បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស

ព័ត៌មានជាតិ

អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះម្ចាស់ទីតាំងដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេស​ប្រព្រឹត្តបទល្មើស

2026/02/18 03:55:24 pm        335
អាជ្ញាធរមានសមត្ថកិច្ច នឹងចាត់វិធានការច្បាប់ រួមទាំងពិន័យប្រាក់ ទៅលើម្ចាស់ទីតាំងទាំងឡាយ ណាដែលលួចលាក់ផ្តល់ការស្នាក់នៅដល់ជនបរទេសប្រព្រឹត្តិបទល្មើស Online Scams នៅ​ក្នុង​ប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងបទបញ្ជាដ៏ម៉ឺងម៉ាត់ និងអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់ គ្រង​សន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំនានា កម្លាំងអាជ្ញាធរមា​ន​សមត្ថកិច្ច​នៅ​ទូទាំង​ប្រទេស​កំពុងបន្តសស្រាក់សស្រាំបំផុត ក្នុងការបោស​សម្អាត​ឧក្រិដ្ឋកម្ម​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​​ចេញពីកម្ពុជា ខណៈក្រសួងមហាផ្ទៃ បានដាក់ឱសានវាទ ឬបន្ទាត់ក្រហម ត្រឹម​កំឡុង​ខែ​មេសា ​ឆ្នាំ២០២៦ ។ សម្រាប់​ក្របខ័ណ្ឌ នៃរាជធានីភ្នំពេញ ថ្មីៗនេះ កម្លាំងនគរបាលរាជធានី ដឹកនាំដោយលោកឧត្តមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយអំពីផែនការបន្តទប់ស្កាត់ និងបង្ក្រាបដាច់ខាត លើទីតាំងជួល​ការ​ស្នាក់​នៅ​ទាំង​ឡាយ ​ដែលបានលួចលាក់បន្តផ្តល់ការស្នាក់នៅដល់ជនបរទេសដោយខុសច្បាប់ ពិសេស​ការ​រស់​នៅ​សម្រាប់​ប្រព្រឹត្តិបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះជាការឆ្លើយតបទៅនឹង ការ​ដាក់​ឱសាន​វាទ​របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ដែលបានកំណត់​បន្ទាត់​ក្រហម​ត្រូវ​លុប​បំបាត់​បទ​ល្មើស​ឆបោក​នេះឲ្យអស់ និងមានប្រសិទ្ធិភាពខ្ពស់ត្រឹមដំណាច់ចុងខែមីនា ឆ្នាំ២០២៦ ។ ប្រជាពលរដ្ឋ សម្តែងការគាំទ្រចំពោះវិធានការខាងលើនេះ ក៏ដូចជាវិធានការទាំងឡាយនានា​ជា​ច្រើន​ទៀត​របស់​អាជ្ញាធរនៅទូទាំងប្រទេស ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និង​បោស​ស​ម្អាតដាច់ណាត់នូវរាល់បទល្មើសឧក្រិដ្ឋទាំងឡាយ ដែលកើត​មាន​ឡើងនៅ​ក្នុង​ប្រទេស​ជាតិ ​ពិសេសគឺឧក្រិដ្ឋកម្មឆបោកអនឡាញនេះតែម្តង ។ យោងលើជំពូកទី៦ មាត្រាទី២០ នៃអនុក្រឹត្យថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា កាលពីដើមខែមករា ឆ្នាំ​២០២៦ ក៏បានកំណត់ផងដែរចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នក​គ្រប់​គ្រង​ទីតាំង​រស់​នៅ​ប្រមូល​ផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យ​ជនបរទេស​ដែល​ចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាក​ពិន័យ​ជា​ប្រាក់​ចំនួន​៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិន​ទាន់​គិត​ដល់​ទោស​ព្រហ្ម​ទណ្ឌ​ដែល​បាន​កំណត់ក្នុងច្បាប់ជាធរមានឡើយ ៕  អត្ថបទ៖ លីហេង

ផលិតផលខ្មែរថ្មីៗរាប់សិបមុខត្រូវបានផលិតឡើងក្រោមសម្ទុះគាំទ្រពីពលរដ្ឋ

2026/02/18 03:32:48 pm        215
ផលិតផលខ្មែរថ្មីៗរាប់សិបមុខ ត្រូវបានផលិតឡើងបន្តបន្ទាប់ ក្រោយមានការគាំទ្រ យ៉ាង​ខ្លាំង​ពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអំឡុងពេល នៃការឈ្លានពានរបស់កងទ័ពថៃ មក​លើ​អធិប​តេយ្យភា​ព​កម្ពុជា និងការពហិការមិនប្រើប្រាស់ និងមិនបរិភោគទំនិញថៃ ។ផលិតផល​ខ្មែរច្រើនមុខថ្មីៗ កំពុងត្រូវបានផលិត មានដូចជាចំណីអាហារ ក្នុងនោះមានត្រីខ ទឹក​ត្រី ទឹក ស៊ីអ៊ីវ ភេសជ្ជៈ នំក្រៀម និងអាហារកំប៉ុងជាដើម ខណៈរបស់ប្រើប្រាស់មួយចំនួន ដូច​ជា​សាប៊ូ ​កក់សក់ សាប៊ូដុស ខ្លួន ថ្នាំដុសធ្មេញ ។ល។ ដោយផលិតផលទាំងអស់នេះ សុទ្ធសឹងតែជា ផលិត​ផលជំនួសទំនិញរបស់ថៃ។អ្នកស្រី សេរី នាង ម្ចាស់ផលិតផលសាប៊ូឈ្មោះ “ខ្មែរយើង” និងលោក សុខ ឃឿន ម្ចាស់ ផលិត​ផល​ ថ្នាំដុសធ្មេញធ្វើពីម្លូ និងស្លាឈ្មោះ “ហាហា” បានឲ្យដឹងថា ក្រោយពីឃើញសម្ទុះ នៃ ការ​គាំទ្រ​របស់ពលរដ្ឋខ្មែរ លើផលិតផលជាតិយ៉ាងខ្លាំងក្លា លើសពេលណាៗទាំងអស់នោះ ក៏បាន​សម្រេច​បោះទុនបង្កើត ផលិតផល ដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ហើយ នៅក្រោយ​ពេល​ផលិតឡើងហើយនោះ គឺ មានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋផងដែរ។ចំណែ​កអ្នកស្រី ហេង ស៊ីនួន ម្ចាស់ហាងសម្រស់ខ្មែរ ដែលទទួលយកនូវផលិតផលខ្មែរ ប្រភេទ គ្រឿង​សម្អាងចែកចាយបន្ត បានឲ្យដឹងថា ក្រោយពេលមានសង្គ្រាមព្រំដែនកម្ពុជា-ថៃ សម្ទុះ​នៃ​ការ​គាំទ្រផលិតផលជាតិ ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែគាត់នៅមាន ការព្រួយ​បារម្ភ​ខ្លះដោយសាររយៈពេលចុងក្រោយនេះ ការគាំទ្រហាក់មានការថយចុះព្រោះ អ្នក​ខ្លះ​ទោះ​បី​ផលិត​ផល​មួយ​ចំនួនខ្មែរអាចផលិតបាន បែរជានៅនាំគ្នាគាំទ្រផលិតផលរបស់ថៃទៅវិញ។ គួរបញ្ជាក់ថា ជាមោទនភាពយ៉ាងខ្លាំង ដោយនារយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋ កម្ពុជា​ទាំង​ក្នុង​ និងក្រៅប្រទេស បានជួយគាំទ្រផលិតផលជាតិ ជាមួយនោះក្រសួងស្ថាប័នជាច្រើន​ក៏​បាន​បង្កើត​ព្រឹត្តិការណ៍មានការតាំងពិព័រណ៍ផលិតផលជាតិ ដើម្បីផ្សព្វផ្សាយឲ្យប្រជា ពលរដ្ឋ​ផ្សេង​ៗ​បានដឹង ដែលសកម្មភាពទាំងអស់នេះ ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នក ផលិត បង្កើន​ការ​ផលិតបន្ថែមទៀតផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

គ.ជ.ប នឹង​ទទួលបាន SERVERS សម្រាប់គ្រប់​គ្រង​ទិន្នន័យ​អ្នក​បោះឆ្នោត​ដ៏​មាន​សារ​សំខាន់​ពី​ជប៉ុន​

2026/02/18 03:12:40 pm        201
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា សម្ភារបរិក្ខារ បច្ចេក​ទេសប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់​ការ​គ្រប់​គ្រង​ទិន្នន័យ​អ្ន​ក​បោះ​ឆ្នោត​ដែល​ជប៉ុន​ផ្តល់​គឺ ​មានទំហំធំជាងមុន និងបច្ចេកវិទ្យាការរីកចំរើនជាងមុន។ ហើយ​បើ​មាន​បញ្ហា​យ៉ាង​ណា​នោះក៏គ.ជ.ប នៅតែគ្រប់គ្រងស្ថានការណ៍បាន ដោយសារ​ច្បាប់​ដើម​ត្រូវ​រក្សា​ទុកនៅ​ក្នុង​អង្គ​ចង​ចាំ​ប្រកប​ដោយសុវត្ថិភាព។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឱ្យដឹងថា ជប៉ុន តែងតែយកចិត្តទុកដាក់ក្នុងការ រួម​សហការជាមួយ គ.ជ.ប ក្នុងការផ្តល់ជាបច្ចេកទេស និងសម្ភារ ដើម្បីធានាថា ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក្នុងនោះអង់ចង់ចាំដែលជប៉ុនផ្តល់ឲ្យមកកម្ពុជា គឺ​ជា​ការ​បន្ត​និរន្តភាព នៃការរៀបចំបញ្ជីបោះឆ្នោតឲ្យកាន់តែប្រសើរ។ ដោយ​សារ​អង់​ចង​ចាំ​ដែល​ជប៉ុន​ផ្តល់​ឲ្យ​តាំង​ពីឆ្នាំ២០១៦ គឺផុតការធានារ៉ាប់រងទោះបីជាប្រើការបានក៏ដោយ។ ហើយ​ការ​បន្ត​ជួយ​របស់​ជប៉ុន​មាន​ទំហំធំជាងមុន និងបច្ចេកវិទ្យាក៏មានការរីកចំរើនជាងមុន។ឯកឧត្តម​បានបញ្ជាក់ថា ការប្រើប្រាស់អង្គចងចាំរក្សាទុកប្រកបដោយសុវត្ថិភាព ហើយកូពីស្ថាន ភាព​ដដែល​នេះយកមកប្រើប្រាស់ខាងក្រៅ ហើយបើមានការហេកយ៉ាងណានោះ ក៏គ.ជ.ប នៅ​តែ​គ្រប់​គ្រងស្ថានការណ៍បាន ដោយសារ​ច្បាប់​ដើម​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​អង់​ចង​ចាំ​ប្រកប​ដោយ​សុវត្ថិភាព​។សូមជម្រាបថា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋាភិបាលជប៉ុន នឹងផ្តល់ជំនួយសម្ភារបរិក្ខារ បច្ចេក​ទេស​ប្រព័ន្ធម៉ាស៊ីនមេ (SERVERS) សម្រាប់ការគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ដល់​គណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមអធិបតី​ភាព​ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​ក​ម្ពុជា និងឯកឧត្តម ប្រាជ្ញា ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅទីស្តីការ គ.ជ.ប៕ អត្ថបទ៖ វង្ស សុភាព

កម្ពុជាបង្ហាញលទ្ធផលអំពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែត ជូនអង្គទូតបរទេស​នានា​នៅ​កម្ពុជា

2026/02/18 02:57:56 pm        200
នៅថ្ងៃនេះ កម្ពុជាបង្ហាញពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតជូនអង្គទូតបរទេស ក្រោយ​ធ្វើ​ប្រតិបត្តិការបង្ក្រាបយ៉ាងសកម្មក្នុងរយៈពេលចុងក្រោយនេះ ជាមួយ​នឹង​ការ​ឃាត់​ខ្លួន​ជន​បរទេស​រាប់ពាន់នាក់។ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បាន​ធ្វើ​បទបង្ហាញ ស្តីពីយុទ្ធនាការប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណែតជូនអង្គទូតបរទេស ក្រោម​អធិបតី​ភាពលោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ និងឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី និងជាប្រធានលេខាធិការដ្ឋាន នៃ​គណៈកម្មការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអ៊ីនធឺណែត។ អង្គទូតដែលអញ្ជើញ​ចូល​រួម​មាន​ចំនួន​ ២៥អង្គទូត។ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន លេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្លាប់បានបញ្ជាក់ថា កម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ ដើម្បី​បន្ត​ធ្វើ​ការ​រួម​គ្នា​អនុវត្ត​ប្រតិបត្តិ​ការ​បង្ក្រាប ក្រុមឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាប្រកបដោយសង្គតិភាព សំដៅ​ធ្វើ​យ៉ាង​ណា​បំបែក​សម្បុក ក្រុមឧក្រិដ្ឋជនឱ្យដល់ឬសគល់។ សម្រាប់រាល់ករណីអំពើល្មើសដែលត្រូវបានស្រាវជ្រាវ កំណត់មុខសញ្ញា ជនសង្ស័យ ដោយ​ផ្អែក​តាម​របាយការណ៍ស្រាវជ្រាវច្បាស់លាស់ និងភស្តុតាងជាក់ស្តែង រហូតដល់នីតិវិធី បញ្ជូន​ដល់​ដៃ​តុលាការ​នេះ បានបង្ហាញពីភាពម៉ឺងម៉ាត់របស់សមត្ថកិច្ចកម្ពុជា ក្នុងការអនុវត្តច្បាប់ និងបទ បញ្ជា​ដែល​រាជ​រដ្ឋាភិបាលបានដាក់ចុះ ក្នុងក្របខណ្ឌនៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធ បច្ចេក​វិទ្យាទូទាំងប្រទេស។រាជរដ្ឋាភិបាលកម្ពុជា មានជំហររឹងមាំ និងជាក់លាក់ក្នុងការដាក់វិធានការបង្ក្រាប និងបោសសម្អាត ទីតាំង និងក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក៏ដូចជាការអនុវត្តនីតិវិធីលើមេក្លោង និង​គូកន​។ ទន្ទឹមនេះ កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស ជាដៃគូ ដើម្បីបន្ត​ធ្វើ​ការ​រួម​គ្នាអនុវត្តប្រតិបត្តិការបង្ក្រាបប្រកបដោយសង្គតិភាពសំដៅធ្វើយ៉ាង​ណា​បំបែក​សម្បុក​ក្រុម​ឧ​ក្រិដ្ឋ​ជន​ឱ្យដល់ឫសគល់៕ អត្ថបទ៖ វង្ស សុភាព

ក្រុមហ៊ុន អ័រគីដេ ចុះ MOU ជាមួយសាលា ប៊ែលធី អន្តរជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ជូនដល់អតិថិជនក្រុមហ៊ុនទាំងពីរ

2026/02/18 02:44:57 pm        135
ក្នុងទិវាថ្ងៃបុណ្យនៃក្តីស្រឡាញ់ ១៤ កុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងសាលា ប៊ែលធី អន្តរជាតិ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការល្អដោយផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនជូនដល់អតិថិជនបុរីអ័រគីដេ និងអ្នកអាណាព្យាបាលសិស្សនៃសាលា ប៊ែលធី អន្តរជាតិ។ ពិធីចុះហត្ថលេខាដ៏មានអត្ថន័យនេះ ធ្វើឡើងក្រោមវត្តមានរបស់ លោក គ្រួច សុភក្ត្រា នាយកចាត់ការទូទៅ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និងឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា នៃសាលា ប៊ែលធី អន្តរជាតិ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រោយចប់ពិធីចុះហត្ថលេខានេះ បានឱ្យដឹង ភាគីទាំងពីរ បានព្រមព្រៀងគ្នា ធ្វើកិច្ចសហប្រតិបត្តិការល្អ ដោយផ្តល់នូវការសម្របសម្រួល និងអត្ថប្រយោជន៍បន្ថែមទៅវិញទៅមកជូនដល់អតិថិជន នៃក្រុមហ៊ុនទាំងពីរ ដែលរួមមាន ១. ផ្តល់ជូនអតិថិជនគ្រប់គម្រោងបុរីអ័រគីដេទាំងអស់ នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន នូវអាហារូបករណ៍ ឬការបញ្ចុះតម្លៃរហូតដល់ ២0% សម្រាប់ការសិក្សានៅសាលា ប៊ែលធី អន្តរជាតិទី៣០ (សាខាអ័រគីដេ៦អា) ស្ថិតនៅក្នុងបុរី Orkide The Botanic City នេះផ្ទាល់ និងសាលា ប៊ែលធី អន្តរជាតិទី៣២ (សាខាក្រាំងធ្នង់) ដែលជាសាខាដែលនៅកៀកនឹងគម្រោងអ័រគីដេដឹពោធិ៍ចិនតុង។ ដែលការផ្តល់ជូននេះមានរយៈពេលវែងរហូតដល់ទៅ ៥ឆ្នាំសិក្សា។ និង២. ផ្តល់ជូនអ្នកអាណាព្យាបាលសិស្ស ឬបុគ្គលិករបស់សាលា ប៊ែលធី អន្តរជាតិទាំងអស់ នូវការបញ្ចុះតម្លៃពិសេសបន្ថែម ទៅលើការទិញផ្ទះ ឬបន្ទប់ខុនដូ ពីគ្រប់គម្រោងនៃក្រុមហ៊ុន Orkide Development។ រាល់លក្ខខណ្ឌនានាត្រូវបានអនុវត្ត។ លោក គ្រួច សុភក្ត្រា បានគូសបញ្ជាក់ថា រាល់គម្រោងបុរីអ័រគីដេទាំងអស់ មិនត្រឹមតែផ្តល់ជូននូវលំនៅដ្ឋានសម្រាប់រស់នៅប៉ុណ្ណោះទេ ក៏ផ្តល់ជូននូវសហគមន៍មួយប្រកបដោយផាសុកភាព សុវត្ថិភាព និងសុខដុមរមនា។ ជាក់ស្តែងនៅគម្រោង The Botanic City នេះផ្ទាល់ យើងនៅតែបន្តអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជា៖ មជ្ឈមណ្ឌលពហុកីឡា ដឹប៊ូតានិចស្ព័តក្លឹបដ៏ធំផ្តាច់គេ ដែលទើបតែបុកគ្រឹះសាងសង់កាលពីពេលថ្មីៗនេះ ដែលផ្តល់ជូននូវកីឡាចម្រុះ និងជាទីកន្លែងលំហែកម្សាន្តដ៏សម្បូរបែប។ ឯកឧត្តម លី ប៊ុនឆៃ បានមានប្រសាសន៍ថា សាលា ប៊ែលធី អន្តរជាតិ មាន ៣៣ទីតាំង និងកម្មវិធីសិក្សា ៥ធំៗ ត្រូវបានទទួលស្គាល់គុណភាពទាំងកម្រិតជាតិ និងអន្តរជាតិ។ ក្នុងនោះ សាលាទទួលបាន ISO កម្រិតជាតិពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងកម្រិតអន្តរជាតិពីស្ថាប័ន ACM និង UKAS នៃចក្រភពអង់គ្លេស និងស្ថានប័ន AXE Register នៃសហភាពអឺរ៉ុប ដោយបានរៀបចំបំពេញតាមលក្ខខណ្ឌរបស់ ISO គឺប៊ែលធីស្តង់ដារ ដែលមានគំរូឯកភាពគ្នាតែមួយសម្រាប់អនុវត្តដូចៗគ្នានៅគ្រប់ទីតាំងប៊ែលធីទាំងអស់ ដូចជាស្តង់ដារអគារ បន្ទប់រៀន កម្មវិធីសិក្សាធំៗទាំង៥ កម្មវិធីសិក្សាបន្ថែមទាំង១២ ព្រមទាំងគុណវុឌ្ឍគ្រូបង្រៀន។ សូមបញ្ជាក់ថា គម្រោង Orkide The Botanic City ជាសហគមន៍រស់នៅដ៏ធំមួយ ស្ថិតលើផ្ទៃដីសរុបជាង ២០០ហិចតា  អមដោយទន្លេសងខាងធំៗពីរ គឺទន្លេសាប និងទន្លេមេគង្គ។ គម្រោងនេះ ត្រូវបានបែងចែកជាច្រើនផ្នែកទៀត ដែលមានសក្តានុពលស្អាតដាច់គេ ធំជាងគេនៅក្នុងតំបន់ ដែលភ្ជាប់ជាមួយនឹងផ្លូវសាធារណៈសំខាន់ៗជាច្រើនខ្សែផងដែរ។ ជាពិសេស Orkide The Botanic City ក៏ជាគម្រោងបុរីតែមួយគត់ក្នុងខណ្ឌជ្រោយចង្វារ ដែលផ្តល់ជូននូវសួនច្បារធំទូលាយ និងសម្បូរបែប ផ្លូវដាច់ដោយឡែកសម្រាប់ជិះកង់ ដែលជាក្តីប្រាថ្នានៃការរស់នៅសម្រាប់គ្រួសារទំនើប និងបច្ចុប្បន្ន មានប្រជាពលរដ្ឋកំពុងរស់នៅក្នុងគម្រោងប្រមាណជាង ៣ ០០០គ្រួសារ៕អត្ថបទ៖ ឈិត បូរ៉ាវី

មួយឆ្នាំ២០២៥ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺជូនពលរដ្ឋមិនសម្រាកនៅមន្ទីរពេទ្យជាង ២៤ម៉ឺនករណី

2026/02/18 02:36:51 pm        166
ឆ្នាំ២០២៥កន្លងមកនេះ មនី្ទរពេទ្យកុមារជាតិ បានពិនិត្យ ពិគ្រោះជំងឺក្រៅ មាន ២៤៩,១២៦ករណីអ្នកជំងឺសម្រាកពេទ្យ មាន ៥៥,៤០៥ ករណី អត្រាប្រើប្រាស់គ្រែនៅមន្ទីរពេទ្យ ១៥២% ដោយមានគ្រែសម្រាប់អ្នកជំងឺ ៤០០ គ្រែ។ការលើកឡើងរបស់ឯកឧត្ដមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ យ៉ាងដូច្នេះ ក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅឆាំ្ន២០២៦ របស់មន្ទីរពេទ្យកុមារជាតិ ក្រោមអធិបតីភាពឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ ឯកឧត្តមវេជ្ជបណ្ឌិត នាយកមនី្ទរពេទ្យកុមារជាតិ បន្តថា តាមគំរោងផែនការសកម្មភាពឆ្នាំ២០២៥ របស់មន្ទីរពេទ្យកុមារជាតិ ដោយមានការគំាទ្រជាគោលនយោបាយ  និងយុទ្ធសាស្ត្រយ៉ាងពេញលេញពីក្រសួងសុខាភិបាលដៃគូរអភិវឌ្ឍនានារួមជាមួយ នឹងការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យកុមារជាតិ ទំាងមូលបានធ្វើអោយមន្ទីរពេទ្យកុមារជាតិ សម្រេចបាននូវសមិទ្ធផលមួយចំនួនគួរជាទីមោទនៈ និងសក្តិសមជា មន្ទីរពេទ្យថ្នាក់ជាតិ ក្នុងការចូលរួមគំាទ្របច្ចេកទេសដល់ មន្ទីរពេទ្យកុមារជាតិនានានៅទូទាំងប្រទេស និងចូលរួមក្នុងការកាត់បន្ថយអត្រាមរណៈភាពកុមារ ទារក បានសមស្រប ទៅតាមគោលដៅដែលបានកំណត់ដោយក្រសួងសុខាភិបាល និងដោយមានការប្តេជ្ញាចិត្តខ្ពស់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្រោមការដឹកនាំរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បញ្ជាក់ថា មន្ទីរពេទ្យកុមារជាតិ មានបុគ្គលិកសរុបចំនួន ៧៩៩នាក់ ក្នុងនេះអត្រាភេទស្រី មានច្រើនជាភេទ ប្រុស ដោយភេទស្រីមាន ៤៧៣នាក់ ស្មើ ៦០% ភេទប្រុស ៣២៦នាក់ ស្មើ ៤០%។ មន្ទីរពេទ្យនៅក្នុងឆ្នាំ២០២៥ ទទួលប្រភេទអ្នកជំងឺដែលប្រើប្រាស់ សេវាមន្ទីរពេទ្យរួមមាន៖ - បង់ថ្លៃ មានចំនួន៥៦% - ប្រើប្រាស់ ប.ស.ស មានចំនួន ២៦% - មូលនិធិសមធម៌ មានចំនួន១៧% - មិនបង់ថ្លៃ (គ្មានលទ្ធភាព)១%។ ដើម្បីចូលរួមឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល ក្នុងការលើកកំពស់គុណភាព លើវិស័យសុខាភិបាលរួមជាមួយ និងការគាំទ្រមិនចេះនឿយហត់ពីសំណាក់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ថ្នាក់ដឹកនាំព្រមទាំងបុគ្គលិកមន្ទីរពេទ្យកុមារជាតិទាំងអស់ សូមធ្វើការប្តេជ្ញាចិត្តយ៉ាងក្លៀវក្លាក្នុងការចូលរួមលើកកំពស់សេវារបស់មន្ទីរពេទ្យកុមារជាតិ ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសទៅលើ ក្រមសីសធម៌វិជ្ជាជីវៈដើម្បីពង្រឹងសេវា មន្ទីរពេទ្យកុមារជាតិ ឲ្យឈានទៅដល់កម្រិត បទដ្ឋានមួយដែលផ្តល់នូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា 

កម្ពុជា រក្សាកំណើនជើងហោះហើរទ្វេទិសជាង១០ភាគរយ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍

2026/02/18 02:36:27 pm        190
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ នៅ​ក្នុងខែមករា និងកុម្ភៈ ដើមឆ្នាំ២០២៦នេះ ទទួលកំណើនជើងយន្តហោះហើរចេញចូលកម្ពុជា ក្នុង​រង្វង់ជាង ១០ភាគរយ។ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់BTV ថ្ងៃ​ទី​១៨ ខែកុម្ភៈ នេះថា បច្ចុប្បន្ន គ្រប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិ ទាំង៣៦ ដែល​បា​នប្រតិបត្តិការបើកជើងហោះហើរចេញចូលកម្ពុជា មានស្ថិរភាព និងរក្សា​កំណើន​ជើង​ហោះ​ហើរ​បាន​ល្អប្រសើរក្នុងនោះ សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ TIA នៅរាជធានីភ្នំពេញ មាន​ជើង​យន្ត​ហោះហើរ ចេញចូលជិត១០០០ជើង អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ទទួល​ជើង​ហោះហើ​រទ្វេទិស ប្រមាណ៤០០ជើង និងខេត្តព្រះសីហនុ ប្រមាណ៧០ជើង។ឯកឧត្តម បានឱ្យដឹងបន្តថា ថ្មីៗនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចរចា និងព្រម ព្រៀង​ជា​មួយក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសអង់គ្លេស សហការ​ជាមួយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​នានាទៀត រួមគ្នាផ្សព្វផ្សាយលក់សំបុត្រយន្តហោះ ដឹកជញ្ជូនអ្នកដំណើរ និង​ទេសចរ​ពី​ប្រទេស​អង់គ្លេស​មកប្រទេសកម្ពុជា ។អ្នកដំណើរអន្តរជាតិ បានលើកឡើងថា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងអំឡុងពេលនេះ គឺ​ហាក់មានភាពមមាញឹកខ្លាំង ក្នុងការទទួលជើងហោះចេញចូល។ អ្នកដំណើរទាំងនោះ បាន​សន្យា​ថា​នឹង​ជួយផ្សព្វផ្សាយពីកម្ពុជា ដែលមានទីតាំងទស្សនាច្រើន ពិសេសទិសដៅវិនិយោគ និង​ទេសចរណ៍​នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តតាមដងទន្លេមេគង្គ ជា​ដើម​គឺមានសក្តានុពល និងមានសុវត្ថិភាពល្អប្រសើរ។របាយការណ៍រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងឆ្នាំ២០២៥ តាមអាកាសយដ្ឋាន អន្តរជាតិ​ធំៗទាំង៤នៅកម្ពុជា ទទួលបានអ្នកដំណើរអន្តរជាតិប្រមាណជិត៧លាននាក់ កើន១៣​ភាគ​រយ ចំនួនជើងហោះហើរទេ្វទិសចេញចូលកម្ពុជា មានប្រមាណជាង៥៨០០០ជើង កើនឡើង​១១​ភាគរយ បើប្រៀបធៀបរយៈដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា 

អ្នកនាំពាក្យ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជា ត្រូវបានទទួលស្គាល់ជាសាកលគឺកើតចេញពីការលះបង់របស់ថ្នាក់ដឹកនាំកម្ពុជា

2026/02/18 02:19:11 pm        221
ភ្នំពេញ៖ គុណតម្លៃសន្តិភាពរបស់កម្ពុជាដែលត្រូវបានទទួលស្គាល់ជាសាកល គឺ​បាន​កើត​ឡើង​ពី​កិច្ច​ខិត​ខំ​ប្រឹងប្រែង និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ពោលគឺកម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏រ៉ាំរ៉ៃដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះឈ្នះ​របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបាន​នាំ​មក​នូវសន្តិភាពពេញលេញ និងការផ្សះផ្សារ​បង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​ ៣​ទសវត្សរ៍​ចុង​ក្រោយ និងបន្តថែរក្សាសន្ដិភាពនេះដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី​បច្ចុប្បន្ន​។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានថ្លែង​តាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃ ក្រុម​ប្រឹក្សា​សន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នៅឯវិទ្យា​ស្ថាន​សន្តិភាព​សហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ​២០២៦​។ ឯកឧត្តម​បន្តថា កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើម​ជា​ផ្លូវការ​នៃ​អាណត្តិ​ការងារ​របស់​ក្រុម​ប្រឹក្សា​សន្តិភាព ​ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល​ត្រូវ​បាន​អនុម័ត​កាល​ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​រកការកសាងឡើងវិញនៃតំបន់ហ្គាហ្សា។ មេដឹកនាំ​ដែល​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ក៏​រំពឹង​ថា នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព ​និងការអភិវឌ្ឍក្នុងតំបន់ ក៏ដូច​ជា​ក្នុង​ពិភពលោក។សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏ធ្លាប់បានគូសបញ្ជាក់ថា ការចូលរួម​របស់​កម្ពុជា​ក្នុង​ក្រុម​ប្រឹក្សា​សន្តិភាព​គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជាក្នុងការគាំទ្រ និងរួមចំណែកដល់​ការ​លើក​កម្ពស់​ការ​រក្សា​សន្តិភាពសកលពីព្រោះកម្ពុជាមានសុឆន្ទៈ និងតែងតែប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ស្រឡាញ់​សន្តិភាព ហើយតែងតែគាំទ្រនិងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព​ជា​រៀង​រហូត​មក​ ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆ័ត្រ​អង្គការ​សហ​ប្រជាជា​តិ​ទៅ​បំពេញបេសកកម្មក្នុងបណ្តាប្រទេសមួយចំនួនដែលមានសង្រ្គាម។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ថា គុណត​ម្លៃ​សន្តិ​ភាព​របស់​កម្ពុជា​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សាកល​កើត​ឡើងពីកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេង​រប​ស់​ថ្នាក់​ដឹក​នាំ​នៃយើ​ង​ពោល​គឺ​កម្ពុជា​បាន​រក​ឃើញ​រូប​មន្ត​បញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ទសវត្សរ៍​តាម​រយៈ​នយោបាយ​ឈ្នះ​ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយ​បាន​នាំមកនូវសន្តិភាពពេញលេញ​និង​ការផ្សះផ្សា​រប​ង្រួប​បង្រួម​ជាតិ​ខ្មែរ​ក្នុង​រយៈ​ពេល​ជិត​៣ទសវត្សរ៍​ចុង​ក្រោយ។ កម្ពុជាក៏បានប្រើប្រាស់កាលានុវត្តភាពនៃសន្តិភាពដ៏កម្រនេះដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យងើបចេញពីគំនរ​ផេះផង់ ពីអន្លង់ឈាមនិងទឹកភ្នែក មកស្គាល់ការរីកចម្រើនក្នុងសម័យទំនើបដូចសព្វថ្ងៃ។ សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺជាអ្នកបន្ត​ឈរ​ការពារ​យ៉ាង​ប្តូរ​ផ្តាច់​នូវ​សន្តិភាពនិងចាត់ទុកសន្តិភាពជាអាទិភាពមច្បងបំផុតមួយរបស់រាជរដ្ឋាភិបាល។ អ្នក​នាំ​ពាក្យបន្តថា លើសពីនេះកម្ពុជាតែងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ក៏​ដូច​ជា​ក្នុងសាកលលោក ពោលគឺ ទីណាមានសកម្មភាពសន្តិភាព ទីនោះតែងតែមានការគាំទ្រ និង​កា​រ​ចូលរួមចំណែកពីកម្ពុជាដោយមិនចេះនឿយហត់។ នេះ​គឺជាហេតុផល​ដែល​ធ្វើ​ឱ្យពិភព​លោក​នឹក​ឃើញក​ម្ពុជាភ្លាមនៅពេលនិយាយពីសន្តិភាព។ ការអញ្ជើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមនាយករដ្ឋ​មន្ត្រី​កម្ពុជា​ឱ្យ​ចូល​ជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​សន្តិ​ភាព​ពី​សំណាក់​ឯក​ឧត្តមប្រធានាធិបតី ដូណាល់ត្រាំ និងការសម្រេចចូល​រួម​របស់​កម្ពុជា​តាម​ការ​អញ្ជើញ​នេះ គឺជាឧទាហរណ៍ជាក់ស្តែងដែលបញ្ជាក់​ពីការទទួល​ស្គាល់​គុណ​តម្លៃ​សន្តិភាព​របស់​កម្ពុជា​និង​សុឆន្ទៈ​មិន​ចេះរី​ងស្ងួតរបស់កម្ពុជាក្នុងបុព្វហតុសន្តិភាពសាកល។ បើតាមឯកឧត្តម ប៉ែន បូណា វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព​ពេលនេះនឹងធ្វើឱ្យគុណតម្លៃសន្តិភាព​របស់​កម្ពុជា​ត្រូវ​បានព​ង្រឹង និងពង្រីកថែមទៀតនៅលើឆាកអន្តរជាតិ។ ពិភពលោកនឹង​សម្លឹង​មើល​កម្ពុជា​កាន់​តែ​ស៊ី​ជម្រៅថា​ ជាប្រទេសដែលមានឆន្ទៈស្រឡាញ់និងការពារសន្តិភាពយ៉ាងពិតប្រាកដ។ បន្ថែម​ពី​លើ​នេះ កម្ពុជាក៏ជាប្រទេសដែលការពារច្បាប់​អន្តរជាតិ​យ៉ាងសកម្មតាម​រយៈ​ការ​បើក​ចំហ​យ៉ាង​ទូលំ​ទូលាយក្នុងដំណោះស្រាយបញ្ហាព្រំដែនដោយគោរពយ៉ាងម៉ឺងម៉ាត់និងស្មោះត្រង់នូវអនុសញ្ញា សន្ធិ​សញ្ញា គោលការណ៍ និងច្បាប់អន្តរជាតិ។ឯកឧត្តមបន្តថា ជាក់ស្តែង លិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២៦ ដើម្បី​សុំឱ្យបារាំងពិចារណាផ្តល់ការប្រឹក្សាយោបល់ និងសម្រប​សម្រួល​ដល់​ការ​ប្រគល់​និង​ទទួល​ឯក​សារ​ប្រវត្តិសាស្ត្រ និងបច្ចេកទេសពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជាថៃ សបញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​គោរព ​និងផ្តល់តម្លៃដល់ច្បាប់អន្តរជាតិ និងការចង់បាន​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី​របស់​កម្ពុជា​។ អ្នកនាំពា​ក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់​សន្តិភាព​និង​គោរព​ច្បាប់​អន្តរជាតិ កម្ពុជានៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់​ចំណុច​នៃ​សេចក្តី​ប្រកាស​រួម​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលមានស្រាប់។ កម្ពុជា​ប្រកាន់​ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍​ខ្សែ​ព្រំដែន​មិន​កែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រម​ទាំង​កិច្ចព្រមព្រៀង និងឯកសារពា​ក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នា​ពេល​កន្លង​មក​។ កម្ពុជាមិន​ទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែន​ណាមួយ​ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំងនោះឡើយ៕

សភាកម្ពុជា ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើនក្នុងឆ្នាំ២០២៦នេះ ដើម្បីពង្រឹងឥទ្ធិពល «ការទូតសភា» លើឆាកតំបន់ និងសកលលោក

2026/02/18 02:08:35 pm        213
ភ្នំពេញ៖ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីត្រៀមរៀបចំការងារបច្ចេកទេសនិងខ្លឹមសារ ក្នុងគោលដៅបម្រើសេវាកម្មជូនថ្នាក់ដឹកនាំ និងតំណាងរាស្ត្រត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន ក៏ដូចជាការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនទៀត ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦នេះ។កិច្ចប្រជុំដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និង ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការ និងជានាយកខុទ្ទកាល័យសម្ដេចប្រធានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដើម្បីពិនិត្យលើប្រតិទិនការងារ និងខ្លឹមសារនយោបាយសំខាន់ៗ។យោងតាមប្រតិទិនការងាររបស់អន្តរសភាអាស៊ាន (AIPA) សភាកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចនូវ   "ទស្សនទានគន្លឹះ" ដើម្បីធ្វើវិភាគទានដល់ការសម្រេចបាន នូវសុខដុមនីយកម្ម និងការរីកចម្រើនក្នុងគ្រួសារអាស៊ាន ដោយផ្ដោតលើការទាញយកផល ប្រយោជន៍ជាអតិបរមាពីយន្តការការទូតសភា ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។ បន្ថែមលើនេះ ក្នុងឆ្នាំ២០២៦ កម្ពុជានឹងបំពេញតួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ការទូតកម្រិតខ្ពស់ជាបន្តបន្ទាប់ រួមមានសិក្ខាសាលាថ្នាក់ជាតិស្ដីពីអាកាសធាតុ ក្រោមការគាំទ្រពីលេខាធិការដ្ឋានអាស៊ាន និងអង្គការ Tara Climate ដើម្បីជំរុញដំណោះស្រាយលើបញ្ហាបរិស្ថានសកល។ទន្ទឹមនឹងនេះ កម្ពុជានឹងរៀបចំកិច្ចប្រជុំស្ដីពីក្របខណ្ឌអាហារូបត្ថម្ភ ដែលជាយន្តការតំបន់ដ៏សំខាន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាសន្តិសុខស្បៀង និងសុខុមាលភាព រួមទាំងការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) ដែលជាវេទិកាកម្រិតសកលសម្រាប់ថ្នាក់ដឹកនាំសភាជុំវិញពិភពលោក ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល និងការពង្រឹងសន្តិភាព។ ជាមួយគ្នានេះ វេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្ដីពីសុខភាពពិភពលោក ក៏នឹងត្រូវរៀបចំឡើងក្នុងគោលបំណងកសាងឆន្ទៈនយោបាយ និងពង្រឹងសមត្ថភាពសមាជិកសភាក្នុងវិស័យសុខាភិបាលផងដែរ។ស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ស្ថិតក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននិងកំពុងបង្ហាញនូវសមត្ថភាពដឹកនាំដ៏លេចធ្លោក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការប្រកាន់ខ្ជាប់នូវយន្តការច្បាប់ អន្តរជាតិ និងការចែករំលែកឧត្តមានុវត្តន៍ កម្ពុជាបានបញ្ជាក់ ពីចេតនាពិតប្រាកដក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងលទ្ធិប្រជាធិបតេយ្យ។គួរបញ្ជាក់ថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃអាយប៉ា (AIPA) តាំងពីឆ្នាំ១៩៩៩ និងធ្លាប់បានធ្វើជាម្ចាស់ផ្ទះមហាសន្និបាតចំនួន ៣លើករួចមកហើយ។ សម្រាប់ប្រតិទិនការងារឆ្នាំ២០២៦នេះ សភាកម្ពុជាបានត្រៀមលក្ខណៈក្នុងកម្មវិធីសរុបចំនួន ៣២ ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥ ឱ្យសម្រេចបាននូវលទ្ធផលជាផ្លែផ្កាជូនជាតិមាតុភូមិ៕

ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

2026/02/18 01:24:10 pm        196
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។ គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុនក្នុងទំហំទឹកប្រាក់ប្រមាណជា ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឲ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារ មុខរបរនិងការងារ និងសេវាកម្មជំនាញ។ សកម្មភាពសំខាន់ៗក្នុងគម្រោងរួមមាន៖ ការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន ដូចជា៖ ខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់។ គម្រោងនេះក៏នឹងគាំទ្រដល់ការឆ្លើយតបផ្នែកការងារ តាមរយៈការពិគ្រោះយោបល់ជាមួយនិយោជក និងអង្គការវិជ្ជាជីវៈកម្មករនិយោជិត ពិព័រណ៍ការងារនៅកម្រិតឃុំ/សង្កាត់ និងយុទ្ធនាការលើកកម្ពស់ការយល់ដឹងតាមគោលដៅ ជាពិសេសនៅក្នុងវិស័យប្រើប្រាស់កម្លាំងពលកម្មច្រើន ដូចជា៖ វិស័យកាត់ដេរ សំណង់ និងផលិតកម្ម។ ការពង្រឹងជំនាញ និងរៀនជំនាញថ្មីតាមតម្រូវការទីផ្សារ ក៏នឹងត្រូវអនុវត្តផងដែរ តាមរយៈវគ្គបណ្តុះបណ្តាលខ្លីៗ ការទទួលស្គាល់ជំនាញមានពីមុន (RPL) ការបណ្តុះបណ្តាលសមត្ថភាពរកការងារ និងសហគ្រិនភាព ព្រមទាំងការពង្រឹងប្រព័ន្ធថ្នាក់ជាតិ ដើម្បីធានាការធ្វើសមាហរណកម្មឡើងវិញដោយចីរភាពទៅក្នុងប្រព័ន្ធការងារសមរម្យ។នាឱកាសនោះ ឯកឧត្ដម អ៊ូអិណុ បានមានប្រសាសន៍ថា ប្រទេសជប៉ុនមានមោទនភាពក្នុងការគាំទ្រកម្ពុជា និង ILO ក្នុងការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ពលករដែលត្រឡប់មកវិញ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះសន្តិសុខមនុស្សជាតិ និងស្ថិរភាពតំបន់។ គម្រោងនេះបញ្ជាក់ឡើងវិញពីភាពជាដៃគូយូរអង្វែងរវាងជប៉ុន និងកម្ពុជា ក៏ដូចជាការគាំទ្ររបស់ជប៉ុនចំពោះទីផ្សារការងារដែលរួមបញ្ចូល និងមានភាពធន់។ទន្ទឹមនឹងនេះ ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឲ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ គម្រោងនេះស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារការងាររយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរនិងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព ដើម្បីជួយឲ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។ជាមួយនឹងការថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសជប៉ុន ដែលជួយស្តារកិត្តិយស ជីវភាពរស់នៅ និងការទទួលបានការងារសមរម្យសម្រាប់អតីតពលករ លោកស្រី ស៊ាវយៀន ឈាន បានលើកឡើងថា គម្រោងនេះជួយពង្រឹងប្រព័ន្ធសមាហរណកម្មថ្នាក់ជាតិ ដោយតភ្ជាប់ការទទួលស្គាល់ជំនាញ ការផ្គូផ្គងការងារ និងការការពារសង្គម ដោយធានាថា អតីពលករចំណាកស្រុកត្រូវបានគាំទ្រប្រកបដោយប្រសិទ្ធភាព។ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលជប៉ុនដែលបានគាំទ្រ និងបង្កើនគម្រោងនេះឡើងតាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណដល់ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថា អតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឲ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM