ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

តាមរយៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីបរិស្ថានកម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានកាន់តែប្រសើរឡើង

2026/02/19 06:10:50 pm        207
កម្ពុជា និងជប៉ុនបានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងទ្វេភាគីក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ ការវិនិយោគបៃតង និងការបញ្ចេញកាបូនទាប។នៅក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដែលគ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ ក្នុងគោលបំណង លើកកម្ពស់ការការពារបរិស្ថាន អភិរក្សជីវៈចម្រុះនិងការអភិវឌ្ឍប្រកបដោយចីរភាព។អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថាន ត្រូវបានចុះហត្ថលេខារវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Hirotaka Ishihara រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន និងបានផ្តោតលើ៖- ការពង្រីកយន្តការឥណទានរួម (JCM) និងគម្រោងជីវម៉ាស់ (Biomass)។- ការពង្រឹងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខ័ណ្ឌអាស៊ាន។- ការគាំទ្រផែនការបន្ស៊ាំជាតិរបស់កម្ពុជា រួមទាំងប្រព័ន្ធប្រកាសអាសន្នជាមុន។- ការកែលម្អការគ្រប់គ្រងសំណល់ និងការកែច្នៃឡើងវិញ។- ការលើកកម្ពស់ការប្រើប្រាស់ថង់ជីវម៉ាស់ដែលអាចរលាយបាន។- ការបង្កើនកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងឧទ្យានជាតិ។ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រតិភូកម្ពុជា បានទៅទស្សនារោងចក្រផលិតឡដុតកាកសំណល់វេជ្ជសាស្ត្រ និងប្លាស្ទិក ដែលដំណើរការដោយមិនបញ្ចេញផ្សែង។ កម្ពុជាបានពិនិត្យ និងបានបញ្ជាទិញដើម្បីយកមកប្រើប្រាស់ គោលដៅធានាឱ្យបានថា នៅតាមបណ្តាស្រុកនីមួយៗនឹងមានឡដុតសំណល់មួយនាពេលអនាគត។កម្ពុជាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តផ្នែកបរិស្ថានរបស់ខ្លួន រួមទាំងគោលដៅជាតិក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ២០៣៥ ក្នុងវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងសំណល់ផងដែរ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កម្ពុជាកំពុងជំរុញយុទ្ធនាការអាទិភាពដែលធានាការកាត់បន្ថយសំណល់ប្លាស្ទិក និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ព្រមទាំងធ្វើទំនើបកម្មប្រព័ន្ធត្រួតពិនិត្យគុណភាពខ្យល់ ដី និងទឹក ដើម្បីការពារសុខភាពសាធារណៈ និងប្រព័ន្ធអេកូឡូស៊ី។ លើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការផ្តោតលើសសរស្តម្ភ នឹងមាននូវឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ទំនើប ដែលផ្ដល់ភាពងាយស្រួលក្នុងការតាមដានគុណភាពខ្យល់ និងបានដឹងថានៅក្នុងខ្យល់មានសារធាតុពុល សារធាតុវិទ្យុសកម្ម សារធាតុគីមីអ្វីខ្លះនៅក្នុងខ្យល់។ ក្នុងដំណើរទស្សនកិច្ចលើកនេះនៅប្រទេសជប៉ុន ក្រសួងបរិស្ថានក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការដាច់ដោយឡែកមួយជាមួយសហព័ន្ធសមាគម Shiho-Shoshi របស់ជប៉ុន ដើម្បីពង្រឹងអភិបាលកិច្ចបរិស្ថាន និងការអនុវត្តច្បាប់ផងដែរ។ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានទៅទស្សនាឧទ្យានជាតិ Fuji-Hakone-Izu និងតំបន់ការពារ Mishima Skywalk ដើម្បីសិក្សាពីគំរូគ្រប់គ្រងឧទ្យានជាតិ និងទេសចរណ៍ធម្មជាតិដែលទទួលបានជោគជ័យរបស់ជប៉ុន។

រដ្ឋសភាកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាយប៉ា (AIPA) ត្រៀមរៀបចំកិច្ចប្រជុំកម្រិតតំបន់ ស្តីពីអាកាសធាតុ និងការវិនិយោគកសិកម្មប្រកបដោយចីរភាព

2026/02/19 06:02:19 pm        219
វិមានរដ្ឋសភា ៖ រដ្ឋសភាកម្ពុជាកំពុងពន្លឿនការងារបច្ចេកទេស យ៉ាងសកម្ម ដើម្បីត្រៀមរៀបចំកិច្ចពិភាក្សាតុមូល និងវេទិកាថ្នាក់ ដឹកនាំអន្តរជាតិសំខាន់ៗចំនួន៣ ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០២៦ ក្នុងគោលបំណងដោះស្រាយវិបត្តិអាកាសធាតុ និងជំរុញការវិនិយោគក្នុងវិស័យកសិកម្មប្រកបដោយចីរភាព និងការទទួលខុសត្រូវ។នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ (Zoom) ជាមួយលេខាធិការដ្ឋានអាយប៉ា និងដៃគូអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីពិភាក្សាផ្ដោតសំខាន់លើការរៀបចំ ផែនការសម្រាប់ព្រឹត្តិការណ៍ធំៗដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រួមមាន៖• ទី១. សិក្ខាសាលាថ្នាក់ជាតិស្តីពី ការប្រែប្រួលអាកាសធាតុ៖ ជាកិច្ចសហការរវាងលេខាធិការដ្ឋានអាយប៉ា និងអង្គការ Tara Climate ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាបរិស្ថានសកល និងការបន្ស៊ាំខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។• ទី២. វេទិកាពិគ្រោះយោបល់ថ្នាក់ដឹកនាំអាយប៉ា (AIPA Leadership Forum): វេទិកានេះគឺជាគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់របស់សភាកម្ពុជា ក្នុងនាមជាសមាជិកដ៏សកម្មរបស់អន្តរសភាអាស៊ាន (AIPA) ដើម្បីពង្រឹងតួនាទីអ្នកដឹកនាំក្នុងតំបន់លើការដោះស្រាយបញ្ហារួម។• ទី៣. កិច្ចប្រជុំស្តីពីគោលការណ៍ណែនាំអាស៊ាន (ASEAN RAI):គឺជាកិច្ចប្រជុំស្របគ្នាដែលផ្ដោតលើការលើកកម្ពស់ការវិនិយោគប្រកបដោយការទទួលខុសត្រូវក្នុងវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ ដោយមានការគាំទ្របច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO )។ការផ្តួចផ្តើមរៀបចំកិច្ចប្រជុំទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រធានរដ្ឋសភា ក្នុងការជំរុញ "ការទូតសភា" ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុ និងការធានាសន្តិសុខស្បៀងក្នុងតំបន់។ លើសពីនេះ ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗក្នុងឆ្នាំ២០២៦ ក៏ជាឱកាសមាសសម្រាប់កម្ពុជាក្នុងការបង្ហាញពីសក្តានុពល និងតួនាទីដឹកនាំរបស់ខ្លួនក្នុងក្របខ័ណ្ឌអាស៊ានផងដែរ។កិច្ចប្រជុំនាពេលរសៀលនេះ បានបញ្ចប់ទៅដោយការឯកភាពលើចំណុចបច្ចេកទេសសំខាន់ៗ ដើម្បីធានាថាព្រឹត្តិការណ៍នាពេលខាងមុខនឹងប្រព្រឹត្តទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កាសម្រាប់ឧត្តមប្រយោជន៍ជាតិ និងតំបន់ទាំងមូល៕

រដ្ឋមន្រ្ដីពីរក្រសួង ចុះពិនិត្យទីតាំងដំឡើងស្ថានីយរ៉ាដាតេជោសែនទី២នៅស្រុកពញាឮ ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់

2026/02/19 05:43:04 pm        118
នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យទីតាំងជាក់ស្តែងសម្រាប់ដំឡើងស្ថានីយរ៉ាដាតេជោសែនទី២ ដែលស្ថិតនៅលើភ្នំប្រសិទ្ធិ៍ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។សូមជម្រាបថា គម្រោងសាងសង់ស្ថានីយរ៉ាដាថ្មីនេះ ត្រូវបានអនុវត្តក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ការដំឡើងស្ថានីយរ៉ាដាប្រភេទ Doppler Radar នេះ មានសារៈសំខាន់ណាស់ក្នុងការផ្តល់ទិន្នន័យជាក់ស្តែង (Real-time) ដើម្បីបង្កើនប្រសិទ្ធភាពនៃការធ្វើព្យាករអាកាសធាតុ និងធាតុអាកាសឱ្យកាន់តែច្បាស់លាស់។ លើសពីនេះ វាក៏ជាឧបករណ៍ដ៏សំខាន់សម្រាប់គ្រប់គ្រងធនធានទឹក និងបម្រើដល់វិស័យពហុវិស័យដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និងគមនាគមន៍ ជាពិសេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុសកល៕

កម្ពុជា-អាម៉េរិក មានសុទិដ្ឋិនិយមក្នុងការបន្តជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី

2026/02/19 04:36:46 pm        339
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ក្នុងឱកាសនៃការដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។​ក្នុងឱកាសនៃជំនួប, ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលបានជំរុញឱ្យទំនាក់ទំនងទ្វេភាគី អាម៉េរិក-កម្ពុជា កាន់តែរីកចម្រើនជាលំដាប់ ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែង, ពាណិជ្ជកម្មទ្វេភាគី អាម៉េរិក-កម្ពុជា បន្តកើនឡើងប្រមាណជិត ២៩% ក្នុងឆ្នាំ២០២៥ បើធៀបនឹងទំហំពាណិជ្ជទ្វេភាគីក្នុងឆ្នាំ២០២៤ ស្របពេលដែលការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជាក៏កើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះជាផ្លែផ្កានៃការជឿទុកចិត្តនៅក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។  ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទទួលបន្ទុកផ្នែកពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិកក្នុងការចរចា និងឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលសម្រេចបានអត្រាពន្ធក្នុងរង្វង់ ១៩% លើការនាំចូលទំនិញរបស់កម្ពុជាចូលសហរដ្ឋអាម៉េរិក។ ឆ្លៀតក្នុងឱកាសនេះ ដែរ, សម្តេចធិបតីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ឯកឧត្តមប្រធានាធីបតី Donald J. Trump ក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការជំរុញឱ្យមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្ដីថ្លែងការរួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធានាដល់ការកសាងសន្តិភាពយូរអង្វែងរវាងកម្ពុជា និងថៃ។ សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានសម្ដែងនូវសុទិដ្ឋិនិយមថា ក្រោមការខិតខំប្រឹងប្រែងរវាងប្រទេសទាំងពីរ, ទំនាក់ទំនង កម្ពុជា-អាម៉េរិក នឹងកាន់តែប្រសើរឡើង ជាពិសេសជំរុញឱ្យមានកំណើនពាណិជ្ជកម្មទ្វេភាគី និងកំណើនការវិនិយោគរបស់សហរដ្ឋអាម៉េរិកនៅកម្ពុជា។ សម្ដេចធិបតីបានបញ្ជាក់ជូន ឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ថា កម្ពុជានឹងបន្តខិតខំប្រឹងប្រែងដើម្បីបញ្ចប់នូវការបំពេញនិតីវិីនានា សំដៅជំរុញការអនុវត្តពេញលេញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងប្រទេសទាំងពីរ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរ។មុននឹងបញ្ចប់, សម្ដេចធិបតី និងឯកឧត្ដមឯកអគ្គរដ្ឋទូត Jamieson Greer ក៏បានពិភាក្សាគ្នាផងដែរអំពីវិស័យសក្កានុពលនានាដែលប្រទេសទាំងពីរអាចនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីធានាបាននូវឧត្តមប្រយោជន៍សម្រាប់ប្រទេសទាំងពីរ និងដំណោះស្រាយលើបញ្ហាសេសសល់ ដែលត្រូវរួមគ្នាដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យរំហូរពាណិជ្ជកម្មទ្វេភាគី និងការធ្វើនិយោគរបស់សហរដ្ឋអាម៉េរិកមកកម្ពុជាកាន់តែរីកចម្រេីនបន្ថែមទៀត៕

ក្រសួងសុខាភិបាល និង UNRC ប្រចាំកម្ពុជា ប្តេជ្ញាចិត្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា

2026/02/19 04:26:39 pm        325
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Vladanka Andreeva ដែលគោលបំណងនៃជំនួប គឺណែនាំខ្លួនជាផ្លូវការអំពីតួនាទី និងភារកិច្ចរបស់អ្នកសម្របសម្រួលប្រចាំប្រទេសរបស់អង្គការសហប្រជាជាតិ (United Nations Resident Coordinator) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែង និងទូលំទូលាយរវាងអង្គការសហប្រជាជាតិ និងក្រសួងសុខាភិបាល ក្នុងការគាំទ្រការអភិវឌ្ឍវិស័យសុខាភិបាលនៅព្រះរាជាណាចក្រកម្ពុជា។​ក្នុងឱកាសនេះ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ ដែលបាន និងកំពុងអនុវត្តរវាងក្រសួងសុខាភិបាល និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ជាង ១០ ៖ រួមមាន FAO, IAEA, IOM, UNAIDS, UNDP, UNFPA, UNICEF, UNODC, UNOPS, WFP និង WHO ដែលគ្របដណ្តប់លើវិស័យសុខភាពមាតា ទារក និងកុមារ ជំងឺឆ្លង និងមិនឆ្លង សុខភាពផ្លូវភេទ និងបន្តពូជ អាហារូបត្ថម្ភ សុខាភិបាលឌីជីថល និងការពង្រឹងប្រព័ន្ធសុខាភិបាល ដើម្បីធានាថាប្រជាជនគ្រប់រូបទទួលបានសិទ្ធិមានសុខភាពល្អ។ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះការគាំទ្រជាបន្តបន្ទាប់របស់ អង្គការសហប្រជាជាតិ ជាពិសេសក្នុងការជំរុញការគ្របដណ្តប់សុខភាពជាសកល (UHC) និងការឆ្លើយតបជាជំនួយមនុស្សធម៌ក្នុងបរិបទបញ្ហាប្រឈមសេដ្ឋកិច្ចសង្គម និងជម្លោះព្រំដែន ដែលបានប៉ះពាល់ដល់សុខុមាលភាពប្រជាជន។ វត្តមាន និងតួនាទីរបស់អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បញ្ជាក់នូវការរៀបចំសម្របសម្រួលជំនួយ មិនឱ្យមានភាពស្ទួនគ្នាលើផ្នែកនានានៃកិច្ចសហប្រតិបត្តិការដែលមានប្រសិទ្ធភាព និងធានាបាននូវចីរភាពនៃការអភិវឌ្ឍ ដើម្បីប្រជាពលរដ្ឋមានសុខភាពល្អ ឆ្ពោះទៅសម្រេចបានគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនាមក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ទីភ្នាក់អង្គការសហប្រជាជាតិទាំងអស់ ដែលបានជួយកម្ពុជា ជាពិសេសបានរួមសហការផ្នែកសុខាភិបាល ផ្តល់សេវា និងជំនួយមនុស្សធម៌ចាំបាច់ និងបន្ទាន់ៗបំផុតជូនប្រជាជនភៀសសឹកកម្ពុជា នៅក្នុងកាលៈទេសៈសង្គ្រាមឈ្លានពានតាមព្រំដែន ដែលនេះបញ្ជាក់នូវការប្តេជ្ញាយ៉ាងមុះមុតបំផុតរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ ស្របតាមទិសស្លោក “No One Left Behind”។លោកស្រី បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (២០២៤–២០២៨) ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ អាទិភាព SDGs ការត្រៀមចាកចេញរបស់កម្ពុជា ពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩ និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ភាគីទាំងពីរ ក៏បានពិភាក្សាអំពីអាទិភាពយុទ្ធសាស្ត្រ សម្រាប់ការគាំទ្របច្ចេកទេសបន្ថែម រួមទាំងការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ការពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល និងការត្រៀមលក្ខណៈសម្រាប់ជួយគាំទ្ររចនាសម្ព័ន្ធលើជំនួយអភិវឌ្ឍន។ កិច្ចជំនួបបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងផ្លែផ្កា ដោយបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការពង្រឹងភាពជាដៃគូប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជនកម្ពុជា៕អត្ថបទ រដ្ឋា 

មួយឆ្នាំ២០២៥ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បម្រើសេវាជូនស្រី្តពិនិត្យផ្ទៃពោះ និង​សម្រាល​កូនជាង ១៥ម៉ឺនករណី

2026/02/19 04:01:43 pm        520
ក្នុងឆ្នាំ២០២៥ កន្លងមកនេះ មន្ទីរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានបម្រើ​សេវា​ជូន​ស្រី្ត​ពិនិត្យ​ផ្ទៃ​ពោះ សម្រាកពេទ្យ និងសម្រាលកូន បានចំនួន ១៥៥,៣២៧ករណី។ នេះបើតាម របាយ​ការណ៍របស់មនី្ទរពេទ្យជ័យវរ្ម័នទី៧ គន្ធបុប្ផាសៀមរាប បានចេញផ្សាយនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ មន្ទីរពេទ្យជ័យវរ្ម័នទី៧ ក៏បានចូលរួមអបអរសាទរទិវាជាតិសុខភាព មាតាទារក និងកុមារ ដែល​នឹង​ប្រារព្ធ​ឡើងនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាលើក​កម្ពស់​គុណ​ភាព ​សុវតិ្ថភាព ប្រសិទ្ធភាព នៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង​បរិបទ​មាន​គ្រោះ​អាសន្ន ​ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ»។ ក្នុង​រ​បាយការណ៍ដដែលបង្ហាញថា ការបម្រើសេវាជូនស្ត្រីមានផ្ទៃពោះរយះពេល១ឆ្នាំ២០២៥ មន្ទីរ​ពេទ្យ បានពិនិត្យស្រ្តីផ្ទៃពោះ មានចំនួន ១០៨,១៣៣ នាក់។ ស្រ្តីផ្ទៃពោះសម្រាកពេទ្យ មាន​ចំនួន​ ២៦,៦៥៩នាក់។ ស្រ្តីសម្រាលកូន មានចំនួន ២០,៥៣៥នាក់ ក្នុងនោះ​សម្រាល​កូន​ដោយ​វះ​កាត់​មានចំនួន ៤៧៩៣នាក់ ស្មើនឹង ២៣.៣%។ ស្រ្តីសម្រាល​កូនដែល​មាន​ស្វាមី​ជា​វីរៈ​កង​ទ័ព​ជួរ​មុខសមរភូមិចំនួន ១៥៦នាក់។ ស្រ្តី​សម្រាល​កូន​ដែល​មាន​ស្វាមីជាវីរៈនគរបាលជួរ​មុខ​សមរភូមិ​ចំនួន ​០៨នាក់ និងស្រ្តីក្រុមគ្រួសារ​ភៀស​សឹក​មាន​ចំនួន​ ៣១១នាក់។សូមរម្លឹកថា​ សកម្មភាពប្រចាំថ្ងៃ របស់គិលានុបដ្ឋាយិកា អគារផ្នែកសង្រ្គោះទារក អគារផ្នែក​សង្គ្រោះ​បន្ទាន់ទារក អគារមុន-ក្រោយសម្រាលកូន និងឆ្មបក្នុងបន្ទប់សម្រាលកូន នៅ​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ គន្ធបុប្ផាសៀមរាប បង្រៀនអប់រំដល់ស្រ្តីក្រោយសម្រាលកូនអំពី៖ របៀប​បំបៅ​ដោះកូន ដោយទឹកដោះម្តាយសុទ្ធតែមួយមុខគត់។ សារៈសំខាន់នៃទឹកដោះម្តាយ ជា​ពិសេស​ទឹក​ដោះម្តា​យដំបូង (កូឡូស្រ្តូម) និងអាហារូបត្ថម្ភ។ បង្រៀនម្តាយ​ពី​អត្ថ​ប្រយោជន៍​ការ​ដាក់​ទារក​អោយ​ប៉ះ​ផ្ទាល់ស្បែកទារក និងស្បែកម្តាយ (Skin to Skin)៕ អត្ថបទ រដ្ឋា 

ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ

2026/02/19 03:31:06 pm        350
ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួ​យនឹ​ងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់​រថយន្ត​ជា​ប្រភព​មាន​តម្រូវ​ការ​ផ្គត់​ផ្គង់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​ដ៏​សំខាន់​ក្នុង​ចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។បើ​តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុង​នោះ​រោង​ចក្រ​​ផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមាន​សមត្ថភាព​ផលិត​រហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​សំបកកង់រថយន្ត សៃលុន នៅក្នុងស្រុក បានប្រាប់ BTV ថា រោងចក្ររបស់លោក បាន​ស្រូប​ទាញ​ជ័រ​កៅស៊ូក្នុងស្រុកកើនឡើងជាលំដាប់ គឺកើនពី ៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ដល់ ១៥​ម៉ឺន​តោន​នៅ​ក្នុងឆ្នាំ២០២៦នេះ។លោកអះអាងថា ដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង​គោល​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ទើបរោងចក្ររបស់​លោក​បាន​សម្រេច​បង្កើត​រោង​ចក្រនៅកម្ពុជារហូតដល់បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ដែល​កំពុង​ផ្តល់កា​រងារជូនប្រជាពលរដ្ឋប្រមាណ ៤ ៥០០នាក់។លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ថា ដោយសារ​គោល​នយោបាយ​គាំពាររបស់រដ្ឋាភិបាល ទៅលើអ្នកវិនិយោគ ដែលមកផលិតកែច្នៃ ផលិតផល​សម្រេច​នៅ​ក្នុង​ស្រុក ទើបនាំកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៧ហើយ។ ក្នុងនោះ កំពុង​ដំណើរ​ការ​ចំនួន៦។ លោកជឿថា ដោយសារវត្ត​មាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​កាន់​តែ​ច្រើន ​ផ្ទៃដីដាំដុះកៅស៊ូនឹងកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីបីឆ្នាំមុខនេះ។ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់ ១,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

និស្សិត​ទំនាក់​ទំនង​អន្តរជាតិ​មាន​សុទិដ្ឋិនិយម​ចំពោះ​សម្តេចធិបតី​បង្ហាញ​ឆន្ទៈ​ដោះស្រាយ​ព្រំដែន​ទៅ​កាន់​ពិភពលោក

2026/02/19 02:20:46 pm        355
ក្រុមនិស្សិតទំនាក់ទំនងអន្តរជាតិ មានសុទិដ្ឋិនិយមខ្ពស់ចំពោះសម្តេចធិបតី ក្នុងការ​បង្ហាញ​ឆន្ទៈ​ដោះ​ស្រាយ​បញ្ហា​ព្រំដែនជាមួយប្រទេសថៃទៅកាន់ពិភពលោក តាមរយៈ​ការ​ប្រាប់​ការ​ពិត​អំពី​ការ​ឈ្លាន​ពាន​ទឹក​ដីពីសំណាក់ទាហានថៃ ។ ក្រោយ​ពេលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់បទសម្ភាសជាមួយសារព័ត៌មាន អន្តរជាតិ រ៉យ​ទ័រ​កាល​ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដោយ​បាន​លើក​ឡើង​អំពីបានរំលោភបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព របស់ថៃ ដោយ​បាន​បន្ត​រំលោភ​បំពាន​ចូល​ជ្រៅ​មកក្នុងដែនអធិបតេយ្យភាពទឹកដីរបស់កម្ពុជានោះ ក្រុមនិស្សិត​សិក្សា​ស្រាវ​ជ្រាវ​លើ​កិច្ច​ការងារទំនាក់ទំនងអន្តរជាតិ បានបង្ហាញ​ការ​គាំទ្រ​លើ​គតិ​បណ្ឌិត​របស់​សម្តេច​ប្រមុខ​ថ្នាក់​ដឹក​នាំដែលបានលើកយកបញ្ហា ព្រំដែនបង្ហាញ​ប្រាប់​ពិភព​លោក​ឱ្យ​បាន​ដឹង​ច្បាស់​អំពី​ភាព​ពិត​របស់​ប្រទេស​ថៃ​ដែលបានឈ្លានពានមកលើកម្ពុជា ទាំង​ដែល​កម្ពុជា​បាន​ប្រកាន់​ខ្ជាប់​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​បទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយ ដែលធ្លាប់បានព្រមព្រៀងគ្នា ទាំងទ្វេភាគី និង​អន្តរជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពិភពលោកថា «មធ្យោបាយតែមួយគត់ដើម្បីផ្ទៀងផ្ទាត់ នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលមាន ដោយផ្អែកលើសន្ធិសញ្ញា ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀងទាំងអស់ដែលមាន។ ដូច្នេះហើយ សង្ឃឹមថា ថៃនឹងយល់ព្រម និងចាប់​ផ្តើម​អនុញ្ញាត​ឲ្យ ​JBC ធ្វើការឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ អត្ថបទ៖ លីហេង 

សាលារៀនជាច្រើនទទួលបានអគារសិក្សាស្តង់ដារតេជោ និងបណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ស្រប​ទីផ្សារ​ការងារ

2026/02/19 02:08:56 pm        166
របាយការណ៍ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា មកដល់បច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បាន ផ្តល់ថវិកាសាងសង់អគារសិក្សាស្តង់ដារតេជោ បានប្រមាណជាង៤០០០អាគារ ហើយ​បើ​តាមបណ្តាគណៈគ្រប់ គ្រងសាលារៀន បានឲ្យដឹងថា គ្រប់អគារសិក្សាស្តង់ដារតេជោ បាន​ផ្តល់គុណតម្លៃបន្ថែមច្រើន ជាពិសេសគឺមាន បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​មួយ​ចំនួន​ទៀតផងដែរ ដើម្បីឲ្យសិស្សមានសមត្ថភាពស្របតាម ទីផ្សារការងារ។តំណាងគណៈគ្រប់គ្រងវិទ្យាល័យហ៊ុន សែន តាខ្មៅ នៅខេត្តកណ្តាល អ្នកគ្រូ កែវ មាសបូរា បាន​ប្រាប់ ​BTV នៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា បច្ចុប្បន្នវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បានទទួល​អំណោយ​ថវិកា​ពីសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ សាងសង់អគារសិក្សា​ស្តង់ដារ​តេជោ​កម្ពស់​បី​ជាន់ បានជិត១០០% និងជួសជុល អគារសិក្សាច្រើនបន្ទប់ទៀត ហើយ​ដោយ​ចំនួន​សិស្សបន្តកើនឡើង សាលានៅមានតម្រូវការអគារសិក្សាច្រើន បន្ទប់ទៀត ដើម្បីកាត់​បន្ថយ​ភាព​ចង្អៀត​ណែ​ននូវចំនួនសិស្សនៅក្នុងថ្នាក់រៀននីមួយៗ ដែលការរៀនបង្រៀនចំណេះ​ដឹង​ទូទៅ​ផង​ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយចំនួនទៀតផងដែរ។ដោយឡែកលោក ម៉ម សុធានី នាយកវិទ្យាល័យ ហ៊ុន សែន សេរីភាពវិញ ថ្លែងថា រៀងរាល់ឆ្នាំ វិទ្យាល័យ ហ៊ុន សែន សេរីភាពមានកំណើនសិស្សចុះឈ្មោះចូលរៀន មានរង្វង់​ប្រមាណ​៥០០០​នាក់​ ប៉ុន្តែដោយ​អំឡុងពេលកម្ពុជាជួបវិបត្តិការរាតត្បាតកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត បានយកឱកាស នោះផ្តល់អំណោយសាងសង់អាគារសិក្សាស្តង់តេជោ មួយ​ខ្នងប​ន្ថែមកំពស់៣ជាន់ មាន៣០បន្ទប់ ហើយបច្ចុប្បន្ន អគារនេះ បានរួមចំណែក​ខ្លាំង​កាត់​បន្ថយ​ភាពចង្អៀតណែនសិស្សចូលរៀននៅក្នុងថ្នាក់។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុង​ឱកាស​បើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ និងកីឡា ឆ្នាំ២០២៥ លើកទិសដៅអនុវត្តឆ្នាំ២០២៦ កាល​ពី​ពេលថ្មីនេះ បានឲ្យដឹងថា ការងារសាងសង់អគារសិក្សា និងការជួសជុលអគារសិក្សា ក្នុង​រយៈពេលកន្លងទៅនេះ ប្រើប្រាស់ ថវិកាអស់ប្រមាណជាង៤០០លានដុល្លារអាម៉េរិក ក្នុង​នោះ​ក៏​មាន​ការ​ប្រើប្រាស់ថវិកាសម្តេចតេជោ សាងសង់ អគារស្តង់ដារតេជោ បានប្រមាណជាង​៤០០០​អគារ​៕ អត្ថបទ៖ ស៊ុម សុខជា 

ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង​រួមចំណែក​ធានា​សន្តិសុខ​ថាមពល

2026/02/19 01:56:43 pm        331
ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅខេត្តកំពង់ឆ្នាំង អាចផលិតអគ្គិសនី បាន​ចំនួន ១០០មេហ្កាវ៉ាត់ តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ ដោយ​មាន​កិច្ច​សហការ​រវាង​អគ្គិសនី កម្ពុជាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ អគ្គិសនី​ដែល​ផលិត​បាន​នេះ ​រួមចំណែកធានាសន្តិសុខថាម ពលនៅក្នុងប្រទេសកម្ពុជា។ឯកឧត្តម​បណ្ឌិត ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា បាន​ថ្លែង​ថា កិច្ចសហប្រតិបត្តិការ និងការអនុវត្ត​គម្រោង​ឧទ្យានជាតិ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​រវាង​EDC ​និងADB បានពង្រីកសមត្ថភាពផលិត និងផ្គត់ផ្គង់អគ្គិសនីកកើតឡើងវិញ សំដៅ​ធានា​សន្តិសុខ​ថាមពល និងភាពទុកចិត្តបាន ក្នុងការ ផ្គត់ផ្គង់អគ្គិសនីមានតម្លៃសមរម្យ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តីត្រូវការអភិវឌ្ឍ។ការថ្លែងនេះ បានធ្វើនៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលរួមដំណើរជាមួយលោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា អញ្ជើញ​ទស្សន​កិច្ច​នៅ​ស្ថានីយផលិត ថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅស្រុកទឹកផុស ខេត្ត​កំពង់​ឆ្នាំង​។ឯកឧត្តមបណ្ឌិត បានបន្តថា តាមរយៈគម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ បច្ចុប្បន្ន ស្ថានីយ​ ផលិតថាមពលអគ្គិសនីនេះ អាចផលិតអគ្គិសនីបានចំនួន១០០មេហ្កាវ៉ាត់ រាប់​បញ្ចូល​ទាំង​ពី​ដំណាក់កាល ដោយដំណាក់កាលទី១.៦០មេហ្គាវ៉ាត់ និងដំណាក់ទី២.៤០មេហ្កាវ៉ាត។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ថាមពល​កកើន​ឡើង​វិញ​ចំនួន​ជាង ១​ពាន់​៣០០​មេ​ហ្គាវ៉ាត់​​នៅទូទាំងប្រទេស ហើយអគ្គិសនីកម្ពុជាមានផែនការជាបន្តបន្ទាប់។លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មាន​ប្រសាសន៍​ដែរថា គម្រោងឧទ្យានជាតិថាមពលពន្លឺព្រះអាទិត្យ មានផលវិជ្ជមាន​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងប្រែក្លាយជាប្រទេស​មួយ​ដែល​អាច​ផ្គត់​ផ្គង់​អគ្គិសនី​ស្អាត ដើម្បីអាចលុបបំបាត់ថាមពលប៉ះពាល់ដល់ការប្រែប្រួលអាកាសធាតុ។ លើសពីនេះ លោក​ស្រី ​Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) បានលើកឡើងពីសារៈសំខាន់​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ផងដែរ។អនុវត្តតាមរយៈភាពជាដៃគូរវាង ADB និង អគ្គិសនីកម្ពុជា (EDC) គម្រោងឧទ្យានជាតិ​ថាមពល​ពន្លឺព្រះអាទិត្យ បានគាំទ្រដល់ការអភិវឌ្ឍទីតាំងផលិតថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា ដើម្បី​ចូល​រួម​ដោះស្រាយ តម្រូវការថាមពលជាយុទ្ធសាស្ត្ររបស់ប្រទេស។ គម្រោងនេះ ត្រូវបាន​ចុះ​ហត្ថ​លេខា​លើ​កិច្ចព្រមព្រៀង នៅថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៩ តាមរយៈ Cross-Signing និង​បាន​ចូល​ជា​ធរមានកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ និងមានរយៈពេលអនុវត្ត៤ឆ្នាំ (២០១៩-២០២២)​៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM