ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ

ព័ត៌មានជាតិ

ឯកឧត្តម ប៉េង ពោធិ៍នា៖ អញ្ជើញជាអធិបតី នៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន

2026/01/20 01:30:44 pm        198
នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីនៅក្នុងកម្មវិធីផ្តល់ឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងនិស្សិត នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងមន្រ្តីរាជការជាច្រើនរូបទៀត។កម្មវិធីផ្ដល់ឈាមនាពេលនេះមានគោលបំណងរួម គឺដើម្បីយកទៅជួយសង្គ្រោះដល់ជនគោលដៅមានដូចជា វីរយុទ្ធជនកម្ពុជាដែលរងរបួស និងមានតម្រូវការឈាមក្នុងស្ថានភាពចាំបាច់ និងប្រជាជនស្ថិតក្នុងការសង្គ្រោះអាយុជីវិតបន្ទាន់។ ទន្ទឹមនឹងនេះ ការផ្តល់ឈាមមាន អត្ថន័យ និងគោលបំណងសំខាន់២ គឺបង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជំរុញការលើកកម្ពស់ឱ្យយុវជន និងប្រជាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយគ្មានការរើសអើង មិនប្រកាន់ជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ និងផ្សារភ្ជាប់សកម្មភាពនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទៅនឹងសកម្មភាពមនុស្សធម៌ដ៏ល្អប្រពៃក្នុងសង្គម។ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការទាំងអស់សូមបន្តគាំទ្រ និងចូលរួមក្នុងកិច្ចការមនុស្សធម៌ដ៏មានតម្លៃនេះបន្តទៀត ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្ស ជាពិសេសអ្នកដែលមានតម្រូវការឈាមចាំបាច់បំផុត ព្រោះការផ្ដល់អំណោយឈាមនាពេលនេះគឺជាកាដូនៃសេចក្តីស្រឡាញ់ចេញពីបេះដូងយ៉ាងពិតប្រាកដជូនចំពោះវីរកងទ័ពជួរមុខ និងជនរួមជាតិខ្មែរទាំងអស់គ្នាក្នុងស្មារតីសាមគ្គីភាព ជាភាតរភាពរបស់ប្រជាជនកម្ពុជាយើង៕

គ្រាប់បែកចង្កោម បន្តនៅមានរាយប៉ាយដោយសារការបាញ់ផ្លោងរបស់ភាគីថៃ

2026/01/20 01:30:02 pm        258
ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមការងារជំនាញនៃអង្គភាពស៊ីម៉ាក់ បាន​ចុះ​បំពេញ​ការងារ​យ៉ាង​សកម្ម​ដើម្បី​ធានា​សុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈគ្រាប់បែកចង្កោម បន្តនៅ​មាន​រាយ​ប៉ាយ​ពេញ​ផ្ទៃ​ដី និងភូមិឋានស៊ីវិលរបស់ពលរដ្ឋដោយសារការបាញ់ផ្លោងរបស់ភាគីថៃ។ ការងាររបស់អង្គភាពស៊ីម៉ាក់ពេលនេះ មានទាំងការចុះអប់រំប្រជាពលរដ្ឋ ក៏ដូចជាការចុះរុករក និង​ការ​កម្ទេច​គ្រាប់មិនទាន់ផ្ទុះទាំងនោះ។ មន្ត្រី​ជំនាញ​ក្រុមការងារស៊ីម៉ាក់ កំពុងចុះបំពេញការងារយ៉ាងសកម្មក្នុងការអប់រំ រុករក និង​កម្ទេច​គ្រាប់​មីន គ្រាប់យុទ្ធ​ភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​ឡាយ​ដែល​បន្សល់​ទុក​ដោយ​ការ​បាញ់​ផ្លោង​របស់​ភាគី​ថៃ។ ក្រុមការងារ បានបែងចែកការទទួលខុសត្រូវ ចុះអនុវត្តការងារ ទៅតាមទីតាំងខេត្ត តំបន់​រៀង​ៗ​ខ្លួនភ្លាមៗ ក្នុងគោលដៅរួមមួយគឺធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកឧត្តមសេនីយ៍ត្រី នេត រដ្ឋា ប្រធានកងឯកភាពកម្ចាត់មីនទី១ ប្រចាំខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ លើក​ឡើង​ថា ខេត្តទាំងពីរសុទ្ធតែរងផលប៉ះពាល់ជាច្រើនភូមិ។ ជាក់ស្ដែងក្រុមការងារបានបែងចែក ទៅ​ខេត្តឧត្តរមានជ័យចំនួន ១២ក្រុម រីខេ្តតបន្ទាយមានជ័យ១១ក្រុម។ គិតត្រឹមថ្ងៃទី ១៩ ខែ​មករាកន្លងទៅនេះ ក្រុមការងារបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជាច្រើនលើក បានរុក​រក​ឃើញ​គ្រាប់​យុទ្ធ​ភ័ណ្ឌមិនទាន់ផ្ទុះជាច្រើន និងបានយកគ្រាប់​ទាំង​នោះ​បាន​មួយ​ចំនួន​ដែរ​ទៅតាម​ជំនាញ​ដើម្បី​សុវត្ថិភាព។ក្នុងចំណោមគ្រប់ផ្លោងជាច្រើនប្រភេទ ក៏មានប្រភេទគ្រាប់បែកចង្កោម ត្រូវបានរក​ឃើ​ញ​នៅ​តាម​​ផ្ទះ​ប្រជាពលរដ្ឋផងដែរ។ លោក ឡុង ផាវុទ្ធីយ៉ា ប្រធានផ្នែកកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ កង​ឯក​ភាព​ទី១ ក៏បានពន្យល់លម្អិតពីគ្រាប់បែកចង្កោម នៅទីតាំងផ្ទាល់ផងដែរ។ លោកថា គ្រាប់បែក​ចង្កោម​នេះ​មកជាមួយគ្រាប់មេ។ គ្រាប់មេមួយគ្រាប់ មានគ្រាប់បែកចង្កោមតូចៗចំនួនជាង ៦០​គ្រាប់ ដែលនឹងរាយប៉ាយក្នុងបរិវេណ ២០០ម៉ែត្របួនជ្រុង។សម្រាប់ពលរដ្ឋ រស់នៅស្រុកអូរជ្រៅ ដែលផ្ទះ​របស់​ពួក​គាត់​រង​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​គ្រាប់​បែក​ចង្កោម និងនៅបន្សល់ទុកគ្រាប់បែកចង្កោមដែលមិនទាន់ផ្ទុះ បង្ហាញការ​សោក​ស្ដាយ​ជា​ខ្លាំង​ដែល​ផ្ទះ​រងការខូចខាតបែបនេះ។ ពួកគាត់ត្រឡប់មកពីភៀសសឹកវិញ បានឃើញ​ផ្ទះ​មាន​ការ​ខូច​ខាត និងរណ្ដៅគ្រាប់បែកចង្កោមជាច្រើន និងនៅសល់មានគ្រាប់មិនទាន់ផ្ទុះ ក្រោយមក​ក្រុម​ការងា​រ​ស៊ីម៉ាក់ក៏បានចុះមកពិនិត្យភ្លាមៗដែរ។ ក្រុមការងារស៊ីម៉ាក់ បានបំពេញការងារគ្រប់ទីតាំងរងផលប៉ះពាល់ ចាប់ពីបទ​ឈប់​បាញ់​ចូល​ធរមាន​។ ការបំពេញការងារ ដើម្បីធានាជូនសុវត្ថិភាពសម្រាប់ការវិលទៅរស់នៅភូមិឋានវិញ សុវត្ថិភាព​សម្រាប់ការបំពេញការងារ សុវត្ថិភាពសម្រាប់ការចូលរៀនរបស់សិស្សវិញ៕ អត្ថបទ៖ គឹម ហុក

ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង

2026/01/20 01:20:40 pm        229
កំពង់ឆ្នាំ៖ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំជាច្រើនរូប និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO) បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់យ៉ាងស្និទ្ធស្នាលជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល (SHINKI APPAREL (CAMBODIA) CO., LTD.) ក្នុងខេត្តកំពង់ឆ្នាំង។ការចុះជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាល និងបរិយាកាសដ៏រីករាយនាពេលនេះ បានធ្វើឱ្យបងប្អូនកម្មករនិយោជិតសម្តែងនូវក្តីត្រេកអរយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ និងផ្តល់នូវភាពកក់ក្តៅយ៉ាងខ្លាំងដល់បងប្អូនកម្មករនិយោជិត។ការអញ្ជើញចុះជួប និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ គឺជាឱកាសដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំក្នុងការស្វែងយល់ពីស្ថានភាពការងារប្រចាំថ្ងៃ និងទុក្ខធុរៈរបស់បងប្អូនកម្មករនិយោជិតដោយផ្ទាល់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។បច្ចុប្បន្ន រោងចក្រ ស៊ិនគី អឹភែរឹល មានកម្មករនិយោជិតបំពេញការងារសរុបប្រមាណ ៦ ៨០០នាក់ ហើយក៏កំពុងមានតម្រូវការកម្លាំងពលកម្មបន្ថែមទៀតផងដែរ។ បងប្អូនកម្មករនៅទីនេះ ទទួលបានប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ផ្សេងៗជាច្រីនតាមគោលការណ៍របស់រាជរដ្ឋាភិបាល ជាមួយលក្ខខណ្ឌការងារល្អប្រសើរ រួមមានអាហារដ្ឋានស្តង់ដា និងកន្លែងទទួលទានអាហារថ្ងៃត្រង់ប្រកបដោយផាសុកភាព។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ម្ចាស់រោងចក្រដែលបានសម្របសម្រួលរៀបចំកម្មវិធីសំណេះសំណាលដ៏មានអត្ថន័យនេះ និងដែលតែងតែចូលរួមគោរពច្បាប់ស្តីពីការងារ អនុវត្តនូវស្ដង់ដាការងារបានយ៉ាងល្អប្រសើរ ក៏ដូចជាផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល៕

ទេសចរអន្តរជាតិយល់ស្របចំពោះចំណាត់ថ្នាក់ខេត្តសៀមរាបជាគោលដៅវប្បធម៌ល្អបំផុតសម្រាប់ទស្សនា

2026/01/20 01:13:44 pm        190
ខេត្តសៀមរាប របស់ព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៦នេះ បានស្ថិតនៅក្នុងចំណោម២៥ គោលដៅទេសចរណ៍វប្បធម៌ដ៏ល្អបំផុតរបស់ពិភពលោក (Best Cultural Destinations in the World 2026)។ ទេសចរអន្តរជាតិ ដែលបានទស្សនាកម្ពុជា បានយល់ស្រប​ចំពោះ​ការ​ចាត់​ចំណាត់​ថ្នាក់​នេះ ដោយបញ្ជាក់ថា ខេត្ត សៀមរាប ជាគោលដៅទេសចរ​ណ៍​ដ៏​សំខាន់​សម្រាប់​ទៅ​ទស្សនា​ដោយ​មិនអាចអាក់ខានបាន។ទេសចរអន្តរជាតិមកពីប្រទេសអង់គ្លេស អ៊ីតាលី និងប្រទេសនានាទៀត បានប្រាប់BTV នៅ​ថ្ងៃ​ទី​២០ខែមករា នេះថា ជាការពិតណាស់ នៅមុនពេលដាក់គោលដៅ ដាក់ផែនការមកទស្សនាកម្ពុជា គឺ​គ្រប់​ទេសចរ ទាំងអស់ មានផែនការទៅទស្សនាប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយ​មិន​អាច​អាក់​ខាន ដោយសារខេត្ត សៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រល្អឯក ដែល​គេ​ត្រូវ​ដឹង ​ត្រូវសិក្សា ស្វែងឲ្យបានស៊ីជម្រៅ។សូមបញ្ជាក់ថា តាមហ្វេសប៊ុកផ្លូវការ SEA Infographics បានផ្សាយថា ខេត្តសៀមរាប នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១៣ នៅក្នុងចំណោម​២៥​គោលដៅ​វប្បធម៌​ល្អ​បំផុត​លើ​ពិភពលោក។ ការ វាយតម្លៃ និងការផ្តល់ចំណាត់ថ្នាក់ គឺផ្អែកតាម​ប្រមូល​ការ​ស្ទាប​ស្ទង់​មតិ​ ការចែករំលែកបទពិសោធន៍ និងរឿងរ៉ាវ ពិតពីអ្នកដំណើរអន្តរជាតិ និងភ្ញៀវទេសចរអន្តរជាតិ ក្នុង​រយៈពេល១២ខែ ដែលដើរកម្សានន្តនៅតាមបណ្តាប្រ ទេសនានានៅជុំវិញពិភពលោក។ តាម​តារាងគោលគោលដៅទេសចរណ៍វប្បធម៌កំពូលៗរបស់ពិភពលោក សម្រាប់ឆ្នាំ២០២៦ លំដាប់ លេខ១ ប្រទេសសិង្ហបូរី លេខ២ ទីក្រុងឡុងក៏ ប្រទេសអង់គ្លេស លេខ៣ ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ខណៈ លេខ១៣ គឺខេត្តសៀមរាប បន្ទាប់មកទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួគី និង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក៕ អត្ថបទ៖ ស៊ុម សុខជា

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមសម្ពោធអគារសិក្សាថ្មីវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ

2026/01/20 01:08:36 pm        257
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសនេះ ដែលបានស្រឡាញ់ អត់ធ្មត់ និងលះបង់កម្លាំងកាយចិត្តបង្ហាត់បង្រៀនដល់កុមារអូទីស្សឹមទាំងអស់ ព្រោះការអប់រំដល់កុមារអូទីស្សឹមគឺត្រូវការជំនាញពិសេសបំផុតមួយ។សូមបញ្ជាក់ផងដែរថា អូទីស្សឹមជាជំងឺប្រព័ន្ធប្រសាទមួយប្រភេទកើតឡើងលើកុមារដែលគាត់មានការលូតលាស់ខាងសតិបញ្ញាយឺត មានសមត្ថភាពខ្សោយក្នុងការរស់នៅ មានទំនាក់ទំនងទាបបំផុត និងកត្តាសុខភាពផ្សេងស្តែងចេញតាមចរិតលក្ខណៈប្លែកៗរបស់គាត់។ ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងខិតខំលើកកម្ពស់វិស័យអប់រំទូទាំងប្រទេស ជាពិសេសការអប់រំពិសេសដល់កុមារអូទីស្សឹមកម្ពុជា ដោយមានការផ្គត់ផ្គង់ទាំងទីកន្លែង សម្ភារៈបរិក្ខារចាំបាច់គ្រប់បែបយ៉ាង បច្ចេកទេស និងសមត្ថភាពបង្ហាត់បង្រៀនយ៉ាងពិសេស ដើម្បីធានាថា កុមារទាំងនេះនឹងល្អប្រសើរ អាចក្លាយជាធនធានមនុស្សសម្រាប់ជាតិ៕

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំ​ងនោះឡើយ

2026/01/20 12:57:13 pm        358
ភ្នំពេញ៖ តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា ​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ ហើយនេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាព​ទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទានបានឡើយ។ អ្នកនាំពាក្យរាជរដ្ឋភិបាលបានឱ្យដឹងថា ទន្ទឹមនឹងការគិតគូរដោះស្រាយ និង​ស្តារ​ឡើង​វិញ​នូវ​ជីវភាព​ជន​ភៀសសឹ​ក ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត រាជ​រដ្ឋាភិបាល​ក៏​កំពុង​ខិត​ខំ​យ៉ាង​ខ្លាំង​ផ្នែក​នយោបាយកា​រ​ទូត​ដើម្បី​ដោះស្រា​យ​បញ្ហាព្រំ​ដែន​ជាមួយ​ប្រទេស​ថៃដោ​យ​សន្តិវិធី​តាម​ស្មារតី​នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាសេចក្តី​ថ្លែង​ការណ៍​រួម​ទី​ក្រុង​គូឡា​ឡំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រម​ព្រៀង​ផ្សេង​ទៀត​ដែល​បាន​ធ្វើកា​ល​ពី​ពេល​កន្លងទៅ។ កម្ពុជាបន្ត​ការ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​រាល់​សកម្ម​ភាព​រំលោភ​បំពាន​របស់​យោធា​ថៃ​នៅ​តាម​ព្រំដែនក្នុង​អំឡុងពេលអនុវត្តបទឈប់បាញ់។អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់​ជំហរ​យ៉ាង​ម៉ឺង​ម៉ាត់​ក្នុង​ការ​ការ​ពារ​ខ្សែ​ព្រំដែន​អន្តរ​ជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរព​គោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និង​កំណ​ត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការ​បោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ «កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែប្រែ​ខ្សែព្រំ​ដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ។ នេះគឺជាជំហរការពារអធិបតេយ្យភាព និងបូរណភាពទឹកដី​ដែល​មិន​អាច​ធ្វើ​សម្បទាន​បាន​»។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា។ បើតាម ឯកឧត្តម ប៉ែន បូណា គិតមកទល់ពេលនេះ មានពលរដ្ឋភៀសសឹកជាង៥សែន១ម៉ឺននាក់​ហើយ​ដែល​បានវិលត្រឡប់ទៅលំនៅឋានវិញហើយក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤​ម៉ឺន​នាក់​។ ដូច្នេះ មានពលរដ្ឋភៀសសឹកជាង១៣ម៉ឺននាក់ទៀត ដែលកំពុង​បន្ត​ស្នាក់​នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​នៅ​ឡើយ ហើយអាជ្ញាធរកំពុង​សម្រប​សម្រួល​ដើម្បី​ឱ្យ​ពួក​គេ​វិល​ទៅកា​ន់​​ភូមិ​ឋាន​របស់​ខ្លួន​វិញ​ជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាព សុវត្ថិភាព និងសុខុមាល​ភាព​របស់​ពួក​គេ។ ចំណែកឯសាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព និងស្ថាប័នផ្តល់សេវា​សាធារណៈ​ជា​ច្រើនក៏បានបើកដំណើរការឡើងវិញដែរ។ចំណែកប្រជាពលរដ្ឋ​ភៀសសឹ​ក​ដែល​បាន​វិល​ត្រឡប់​ទៅ​កាន់​លំនៅឋា​ន​របស់​ខ្លួន​វិញ​ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​ តាមរយៈអាជ្ញាធរមូលដ្ឋាន និងក្រុមការ​ងារ​ពាក់​ព័ន្ធ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​រាល់​បញ្ហា​នានា​ដែលពួកគេជួបប្រទះ។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់រួចហើយថា ចំពោះ​មុខនេះ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ជាពិសេសលើផលប៉ះពាល់លើផលដំណាំ លើ​ស្ថានភាពបំណុល និងការស្តារឡើងវិញជាបន្ទាន់នូវសេវាចាំបាច់ដូចជា សេវាទូរគមនាគមន៍ ទឹក​ និងភ្លើងអគ្គិសនីជាដើម ដើម្បីបម្រើសេចក្តីត្រូវការចាំបាច់របស់បងប្អូននៅក្នុងមូលដ្ឋាន។ដើម្បី​បានព័ត៌មានជាមូលដ្ឋានជាក់លាក់ក្នុងការអន្តរាគមន៍ដោះស្រាយឱ្យមានប្រសិទ្ធភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​បាន​តែង​តាំងសមាសភាពក្រុមការងារចំពោះកិច្ចមួយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ដែលមានភា​រ​កិច្ច​រៀប​ចំ​ និង​គ្រប់គ្រង​ការ​ស្តារ​ជីវភាព​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ខូច​ខាត​ដោយ​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែករបស់ទាហានថៃដោយបំពានចូលក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ បច្ចុប្បន្ន ក្រុម​ការ​ងារ​ចំពោះ​កិច្ចនេះ​កំពុង​ចុះ​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ដែល​រង​ផលប៉ះពាល់ដើម្បីវាយតម្លៃអំពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏ដូចជាផល​ប៉ះ​ពាល់​លើជី​វភាពរបស់ប្រជាពលរដ្ឋដើម្បីរាជរដ្ឋាភិបាលចាត់វិធានការដោះស្រាយ៕

NEA រៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សាដល់សិស្សវិទ្យាល័យ

2026/01/20 12:56:57 pm        128
មជ្ឈមណ្ឌលការងារខេត្តតាកែវរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសិក្ខាសាលាស្ដីពី៖ ការរៀបចំផែនការអាជីព និងការជ្រើសរើសជំនាញសិក្សា ដល់សិស្សានុសិស្សមធ្យមសិក្សាទុតិយភូមិ ដែលត្រៀមនឹងបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ នៅវិទ្យាល័យសុខអានថ្នល់បំបែក នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ។សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសដល់សិស្សមធ្យមសិក្សាទុតិយភូមិ និងការចែករំលែកពីគន្លឹះសំខាន់ៗក្នុងការត្រៀមខ្លួនជ្រើសរើសជំនាញសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សា ការរៀបចំផែនការអាជីព និងការសិក្សា និងព័ត៌មានទីផ្សារការងារដល់យុវជនផងដែរ។

យល់ដឹងពីភាពខុសគ្នារវាងអ័ព្ទ (Fog) និងអ័ព្ទផ្សែង (Haze) នៅក្នុងខ្យល់

2026/01/20 12:40:55 pm        134
ភ្នំពេញ៖ អ័ព្ទ និងអ័ព្ទផ្សែង គឺជាបាតុភូតបរិយាកាសដែលគេជួបឃើញជាញឹកញាប់ ហើយ​ជា​ញឹក​ញាប់​ត្រូវ​បានយល់ច្រឡំថាជារឿងដូចគ្នា។ ទោះជាយ៉ាងណា បាតុភូតទាំងពីរនេះមានប្រភព ការ​បង្កើត និងផលប៉ះពាល់ខុសគ្នា ជាពិសេសចំពោះសុខភាពមនុស្ស និងបរិស្ថាន។ ការយល់​ដឹង​ពី​ភាព​ខុស​គ្នារវាងអ័ព្ទ និងអ័ព្ទផ្សែងមានសារៈសំខាន់ក្នុងការបកស្រាយបញ្ហាគុណភាពខ្យល់ និង​ការ​ការ​ពារសុខភាពសាធារណៈ។ជាមុនសិន អ័ព្ទ (Fog) គឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅពេលខ្យល់មានសំណើមខ្ពស់ ហើយ​សីតុណ្ហភាពធ្លាក់ចុះដល់ចំណុចដែលឧស្ម័នទឹកក្លាយជាចំណុចទឹកតូចៗ ឬគ្រីស្តាល់​ទឹកកក ដែលព្យួរនៅជិតផ្ទៃដី។ អ័ព្ទភាគច្រើនកើតឡើងនៅពេលព្រឹកព្រលឹម ឬពេលយប់ ជា​ពិសេស​នៅតំបន់ភ្នំ ជិតទន្លេ បឹង ឬសមុទ្រ។ អ័ព្ទធ្វើឱ្យការមើលឃើញថយចុះ ប៉ុន្តែ មិនមាន​សារ​ធាតុ​ពុល ហើយជាទូទៅមិនបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ លើកលែង​តែ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​ចរាចរណ៍។ផ្ទុយទៅវិញ អ័ព្ទផ្សែង (Haze) គឺជាបាតុភូតដែលកើតឡើងពីការបំពុលខ្យល់។ វាបង្ក​ឡើង​ដោយ​ការ​ប្រមូល​ផ្តុំ​ភាគល្អិតល្អិត និងឧស្ម័នពុលនៅក្នុងបរិយាកាស ដូចជា៖ PM2.5 ផ្សែងយានយន្ត ការ​បញ្ចេញ​ឧស្ម័នពីរោងចក្រ ការដុតសំរាម និងអគ្គីភ័យព្រៃឈើ។ អ័ព្ទផ្សែងធ្វើ​ឱ្យ​មេ​ឃ​មើល​ទៅ​ពណ៌​ប្រផេះ ​ឬលឿង និងបន្ថយការមើលឃើញរយៈពេលយូរ ជាពិសេសនៅតំបន់ទីក្រុង និង​តំបន់​ឧស្សាហកម្ម។ភាពខុសគ្នាសំខាន់មួយទៀតគឺសមាសធាតុ។ អ័ព្ទបង្កឡើងដោយទឹកសុទ្ធជាចម្បង ខណៈ​អ័ព្ទ​ផ្សែង​មាន​ផ្ទុកភាគល្អិតពុល និងសារធាតុគីមីគ្រោះថ្នាក់។ ដោយសារតែសមាសធាតុនេះអ័ព្ទផ្សែង មាន​ផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដូចជា៖ ជំងឺផ្លូវដង្ហើម ជំងឺហឺត ជំងឺបេះដូង និងមហារីក នៅ​ពេល​ប៉ះពាល់រយៈពេលវែង។ កុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ គឺជាក្រុម​ងាយ​រង​គ្រោះ​ជាង​គេ។ពីមុខងារ និងរយៈពេលអ័ព្ទភាគច្រើន ជាបាតុភូតបណ្តោះអាសន្ន ដែលរលាយ​បាត់​នៅ​ពេល​ព្រះអាទិត្យ​ឡើង​កម្តៅ និងសីតុណ្ហភាពកើនឡើង។ អ័ព្ទផ្សែងវិញអាចនៅយូរជាច្រើនថ្ងៃ ឬ​សប្តាហ៍ ប្រសិនបើមិនមានខ្យល់ ឬភ្លៀងជួយបណ្តេញភាគល្អិតចេញពីបរិយាកាស។ នេះ​ធ្វើ​ឱ្យ​អ័ព្ទ​ផ្សែង​ក្លាយជាបញ្ហាបរិស្ថាន និងសុខភាពសាធារណៈធ្ងន់ធ្ងរ។សរុបមក អ័ព្ទ និងអ័ព្ទផ្សែង ខុសគ្នាតាំងពីប្រភព សមាសធាតុ រយៈពេល និងផលប៉ះពាល់។ អ័ព្ទ ជា​បាតុភូតធម្មជាតិដែលភាគច្រើនគ្មានគ្រោះថ្នាក់ ខណៈអ័ព្ទផ្សែង ជាលទ្ធផល​នៃ​ការ​បំពុល​ខ្យល់​ដែល​បណ្តាល​មកពីសកម្មភាពមនុស្ស និងមានគ្រោះថ្នាក់ដល់សុខភាព និងសង្គម។ ការ​យល់​ដឹង​ពី​ភាព​ខុសគ្នានេះជួយឲ្យប្រជាពលរដ្ឋអាចការពារខ្លួនបានល្អប្រសើរ និងជំរុញ​ឱ្យ​មានវិ​ធាន​ការ​កាត់​បន្ថយ​ការបំពុលខ្យល់ ដើម្បីធានាបរិយាកាសស្អាត និងជីវិតមាន​គុណភាព​ល្អ​សម្រាប់​មនុស្ស​ទាំង​អស់​៕

កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ីលើកិច្ចការប្រយុទ្ធប្រឆាំងការឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យាឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត

2026/01/20 12:27:57 pm        182
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ​ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែល​ឯកឧត្តម​បញ្ចប់​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​។ក្នុងជំនួបនោះ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរ ចំពោះឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏ដូចជាស្ថានទូតឥណ្ឌូនេស៊ី ដែល​ជា​និច្ចកាល​តែង​ផ្តល់​នូ​វ​កិច្ច​សហ​ប្រតិបត្តិការ​ល្អ​ជា​មួយ​កម្ពុជា។ ឯកឧត្តមសន្តិបណ្ឌិត បាន គូសបញ្ជាក់ថា កម្ពុជានឹងបន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយឥណ្ឌូនេស៊ី ជាពិសេសលើកិច្ចការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោកតា​ម​ប្រព័ន្ធ​បច្ចេក​វិទ្យា ឱ្យបានកាន់ជិតស្និទ្ធបន្ថែមទៀត។ ទន្ទឹមនោះ ឯកឧត្តមសន្តិបណ្ឌិតបានជម្រាបជូនពីជំហរ និងវិធានការ យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនីតិវិធីលើមេក្លោង ក៏ដូចជាការបង្រ្កាប និងបោសសម្អាត បណ្តាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីប្រទេសកម្ពុជា។ជាកិច្ចឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណចំពោះសមត្ថកិច្ចកម្ពុជា ដែលតែងយកចិត្តទុកដាក់ផ្តល់កិច្ចសហការក្នុងការជួយសង្គ្រោះ និងសម្របសម្រួលនីតិវិធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅប្រទេសកំណើតវិញ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអាជ្ញាធរកម្ពុជាក្នុងការបង្ក្រាប និងបោសសម្អាតទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមក៏បាន គូសបញ្ជាក់ជាថ្មីថា ទោះបីជាបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ចប់ក្តី ក៏ប៉ុន្តែស្ថានទូតឥណ្ឌូនេស៊ី បន្តតាំងចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា សំដៅធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព។មុននឹងបញ្ចប់ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធទិសដៅកិច្ចសហប្រតិបត្តិការ ជាពិសេសការសម្របសម្រួលនីតិវីធីបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រលប់ទៅមាតុប្រទេសវិញឱ្យបានឆាប់រហ័ស៕

ឯកឧត្តម ឃួង ស្រេង៖ អាជីវករលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវជុំវិញផ្សារដើមគ បាន​ស្ម័គ្រ​ចិ​ត្ត​ទៅ​លក់ដូរនៅផ្សារដើមគថ្មី និងផ្សារតាម៉ាប់ព្រែកជ្រៃ

2026/01/20 12:21:36 pm        233
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០​ ខែមករា ឆ្នាំ២០២៦នេះថា បន្ទាប់ពីបានធ្វើការសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែល​បាន​លក់​ដូរ​នៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ក្រុមអាជីវករ​បាន​ស្ម័គ្រ​ចិត្ត​ទៅ​លក់​ដូរ​នៅ​ផ្សារលក់បន្លែផ្លែឈើបោះដុំ (ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន និង​ផ្សារតាម៉ាប់ព្រែកជ្រៃ មានភូមិសាស្រ្តស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងបញ្ជាក់ថា បន្ទាប់​ពី​បាន​ធ្វើ​ការ​សម្រប​សម្រួល​ជា​មួយ​បង​ប្អូន​អាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចើមផ្លូវ និងទ្រូងផ្លូវនៅ​តំបន់​ជុំវិញ​ផ្សារ​ដើមគ​ឱ្យ​ទៅ​លក់​ដូរ​នៅ​ផ្សារលក់បន្លែផ្លែឈើបោះដុំ(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬ​ទីតាំង​ឯកជនសមស្របណាផ្សេង អាជីវករមួយចំនួនបានស្ម័គ្រចិត្តមកផ្សារតាម៉ាប់ព្រែកជ្រៃ មាន​ភូមិ​សាស្រ្ត​ស្ថិតនៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ឯកឧត្តមបានថ្លែងថា៖«ខ្ញុំបានដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញបន្តដោះស្រាយដោយផ្អែក​លើ​គោលការណ៍ឈ្នះ-ឈ្នះ និងបានជូន​អាជីវករ​មួយចំនួន​ដែល​មាន​ជម្រើស​មក​ទីតាំង​ផ្សារ​តាម៉ា​ប់​ព្រែកជ្រៃដែលមានទីតាំងធំទូលាយ ព្រមទាំងសម្របសម្រួលបន្ថែមជាមួយតំណាងផ្សារ។ ទន្ទឹម​នឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ​នឹង​រៀបចំ​កែ​លម្អ​ហេដ្ឋា​រចនាស​ម្ព័ន្ធ​ជុំវិញ​រួម​មាន​បង្គោល​ភ្លើង ​ប្រព័ន្ធទឹក ព្រមទាំងអនុគ្រោះតម្លៃប្រមូលសំរាមនៅទីតាំងផ្សារចំនួន១ឆ្នាំដោយឥតគិតថ្លៃ»។ឯកឧត្តម ឃួង ស្រេង បាន អញ្ជើញ​បងប្អូន​អាជីវករ​ទៅ​ប្រកប​អាជីវកម្ម​នៅ​ផ្សារ​លក់​បន្លែ​ផ្លែ​ឈើ​បោះ​ដុំ​(ផ្សារដើមគថ្មី) ដែលមានលក្ខខណ្ឌអនុគ្រោះច្រើន ឬទីតាំងឯកជន​សម​ស្រប​ណាផ្សេ​ង​រួម​មាន​ផ្សារ​តាម៉ាប់ព្រែកជ្រៃ ដែលមានសណ្ដាប់ធ្នាប់ល្អប្រសើរ ដើម្បីសោភ័ណ​ភាព​ទី​ក្រុង​ឱ្យ​កាន់​តែ​ល្អ​ប្រ​សើរសម្រាប់ប្រយោជន៍សាធារណជនជារួម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Xi បង្ហាញពីវឌ្ឍនភាពពាណិជ្ជកម្ម ខណៈមាន​កិច្ចប្រជុំកំពូលដ៏ធំបំផុត ជាមួយលោក​ Trump
05/14/2026 12:05 PM
ទំនិញមានកំណើនខ្ពស់បំផុតចំនួន២០ប្រភេទ បានកំពុងគាំទ្រដល់ការនាំចេញ និងកំណើន ក្នុងសេដ្ឋកិច្ច
05/14/2026 11:05 AM
សម្ដេចតេជោ និងសម្ដេចធិបតី ថ្វាយព្រះពរព្រះករុណាព្រះមហាក្សត្រ ក្នុងព្រះរាជឱកាសចម្រើនព្រះជន្មវស្សា
05/14/2026 11:05 AM
រដ្ឋបាលលោក Trump ផ្តល់ជំនួយ១០០លានដុល្លារដល់ប្រទេសគុយបា ជាថ្នូរនឹងកំណែទម្រង់
05/14/2026 11:05 AM
កម្ពុជាដាក់ចេញផែនការសកម្មភាពគន្លឹះ ជំរុញប្រែក្លាយវិស័យសក្តានុពលឱ្យរឹងមាំ ដើម្បី​សេដ្ឋកិច្ច​ជាតិ
05/14/2026 11:05 AM
ប្រទេសចិន នឹង «រង់ចាំឱកាសអំណោយផល» លើបញ្ហាអ៊ីរ៉ង់ ជាជាងពង្រីកតួនាទីហួសដែនកំណត់
05/14/2026 11:05 AM
កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM