ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ

ព័ត៌មានជាតិ

អំណោយផ្ទះ១ខ្នងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមសាងសង់ជូនអតីតយុទ្ធជន នៅខេត្តបាត់ដំបង

2026/01/19 04:47:44 pm        100
អនុវត្តតាមអនុសាសន៍ដឹកនាំដោយផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះ ១ខ្នង ជូនអតីតយុទ្ធជន ឈ្មោះ អន សារី អាយុ ៦៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំបួរវិល ស្រុកបរវេល ខេត្តបាត់ដំបង ដែលមានដីអត់ផ្ទះ។ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអម, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជានិច្ចកាលបានបន្តអនុវត្ត និងដោះស្រាយជូនអតីតយុទ្ធជន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជន និងនិវត្តជនទាំងការផ្តល់ដី និងផ្ទះ ព្រមទាំងអត្ថប្រយោជន៍ជាច្រើនទៀតជាបន្តបន្ទាប់។ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន និងភរិយា សូមរក្សាសុខភាពឱ្យបានល្អផងដែរ៕

កុមារកម្ពុជាជាច្រើនបានរៀនតាមកម្មវិធីសិក្សាបែបជប៉ុន ដែលជួយឲ្យការគិតកាន់តែប្រសើរ

2026/01/19 04:22:38 pm        307
ភ្នំពេញ៖ ក្រោមកិច្ចសហការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡានោះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននាំយកនូវកម្មវិធីសិក្សាកំពុងពេញនិយម នៅក្នុងប្រទេសជប៉ុន មានឈ្មោះថា Think!Think! មកជួយបង្រៀនដល់កុមារកម្ពុជា ហើយកម្មវិធីសិក្សានេះ ក៏បានធ្វើឲ្យកុមារកម្ពុជា កាន់តែមានភាពវៃឆ្លាត និងមានការគិតកាន់តែល្អជាងមុន ។ក្នុងកម្មវិធី World Cup ប្រចាំឆ្នាំរបស់ Think!Think! និងកម្មវិធីប្រគល់សញ្ញាបត្រប្រចាំឆ្នាំ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ លោក សានួយ កាស៊ូម៉ាសា ប្រធានតំណាង JICA ប្រចាំនៅកម្ពុជា បានលើកឡើងថា ព្រឹត្តិការណ៍ការប្រកួតកម្មវិធីសិក្សាបែប STEM ប្រចាំឆ្នាំ ២០២៥ ដោយប្រមូលផ្តុំកុមារជាង ១ ០០០នាក់ មកពីសាលាThink!Think! លើននីងលេប សាលាបឋមសិក្សារដ្ឋ និងមជ្ឈមណ្ឌលសិក្សាអភិវឌ្ឍន៍ជប៉ុន (JDLC) ដែលបានប្រើប្រាស់កម្មវិធី Think!Think! ដែលជាកម្មវិធីឈ្នះពានរង្វាន់ ដើម្បីបង្ហាញពីជំនាញគិតបែបវិភាគ ជំនាញដោះស្រាយបញ្ហា និងភាពច្នៃប្រឌិតផ្នែកគណិតវិទ្យា។លោកបន្តថា ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដោយសហការរវាងក្រសួងអប់រំ យុវជន និងកីឡា JICA និង Think!Think! ប្រចាំកម្ពុជា ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងបង្ហាញយ៉ាងច្បាស់ពីចំណង់ចំណូលចិត្តរបស់កុមារចំពោះការគិត និងការតាំងចិត្តរបស់ពួកគេក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ។ ឯកឧត្តម អ៊ុង បូរ៉ាត់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ ភាពស្ទាត់ជំនាញលើផ្នែក STEM និងបំណិនសតវត្សរ៍ទី២១ តាំងពីវ័យក្មេង គឺជាមូលដ្ឋានគ្រឹះ សម្រាប់ភាពជោគជ័យនាពេលអនាគត របស់កុមារ ។ឯកឧត្តម បន្តថា កម្មវិធី Think!Think! World Cup មិនមែនគ្រាន់តែជាការប្រកួតប្រជែងមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាដ៏សំខាន់មួយ ដែលជួយឱ្យកុមារបណ្ដុះក្តីស្រឡាញ់ ចំពោះជំនាញដ៏ចាំបាច់ទាំងនេះ តាមរយៈបទពិសោធន៍ ប្រកបដោយភាពសប្បាយរីករាយ និងមានអត្ថន័យជាទីបំផុត ។លោក ខេ កាវ៉ាស៊ីម៉ា នាយកប្រតិបត្តិក្រុមហ៊ុន Wonderfy បានឲ្យដឹងថា ជាមូលដ្ឋានការអប់រំ គួរតែជាបទពិសោធន៍ដ៏រីករាយមួយ ហើយកម្មវិធី Think!Think! បំផុសគំនិតនៃការចង់ដឹង ចង់ឮពីធម្មជាតិរបស់កុមារ និងទាញចេញសក្តានុពលពេញលេញរបស់ពួកគេ តាមរយៈការធ្វើឱ្យការសិក្សាមានភាពសប្បាយរីករាយ ហើយយើងនៅតែប្តេជ្ញាថា នឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញអប់រំដ៏ល្អបំផុត របស់ប្រទេសជប៉ុន ដើម្បីផ្តល់ដល់កុមារគ្រប់រូបនៅកម្ពុជា។សម្រាប់សិស្សជ័យលាភីនៃកម្មពិធី Think!Think! World Cup 2025 ក្នុងនោះកម្រិតមត្តេយ្យ (Kinder Category) លេខ១៖ ខឹម បុទុម រមនា, លេខ២. កានបញ្ញា ដារិត, លេខ៣. ហុង សេង ងួន, លេខ៤. ខេន វាតាណាបិ និងលេខ៥. សុខ លីហុង ។ កម្រិតបឋមសិក្សា (Primary Category), លេខ១. សម្បត្តិ សុវណ្ណវឌ្ឍនៈ, លេខ២. នីណូ តាមូរ៉ា, លេខ៣. សារ៉ា ជូរី, លេខ៤. ជា ចន្ទវីរៈ និងលេខ៥. ខេង ផាន់រតន, កម្រិតខ្ពស់ (Advanced Category), លេខ១. អ៊ិអូរិ គីមូរ៉ា, លេខ២. សារ៉ា ម៉ូរីសា, លេខ៣. ផាន់ វ៉ីនឆាយ, លេខ៤. រ៉ុងមុនី ប្រសិដ្ឋ និងលេខ៥. អ៊ឹង លីមហ័រ ។ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរំភើប សិស្សចំនួន ២នាក់ ដែលមានពិន្ទុខ្ពស់បំផុតក្នុងប្រភេទថ្នាក់នីមួយៗ គឺទទួលបានរង្វាន់សំបុត្រយន្តហោះ និងឱកាសចូលរួមព្រឹត្តិការណ៍ Think!Think! Cup នៅទីក្រុងតូក្យូក្នុងឆ្នាំ២០២៦ ។គួរបញ្ជាក់ថា Think!Think! គឺជាកម្មវិធីបច្ចេកវិទ្យាអប់រំ (EdTech) ឈានមុខគេរបស់ប្រទេសជប៉ុន ដែលផ្តោតលើការអភិវឌ្ឍជំនាញគិតបែបវិភាគ និងជំនាញមិនមែនពុទ្ធិបញ្ញា (Non-cognitive Skills) របស់កុមារ។ ជាមួយនឹងអ្នកប្រើប្រាស់ជាង ២,៥ លាននាក់ទូទាំងពិភពលោក កម្មវិធីនេះមានល្បែងផ្គុំរូប និងហ្គេមយុទ្ធសាស្ត្រយ៉ាងទូលំទូលាយ ដែលត្រូវបានរចនាឡើងដើម្បីជំរុញចំណង់ចង់រៀនសូត្រពេញមួយជីវិត៕ អត្ថបទ បាន សុខរិទ្ធិ

ការលក់ដូរវិស័យអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើន ទោះបីអ្នកទិញមានតម្រូវការតិចតូច

2026/01/19 04:09:32 pm        174
អ្នកជំនាញអចលនវត្ថុបានបញ្ជាក់ឱ្យដឹងថា នៅដើមឆ្នាំ២០២៦នេះ ការ​លក់​ដូរ​ក្នុង​វិស័យ​អចលន​ទ្រព្យ ​និងសំណង់ នៅបន្តមានកំណើន ខណៈអ្នកទិញនៅមានតម្រូវការតិចតូច ដោយពួក​គេ​មាន​អំណាច​ក្នុង​ការ​ជ្រើសរើសទីតាំង និងប្រភេទអចលនទ្រព្យសម្រាប់ការជួញដូរ ឬស្នាក់នៅ។ ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ អ្នកយកព័ត៌មាន ស្តីពីបច្ចុប្បន្នភាពនៃវិស័យអចលនវត្ថុ និង​សំណង់​ឆ្នាំ​២០២៦ នេះថា សម្រាប់សកម្មភាពវិស័យអចលនវត្ថុ និង សំណង់នៅឆ្នាំកន្លងមកនេះ ផ្នែក​មួយ​ចំនួនបានជួបញ្ហា និងមានតំបន់ខ្លះជួយគាំទ្រដល់អនុវិស័យនេះផងដែរ ជាក់ស្តែងតំបន់ ព្រលាន​យន្ត​ហោះថ្មី (ព្រលានយន្តហោះអន្តរជាតិតេជោ) ដែលស្ថិតនៅ​តំបន់​ភូមិ​ភាគ​ខាង​ត្បូង​នៃ​រាជ​ធានីភ្នំពេញ បានកំពុងបន្តស្រូប យកអលនទ្រព្យដូចជា៖ គម្រោង​អភិវឌ្ឍន៍​ផ្នែក​ពាណិជ្ជ​កម្ម និងអគារដាក់តាំងបង្ហាញនូវផលិតផលសំខាន់ៗជាដើម ក្នុងនោះសម្រាប់ ផ្នែកជួរមុខ នៃ​ព្រលាន​យន្ត​ហោះអន្តរជាតិតេជោ អាចនិងស្រូបយកប្រភេទអគារបម្រើដល់ការធ្វើពាណិជ្ជកម្ម និង​ផ្នែកនៅជុំវិញព្រលានយន្តហោះ នឹងមានការអភិវឌ្ឍផ្នែកលំនៅឋាន និងបុរីនានា និងមានផ្សារ​ទៅ​តំបន់​អភិវឌ្ឍវិស័យឧស្សាហកម្មជាដើម។ឧកញ៉ា បន្តថា ដោយសាការរីកលូតលាស់សេដ្ឋកិច្ចឆ្នាំ២០២៥ បាននិងកំពុង​បន្ត​គាំទ្រ​ដល់​ការ​ទិញ​-លក់ក្នុងវិស័យអចលន ទ្រព្យ និងសំណង់ ខណៈនៅដើមឆ្នាំ២០២៦ នៅបន្ត​មាន​កំណើន​នៃ​ការ​លក់​ដូរ​នៅឡើយ ស្របពេលអ្នកទិញនៅមានចំនួនតិចតូច ដែលមានអំណាច​នៅ​ក្នុង​ការ​ជ្រើស​រើស​ទីតាំង និងប្រភេទអចលនទ្រព្យ តាមតម្រូវការដែលពួកគាត់ត្រូវការជាក់ស្តែង សម្រាប់​ការ​លក់​ដូរបន្ត ឬការទិញសម្រាប់ស្នាក់នៅជាដើម។ ជុំវិញវិស័យអនុវិស័យសំណង់ នៅក្នុងឆ្នាំ២០២៦នេះ, បើយោង​តាម​ក្រប​ខ័ណ្ឌ​នៃ​ការ​រៀប​ចំ​សេចក្តី​ព្រាង​ច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ ការគ្រប់គ្រងឆ្នាំ២០២៦ បានបង្ហាញថា អនុវិស័យ​សំណង់ ​ត្រូវបានព្យាករថា នឹងបន្តងើប ប៉ុន្តែក្នុងសភាពយឺត និងមានកំណើនទាប ជាង​និន្នា​ការ​មុន​វិបត្តិ​ជំងឺកូដ-១៩ ដែលបន្តទ្រទ្រង់ដោយសកម្មភាពសាងសង់លំនៅឋាន ឆ្លើយត​ប​ទៅ​នឹង​តម្រូ​វ​ការ​ពិតក្នុងស្រុក គួបផ្សំនឹងការបន្តនិន្នាការកើនឡើងនៃសកម្មភាពសំណង់ បម្រើឱ្យវិស័យ​ឧស្សាហកម្ម​មួយចំនួនដូចជា រោងចក្រ និងឃ្លាំងជាដើម ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃអនុវិស័យនេះ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ៕ អត្ថបទ៖ រ៉ាឌី

កុមារភៀសសឹកស្នាក់នៅជំរំចុងកាល់ បន្តអំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​បញ្ឈប់​ទង្វើ​ឈ្លាន​ពាន​របស់​ថៃ

2026/01/19 03:52:10 pm        252
កុមារភៀសសឹកជាច្រើននាក់មកពីតាមបន្ទាត់ព្រំដែនក្នុងស្រុកបន្ទាយអំពិល រួមមានតំបន់ ថ្មដូន ជប់គគី ប្រាសាទតាមាន់ ប្រាសាទតាក្របីដែលជាប់គាំង និង​កំពុង​សិក្សា​រៀន​សូត្រ​ជា​បណ្តោះ​អាសន្ន​នៅ​ទីតាំងជំរំសុវត្ថិភាពស្រុកចុងកាល់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ បានបន្ត​អំពាវ​នាវ​យ៉ាងទ​ទូចដល់សហគមន៍អន្តរជាតិជួយអន្តរាគមន៍ បញ្ឈប់ទង្វើឈ្លានពានរបស់យោធាថៃ មក​លើអធិតេយ្យភាពកម្ពុជា ពិសេសក្នុងតំបន់ដែលពួកគេរស់នៅតាមបន្ទាត់ព្រំដែន ដើម្បី​បាន​ត្រឡប់​ទៅ​ផ្ទះសំ​បែង និងបានសិក្សារៀនសូត្រជាធម្មតាវិញដោយមិនមានការភ័យខ្លាចបន្តទៀត។ កុមារភៀសសឹក បានបង្ហាញការសោកស្តាយ ចំពោះទង្វើឈ្លាន​ពាន​ដ៏​គឃ្លើន​របស់​យោធា​ថៃនា​ពេល​កន្លង​ទៅ ដែលបានបាញ់ប្រហារមកលើភូមិដ្ឋានរស់នៅរបស់ពួកគេ ដែលជា​​ប្រជា​ពលរដ្ឋ​ស៊ីវិល​​ស្លូត​ត្រង់​ជាច្រើនលើកច្រើនសារដោយគ្មានមនុស្សធម៌នៅក្នុងខ្លួន។ ក្រុមកុមារភៀសសឹក ចង់​ឱ្យ​ប្រទេសកម្ពុជា និងថៃ​ចូលរួមកិច្ចប្រជុំជាមួយគ្នាលើការដោះស្រាយបញ្ហាព្រំដែន ដោះ​ស្រាយ​បញ្ហា​ដោយ​សន្ដិវិធី ដើម្បីពួកគេឆាប់បានវិលត្រឡប់ទៅកាន់លំនៅឋានវិញ។ បណ្ដាកុមារភៀសសឹក បានបន្តទៀតថា ពួកគេត្រូវការសន្តិភាព មិនត្រូវការសង្រ្គាមនោះទេ ពី​ព្រោះ ​ដោយសារតែសង្រ្គាមឈ្លានពានរបស់យោធាថៃ បានធ្វើឲ្យពួក​គេ​រ​ស់​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា ​និងថៃ មានការលំបាកយ៉ាងខ្លាំង ត្រូវរត់ភៀសសឹកចេញពីផ្ទះសំបែង បាត់បង់ការ​សិក្សា​រៀន​សូត្រ ​និងត្រូវបែកបាក់ក្រុមគ្រួសារថែមទៀត។សូមបញ្ជាក់ថា ក្រោយមានបទឈប់បាញ់រវាងកម្ពុជា និងថៃ គិតមកដល់ពេលនេះ ពលរដ្ឋ​ភៀស​សឹក​កម្ពុជា​បានវិលទៅលំនៅឋានវិញមានជាង៥០ម៉ឺននាក់ហើយ។ ចំណែកអ្នកបន្តស្នាក់នៅជំរំ មាន​ចំនួន ១៣ ម៉ឺននាក់ទៀត ក្នុងនោះមានស្រ្ដីជាង ៧ម៉ឺននាក់ និងកុមារជាង ៤ម៉ឺននាក់៕ ឃិន សារិទ្ធ

ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយ​ទទួលបានពីប្រជានេសាទ

2026/01/19 03:38:43 pm        251
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានធ្វើការលែង ត្រីរាជ ទម្ងន់ ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ វិញ ក្រោយទទួលពត៌មានពីប្រជាពលរដ្ឋនេសាទបាន ដោយ​ប្រើ​ប្រាស់​ឧបករណ៍ម៉ាញ់ នៅចំណុចតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្ត​កំពង់ចាម។បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករ ឆ្នាំ២០២៦ ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីប្រជានេសាទឈ្មោះ ឆាយ សេងឃុន ដែល​នេសាទបាន ត្រីរាជ ទម្ងន់ប្រហែល ៧០គីឡូជាង ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់ នៅ​ចំណុច​តាម​ដងទន្លេមេគង្គ ភូមិថ្មី (ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម។ បន្ទាប់​មក​ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានចុះត្រួតពិនិត្យ និងទំនាក់ទំនង​ផ្តល់​ព័ត៌មាន​ជូន​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាព នៃ​ទន្លេមេគង្គ ដើម្បីកំណត់ទិន្នន័យត្រីរាជ និងមានវិធានការបន្ត ក្រុមការងារ​បច្ចេក​ទេស​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល​បាន​កំណត់​ទិន្នន័យ​ដូច​ខាង​ក្រោម​៖ត្រីរាជ ភេទ ញី ប្រវែង ១៨៧ សង់ទីម៉ែត្រ ទម្ងន់សរុប ៧៨ គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខ​កូដ ៣១៦ ។ ក្រោយពីកំណត់អត្តសញ្ញាណដូចខាងលើរួច ក្រុមការងារ​មាន​អាជ្ញាធរ​ស្រុក​កង​មាស​ មន្ត្រីនៃរដ្ឋបាលជលផល ខណ្ឌរដ្ឋបាលជលផលកំពង់ចាម និងក្រុមការងារ​គម្រោង​អច្ឆរិ​យ​ភាព​នៃទន្លេមេគង្គ និងប្រជានេសាទ បានលែងត្រីរាជនោះចូលក្នុងទន្លេមេគង្គវិញ។ខណ្ឌ​រដ្ឋបាលជលផលកំពង់ចាម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម សូម​អំពាវ​នាវ​ដល់ប្រជានេសាទទាំងអស់ សូមផ្តល់ដំណឹងមកមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលជលផល នៅ​ពេ​លនេសាទបានដោយចៃដន្យ ប្រភេទត្រីកម្រ ដូចជា ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ ជាដើម ដើម្បី​លែង​ចូលទន្លេវិញ ក្នុងគោលបំណងអភិរក្សប្រភេទត្រីកម្រទាំងនេះឱ្យបានគង់វង្ស តទៅ៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញ​ប្រគល់ផ្ទះថ្មីដោយផ្ទាល់ ជូន​ក្រុម​គ្រួសារ​របស់​វីរកងទ័ព និងវីរនគរបាលជាតិពលី

2026/01/19 03:29:56 pm        226
ដោយការគិតគូរជាបន្តបន្ទាប់នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី រស់នៅក្នុង​ទឹក​ដី​ខេត្ត​កណ្តាល​។ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍​ចូល​រួម​រំលែក​មរណ​ទុក្ខ​ដ៏​ក្រៀម​ក្រំ​បំផុត ​រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់​ក្រុម​គ្រួសារ​នៃ​សព​ផងដែរ។ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និង​លោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈ​ចាំបាច់​ផ្សេង​ៗ​ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ ។សូមបញ្ជាក់ផងដែរថា សម្តេចបវរធិបតី បានដាក់ចេញនូវគោលនយោបាយ និង​យន្តការ​ជា​ច្រើន​ដើម្បី​ជួយ​សម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលីដូចជាការផ្តល់ឱ្យមុខរបរចិញ្ចឹមជីវិត ការ​ស្រោច​ស្រង់​សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗបានសិក្សាកម្រិតបរិញ្ញាបត្រ ការ​រៀប​ចំ​ឥណទានសារជាថ្មី ការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែម​ទាំង​មាន​ការ​គិត​គូរ​បង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីទៀតផង។ បន្ថែម​ពី​លើ​នេះ ​រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការ​ជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ការជួយបោសសម្អាតអាវុធ គ្រាប់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង​ការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម៕

ឯកឧត្តម សាយ សំអាល់៖«ការដាំដុះ គឺជាបំណិនជីវិតមួយ និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»

2026/01/19 02:52:43 pm        214
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ភ្ជាប់ជាមួយនឹងរូបភាពប្រជាពលរដ្ឋ និងសិស្សានុសិស្ស ប្រមូលផលដំណាំបន្លែនានា ដោយបានបញ្ជាក់ថា «ការដាំដុះ គឺជាបំណិនជីវិតមួយ, និងជាការរៀបចំផ្ទះសំបែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី បានថ្លែងថា «ការដាំដុះ គឺជាបំណិនជីវិតមួយ»។ឯកឧត្តមបានបន្តថា ការដាំដុះបន្លែផ្លែឈើ គឺជាបំណិនជីវិតរបស់មនុស្សយើង ពីព្រោះយើងទាំងអស់គ្នាដឹងថាបន្លែជាអាហារចាំបាច់មួយសម្រាប់សុខភាព។ ឯកឧត្តមបានបញ្ជាក់ថា៖«ហើយតាមការយល់របស់ខ្ញុំ ការទិញលក់បន្លែ ដែលជាផលិតផលក្នុងស្រុក (នាំចេញនៅនឹងកន្លែង) ក៏ជាយន្តការបង្ហូរសាច់ប្រាក់ពីស្រទាប់មួយទៅស្រទាប់មួយទៀតក្នុងសង្គមយើង។ជាងនេះទៅទៀត នេះគឺជាការរៀបចំផ្ទះសម្បែងបានត្រឹមត្រូវ និងបានសេដ្ឋកិច្ចវិលជុំ»៕

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី៖ «ចំណេះដឹង និងគុណធម៌ ជាសសរស្តម្ភ​ពីរ​មិនអាច​ខ្វះបាន​ក្នុងវិស័យអប់រំ»

2026/01/19 02:06:19 pm        222
ភ្នំពេញ៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកល​វិទ្យាធិការ​នៃ​ពុទ្ធិក​សាកល​វិទ្យាល័យ​ព្រះសីហ​មុនី​រាជា មានព្រះបន្ទួលថា ចំណេះដឹង និងគុណធម៌ គឺជាសសរស្ដម្ភពីរ ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុងវិស័យអប់រំ ។ ក្នុងឱកាសយាងជាព្រះរាជាធិបតីកិត្តិយស ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី“គោលការណ៍គ្រឹះ នៃ​មុខ​ងារ​សាធារណៈ និងគុណសម្បត្តិ នៃឥរិយាបថរបស់មន្ត្រីរាជការ” និង “សុក្រឹតការគរុកោសល្យ និង​វិ​ធីសាស្ត្របង្រៀន” កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ សម្តេ​ច​ព្រះ​សាកល​វិទ្យា​ធិការ​មានព្រះបន្ទួលថា ក្នុងវិស័យអប់រំ អ្នកបណ្តុះបណ្តាល ជាអ្នកដឹកនាំ និងជាវិស្វករ នៃ​ព្រលឹង​ជាតិ ​ដែលមានភារកិច្ចមិនត្រឹមតែផ្ទេរនូវវិជ្ជាបច្ចេកទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើជាគំរូ នៃ​ឥរិយាបថ សីលធម៌ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាបង្គោលចម្លងនូវពុទ្ធិ និង​គុណ​តម្លៃ​នៃ​សង្គម​ទៅ​កាន់​ជំនាន់​ក្រោយ។ សម្តេចព្រះមហាសង្ឃរាជ មានព្រះបន្ទួលដោយង្ឃឹមថា តាមរយៈការតម្រង់ ទិស និងការចែក​រំលែក​បទ​ពិសោធន៍ពីគ្រូឧទ្ទេសដ៏មានសមត្ថភាព លោកអ្នកនឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ ក្នុង​ការជំរុញនាវាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ឱ្យកាន់តែមានសក្តានុពលខ្ពស់ ក្នុង​ការ​បម្រើដល់បុព្វហេតុព្រះពុទ្ធសាសនា និងការ​អភិវឌ្ឍ​ជាតិមាតុ​ភូមិ​ឱ្យ​កាន់​តែ​រុង​រឿង​ថ្កុំ​ថ្កើង​តរៀង​ទៅ។ ឯកឧត្តមបណ្ឌិត ងួន ស្តេចភក្តី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួល​បន្ទុក​ពុទ្ធិក​សាកល​វិទ្យាល័យព្រះសីហមុនីរាជា មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ មានសិក្ខា​កាម​ចូល​រួម​ចំនួន​ ២១៦រូប ក្នុងនោះព្រះសង្ឃចំនួន ១០អង្គ ស្រីចំនួន៥៥នាក់ និងប្រុសចំនួន ១៥១នាក់ ដែល​ទទួល​បានការបណ្តុះបណ្តាលពីវាគ្មិនកិត្តិយស សិក្សាលើប្រធានបទសំខាន់ៗចំនួន៤ ត្រូវ​បាន​បញ្ចប់​ទៅដោយរលូន ។ឯកឧត្តមបណ្ឌិត ជួន ជីវិន រដ្ឋលេខាធិការរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធសាស្ត្របញ្ចកោណ បានកំណត់យកការអភិវឌ្ឍមូលធនមនុស្ស ជា​ចំណុច​អាទិភាព​ទី១ ដែលនេះជាកត្តាចាំបាច់ ក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ នាំ​ឱ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា ឆ្ពោះទៅសម្រេចនូវគោលដៅរបស់ខ្លួនជា ប្រទេសជឿនលឿននៅឆ្នាំ២០៥០។ដោយ​ឡែកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំរបស់សម្តេច ព្រះ​មហា​សង្ឃ​រាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ពិត​ជា​បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល នូវការបណ្តុះសមណនិស្សិត-និស្សិត ប្រកប​ដោយ​គុណភាព និងមេត្តាករុណាផ្តល់អាហារូបករណ៍យ៉ាងច្រើនសន្ធឹកសន្ធប់ជារៀងរាល់ឆ្នាំ៕ អត្ថបទ បាន សុខរិទ្ធិ

ឯកឧត្តម ហ៊ុន ម៉ានី ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា

2026/01/19 01:54:45 pm        201
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជាជិតបញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា បានជួបសំណេះសំណាល និងពិភាក្សាការងារ នាខណៈដែល ឯកឧត្តម ជិតនឹងបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា.ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តម ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌមុខងារសាធារណៈ និងយុវជន ក៏ដូចជាការពង្រឹងទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរឆ្ពោះទៅអនាគត៕

សាលារៀនទូទាំងក្រុងប៉ោយប៉ែត បើកដំណើរការឡើងវិញ តែមានចំនួនសិស្សតិចជាងមុន

2026/01/19 01:46:57 pm        172
 សាលារៀនទូទាំងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបានបើកដំណើរការសិក្សាជាធម្មតាវិញហើយ។ ការបើកដំណើរការ ចាប់ផ្ដើមពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ ក្រោយពេលបទឈប់បាញ់ចូលជាធរមាន និងស្ថានភាពព្រំដែនមានភាពស្ងប់ស្ងាត់ អាចមានសុវត្ថិភាពសម្រាប់ដំណើរការសិក្សា។ ទោះការសិក្សាវិលទៅសភាពដើមក្ដី ចំនួនសិស្សមានការប្រែប្រួលតិចជាងមុន។ នេះបើតាមការបញ្ជាក់របស់ អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ទិដ្ឋភាពតម្រង់ជួរ ការគោរពទង់ជាតិ ដំណើរការរៀន និងបង្រៀន នៅតាមសាលារៀន នៅក្រុងប៉ោយប៉ែត បានចាប់ផ្ដើមជាថ្មី ក្រោយផ្អាកសិក្សាអស់មួយរយៈមកនេះ។ ការផ្អាកសិក្សា ចាប់តាំងពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២៥ ដោយសាលារៀនទើបបើកទ្វារទទួលសិស្សជាថ្មីនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៦ថ្មីៗនេះប៉ុណ្ណោះ។កំឡុងពេលផ្អាកការសិក្សានោះ សិស្សខ្លះបានភៀសសឹក សិស្សខ្លះបន្តស្នាក់នៅក្រុងប៉ោយប៉ែតដដែល។ សិស្សខ្លះបានចុះឈ្មោះសិក្សានៅសាលាផ្សេង ដែលនៅក្បែរកន្លែងខ្លួនភៀសសឹក សិស្សខ្លះនៅបន្តសិក្សាតាមប្រព័ន្ធអនឡាញ ជាមួយលោកគ្រូ អ្នកគ្រូ នៅសាលាដើមរបស់ខ្លួន។ការបើកទ្វារដំណើរការសិក្សាជាថ្មីនេះ ក៏បានផ្ដល់ស្នាមញញឹមសម្រាប់សិស្សានុសិស្សផងដែរ។ ស្នាមញញឹមក៏ព្រោះពួកគេអាចវិលចូលសិក្សាជាធម្មតាវិញ បានសិក្សាផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ក្ដីបារម្ភបានកាត់បន្ថយ អារម្មណ៍ផ្តោតលើការរៀនក៏មានភាពប្រសើរជាងមុន។ នេះជាការលើកឡើងរបស់ សិស្សសិក្សានៅវិទ្យាល័យ ប៉ោយប៉ែតក្រុង។លោក ហេង ណូក អនុប្រធានការិយាល័យអប់រំ នៃក្រុងប៉ោយប៉ែត លើកឡើងឱ្យដឹងដែរថា កំឡុងពេលផ្អាកការសិក្សា សាលារៀន លោកគ្រូ អ្នកគ្រូ នៅបន្តមានទំនាក់ទំនងជាមួយសិស្សជាប្រចាំ។ ភ្ជាប់ជាមួយទំនាក់ទំនងនេះ លោកគ្រូ អ្នកគ្រូ ក៏បានទម្លាក់មេរៀនទៅតាមគ្រុប តាមប្រព័ន្ធទំនាក់ទំនងសង្គមនានា ក៏ដូចជាធ្វើការបង្រៀនផ្ទាល់តាមប្រព័ន្ធអនឡាញផងដែរ។ លោកបន្តថា បច្ចុប្បន្នក្រោយបើកដំណើរការសាលារៀនឡើងវិញ ដំណើរការសិក្សាបានវិលទៅរកសភាពដើមជាធម្មតា តែចំនួនសិស្សជារួមមានការថយចុះ ព្រោះសិស្សមួយចំនួនបានផ្ទេរការសិក្សាទៅសាលារៀននៅក្នុងភូមិសាស្ត្ររាជធានី-ខេត្តដទៃ។ពាក់ព័ន្ធនឹងរឿងនេះដែរ លោក កែម ចន នាយកវិទ្យាល័យ ប៉ោយប៉ែតក្រុង លើកឡើងថា សាលារបស់លោក កំឡុងពេលផ្អាកការសិក្សា សាលានៅតែព្យាយាមផ្ដល់ការបង្រៀនតាមប្រព័ន្ធអនឡាញ។ សាលាមិនចង់ឱ្យសិស្សខកខាន ការទទួលចំណេះដឹងនោះទេ ទោះស្ថិតក្នុងគ្រាលំបាកក្ដី។ លោកជាគណៈគ្រប់គ្រងសាលាពិតជាសប្បាយចិត្ត ពេលដែលសាលារៀនអាចបើកដំណើរជាថ្មីវិញបែបនេះ។គួររម្លឹកថា ការផ្ទុះអាវុធនៅតាមបណ្ដោខេត្តជាប់ព្រំដែន នៅក្នុងកំឡុងខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ បានបង្ខំឱ្យមានការភៀសសឹក បង្ខំឱ្យមានការបិទទ្វាសាលារៀនជាបណ្ដោះអាសន្នភ្លាមៗជាច្រើន។ ក្រោយបទឈប់បាញ់ ចូលជាធរមាន ពលរដ្ឋភៀសមួយចំនួនក៏បានវិលទៅរស់នៅភូមិដ្ឋានវិញ សាលារៀនមួយចំនួនធំ ក៏បានដំណើរការសិក្សាឡើងវិញ។ តែប្រជាពលរដ្ឋមួយចំនួន ត្រូវបន្តស្នាក់នៅជំរំភៀសសឹក និងសិស្សមួយចំនួនត្រូវបន្តសិក្សានៅតាមរោង តាមអាគារសិក្សាបណ្ដោះអាសន្ន៕ អត្ថបទ៖កឹមហុក   

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង រុះរើអភិបាលតំបន់ចំនួនពីររូប ដែលមានព្រំដែនជាប់ជាមួយប្រទេសអ៊ុយក្រែន
05/14/2026 12:05 PM
ពលរដ្ឋវ៉េណេស៊ុយអេឡា ច្រានចោលការលើកឡើងរបស់លោកTrump ថា ប្រទេសរបស់ពួកគេក្លាយជារដ្ឋទី៥១របស់អាមេរិក
05/14/2026 12:05 PM
កម្ពុជាត្រៀមអញ្ជើញក្លិបខ្លាំងៗជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម មកប្រកួតដណ្ដើម​ប្រាក់រង្វាន់​សម្ដេចបវរធិបតី ឆ្នាំ២០២៦
05/14/2026 12:05 PM
សមាជិកក្រុមសាធារណរដ្ឋអាមេរិកបែកចេញពីក្រុម ខណៈព្រឹទ្ធសភាបរាជ័យក្នុងការទប់ស្កាត់អំណាចសង្គ្រាមរបស់លោកTrump
05/14/2026 12:05 PM
លោក Xi បង្ហាញពីវឌ្ឍនភាពពាណិជ្ជកម្ម ខណៈមាន​កិច្ចប្រជុំកំពូលដ៏ធំបំផុត ជាមួយលោក​ Trump
05/14/2026 12:05 PM
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM