សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត

ព័ត៌មានជាតិ

ឆ្នាំ២០២៥ ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា មានទុនសរុបប្រមាណជិត ៥ ១០០ លានដុល្លារ

2026/02/18 10:48:51 am        139
ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា នៅក្នុងឆ្នាំ២០២៥ មានទំហំទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក ដោយក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានភាពលេចធ្លោ ឈរក្នុងលំដាប់ទី១ ខណៈការវិនិយោគផ្នែកហិរញ្ញវត្ថុ ស្ថិតក្នុងលំដាប់ទី២។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍វិនិយោគនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក មានកំណើនកើនឡើង ១៦ ភាគរយ បើធៀបទៅនិងឆ្នាំ ២០២៤ ក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានជាង ៦៩ ភាគរយ, វិស័យហិរញ្ញវត្ថុ ជិត ១២ ភាគរយ, សំណង់ ជាង ៦ ភាគរយ, ថាមពលជាង ៣ ភាគរយ, កសិកម្ម ជិត ៣ ភាគរយ, សណ្ឋាគារនិងការកម្សាន្ត ជាង ២ ភាគរយ, អចលទ្រព្យ ២ ភាគរយ, និងការវិនិយោគលើវិស័យផ្សេងៗមានជាង ៣ ភាគរយ។ចំណែកវិនិយោគិនបរទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជា មានសមាមាត្រច្រើនជាងគេរួមមាន៖ វិនិយោគិនមកពីប្រទេសចិន មានទុនវិនិយោគ សរុបជាង ៣ ៧០០ លានដុល្លារ ស្មើប្រមាណជិត ៧៤ ភាគរយ, សឹង្ហបុរី មានចំនួន ៣៤៧ លានដុល្លារ ស្មើជិត ៧ ភាគរយ, កាណាដា ២៣០ លានដុល្លារ ស្មើជាង ៥ ភាគរយ, ម៉ាឡេស៊ី ១៧៤ លានដុល្លារ ស្មើជាង ៣ ភាគរយ, កូរ៉េខាងត្បូង ១៦៥ លានដុល្លារ ស្មើជាង ៣ ភាគរយ និងមានបណ្តាវិនិយោគមកពីប្រទេសផ្សេងៗជាច្រើនទៀត។ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងបំណាច់ឆ្នាំ ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៦៣០ មានទំហំទុនវិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនិងឆ្នាំ២០២៤ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤៣ គម្រោង៕អត្ថបទ៖ សុន រ៉ាឌី

ស្ពានហាលខាងកើតប្រាសាទបេងមាលា និងចម្លាក់បង្កាន់ដៃនាគ មានភាពរឹងមាំ និងមានសោភ័ណភាពគួរឱ្យទាក់ទាញ ក្រោយពេលអ្នកជំនាញការនៃអាជ្ញាធរជាតិអប្សរាបានជួសជុល និងពង្រឹងឡើងវិញ

2026/02/18 10:31:38 am        145
ក្រោយចំណាយពេលច្រើនខែ ដើម្បីជួសជុលស្ពានហាលខាងកើត រួមនិងបង្កាន់ដៃ ចម្លាក់នាគសងខាងចំនួន៤កម្រាល ធ្នឹម និងសសរនៃប្រាសាទបេងមាលា ត្រូវបានជួសជុលសង្គ្រោះ និងយកទៅដាក់នៅទីតាំងដើម ហើយរន្ធតាដេវក៏អាចឱ្យទឹកហូរឆ្លងកាត់ឡើងវិញ។ បច្ចុប្បន្ន ស្ពានហាលនេះសាធារណជនអាចមើលឃើញពីរចនាសម្ពន្ធយ៉ាងពេញលេញ ជាពិសេសចម្លាក់នាគទាំងសងខាងឈរយាមស្ពានយ៉ាងអង់អាច និងរឹងមាំ ដែលទិដ្ឋភាពនេះបានបាត់បង់ជាច្រើនរយឆ្នាំកន្លងមកហើយ ដោយសារតែរងការខូចខាត និងទ្រុឌទ្រោមស្ទើរតែបាត់រូបរាង។លោក ឮ ចាន់ណូរ៉ា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ស្ពានហាលប្រាសាទបេងមាលាដែលបានរងការខូចខាត និងទ្រុឌទ្រោមជាខ្លាំងស្ទើរតែបាត់រូបរាង បានប្រែក្លាយជាមានភាពរឹងមាំ និងសោភ័ណភាពគួរជាទីមោទនៈ។ អ្នកជំនាញរូបនេះបញ្ជាក់ថា ក្រោយពេលជួសជុលស្ពានហាលនេះ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ថែទាំត្រួតពិនិត្យជាប្រចាំ សម្អាតស្មៅ ឬរុក្ខជាតិ ចៀសវាងការបង្កការខូចខាតដល់រចនាសម្ពន្ធស្ពានហាលជាបន្តទៀត។ ក្រុមការងារបានបង្ហាញការសប្បាយរីករាយក្នុងការរួមចំណែកជួសជុលមរតកដូនតា ជាប្រវត្តិសាស្ត្រមួយថ្មី និងបានទាក់ទាញទេសចរមកទស្សនាប្រាសាទបេងមាលាបន្ថែមទៀត។សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា ក្នុងដំណាក់កាលទី១ មានប្រវែងបណ្តោយ១០០ម៉ែត្រ ទទឹង១៣ម៉ែត្រ ដែលជាកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ក្រោមការឧបត្ថម្ភដោយមូលនិធិពិសេសមេគង្គ-ឡានឆាង នៃសាធារណរដ្ឋប្រជាមានិតចិន៕ ប្រភព៖អាជ្ញាធរអប្សរា

សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់​ជូន​វីរកងទ័ព​នៅ​សមរភូមិមុខ

2026/02/17 05:19:09 pm        333
សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​និងជាព្រះគ្រូចៅអធិការវត្តច័ន្ទបុរីវង្ស និងសប្បុរសជននានា បានរៀបចំ​អំណោយ​ផ្ដល់​ជូន​វីរ​ក​​ងទ័ព កំពុងឈរការពារបូរណភាពទឹកដីនៅទិសថ្មដា ភូមិភាគ៥។សម្រាប់អំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមមានថវិកា ១០​លាន​រៀល​ដែល​ជា​បច្ច័យ​របស់​សម្តេចព្រះគ្រូចៅអធិការ, អង្ករមួយតោន, ទឹកក្រូច ១០កេស, មី ៥កេសធំ, ត្រីខ ៤កេស, សាប៊ូ ៥បាវធំ, ទឹកសុទ្ធ ៥០០កេស, អំបិល ១បាវធំ (៥០គីឡូក្រាម), ទឹកត្រី ១០យួរ, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកម្ទេស ២កេសធំ, សៀង ១កេសធំ, នំទ្រៀបបាយ ៣កេស, ថ្នាំផ្ដាសាយ ១កេស, ថ្នាំឈឺបំពង់ក ១កេស និងពងទាប្រៃ ១ពាន់គ្រាប់ ។សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលថា ការនាំ​យក​អំណោយ​ផ្ដល់​ជូន​ដល់​វីរ​កង​ទ័ពជាបន្តបន្ទាប់នេះ គឺបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តទៅដល់វីរកងទ័ព ដែល​កំពុង​ឈរ​ការ​ពារ​បូរណភាពទឹកដី និងបានបង្ហាញពីកម្លាំងសាមគ្គីជាតិខ្មែរ ប្រឆាំងទៅនឹងអំពើឈ្លានពាន។ជាមួយនេះ សម្ដេចព្រះសង្ឃនាយករងទី១ មានព្រះបន្ទួលបន្តថា បានបង្ហាញនូវជំនឿមុតមាំ ចំពោះ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព​ នៅរដ្ឋធានីវ៉ស៊ីនតោន សហរដ្ឋអាមេរិក នឹងមានជំនួបជាមួយ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ដូណាល់ត្រាំ ក្នុងការស្ដារសន្តិភាពនៅកម្ពុជាឡើងវិញ ធ្វើប្រទេស​កម្ពុជា​មាន​ភាព​សុខសាន្ត​បញ្ចប់នូវសង្គ្រាមព្រំដែន ។ក្នុងឱកាសនេះ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក មានព្រះបន្ទួលបួងសួង ដល់គុណ​ព្រះរតនត្រៃ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងវត្ថុសក្តិសិទ្ធក្នុងលោក ជួយ​បី​បាច់​ថែ​រក្សា​ប្រទេស​កម្ពុជា ថ្នាក់ដឹកនាំ ប្រជាជន និងវីរកងទ័ពកម្ពុជា ជួបតែសេចក្តីសុខសេចក្តីចម្រើន និង​បន្ត​រស់​នៅក្នុងសន្តិភាពរហូតទៅ។តំណាងវីរកងទ័ពនៅទិសថ្មដា បានសម្ដែងនូវក្តីដឹងគុណ និងអរព្រះគុណ​ដល់​សម្ដេច​ព្រះ​ពោធិ​វ័ង្ស​ ណយ ច្រឹក និងសប្បុរសជននានា ដែលតែងផ្ដល់ជំនួយគ្រឿងឧបភោគបរិភោគ និងសម្ភារ​ផ្សេង​ៗ​ជា​ហូរហែរ ជាមួយនឹងការលើក​ទឹកចិត្ត​ដល់វី​រ​កង​ទ័ពក្នុង​​បុព្វ​ហេតុ​ការពារបូរណភាពទឹកដី ហើយនេះគឺជាកម្លាំងចិត្តដល់ធំក្រៃលែង សម្រាប់កងទ័ពទាំងអស់ ។គួរបញ្ជាក់ថា ជាបន្តបន្ទាប់ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក រួមទាំង​គណៈ​សង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រកម្ពុជា និងសប្បុរសជន តែងតែនាំយកស្បៀងអាហារ និងសម្ភារ​ប្រើ​ប្រាស់​ផ្សេងៗទៅផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ និងអ្នកភៀសសឹក ដើម្បីបង្ហាញ​ពី​ការ​ចូល​រួម​ជា​មួយ​រាជរដ្ឋាភិបាល ទឹកចិត្តស្នេហារជាតិ សាមគ្គីជាតិ និងការពារទឹកដីឲ្យបានគង់វង់៕

រដ្ឋបាលស្រុកអន្លង់វែង បង្កើនការដាំដុះក្នុងសួនកសិដ្ឋានជនភៀសសឹក ដើម្បីពង្រឹងភាពធន់ក្នុងសហគមន៍

2026/02/17 05:11:40 pm        155
ក្រោយពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រដ្ឋបាលខេត្តឧត្តរមានជ័យបានជំរុញចលនាដាំដុះបន្លែនៅតាមជំរំដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកប្រចាំថ្ងៃ ដោយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ កសិដ្ឋានបន្លែជនភៀសសឹកស្រុកអន្លង់វែងជាង ១ហិចតា ចាប់ផ្តើមប្រមូលផល និងបន្តបណ្ដុះម្ទេស ១៥០០ដើមបន្ថែមទៀត ដើម្បីបំពេញតម្រូវការឱ្យកាន់តែសំបូរបែប។ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលជាផ្លែផ្កាជូនដល់ប្រជាពលរដ្ឋយើង៕

ជប៉ុនផ្តល់ថវិកាជាង ៣១ម៉ឺនដុល្លារ​អាមេរិក​សម្រាប់​ការ​លើក​កម្ពស់​ប្រព័ន្ធ​ថែ​ទាំ​វះ​កាត់​តាម​សហគមន៍​នៅ​ក្នុង​ខេត្តក្រចេះ

2026/02/17 04:20:47 pm        290
រដ្ឋាភិបាលជប៉ុន នឹងផ្តល់ថវិកាសរុបចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក ដល់​អង្គភាព​ទទួល​ជំនួយ​ចំនួន ​មួយក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ កិច្ច​សន្យា​ផ្តល់ជំនួយ​ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះដោយឯកឧត្តម អ៊ូអិណ អាត់ស៊ូស៊ី ឯកអគ្គ​រាជ​ទូត​វិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នក​តំណាង​ស្ថាប័ន​ទទួលជំនួយសម្រាប់ អនុវត្តគម្រោងខាងក្រោម៖“គម្រោងពង្រឹង​ និងពង្រីកការថែទាំវះកាត់ នៅក្នុងតំបន់ភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា” (ថវិកា​ចំនួន ៣១៦,៤៨៤ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ អង្គការ​មូល​និធិ​សម្រាប់​ការ​អភិវឌ្ឍ​ និងជំនួយសង្គ្រោះអន្តរជាតិ (FIDR)។ គម្រោង​នេះ​មានគោលបំណង​លើ​ក​កម្ពស់​ប្រព័ន្ធ​ថែ​ទាំ​វះកាត់តាមសហគមន៍ នៅក្នុងខេត្តក្រចេះ ដែល អាចឱ្យអ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបា​ល​វះ​កាត់ទាន់ពេលវេលា និងសមស្រប។ ចំនុចសំខាន់ៗរបស់គម្រោងរួម មានការពង្រឹងជំនាញ​របស់​បុគ្គលិក​ពេទ្យ ការជំរុញកិច្ចសហប្រតិបត្តិការក្នុងចំណោមកន្លែងថែទាំសុខភាពក្នុង ស្រុក និង​ការ​តម្លើង​ឧបករណ៍វះកាត់នៅមន្ទីរពេទ្យខេត្តក្រចេះ។ជំនួយឥត​សំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេស​កម្ពុជា​តាំង​ពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិត​ខំ​ប្រឹង​ប្រែង ​ដើម្បីជួយដល់ ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ ចាប់​តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ៦០លានដុល្លារអាមេរិក ដល់​គម្រោង​ចំនួន ១៧០ ដែលផ្តោតសំខាន់ទៅលើវិស័យ អប់រំនៅកម្រិតបឋមសិក្សា វិស័យ​សុខាភិបាល ​វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា៕

ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ៖ តម្រូវការផ្គត់ផ្គង់ជ្រូករស់ក្នុងឱកាសចូលឆ្នាំចិន-វៀតណាម​នឹង​ហក់​​ឡើង​​ដល់ ១,២ម៉ឺនក្បាលក្នុងមួយថ្ងៃ

2026/02/17 04:03:18 pm        376
នៅក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ក្នុងឆ្នាំនេះ តម្រូវការផ្គត់ផ្គង់ជ្រូករស់លើទីផ្សារ នឹងហក់ឡើងពីប្រមាណ ១ម៉ឺនដល់ ១,២ពាន់ក្បាលក្នុងមួយថ្ងៃ កើនឡើងប្រមាណ ២០ភាគរយ ខណៈ​ដែលតម្លៃសាច់ជ្រូកនៅលើទីផ្សារ នឹងអាចហក់ឡើងបន្តិចបន្ទូច បើធៀបទៅនិងថ្ងៃធម្មតា។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បាន​ថ្លែង​ប្រាប់​ភ្នាក់ងារ​អ្នក​យក​ព័ត៌មាន ​ស្តីពីកា​រចិញ្ចឹម និងការផ្គត់ផ្គង់ជ្រូករស់ មាន់ និង​ការ​ផ្គត់ផ្គង់​សាច់​នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពី​ណៃចិន-វៀតណាម នេះថា ជុំវិញមុខរបរចិញ្ចឹមសត្វឃើញថា នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការចិញ្ចឹមជ្រូកមានការវិវត្តន៍រីកចម្រើនយ៉ាងខ្លាំង ក្នុង​នោះ​ក្រៅ​ពី​ការ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមបែបឧស្សាហកម្មជាច្រើនកន្លែង ប្រកប​ដោយ​ស្តង់​ដារ ឆ្លើយតបដល់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។លោកបន្តថា ចំពោះការផ្គត់ជ្រូករស់ និងសាច់ជ្រូកលើទីផ្សារវិញឃើញថា នៅប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្ពុជាបានផ្គត់ផ្គង់តម្រូវ សាច់លើទីផ្សារ ជាពិសេសសាច់ជ្រូក និងមាន់ជាដើម បាន​ឆ្លើយ​តប​គ្រប់​គ្រាន់​ទៅ​និងតម្រូវការទីផ្សារ គឺបានជំនួសការនាំចូលទាំងស្រុង ជាក់ស្តែងការ​ផ្គត់​ផ្គង់​ជ្រូក​រស់​ថ្ងៃ​ធម្មតា​ មានតម្រូវការក្នុងរង្វង់ ៩ពាន់ទៅ ១ម៉ឺនក្បាល ដោយ​ឡែក​នៅ​ក្នុង​រដូវ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី ចិន និងវៀតណាម នៅក្នុងឆ្នាំ២០២៦ តម្រូវការជ្រូករស់អាចហក់ឡើងពី ១ ម៉ឺន ដល់ ១,២ ម៉ឺនក្បាល ចំណែកតម្លៃសាច់នៅលើទីផ្សារ អាចប្រែប្រួលបន្តិចបន្ទួច ស្រប​ពេល​តម្លៃ​មាន់​កសិកម្ម ​លក់ទៅឱ្យឈ្មួញកណ្តាល (មាន់រស់) បានធ្លាក់ថ្លៃយ៉ាងគំហុក ដោយក្នុង១គីឡូ ក្រាម មាន​តម្លៃមិ​នដល់ ៤ ពាន់រៀលនោះឡើយ។ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គ​នាយក​ដ្ឋាន​សុខភាព​សត្វ និងផលិតកម្មសត្វ លើកឡើងឱ្យដឹងក្នុងពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៥, កម្ពុជា​មាន​សត្វសរុបចំនួនជិត ៦៩ លានក្បាល ក្នុងនោះជ្រូកមានចំនួនជាង ៤,៦ លានក្បាល កើន​ឡើង​ជាង ១៤% ធៀបនឹងឆ្នាំ២០២៤ ចំណែកបក្សី មានចំនួនជិត ៦១ លានក្បាល ថយចុះ ១,៣% ធៀបនឹង ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ កម្ពុជាអាចផ្គត់ផ្គង់សាច់បានចំនួន ៩៨% ស្មើនឹង ៣៣១ ពាន់តោន ដែលតម្រូវការជាក់ស្តែងចំនួន ៣៣៨ ពាន់តោន។ តាមការគណនាតម្លៃសត្វ និង​ផលិត​ផលសត្វនេះ មានតម្លៃប្រមាណជា ១ ៨០៦ លានដុល្លារ ក្នុងនោះតម្លៃផលិតផលសត្វ នៅ​សត្តឃាតដ្ឋាន ប្រមាណជា ១ ៣៦០ លានដុល្លា ស៊ុតបក្សី និងទឹកដោះប្រមាណជា ២០៣ លាន​ដុល្លារ និងបាននាំចេញសត្វ និង ផលិតផលសត្វបានប្រមាណជា ២៤៣ លានដុល្លារ៕ អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារកំពុងបន្តផ្សព្វផ្សាយឱកាសការងារដល់ពលរដ្ឋនៅតាមខេត្ត ខណៈ​បាន​ធ្វើ​ជិត​៦០០​លើក​ហើយ

2026/02/17 03:46:07 pm        266
គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាន​រៀប​ចំ​វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ៥៩៣លើក ដោយ​បាន​នាំយក​ឱកាស​ការងារ​ជាច្រើន​កន្លែង​ផ្សព្វ​ផ្សាយ​ជូន​ដោយ​ផ្ទាល់​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ និងអ្នកស្វែងរកការងារធ្វើ ខណៈនៅឆ្នាំនេះក្រសួ​ង​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ឱកាស​ការងារ​ដល់​ពលរដ្ឋនៅតាមមូដ្ឋានបណ្ដាខេត្តជាបន្តបន្ទាប់ទៀត។អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកា​ការងារ ​សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំ​ឡើង​ជា​រៀង​រាល់​ចុង​សប្តាហ៍​នៅ​ទូទាំងប្រ​ទេស ក្រោមប្រធានបទ «ខ្មែរជួយរកការងារឱ្យខ្មែរ ខ្មែរផ្តល់ការងារឱ្យខ្មែរ» ដែល​ជា​យន្ត​ការ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​ការងារ​ក្នុង​ស្រុក​ដល់​អតីត​ពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​អ្នកស្វែងរកការងារ ក៏ដូចជាយុវជនដែលត្រូវការរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ក្នុងឱកាសចុះផ្សព្វផ្សាយការងារ និងអត្ថប្រយោជន៍ផ្សេងៗជូនដល់ប្រជាពលរដ្ឋ និងអតីត​ពលករ​នៅ​ខេត្ត​ក្រចេះ កាលពីសប្តាហ៍កន្លងទៅ ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និង​បណ្តុះ​បណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការងារ គឺជាជីវិត ហើយការជ្រើស​រើស​ការងារ​ក្នុង​ស្រុក ​គឺជាជម្រើសដ៏ល្អបំផុត ដែលប្រកបដោយសុវត្ថិភាព សុខុមាលភាព ទទួល​បាន​ការ​គាំពារ​ពី​រាជ​រដ្ឋាភិបាល ការគោរពសិទ្ធិ ការទទួលបានអត្ថប្រយោជន៍ផ្សេងៗ គ្មានការរើសអើង បាន​នៅ​ជិត​ក្រុម​គ្រួសារ ងាយស្រួលធ្វើដំណើរទៅមកស្រុកកំណើតជាដើម ពោលគឺប្រសើរ​ជាង​ការ​​ងា​រ​នៅ​ក្រៅ​ប្រទេស​ដែលទទួលប្រាក់ចំណូលប្រហាក់ប្រហែលគ្នា។ ឯកឧត្តម​ បានបន្តថា ក្រៅពីទទួលបានការងារធ្វើ កម្មករនិយោជិតនឹងក្លាយជាសមាជិក ប.ស.ស. ដែល​ទទួលបានអត្ថប្រយោជន៍សំខាន់ៗជាច្រើន ដូចជា ការពិនិត្យ​ និង​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ដៃ​គូ​របស់ ប.ស.ស. ដោយឥតគិតថ្លៃ ហើយប្រសិនបើមានគ្រោះថ្នាក់ការងារ ពលរដ្ឋ​ដែល​ជា​សមាជិក ​ប.ស.ស. នឹងទទួលបានការការពារ និងតាវកាលិក (អត្ថប្រយោជន៍) ពី ប.ស.ស.។ ម្យ៉ាង​ទៀត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ជរា សម្រាប់​ធានា​ប្រាក់​ចំណូល​ដូច​មន្ត្រី​រាជ​ការដែរ។ឯកឧត្តម ម៉ុល វិបុល ក៏បានលើកទឹកចិត្ត​ឱ្យ​យុវជន​ចុះឈ្មោះចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​បច្ចេក​ទេស ​និងវិជ្ជាជីវៈ (TVET 1.5M) ដែលជាការយក​ចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ក្នុងគោលដៅកសាងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឱ្យកាន់តែរឹងមាំ។ បន្ថែមពី​លើនេះ គឺដើម្បីជួយបង្កើនសមត្ថភាពក្នុងរយៈពេលខ្លី និងងាយស្រួល​ទទួល​បាន​ឱកាស​ការងារ ​ជាមួយនឹងប្រាក់ចំណូលសមរម្យនាពេលអនាគត។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអំពាវ​នាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​មាន​បំណង​ចង់​ស្វែងរកការងារ ជាពិសេសអតីតពលករដែលខកខានមិនបានចូលរួមវេទិកាការងារ អាច​ទំនាក់​ទំនងទៅកាន់លេខ ១២៩៧ ដែលមានមន្ត្រីក្រសួងការងារនៅរងចាំទទួលទូរសព្ទ ៧​ថ្ងៃ​ក្នុង​មួយសប្ដាហ៍ ដើម្បីផ្ដល់ជូននូវឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយឥតគិតថ្លៃ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អាជ្ញាធរខេត្តសៀមរាបជំរុញពលរដ្ឋដាំបន្លែតាមផ្ទះ ដើម្បីជួយសម្រួលជីវភាព កាត់​បន្ថយ​ធ្វើ​ចំណាក​ស្រុក

2026/02/17 03:07:22 pm        182
អាជ្ញាធរស្រុកប្រាសាទបាគង បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យដាំបន្លែតាមផ្ទះឱ្យបានច្រើន ដើម្បី ជួយ​សម្រួល​ជីវភាព និងកាត់បន្ថយការធ្វើចំណាកស្រុក ខណៈដែល​បន្លែ​គ្រប់​ប្រភេទ​មាន​ទីផ្សារ​ល្អ និងជាគំរូដ៏ល្អក្នុងការបង្កើត «សហគមន៍បៃតង» នៅតាមភូមិ សាលារៀន និងវត្ដអារាម។លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប បានមានប្រសាសន៍ថា ការ​ដាំ​បន្លែ​ជាមុខរបរដ៏សំខាន់មួយបន្ទាប់ពីដំណាំស្រូវ ដែលកសិករ​មួយ​ចំនួន​ក្នុង​បណ្តា​ខេត្ត​នៃ​ប្រទេស​កម្ពុជា​កំពុង​តែ​ពេញ​និយមធ្វើការដាំដុះ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ។លោកបន្ដថា ការដាំបន្លែជាលក្ខណៈគ្រួសារ ទទួលបានបន្លែ​សុវត្ថិភាព​សម្រាប់​ទទួល​ទាន​ក្នុង​គ្រួសារ​មាន​សុខភាពល្អ។ នៅរដូវប្រាំងនេះ ប្រជាពលរដ្ឋ ត្រូវប្រើប្រាស់ដីនៅជុំវិញ​ផ្ទះ​ឱ្យ​អស់​លទ្ធភាព​របស់​តាមរយៈ ការដាំដុះគ្រប់ប្រភេទ ខណៈដែលការដាំបន្លែជាលក្ខណៈគ្រួសារ គឺ​ជា​សកម្ម​ភាព​កសិកម្មដ៏សំខាន់ ដែល ជួយឱ្យពលរដ្ឋ​កម្ពុជា​ទទួល​បាន​បន្លែ​សុវត្ថិភាព​សម្រាប់​ហូប​ចុក​កាត់បន្ថយការចំណាយ និងបង្កើតចំណូលបន្ថែម ជាពិសេស កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​។ លោក​បន្ដថា តាមរយៈការដាំដុះចម្រុះ និងការប្រើប្រាស់ដីធ្លី​ឱ្យ​អស់​លទ្ធភាព​តាម​រយៈ​ការ​កែច្នៃ​ទីធ្លា​មុខ​ផ្ទះ និងចំហៀងផ្ទះ ដែលសល់ដីទំនេរចោល មិនត្រឹមតែអាច​ធ្វើ​កសិកម្ម​ដាំ​ដុះ​បន្លែ​ច្រើន​មុខ​សម្រាប់​ទុក​លក់រកចំណូលបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយឱ្យ​គាត់​អាច​ទុក​បរិភោគ​បន្លែ​ធម្មជាតិ​ក្នុង​ក្រុមគ្រួសារថែមទៀត។បើតាមលោក សូរ ប្លាតុង ការដាំត្រឹមតែរយៈពេលមួយខែ ដូច​បន្លែ ​ស្ពៃ ត្រកួន ស្ពៃចង្កឹះ ស្ពៃតឿ ស្ពៃក្រញាញ់ សណ្តែ អាចទទួលផល ។លោក សាយ តុម ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និង​នេសាទ មានប្រសាសន៍ថា សកម្មភាពដាំដុះនេះ គឺជាការចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​តាម​ការ​ផ្ដួច​ផ្ដើម និងបំផុសចលនារបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែល​ជា​និច្ច​កាល​តែង​តែជំ​រុញឱ្យមានការដាំដុះបន្លែតាមផ្ទះ សាលារៀន វត្តអារាម និងសហគមន៍។ ចលនា​នេះ គឺដើម្បីបង្កើនភាពម្ចាស់ការ កាត់បន្ថយការចំណាយ និងពឹងផ្អែកលើទីផ្សារខាងក្រៅ, ធានា​សន្តិសុខស្បៀង បង្កើនបរិមាណបន្លែសុវត្ថិភាព សម្រាប់ប្រើប្រាស់ក្នុងសហគមន៍ ជាពិសេស ការ​លើក​កម្ពស់សុខុមាលភាព តាមរយៈទទួលបានបន្លែស្រស់ៗ និងមាន​ជីវជាតិ​សម្រាប់​ការ​ហូប​ចុក​ផង ​និងជាគំរូដ៏ល្អក្នុងការបង្កើត "សហគមន៍បៃតង"នៅតាមភូមិ និងនៅតាមវត្តអារាម៕

សង្គមស៊ីវិល និងបក្សនយោបាយមានសុទិដ្ឋិនិយមថា ទស្សនកិច្ចសម្តេចធិបតីនៅអាមេរិក និង​អឺរ៉ុប បានពង្រីកមុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាញប្រយោជន៍សេដ្ឋកិច្ចសម្រាប់ជាតិ

2026/02/17 02:52:19 pm        177
អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយបានបង្ហាញសុទិដ្ឋិនិយមថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូង នៃ​ក្រុម​ប្រឹក្សា​សន្តិភាព ដែលនឹងប្រ ព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ និងទស្សនកិច្ចនៅអឺរ៉ុប នឹង​ជួយ​ពង្រីក​មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងទាក់ទាញប្រយោជន៍សេដ្ឋកិច្ច។លោក រ៉ែន អាទិត្យសិលវតា អនុប្រធានសហភាពអង្គការសង្គមស៊ីវិល បានលើកឡើងថា ចំពោះ​ដំណើរ​ទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សាសន្តិភាព និងទស្សនកិច្ចនៅអឺរ៉ុប គឺមានសារសំខាន់សម្រាប់​ប្រទេស​កម្ពុជា​ដែលផ្តោតលើ រឿងពីរធំៗ ទី១. សន្តិ ភាព និងទី២. កត្តាសេដ្ឋកិច្ច។ ហើយប្រមុខ​ដឹក​នាំ​រាជ​រដ្ឋាភិបាល​កម្ពុជា កំពុងតែគិត គូរជាចាំបាច់ទៅលើកត្តាការ ពារឲ្យបាននូវសន្តិភាព។ឯកឧត្តម អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បានថ្លែងថា ដំណើរ​ទស្សន​កិច្ច​របស់​សម្តេចធិបតីទៅចូលរួមកិច្ចប្រជុំដំបូង នៃក្រុមប្រឹក្សាសន្តិភាព គឺជាប្រវត្តិសាស្ត្រ​មួយ​របស់​កម្ពុជា​។ ​ដូច្នេះដំណើរ ទស្សនកិច្ចនេះ គឺទទួលបាននៅផលចំណេញពីរ ទី១. ការពង្រឹង​ចំណង​មិត្តភាព​ ការទំនាក់ទំនងផ្នែកការទូត និងនិយោបាយជាមួយប្រទេសមហាអំណាច និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប និងទី២. ការសហការផ្នែកសេដ្ឋកិច្ច គឺទាក់ទាញការវិនិយោគ​ចូល​មកក្នុង​ប្រទេស​កម្ពុជា ​បង្កើនចំណងមិត្តភាព ការទូត និងនយោបាយ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាក​ចេញ​ពីប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ដំបូង​នៃ​ក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសហរដ្ឋ​​អាម៉េរិក​៕ អត្ថបទ៖ វង្ស សុភាព

ពលរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចសម្តេចធិបតីនៅអាមេរិក និងអឺរ៉ុប គឺ​ជា​ស្ពាន​ឆ្ពោះ​ទៅ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយសន្តិវិធី

2026/02/17 02:42:00 pm        170
ពលរដ្ឋខ្មែរកំពុងរស់នៅបរទេសជឿជាក់ថា ដំណើរទស្សកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅអាម៉េរិក និងអឺរ៉ុប នឹងធ្វើពិភពលោក​កាន់​តែ​ចាប់​អារម្មណ៍​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដែលអាចជួយបញ្ចេញសំឡេងអន្តរាគមន៍ដោះស្រាយជម្លោះនេះដោយសន្តិវិធី ដែល​កម្ពុជា​ប្រាថ្នា​ចង់បាន។តាមរយៈវីឌីអូឃ្លីបដែលBTVទទួលបាននៅថ្ងៃទី១៧ខែកុម្ភៈនេះ លោក ហ៊ន វណ្ណនាដ ពលរដ្ឋ​ខ្មែរ​កំពុង​រស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញ​ចូលរួមក្នុង កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក គឺជាការ​លើក​ស្ទួយ​កិត្តិយស​ប្រទេស​កម្ពុជា​នៅ​លើ​ឆាកអន្តរជាតិ ជាពិសេសនឹងធ្វើឲ្យថ្នាក់​ដឹកនាំ​ពិភព​លោក​ចាប់​អារម្មណ៍​ជម្លោះ​ព្រំដែនក​ម្ពុជា-ថៃ ដែលប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា។លោក ដាំ ភិរម្យ ពលរដ្ឋខ្មែរកំពុងរស់នៅប្រទេសកាណាដា បានលើកឡើងដែរថា តាមរយៈ​កិច្ច​ប្រជុំ​នេះ​លោកមានជំនឿយ៉ាងមុតមាំលើការដឹកនាំប្រកបដោយឆន្ទៈ ទស្សនៈវិស័យ និងការ​ទទួល​ខុស​ត្រូវ​របស់សម្តេច ធិបតី ក្នុងការបន្តថែរក្សាសន្តិភាព ស្ថិរភាព និងការដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ ដោយសន្តិវិធី។គួរបញ្ជាក់ដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាលកម្ពុជាចូលកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ​អាម៉េរិក និងទស្សនកិច្ចការងារ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេស​បែលហ្សិក ពីថ្ងៃទី១៥-២៧ ខែកុម្ភៈ ឆ្នាំ២០២៦៕ អត្ថបទ៖ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM