សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
កម្មវិធី “បរិច្ចាគឈាម ចងចាំវីរភាព"រំលឹកដល់ការលះបង់របស់សម្ដេចតេជោ និងដើម្បីជួយសង្គ្រោះជីវិត

ព័ត៌មានជាតិ

ពលរដ្ឋជាប់សែចិនកុះករនាំគ្នាបួងសួងសុំលាភជ័យ និងសុខសន្តិភាព​នៅ​វិហារ​អ្នកតាចិន​ក្រុងតាខ្មៅ

2026/02/17 02:24:38 pm        190
នៅថ្ងៃទី១៧ខែកុម្ភៈនេះ ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន បន្តនាំគ្នាទៅវិហារអ្នកតាចិន នៅ​ក្នុង​ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបួងសួង សុំលាភ សុំជ័យ សេចក្តីសុខក្នុងគ្រួសារ និង​ប្រទេស​ជាតិ​មាន​សុខសន្តិភាព រីកចម្រើនរៀងរហូត។ពលរដ្ឋចាស់ក្មេង បានថ្លែងថា រៀងរាល់ឆ្នាំគេតែងជំនឿជឿជាក់ខ្លាំង និងនាំគ្នាមកវិហារអ្នកតាចិន នៅ​ក្រុងតាខ្មៅ ដោយមានការទិញដើមអំពៅ ផ្លែទទឹម ក្រូច ធូបទៀន និងគ្រឿងសែននានា យក​ទៅ​សែន​ព្រេន សុំសេចក្តីសុខ ហេងលាភ មានជ័យ កាត់គ្រោះចង្រៃផ្សេងៗ ហើយតាម​រយៈ​ការ​បួង​សួង​នេះដែរ គេក៏បានបួងសួងប្រទេសជាតិ មានសុខសន្តិភាព ស្ថេរភាព រីកចម្រើន មាន​ទេសចរ​អន្តរជាតិ និងអ្នកវិនិយោគមកកម្ពុជាកាន់តែច្រើនផងដែរ។សូមបញ្ជាក់ថា ឆ្នាំនេះ ក៏ដូចឆ្នាំកន្លងមក កូនខ្មែរកាត់សែស្រឡាយចិនតែងនាំគ្នា សម្រុក​ចូល​មក​វិហារ​អ្នក​តាចិន ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ច្រើនហូរហែរ ចូលទៅអុជធូប ធ្វើពិធី​សែន​ព្រេង​​ស្ទើរគ្រប់រយៈពេល២៤ម៉ោង ក្នុងរយៈពេល៤ថ្ងៃ នៃពិធីសែន និងបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ចិន​ ដើម្បីសុំសេចក្តីសុខពីអ្នកតាចិនយកហេងលាភ មានជ័យ និងយកយ័ន្ត យកដើម​អំពៅ​នោះ​ទៅ​ដាំ​នៅ​ក្នុង​ផ្ទះ ហើយផ្លែទទឹមទៅដាក់នៅក្នុងផ្ទះដើម្បីសេចក្តីសុខ រកទទួលទានមានបាន តាម​អបិយ​ជំ​នឿរបស់អ្នកកាត់ខ្សែស្រឡាយចិន៕ អត្ថបទ៖ ស៊ុម សុខជា 

អ្នកនាំពាក្យ៖ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះ​ពលរដ្ឋ​ភៀសសឹក​ដែល​មិន​ទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន

2026/02/17 01:56:15 pm        173
រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋភៀសសឹក ដែល​មិន​ទាន់​អាច​ទៅ​ផ្ទះ​សំបែង​វិញ​បាន ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាល កំពុងបញ្ចុះបឋម​សិលា​ដើម្បី​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជាព​លរដ្ឋ​ភៀស​សឹក​បាន​ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុងបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់បានកំណត់ទីតាំងនិងសិក្សារួចរាល់។ នេះបើតាម​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែង​តាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ដូចការគ្រោងទុក ពិធីបញ្ចុះ​បឋម​សិលា​ដើម្បី​ចាប់​ផ្តើម​សាង​សង់​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជាពលរដ្ឋ​ភៀសសឹក​បាន​ប្រព្រឹត្ត​ទៅ​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក្នុងបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំណង់បានកំណត់ទីតាំងនិងសិក្សារួចរាល់។ ការ​រៀបចំ​ជម្រក​បណ្តោះ​អាសន្ន​ជូន​ប្រជា​ពលរដ្ឋ​ភៀស​សឹកដែលមិ​ន​ទាន់​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន​គឺ​ជា​ការ​គិតគូរ​ប្រក​ប​ដោយ​ការ​ទទួល​ខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាលដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ ដោយ​គិត​គូរ​ទាំង​សុវត្ថិភាព ទាំងបរិស្ថាន និងសុខុមាលភាព ទម្រាំដល់ពេល​ដែល​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះ​សម្បែងវិញនាពេលខាងមុខ។ឯកឧត្តមបន្តថា ក្រៅពីផ្តល់ជូនជម្រកបណ្តោះអាសន្ន រាជរដ្ឋាភិបាល​ក៏​ផ្តល់​ជូន​បង​ប្អូន​ជន​ភៀស​សឹក​ទាំងនោះនូវ​ដំណោះស្រាយ​សមរម្យ​មួយ​ទៅ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រចាំ​ថ្ងៃ​ក្នុងអំ​ឡុងពេលដ៏លំបាកនេះ ខណៈដែលរាជរដ្ឋាភិបាល​បាននិង​កំពុង​ធ្វើ​ការ​ងារ​ការ​ទូត​យ៉ាង​សកម្ម​ដើម្បី​ការពារ​អធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសិទ្ធិ​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។ គិត​មក​ទល់​នឹង​ពេលនេះ នៅសល់​ពលរដ្ឋ​ភៀស​សឹក​ចំនួន​ជាង​៧​ម៉ឺន​នាក់​ទៀត​នៅ​មិន​ទាន់​អាច​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។ ឯកឧត្តម អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបញ្ជាក់ថា ការផ្តល់​ជម្រក​​បណ្តោះ​អាសន្ន​ជូន​បង​ប្អូន​ជន​ភៀស​សឹក​ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជ​រដ្ឋាភិបាល​បោះ​បង់​សិទ្ធិ​ទាមទារ​ទឹក​ដី​ដែល​កង​កម្លាំង​ថៃ​កំពុង​កាន់​កាប់​ដោយ​ខុស​ច្បាប់​នោះ​ឡើយ​។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​ជំហរ​យ៉ាងម៉ឺងម៉ាត់ចំពោះមុខប្រជាពលរដ្ឋរួចហើយថា រាជរដ្ឋាភិបាល​ដាច់​ខាត​មិន​បោះ​បង់​សិទ្ធិ​ទាម​ទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានោះឡើយ ហើយ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​និង​ម៉ឺង​ម៉ាត់​បំផុត​ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​បញ្ហា​ព្រំដែ​ន​ដោយសន្តិវិធីតាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាម អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន។ ឯកឧត្តម​បន្តថា ជាក់ស្តែង រាជរដ្ឋាភិបាល តាមរយៈក្រសួង ស្ថាប័ន នានាជាសេនាធិការ បានតវ៉ាជំទាស់​យ៉ាង​ខ្លាំង​ក្លា​និង​ជា​ផ្លូវ​ការនូ​វរា​ល់​ការ​រំលោភ​បំពាន​ទាំង​ឡាយ​មក​លើ​ដែន​អធិប​តេយ្យ​ភាព​ និងបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ ដែល​ធ្វើ​ឱ្យ​មាន​ការ​កែ​ប្រែ​នូវបរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការពង្រឹងការគ្រប់គ្រងយោធា ឬ​ការ​បង្កើត​ស្ថាន​ភាពថ្មីនៅលើទីតាំងជាក់ស្តែង ក៏ដូចជាការរារាំង​ជន​ស៊ីវិល​មិន​ឱ្យ​វិល​ត្រឡប់​ទៅ​កាន់​ផ្ទះសំបែង​របស់ពួកគេវិញបាន។ ការតវ៉ាទាំង នេះគឺជា​ភស្តុតាង​បញ្ជាក់​ពី​ការ​ប្រើ​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា ក្នុងការការពារបូរណភាព​ទឹកដី​ក៏​ដូច​ជា​ការ​ពារ​សិទ្ធិ​ និង​សេចក្តី​ថ្លៃ​ថ្នូរ​របស់​ប្រជា​ពលរដ្ឋ ​ប្រឆាំងនឹងការរំលោភបំពាន។ រាជរដ្ឋាភិបាល​ចាត់​ទុក​ការ​ការពារ​ទឹក​ដី​និង​ប្រជាជន​ជា​អាទិភាព​ខ្ពស់​បំផុតរបស់ខ្លួន។ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកនាពេលថ្មីៗនេះ​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ដោយ​យក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះប្រជាពលរដ្ឋភៀសសឹក ទាំងពលរដ្ឋភៀស​សឹក​ដែល​អាច​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​បាន ទាំងពលរដ្ឋភៀសសឹក​ដែល​មិន​ទាន់​អាច​ត្រឡប់​ទៅ​លំ​នៅ​ឋាន​វិញ​បាន​នៅ​ឡើយ​និង​ការ​ស្តារ​ឡើង​វិញនូវហេដ្ឋានរចនាសម្ព័ន្ធដែលខូចខាត។សម្រាប់ពលរដ្ឋ​ភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន បាននិងកំពុង​ខ្នះខ្នែង​រៀប​ចំ​សម្រប​សម្រួល​ឱ្យ​ពួក​គេ​អាច​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​ឱ្យបានឆាប់តាមដែលអាចធ្វើទៅបានដោយ​ធានាសុវត្ថិភាព​តាមរយៈ​ការបោសសំអាត​អាវុធ​​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅតាមទីតាំងទាំងនោះ ក៏ដូច​ជា​ជួយ​សម្រួល​ជីវភាពរ​បស់ពួក​គេ​តាម​រយៈ​ការ​ដោះស្រា​យតម្រូវការចាំបាច់នានាដែលពួកគេត្រូវការ។ជាមួយគ្នានោះ រាជរដ្ឋាភិបាលក៏បាន​បង្កើត​គណៈ​កម្មការ​ចំពោះ​កិច្ច​មួយ​ដើម្បី​សិក្សា​អំពី​ផល​ប៉ះពាល់​ឱ្យ​បានជាក់លាក់ដើម្បីចេញវិធានការអន្តរាគមន៍ឱ្យមានប្រសិទ្ធភាព។ ចំពោះហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​បានរងការខូចខាត មានជាអាទិ៍សាលារៀន មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងទូរគមនាគមន៍ជាដើម រាជរដ្ឋាភិបាល​នឹង​ស្តារ​ឡើង​វិញ​ឱ្យ​បាន​ឆាប់បំផុតតាមស្ថានភាពជាក់ស្តែង នៅក្រោយពេល​ដែល​ក្រុម​ការងារ​ចំពោះ​កិច្ច​សិក្សា​រួច​រាល់​។ ទន្ទឹមនឹងនោះ ការការពារ​បូរណ​ភាព​ទឹកដី​ក្នុង​ដែន​អធិប​តេយ្យ​ស្រប​ច្បាប់​របស់​កម្ពុជា​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដំណាលគ្នានិងយ៉ាងម៉ឺងម៉ាត់បំផុត។អ្នកនាំពាក្យរាជ​រដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា កម្ពុជាប្រកាន់ជំហរ​ដាច់​ខាតក្នុ​ង​ការ​ការពារ​ខ្សែ​ព្រំដែ​ន​អន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយ​គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris​)​គោរ​ព​អនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ ហេតុបោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួល​ស្គាល់​ជាដា​ច់​ខាត​នូវ​ការ​កែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

កម្ពុជាបន្តបណ្ដេញចេញជនបរទេសចំនួន ១,០៨៩ នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់

2026/02/17 01:04:26 pm        193
ភ្នំពេញ៖ នៅថ្ងៃទី១៤ ១៥ ១៦ខែកុម្ភៈ ឆ្នាំ២០២៦ កម្ពុជា បានបណ្ដេញចេញជនបរទេសចំនួន ១,០៨៩ នាក់ ពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ។អគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តធ្វើការបណ្តេញជនបរទេសសរុបចំនួន ១០៨៩នាក់ (ស្រី ៥៧នាក់) មាន ១៤សញ្ជាតិ រួមមាន ចិន យ៉ូហ្គង់ដា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ប៉ាគីស្ថាន កូរ៉េ វៀតណាម ចិនតៃវ៉ាន់ ហ្វីលីពីន នីហ្សេរីយ៉ា ឥណ្ឌា បង់ក្លាដេស កេនយ៉ា និងនេប៉ាល់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិវៀតណាមបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិព្រែកចាក ជនបរទេសទាំងអស់នេះពាក់ព័ន្ធករណីលួចឆ្លងដែន ឆបោកតាមប្រព័ន្ធអនឡាញ លេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ស្នាក់នៅគ្មានលិខិតឆ្លងដែន និងធ្វើការងារខុសច្បាប់នៅកម្ពុជា។អគ្គនាយកអន្តោប្រវេសន៍ បានបញ្ជាក់ថា ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

រដ្ឋបាលខេត្តរតនគិរី បន្តរៀបចំអភិវឌ្ឍន៍សួនច្បារផ្នែកខាងលិចនៃបឹងកន្សែងបន្ថែម បន្ទាប់ពីបានអភិវឌ្ឍន៍ផ្នែកខាងកើតយ៉ាងល្អស្អាតសម្រាប់ពលរដ្ឋ និងទេសចរលេងកម្សាន្ត

2026/02/17 12:58:41 pm        208
រតនគិរី៖ ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បឹងកន្សែងបានប្រែមុខមាត់ថ្មី ដ៏ស្រស់ត្រកាល និងបានក្លាយជាកន្លែងដែលមានបរិស្ថានស្អាត សោភណ្ឌភាពល្អ និងជារមណីយដ្ឋានប្រកបដោយភាពទាក់ទាញ។ បន្ទាប់ពីធ្វើការអភិវឌ្ឍន៍ផ្នែកខាងកើត បានយ៉ាងល្អស្អាត និងស្រស់បំព្រងហើយនោះ ឯកឧត្តម អភិបាលខេត្ត បន្តធ្វើការអភិវឌ្ឍន៍ផ្នែកខាងលិច បន្តទៀត ដោយនឹងរៀបចំសួនច្បារ មានមាត្រដ្ឋាន១/១០០០ មានជណ្តើចុះ២កន្លែងថែមទៀតផង។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តរតនគិរី។សូមបញ្ជាក់ថា បឹងកន្សែង ជាបឹងធម្មជាតិមួយ ស្ថិតនៅចំកណ្តាលបេះដូងនៃខេត្តរតនគិរី និងជាតំបន់រមណីយដ្ឋានទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយក្នុងខេត្តរតនគិរី។ បច្ចុប្បន្ន នឹងកន្សែង មានការរៀបចំដាក់ឧបករណ៍ហាត់ប្រាណ និងឧបករណ៍សម្រាប់ក្មេង ជិះលេងតាមមាត់បឹង មានខ្សែរ៉តជិះលេងកំសាន្ត មានរៀបចំសួនច្បារស្រស់បំព្រង និងបំពាក់ភ្លើងបំភ្លឺសាធារណៈ សាងសង់រូបសំណាក់គ្រួសារដំរី រូបសំណាក់សត្វ អក ព្រមទាំងរូបសំណាកសត្វដ៏ទៃច្រើនទៀត គួរជាទីចាប់អារម្ម និងជាកន្លែងដ៏ទាក់ទាញបំផុតរបស់ប្រជាពលរដ្ឋក្នុងក្រុងបានលុង និងភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកគយគន់ជាមួយសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ។ជាពិសេស អាចគយគន់ សត្វប្រវឹក សត្វទម សត្វកុក និងសត្វស្លាបជាច្រើនប្រភេទផ្សេង ផងដែរ។រមណីយដ្នានធម្មជាតិមួយនេះគឺជាទីកន្លែង អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរដែលទៅលេងនៅបឹងនេះហើយទទួលបានអារម្មណ៍ស្រស់ស្រាយ និងបង្កើតអនុស្សារីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបាន។ដូច្នេះភ្ញៀវទេសចរជាតិ អន្តរជាតិបើបានកមលេងខេត្តរតនគិរីហើយ សូមកុំរំលងរមណីយដ្ឋានធម្មជាតិនេះឱ្យសោះ៕

ប្រតិបត្តិករទេសចរណ៍អរគុណចំពោះរដ្ឋាភិបាលបន្តផ្តល់ការលើកទឹកចិត្តពន្ធដារដល់ដំណាច់ឆ្នាំ២០២៦

2026/02/17 12:41:28 pm        201
ប្រតិបត្តិករទេសចរណ៍ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ជាពិសេសសម្ដេចមបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះវិស័យឯកជន បាន​បន្ត​ផ្តល់​ការ​លើក​ទឹកចិត្ត​ពន្ធដារ​ចំពោះ​សហគ្រា​ស​ក្នុង​វិស័យ​ទេសចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ខេត្ត​សៀមរាប ខណៈពួកគាត់សង្ឃឹមថា ប្រមុខរដ្ឋាភិបាលនឹងពង្រីកវិសាលភាព ការលើក​ទឹក​ចិត្ត​ពន្ធដារ ​ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស។ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​ប្រកាស​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ក្នុង​គោល​បំណង​ផ្តល់​ការ​លើក​ទឹកចិត្តដល់សហគ្រាសក្នុងវិស័យទេសចរណ៍ រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ​ដ្ឋាន ​និងក្រុមហ៊ុន ភ្នាក់ងារទេសចរណ៍។ប្រធានសមាគមមគ្គុទេសក៍អង្គរខេត្តសៀមរាប លោក ខៀវ ធី បានប្រាប់ BTV ថា ការលើកលែង​ពន្ធដារ ​សហគ្រាសក្នុងវិស័យទេសចរណ៍ នាពេលនេះ នឹងជួយ​សម្រាល​បន្ទុក​ពួក​គាត់​បាន​មួយ​កម្រិត ​ដើម្បីផ្តល់លទ្ធភាពឱ្យពួកគាត់អាចបន្តអាជីវកម្មរបស់ខ្លួន បន្ទាប់​ពី​រង​ផល​ប៉ះពាល់​ដោយ​សារ​ជម្លោះ​ព្រំដែនកម្ពុជា-ថៃ។ បណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា យល់ថា នេះ​គឺ​ជា​ទឹក​ចិត្ត​ដ៏​ប្រពៃរបស់ប្រមុខរដ្ឋាភិបាល ដែលបាន​បន្ត​អនុ​គ្រោះទៅ​ដល់​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ដោយលោកបណ្ឌិត សង្ឃឹមថា ការលើកលែងនេះ នឹងអនុវត្តនៅ​មូលដ្ឋាន​សក្តា​នុ​ពល​ទេសចរណ៍ផ្សេងទៀត ដូច រាជធានីភ្នំពេញ, ទេសចរណ៍តំបន់ឆ្នេរ និងតំបន់ផ្សេងៗទៀត។សូមបញ្ជាក់ថា ការលើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​សហ​គ្រាស​ក្នុង​វិស័យ​ទេស​ចរណ៍​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុងខេត្តសៀមរាប បានអនុវត្តគិតចាប់ពីខែមករា ឆ្នាំ២០២៦ ដល់ដំណាច់ ខែធ្នូ ឆ្នាំ​២០២៦​។ ការលើកទឹកចិត្តពន្ធដារ រួមមាន ៖ ទី១- លើកលែង​ការ​បង់ពន្ធ​អាករ​ប្រចាំ​ខែ​គ្រប់​ប្រភេទ​ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ គិតចាប់ពីខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ ខែធ្នូ ឆ្នាំ២០២៦។ទី២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៦, ចំពោះប្រាក់​រំដោះពន្ធ​លើ​ប្រាក់​ចំណូល​ដែល​សហគ្រាសបានបង់រួចឆ្នាំ២០២៧ នឹងត្រូវ​បាន​អនុញ្ញាត​ជា​ឥណទាន​ពន្ធ​សម្រាប់​កាត់​កង​ជា​មួយ​ពន្ធ​លើ​ប្រាក់ចំណូលប្រចាំ និង ទី៣- មិនទទួលរងការធ្វើសវនកម្មពន្ធដារ សម្រាប់​ការិយ​បរិច្ឆេទ​ឆ្នាំ​២០២៦៕ អត្ថបទ៖ ធូ វិរៈ 

ចំពោះមុខសម្ដេចតេជោ, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

2026/02/17 12:37:00 pm        224
ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ បានបង្ហាញនូវការប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ខណៈបច្ចុប្បន្នទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានភាពល្អប្រសើរ ជាពិសេសសន្ដិសុខ សុវត្ថិភាពនៅតាមបន្ទាប់ព្រំដែនប្រទេសទាំងពីរ។ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានបង្ហាញនូវការប្ដេជ្ញាចិត្តបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតចូលជួបម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ ព្រឹទ្ធសភានៃកម្ពុជា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ រួមទាំងប្រទេតិភូមកកាន់ប្រទេសកម្ពុជានាក្នុងឱកាសនេះ នឹងជាចលករដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ។ ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានរំលេចអំពីព្រឹត្តិការណ៍កាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសឡាវ គឺ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត(Thongloun Sisoulith) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលនេះជាចំណុចដ៏សំខាន់ជាការឆ្លុះបញ្ចាំងអំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងឡាវនាពេលបច្ចុប្បន្ន។ នៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានសម្ដែងនូវការអរគុណជាអនេកដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូបានចូលជួបសម្ដែងការគួរសមនាឱកាសនេះ។ឯកឧត្តម បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសកម្ពុជា និងឡាវ នាពេលបច្ចុប្បន្ន ជាពិសេសសង្គត់ធ្ងន់ទៅលើទំនាក់ទំនងវិស័យការពារជាតិ និងកងទ័ពរវាងប្រទេសទាំងពីរ ហើយឯកឧត្តមបានប្ដេជ្ញានៅចំពោះមុខសម្ដេចតេជោថា នឹងខិតខំប្រឹងប្រែងពូនជ្រំនៃទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្តទៀត។ ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតាមព្រំដែន ដែលជាព្រំដែនសន្ដិភាព សហប្រតិបត្តិការជាមួយគ្នា ហើយមាននូវសុខសន្ដិភាព សុវត្ថិភាពជាមួយគ្នាបានល្អតាមរយៈការសហការរវាងប្រទេសទាំងពីរកងទ័ព និងអាជ្ញាធរនៃប្រទេសទាំងពីរផងដែរ។ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត ក៏បានរាយការណ៍ជូនសម្ដេចតេជោ អំពីសកម្មភាពក៏ដូចជាកិច្ចសហប្រតិបត្តិការដែលឯកឧត្តមបានជួបពិភាក្សាជាមួយ ឯកឧត្តម អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រួមទាំងរដ្ឋមន្រ្ដីក្រសួងការពារជាតិកម្ពុជា ក្នុងពេលដែលឯកឧត្តមបានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដែលជាកត្តាដ៏សំខាន់ក្នុងការដាក់ចេញនូវផែនការពង្រីកនូវទំនាក់ទំនងទ្វេភាគី ក្នុងក្របខណ្ឌនៃកងទ័ពកម្ពុជា និងកងទ័ពប្រជាជនឡាវ។ នៅក្នុងឱកាសនោះ សម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយក្រៃលែងចំពោះរបាយការណ៍ ក៏ដូចជាលទ្ធផលដែលឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត បានបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃកងទ័ពរបស់កម្ពុជាដែលជាចំណុចដ៏សំខាន់ក្នុងការពង្រីកទំនាក់ទំនងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានជំរុញបន្ថែមឱ្យវិស័យការពារជាតិ និងកងទ័ពកម្ពុជា និងឡាវ ពង្រីកនូវការចែករំលែកបទពិសោធន៍ជាមួយគ្នា និងការបណ្ដុះបណ្ដាលនូវធនធានរវាងគ្នាទៅវិញទៅមកឱ្យកាន់តែផុលផុស និងមានចំនួនច្រើនជាងមុនតាមរយៈការផ្ដល់អាហាររូបករណ៍ជាដើមនៅក្នុងវិស័យការពារជាតិដើម្បីជាផ្នែកក្នុងការរុញច្រានក្នុងការបណ្ដុះបណ្ដាលមូលធនមនុស្សនៅក្នុងវិស័យការពារជាតិឱ្យកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ។ សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីរីករាយ និងបានឃើញនូវកិច្ចសហប្របត្តិបត្តិការដ៏ល្អនៅតាមព្រំដែនរវាងកម្ពុជា និងឡាវដែលមានមកជាមួយគ្នានាពេលកន្លងមក ហើយសម្ដេចសង្ឃឹមនឹងជំរុញបន្ថែមឱ្យអាជ្ញាធរ ក៏ដូចជាកងទ័ពនៃប្រទេសទាំងពីរធ្វើការជាមួយគ្នាបន្ថែមទៀតដើម្បីធ្វើយ៉ាងណារក្សានូវសន្ដិភាពសន្ដិសុខនៅតាមព្រំដែនឱ្យកាន់តែល្អប្រសើរបន្តទៀត៕

សមាគមមិត្តភាពកម្ពុជា-ចិន រៀបចំកម្មវិធីរាត្រីសមោសរ អបអរចូលឆ្នាំប្រពៃណីចិន និង​ជា​សញ្ញា​នៃ​មិត្តភាព​យ៉ាងជ្រាលជ្រៅនៃប្រទេសទាំងពីរ

2026/02/17 12:22:25 pm        123
ភ្នំពេញ៖ សមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំកម្មវិធីរាត្រីសមោសរ ចូលឆ្នាំប្រពៃណីចិន ឆ្នាំ​មមី ​២០២៦ នាថ្ងៃទី១៦ ខែកុម្ភៈ ប្រព្រឹត្តទៅក្នុងបរិយាកាសអធិកអធម និងពោរពេញ​ដោយ​ស្នាម​​ញញឹម​នៃ​មិត្តភាព ក្រោមអធិបតីភាពរបស់ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាព្រះមហាក្សត្រ និង​ជា​ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ព្រមទាំង យុវជន ប្រទេសទាំងពីរ និងភ្ញៀវកិត្តិយស ចូល​រួម​យ៉ាងច្រើនកុះករ ។លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានឲ្យដឹងថា ក្រោយ​ពេល​ដែលពិធីបុណ្យចូលឆ្នាំចិន ត្រូវបានចុះបញ្ជីជាបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដោយ UNESCO នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ពិធីបុណ្យដែលមានអាយុកាលជិ ត៤ពាន់ឆ្នាំនេះ កាន់​តែ​មាន​វិសាលភាពសកល និងរួមចំណែកបង្កើនកម្លាំង ដល់កិច្ចកសាង​សហគមន៍​ជោគ​វាសនា​រួម ​នៃមនុស្សជាតិ។ឯកឧត្តម ឯក សំអុល ចាត់ទុកការជួបជុំគ្នានេះ មិនត្រឹម​តែ​ជា​ការ​អបអរ​សាទរ​ពិធី​បុណ្យ​វប្បធម៌​ដ៏​សំខាន់​មួយ​របស់ប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងជាសញ្ញា នៃមិត្តភាពជ្រាលជ្រៅ និង​ការ​តភ្ជាប់​បេះ​ដូង​រវាង​ប្រជាជន និងប្រជាជនកម្ពុជា-ចិនទៀតផង។ឯកឧត្តម​បន្ត​ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា–ចិន ត្រូវ​បាន​លើកកម្ពស់ទៅជាសហគមន៍វាសនា​រួមកម្ពុជា-ចិន​គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ហើយ​កម្ម​វិធី​នារា​ត្រី​នេះ ​បានរំលេចកាន់តែច្បាស់ពីការតភ្ជាប់បេះដូង រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ។ អំឡុងកម្មវិធីនាពេលនោះដែរ ក៏មានការចាក់បញ្ចាំងផ្ទាំងទស្សនីយភាព ផ្សាយផ្ទាល់ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​អំពីការសម្តែងសិល្បៈដោយរួមបញ្ចូលនូវបច្ចេកវិទ្យាក្នុងទម្រង់ 8K+AI ព្រមទាំង បញ្ចេញ​ឧត្តមភាព​នៃ​ការ​ផ្សព្វផ្សាយ​ជាភាសា ៨៥ភាសា ក្រោមកិច្ចខិតខំរបស់​អគ្គ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​មជ្ឈិម​ចិន​ ដែលចាប់រាប់តាំងពី១៩៨៣មក។ ក្រៅពីនេះ ក៏មានការធ្វើនំគៀវរួមគ្នា និង​ស​កម្មភាព​កម្សាន្ត ដើម្បីអបអរសាទរ​បុណ្យឆ្នាំថ្មី របស់ចិនជាច្រើនទៀត ក្នុង​បរិយាកាស​យ៉ាង​សប្បាយ​រីក​រាយ៕ អត្ថបទ បាន សុខរិទ្ធិ

ម្ចាស់សិប្បកម្មជាស្រ្តីកំពុងបង្កើនការផលិត រុញ​ផលិតផល​ខ្មែរ​ចូល​ទីផ្សារ​ជំនួស​ការ​នាំ​ចូល​ពី​បរទេស​

2026/02/17 11:32:13 am        159
ម្ចាស់សិប្បកម្មជាស្រ្តី បាននិងកំពុងបង្កើនកិច្ចដំណើរការផលិត និងវេចខ្ចប់​នៅ​ក្នុង​ខ្សែ​ច្រវាក់​ផលិត​កម្ម​របស់​ខ្លួន ដោយមានសម្ទុះ កើនឡើង៣ទៅ៤ដង បើធៀបមុនការផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន​ ដើម្បីផលិតរុញចូលទីផ្សារជំនួសការនាំចូល គាំទ្រ និងឆ្លើយតបដល់ការ ប្រើប្រាស់​របស់​ប្រជា​ពលរដ្ឋ។លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុកឃើញថា ពីមួយឆ្នាំទៅមួយ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែលកម្ពុជាមានដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ដើម្បីត្រួសត្រាយ ផ្លូវ ផ្តល់ឱកាសដល់សហគ្រិន ជាពិសេសសហគ្រិនជាស្រ្តី មានឱកាសបង្ហាញផលិតផលរបស់ខ្លួន នៅ​ទីផ្សារ​ក្នុងស្រុកនិងការនាំចេញ។លោកជំទាវ បន្តថា ខណៈប្រជាពលរដ្ឋធ្វើពហិការ បន្ទាប់ពីការផ្ទុះឡើងនូវជម្លោះព្រំដែនកម្ពុជា-ថៃ សហគ្រិនជាស្រ្តីបានជួប បញ្ហាប្រឈមភ្លាមៗមួយចំនួនផងដែរដូចជា លទ្ធភាព​នៅ​ក្នុង​ដំណើរ​ការ​ផលិត​ និងដើមទុនសម្រាប់ពង្រីកអាជីវកម្មជាដើម។ តែទោះបី យ៉ាងណា នៅក្នុងបរិការណ៍​ផ្លាស់​ប្តូរ​នេះ សហគ្រិនជាស្រ្តីបានពង្រីកខ្លួននៅក្នុងដំណើរការផលិតបានទាន់ពេលវេលា ជាក់​ស្តែង​មក​ដល់ពេលនេះ ខ្សែច្រវាក់ផលិតកម្មជាច្រើន បាននិងកំពុងជំរុញការផលិត កើនឡើង ៣ ទៅ៤ដង ដើម្បីរុញចូលទីផ្សារផង និងបង្កើន ប្រាក់ចំណូលរបស់ខ្លួនផង ដែលនេះ​ជា​ការ​ចូល​រួម​ចំណែក ​ដោយមិនត្រឹមផ្គត់ផ្គត់ផលិតផលជំនួសការនាំចូលប៉ុណ្ណោះទេ ថែមទាំង បង្កើតការងារ និង​ចូលរួមលើកកម្ពស់ដល់កសិករដែលជាអ្នកផ្គត់ផ្គត់វត្ថុធាតុដើមផងដែរ។សូមបញ្ជាក់ថា ជុំវិញផលិតផលខ្មែរនេះ នៅក្នុង​កម្ម​វិធី​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវយុទ្ធសាស្រ្តជំរុញ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​នៅ​ទីផ្សារ​ក្នុង​ស្រុក និងទីផ្សារអន្តរជាតិ តាមរយៈការរៀបចំពិព័រណ៍ក្នុងស្រុក និងអន្តរ ជាតិនានា ព្រម​ទាំងជួយដល់វិស័យឯកជន ក្នុងការបង្កើតសភាពាណិជ្ជកម្មនៅតាមបណ្តារាជធានី-ខេត្ត និង​បណ្តាសភាពាណិជ្ជកម្ម នៅក្រៅប្រទេសដូច ការបង្កើតសមាគមតាមមុខរបរ និងផលិតផល ដើម្បី​ចូល​រួម​ចំណែកខ្សែច្រវាក់ផ្គត់ផ្គង់ និងចាប់យកឱកាស ពាណិជ្ជកម្មជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

ធុរជនចិនដាក់ទិសដៅផលិតអាហារហាឡាល់ (Halal) នៅកម្ពុជាដើម្បីនាំចេញ

2026/02/17 11:04:41 am        203
អ្នកវិនិយោគនៃប្រទេសចិន បានចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ក្នុង​ការ​ផលិត​អាហារ​ប្រភេទ​ហាឡាល់ ​បែបអាហារចិន ដែលអាចបរិភោគបានទាំងជនជាតិ ដែលជាសាសនិកឥស្លាម និង​ជន​ជាតិ​ផ្សេង​ៗ​ទៀត ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈបច្ចុប្បន្នបានចាប់ផ្ដើម ផលិត​សម្រាប់​ទីផ្សារ​ក្នុងស្រុកខ្មែរ។ក្នុងឱកាសដាក់ឲ្យដំណើរការការផលិតអាហារហាឡាល់របស់ណាហ្វីអឺ អ៊ិនដាស្ទ្រី នៅ​តំបន់​ជ្រោយ​ចង្វារកាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានមានប្រសាសន៍ថា នេះគឺ​ជា​ជោគជ័​យ​មួយ​បន្ថែម​ទៀត ​សម្រាប់ប្រទេសកម្ពុជា ដែលមានធុរជនពីបរទេស មកផលិតចំណីអាហារនៅក្នុងស្រុក ហើយ​គ្រោងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាប្រភេទអាហារមានលក្ខណៈស្ដង់ដារអន្តរជាតិ ហើយ​អាហារប្រភេទនេះ សម្រាប់សាសនិកឥស្លាមនៅកម្ពុជា កំពុងរងចាំជាយូរមកហើយ ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ជាការពិតស្របពេលជាប្រទេស ដែលមាន​សុខដុម​នីយ​កម្ម​នៃ​សាសនា និងជាតិសាសន៍នានា គឺកម្ពុជាមានលំហូរនូវភ្ញៀវទេសចរជាច្រើន បូករួមទាំង​ទេសចរណ៍​នៃ​សាសនិកឥស្លាម ហើយក៏មានថ្នាក់ដឹកនាំនៃប្រទេសនៅតំបន់អារ៉ាប់ជាច្រើន ក៏​បាន​អញ្ជើញមកទស្សនកិច្ចនៅកម្ពុជាជាបន្តបន្ទាប់ ដែលនេះបានបង្ហាញថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់។ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានបង្ហាញការគាំទ្រ ចំពោះគម្រោងរបស់ណាហ្វីអឺ ដែល​គ្រោង​យក​កម្ពុជា ដើម្បីផលិតអាហារហាឡាល់ ប្រភេទប្រហិតនេះ ទៅកាន់ទីផ្សារអន្តរជាតិ ដែល​ជា​ការ​ពង្រីកបន្ថែមនូវការវិនិយោគ និងឱកាសការងារក្នុងស្រុក និងជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។លោក ម៉ា បាវ (Ma Biao) នាយកក្រុមហ៊ុនណាហ្វីអឺ បានឲ្យដឹងថា ការបោះទុន​វិនិយោគ​នៅ​កម្ពុជា​នេះ ​មិនមែនដើម្បីតែប្រាក់ចំណេញនោះទេ គឺជាការចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​ជា​យូរ​អង្វែង​ទៅ​ខាងមុខ ក៏ដូចជាបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរ ដើម្បីមាន​ប្រាក់​ចំណូល​បន្ថែម​។លោកបានបន្តថា មួយវិញទៀត ការសម្រេចចិត្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺ​ក្រោយ​ពី​ការ​វាយតម្លៃអស់រយៈពេលវែង ឆ្លើយតបទៅនឹងតម្រូវការរបស់កម្ពុជាជាយូរមកហើយនោះ លើ​ប្រភេទ​អាហារ​ហាឡាល់ ជាមួយនឹងស្ដង់ដារគុណភាពមិនមានការប្រែប្រួល ដោយប្រកាន់​ខ្ជាប់​នូវ​បទ​បញ្ញត្តិ​ហាឡាល់ និងសុវត្ថិភាពចំណីអាហារពិភពលោក ។ លោក ម៉ា បាវ (Ma Biao) បានគូសបញ្ជាក់ថា ទីតាំងផលិតអាហារហាឡាល់បែបចិននេះ នឹង​មិន​ត្រឹម​ជាទីតាំងផលិតអាហារប៉ុណ្ណោះទេ ដោយនៅពេលអនាគត​នឹង​អាច​ឲ្យ​មហាជន​បណ្ដុះ​ទេព​កោសល្យ ការងារ និងផ្សារភ្ជាប់នឹងទីផ្សារផងដែរ ។គួរបញ្ជាក់ថា ក្រោយពីដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មី កម្ពុជា​បាន​ភ្ជាប់​ជើង​ហោះ​ហើរ​ជា​ច្រើន​ខ្សែ ​ជាមួយបណ្ដាប្រទេសនៅតំបន់អារ៉ាប់ និងប្រទេសមួយចំនួនទៀត ដែលធ្វើឲ្យ​កំណើន​នៃ​ភ្ញៀវ​ទេសចរ នៃសាសនិកឥស្លាម មកលេងកម្សាន្តនៅកម្ពុជាកើនឡើង គួរឲ្យកត់​សម្គាល់​ផង​ដែរ​៕ អត្ថបទ បាន សុខរិទ្ធិ

កម្ពុជា-ជប៉ុន ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លើយតបការប្រែប្រួលអាកាសធាតុ និង​ការ​គ្រប់​គ្រង​សំណល់​ផ្អែកលើយន្តការឥណទានរួម (Joint Credit Mechanism - JCM)

2026/02/17 10:53:03 am        84
កម្ពុជា-ជប៉ុន បានពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នា ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង​ការ​គ្រប់​គ្រងសំណល់ ដោយផ្អែកលើយន្តការឥណទានរួម (JCM)។ ខ្លឹមសារនេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេភាគីរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា ជាមួយ ឯកឧត្តម ISHIHARA Hirotaka រដ្ឋមន្ត្រីក្រសួងបរិស្ថានជប៉ុន នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ការជំរុញឱ្យកម្ពុជាសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាបូនទាប ក្រោម​កិច្ច​សហ​ប្រតិបត្តិ​ការ​ទ្វេភាគីកម្ពុជា-ជប៉ុន។ ភាគីទាំងពីរបានយល់ស្របជាមួយគ្នាលើចំណុចទាំង៦ ដែល​រួម​មាន ​ទី១.យន្តការឥណទានរួម(JCM) ដែលមានស្រាប់ និងគម្រោងផ្នែកជីវម៉ាស ទី២ សកម្ម​ភាព​ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងក្របខណ្ឌអាស៊ាន ទី៣ ការគាំទ្រលើផែនការជាតិ ការ​បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុជាពិសេសប្រព័ន្ធព្រមានជាមុន(Early Warning System​) ​ទី៤ ​គឺការកែច្នៃសំរាម-សំណល់ឡើងវិញ និងការទាញយកថាមពលអគ្គីសនីពីសំណល់ ទី៥ ការ​ផ្សព្វ​ផ្សាយព័ត៌មានអំពីផលប៉ះពាល់នៃសំរាម-សំណល់ ការផលិតថង់ជីវម៉ាសងាយបំបែកធាតុ និង​ទី៦ ការផ្លាសប្តូរបទពិសោធន៍លើការគ្រប់គ្រងឧទ្យានជាតិ។សូមជម្រាបជូនថា យន្តការឥណទានរួម (Joint Credit Mechanism - JCM) គឺជា​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី១១ ខែ​មេសា ឆ្នាំ២០១៤ កន្លងទៅ ក្នុងគោលបំណងសំខាន់ គឺដើម្បីជំរុញការវិនិយោគ និងការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​បច្ចេកវិទ្យា ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនា​សម្ព័ន្ធ​ដែល​មាន​កាបូន​ទាប​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM
ប្រទេសន័រវែសស្វែងរកការហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយនឹងអ្នកតាំងលំនៅឋានអ៊ីស្រា អែលខុសច្បាប់
06/20/2026 03:06 PM
ជនអន្តោប្រវេសន៍នីហ្សេរីយ៉ាដែលវិលត្រឡប់មកពីអាហ្វ្រិកខាងត្បូង កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ច
06/20/2026 03:06 PM
សម្ដេចពិជ័យសេនា ទៀ បាញ់ ណែនាំដល់ស្ថាប័នពាក់ព័ន្ធឱ្យបន្ដរៀបចំអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រយោធាកម្ពុជា X-16
06/20/2026 02:06 PM
មេដឹកនាំសហភាពអឺរ៉ុបឯកភាពគ្នាបន្តទណ្ឌកម្មលើប្រទេសរុស្ស៊ីរយៈពេលមួយឆ្នាំទៀត
06/20/2026 02:06 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់មិនដកពីការចរចាអំពីបទឈប់បាញ់នៅប្រទេសលីបង់ជាមួយអាមេរិកទេ
06/20/2026 02:06 PM
WHOនិយាយថា ការផ្ទុះឡើងនៃជំងឺអេបូឡានៅកុងហ្គោបានឆ្លងដល់គ្រូពេទ្យចំនួន ៧៥នាក់ ចាប់តាំងពីខែឧសភាមក
06/20/2026 02:06 PM
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧) នៅខេត្តត្បូងឃ្មុំ
06/20/2026 01:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងលីបង់បណ្តាលឲ្យមនុស្សយ៉ាងតិច ៤៧នាក់ ស្លាប់ និង ៩៧នាក់រងរបួស
06/20/2026 01:06 PM
ជនជាតិចិន១៦៤នាក់ពាក់ ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
06/20/2026 01:06 PM