផ្សាយលក់មូលបត្ររដ្ឋលើកទី៣៩។ ទន្ទឹមនេះ, ក្រុមការងារមូលបត្ររដ្ឋ ធនាគារ​ជាតិ នៃកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយអន្តរការីមូលបត្ររដ្ឋចំនួន ១ និងបាន​ចូល​រួម​សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងកម្មវិធី​ផ្សព្វផ្សាយ​លក់​មូល​បត្រ​រដ្ឋ​ដល់​វិនិយោគិន​សក្ដានុពលចំនួន ២ដង ដើម្បីបន្តជំរុញការចូលរួមបន្ថែមពីបណ្តវិនិយោគិន។ចំណែក​នៅ​ក្នុងឆ្នាំ២០២៦នេះ, រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំ​ទឹក​ប្រាក់ ២ ១១៤ ប៊ីលានរៀល សមមូល នឹងប្រមាណ ៥២៤ លានដុល្លារអាម៉េរិក ដើម្បីផ្តល់​ចំណូល​ដោយ​ត្រង់មករាជរដ្ឋាភិបាល ក្នុងគោលដៅធានាដល់ការវិនិយោគ និង ចីរភាព នៃ​ការ​គ្រប់​គ្រង​បំណុល និងថវិកាជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញជូនអតិថិជនមានចំនួន ៥,៣ ប៊ីលាន​ដុល្លារ

2026/01/26 12:08:32 pm        224
គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំឥណទានឡើងវិញជូនអតិថិជន ក្នុង​ឆ្នាំ២០២៥ មាន​ចំនួន ៥,៣ ប៊ីលានដុល្លារអាម៉េ រិក ស្មើប្រមាណ ៨,៣ ភាគរយ នៃឥណទានសរុប និង​បាន​លុប​ចោល​ឥណទាន ៨០លានរៀល សម្រាប់យោធិនពលី និង ១០ លានរៀល សម្រា​ប់​យោធិន​ពិការ​ក្នុង​សមរភូមិ។លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើក​ឡើង​នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំ២០២៦ របស់ធនាគារជាតិនៃកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លង​មកថា នៅក្នុងស្មារតីសាមគ្គីភាពមនុស្សធម៌ និងស្រប តាមគោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការជួយសម្រួលបន្ទុកដល់យោធិនសមរភូមិ និងប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជម្លោះព្រំដែនកម្ពុជា-ថៃ, ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ណែនាំ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ឱ្យរៀបចំឥណទានឡើងវិញ និងផ្តល់ អនុគ្រោះផ្សេងៗទៀតសម្រាប់អតិថិនទូទៅ ជន​ភៀសសឹក ពលករប្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ ក្នុង​សមរភូមិ​ប្រយុទ្ធ​ជាដើម។ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥, គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានបន្តរៀបចំ​ឥណទាន​ឡើង​វិញ​ជូន​អតិថិជនមានចំនួន ប្រមាណ ៥,៣ ប៊ីលានដុល្លារអាម៉េរិក ស្មើប្រមាណ ៨,៣ ភាគរយ នៃ​ឥណទាន​សរុប ត្រូវជាង ២៥ ពាន់គណនី និងបានលុបចោល ឥណទានរហូតដល់ ៨០ លាន​រៀល សម្រាប់អតិថិជន ឬអ្នកកម្ចីជាយោធិនពលី និងលុបចោលឥណទានប្រមាណ ១០ លាន​រៀល សម្រាប់អតិថិជនដែលជាយោធិនពិកាក្នុងសមរភូមិ។ជុំវិញបញ្ហាខាងលើនេះ, គ្រឹះស្ថានដែលជាសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បា​ន​អនុវត្ត​វិធាន​ការ​បន្ធូរបន្ថយ ផ្នែកហិរញ្ញវត្ថុ និងជំនួយមនុស្សធម៌ផ្សេងៗ ដើម្បីជួយ​សម្រាល​បន្ទុក​ដល់​សហគមន៍​ដែលរងគ្រោះក្នុងនោះរួមមាន៖ លើកលែងការ ប្រាក់សរុបមានចំនួន ១០,៦ លាន​ដុល្លារ​អាម៉េរិក សម្រាប់គ្រួសារដែលជាជនភៀសសឹក ដើម្បីជួយពួកគាត់ឱ្យមានស្ថិរភាពហិរញ្ញវត្ថុ ក្នុង​អំឡុងពេលភៀសសឹក និងការរំខានដល់ការរស់នៅ។ លុបចោលបំណុល (ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់) ចំនួនប្រមាណ ១ លាន ដុល្លារអាមេរិក សម្រាប់យោធិនជួរមុខ យោធិនរងរបួស និង​គ្រួសារ​របស់យោធិនពលី ដើម្បីជាការដឹងគុណចំពោះការលះបង់ និងការ បាត់បង់ចំណូល​របស់​ពួក​គេ ​និងរៀបចំឥណទានមានចំនួនប្រមាណ ៥០០ លានដុល្លាអាម៉េរិក ដើម្បីសំរាល​សំពាធ​ហិរញ្ញ​វត្ថុ ជូនដល់ ជនភៀសសឹក និងអតិថិជនដែលរងផលប៉ះពាល់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី 

«រាជធានីភ្នំពេញ ជាទីក្រុងរបស់យើងទាំងអស់គ្នា ហេតុ​ដូច្នេះ​សូម​បង​ប្អូន​ចូល​រួម​ប្រែ​ក្លាយ​ទី​ក្រុង​យើង​ឱ្យ​កាន់​តែ​មាន​សោភ័ណភា​ព បរិស្ថានអនាម័យ និងសន្តិសុខសណ្ដាប់ធ្នាប់ល្អ»

2026/01/26 11:55:56 am        138
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃ គណៈអភិបាលរាជធានី ភ្នំពេញ នៅថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៦នេះ បានអំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ចូលរួម​ប្រែក្លាយ​ទី​ក្រុង​ភ្នំពេញ​ឱ្យ​មាន​សោភ័ណ​ភាព បរិស្ថានអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់ល្អ ពីព្រោះទីក្រុងភ្នំពេញ​ជា​ទីក្រុង​យើង​ទាំងអស់គ្នា។ឯកឧត្តមអភិបាលបានថ្លែងថា រាជធានីភ្នំពេញ បានប្រែក្លាយពីទីក្រុងគ្មានមនុស្សនៅ មក​ជា​ទី​ក្រុង​មួយ​ប្រកបដោយសោភ័ណភាព បរិស្ថានស្រស់បំព្រង មានសន្តិសុខ សណ្ដាប់ធ្នាប់ល្អ និង​ទទួល​បាន​ការចាប់អារម្មណ៍ពីភ្ញៀវជាតិ អន្តរជាតិ។ ឯកឧត្តមបានបន្តថា តាមរយៈភាពអំណោយផល នៃសក្តានុពលលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរ​ណ៍ និងសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេស​ការ​ចូល​រួម​ទទួល​ស្វាគមន៍​រប​ស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ប្រកប​ដោយក្ដីស្រលាញ់ និងស្នាមញញឹមស្រស់បំព្រងនោះ រាជធានីភ្នំពេញ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយសប្បាយភាពនាពេលរាត្រី និង​ជាប់​ចំណាត់​ថ្នាក់​លេខ១០ លើពិភពលោក ដោយត្រូវបានចាត់ថ្នាក់ ដោយគេហទំព័រទេសចរណ៍ អន្តរជាតិ​”Condé Nast Travelor-កុងដេណាស់ត្រាវេលល័រ” ព្រមទាំង​ទទួល​បាន​ការ​ចាត់​​ថ្នាក់​ដោយ​សារព័ត៌មានអន្តរជាតិ BBC ថាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតទាំង២០ សម្រាប់​ឆ្នាំ​២០២៦​នេះផងដែរ។ឯកឧត្តម ឃួង ស្រេង បានថ្លែងបញ្ជាក់ថា ៖«អាស្រ័យ​ហេតុ​នេះ​ក្នុង​នាម​យើង​ទាំង​អស់​គ្នា​ដែល​ជាម្ចាស់​ផ្ទះ​ រួមមានអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជា​ពលរដ្ឋ​ទាំង​អស់ មានកាតព្វកិច្ចចូលរួមរៀបចំរាជធានីភ្នំពេញ ឱ្យកាន់តែមានការអភិវឌ្ឍគ្រប់វិស័យ មាន​សុខ​សន្តិភាព សណ្ដាប់ធ្នាប់ និងសោភ័ណភាពល្អប្រសើរ ដើម្បីត្រៀមខ្លួនទទួលវិនិយោគិន ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ មកព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ ដែល​ជា​បេះដូ​ង​នៃដែនដីសុវណ្ណភូមិមួយនេះ»៕ 

តំណាងរាស្រ្តមណ្ឌលខេត្តកំពត ជំរុញឱ្យប្រជាកសិករគិតគូរពីការដាំបន្លែធម្មជាតិលើកកម្ពស់ជីវភាពរស់នៅ

2026/01/26 11:55:29 am        116
ឯកឧត្តម វ៉ាន់ ដារ៉ា តំណាងរាស្រ្តមណ្ឌលខេត្តកំពត និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និង​ឧតុនិយម (គណៈកម្មការទី៣) នៃរដ្ឋសភា នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងស្វែងយល់អំពី​ការបង្កបង្កើន​ផល​ដំណាំបន្លែ​ធម្មជាតិ​របស់​ប្រជាកសិករ ស្ថិតនៅភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត។ នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ាន់ ដារ៉ា បានជំរុញឱ្យកសិករបន្តការដាំដុះបន្លែធម្មជាតិ ចិញ្ចឹមសត្វឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឱ្យកាន់តែប្រសើរ និងយកចិត្ត​ទុកដាក់​ជាចម្បងចំពោះសុខមាលភាព និងសុខភាពប្រជាពលរដ្ឋ។ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសសើរកសិករដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែធម្មជាតិ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស សត្វ បរិស្ថាន និងកាត់បន្ថយ​ការចំណាយ។ឯកឧត្តមតំណាងរាស្រ្តមណ្ឌល បានសំណូមពរឱ្យប្រជាកសិករ និងប្រជាពលរដ្ឋប្រើប្រាស់បន្លែធម្មជាតិក្នុងស្រុក ដើម្បីចូលរួមចំណែកលើកកម្ពស់ការថែរក្សាសុខភាព និងអនាម័យ ក៏ដូចជាលើកស្ទួយផលិតផលកសិកម្មក្នុងស្រុកឱ្យកាន់តែប្រសើរឡើង។ឯកឧត្តម ក៏បានអំពាវនាវប្រជាពលរដ្ឋ ជាពិសេសកុមារ និងមនុស្សចាស់ ត្រូវថែរក្សាសុខភាពឱ្យបានល្អ រក្សាអនាម័យជាប្រចាំ ព្រោះរដូវនេះ អាកាសធាតុមានការប្រែប្រួល ចុះត្រជាក់ខ្លាំងអាចធ្វើឱ្យមានបញ្ហាសុខភាព ដូចជា ជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ដូច្នេះត្រូវរស់នៅដោយអនាម័យជាប់ជានិច្ច បើមានបញ្ហាសុខភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅកាន់​មន្ទីរពេទ្យ​ឱ្យបានឆាប់រហ័ស ដើម្បីជៀសផុតគ្រោះថ្នាក់កើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនេះ ឯកឧត្តម វ៉ាន់ ដារ៉ា ក៏បានជូនសារុង និងឧបត្ថម្ភថវិកាដល់ប្រជាកសិករមួយចំនួនផងដែរ៕

NEA សហការជាមួយដៃគូពាក់ព័ន្ធ ចុះផ្សព្វផ្សាយ​ការរៀបចំ​ផែនការ​​អាជីព និង​ជ្រើស​រើស​ជំនាញ​សិក្សា

2026/01/26 11:48:01 am        178
នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រុមហ៊ុនឯកជន និងវិទ្យាស្ថានជាតិពហុបច្ចេកទេសព្រះសុកុមៈ បាន​រៀប​ចំ​សិក្ខា​សាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” នៅវិទ្យាល័យ​ព្រះមហា​សង្ឃ​រាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។សិក្ខាសាលាស្តីពី “ការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា” រៀបចំឡើង​ក្នុង​គោល​បំណង​សំខាន់​ៗដូចជា ៖ ការដោះស្រាយបញ្ហាគម្លាតជំនាញ , ការកាត់​បន្ថយ​ការ​បោះ​បង់​ការ​សិក្សា​, ការកសាងមូលធនមនុស្ស , ការផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត និងការភ្ជាប់​ជាមួយ​នូវ​ឱកាស​អាហា​រូបករណ៍ វគ្គអប់រំបណ្តុះបណ្តាល និងឱកាសការងារ​ដោយ​ផ្ទាល់​ពី​គ្រឹះស្ថាន​អប់​រំ​សិក្សា ​និងរោងចក្រសហគ្រាសជំនាញជាដើម។ក្នុងកម្មវិធីនេះ តំណាងក្រុមហ៊ុនឯកជន និងវិទ្យាស្ថានបណ្តុះបណ្តាលជំនាញ បាន​ធ្វើ​បទ​បង្ហាញ​តម្រង់​ទិស​ទៅកាន់សិស្សានុសិស្ស ឱ្យបានយល់ដឹងអំពីឱកាសការងារ និងអាជីពការងារ ជាពិសេស​ការ​ត្រៀមខ្លួនជាមុន ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬហៅថា ថ្នាក់បាក់ឌុប។សម្តេច​ព្រះមង្គលទេពាចារ្យ វង្ស អានេតា ព្រះនាយកវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មាន​សង្ឃដីកាថា កម្មវិធីសិក្ខាសាលានេះ ពិតជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ចូល​រួម​តម្រង់​ទិស​ដល់​សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឱ្យមានការសម្រេចចិត្តច្បាស់លាស់ មុន​នឹង​ចាប់​យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ​នា​ពេល​អនាគត​។មន្រ្តីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានលើកឡើងឱ្យដឹងថា ក្នុងបរិបទនៃការ​រីក​ចម្រើន​សេដ្ឋ​កិច្ច និងការប្រែប្រួលយ៉ាងរហ័សនៃតម្រូវការជំនាញក្នុងទីផ្សារកាងារកម្ពុជា NEA បាន​និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងាករងារ ។ ក្នុងនោះការរៀបចំសិក្ខាសលានេះ គឺជាយុទ្ធសាស្រ្តដ៏សំខាន់ ដែល NEA តែង​តែ​អនុវត្ត​យ៉ាង​ជាប់​លាប់​នៅតាមគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដើម្បីឆ្លើយតបទៅនឹងបញ្ហា “គម្លាតជំនាញ” និង​ដោះ​ស្រា​​យ កង្វះព័ត៌មានទីផ្សារការងារ សម្រាប់យុវជន។ ស្របពេល​ដែល​សេដ្ឋកិច្ចកម្ពុជាកំពុងវិវត្តទៅរកយុគ្គសម័យឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ការ​អភិវឌ្ឍមូលធនមនុស្សឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ គឺជាកិច្ច​ការ​អាទិភាព​បំផុត​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកនឹងបន្តសហការជាមួយកម្ពុជា ដើម្បីការពារ​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​អន្តរជាតិ​ពី​ការ​ប្រើប្រាស់​ក្នុង​ផ្លូវ​មិន​ត្រឹមត្រូវ និងលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ
05/10/2026 01:05 PM
សមត្ថកិច្ចចុះបង្ក្រាបអគារកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនជនបរទេសជាច្រើនរយនាក់
05/10/2026 01:05 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាល សម្ពោធស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តន៍ជន ខេត្តព្រះសីហនុ
05/10/2026 01:05 PM
គណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ ប្រារព្ធខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា
05/10/2026 12:05 PM
លោក Putin៖ រុស្ស៊ី នឹងធ្វើកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅប្រទេសទីបី
05/10/2026 12:05 PM
សម្ដេចតេជោ ផ្ដល់សូឡាជិត ៧០០ដើម សម្រាប់បំភ្លឺផ្លូវនៅឃុំទង់ត្រឡាច ស្រុកស្រីសន្ធរ
05/10/2026 12:05 PM
រដ្ឋអឺរ៉ុប នឹងបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋចេញពីនាវា​ទេសចរណ៍​ដែលរងគ្រោះ​ដោយការផ្ទុះវីរុ​ស hanta ​​
05/10/2026 12:05 PM
កងកម្លាំង​ឆ្មាំ​បដិវត្តន៍​​​អ៊ីរ៉ង់​ គំរាមវាយប្រហារ​ទីតាំង​អាមេរិក​នៅ​មជ្ឈិមបូព៌ា​​ ខណៈ​លោក Trump​រង់ចាំការឆ្លើយតប​ពីតេអេរ៉ង់
05/10/2026 11:05 AM
អភិបាលខេត្តបាត់ដំបង ដាស់តឿនយុវជនត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគោរព​ច្បាប់​ចរាចរណ៍
05/10/2026 11:05 AM
លីបង់និយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៣៩នាក់ ទោះមានបទឈប់​​បាញ់​​ក៏ដោយ​
05/10/2026 11:05 AM