កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
កម្ពុជា ដាក់ឱ្យប្រើប្រាស់ បណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ
កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ

ព័ត៌មានជាតិ

មន្ត្រីជំនាញ និងកសិករខេត្តកំពត រួមគ្នាលើកកម្ពស់ការដាំដុះ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ

2026/01/27 01:34:38 pm        166
មន្ត្រីកសិកម្មឃុំនៅខេត្តកំពត៖ វិស័យកសិកម្មរួមចំណែកសំខាន់ អភិវឌ្ឍន៍មូលដ្ឋាន ពិសេសកាត់បន្ថយភាពក្រីក្ររបស់កសិករ។ ក្នុងនោះការលើកកម្ពស់ការដាំ និងការចិញ្ចឹមសត្វ គឺជារឿងចាំបាច់ដើម្បីអាចផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក។ មន្ត្រីបច្ចេកទេសកសិកម្មឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កញ្ញា លាង សុធារី បានបញ្ជាក់ថា រយៈពេលកន្លងមកនេះ ដោយមានការណែនាំ និងលើកទឹកចិត្តពីក្រសួងកសិកម្ម អាជ្ញាធរខេត្ត ពិសេសលោកអភិបាលស្រុកទឹកឈូ ក្នុងការជំរុញវិស័យកសិកម្មឃុំឲ្យកាន់តែប្រសើរ មន្ត្រីកសិកម្មគ្រប់ឃុំបានរួមសហការគ្នាចុះពិនិត្យ សិក្សាស្វែងយល់ និងស្រាវជ្រាវ រាល់ចំណុចខ្វះខាត់ និងបញ្ហាប្រឈមរបស់កសិករនៅក្នុងមូលដ្ឋាននីមួយៗ ដើម្បីស្វែងរកដំណោះស្រាយ និងបានធ្វើឲ្យកសិករជាច្រើនងាកមកចាប់អារម្មណ៍លើវិស័យកសិកម្ម ការដាំដុះ និងចិញ្ចឹមសត្វ ដើម្បីបំពេញតម្រូវការគ្រួសារ និងទទួលបានប្រាក់ចំណូលបន្ថែម។ ប្រជាកសិករដាំដំណាំចម្រុះនៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ លោក ស្មាត អូម៉ាត បានបញ្ជាក់ថា បច្ចុប្បន្នបន្ទាប់ពីបានទទួលការលើកទឹកចិត្ត និងការយកចិត្តទុកដាក់ តាមរយៈការផ្តល់ការប្រឹក្សាណែនាំលក្ខណៈបច្ចេកទេស ពីមន្ត្រីកសិកម្មឃុំ កសិករភាគច្រើនមានទំនុកចិត្ត ក្នុងការធ្វើកសិកម្មជាងមុន។ កសិករក្នុងស្រុកទឹកឈូកំពុងតែខិតខំ និងចូលរួមសហការជាមួយមន្ត្រីកសិកម្មឃុំយ៉ាងផុលផុស ដើម្បីពង្រឹងការងារដាំដុះ និងការចិញ្ចឹមសត្វឲ្យកាន់តែប្រសើរ។មន្ត្រីជំនាញ និងកសិករបានអំពាវនាវឲ្យប្រជាកសិករទូទាំងប្រទេសត្រូវចួលរួមពង្រឹង និងលើកកម្ពស់ការផលិតទាំងការដាំ និងចិញ្ចឹមឲ្យបានកាន់តែច្រើនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងឈានទៅរកការនាំចេញ និងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគាំទ្រកសិផល និងផលិតផលក្នុងស្រុក ឲ្យកាន់តែខ្លាំងបន្ថែមទៀត៕ អន សារឹម

នាវាទេសចរណ៍មួយគ្រឿងសញ្ជាតិ BAHAMAS ដឹកភ្ញៀសទេសចរ និងនាវិកជិត១ពាន់នាក់ចូលសំចតនៅកំពង់ផែខេត្តព្រះសីហនុដើម្បីទស្សនាប្រទេសកម្ពុជា

2026/01/27 01:25:16 pm        194
ព្រះសីហនុ៖ នាវេលាម៉ោង ៧:០០ នាទី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០,៥ ម៉ែត្រ ប្រវែងទទឹង ២៨,០០ ម៉ែត្រ ជម្រៅ ៦,០០ ម៉ែត្រ បានចូលចតនៅ ក.ស.ស. ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសវៀតណាម។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៩ នាក់ (ស្រី ៨៤ នាក់) មាន ៤១ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៣៨ នាក់ (ស្រី ២៦៨ នាក់) មាន ២៩ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (២៥៩) និងអង់គ្លេស (១២៨) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល។

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គុណតម្លៃសន្ដិភាពរបស់​កម្ពុជា​កើត​ចេញ​ពី​រូបមន្ត​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរៃ​ជា​ច្រើន​ទសវត្សរ៍របស់សម្ដេចតេជោ ហ៊ុន សែន

2026/01/27 01:19:02 pm        230
គុណតម្លៃសន្ដិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសកល មិនមែន​កើត​ឡើង​ដោយ​ចៃដន្យ​ទេ ប៉ុន្ដែប្រទេសដ៏ដូចមួយនេះបានរកឃើញរូបមន្តបញ្ចប់សង្គ្រាមដ៏រ៉ាំរៃជាច្រើនទសវត្សរ៍ តាម​រយៈរូបមន្តនយោបាយ ឈ្នះ ឈ្នះ គ្មានពីររបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​អតីតនាយករដ្ឋមន្រ្ដីនៃកម្ពុជា។តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាបាន​សម្រេច​ចូល​រួម​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព(The Board of Peace) តាមការអ​ញ្ជើញ​របស់​ឯកឧត្តម​ប្រធានា​ធិបតី​សហរដ្ឋ​អាម៉េរិក​ Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ នេះគឺ​ជា​ការ​ប្រកាស​ឱ្យ​ដឹង​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ការ​ចូល​រួ​ម​នេះ​គឺ​ដើម្បី​បង្ហាញ​ពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់​ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាព​សកល​។ «សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និង​រក្សា​សន្តិភាព​គឺ​ជា​គោល​ការណ៍ដែ​លក​ម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ក្រោមឆត្រអង្គការស​ហ​ប្រជាជាតិ​ទៅ​បំពេញ​បេសក​កម្ម​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ដែលរងគ្រោះដោយសារសង្រ្គាម។ ការចូលជា​សមាជិក​ស្ថាបនិក​នៃ​ក្រុ​ម​ប្រឹក្សា​សន្តិភាព​សម្រាប់​អាណត្តិ​៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ»។ នេះបើយោងតាម​សម្តេច​ប្រមុខ​រាជ​រដ្ឋាភិបាល​ដែល​បាន​ជម្រាប​ជូនជនរួមជាតិ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលកត់សម្គាល់ថា គុណតម្លៃសន្តិភាព​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទទួ​ល​ស្គាល់​ជា​សាកលមិនមែនកើតឡើងដោយចៃដន្យទេ ពោលគឺប្រទេស​តូច​មួយ​នេះ​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃ​ជា​ច្រើន​ទសវត្សរ៍​តាមរយៈ​រូប​មន្ត​នយោបាយ​ឈ្នះឈ្នះ​គ្មាន​ពី​រ​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលជា​ស្ថាបនិក និង​ប្រតិបត្តិករ​សន្តិភាព​ ហើយបាននាំមកនូ​វសន្តិភាព​ពេញ​លេញ និង​ការ​ផ្សះ​ផ្សា​រ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​ ៣ទសវត្សរ៍ចុងក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរ​ផេះ​ផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការ​រីក​ចម្រើន​ក្នុង​សម័យ​ទំនើប​ដូច​សព្វ​ថ្ងៃ​ដោយ​មាន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន​ជា​អ្នក​បន្ត​ឈរ​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សន្តិភាពនិងចាត់ទុកជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការតម្កល់តម្លៃសន្តិភាពជាអាទិភាព និងការចូលរួម​យ៉ាង​សកម្ម​ក្នុង​ការថែរក្សាសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងសាកលលោក បាន​ធ្វើ​ឱ្យ​ពិភព​លោក​នឹកឃើញដល់កម្ពុជាជានិច្ចនៅពេលដែលគេនិយាយពីសន្តិភាព។ អាចនិយាយ​បាន​ថា ​ទីណាមានសកម្មភាពដើម្បីសន្តិភាព ទីនោះតែងតែមានការគាំទ្រ និង​ការ​ចូលរួ​ម​ចំណែក​ពី​កម្ពុជា​។ ការសម្រេច​ចិត្ត​ចូល​រួម​ជា​សមាជិក​ស្ថាបនិក​នៃក្រុ​ម​ប្រឹក្សា​សន្តិភាព​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump នៅពេលនេះគឺ​ជា​សក្ខីភាព​ថ្មី​មួយ​ទៀត​ដែល​បញ្ជាក់អំពីសុឆន្ទៈមិនចេះរីងស្ងួតរបស់កម្ពុជាដើម្បីបុព្វហតុសន្តិភាព។ អ្នកនាំ​ពាក្យ​បានបន្តថា​សក្ខីភាព​នៃ​សុឆន្ទៈ​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា​បាន​ស្តែង​ឡើង​ជា​ស្រេច​នៅ​ពេល​ដែលកម្ពុជាទទួលរងការវាយប្រហារប្រដាប់​អាវុធដោ​យ​បំពាន​មក​លើ​ដែន​អធិប​តេយ្យ​ភាព​របស់​ខ្លួនពីសំណាក់កងទាហានថៃចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០២៥ ដែលធ្វើឱ្យ​ស្មារតី​សន្តិភាព​បាន​ផុសត្រឡែតឡើងចេញពីថ្នាក់ដឹកនាំកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី តាម​រយៈសម្រែកទាមទារសន្តិភាព ភាពអត់ធ្មត់ដើម្បីបញ្ចៀសសង្គ្រាម និងការងារ​ការ​ទូត​យ៉ាង​សកម្ម​ដើម្បី​ស្វះស្វែងរកបទឈប់បាញ់។ ពាក្យសម្តីផ្សារភ្ជាប់​ជាមួយ​សកម្មភាព​ជាក់​ស្តែង​ទាំង​អស់​នេះ​បាន​បង្ហាញ​ឱ្យ​ពិភ​ព​លោក​ឃើញ​យ៉ាង​ច្បាស់​ពី​ស្មារតី​ស្រឡាញ់​សន្តិភាព​ពិតប្រាកដ​របស់​កម្ពុជា និង​ជួយជ្រោមជ្រែងកម្ពុជាដើម្បីសម្រេចបានសន្តិភាព។ ជាលទ្ធផល​ កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២៥, សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​កិច្ច​ព្រម​ព្រៀងសន្តិភាពទីក្រុងគូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងសេចក្តីប្រកាស​រួម​នៃ​កិច្ច​ប្រជុំពិសេសលើកទី៣នៃគណៈកម្មាធិការព្រំដែនទូទៅ(GBC)ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ ដែល​ផ្តល់​កំណើតដល់បទឈប់បាញ់ជាលើកទី២និងដែលស្ថិតនៅជាធរមានដល់សព្វថ្ងៃ សុទ្ធ​សឹង​ជា​ផ្លែផ្កានៃ​កិច្ចខិ​តខំប្រឹ​ងប្រែ​ង​ក្នុង​ស្មារតី​ស្រឡាញ់ និង​ការ​ពារ​សន្តិភាព​របស់​ថ្នាក់​ដឹក​នាំ​កម្ពុជា​ក្រោម​ការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋ​ប្រជា​មា​និតចិន និងម៉ាឡេស៊ី ក្នុងនាមប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៥។អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុតនេះ កម្ពុជា​នៅតែបន្តគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ ទន្ទឹម​គ្នា​នេះ កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម​ ផែនទី និងកំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈកម្មកា​រ​បោះបង្គោល​ព្រំដែន​ឥណ្ឌូចិន​-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់​ព័ន្ធ​នានាដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លងមក។ កម្ពុជាមិន​ទទួល​ស្គាល់​ដាច់​ខាត​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែ​ន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់កម្លាំងនោះឡើយ៕

ក្រសួងអប់រំ នាំយក «សាលារៀនឌីជីថល» ទៅដល់ជំរំសុវត្ថិភាព ដើម្បីធានានិរន្តរភាពនៃការសិក្សាសម្រាប់សិស្សានុសិស្សភៀសសឹកនៅខេត្តឧត្តរមានជ័យ

2026/01/27 01:07:57 pm        199
ដើម្បីធានាថា ការសិក្សារបស់សិស្សានុសិស្សដែលរងផលប៉ះពាល់ពីជម្លោះព្រំដែននៅតែបន្តដោយមិនរអាក់រអួល នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានចុះរៀបចំដំឡើង និងបំពាក់ឧបករណ៍ឌីជីថលសម្រាប់គាំទ្រការរៀន និងបង្រៀននៅសាលារៀនបណ្ដោះអាសន្ន ក្នុងជំរំសុវត្ថិភាពចុងកាល់ និងជំរំសុវត្ថិភាពវត្តបាត់ថ្កៅ។ក្រសួងបានផ្ដល់បន្ទប់ចល័តសម្រាប់រៀបចំជាបន្ទប់កុំព្យូទ័រចល័ត ដែលបំពាក់នូវដំណោះស្រាយបច្ចេកវិទ្យាសាមញ្ញទំនើប ដែលនេះគឺជាគំរូនៃ "សាលារៀនឌីជីថលចល័ត" សម្រាប់តំបន់ដែលគ្មានអ៊ីនធឺណិត ឬមានការរំខានដោយសារជម្លោះ៖បណ្ណាល័យឌីជីថលក្រៅបណ្ដាញ (Offline Content Server): ផ្ទុកមាតិកាសិក្សាទំហំ ២តេរ៉ាបៃ (សៀវភៅជាង ៣,០០០ក្បាល និងវីដេអូរាប់ពាន់) ដែលអនុញ្ញាតឱ្យគ្រូ និងសិស្សប្រើប្រាស់តាមរយៈ Local Wi-Fi ដោយមិនចាំបាច់មានអ៊ីនធឺណិត។គ្រឿងបរិក្ខារបច្ចេកវិទ្យា: រួមមានកុំព្យូទ័រយួរដៃសម្រាប់គ្រូ កុំព្យូទ័រចំនួន ១០គ្រឿងសម្រាប់សិស្សអនុវត្តផ្ទាល់ និង Smart TV សម្រាប់ជំនួយដល់ការបង្រៀនឱ្យកាន់តែរស់រវើក។ការបណ្តុះបណ្តាលបច្ចេកទេស: ក្រុមការងារបានរៀបចំវគ្គបណ្ដុះបណ្ដាលជូន លោកគ្រូ អ្នកគ្រូ ២០នាក់ និងសិស្សានុសិស្ស ៥០នាក់ រួមទាំងអាណាព្យាបាល ពីរបៀបប្រើប្រាស់ និងថែទាំឧបករណ៍។កម្មវិធីនេះទទួលបានកិច្ចសហការពីក្រុមហ៊ុន KOOMPI និងការគាំទ្រមូលនិធិពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action (Action Education)។ បើទោះជាស្ថិតក្នុងស្ថានភាពបណ្ដោះអាសន្ន ប៉ុន្តែកុមារភៀសសឹកនឹងទទួលបានគុណភាពអប់រំឌីជីថលដ៏សម្បូរបែប ដូចសិស្សានុសិស្សនៅតំបន់ផ្សេងទៀតដែរ។កម្មវិធីនេះសម្រេចទៅបានដោយមានកិច្ចសហការជាមួយក្រុមហ៊ុន KOOMPI និងការឧបត្ថម្ភពី ក្រុមហ៊ុន ISI Group, មូលនិធិ KMH Foundation និងអង្គការ Aide et Action។ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ក្នុងការចូលរួមគាំទ្រ និងពង្រីកវិសាលភាពនៃ "សាលារៀនឌីជីថល" នេះបន្ថែមទៀត ទៅកាន់ជំរំសុវត្ថិភាពដទៃទៀត ក៏ដូចជាសាលារៀនដាច់ស្រយាលនៅទូទាំងប្រទេស ដើម្បីលុបបំបាត់គម្លាតឌីជីថល និងផ្តល់សមធម៌នៃការសិក្សាសម្រាប់កុមារកម្ពុជាគ្រប់រូប។

គ.ស.ម.ក. ដាក់ពាក្យប្ដឹងទៅ UN ករណីរំលោភសិទ្ធិ​ជនភៀស​សឹក​កម្ពុជា​យ៉ាង​ធ្ងន់ធ្ង​រ​ពី​សំណាក់​យោធា​ថៃ

2026/01/27 12:52:04 pm        191
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យប្ដឹងទៅកាន់ លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​ជន​ភៀស​សឹក​​ក្នុង​ប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចំពោះករណីរំលោភ​សិទ្ធិ​ជន​ភៀស​សឹក​កម្ពុជា​យ៉ាង​​ធ្ងន់​ធ្ងរពីសំណាក់យោធាថៃ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ចេញ​ផ្សាយ​កាល​ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ទោះបីជាមាន​សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិ​ច្ច​ព្រម​ព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥ ០០០នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយ​សុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយ​សារ​សកម្ម​ភាព​ខុសច្បាប់​របស់​យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុង​តំបន់​ដែល​យោធា​ថៃ បានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ។គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា ទង្វើរបស់យោធាថៃបានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយ​ជា​ជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្តេញចេញតាមទំនើងចិត្ត ដែល​ជា​ការ​រំលោភ​កិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេស ចំណុចទី១ ចំណុចទី៤ និងចំណុចទី៧។គ.ស.ម.ក. គូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការ​លួច​ទ្រព្យ​សម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានានៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុ​សញ្ញា​ស្តីពី​សិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្តីពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុង ហ្សឺណែវ ឆ្នាំ១៩៤៩។ ជាងនេះ​ទៀត​សកម្មភាព​ទាំង​នេះក៏បាននិងកំពុងបង្កការលំបាកកាន់តែធ្ងន់ធ្ងរ បន្ថែមទៀតចំពោះ​ជន​ភៀស​សឹកក​ម្ពុជា ជាពិសេសដល់ស្ត្រី កុមារ មនុស្សចាស់ជរា អ្នកជំងឺ និងជនមាន ពិការភាព ដែលជា​ក្រុម​ជន​ងាយរងគ្រោះស្រាប់ ត្រូវជួបបញ្ហា ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហា​សុខ​ភាព​ទាំង​ផ្លូវ​កាយ និងផ្លូវចិត្ត ព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត។នៅក្នុងបណ្តឹង​នោះ គ.ស.ម.ក. បានស្នើឱ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់នូវស្ថានភាពជនភៀសសឹកក្នុងប្រទេសកម្ពុជា ដែលបង្ក​ឡើង​ដោយ​សកម្មភាពយោធារបស់ថៃ។ ២. ចេញសេចក្តីជូនដំណឹងបន្ទាន់ទៅរដ្ឋាភិបាលថៃ និងធ្វើ​ទំនាក់​ទំនង​ជាមួយគ្រប់យន្តការអង្គការសហប្រជាជាតិពាក់ព័ន្ធ ដើម្បីអំពាវ​នាវ​ឱ្យ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សកម្ម​ភាពទាំងឡាយណា ដែលរារាំងការ​វិល​ត្រឡប់​របស់​ជន​ភៀស​សឹក​កម្ពុជា​ទៅ​លំ​នៅ​ឋាន​វិញ​ដោយសុ​វត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ ៣. អំពាវនាវឱ្យប្រទេស​ថៃ​ដក​កង​កម្លាំង​យោធា​ចេញ​ពី​ទឹ​ក​ដីកម្ពុជា និងចៀសវាងរាល់សកម្មភាព ណា ដែលបង្កើនការគ្រប់គ្រងរបស់យោធាថៃ ឬបង្ក​ឱ្យ​មាន​ការភៀសសឹកបន្ថែមទៀត។ ៤. បញ្ជាក់ស្ថានភាពនេះនៅក្នុងបណ្តឹង និងរបាយ​ការណ៍​នានា​ថា ​ជាករណីធ្ងន់ធ្ងរមួយនៃការ ភៀសសឹកក្នុងប្រទេសជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែល​ជា​ការរំលោភលើច្បាប់សិទ្ធិ មនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ ៥. ជំរុញឱ្យប្រទេស​ថៃ​ផ្តល់​នូវ​ការជួសជុលការខូចខាតនានាជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការ ផ្តល់ជាសំណង និង​ការ​ធានា​មិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត។គ.ស.ម.ក. បញ្ជាក់ជាថ្មីថា ការភៀសសឹកក្នុងប្រទេស មិនមែនជាបញ្ហាសាមញ្ញនោះទេ ហើយ​ភាព​ស្ងៀម​ស្ងាត់ និងយឺតយ៉ាវក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងបង្កឱ្យមាននិទណ្ឌភាព និង​ការ​រង​គ្រោះ ​កាន់តែអូសបន្លាយនិងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ប្រទេសកម្ពុជា​មាន​កាតព្វ​កិច្ច​ចម្បង​ក្នុង​ការការពារប្រជាជនខ្លួន និងដាក់ចេញវិធានការសំខាន់ៗ ក្នុងការជួយជនភៀសសឹក ប៉ុន្តែ​ការចូលរួមរបស់សហគមន៍ អន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេល​ដែល​ការ​ភៀស​សឹក​បានកើតឡើងដោយសារសកម្មភាព របស់យោធាបរទេស៕

រដ្ឋមន្រ្ដីក្រសួងសុខាភិបាល៖ សង្រ្គាមថៃ​ឈ្លានពាន​កម្ពុជា​ពីរ​លើក​បាន​បំផ្លិច​បំផ្លាញ​អគារ​មន្ទីរ​ពេទ្យ​ ៧០កន្លែង

2026/01/27 12:27:43 pm        331
រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដីពី​លទ្ធផល​សន្និបាតសុខាភិបាលលើកទី៤៥ នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ថា សង្រ្គាម​ថៃ​ឈ្លាន​ពាន​ពីរលើក បានបំផ្លិចបំផ្លាញអគារមន្ទីរពេទ្យ ៧០កន្លែង (មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យ​បង្អែក​ស្រុក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព)។ឯកឧត្តមសាស្រ្តាចារ្យ បន្តថា បញ្ហាព្រំដែននេះ ប្រាកដណាស់ គឺមានផលប៉ះពាល់ខ្លាំង ហើយ​សុំ​បែង​ចែក​ជា២ ហើយការប៉ះពាល់ប្រព័ន្ធសុខាភិបាល និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ។ ទំហំ​នៃ​ការប៉ះពាល់នេះ គឺប៉ះពាល់ដោយផ្ទាល់(ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល) ហើយការ​ឈ្លាន​ពាន​របស់​ថៃ បានបង្កផលប៉ះពាល់មានទំហំធំ ខ្លះខ្ទេចខ្ទាំដោយគ្រាប់ផ្លោង វាយប្រហារ​ខូច​ទាំង​ស្រុង​ ខ្លះមានការខូចដោយអន្លើ ខ្លះគឺខូចអគារមួយចំនួន ហើយមួយចំនួនទៀតខ្ទេចខ្ទាំជញ្ជាំង ពិដាន​ ដំបូល។ល។ គឺមិនអាចដំណើរការបាន ប៉ុន្តែមិន​ប៉ះ​ពាល់​ដល់​ជម្រៅ​វិស័យ​សុខាភិបាល​កម្ពុជា​នោះទេ។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ថា ភាពធន់ក្នុង​ដំណាក់​កាល​នេះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ ហើយនៅក្នុងមួយមនី្ទរសុខាភិបាល ឬក៏ក្នុងមួយខេត្ត ដែលនៅជាប់ព្រំដែនមានបញ្ហា គឺ​មាន​ថែមទាំងមនី្ទរពេទ្យជាតិ១ ឬក៏មានពេលខ្លះ២ ឬពេលខ្លះ៣ ទៅតាមជំនាញ បាន​ទៅ​ជួយ​មនី្ទរ​ពេទ្យ​ខេត្ត​នោះបន្ថែមទៀត។ មានន័យថាពេលនេះ កម្លាំងជាតិ និងថ្នាក់ក្រោម​ជាតិ​នៅ​ជា​មួយ​គ្នា​(គ្រូពេទ្យឯកទេសពីភ្នំពេញ ទៅជួយគ្រូពេទ្យនៅតាមបណ្តាខេត្តជាប់ព្រំដែនដែលមានបញ្ហា គឺ​រួម​សុខ រួមទុក្ខជាមួយគ្នា ក្នុងសាមគ្គីភាព ដូចដែលបងប្អូនប្រជាពលរដ្ឋមានបេះដូង ទឹក​ចិត្ត​សាមគ្គី​ភាព ដ៏ខ្ពស់បំផុត ក្នុងកម្រិតដែលជាតិកំពុងតែជួបនូវបញ្ហានេះ) គឺជាមោទនភាពមួយ ក្នុង​ឱកាស​ដែល​លំបាក បង្ហាញពីទឹកចិត្តស្មារតី បេះដូង និងសាមគ្គីភាព៕ អត្ថបទ រដ្ឋា

ពលរដ្ឋប្រកបរបររត់កង់បី អាចរកប្រាក់ចំណូលបន្ថែមក្រោយរៀនជំនាញបច្ចេកទេស (TVET)

2026/01/27 12:02:17 pm        227
ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់កម្មវិធីបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋ​ប្រកបមុខរបររត់កង់បី (Pass App) ដើម្បីអាចរកប្រាក់ចំណូលបន្ថែម។ គិតមកដល់​បច្ចុប្បន្ន​នេះ ​ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ បានកំពុងទទួលផលជាបណ្តើរៗ ក្រៅ​ពី​សេវា​កម្ម​ដឹក​ជញ្ជូន​។ លោក សាន់ សុទ្ធា ពលរដ្ឋរស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អតីត​ជា​សិក្ខា​កាម​រៀន​ជំនាញ​ផ្នែក​បរិក្ខា​ត្រជាក់ នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បច្ចុប្បន្នប្រកប​របរ​រត់​ម៉ូតូ​កង់​បី​ផង ​និ​ងជាជាងជួលជុល និងដំឡើងម៉ាស៊ីនត្រជាក់ចល័តផង បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្រោម​គម្រោងប​ណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យចំនួន ១,៥លាននាក់ (TVET 1,5M) ពិតជាល្អពិតមែន ដែលធ្វើ​ឱ្យ​រូប​លោក​អាច​រក​ចំណូលបន្ថែម ក្រៅពីរបរដឹកជញ្ជូន។លោកបានរៀបរាប់ដោយទឹកមុខញញឹមទៀតថា កម្មវិធីនេះពិតជាល្អនិងមានតម្លៃណាស់ ទោះ​បី​ជាកា​ររៀ​ន​នេះដោយមិនគិតថ្លៃពិតមែន ថែមទាំងទទួល​បាន​ការ​យក​ចិត្តទុ​ក​ដាក់​ពី​គ្រូ​បណ្តុះ​បណ្តាល​ថែម​ទៀតផង។ លោកបាននិយាយទៀតថា កម្មវិធីនេះ ពិតជាល្អមែន​ទែន​ដែល​រាជ​រដ្ឋាភិបាល​បាន​គិតគូរដល់ប្រជាពលរដ្ឋគ្រប់វណ្ណៈទាំងអស់ មិនថាតែកម្មករ កម្មការិនី អ្នក​ប្រកប​របរ​សេដ្ឋកិច្ចក្រៅប្រព័ន្ធនានា សូម្បីតែពលរដ្ឋប្រកបរបររត់កង់បី ក៏ទទួលបានការគិតគូរផងដែរ ខណៈ​ការ​រកប្រាក់ចំណូលពីវិស័យដឹកជញ្ជូនសព្វថ្ងៃ មានការថយចុះ ហើយក៏​មិន​ដឹង​ទៅ​រក​ការ​ងារ​អ្វី​ថ្មី​ក្រៅ​ពីការងារដឹកជញ្ជូនមួយនេះ។ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលជំនាញដោយមិនគិតថ្លៃរបស់រាជរដ្ឋាភិបាលនេះលោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) នៃក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ បានមានប្រសាសន៍ឱ្យដឹងថា ដើម្បីបង្កើនការរកប្រាក់ចំណូលបន្ថែម ពលរដ្ឋ Pass App មិន​មែន​ជា​មធ្យោបាយបង្កើតចំណូលតាមរយៈការដឹកជញ្ជូនភ្ញៀវមួយមុខប៉ុណ្ណោះទេ ក្រសួងការងារ បាន​កែ​ច្នៃ Pass App ឲ្យក្លាយទៅជាមធ្យោបាយសម្រាប់ប្រជាពលរដ្ឋដែលប្រកបរបរនេះ ឲ្យ​បង្កើត​​ចំណូលបន្ថែមតាមរយៈការទៅរៀនជំនាញបណ្តុះបណ្តាលជាមួយក្រសួងការងារ។ លោក​​នាយកបានបន្តថា នេះជាគម្រោងមួយដ៏ល្អ ដែលអាចនឹងបង្កើនសមត្ថភាពប្រជាពលរដ្ឋ ឬ​អ្នកដែលកំពុងប្រកបមុខរបររត់កង់បីឲ្យទទួលបាននូវជំនាញមួយជាក់លាក់ ប្រាកដ​ប្រជា​ច្បាស់​លាស់ ​ដោយគាត់គ្រាន់តែចំណាយពេលវេលាទៅរៀនយកចំណេះជំនាញ ដើម្បីងាយ​ស្រួល​ក្នុង​ការ​រក​ប្រាក់​ចំណូលបន្ថែមក្រៅពីការងារដឹកជញ្ជូន។គិតត្រឹមឆ្នាំ២០២៥ កម្មវីធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឬហៅថា កម្មវិធី TVET 1,5M ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បានទទួលការចុះឈ្មោះចំនួនជិត ១៥ម៉ឺននាក់។ ក្នុងនោះ យុវជនជាង ៥ម៉ឺន​នាក់ មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញ ធីវ៉េត។ សូមជម្រាបជូនទៀតថា សព្វ​ថ្ងៃ​នេះ​រាជរដ្ឋាភិបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញ ធីវ៉េត ដោយ​ឥត​គិត​ថ្លៃ ​និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ ដោយឡែក យុវជននានា រួម​ទាំង​បុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករនិយោជិត ក៏អាច​ចូល​រៀន​កម្ម​វិធី​នេះ​ដោយ​មិន​បង់​ថ្លៃ​ផង​ដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬ​បង្កើន​ជំនាញ​របស់​ខ្លួន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា ចាត់ទុកការ​សម្រេច​ចិត្ត​របស់​រាជរដ្ឋាភិបាល​ចូល​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព គឺជារឿងត្រឹមត្រូវបំផុត

2026/01/27 11:48:21 am        221
ភ្លាមៗក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានប្រកាសសម្រេចចិត្តចូល ជា​សមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធា​នាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ​២០២៦​នោះ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលនៅកម្ពុជា បានប្រកាសគាំទ្រពេញទំហឹង ដោយ​ពួក​គេ​ចាត់​ទុក​ថា​ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​រឿង​ត្រឹម​ត្រូវបំផុត ដើម្បី​បង្ហាញ​នូវ​សុឆន្ទៈ​ពិតប្រាកដ​របស់​រាជ​រដ្ឋាភិបាល​ដែល​ស្រលាញ់ និងថែរក្សាសន្តិភាពនោះ។យោងតាមសេចក្តីប្រកាសគាំទ្ររបស់គណបក្សនយោបាយនានា និងអង្គការសង្គមស៊ីវិល​ដែលបានចេញដាច់ដោយឡែកពី​គ្នា​ជាបន្តបន្ទាប់នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ បានលើកឡើងដោយស្រដៀងគ្នាថា ការ​សម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមជាស្ថាបនិកនៃ«ក្រុមប្រឹក្សាសន្តិភាព»នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់ ក្រឡែតនូវសុឆន្ទៈ ស្រឡាញ់សន្តិភាព រក្សាសន្តិភាព ការគាំទ្រ រួមចំណែក​ដល់​ការ​កសាង និងការប្តេជ្ញាចិត្ត ដ៏ខ្ពង់ខ្ពស់ចំពោះសន្តិភាព ទាំងក្នុងតំបន់ និងសកល។បណ្តាគណបក្សនយោបាយ និងអង្គការ​ទាំងនោះបានលើកឡើងទៀតថា ទង្វើទាំងនេះគឺជាគោលការណ៍ ដែល​កម្ពុជា​តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈ​ការ​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព ​ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្ម​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ​ដែលរងគ្រោះ ដោយសារសង្រ្គាមនោះ។ជាមួយគ្នានោះដែរ បណ្តាគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល​ទាំងនោះក៏បានលើកឡើងផងដែរថា ការដែលកម្ពុជា​យល់ព្រមចូលរួមក្រុមប្រឹក្សាសន្តិភាពនេះជាមួយអាម៉េរិក មិនមែន​ជា​ការ​ជ្រើស​រើស​ភាគី​ណា​មួយ​​ទេ ប៉ុន្តែជាជំហានសំខាន់ក្នុងការការពារសន្តិភាព សុវត្ថិភាព និងអធិបតេយ្យភាពជាតិកម្ពុជា បង្ហាញ​ពីឆន្ទៈ​កម្ពុជាឈរលើសន្តិភាពពិភពលោក។សូមបញ្ជាក់ថានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ប្រកាស​យ៉ាង​ច្បាស់​ថា កម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២៦។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា «ការ​ចូល​រួម​នេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែក​ដល់​ការ​លើក​កម្ពស់​ការ​រក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និង​រួម​ចំណែក​ដល់​ការ​កសាង និងរក្សាសន្តិភាពគឺជាគោលការណ៍ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជា​ពិសេស​តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រ​អង្គការ​សហ​ប្រជា​ជាតិ​ទៅ​បំពេញ​បេសក​កម្ម​នៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម»។ តាមរយៈសារនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានពន្យល់បន្ថែមដល់បងប្អូនដែលមាន ចម្ងល់​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​បង់​វិភាគ​ទាន​មួយ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ចូល​ជា​សមាជិក​នេះ ​ដោយសម្តេចបានបញ្ជាក់ថា« ដោយឃើញបង​ប្អូន​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​មិន​ទា​ន់​យល់ ​ច្បាស់អំពីកាតព្វកិច្ចហិរញ្ញវត្ថុរបស់កម្ពុជាក្នុងការចូលរួមនេះ ខ្ញុំសូមបញ្ជាក់ថា ការចូល​​រួ​ម​ជា​សមាជិក​ស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំមិនតម្រូវឱ្យបង់ថវិកាទេ។ ចំពោះ​ការ​បង់​ថវិកា ១ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះ គឺសម្រាប់​ករណី​ចូល​ជា​សមាជិក​រយៈ​ពេល​វែង​(អចិន្ត្រៃយ៍) តែប៉ុណ្ណោះ»៕ អត្ថបទ៖បាន ចក់

អនុប្រធានទី១ អាជ្ញាធរមីន វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌

2026/01/27 11:03:05 am        194
ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពីការអភិវឌ្ឍសមត្ថភាពវិស័យសកម្មភាពមីន ប្រព្រឹត្តិទៅរវាងអាជ្ញាធរមីន និងជំនួយរបស់ប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA)។ ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នានេះ ធ្វើឡើងនៅទីស្នាក់ការអាជ្ញាធរមីន និងចុះហត្ថលេខាដោយ ឯកឧត្តម លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និងលោក Hans Peter Risser នាយកប្រចាំប្រទេសនៃ NPA ។តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនិងប្រជាជនន័រវេស្ស ដែលបានចូលរួមគាំទ្រដល់ដំណើរស្វែងរកសន្តិភាព ការផ្តល់សុវត្ថិភាព និងការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងការគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌ អស់រយៈពេលជាង ៣០ឆ្នាំ តាមរយៈជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) និងទីភ្នាក់ងារន័រវេស្សសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (NORAD)។ ពាក់ព័ន្ធនឹងសកម្មភាពមីនមនុស្សធម៌ ឯកឧត្តមទេសរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ចំពោះភាពដៃគូយូរអង្វែងរបស់ NPA ជាមួយកម្ពុជា ដែលភាពជាដៃគូនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមផ្នែកមនុស្សធម៌ ក៏ដូចជាបង្ហាញពីសាមគ្គីភាពអន្តរជាតិដ៏រឹងមាំជាមួយនឹងគោលដៅមនុស្សធម៌របស់កម្ពុជា។ ក្នុងនោះ NPA បានគាំទ្រដល់ការសិក្សាស្រាវជ្រាវ ការបោសសម្អាត ការឆ្លើយតបនឹងគ្រាប់បែកចង្កោម កិច្ចសហប្រតិបត្តិការបច្ចេកទេស និងការពង្រឹងជំនាញសកម្មភាពមីន ជាដើម។បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកការចុះអនុស្សរណៈនៃការយោគយល់គ្នា គឺជាការបោះជំហានទៅមុខក្នុងភាពជាដៃគូដែលផ្តោតលើការអភិវឌ្ឍសមត្ថភាព ហើយកម្ពុជានឹងបន្តដឹកនាំកម្មវិធីសកម្មភាពមីនជាមួយនឹងប្រព័ន្ធជាតិរឹងមាំ ដោយធានាបាននូវគុណភាព សុវត្ថិភាព និងនិរន្តរភាពយូរអង្វែង។ ការអភិវឌ្ឍសមត្ថភាពសកម្មភាពមីន នឹងជួយពង្រឹងការគ្រប់គ្រងហានិភ័យដែលនៅសេសសល់ ដោយធានាថាសហគមន៍នៅតែត្រូវបានការពារតាមរយៈប្រព័ន្ធរាយការណ៍ ការឆ្លើយតបរហ័ស និងវិធានការសុវត្ថិភាពរយៈពេលវែង សូម្បីតែក្រោយបោសសម្អាតរួច។ អាជ្ញាធរមីន នឹងបន្តកែលម្អការគ្រប់គ្រងព័ត៌មាន ការពង្រឹងប្រព័ន្ធទិន្នន័យជាតិ និងការសម្របសម្រួលបច្ចេកទេស ដែលនឹងជួយគាំទ្រដល់ការធ្វើផែនការ ការផ្តល់អាទិភាព និងគណនេយ្យភាពទូទាំងវិស័យប្រកបដោយប្រសិទ្ធភាព។ចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ទៀតថា នៅពេលដែលកម្ពុជាឈានទៅមុខឆ្ពោះទៅរកអនាគតដែលគ្មានមីន កម្ពុជានឹងត្រូវផ្តោតកាន់តែខ្លាំងលើភាពជាម្ចាស់ ភាពរឹងមាំនៃប្រព័ន្ធគ្រប់គ្រង និងនិរន្តរភាព ដើម្បីជួយធានាផលប្រយោជន៍យូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយ៕

អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២៥ សម្រេចបានជាង ៣ ៥៧៧ លានដុល្លារ

2026/01/27 10:02:44 am        256
អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទពេញមួយឆ្នាំ នៅក្នុងឆ្នាំ២០២៥ បានចំនួនជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារអាម៉េរិក កើនឡើងជាង ៣ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាព ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២៥ ព្រមទាំងទិសដៅ អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងនោះចំពោះលទ្ធផលប្រមូលពន្ធក្នុងខែធ្នូ ឆ្នាំ២០២៥, ចំណូលពន្ធអាករគ្រប់ប្រភេទ ដែល អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ បានចំនួនជាង ៩៧៦ ប៊ីលានរៀល ត្រូវ ប្រមាណជាង ២៤៣ លានដុល្លារ ស្មើជាង ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះជិត ៣ ភាគរយ ប្រមាណជាង ៣០ ប៊ីលានរៀល ត្រូវជាង ៧ លានដុល្លារ។ចំពោះការប្រមូលចំណូលពេញមួយឆ្នាំ ក្នុងឆ្នាំ២០២៥, អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទ បានជាង ១៤ ៣៤៥ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៥៧៧ លានដុល្លារ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៤ កើនឡើងជាង ៣ ភាគរយ ត្រូវប្រមាណ ៤៥១ ប៊ីលានរៀល ស្មើជាង ១១២ លានដុល្លារ។ទាក់ទិនការប្រមូលចំណូលពន្ធនេះ សម្រាប់ផែនការនៅក្នុងឆ្នាំ២០២៦ បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ ចំពោះចំណូលពន្ធដារត្រូវបានគ្រោងចំនួន ១៣ ២៩២ ប៊ីលានរៀល ត្រូវប្រមាណ ៦,១២ ភាគរយ នៃ ផ.ស.ស. ឬថយចំនួន ៥,៤ ភាគរយ ធៀបនិងច្បាប់ហិរញ្ញឆ្នាំ២០២៥។ សូមបញ្ជាក់ថា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលមិនដាក់ចេញនូវប្រភេទពន្ធថ្មី ឬបង្កើនអត្រា ពន្ធនោះទេ។ យ៉ាងណាមិញរាជរដ្ឋាភិបាលមានតម្រូវការក្នុងការធ្វើនិយ័តភាវូបនីយកម្ម តាមរយៈឆ្នាំហិរញ្ញវត្ថុឆ្នាំ២០២៦ នូវបណ្តាវិធាន ការពាក់ព័ន្ធ ការអនុគ្រោះ និងការលើកលែងពន្ធអាករនានា ដែលត្រូវបានសម្រេចដាក់ឱ្យអនុវត្តឆ្នាំ២០២៥ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងប្រទេស និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM