ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ធនាគារជាតិ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាសាលាបឋមសិក្សាព្នៅ

2026/02/20 03:11:01 pm        152
អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា ១ខ្នង មាន៥បន្ទប់ និងការជួសជុល កែលម្អអគារសិក្សា៣ខ្នង មាន១៣បន្ទប់ នៅ​សាលា​បឋម​សិក្សា​ព្នៅ ​ស្ថិតនៅឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីបំពេញតម្រូវការ រៀនសូត្រ​របស់​សិក្សា​នុសិស្ស​នៅ​តំបន់នោះ។លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារសិក្សា សាលាបឋមសិក្សាព្នៅ ស្ថិតក្នុងឃុំព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងទៅ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងអាណត្តិទី៧នេះ ការសិក្សាអប់រំត្រូវបានចាត់ទុកជាអាទិភាពមួយដ៏សំខាន់ ក្នុង​ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យ នេះរាជរដ្ឋាភិបាលបានស្តារ និង​ពង្រឹង​វិស័​យ​អប់រំ​ជា​បន្ត​បន្ទាប់​ តាមរយៈការពង្រឹងទាំងគុណភាពសិក្សា និងការកសាងអគារសិក្សា នៅ ទូទាំង​ប្រទេស​។ ដោយឡែកនៅខេត្តកំពង់ធំ ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយស នៃ​ធនាគារ​ជាតិ​នៃ​កម្ពុជា ​និងជាអតីត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ តែងតែបាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ កសាងសមិទ្ធផលជាច្រើននៅក្នុងខេត្តកំពង់ធំ ជាពិសេសបាន​បន្សល់​ទុក​នៅ​អគារ​សិក្សា​ជា​ច្រើន ទាំងបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ។លោកជំទាវបណ្ឌិត បន្តថា នៅក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាព នៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់ការអនុវត្តនៅគ្រប់ដំណាក់កាល ដែលសំដៅដល់ការអប់រំឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញ ពិតប្រាកដ ព្រមទាំងសីលធម៌ គុណធម៌ និងមនសិការសេ្នហាជាតិ ជាពិសេសការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ជាក់ស្ដែងសាលាបឋមសិក្សាព្នៅ គឺជាថ្នាលសិក្សាមូលដ្ឋានមួយដ៏សំខាន់ រួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជា តាមរយៈការពង្រឹងការបណ្តុះបណ្តាលដល់សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីជំនាន់ក្រោយប្រកបដោយគុណភាព។ លោកជំទាវអគ្គទេសាភិបាល បន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជាទាំងអស់ ពិតជាសប្បាយរីករាយ ដែលបានចូលរួមវិភាគទាន ក្នុងដំណើរការពង្រឹងវិស័យអប់រំកន្លងមក និងការបានរៀបចំការបង្រៀនត្រៀមបំប៉ន សម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ, ការជួយឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ ក្នុងស្រុកសន្ទុកជារៀងរាល់ខែ ដើម្បីបន្តការសិក្សាថ្នាក់ បរិញ្ញាបត្រ បានឧបត្ថម្ភអាហារូបត្ថម្ភដូចជា ពងមាន់ និងទឹកដោះគោ ដល់សិស្សានុសិស្សកម្រិតមត្តេយ្យសិក្សានៅទូទាំង ស្រុកសន្ទុក ជារៀងរាល់ថ្ងៃ។ ចំណែកនាពេលនេះ ក្រៅពីការសាងសង់អគារសិក្សាថ្មីចំនួន ១ខ្នង មាន៥បន្ទប់ ក្នុងនោះក៏បានជួសជុលអគារសិក្សា ចំនួន៣ខ្នង ស្មើនឹង១៣បន្ទប់ ដែលមានសភាពទ្រុឌទ្រោម និងអាចបង្កហានិភ័យនានាដល់សិស្សានុសិស្សផងដែរ។លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការសាងសង់ និងជួសជុលអគារសិក្សានេះឡើង ព្រមទាំងសូមថ្លែងអំណរគុណចំពោះអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មន្ទីរអប់រំយុវជន និងកីឡា លោកនាយក លោកគ្រូ-អ្នកគ្រូ និងដៃគូអភិវឌ្ឍនានា ដែលបានផ្តល់កិច្ច សហប្រតិបត្តិការល្អ និងរួមសាមគ្គីគ្នាកសាងអគារសិក្សាថ្មីនេះឡើងសម្រាប់បម្រើវិស័យអប់រំ និងសម្រួលដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសសមាសភាព អ.ន.ក.​តាមវិស័យ​ចំនួន ៣២ក្រសួង-ស្ថាប័ន

2026/02/20 02:42:23 pm        184
នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាង​ដ៏ខ្ពស់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន​សមាគម​អតីត​យុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសសមាសភាព​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន ៣២ ក្រសួង ស្ថាប័ន នៅវិមាន​សន្តិភាព ​នៃទីស្តីការនាយករដ្ឋមន្ត្រី ដែលមានការចូលរួមពី ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុ​ប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ​អគ្គលេខាធិការរង អ.ន.ក. និងឯកឧត្តម លោកជំទាវ លោក លោកស្រី និងថ្នាក់ដឹកនាំទាំង ៣២ ក្រសួង ស្ថាប័ន៕ 

ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃក្រសួងឧស្សាហកម្ម បានត្រៀមខ្លួនរួចរាល់​ក្នុងដំណើរការ​ប្រតិបត្តិការ​ជំរឿន​មន្រ្តី

2026/02/20 02:36:11 pm        127
ឆាប់ៗខាងមុខនេះ គណៈកម្មការធ្វើជំរឿនមន្រ្តី នឹងបន្តធ្វើជំរឿនមន្រ្តីនៅតាមក្រសួង ស្ថាប័​ន​ចំនួន​​៩ ចំណុះអង្គការនីតិប្រតិបត្តិ។ ជាមួយគ្នានេះដែរ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេក​វិទ្យា និងនវានុវត្តន៍ជាក្រសួងមួយក្នុងចំណោមក្រសួង​ទាំង៩ដែលនឹងត្រូវធ្វើ​ជំរឿននា​ពេល​ខាង​មុខ ដើម្បីជំរុញប្រសិទ្ធភាព និងធានាដំណើរការប្រតិបត្តិការប្រព្រឹត្តទៅដោយរលូន ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បាន​សហការរៀបចំសិក្ខាសាលាចែករំលែកបទពិសោធជាលើកទី២ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័នចំណុះអង្គការនីតិប្រតិបត្តិ។សិក្ខាសាលានាពេលនេះ មានរៀបចំកម្មវិធីចែករំលែកបទពិសោធនៃការអនុវត្តរបស់គណៈកម្មការធ្វើជំរឿននៃក្រសួងមុខងារសាធារណៈដែលបានឆ្លងកាត់ដូចជា មុនពេល អំឡុងពេល និងក្រោយពេលធ្វើជំរឿន ព្រមទាំងបញ្ហាប្រឈមមួយចំនួននិងដំណោះស្រាយនានាដែលបានជួបប្រទះបន្ទាប់ពីបានធ្វើជំរឿននៅតាមរចនាសម្ព័ន្ធក្រសួងមុខងារសាធារណៈ និងគ្រឹះស្ថានសិក្សាសាធារណៈ ព្រមទាំងអង្គភាពសុខាភិបាលមូលដ្ឋាន ស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានីភ្នំពេញ។ ទន្ទឹមនេះ សិក្ខាសាលាក៏មានរៀបចំជាវេទិកាសំណួរ-ចម្លើយ ដើម្បីប្រឹក្សានិងផ្តល់ជូននូវរាល់ចម្ងល់នានាដែលពាក់ព័ន្ធដំណើរការប្រតិបត្តិការជំរឿនជូនសិក្ខាកាមទាំងអស់ផងដែរ។ សិក្ខាសាលានេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕ 

អ្នកនាំពាក្យ៖ កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព បានផ្ញើសារទៅ​កាន់ពិភពលោក​អំពី​ស្មារតី​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា

2026/02/20 02:28:33 pm        244
តាមរយៈ​កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២៦​ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ក៏​បាន​ចូល​រួម​ផ្ញើសារដ៏សំខាន់ទៅកាន់ពិភពលោកអំពីសារសំខាន់នៃការបញ្ចប់ជម្លោះប្រដាប់អាវុធ ការ​សង្គ្រោះជីវិតមនុស្ស និងរម្លឹកអំពីបទពិសោធន៍អតីតកាលរបស់កម្ពុជា និង​ស្មារតី​សន្តិភាព​និយម​របស់​កម្ពុជា ដែលតែងតែតម្កល់សន្តិភាពជាអាទិភាពខ្ពស់បំផុត និងចង់ដោះស្រាយ​ទំនាស់ដោ​យ​សន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦នេះថា ដូចការគ្រោងទុក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា ​បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋ​ធានី​វ៉ាស៊ីនតោន ជាមួយមេដឹកនាំនៃប្រទេសជាច្រើនទៀត។ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី​កម្ពុជា ​ក៏ដូចជាមេដឹកនាំប្រទេសផ្សេងទៀតដែរ ត្រូវបានទទួល​ស្វាគមន៍​ដោយ​រាក់​ទាក់​កក់​ក្តៅ​ពី​ឯកឧត្តម​ ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ បានហៅចំៗ​ឈ្មោះ​ប្រធានា​ធិបតី​ និងនាយករដ្ឋមន្ត្រី​ដែល​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព​ដើម្បី​ជា​ការ​ផ្តល់​កិត្តយស​អម​ជាមួយពាក្យពេចន៍កោតសរសើរជាច្រើន។ ពេលនិយាយពីឈ្មោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមប្រធានាធិបតី មិនភ្លេច​លើក​ឡើង​ពី​សង្គ្រាម​ដ៏​អាក្រក់​រវាង​កម្ពុជា​ថៃ។ នេះសបញ្ជាក់ថា សហគមន៍អន្តរជាតិបានដឹងឮ តាមដានយ៉ាងយកចិត្ត​ទុក​ដាក់​លើ​ជម្លោះ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ជាពិសេស​ការ​ចូល​កាន់​កាប់​ទឹក​ដី​កម្ពុជា​នៅ​ទីតាំង​មួយ​ចំនួន​ដោយ​បំពាន​ច្បាប់អន្តរជាតិពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងប្រជាពលរដ្ឋ​ខ្មែរ​ជាង​៧​ម៉ឺននាក់​មិន​ឱ្យ​វិលត្រ​ឡប់​ទៅ​ផ្ទះសម្បែង​វិញបាន​គឺ​ជាបញ្ហា​ដែលពិភព​លោក​ផ្តោត​ការ​ចាប់​អារម្មណ៍​ខ្លាំង​។អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជា​បន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទ​ឈប់​បាញ់​និង​គ្រប់​ចំណុច​ទាំង​អស់​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃ​ទី​២៧ ​ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជា​ប្រកាន់​ជំហរ​ម៉ឺង​ម៉ាត់​ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុក​ដោយ​គណៈ​កម្មការ​ព្រំដែន​ឥណ្ឌូចិន​-សៀម និងគោរពគោលការណ៍ច្បាប់អន្តរជាតិ៕ 

មកទល់ពេលនេះពលករមកពីថៃ ៣ម៉ឺននាក់បានចូលរៀនជំនាញធីវ៉េត ដើម្បីកែប្រែជីវិតថ្មី

2026/02/20 02:11:29 pm        152
តាមរយៈការរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​តាម​បណ្តា​ខេត្ត​ធំ​ៗ ​និង​តំបន់​ជាប់​បន្ទាត់​ព្រំដែនរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺ​មាន​ការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​ប្រជាពលរដ្ឋ និងអតីតពលករ។ ក្នុងនោះសម្រាប់វិស័យ ធីវ៉េត គិតត្រឹមខែកុម្ភៈ ឆ្នាំ​២០២៦​នេះ ​ទទួលបានការចុះឈ្មោះចំនួនប្រមាណ ៣ម៉ឺននាក់។លោក ស៊ុន មេសា មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យព័ត៌មាន ប៊ីធីវី​ដឹងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះថា គិតមកដល់ពេលនេះ កម្ម​វិធី​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស ​និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ នៅទូទាំងប្រទេស ១,៥លាននាក់ (TVET 1,5M) គឺមានអាយុកាលជាង ២ឆ្នាំ ដែល​ផ្តួច​ផ្តើមឡើងដោយសម្តេចតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ លោក​បានបន្តថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឬហៅថា ធីវ៉េត នេះ ក្រៅពីក្រុម​យុវជន​ដែល​ជា​គោល​ដៅ​បច្ចុប្បន្ននេះ ក៏ទទួលបាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​សំណាក់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ផង​ដែរ បានងាកមកចុះឈ្មោះដើម្បីរៀនជំនាញមួយពិតប្រាកដ ដើម្បី​ងាយ​ស្រួល​ស្វែង​រក​ការងារ​។ លោកបានបញ្ជាក់ថា វិស័យសំណង់ គឺជា​វិស័យ​អាទិភាព​ដែល​ពួក​គាត់​ចាប់​អារម្មណ៍​ច្រើន​ជាង​គេ​។ឆ្លើយ​តប​នឹងភាពមិនច្បាស់លាស់នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃ អាណត្តិថ្មី ដែល​មិន​ទាន់​មាន​ការ​សម្រេចបែបណាចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ លោក ស៊ុន មេសា បាន​ផ្ញើ​សារ​រម្លឹក​ជូន​ដល់​អតីតពលករថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មាន​ទាំង​អត្ថ​ប្រយោជន៍​ច្រើន​ជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយ​ស្វែង​រក​ការ​ងារ​ដល់​ពលករ​ខ្មែរ ​នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ។ លោក​បាន​រៀបរាប់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែង ដែលអាចផ្តល់​ប្រាក់​ចំណូល​សមរម្យ​ជូន​បង​ប្អូន​ពលករ ក្នុងករណីដែលបងប្អូនចង់រកការងារនៅក្នុងស្រុក។ នៅក្នុងស្រុក គឺ​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​ពី ប.ស.ស. ដែលមានច្រើនជាង និងសម្បូរបែប ដែលអាច​ជួយ​បាន​ទាំង​គ្រួសារ​បង​ប្អូន​ពលករ​តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញ ក៏​រាជ​រដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បាន​រៀប​ចំ​វគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ យោង​តាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតត្រឹមខែមករា ឆ្នាំ​២០២៦​នេះ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុង​នោះ​មាន​អតីត​ពលករ​ប្រមាណ​ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមាន​ជម្លោះ​តាម​ព្រំដែន​។ ​ក្នុងនោះយន្តការក្រសួង បានជួយពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាម​រយៈ​ប្រព័ន្ធ​ទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និង​តាម​រយៈ​រោង​ចក្រ​ផ្ទាល់​។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេង​ទៀត​បាន​ចាប់​យក​ជីវភាព​កសិកម្ម​បែប​គ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និង​សកម្ម​ភាព​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័​ន្ធ​​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ

2026/02/20 01:45:19 pm        224
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ ក្នុងខែមករា ដើម​ឆ្នាំ​២០២៦​, មានទឹកប្រាក់សរុបជាង ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៤ បាន​បន្ត​មាន​កំណើនល្អប្រសើរ ដែលបានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា។យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា សម្រាប់​ខែ​ដំបូង​ដើមឆ្នាំ២០២៦ ការធ្វើ ពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៣៣ លាន ដុល្លារអាមេរិក ក្នុង​នោះប្រ​ទេស​ចំនួន​ ៤ បានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនល្អប្រសើរ បើ​ធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូង ឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម មានទឹក​ប្រាក់​ប្រមាណ​ជាង ៣៣៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ, ម៉ាឡេស៊ីជិត ២២ លានដុល្លារ កើន​ជាង ៧៧ ភាគរយ, សឹង្ហបុរីជាង ៧ លានដុល្លារ កើនជិត ២០ ភាគរយ, ឥណ្ឌូនេស៊ីជិត ៧ លាន​ដុល្លារ កើនជិត ៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ ដោយឡែក​ការ​នាំ​ចេញ​ទៅ​ប្រទេសថៃ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ថយចុះជិត ២០ ភាគរយ ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទៅកាន់បណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ដែលមិនទាន់​មាន​ទំហំ​ពាណិជ្ជ​កម្ម​លេច​ធ្លោ​។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ សរុបជិត ៧២០ លានដុល្លារ កើនជាង ៧ ភាគរយ, ថៃ ២០៩ លាន​ដុល្លារ ថយចុះជាង ៤៣ ភាគរយ, សឹង្ហបុរី ១៧៤ លានដុល្លារ កើន ២២៤ ភាគរយ, ម៉ាឡេ​ស៊ី​ជាង​ ១២៥ កើន ៤២ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៧៨ លានដុល្លារ ថយចុះ ១៩ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

បង្ក្រាបទីតាំង online Scames ៤០កន្លែង ឃាត់មនុស្ស ២៨៤នាក់ បញ្ជូនមេខ្លោង២៤នាក់បញ្ចូនទៅតុលាការ

2026/02/20 01:15:41 pm        322
ក្នុងរយៈពេល ១៦ ថ្ងៃ គិតចាប់ពីថ្ងៃទី០៣-១៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាជ្ញាធររាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១.១០៤នាក់ ស្រី ៦.៦៨៣នាក់។ បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ៣១នាក់) លើ ១៣សញាតិ និងបញ្ជូនមេក្លោងទៅតុលាការចំនួន ២៤នាក់។ដោយអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ ០៣ អនក្រ .បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមការងារចម្រុះ ដឹកនាំដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ធ្វើការត្រួតពិនិត្យតាមទីតាំងអាគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ត្ររាជធានី គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម:បានចុះត្រួតពិនិត្យរដ្ឋបាល សរុបចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ២១.១០៤នាក់ ស្រី ៦.៦៨៣នាក់។បានចុះសហការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី ឃាត់ខ្លួនជនជាតិបរទេសផ្សេងៗ ចំនួន ២៨៤នាក់ (ស្រី ៣១នាក់) លើ ១៣សញាតិ។ ក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងជំនាញធ្វើការកំណត់មុខសញ្ញាជនបរទេសជាមេខ្លោង២៤នាក់ រួមមាន ខ្មែរ ០១នាក់ និងជនបរទេស ២៣នាក់ លើ ២សញ្ជាតិ រួមមាន៖ ជនជាតិចិន ២២នាក់ និងសិង្ហបុរី ០១នាក់ បញ្ចូនទៅតុលាការ៕ អត្ថបទ៖ វង្ស សុភាព 

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា «ពុំមានមូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​នោះ​ទេ​»

2026/02/20 01:12:04 pm        303
នៅក្នុងបទសម្ភាសន៍ដដែលនេះជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជា​មិន​អាចមានមូលដ្ឋានយោធាបរទេសនោះឡើយ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ដោយ​សំដៅ​ទៅលើមូលដ្ឋានកងទ័ពជើងទឹករាម ដ៏ចម្រូងចម្រាស នៅខេត្តព្រះសីហនុ។សម្ដេច​ធិបតីមានប្រសាសន៍ថា «រដ្ឋធម្មនុញ្ញរបស់យើងចែងថា ពុំមាន​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​អាចស្ថិតនៅលើទឹកដីកម្ពុជាបានទេ»។អស់រយៈ​ពេលជាច្រើនឆ្នាំមកហើយ ក្រុមមន្ត្រីអាមេរិក បានលើកឡើងពីក្ដីបារម្ភថា កម្ពុជា​បាន​ផ្តល់​សិទ្ធិ​ចូលប្រើប្រាស់ផ្តាច់មុខដល់ប្រទេសចិន ប៉ុន្តែសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ច្បាស់​ៗ​ជា​ថ្មីថា មូលដ្ឋាននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា៖ «យើងមានអគារពហុជាតិនានានៅទីនោះ រចនា​សម្ព័ន្ធ​អចិន្ត្រៃយ៍​ដែ​លរង់ចាំទទួលដៃគូទស្សនកិច្ចទាំងអស់របស់យើង។ ពុំមានអ្វីត្រូវលាក់បាំងទេ នេះ​គឺ​ដើម្បី​ឱ្យមានភាពច្បាស់លាស់ជាមួយមូលដ្ឋានកងទ័ពជើងទឹករាម។ សកម្មភាព​ដ៏​ជាក់​ស្តែង​នៃ​ការ​ស្វាគមន៍ដំណើរទស្សនកិច្ចនានារបស់នាវាពហុជាតិ បានបង្ហាញយ៉ាងច្បាស់ថា កម្ពុជា​មិន​ត្រូវ​បាន​ប្រើ​ប្រាស់ផ្ដាច់មុខជាមូលដ្ឋានកងទ័ពជើងទឹក សម្រាប់កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​នោះទេ»។នាវាចម្បាំង USS Cincinnati របស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែរាម នៅចុងខែមករា កន្លង​ទៅ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាវាចម្បាំងអាមេរិក ចាប់តាំង​ពី​មូលដ្ឋាន​នេះ​ត្រូវ​បាន​ជួស​ជុលឡើងវិញ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា «យើង​សង្ឃឹមថា​នឹង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​​កាន់​តែទូលំទូលាយជាមួយសហរដ្ឋអាមេរិក»៕

សម្ដេចធិបតី​បន្តប្រាប់សារព័ត៌មានអាមេរិកថា «កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ទោះ​បី​មាន​បទ​ឈប់​បាញ់ក្ដី និងអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី»

2026/02/20 01:01:11 pm        319
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News របស់សហរដ្ឋអាមេរិក សម្ដេច​មហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ជាថ្មីថា កង​កម្លាំង​ថៃ ​នៅតែបន្តកាន់កាប់ទឹកដីដែលមានជម្លោះ បើទោះបីជា​មាន​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដែល​សម្រប​សម្រួល​ដោយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fox News Digital ថា កង​កម្លាំង​ថៃ ​បានរុលចូលទៅក្នុងទឹកដីរបស់កម្ពុជា ដែលកម្ពុជាកាន់កាប់ជាយូរមកហើយ ហួសឆ្ងាយ​ពី​ខ្សែ​បន្ទាត់​ជម្លោះ​។ ទាហានថៃ បានរាយលួសបន្លា និងដាក់ទូកុងតឺន័រដើម្បីបិទភូមិនានា ដែលធ្វើឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជាចំនួន ៨ម៉ឺននាក់ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន នេះបើយោងតាម​មន្ត្រី​កម្ពុជា​។សម្ដេចធិបតីបានមានប្រសាសន៍ថា៖ «ការកាន់កាប់​នេះ​គឺ​ហួស​ឆ្ងាយ​ពី​ការ​អះអាង​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​ទៅទៀ​ត។ អ្នកភូមិ​ជាច្រើន​មិន​អាច​វិល​ត្រឡប់​ទៅ​ស្រុក​កំណើតរ​បស់​ពួក​គេ​វិញ​បាន​ទេ​»។សម្ដេចមានប្រសាសន៍ថា៖ «ជំហររបស់យើងគឺតែង​តែប្រកាន់​ខ្ជាប់​ជានិច្ច​នូវ​ដំណោះ​ស្រាយ​ដោយ​សន្តិវិ​ធី។ យើងមិនជឿឡើយថា ការប្រើប្រាស់សង្គ្រាមដើម្បីបញ្ឈប់សង្គ្រាម គឺជានិរន្តរភាព ឬជាក់​ស្តែង​នោះ​»។ស្របពេល​ជម្លោះនិងភាពតានតឹងដែលកំពុងបន្តជាមួយភាគីថៃ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ទៅ​កាន់ទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ សម្រាប់កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុម​ប្រឹក្សា​សន្តិភាព​របស់​លោក​ប្រធានាធិបតី ត្រាំ។សម្ដេចមានប្រសាសន៍ថា៖ «ក្រុមប្រឹក្សាសន្តិភាព អាចដើរតួនាទីយ៉ាងសកម្ម​ក្នុងការ​លើក​កម្ពស់​សន្តិភាព​ ស្ថិរភាព និងប្រក្រតីភាពរវាងកម្ពុជា និងថៃ»។ភាពតាន​តឹង​បានកើនឡើងជាថ្មីម្តងទៀតកាលពីឆ្នាំមុន ដោយការប្រយុទ្ធគ្នា​បា​ន​ផ្ទុះ​ឡើង​តាម​បណ្តោយ​ព្រំដែន​ដែលមានជម្លោះ និងបានធ្វើឱ្យជនស៊ីវិលរាប់សែននាក់ត្រូវរត់ភៀសសឹក។ ការ​ប៉ះទង្គិចគ្នានេះបានជំរុញឱ្យមានអន្តរាគមន៍ការទូត និងឈានដល់កិច្ចព្រមព្រៀងឈប់បាញ់មួយ ដែល​សម្របសម្រួលដោយមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ក្នុងអំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ កាលពីពេលកន្លងទៅ។រូបភាព និងរបាយការណ៍ក្នុងស្រុកពីការប្រយុទ្ធគ្នាថ្មីៗបំផុត បានបង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​ខូច​ខាត​ដល់​អគារ​នានានៅជិតតំបន់ព្រំដែន រួមទាំងនៅក្នុង ឬនៅក្បែរប្រាសាទព្រះវិហារ ដែលត្រូវបាន​ចុះ​បញ្ជី​ដោយ​អង្គការយូណេស្កូ ដោយបានបង្កើនក្ដីបារម្ភអំពីសុវត្ថិភាពនៃតំបន់បេតិកភណ្ឌវប្បធម៌ នៅ​ក្នុង​តំបន់ដែលមានជម្លោះ៕

ACU ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ជូនដល់ កងកម្លាំង មន្ត្រីរាជការក្នុងខេត្តពោធិ៍សាត់

2026/02/20 12:55:21 pm        156
ពោធិ៍សាត់៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ អង្គភាពប្រឆាំងអំពើរពុករលួយហៅកាត់ថា ACU បានធ្វើពិធីផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរក្រុងស្រុកឃុំសង្កាត់ និងមន្រ្តីនគរបាលយុត្តិធម៌ក្នុងខេត្តទាំងអស់ ក្រោមអធិបតីភាព ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។ ក្នុងឱកាសនោះ ឯឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានចាប់អារម្មណ៍ខេត្តពោធិ៍សាត់ ដែលមានការរីកចម្រើនប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់នេះ ធ្វើឡើងក្នុងគោលបំណង បញ្ជ្រៀបការយល់ដឹងបន្ថែម ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ នៅតាមមូលដ្ឋាននីមួយៗ បានយល់កាន់តែច្បាស់ ហើយចូលរួមឱ្យបានពេញលេញ ក្នុងការអនុវត្តជាប់ជាប្រចាំ ប្រឆាំងនឹងអំពើពុករលួយ ដោយប្រកាន់ខ្ជាប់នូវអភិក្រមទាំង០៥របស់រាជរដ្ឋាភិបាល គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដើម្បីលុបបំបាត់អំពើពុករលួយ នៅតាមស្ថាប័ន មន្ទីរ អង្គភាពរបស់ខ្លួន។ ការផ្សព្វផ្សាយនាពេលនេះគឺជាការឆ្លើយតប ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ផ្នែកនយោបាយ សេដ្ឋកិច្ច ក្នុងការដឹកនាំគ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ធានានិរន្តរភាពនៃតួនាទីដំណើរការរដ្ឋបាលសាធារណៈ យកចិត្តទុកដាក់លើអត្ថប្រយោជន៍ជាស្នូល ជាមួយនឹងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ។ ការផ្សព្វផ្សាយស្តីពីច្បាប់ប្រឆាំងអំពើពុករលួយ ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធក្នុងខេត្តពោធិ៍សាត់ ដើម្បីធានាការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរឡើង ។ ច្បាប់ស្តីពី ការប្រឆាំងអំពីពុករលួយមាន១០ជំពូក និងមាន៣១មាត្រា។ ការផ្សព្វផ្សាយច្បាប់ប្រឆាំងអំពើពុករលួយ ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធិភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋនៅក្នុងការដឹកនាំ ការគ្រប់គ្រងរដ្ឋ រក្សាភាពស្អាតស្អំ យុត្តិធម៌ ដែលជាមូលដ្ឋានចាំបាច់ ក្នុងការអភិវឌ្ឍសង្គមជាតិ និងការកាត់បន្ថយភាពក្រីក្រ។ច្បាប់នេះមានគោលដៅប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ តាមរយៈការចាត់វិធានការអប់រំ បង្ការ ទប់ស្កាត់ និងអនុវត្តច្បាប់បង្ក្រាបបទល្មើសពុករលួយ ដោយមានការចូលរួមនិងគាំទ្រពីមហាជន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមថែរក្សាសន្តិភាព UNIFIL រាយការណ៍ពីការធ្លាក់ចុះអំពើហិង្សានៅតំបន់ភាគខាងត្បូងប្រទេសលីបង់
06/17/2026 06:06 PM
មន្ត្រីប៉ាឡេស្ទីន៖ អ្នកតាំងលំនៅអ៊ីស្រាអែលបានដុតបំផ្លាញវិហារឥស្លាមនៅតំបន់វេសបែង
06/17/2026 06:06 PM
ការនាំចេញរបស់ជប៉ុន កើនឡើង​ខ្ពស់​បំផុត ក្នុងរយៈពេលជាង ៣ឆ្នាំ ដោយ​សារតម្រូវការបន្ទះឈីប និងរថយន្ត
06/17/2026 06:06 PM
ប្រតិបត្តិការជួយសង្រ្គោះដ៏គួរភ្ញាក់ផ្អើលកើតឡើង ក្រោយធ្លាក់យន្តហោះខ្នាតតូចនៅរដ្ឋ Texas
06/17/2026 06:06 PM
ទីភ្នាក់ងារជំនួយស្បៀងអាហាររបស់UN ទទួលបានជំនួយឥតសំណងចំនួន ៨០០លានដុល្លារ ពីអាមេរិកបន្ទាប់ពីកាត់បន្ថយថវិកា
06/17/2026 06:06 PM
ប្រទេសយេម៉ែនអំពាវនាវដល់ UN ឲ្យចាត់វិធានការតឹងរ៉ឹងជាងមុនលើអ៊ីរ៉ង់ និងការផ្តល់មូលនិធិដល់ក្រុមហ៊ួទី
06/17/2026 06:06 PM
ចិន​អំពាវនាវ​ឲ្យ​​មាន​សំឡេង​ប្រជាជាតិកំពុងអភិវឌ្ឍន៍សកលខាងត្បូងបន្ថែមទៀត​ ​នៅ UN
06/17/2026 06:06 PM
មេដឹកនាំ G7ទាមទារឲ្យមានបទឈប់បាញ់នៅលីបង់ និងស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអ៊ីរ៉ង់-អាមេរិក
06/17/2026 06:06 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងរុស្ស៊ី ជួបពិភាក្សាតាមទូរស័ព្ទ ផ្ដោតលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយអាមេរិក
06/17/2026 06:06 PM
កិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល នឹងផ្តោតសំខាន់លើការចង់បានសមាជិកភាព EU របស់អ៊ុយក្រែន
06/17/2026 06:06 PM