ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ

ព័ត៌មានជាតិ

គិតត្រឹមឆ្នាំ២០២៥ សមាជិក ប.ស.ស. កើនឡើងចំនួនជាង ៣,៥លាននាក់ ក្នុង​នោះបុគ្គល​ស្វ័យ​និយោជន៍​ជិត ៦០ម៉ឺននាក់

2026/01/20 11:48:13 am        242
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានឱ្យដឹងថា គិតត្រឹមបំណាច់ឆ្នាំ២០២៥ មាន​សមាជិក​សរុប​ចំនួន​ជាង ៣លាន ៥៣ម៉ឺននាក់ ស្រីចំនួនជិត ២លាននាក់។ ក្នុងនោះ បានផ្តល់ជូនបុគ្គល​ស្វ័យ​និយោជន៍(អ្នករកប្រាក់ចំណូលដោយខ្លួនឯង) ចំនួនសរុបជាង ៥៩ម៉ឺន ៦ពាន់នាក់។ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦​នេះ​ថា​ គិតត្រឹមឆ្នាំ២០២៥ ក្នុងចំនួនសមាជិកសរុបចំនួនជាង ៣,៥លាននាក់នេះ ក្នុង​នោះ​បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ​មានចំនួនជាង ៥២ម៉ឺននាក់, បុគ្គលស្ថិតក្រោមច្បាប់ស្តីពីកា​រ​ងារ​ចំនួន​ជាង​ ២,១លាននាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានចំនួនជាង ២៦ម៉ឺននាក់។ទាក់ទិនប័ណ្ណ ប.ស.ស. នេះដែរ ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានបញ្ជាក់ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​ការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺ គឺមិនមានការរើសអើងទេ រវាង​អ្នក​ជំងឺ​ដែល​បង់​ប្រាក់ ឬអ្នកប្រើប្រាស់សេវាប័ណ្ណ ប.ស.ស. និងអ្នកប្រើប្រាស់ប័ណ្ណសមធម៌ ពោលគឺ ទាំង​ការ​ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ គឺយកចិត្តទុកដាក់ដូចគ្នា។ ជាមួយនេះ ក្រុមវេជ្ជបណ្ឌិត បាន​អំពាវនាវដល់អ្នកដែលពុំទាន់មានប័ណ្ណ ប.ស.ស. សូមទៅស្នើសុំធ្វើប័ណ្ណនេះឱ្យបានគ្រប់ៗគ្នា ព្រោះ​មាន​ផល​ចំណេញច្រើនខាងផ្នែកសុខភាព។ បន្ថែមពីនេះ ក្រុមវេជ្ជបណ្ឌិត បានផ្តាំផ្ញើរទៀតថា ទោះបីជាមានប័ណ្ណ ប.ស.ស. នេះក៏ដោយ ក៏​កុំ​ភ្លេច​​ថែ​ទាំ​សុខភាពឱ្យជាប់ជាប្រចាំ ដូចជាការធ្វើលំហាត់ប្រាណជាប្រចាំ ពិសា​រ​អាហារ​ឱ្យ​បាន​ទៀង​ទាត់ ​និងការពិសារទឹកឱ្យបានច្រើនជាដើម។ជុំវិញរឿងប័ណ្ណខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា ប័ណ្ណនេះ គឺ​ជា​អាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេល​មាន​បញ្ហា​សុខភាព​។ ពួកគាត់ បាននិយាយទៀតថា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិត​ជា​មាន​ការ​យកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយ​មិន​ប្រកាន់​ឋានៈ​ទាប ឬខ្ពស់នោះទេ។ បើតាម ឯកឧត្តមអគ្គនាយករង ប.ស.ស. រហូតមកដល់បច្ចុប្បន្ននេះ ការកើនឡើង នៃចំនួន​សមាជិក​ ប.ស.ស ជាបន្តបន្ទាប់ ដោយសារប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើសេវា ប.ស.ស និង​យល់​ដឹងពីអត្ថប្រយោជន៍ផ្សេងៗ ព្រោះថាមានប័ណ្ណ ប.ស.ស ជួយសម្រាល​បន្ទុក​ក្នុង​គ្រួសារ​បាន​យ៉ាង​ច្រើន​នៅពេលទៅពិគ្រោះ និងព្យាបាលជំងឺផ្សេងៗ នៅតាមមូលដ្ឋាន​សុខាភិបាល​ជា​ដៃ​គូ​ជា​មួយ ប.ស.ស ដោយសាររាល់ការចំណាយគឺជាបន្ទុករបស់ ប.ស.ស៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខ​ទុក្ខ​បង​ប្អូន​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងបន្តភៀសសឹក

2026/01/20 11:36:30 am        197
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ននេះ ជន​ភៀស​សឹក​កម្ពុជា​ជាង​ប្រាំសែនមួយម៉ឺននាក់ហើយ ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំបែង​របស់​ពួក​គេ​វិញ​ ខណៈនៅសេសសល់រាជរដ្ឋាភិបាលបាននិង​កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយ​បាន​បន្ត​ផ្តល់​នូ​វគ្រឿង​ឧបភោគ​បរិភោគគ្រប់បែបយ៉ាងជាប្រចាំ និង​ខិត​ខំ​ដោះ​ស្រាយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​បាន​វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញនាពេលឆាប់ៗខាងមុខនេះផងដែរ។ថ្លែងក្នុង​​សន្និសីទប្រចាំថ្ងៃនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាលបានបន្តខិតខំយ៉ាងសកម្មតាមរយៈអាជ្ញាធរមូលដ្ឋាន ដើម្បី​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរដែ​ល​បាន​កំពុង​បន្ត​ភៀសសឹក ដោយបន្ត​ផ្តល់​សេវា​ទូរ​គម​នា​គមន៍ ទឹកភ្លើង និងអាហារគ្រប់គ្រាន់ រួមទាំងទីជម្រកសមរម្យជាបណ្តោះអាសន្នផងដែរ។សូម​បញ្ជាក់ថា ក្រោយការឈ្លានពានជាលើកទីពីររបស់ទាហានថៃអស់រយៈពេល២១ថ្ងៃ ពោលគឺ ចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥​កន្លង​ទៅ​នេះ​មាន​ជន​ភៀសសឹក​កម្ពុជា​ជិត​មួយ​លាន​នាក់​ បាន​រត់​ភៀស​សឹក​ជាបន្តបន្ទាប់ ប៉ុន្តែទោះជាយ៉ាងណារហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៦​នេះ ​មានបងប្អូនដែលជាជនភៀសសឹកបាន​វិល​ត្រឡប់​ទៅ​ផ្ទះ​សំបែង​របស់​ពួក​គាត់​វិញ​ជា​បន្ត​បន្ទាប់ ខណៈបងប្អូនដែលនៅ​សេស​សល់​​កំពុងត្រូវបាន​​បន្ត​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សកម្ម​ពី​រាជ​រដ្ឋាភិបាល ​និងមានប្រ​ទេស​ជាមិត្តមួយចំនួនបានបន្តផ្តល់នូវសម្ភារៈប្រើប្រាស់ អាហារ​ហូប​ចុក​ជា​រឿយ​ៗ​ផង​ដែរ៕ អត្ថបទ៖ បាន ចក់

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានប័ណ្ណតម្លៃ ៦០ ម៉ឺនរៀល សម្រាប់​ចូល​រៀន​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ

2026/01/20 10:55:26 am        182
កម្ពុជាចេញប័ណ្ណជំនាញសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមួយប័ណ្ណមានតម្លៃ ៦០ ម៉ឺនរៀល ស្មើនឹង ១៥០ ដុល្លារអាម៉េរិក សម្រាប់ផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបាន​ចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​ថ្នាល​ឌីជីថល Cam-IE សម្រាប់រៀននូវវគ្គបណ្តុះបណ្តាល ជំនាញ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃ១៩ ខែមករា ម្សិលមិញនេះ អញ្ជើញចូលរួមការដាក់សម្ពោធជាផ្លូវការនូវកម្មវិធីថ្នាក់ជាតិស្តីពី "ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ" ក្រោម ប្រធានបទ "បង្កើនជំនាញ បង្កើនឱកាស និងបង្កើនចំណូល" ក្នុងនោះកម្មវិធីនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងថា ក្នុងបរិបទសង្គមសេដ្ឋកិច្ចបច្ចុប្បន្ន វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសសរទ្រូងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ ដែលបានបង្កើតការងារជាង ៨៥% នៃការងារសរុបសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ហើយកម្មវិធីថ្នាក់ជាតិថ្មីនេះនឹងជួយពង្រឹងសមត្ថភាព ចំណេះជំនាញ និងផលិត ភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីមានភាពរីកចម្រើន ភាពធន់ និងរឹងមាំ ស្របតាមយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ច ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃ​មូល​និធិ​អភិវឌ្ឍន៍​ជំនាញ បានបញ្ជាក់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ ក្នុង​ការ​ផ្តល់​ឱកាស​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គប​ណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹង សមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តម បន្ថែមថា ប័ណ្ណជំនាញ​នេះ មួយសន្លឹកមានតម្លៃ ៦០ ម៉ឺនរៀល ឬស្មើនឹង ១៥០ ដុល្លារអាម៉េរិក នឹង​ផ្តល់​ជូន​អ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់​សម្រាប់​ការ​ចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើស​រួច​ជា​ស្រេច ​ពីមូលនិធិ អភិវឌ្ឍន៍ជំនាញ ដោយធានាបាននូវគុណភាព និងតម្លៃនៃលុយ។គួរបញ្ជាក់ថា ប័ណ្ណជំនាញ មិនមែនគ្រាន់តែជាក្រដាសប័ណ្ណធម្មតា ប៉ុន្តែជា​លិខិត​ឆ្លង​ដែន​ដ៏​មាន​តម្លៃ សម្រាប់បងប្អូនសេដ្ឋកិច្ចក្រៅ ប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស ក្នុងការ​ឈាន​ទៅ​ចាប់​យក​ឱកាសថ្មី និងចំណូលបន្ថែម ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

អាវុធហត្ថរាជធានី បន្តចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា

2026/01/20 08:51:58 am        217
ភ្នំពេញ ៖ កាលពីប៉ុន្មានថ្ងៃមុននេះ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីជាច្រើនកន្លែង ដោយដកហូត វត្ថុតាងជាង ៣០ម៉ឺន គ្រឿង ។ ជាថ្មីម្តងទៀតកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវបន្តបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នាបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ, ខណ្ឌទួលគោក, ខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ, ខណ្ឌ៧មករា ។ទីតាំងទាំងនោះរួមមា ៖ ចំណុចក្បែរវត្តច្បារអំពៅ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ, ចំណុចភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក, ចំណុចភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ, ចំណុចភូមិដំណាក់ធំទី១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និង ស្ថិតក្នុងសង្តាត់ វាលវង់ ខណ្ឌ៧មករា ដោយចាប់យកវត្ថុតាងសរុប ជាង ១៣០០គ្រឿង រួមមាន៖ ម៉ាស៊ីនជក់ចម្រុះម៉ាក ចំនួន ៣៣៤ ម៉ាស៊ីន ក្បាលជក់ចម្រុះម៉ាក ចំនួន ១០៣០ក្បាល ព្រមទាំង ឃាត់ខ្លួនម្ចាស់ទីតាំង ទាំង ៥កន្លែង បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ចំពោះករណីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នានេះជំនាញកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។ ជាមួយគ្នានេះជំនាញអាវុធហត្ថរាជធានីភ្នំពេញ សូមសំណូមពរប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ប្រសិនបើបានដឹងទីណា មានលួចលាក់លក់គ្រឿងឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីគ្រប់ប្រភេទ សូមផ្តល់ព័ត៌មានទៅកាន់កម្លាំងកងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីមានវិធានការទប់ស្កាត់បង្ក្រាបឲ្យទាន់ពេលវេលា ៕តារាវុទ្ធី

ក្រសួងការងារជំរុញឱ្យម្ចាស់រោងចក្រវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ ដើម្បីលើកកម្ពស់សុវត្ថិភាព សុខភាពកម្មករ និងផលិតភាពការងារ

2026/01/20 08:27:58 am        225
ភ្នំពេញ៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ពហុភាគី ស្តីពី «កម្តៅនៅកន្លែងធ្វើការ និងផលប៉ះពាល់លើសុវត្ថិភាព សុខភាព និងផលិតភាពការងារ នៅក្នុងវិស័យវាយនភណ្ឌនៅកម្ពុជា» នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នៅសណ្ឋាគារ Fairfield រាជធានីភ្នំពេញ ។ ពិធីនេះមានការចូលរួមពីតំណាងមកពីអន្តរក្រសួង, អង្គការ ILO, អង្គការ GIZ, សមាគម TAFTAC, សហជីព និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមនៃកម្តៅខ្លាំង ដែលកំពុងប៉ះពាល់ដល់សុខុមាលភាពកម្មករនិយោជិត ជាពិសេសនៅក្នុងរដូវប្រាំងនេះ។ សិក្ខាសាលានេះមានគោលបំណងសំខាន់ៗចំនួន ៣ គឺ៖ (១) បង្កើនការយល់ដឹងដល់ភាគីពាក់ព័ន្ធអំពីផលប៉ះពាល់នៃកម្តៅខ្លាំង, (២) បង្ហាញទិន្នន័យស្រាវជ្រាវ និងក្របខ័ណ្ឌច្បាប់សម្រាប់វិធានការការពារ និង (៣)ជំរុញការសន្ទនារវាងរាជរដ្ឋាភិបាល និយោជក និងម្ចាស់ម៉ាក ដើម្បីរិះរកមធ្យោបាយសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។  ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានសង្កត់ធ្ងន់ថា ការវិនិយោគលើប្រព័ន្ធគ្រប់គ្រងកម្ដៅ និងខ្យល់ចេញចូលនៅកន្លែងធ្វើការ មិនមែនជាបន្ទុកចំណាយនោះទេ ប៉ុន្តែគឺជាការវិនិយោគប្រកបដោយយុទ្ធសាស្ត្រដើម្បីបង្កើនផលិតភាពការងារ និងធានានូវនិរន្តរភាពអាជីវកម្ម។ បរិយាកាសការងារដែលមានផាសុកភាព នឹងជួយឱ្យកម្មករនិយោជិតរក្សាបាននូវស្មារតីនឹងនរ និងថាមពលពេញលេញ ដែលជាកត្តាសំខាន់ក្នុងការកាត់បន្ថយកំហុសបច្ចេកទេស គ្រោះថ្នាក់ការងារ និងជួយឱ្យសហគ្រាសឈានទៅសម្រេចបាននូវគោលដៅ "សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ"។លោកជំទាវបានរំលឹកថា គ្រោះថ្នាក់ការងារគឺជាបញ្ហាដែលអាចបង្ការបាន ប្រសិនបើយើងមានការវាយតម្លៃហានិភ័យច្បាស់លាស់ និងការអនុវត្តវិធានការចំគោលដៅ។ទន្ទឹមនឹងនេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធនិងជំរុញការផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាកម្តៅឱ្យបានទូលំទូលាយនៅតាមរោងចក្រ សហគ្រាស។ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះអង្គការ ILO និងដៃគូនានា ដែលបានសហការរៀបចំសិក្ខាសាលានេះឡើង ដើម្បីរួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

អំណោយផ្ទះរបស់សម្តេច ហ៊ុន សែន និង សម្តេច ប៊ុន រ៉ានី ចាប់ផ្តើមសាងសង់ជូនវីរកងទ័ព ក្នុងខេត្តបាត់ដំបង

2026/01/20 07:23:07 am        216
អំណោយផ្ទះរបស់សម្តេច ហ៊ុន សែន សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ចាប់ផ្តើមសាងសង់ជូនវីរកងទ័ព នៅខេត្តបាត់ដំបង។ក្រោយទទួលបានអនុសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ផ្ទះជូនវីរកងទ័ព ឈ្មោះ ភឹម ផន អាយុ ៦៤ឆ្នាំ។ផ្ទះមួយខ្នងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសាងសង់លើដីដែលកំពុងរស់នៅសព្វថ្ងៃ ក្នុងភូមិដំណាក់ដង្កោ ឃុំក្តុលតាហែន ស្រុកបរវេល ខេត្តបាត់ដំបង។ពិធីនេះមានការអញ្ជើញចូលរួមអមដំណើរពីថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមថ្នាក់កណ្តាល, ថ្នាក់ដឹកនាំគណកម្មាធិការសមាគមថ្នាក់ខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងនិវត្តជនកម្ពុជា បានផ្តល់អនុសាសន៍ជាប់ជាប្រចាំដល់ថ្នាក់ដឹកនាំសមាគមថ្នាក់កណ្តាល និងថ្នាក់ដឹកនាំសមាគមថ្នាក់រាជធានី-ខេត្តនៅទូទាំងប្រទេស ក្នុងការពិនិត្យពីជីវភាពរស់នៅ និងដោះស្រាយរាល់តម្រូវការជូនអតីតយុទ្ធជន និងនិវត្តជនរូបណាដែលខ្វះខាតពិតប្រាកដ។ក្នុងនាមសេនាធិការជូន សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត, ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកវីរភាពរបស់វីរកងទ័ព គឺជាយុទ្ធជនដែលមានគុណតម្លៃចំពោះជាតិ និងប្រជាជន។ ក្នុងន័យនេះ ថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាថ្នាក់កណ្តាល បានចុះពិនិត្យ និងផ្តល់ផ្ទះជូនអតីតយុទ្ធជនដែលមានដីអត់ផ្ទះជាបន្តបន្ទាប់ ដែលនេះជាការយកចិត្តយកទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការលើកស្ទួយជីវភាពរស់នៅជូនអតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តម ទេសរដ្ឋមន្រ្តី លើកឡើងថា សម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរ និងខ្វល់ខ្វាយជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន និងនិវត្តជនគ្រប់រូបដែលមានជីវភាពលំបាក ដើម្បីដោះស្រាយក្នុងការផ្តល់ដីឡូត៍ និងផ្ទះ ក៏ដូចជាដីសម្បទានសង្គមកិច្ចតាមបណ្តាខេត្តដែលបានរៀបចំភូមិអតីតយុទ្ធជនកន្លងមក ជាពិសេសនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ខេត្តពោធិ៍សាត់ ដែលត្រូវបានចាត់ទុកជាភូមិគំរូសម្រាប់អតីតយុទ្ធជន និងនិវត្តជន។ឯកឧត្តម ទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនអតីតយុទ្ធជន លោក អន សារី និងភរិយា សូមរក្សាសុខភាពឱ្យបានល្អផងដែរ៕

អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគម ជួបពិភាក្សាជាមួយក្រុមហ៊ុន AGROTOP លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា

2026/01/19 06:50:59 pm        174
អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគម នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោក Israel Moseson ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន AGROTOP ជាក្រុមហ៊ុនមកពីប្រទេសអីស្រ្តាអែល លើគម្រោងវិនិយោគការចិញ្ចឹមមាន់នៅកម្ពុជា។ ជំនួបនេះធ្វើឡើងនៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល។នៅក្នុងកិច្ចពិភាក្សាធុរកិច្ចនេះ អ្នកឧកញ៉ា ម៉ម វណ្ណឌី មានប្រសាសន៍ថា ក្នុងនាមអនុប្រធានទទួលបន្ទុកធុរកិច្ច និងការងារវិនិយោគ និងក្នុងនាមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ពិតជាមានក្ដីរីករាយដែលក្រុមហ៊ុន AGROTOP ចាប់អារម្មណ៍ចង់មកវិនិយោគផ្នែកចិញ្ចឹមមាន់នៅកម្ពុជា។ អ្នកឧកញ៉ា បន្តថាក្នុងនាមសមាគមនឹងរង់ចាំសហការ និងជួយសម្រួលរាល់កិច្ចការគម្រោងវិនិយោគស្របច្បាប់នានាជូនវិនិយោគិនដែលចង់មកវិនិយោគនៅកម្ពុជា។លោក Israel Moseson ស្ថាបនិក និងជាអគ្គនាយក ក្រុមហ៊ុន AGROTOP បានមានប្រសាសន៍ថា លោកពិតជារីករាយណាស់ និងអរគុណអ្នកឧកញ៉ា ក៏ដូចជាសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ហើយលោករំពឹងថាជំនួបពិភាក្សាការងារលើកទី១ ជាមួយសមាគមស្តីពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន AGROTOP នៅប្រទេសកម្ពុជានឹងទទួលបានលទ្ធផលល្អ។ ក្នុងកិច្ចពិភាក្សានេះ លោកបានបង្ហាញការចំណាប់អារម្មណ៍ខ្ពស់ក្នុងការមកវិនិយោគនៅកម្ពុជា។ នៅជំហានបន្ទាប់ ក្រុមហ៊ុនលោកនឹងបញ្ជូនក្រុមការងារធ្វើការសិក្សាទីផ្សារ តម្រូវការសាច់ និងចំណីអាហារនៅកម្ពុជាបន្ថែម ព្រមទាំងរៀបចំឯកសារនានាដើម្បីពន្លឿនកិច្ចការនេះឲ្យមានលទ្ធផលឆាប់រហ័ស។  អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ្នកឧកញ៉ា ម៉ម វណ្ណឌី បានបញ្ជាក់ថាឱកាសវិនិយោគស្ថិតក្នុងស្ថានភាពជម្លោះព្រំដែនរវាង កម្ពុជា-ថៃ បច្ចុប្បន្ននេះ គឺជាពេលវេលាមួយដ៏ល្អសម្រាប់ក្រុមហ៊ុនដែលចង់ផលិត ផលិតផលនានាក្នុងប្រទេសកម្ពុជា ដោយសារក្នុងពេលនេះប្រជាជនកម្ពុជាសឹងតែទាំងអស់ គឺបានផ្លាស់ប្តូរ និងមានទំនោរខ្លាំងមកគាំទ្រផលិតផលក្នុងស្រុក ដូច្នេះម្ចាស់ក្រុមហ៊ុន អាជីវកម្ម សហគ្រាសនានា និងជោគជ័យ ហើយមិនសូវចំណាយច្រើនក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មលើផលិតផលរបស់ខ្លួនឲ្យអតិថិជនបានដឹង និងស្គាល់។  ក្រៅពីកិច្ចពិភាក្សាធុរកិច្ច អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក៏បានជម្រាបប្រាប់ទៅប្រតិភូវិនិយោគក្រុមហ៊ុន AGROTOP ពីបច្ចុប្បន្នភាព និងវឌ្ឍភាពថ្មីៗ របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានសម្រេចក្នុងពេលបច្ចុប្បន្ន និងឱកាសពិសេសក្នុងការវិនិយោគខាងផ្នែកកសិកម្មនៅភូមិគំរូរបស់អតីតយុទ្ធជន គឺភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដែលមានទីតាំងនៅឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិសាត់៕

រដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦

2026/01/19 06:36:09 pm        137
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់សម្រាប់អាណត្តិទី៦។​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ សម្ដេចបាន ចេញនូវសេចក្ដីសម្រេចមួយ ដោយកំណត់យកថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៦។នៅក្នុងសេចក្ដីសម្រេចរបស់សម្ដេចប្រមុខរាជរដ្ឋាភិបាលនេះ ក្រៅពីកំណត់យកថ្ងៃចុងសប្ដាហ៍ នៃដើមខែមិថុនា ឆ្នាំក្រោយជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិបន្ត សម្ដេចប្រមុខ រាជរដ្ឋាភិបាលក៏បានបញ្ជាទៅរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នេះទៅផងដែរ។ដោយប្រកាន់ខ្ជាប់តាមនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ, កម្ពុជាតែងរៀបចំការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រ ដើម្បីក្លាយជាសមាជិករដ្ឋសភា បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដោយទៀងទាត់៕ដោយ៖ គង់ ឌិន

ឯកឧត្ដម​ រដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក តំលៃ២៩លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់

2026/01/19 05:49:26 pm        186
ពោធិ៍សាត់៖ ក្រុមហ៊ុនអេវ័ន្តប្លាស្ទិក (A1-Plastic) ដែលជាក្រុមហ៊ុនជំនាញលើការផលិត និងចែកចាយផលិតផលប្លាស្ទិក ដ៏លេចធ្លោមួយក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់រោងចក្រកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ក្រោមអធិបតីភាពដ៏ខ្ពង់ ខ្ពស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។ពិធីបើកការដ្ឋានសាងសង់រោងចក្រខាងលើ ត្រូវបានធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ស្ថិតក្នុងឃុំស្នាអន្សា ស្រុកក្រគរ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោកស្រី Deborah Leeនាយិកាប្រតិបត្តិនិងជាប្រធានក្រុមហ៊ុនA1-Plastic ឯកឧត្តមបណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកអគ្គិសនីកម្ពុជា, ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរពាក់ព័ន្ធ ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនទៀត។លោកស្រី Deborah Lee នាយិកាប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន A1-Plastic បានជម្រាបជូនថា ពិធីបើកការដ្ឋានសាងសង់រោងចក្រកែច្នៃឡើងវិញដ៏ទំនើប របស់ក្រុមហ៊ុន A1-Plastics នាថ្ងៃនេះ គឺជាការវិវត្តន៍ឧស្សាហកម្មថ្មីមួយ ក្នុងការប្រកួតប្រជែងនិរន្តរភាព និងការទទួលខុសត្រូវ នៃការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន A1-Plastics បានចំណាយទុនគ្រោង២៩លានដុល្លារ ជ្រើសរើសយកខេត្តពោធិ៍សាត់ គឺជាខេត្តគំរូ ក្នុងការចាប់ផ្តើមវិនិយោគកែច្នៃដបប្លាស្ទិក ដែលប្រើប្រាស់រួច ដើម្បីផលិតជាប្រភេទPET មានគុណភាពខ្ពស់ ស្របតាមស្តង់ដាពិភពលោក សម្រាប់បម្រើដល់ឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ឈានទៅប្រែក្លាយបញ្ហាប្រឈមផ្នែកបរិស្ថាន ទៅជាធនធានសេដ្ឋកិច្ច សម្រាប់ព្រះរាជាណាចក្រកម្ពុជា។ លោកស្រី បន្តថា ការវិនិយោគនេះ នឹងត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញសេដ្ឋកិច្ចខេត្តពោធិ៍សាត់ និងដើម្បីបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋក្នុងខេត្ត ទាំងដោយផ្ទាល់ និងដោយប្រយោល ក្នុងភាពជាដៃគូររយៈពេលវែង ស្របតាមយុទ្ធសាស្ត្រសសរស្តម្ភទាំង៣ នៃវិស័យបរិស្ថាន រួមមាន៖ ភាពស្អាត ភាពប៉ៃតង និងចីរភាព។ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា គិតមកដល់ពេលនេះ ខេត្តពោធិ៍សាត់មានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ចំនួន៤១៤កន្លែង ព្រមទាំងបានផ្តល់ការងារ ជូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្ត បានចំនួន១៥,៧៨១នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញ ពីលទ្ធផលវិជ្ជមាន នៃការរីកចម្រើនមួយរបស់ខេត្ត ដោយមានការចូលរួមចំណែកគាំទ្រ ពីក្រសួង ស្ថាប័ន ពិសេសក្រុមការងាររាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លាតវៃ និងស្វាហាប់ ប្រកបដោយចក្ខុវិស័យ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។ថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រនេះ ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍លើកឡើងថា វត្តមានរបស់ក្រុម A1-Plastic នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នាពេលនេះ គឺដោយមានការគាំទ្រពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជំរុញវិស័យវិនិយោគ មកកម្ពុជា ជាពិសេសមកខេត្តពោធិ៍សាត់ ជាចក្ខុវិស័យដ៏មានសារៈសំខាន់ ក្នុងការបង្កើតការងារប៉ៃតង ជូនក្មួយៗយុវជន និងប្រជាជន ឱ្យមានការងារធ្វើ និងជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យឈានទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ ឯកឧត្តម រដ្ឋមន្ត្រី បន្តថាស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ខេត្តពោធិ៍សាត់ជាប៉ូលសេដ្ឋកិច្ចទី៤ ដែលជាមូលដ្ឋានជំរុញសេដ្ឋកិច្ចកម្ពុជាឈានឡើង ឆ្ពោះទៅប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ នាពេលខាងមុខ។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុន A1-Plastics នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានមួយចំណែកថែមទៀត។ឯកឧត្តមសូមថ្លែងអំណរគុណជូនចំពោះ លោកស្រី Deborah Lee ដែលបានចំណាយទុនមកវិនិយោគលើទឹកដីខេត្តពោធិ៍សាត់ ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ឯកឧត្តមក៏បានស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តជួយគាំទ្រ ផ្តល់កិច្ចសហការ និងសម្រួលដល់ក្រុមហ៊ុន ឱ្យដំណើរការបានល្អប្រសើរ ព្រោះថាបើក្រុមហ៊ុនជោគជ័យ នោះកម្ពុជាក៏ជោគជ័យដូចគ្នា៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរការខិតខំរបស់រដ្ឋបាលខេត្តឧត្តរមានជ័យដែលបានជួយដោះស្រាយសុខទុក្ខជនភៀសសឹក

2026/01/19 04:52:01 pm        113
ឧត្តរមានជ័យ៖ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ បានអញ្ជើញក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តបន្តឆ្នាំ២០២៦របស់រដ្ឋបាលខេត្តឧត្តរមានជ័យ។ តាមរយៈសេចក្តីរាយការណ៍ដោយសង្ខេបអំពីលទ្ធផលពិភាក្សាក្នុងអង្គសន្និបាតរបស់ឯកឧត្តមអភិបាលខេត្ត, ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកត់សំគាល់ឃើញថាមានការផ្តល់នូវធាតុចូលជាច្រើនលើការងារជាអាទិភាពរបស់រដ្ឋបាលខេត្ត ដែលបានឆ្លុះបញ្ចាំងនូវសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន និងរិះរកនូវមធ្យោបាយ វិធីសាស្ត្រ និង វិធានការនានាក្នុងការបន្តលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ស្ថិតកាលៈទេសៈបច្ចុប្បន្ន ឯកឧត្តម ទេសរដ្ឋមន្រ្តី សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់នៃខេត្តខេត្តឧត្តរមានជ័យដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្លាចនឿយ ហត់នៅក្នុងកាតព្វកិច្ចបម្រើជាតិ មាតុភូមិ និងការខិតខំប្រឹងប្រែងបំពញតួនាទី ភារកិច្ចរបស់ខ្លួនបានល្អ ប្រសើរ ជាពិសេសក្នុងពេលមានជម្លោះព្រំដែន ព្រមទាំងដោះស្រាយការលំបាកជូនបងប្អូនជនភៀសសឹក។ផ្អែកតាមស្ថានភាពនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់រដ្ឋបាលខេត្តឧត្តរមានជ័យគ្រប់ជាន់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវអនុវត្តតួនាទី និងភារកិច្ចឱ្យបានម៉ឺងម៉ាត់បំផុតក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដោះស្រាយយ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់បំផុត ដោយដៃម្ខាងវាយទប់ទល់ និងការពារឱ្យបានជាដាច់ខាតនូវបូរណភាពទឹកដី និងអធិបតេយ្យជាតិពីការឈ្លានពានរបស់ខ្មាំងសត្រូវ និងដៃម្ខាងរក្សាឱ្យបាននូវស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងប្រក្រតីភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋវ៉េណេស៊ុយអេឡា ច្រានចោលការលើកឡើងរបស់លោកTrump ថា ប្រទេសរបស់ពួកគេក្លាយជារដ្ឋទី៥១របស់អាមេរិក
05/14/2026 12:05 PM
កម្ពុជាត្រៀមអញ្ជើញក្លិបខ្លាំងៗជប៉ុន ចិន ឥណ្ឌូនេស៊ី និងវៀតណាម មកប្រកួតដណ្ដើម​ប្រាក់រង្វាន់​សម្ដេចបវរធិបតី ឆ្នាំ២០២៦
05/14/2026 12:05 PM
សមាជិកក្រុមសាធារណរដ្ឋអាមេរិកបែកចេញពីក្រុម ខណៈព្រឹទ្ធសភាបរាជ័យក្នុងការទប់ស្កាត់អំណាចសង្គ្រាមរបស់លោកTrump
05/14/2026 12:05 PM
លោក Xi បង្ហាញពីវឌ្ឍនភាពពាណិជ្ជកម្ម ខណៈមាន​កិច្ចប្រជុំកំពូលដ៏ធំបំផុត ជាមួយលោក​ Trump
05/14/2026 12:05 PM
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM