កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់

ព័ត៌មានជាតិ

កម្ពុជាផ្តួចផ្តើមសកម្មភាពជាតិក្នុងការលុបបំបាត់សារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្មវាយនភណ្ឌ និងសំណង់

2026/01/22 08:48:22 am        214
ក្រសួងបរិស្ថាន ក្រោមកិច្ចសហការជាមួយកម្មវិធីបរិស្ថានសហប្រជាជាតិ(UNEP) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP Cambodia) បានរៀបចំសិក្ខាសាលាប្រកាសចាប់ ផ្តើមអនុវត្តគម្រោងពេញលេញ នៃកម្មវិធីកុមារសកល ស្តីពី «ការ លុបបំបាត់ការប្រើប្រាស់សារធាតុគ្រោះថ្នាក់ នៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យវាយនភណ្ឌ និងសំណង់ » ក្រោមជំនួយហិរញ្ញវត្ថុពីមូលនិធិបរិស្ថានសកល (GEF) ក្រោមអធិបតីភាពឯកឧត្តម ដាញ់ សេរី អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងមានការចូលរួមពីក្រសួង/ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំស្រាវជ្រាវ សមាគម និងវិស័យឯកជនពាក់ព័ន្ធចូលរួមប្រមាណ៥០នាក់ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ថ្លែងទៅកាន់អង្គសិក្ខាសាលា ឯកឧត្តម ដាញ់ សេរី បានគូសបញ្ជាក់ឱ្យដឹងថា ភពផែនដីរបស់យើងកំពុងជួបប្រទះនឹងវិបត្តិបរិស្ថានធំៗ ចំនួនបី គឺ បញ្ហាការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និង ការបំពុល។ ការបំពុលបានបង្កផលប៉ះពាល់អវិជ្ជមានដោយផ្ទាល់ដល់សុខភាពមនុស្ស និងសុខភាពបរិស្ថាន ហើយវាក៏ជាកាតាលីករជំរុញ ឱ្យមាននូវការបាត់បង់ ជីវចម្រុះ និងការប្រែប្រួល អាកាសធាតុ។ ជាសកល រៀងរាល់ឆ្នាំ ការបំពុលដោយសារធាតុគីមីគ្រោះថ្នាក់បានសម្លាប់មនុស្សម្នាក់ ក្នុងចំណោមមនុស្ស៦នាក់។ វិស័យវាយនភណ្ឌ និងសំណង់ បានរួមចំណែកបំពុលបរិស្ថាន តាមរយៈការប្រើប្រាស់នូវសារធាតុគីមីគ្រោះថ្នាក់ក្នុងខ្សែចង្វាក់ផលិតកម្ម ដូចជា សារធាតុអាបេស្តូស បារត ពពួកសារធាតុគីមីសំយោគជាច្រើនប្រភេទ ជាពិសេស ពពួក សារធាតុ បំពុល សរីរាង្គ មិន ងាយ បំបែក ធាតុ (POPs) ព្រមទាំងការបញ្ចេញសំណល់ និងឧស្ម័នផ្ទះកញ្ចក់ (GHGs) ពីខ្សែចង្វាក់ផលិតកម្ម។ តាមរយៈការអនុវត្តគម្រោងនេះ នឹងចូលរួមក្នុងការអនុវត្តគោលនយោបាយសំខាន់របស់រាជរដ្ឋាភិបាល សំដៅការពារ សុខភាព សាធារណៈ និងបរិស្ថាន ព្រមទាំងធានា និងរក្សា បាន នូវភាពប្រកួតប្រជែង របស់វិស័យទាំងពីរនេះ នៅលើទីផ្សារ សកល។ ជាមួយគ្នានេះ គម្រោងនេះ នឹងទាក់ទាញនូវការ វិនិយោគ ជំរុញនូវនវានុវត្តន៍ បង្កើតឱកាស សេដ្ឋកិច្ចថ្មី ដែលងាក ទៅរកខ្សែចង្វាក់ផលិតកម្ម ប្រកបដោយ ចីរភាព តាមរយៈការកាត់បន្ថយការប្រើប្រាស់សារធាតុ គីមីគ្រោះថ្នាក់ និង សំណល់ គ្រោះ ថ្នាក់ ។

មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត

2026/01/22 08:32:58 am        188
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ បើកសិក្ខាសាលា ដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រ បញ្ញាសិប្បនិម្មិត ឱ្យមានលក្ខណៈពេញលេញ និងគ្រប់ជ្រុងជ្រោយ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដើម្បីទាញយក អត្ថប្រយោជន៍ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា។ ឯកឧត្ដម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ អ.ស.ហ. លើកឡើងនៅក្នុងសិក្ខាសាលាប្រមូលធាតុចូល ស្តីពីបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នេះថា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះបច្ចេកវិទ្យា ជាពិសេស “បច្ចេកវិទ្យាឌីជីថល” រួមមានបញ្ញាសិប្បនិម្មិត ត្រូវបានកំណត់យកជា “អាទិភាពគន្លឹះទី៥” សម្រាប់ឆ្លើយតបទៅ នឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្ម ឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ ផលិតភាពសេដ្ឋកិច្ច ដែលជាគ្រឹះ និងជាមធ្យោបាយ ដ៏សំខាន់នៃការសម្រេចបាន “ចក្ខុវិស័យកម្ពុជា២០៥០”។ រាជរដ្ឋាភិបាលបានផ្តោតជាសំខាន់នូវអាទិភាព “បច្ចេកវិទ្យាឌីជីថល” ក្នុង បញ្ចកោណទី៥ និងបានចាត់ទុកអាទិភាពនេះ ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។ឯកឧត្ដម បន្តថា ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ ជាការកំណត់នូវបង្គោលចរថ្មីមួយសម្រាប់ អ.ស.ហ. ដែលចាប់ផ្តើមគិតគូរ ឱ្យបានជាក់លាក់ជាងមុន អំពីការចាប់យក និងការគាំទ្រ និងការជំរុញការចាប់យកបញ្ញាសិប្បនិម្មិត ដើម្បីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ខណៈដែលបញ្ញាសិប្បនិម្មិតនេះមានការវិវត្តជាច្រើនជំនាន់ និងឆាប់រហ័ស សំដៅទាញយកអត្ថប្រយោជន៍ជា អតិបរមា និងកាត់បន្ថយនូវហានិភ័យនានាដែលអាចកើតមាន។លោកបណ្ឌិត សោម ផៃ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានគូសបញ្ជាក់ នូវចំណុចគន្លឹះៗមួយចំនួនដូចជា៖  ការចាប់យកបញ្ញាសិប្បនិម្មិត ត្រូវរួមវិភាគទានឱ្យសម្រេចបាននូវការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី បច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធអេកូឡូស៊ីបរិវត្តកម្មឌីជីថលរស់រវើក ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ជាក់ស្តែង និងតម្រូវការជាយុទ្ធ សាស្ត្ររបស់ អ.ស.ហ. ស្របតាមបទពិសោធ ឧត្តមានុវត្តន៍ និងនិន្នាការជាតិនិងអន្តរជាតិ។ការទាញយកអត្ថប្រយោជន៍ពីការចាប់ យកបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ទាមទារឱ្យគ្រប់តួអង្គសង្គម ចូលរួមសហការឱ្យបានពេញលេញ។ ការចាប់យកបញ្ញា សិប្បនិម្មិត មានអន្តរសកម្មជាមួយនឹងការចាប់យកអត្ថប្រយោជន៍ពីទ្រព្យយុទ្ធសាស្ត្រ “ទិន្នន័យ” ដែល ជាបុរេលក្ខខណ្ឌតម្រូវក្នុងការ ដ្ឋាន នៃការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីទិន្នន័យ នៃ អ.ស.ហ.។ ការបន្តពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង អ.ស.ហ., រវាង អ.ស.ហ. និងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាព ឬស្ថាប័នស្ថិតក្រោមអាណាព្យាបាល រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួង-ស្ថាប័ន, វិស័យឯកជន និងដៃគូអភិវឌ្ឍ មានសារៈសំខាន់ក្នុងការជំរុញ ការអភិវឌ្ឍ “ប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត” ដើម្បីបុព្វហេតុ “ការអភិវឌ្ឍនិងនវានុវត្តន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងការធ្វើបរិវត្តកម្ម ឌីជីថល” សំដៅរួមចំណែកឱ្យសម្រេចក្ខុវិស័យនៃ “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាដ៏រស់រវើកនៅឆ្នាំ២០៣៥”៕ អត្ថបទ៖ រ៉ាឌី

ក្រសួងបរិស្ថាន៖ «Hotspot» មិនសំដៅដល់តែភ្លើងឆេះព្រៃទេ ប៉ុន្តែរួមទាំងប្រភេទអគ្គិភ័យផ្សេងៗទៀត

2026/01/22 08:12:12 am        268
ពាក្យ «Hotspot» ត្រូវបានប្រើជាញឹកញាប់ក្នុងវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីសម្គាល់ចំណុចកំដៅខ្ពស់លើផ្ទៃដី ដែលត្រូវបានរកឃើញតាមរយៈរូបភាពផ្កាយរណប។ «Hotspot» ជាភស្តុតាងសំខាន់បង្ហាញពីការកើតមានអគ្គិភ័យ ឬការដុតបើកចំហរ ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន គុណភាពខ្យល់ សុខភាពមនុស្ស និងសង្គម។ អគ្គិភ័យដែលបង្កើត «hotspot» មានប្រភេទផ្សេងៗគ្នា អាស្រ័យលើទីតាំង មូលហេតុ និងសម្ភារៈដែលត្រូវបានដុត។ប្រភេទទីមួយគឺ អគ្គិភ័យព្រៃឈើ (Forest Fire / Wildfire)។ អគ្គិភ័យប្រភេទនេះកើតឡើងនៅតំបន់ព្រៃធម្មជាតិ និងព្រៃការពារ។ វាអាចកើតឡើងដោយមូលហេតុធម្មជាតិ ដូចជា ផ្គរលាន់ ឬដោយសកម្មភាពមនុស្ស ដូចជា ការដុតដី ការបោះសំរាមឆេះ ឬការធ្វេសប្រហែស។ អគ្គិភ័យព្រៃឈើបង្ក «hotspot» ច្រើន និងបញ្ចេញផ្សែង និង PM2.5 ច្រើន ដែលប៉ះពាល់ដល់គុណភាពខ្យល់ក្នុងតំបន់ធំៗ និងបំផ្លាញជីវចម្រុះធម្មជាតិ។ ប្រភេទទីពីរគឺ ការដុតសំណល់កសិកម្ម (Agricultural Burning)។ កសិករមួយចំនួនដុតស្មៅ សំណល់ដំណាំ ឬដីស្រែបន្ទាប់ពីការប្រមូលផល ដើម្បីសម្អាតដី និងត្រៀមសម្រាប់រដូវដាំដុះថ្មី។ សកម្មភាពនេះបង្ក hotspot ជាច្រើនក្នុងរដូវជាក់លាក់ ហើយជាមូលហេតុសំខាន់នៃអ័ព្ទផ្សែង និងការកើនឡើង PM2.5 ជាពិសេសនៅតំបន់ជនបទ និងតំបន់ជាប់ព្រៃ។ប្រភេទទីបីគឺ ការដុតសំរាម និងសំណល់ទីក្រុង (Waste and Landfill Fires)។ ការដុតសំរាមក្នុងទីសាធារណៈ កន្លែងចាក់សំរាម ឬទីលានទំនេរ ជាញឹកញាប់បង្ក hotspot ដែលមានគ្រោះថ្នាក់ខ្លាំង។ សំរាមជាច្រើនមានប្លាស្ទិក និងសារធាតុគីមី ដែលនៅពេលដុតនឹងបញ្ចេញឧស្ម័នពុល ដូចជា ឌីអុកស៊ីន និងលោហៈធ្ងន់ ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស។ប្រភេទទីបួនគឺ អគ្គីភ័យក្នុងតំបន់ឧស្សាហកម្ម (Industrial Fires)។ អគ្គីភ័យនៅរោងចក្រ ឃ្លាំងប្រេង ឬតំបន់ឧស្សាហកម្ម បង្ក hotspot ដែលមានកម្តៅខ្ពស់ និងការបញ្ចេញឧស្ម័នពុលច្រើន។ ប្រភេទអគ្គីភ័យនេះអាចបង្កគ្រោះថ្នាក់ភ្លាមៗដល់ជីវិតមនុស្ស និងបរិស្ថានជុំវិញ ហើយជាញឹកញាប់ត្រូវការការឆ្លើយតបបន្ទាន់ពីអាជ្ញាធរ។ប្រភេទទីប្រាំគឺ អគ្គិភ័យក្នុងតំបន់លំនៅឋាន និងទីក្រុង (Urban Fires)។ អគ្គិភ័យប្រភេទនេះកើតឡើងពីផ្ទះ សំណង់ ឬផ្សារ ដោយសារអគ្គិសនី ការចម្អិនអាហារ ឬការធ្វេសប្រហែស។ ទោះបីមិនបង្ក hotspot ច្រើនដូចអគ្គិភ័យព្រៃឈើក៏ដោយ ប៉ុន្តែវាបង្កផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចធ្ងន់ធ្ងរ ដូចជា ការបាត់បង់ទ្រព្យសម្បត្តិ និងជីវិតមនុស្ស។សរុបមក «Hotspot» គឺជាឧបករណ៍សំខាន់សម្រាប់តាមដាន និងវាយតម្លៃប្រភេទអគ្គិភ័យផ្សេងៗ។ អគ្គិភ័យនីមួយៗមានលក្ខណៈ និងផលប៉ះពាល់ខុសគ្នា ប៉ុន្តែសុទ្ធសឹងតែរួមចំណែកក្នុងការបំពុលខ្យល់ ការប្រែប្រួលអាកាសធាតុ និងហានិភ័យសុខភាពមនុស្ស។ ដូច្នេះ ការកាត់បន្ថយ «hotspot» ត្រូវការការគ្រប់គ្រងភ្លើងយ៉ាងមានប្រសិទ្ធភាព ការអនុវត្តច្បាប់តឹងរ៉ឹង និងការចូលរួមរបស់សហគមន៍ ដើម្បីការពារបរិស្ថាន និងអនាគតប្រកបដោយចីរភាព។

ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព

2026/01/22 07:51:51 am        693
ភ្នំពេញ៖ សហរដ្ឋអាមេរិកបានអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។ នេះបើយោងតាមសារលិខិតរបស់ ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ និងត្រូវបានផ្សព្វផ្សាយនាយប់ថ្ងៃទី២១ ខែមករា នេះ។ក្នុងសារលិខិត ឯកឧត្តម ដូណាល់ ជេ ត្រាំ បានអញ្ជើញជាផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមអន្តរជាតិថ្មីមួយ ដែលមានគោលបំណងលើកកម្ពស់សន្តិភាពយូរអង្វែងនៅមជ្ឈឹមបូព៌ា និងដោះស្រាយជម្លោះនៅកម្រិតពិភពលោក។ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក បានរំលឹកថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបានប្រកាស “ផែនការសម្របសម្រួលដ៏ទូលំទូលាយ ដើម្បីបញ្ចប់ជម្លោះនៅហ្គាហ្សា” ដែលជាផែនទីចង្អុលផ្លូវមាន ២០ចំណុច ហើយបានទទួលការគាំទ្រយ៉ាងឆាប់រហ័សពីមេដឹកនាំពិភពលោក រួមទាំងប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលពីពិភពអារ៉ាប់ អ៊ីស្រាអែល និងអឺរ៉ុប។ ឯកឧត្តមក៏បានលើកឡើងផងដែរថា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយលេខ ២៨០៣ ដោយភាគច្រើនលើសលប់ ដើម្បីស្វាគមន៍ និងគាំទ្រផែនការនេះ។យោងតាមឯកឧត្តមប្រធានាធិបតី ដំណាក់កាលបន្ទាប់នៃគំនិតផ្តួចផ្តើមនេះ គឺការបង្កើត “ក្រុមប្រឹក្សាសន្តិភាព” (The Board of Peace) ដែលជាស្ថាប័នអន្តរជាតិថ្មី និងអាជ្ញាធរគ្រប់គ្រងបណ្តោះអាសន្ន ដើម្បីអនុវត្តផែនការសម្របសម្រួលដ៏ទូលំទូលាយ និងកសាងសន្តិភាពយូរអង្វែង។ឯកឧត្តមប្រធានាធិបតី ត្រាំ ដែលនឹងធ្វើជាប្រធានក្រុមប្រឹក្សានេះ បានអញ្ជើញកម្ពុជាឱ្យចូលរួមជារដ្ឋសមាជិកស្ថាបនិក និងចូលរួមជាភាគីក្នុងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព”។ ឯកឧត្តមបានបញ្ជាក់ថា ប្រទេសដែលចូលរួមនឹងចែករំលែកការទទួលខុសត្រូវក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាពយូរអង្វែង។លិខិតបានបញ្ជាក់ថា រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិ ដើម្បីចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សា។ ផែនការសម្របសម្រួលដ៏ទូលំទូលាយ និងធម្មនុញ្ញរបស់ “ក្រុមប្រឹក្សាសន្តិភាព” ត្រូវបានភ្ជាប់ជាមួយលិខិតអញ្ជើញ ហើយបើកចំហសម្រាប់ការចុះហត្ថលេខា និងការអនុម័ត។ឯកឧត្តមប្រធានាធិបតី ត្រាំ បានបង្ហាញក្តីរំពឹងថា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត និងកម្ពុជា ក្នុងការស្វែងរកសន្តិភាពយូរអង្វែង វិបុលភាព និងស្ថិរភាពពិភពលោក៕

ក្រសួងមហាផ្ទៃ ណែនាំឱ្យចុះពិនិត្យមើលការផ្ដល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ពិសេសពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ

2026/01/22 07:26:46 am        169
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មឯកឧត្ដម ប៉ាវ ហម ផាន បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាទូទាំងប្រទេស ត្រូវចុះពិនិត្យមើលការផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលលើការស្នើសុំសេវាអត្តសញ្ញាណកម្មទាំងអស់ ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងការផ្ដល់ឯកសារបញ្ជាក់អត្តសញ្ញាណជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់មកពីប្រទេសថៃ ស្របតាមសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ។ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះឯកឧត្ដមរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ការជំរុញការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានពង្រីកទៅគ្រប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ រដ្ឋបាលរាជធានី ខេត្ត តាមផែនការដែលគ្រោងទុកដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័សប។ ដូច្នេះឯកឧត្ដម ស្នើសុំឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ ត្រៀមបេក្ខភាពជាគ្រូបង្គោលរបស់ខ្លួន ដើម្បីទទួលយកការបណ្តុះបណ្តាល និងភាពជាម្ចាស់ទៅលើការងារសម្រាប់ដាក់ដំណើរការ ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាននាពេលខាងមុខនេះ។ឯកឧត្ដម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានតម្កល់ឆន្ទៈផ្នែកនយោបាយយ៉ាងរឹងមាំក្នុងការបន្តជំរុញ និងពង្រឹងការអនុវត្តកំណែទម្រង់ការងារអត្តសញ្ញាណកម្មនេះ ពោលគឺទាំងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការកសាង និងការការពារមាតុភូមិ (២០២៣-២០២៨) និងទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានផ្តល់អាទិភាពលើការបន្តជំរុញ និងពង្រឹងការអនុវត្តផែនការយុទ្ធសាស្តជាតិស្ដីពីអត្តសញ្ញាណកម្ម។ ក្នុងនោះមាន(១) ការបង្កើតឱ្យមានមជ្ឈមណ្ឌលជាតិគ្រប់គ្រង អត្តសញ្ញាណប្រជាជន (២) ការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអនឡាញពីថ្នាក់មូល ដ្ឋានឃុំ សង្កាត់ និង (៣) ការរៀបចំដាក់ឱ្យប្រើប្រាស់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) ដែលជាលេខកូដសម្គាល់ខ្លួនសម្រាប់បុគ្គលគ្រប់រូបប្រើប្រាស់ពេញមួយជីវិត គឺជាកិច្ច ការអាទិភាព ដែលត្រួសត្រាយផ្លូវ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឱ្យកាន់តែងាយស្រួល និងកាន់តែឆាប់រហ័ស ប្រកបដោយសុក្រឹតភាពខ្ពស់។សូមជម្រាបថា ក្នុងក្របខណ្ឌនៃកំណែទម្រង់ការងារអត្តសញ្ញាណកម្មសម្រាប់រយៈពេលវែង រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីអត្តសញ្ញាណកម្មរយៈពេល១០ឆ្នាំ (២០១៧-២០២៦) ដើម្បីពង្រឹងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងអត្ត សញ្ញាណកម្មជាតិ សំដៅសម្រេចឱ្យបានគោលដៅ “បុគ្គលគ្រប់រូបត្រូវបានចុះបញ្ជី” និង “មនុស្ស ម្នាក់អត្តសញ្ញាណតែមួយ”៕

កម្ពុជា និង UN ជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកាតាលីករសកល ស្តីពីការងារសមរម្យ និងការគាំពារសង្គម

2026/01/21 07:48:59 pm        141
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Xiaoyan Qian នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ ដែលជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះ (JTWG) នៃគម្រោងកាតាលីករសកលកម្ពុជា បានធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំ ដើម្បីជំរុញការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» រៀបចំធ្វើឡើង នាព្រឹកថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។ កិច្ចប្រជុំ JTWG នេះ មានគោលបំណងពិភាក្សាអំពីផែនការរួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ សម្រាប់ការអនុវត្តផែនទីបង្ហាញផ្លូវកម្ពុជា ស្តីពីគម្រោងកាតាលីករសកល (Global Accelerator)។ ផែនទីបង្ហាញផ្លូវដែលត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីខែធ្នូ ឆ្នាំ២០២៤ នឹងជួយដោះស្រាយបញ្ហាប្រឈមសំខាន់ៗដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្លាំងពលកម្មខ្វះជំនាញ ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម និងសុខុមាលភាពផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ផែនការការងាររួមរវាងរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) គឺដើម្បីធានាឱ្យមានភាពស្របគ្នាជាមួយអាទិភាពជាតិ និងឯកភាពលើជំហានអនុវត្តជាក់ស្តែង។ ជាមួយគ្នានេះ ក៏ជាការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ ក៏ដូចជាឆន្ទៈក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធ UN និងបណ្តាប្រទេសឈានមុខផ្សេងៗ ដើម្បីធានាថាគម្រោងកាតាលីករសកល អាចសម្រេចបានលទ្ធផលតាមគោលបំណងដែលបានកំណត់។ គម្រោងនេះ មានគោលដៅបង្កើនល្បឿនវឌ្ឍនភាពឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ចីរភាព (SDGs) តាមរយៈការគាំទ្រការបង្កើតការងារសមរម្យ ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចថែទាំ ព្រមទាំងការពង្រីកប្រព័ន្ធគាំពារសង្គមទៅដល់ប្រជាជនដែលស្ថិតនៅក្រៅប្រព័ន្ធ។ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការងារ និងការគាំពារសង្គម គឺជាសសរស្តម្ភដ៏សំខាន់សម្រាប់ការសម្រេចបានចក្ខុវិស័យកម្ពុជា ២០៥០ ដែលមានទំនាក់ទំនងគាំទ្រគ្នាទៅវិញទៅមក ក្នុងការកំណត់ទិសដៅជីវិតប្រជាពលរដ្ឋ និងមហិច្ឆតាអភិវឌ្ឍន៍របស់ប្រទេស។ ទន្ទឹមនឹងនេះ វាក៏ជាមូលដ្ឋានសម្រាប់ការបង្កើត និងលើកកម្ពស់ការងារសមរម្យ ក្នុងនាមជាចលករសម្រាប់យុត្តិធម៌សង្គមផងដែរ។ការអនុម័តផែនទីបង្ហាញផ្លូវនេះ បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់ការងារសមរម្យ ពង្រីកការគាំពារសង្គម និងធានាថាការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច និងបៃតង ប្រព្រឹត្តទៅដោយយុត្តិធម៌ មានភាពបរិយាបន្ន និងចីរភាព។ក្នុងនាមតំណាងឱ្យអង្គការសហប្រជាជាតិ លោកស្រី Xiaoyan Qian បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមក្នុងគម្រោងស្តីពី «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» និងការអនុម័តផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តកាតាលីករសកលនេះ ដោយលើកឡើងថា កម្ពុជាជាប្រទេសដែលអនុវត្តការងារជាក់ស្តែង មិនមែនមានតែនៅលើក្រដាសនោះទេ។ លោកស្រីក៏បានលើកឡើងពីវឌ្ឍនភាពសំខាន់ៗនៃដំណើរគម្រោង ហើយក៏បានសំណូមពរឱ្យមានការពិចារណាបញ្ចូលពលករ និងជនមានពិការភាពទៅក្នុងប្រព័ន្ធទទួលអត្ថប្រយោជន៍បន្ថែមទៀត ប្រកបដោយតម្លាភាព។សូមរំលឹកថា កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានដាក់ចេញដោយអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយដល់រដ្ឋសមាជិកដោះស្រាយវិបត្តិ ពន្លឿនការស្តារសេដ្ឋកិច្ច ទន្ទឹមនឹងការបណ្តាក់ទុនក្នុងការអភិវឌ្ឍសង្គមអន្តរកាលបៃតង និងរៀបចំសម្រាប់បញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងអនាគត រួមមាន ការបញ្ចូលទៅក្នុងប្រព័ន្ធការងារយុវជន សមភាពយេនឌ័រ និងសេដ្ឋកិច្ចឌីជីថលជាដើម៕

ប្រមុខការទូតកម្ពុជាបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាបន្តទៅមុខទៀតជាមួយនឹងប្រព័ន្ធ UN នានា

2026/01/21 07:48:25 pm        168
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល ជំនួបសម្តែងការគួរសមជាមួយ លោកជំទាវ ភ្លដាំងកា អាន់ឌេវ៉ា អ្នកសម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ (អ.ស.ប.) តែងតាំងថ្មី ប្រចាំកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់លោកជំទាវ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរ លោកជំទាវ ឯដាំងកា អាន់វ៉ា ចំពោះការតែងតាំងជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការរួមចំណែកដ៏យូរអង្វែងរបស់ អ.ស.ប. ចំពោះការកសាង ប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យសុខភាពសាធារណៈ ការគាំពារសង្គម សកម្មភាពដោះមីន ភាពធន់ នឹងអាកាសធាតុ ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច និងការស្វែងរកយុត្តិធម៌ក្រោយពីមាន ជម្លោះ តាមរយៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គ្មានប្រទេសណាមួយស្គាល់ច្បាស់អំពីតម្លៃនៃសន្តិភាពជាងប្រទេសកម្ពុជានោះទេ ដោយសារកម្ពុជាបាន ឆ្លងកាត់ប្រវត្តិភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍អស់ជាច្រើនឆ្នាំ និងបានបញ្ជាក់ឡើងវិញនូវការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាបន្តទៅមុខទៀតជាមួយនឹងប្រព័ន្ធ អ.ស.ប. នានា។លោកជំទាវ ភ្លដាំងកា អាន់ឌេវ៉ា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញ ភារកិច្ចជាអ្នកសម្របសម្រួលថ្មីរបស់ប្រព័ន្ធ អ.ស.ប. ប្រចាំកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ។ លោកជំទាវបានប្តេជ្ញាចិត្ត ពង្រឹងសហប្រតិបត្តិការ របស់ អ.ស.ប. ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេច បាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ជាទីបញ្ចប់ ភាគីទាំងពីរ បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងបន្ថែមទៀតនូវភាពជា ដៃគូយូរអង្វែងរវាងកម្ពុជា និង អ.ស.ប. ស្របតាមអាទិភាពអភិវឌ្ឍន៍ជាតិរបស់កម្ពុជា។

កម្ពុជា គាំទ្រចំពោះការរួមចំណែកដ៏មានតម្លៃរបស់យូណេស្កូ ក្នុងការជំរុញការអភិវឌ្ឍរបស់កម្ពុជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ

2026/01/21 07:36:34 pm        155
នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ ក្នុងការជំរុញអាទិភាពសម្រាប់ការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើវិស័យអប់រំ វប្បធម៌ និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។ ឯកឧត្ដម Flavio Bonetti ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង អង្គការយូណេស្កូ ជាមួយក្រសួងស្ថាប័នកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព និងប្រកបដោយផ្លែផ្កា។

មន្រ្តីនគរបាលមួយរូប ដែលទើបត្រូវបានទាហានថៃដោះលែង ទទួលការយកចិត្តទុកដាក់ពី​ថ្នាក់ដឹកនាំ

2026/01/21 06:37:39 pm        197
លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកកឋិន នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលរងរបួសក្នុងសមរភូមិ និងត្រូវបានទាហានថៃចាប់បាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានបញ្ជូនមកមាតុភូមិវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ពេលនេះកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន។ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង ផែនការងារសេនាធិការ រួមសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មានថវិកាចំនួន ២លានរៀល និងទឹកត្រចៀកកាំ ជូនដល់លោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់។ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានពាំនាំការសួរសុខទុក្ខពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ចំពោះលោកអនុសេនីយ៍ត្រី គៀត ស៊ីម៉ាក់ និងបានលើកទឹកចិត្ត និងជូនពរឆាប់ជា ឱ្យមានសុខភាពល្អមាំទាំឡើងវិញ ខណៈថ្នាក់ដឹកនាំតែងតែគិតគូរសុខទុក្ខបងប្អូនជានិច្ច និងយកចិត្តទុក្ខដាក់ខ្ពស់ដល់គ្រប់កងកម្លាំងទាំងអស់ ហើយប្ដេជ្ញាមិនបោះបង់បងប្អូនគ្រប់គ្នានោះទេ។ ជាមួយគ្នានោះ លោកឧត្ដមសេនីយ៍ត្រីស្នងការរង ក៏បានជំរុញដល់ក្រុមគ្រូពេទ្យឱ្យមើលថែរហូតដល់ជាសះស្បើយ៕

ក្រសួងបរិស្ថានជំរុញសកម្មភាពបង្កើនគម្របបៃតងនិងលើកកម្ពស់ជីវភាពភាពសហគមន៍តំបន់ការពារធម្មជាតិ ធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ ក្នុងខេត្តកំពង់ស្ពឺ

2026/01/21 06:29:17 pm        128
ក្រសួងបរិស្ថាន បានធ្វើការបោះបង្គោលកំណត់ព្រំប្រទល់នៅតំបន់អភិវឌ្ឍន៍គោលដៅលម្ហែបៃតងទេទឹកពុះ របស់សហគមន៍តំបន់ការពារធម្មជាតិកោដូន្តី នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តតាមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្តទុកដាក់លើជីវភាពប្រជាពលរដ្ឋគ្រប់ទិសទី ក្នុងនោះការបោះបង្គោលកំណត់ព្រំ នាពេលនេះ បានជំរុញឱ្យមាន ១)ការផ្សព្វផ្សាយដល់សារធារណជនពីតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ ប្រកបដោយសក្តានុពលធម្មជាតិ ២) ការលើកម្ពស់ការចូលរួមរបស់ប្រជាសហគមន៍មូលដ្ឋាន ក្នុងការអភិវឌ្ឍជីវភាព និងសម្រាប់ភាពជាម្ចាស់របស់សហគមន៍តទៅមុខសម្រាប់កូនចៅបន្តជំនាន់ និង៣) ការប្រើប្រាស់តំបន់នេះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។សូមបញ្ជាក់ថា ឯកឧត្តមថ្នាក់ដឹកនាំក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ដោយមានការចូលរួម រដ្ឋបាលថ្នាក់ក្រោមជាតិ លោកអភិបាលស្រុកឱរ៉ាល់ លោកមេឃុំ មេភូមិ មន្ត្រីឧទ្យានុរក្ស និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានចូលរួមជាសក្ខីភាពក្នុងការបោះបង្គោលព្រំប្រទល់នៅតំបន់គោលដៅលម្ហែបៃតងទេទឹកពុះ នៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦។លោក ផល លឿន ប្រធានសហគមន៍តំបន់ការពារធម្មជាតិកោដូន្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏ដូចជាតាមរយៈក្រសួងបរិស្ថានដែលការបោះបង្គោលកំណត់ព្រំ តំបន់អភិវឌ្ឍន៍គោលដៅលំហែបៃតង នឹងជំរុញឱ្យមានការអភិវឌ្ឍនៅក្នុងមូលដ្ឋានមានការរីកចម្រើនតាមរយៈការរៀបចំឱ្យតំបន់សហគមន៍មានឱកាសក្នុងការបង្កើនភាពស្អាត ភាពបៃតង និងមានការអភិវឌ្ឍនិងលើកកម្ពស់ជីវភាពនៃសមាជិកសហគមន៍ទាំងមូល។សូមបញ្ជាក់ថា នៅក្នុងដើមឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានការអភិវឌ្ឍតំបន់ទេទឹកពុះ ឱ្យទៅជាតំបន់គោលដៅលំហែបៃតងគួរឱ្យទាក់ទាញបំផុតមួយនៅកម្ពុជា ដើម្បីធានាការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព។ សម្តេចធិបតី បានចង្អុលបង្ហាញឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ជាគោលដៅលំហែបៃតង ជំរុញការអភិវឌ្ឍជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានការរីកចម្រើន និងប្រែក្លាយជាតំបន់អាព្យាក្រឹតកាបូន។ កន្លងមកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់ការកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងមូលដ្ឋាន ក្នុងនោះបានផ្តល់ភ្លើងទេវតា (សូឡា) បំភ្លឺជូនសហគមន៍ចំនួន ៣០៣គ្រួសារ។ជាមួយការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផលល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានជំរុញការអនុវត្តសកម្មភាពយុទ្ធសាស្រ្ត ការពារបរិស្ថាននិងធនធានធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលសរសរស្តម្ភទី២ គឺភាពបៃតង ផ្តោតសំខាន់លើយុទ្ធសាស្រ្តអាទិភាពចម្បងចំនួន៣ គឺទី១) ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ២) ការពង្រីកគម្របបៃតង ដោយជំរុញការបណ្តុះនិងចែកកូនឈើជូនប្រជាពលរដ្ឋដាំឱ្យបានច្រើនកោះករ និងការបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ ការដាក់ចេញយុទ្ធនាការពន្លកបៃតង និងជំរុញការដាំឈើឱ្យបានយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ និងទី៣) ការអភិវឌ្ឍជីវភាពសហគមន៍ មានជម្រើសមុខរបរថ្មី តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតងនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។តំបន់ទេទឹកពុះមានសក្តានុពលធម្មជាតិដ៏ល្អ និងកម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក មានទឹកពុះធម្មជាតិ ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ និងមានវាលស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិដើមភាតិចសួយ រស់នៅ និងមានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ មានទេសភាពធម្មជាតិដ៏ល្អប្រណិត និងមានអ្នកទេសចរណ៍ ជាច្រើនមកលំហែកម្សាន្ត ខ្លះអាចចុះត្រាំទឹក និងមានជំនឿក្នុងការព្យាបាលជំងឺតាមបែបធម្មជាតិ ដោយការត្រាំ និង ងូតទឹកក្តៅ កើតចេញពីធម្មជាតិ ឱ្យជាសះស្បើយបានផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM